spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងម្ចាស់អាជីវកម្មត្រូវឈ្វេងយល់ពី និតិវិធីប្រតិបត្តិការស្តង់ដារ(SOP)

ម្ចាស់អាជីវកម្មត្រូវឈ្វេងយល់ពី និតិវិធីប្រតិបត្តិការស្តង់ដារ(SOP)

-

និតិវិធីប្រតិបត្តិការស្តង់ដារ (SOP= Standard Operating Procedure) គឺជាឯកសារដែលមានការណែនាំជាជំហានៗ ដើម្បីណែនាំបុគ្គលិកអំពីរបៀបអនុវត្តដំណើរការបច្ចេកទេសដដែលៗនៅក្នុងក្រុមហ៊ុននិងដើម្បីដំណើរការប្រតិបត្តិការងារក៏ដូចជាបណ្តុះបណ្តាលបុគ្គលិក។ SOP ក៏ជាសៀវភៅណែនាំអំពីរបៀបធ្វើឱ្យកិច្ចការសម្រេចបានទៅតាមផែនការ និងមានផលិតភាពការងារខ្ពស់។ SOPs ត្រូវបានសរសេរសម្រាប់បុគ្គលិកដែលនឹងបំពេញភារកិច្ច។ ក្នុងករណីបើគ្មានការបង្កើតឱ្យមាននិតិវិធីប្រតិបត្តិការស្ដង់ដារនៅក្នុងក្រុមហ៊ុនទេ បុគ្គលិកម្នាក់ៗអាចនឹងបំពេញការងារតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេមិនខាន។ ហើយនេះបើយោងតាមគេហទំព័រ BEEKEEPER។

លើសពីនេះ បើយោងតាមគេហទំព័រ www.getmaintainx.com បានឱ្យដឹងថា គ្រប់អាជីវកម្មទាំងអស់ដែលបានប្រើ SOPs គឺដើម្បី

ទី1. សម្រេចបាននូវប្រសិទ្ធភាព (Achieve efficiency)

ទី2. ការមានឯកសណ្ឋានត្រឹមត្រូវ (Uniform performance)

ទី3. ការត្រួតពិនិត្យគុណភាព (Quality control)

ទី4. ការ​អនុលោម​តាមច្បាប់​បទ​ប្ប​ញ្ញ​ត្ដិ (Regulatory compliance)

ដើម្បីកាន់តែយល់ច្បាស់ សូមពិចារណាលើឧទាហរណ៍ខាងក្រោម

 • ក្រុមហ៊ុន “ក” បានប្រើ SOP មកអនុវត្តន៍នៅក្នុងក្រុមហ៊ុន ដូច្នេះម្ចាស់អាជីវកម្ម នឹងពិភាក្សាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីសរសេរSOP ឬអាចនិយាយបានថា សរសេរគោលការណ៍ និងនិតិវិធីប្រតិបត្តិការជាលក្ខណៈស្ដង់នៅក្នុងក្រុមហ៊ុន ដូច្នេះនៅពេលសរសេររួចរាល់ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាល ណែនាំបុគ្គលិកពីអ្វីដែលបានសរសេរ រួមមាន គោលការណ៍ការងារ និតិវិធីក្នុងការបំពេញការងារ ការឈប់សម្រាក ការផ្ទេរការងារ ច្បាប់វិន័យក្រុមហ៊ុន និងផ្សេងៗទៀត ដែលជារបៀបដែលថ្នាក់ដឹកនាំចង់បានជាលក្ខណៈស្ដង់ដាររួមមួយ ដើម្បីឱ្យក្រុមការងារអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន។ ជាលទ្ធផល ក្រុមហ៊ុន​ “ក” នឹងមានរបៀបធ្វើការ មានច្បាប់វិន័យ បុគ្គលិកកាន់តែមានទំនួលខុសត្រូវ និងក្រុមហ៊ុនកាន់តែមានផលិតភាព ហើយទទួលបានប្រាក់ចំណេញច្រើន ជាពិសេស ក្រុមហ៊ុនមិនសូវមានបញ្ហារញ៉េរញ៉ាយច្រើនឡើយ។
 • ក្រុមហ៊ុន​ “ខ” មិនបានប្រើ SOP នៅក្នុងក្រុមហ៊ុនឡើយ ដូច្នេះតើនឹងមានអ្វីកើតឡើង? អ្វីដែលនឹងកើតឡើងចំពោះក្រុមហ៊ុននោះគឺ គ្មានរបៀបធ្វើការត្រឹមត្រូវឬច្បាស់លាស់ ដោយបុគ្គលិកម្នាក់ៗ ធ្វើអ្វីតាមតែជាវិធីធ្វើការផ្ទាល់ខ្លួន ដោយគ្មានគោលការណ៍ ច្បាប់វិន័យ និងមានប្រព័ន្ធធ្វើការត្រឹមត្រូវ ដូច្នេះក្រុមហ៊ុនអាចនឹងមានជម្លោះច្រើន បុគ្គលិកឈប់សម្រាកតាមចិត្តចង់ថែមទាំងគ្មានការផ្ទេរការងារច្បាស់លាស់នាំឱ្យស្ទះការងារ និងបញ្ហានានាកើតឡើងឥតឈប់ឈរ ថែមទាំងគ្មានផលិតភាពការងារខ្ពស់ និងប្រាក់ចំណូលធ្លាក់ចុះ។

ប្រភេទនៃ SOP

SOP មានពីរប្រភេទ គឺ

 • បច្ចេកទេស (Technical SOPs)៖ លម្អិតពីរបៀបអនុវត្តនិងបំពេញភារកិច្ច។ ភាគច្រើនតែងតែស្ថិតនៅក្នុងទម្រង់នៃលំដាប់ការងារដដែលៗ លំដាប់ការងារថែទាំ ការបង្ការឬការត្រួតពិនិត្យ។
 • ការគ្រប់គ្រង (Management SOPs)៖ លម្អិតពីរបៀបដែល SOP ផ្សេងទៀតទាំងអស់ត្រូវបានបង្កើត ធ្វើបច្ចុប្បន្នភាព ចែកចាយនិងត្រួតពិនិត្យ។ អ្វីដែលសំខាន់ SOPs របស់អ្នកគ្រប់គ្រង ជាការគូសបញ្ជាក់ពីដំណើរការនិងនីតិវិធី ដើម្បីកំណត់ឯកសារនិងអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ។

អត្ថប្រយោជន៍សំខាន់ៗនៃការមាន SOP នៅក្នុងក្រុមហ៊ុន

 1. ផ្តល់ឱ្យបុគ្គលិកឬអ្នកពាក់ព័ន្ធទាំងអស់នូវព័ត៌មានសុខភាព សុវត្ថិភាព បរិយាកាសក្រុមហ៊ុននិងប្រតិបត្តិការទាំងអស់ដែលចាំបាច់ដើម្បីបំពេញការងារបានត្រឹមត្រូវ ហើយបង្កើនប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយនូវហានិភ័យនានា
 2. ធានាថាប្រតិបត្តិការផលិតកម្មត្រូវបានអនុវត្តជាប់លាប់ ដើម្បីរក្សាការត្រួតពិនិត្យគុណភាពនៃដំណើរការនិងផលិតផល
 3. ធានាថាដំណើរការបន្តដោយគ្មានការរំខាននិងត្រូវបានបញ្ចប់តាមកាលវិភាគកំណត់ ហើយអាចបង្កើតលទ្ធផលដែលអាចទុកចិត្តបាន
 4. ធានាថាគ្មានការបរាជ័យកើតឡើងនៅក្នុងការផលិតនិងដំណើរការផ្សេងទៀតដែលនឹងបង្កអន្តរាយដល់នរណាម្នាក់នៅក្នុងក្រុមហ៊ុន
 5. ធានាថានីតិវិធីដែលបានអនុម័តត្រូវបានអនុវត្តដោយអនុលោមតាមបទបញ្ជារបស់ក្រុមហ៊ុននិងរដ្ឋាភិបាល
 6. ធ្វើជាឯកសារបណ្តុះបណ្តាលសម្រាប់បង្រៀនបុគ្គលិកនិងអ្នកពាក់ព័ន្ធអំពីដំណើរការដែល SOP ត្រូវបានសរសេរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលនិងការគ្រប់គ្រងបុគ្គលិក
 7. ធ្វើជាបញ្ជីផ្ទៀងផ្ទាត់សម្រាប់មិត្តរួមការងារដែលសង្កេតមើលការអនុវត្តការងារដើម្បីពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវ
 8. ធ្វើជាបញ្ជីត្រួតពិនិត្យសម្រាប់សវនករ
 9. ធ្វើជាកំណត់ត្រាប្រវត្តិសាស្ត្រអំពីរបៀបហេតុអ្វីនិងពេលណានៃជំហាននៅក្នុងដំណើរការដែលមានស្រាប់ ហើយនេះផ្តល់នូវមូលដ្ឋានពិតជាក់ស្ដែងសម្រាប់ពិនិត្យឡើងវិញនូវជំហានទាំងនោះនៅពេលដំណើរការឬឧបករណ៍ត្រូវបានផ្លាស់ប្តូរ
 10. ដើរតួជាការពន្យល់អំពីជំហាននៅក្នុងដំណើរការសម្រាប់ការពិនិត្យឡើងវិញនៅក្នុងការស៊ើបអង្កេតបញ្ហាហានិភ័យនានា
 11. ស្តង់ដារផ្ដល់សេវាកម្មដល់អតិថិជន
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ