spot_img
spot_img
Homeអនុវត្តន៍របៀបគ្រប់គ្រងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នករវល់ខ្លាំង

របៀបគ្រប់គ្រងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នករវល់ខ្លាំង

-

មនុស្សម្នាក់ៗ សុទ្ធតែមានពេលវេលា 24ម៉ោងក្នុងមួយថ្ងៃដូចគ្នា ប៉ុន្តែមិនដូចគ្នាត្រង់ថាមួយថ្ងៃៗពួកគេត្រូវធ្វើអ្វី និងមានកិច្ចការងារអ្វីខ្លះដែលត្រូវបំពេញ ដោយអ្នកខ្លះក៏មានការងារបន្ដិចបន្ដួច ហើយអ្នកខ្លះក៏មមាញឹកខ្លាំងជាមួយការងារដោយស្ទើរតែមានពេលវេលាសម្រាក។ល។ ទោះបីជាយ៉ាងនេះក្ដី នៅក្នុងពិភពលោកនេះ ក៏មានមនុស្សជាច្រើននាក់ដែរ ដែលជាមនុស្សរវល់ខ្លាំង ជាពិសេសថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្ម ព្រមទាំងមនុស្សដែលកាន់កាប់នូវកិច្ចការងារនានាផ្សេងទៀត។ ដូច្នេះសំណួរសួរថា តើមានវិធីល្អដើម្បីគ្រប់គ្រងពេលវេលាល្អសម្រាប់អ្នកដែលរវល់ខ្លាំងដែរឬទេ? ច្បាស់ជាមាន ប៉ុន្តែមុននឹងបង្ហាញវិធីសាស្រ្តគ្រប់គ្រងពេលវេលាសម្រាប់អ្នករវល់ យើងចង់បង្ហាញអំពីសារៈសំខាន់មួយចំនួននៅពេលយើងអាចគ្រប់គ្រងពេលវេលាបានល្អជាមុនសិន។

សារៈសំខាន់នៅពេលអ្នកអាចគ្រប់គ្រងពេលវេលាបានល្អ
  • បង្កើនផលិតភាពការងារខ្ពស់ និងអាចសម្រេចបាននូវកិច្ចការងារសំខាន់ៗបានច្រើនជាងមុន
  • កាត់បន្ថយភាពស្រេ្តសច្រើន ដោយមិនវង្វេង ឬឈឺក្បាលជាមួយការងារ
  • កាន់តែមានថាមពលគ្រប់គ្រាន់ និងអាចសម្រាកលំហែរអារម្មណ៍បានល្អនៅពេលទំនេរ
  • ឆាប់សម្រេចនូវគោលដៅដែលបានកំណត់បានយ៉ាងរលូន
  • ធ្វើឱ្យការសម្រេចចិត្តធ្វើអ្វីមួយបានកាន់តែលឿន និងត្រឹមត្រូវ
  • ធ្វើឱ្យមានសមាមាត្ររវាងជីវិតនៃការបំពេញកិច្ចការងារ ជាមួយនឹងជីវិតរស់នៅផ្ទាល់ខ្លួន
  • ធ្វើឱ្យអ្នកកាន់តែក្លាយជាមនុស្សផ្ដោតល្អ
តិចនិកគ្រប់គ្រងពេលវេលាសម្រាប់អ្នករវល់ខ្លាំង

ការគ្រប់គ្រងពេលវេលា មានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសបុគ្គលដែលត្រូវមានភារកិច្ចដែលត្រូវបំពេញការងារសំខាន់ច្រើន ឬមមាញឹកខ្លាំង។ លើសពីនេះ ការគ្រប់គ្រងពេលវេលា ក៏មានវិធីសាស្រ្តច្រើនផងដែរ ប៉ុន្តែយោងតាមគេហទំព័រ www.forbes.com បានបង្ហាញតិចនិកចំនួន 8 ដើម្បីផ្ដល់ជាជំនួយក្នុងការគ្រប់គ្រងពេលវេលាបានល្អបំផុតសម្រាប់អ្នកដែលរវល់ខ្លាំង។

  1. រៀបចំការងារណាដែលអាចផ្ដល់នូវកម្រិតថាមពលដល់អ្នកខ្លាំង៖ អ្នកត្រូវជ្រើសរើសបំពេញការងារណាដែលទាក់ទងនឹងកម្រិតនៃការផ្ដល់ថាមពលដល់អ្នក ហើយត្រូវព្យាយាមកំណត់ពេលវេលាជាក់លាក់បំផុតដើម្បីបញ្ចប់ ព្រមទាំងទាមទារការព្យាយាម ការអត់ធ្មត់ និងត្រូវការផ្ដោតដើម្បីបំពេញវា។ ធ្វើបែបនេះ ទើបអ្នកអាចបញ្ចប់ការងារនោះប្រកបដោយមោទកភាពចំពោះខ្លួនឯង និងកាន់តែមានថាមពលក្នុងខ្លួនដើម្បីបន្តធ្វើកិច្ចការងារផ្សេងទៀត។
  2. រៀបចំផែនការទុកមុនជាប្រចាំថ្ងៃ៖ អ្នកត្រូវរៀបចំផែនការសម្រាប់បំពេញនៅថ្ងៃបន្ទាប់ ជារៀងរាល់មុនអ្នកចូលគេង។ ធ្វើបែបនេះ ទើបអ្នកដឹងថានៅថ្ងៃស្អែកអ្នកនឹងត្រូវបំពេញការងារអ្វី ហើយអាចជួបនឹងបញ្ហាអ្វី និងត្រូវធ្វើបែបណាជាដើម។ ហើយសកម្មភាពទាំងនេះ នឹងជំរុញអ្នកឱ្យកាន់តែធ្វើការងារបានច្រើនជាងមុន និងមានប្រសិទ្ធភាពជាងពេលណាៗទាំងអស់។
  3. ចាប់ផ្ដើមធ្វើការងារសំខាន់ៗមុនគេបំផុត៖ អ្នកត្រូវជ្រើសរើសការងារណាដែលអ្នកគិតថាសំខាន់សម្រាប់អ្នក មិនថាការងារនោះជាការងារផ្ទាល់ខ្លួន ឬនៅក្នុងក្រុមហ៊ុននោះទេ អ្នកត្រូវតែចាប់ផ្ដើមធ្វើវាឱ្យបានរួចរាល់។ ការធ្វើបែបនេះនឹងជំរុញចិត្តអ្នកកាន់តែមានកម្លាំងចិត្តពេញមួយថ្ងៃ ព្រមទាំងអាចបំពេញការងារបន្ទាប់បន្សំផ្សេងទៀតបានដោយរលូន។
  4. កំណត់ការងារអាទិភាព៖ អ្នកត្រូវកំណត់ការងារអាទិភាពលើការងារនីមួយៗ ដោយកំណត់ការងារណាដែលមានភាពបន្ទាន់ ការងារដែលចំណេញលុយច្រើន និងជាការងារដែលត្រូវបញ្ចប់មុនគេ។ ដូច្នេះអ្នកត្រូវរៀបចំការងារទៅតាមលំដាប់ការងារអាទិភាពនីមួយៗ ដើម្បីបំពេញការងារទាំងនោះតាមដំណាក់កាលរបស់វា។
  5. ជ្រើសរើសជំនួយបន្ថែម៖ ការងារខ្លះមានអាទិភាពខ្ពស់ដោយទាមទារឱ្យអ្នកត្រូវបំពេញផ្ទាល់ ប៉ុន្តែការងារខ្លះមានអាទិភាពទាបឬជាការងារអាចឱ្យអ្នកផ្សេងជំនួសអ្នកបាន ដូច្នេះអ្នកត្រូវតែផ្ទេរការងារនោះឱ្យអ្នកផ្សេងបំពេញ។ ជារួមមក អ្នកមិនចាំបាច់បំពេញកិច្ចការទាំងអស់ដោយខ្លួនឯងទេ ប៉ុន្តែអាចផ្ទេរការងារមួយចំនួនដែលអ្នកផ្សេងក៏អាចធ្វើបាន និងមានលទ្ធផលល្អដូចគ្នាទើបជាការល្អ។
  6. ប្រើប្រាស់បច្ចេកវិទ្យាជំនួស៖ សព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែជឿនលឿននិងឆ្លាតវៃ ដូច្នេះអ្នកត្រូវដឹងថា តើការងារណាខ្លះដែលបច្ចេកវិទ្យាអាចជួយធ្វើឱ្យអ្នកដោយស្វ័យប្រវត្តិបាន? ធ្វើបែបនេះ ទើបអ្នកអាចបន្ដធ្វើកិច្ចការងារផ្សេងទៀត។
  7. លុបបំបាត់ការរំខានដែលមិនចាំបាច់៖ នៅពេលដែលអ្នកមានការរំខាន វាអាចចំណាយពេលមួយរយៈដើម្បីព្យាយាមផ្តោតអារម្មណ៍របស់អ្នកត្រលប់មកវិញ ដូច្នេះអ្នកត្រូវគិតពិចារណាអំពីភាពរំខាននានា ដែលប៉ះពាល់ដល់ផលិតភាពការងាររបស់អ្នក បន្ទាប់មកព្យាយាមលុបបំបាត់ចោល ឬចៀសវាងកុំឱ្យមានការកើតឡើង។
  8. យល់ថាអ្វីៗមិនចាំបាច់ល្អឥតខ្ចោះនោះទេ៖ អ្នកត្រូវមានផ្នត់គំនិតថា ការបំពេញការងារអ្វីក៏ដោយ កុំព្យាយាមធ្វើឱ្យវាឱ្យល្អឥតខ្ចោះពេក ប៉ុន្តែត្រូវព្យាយាមឱ្យអស់ពីសមត្ថភាពធ្វើនូវអ្វីដែលអ្នកអាចធ្វើបាន ហើយសមស្របជាមួយពេលវេលាកំណត់។ ត្រូវចងចាំថា បើអ្នកព្យាយាមធ្វើវាឱ្យល្អឥតខ្ចោះពេក វានឹងធ្វើឱ្យអ្នកកាន់តែស្មុគស្មាញ ព្រមទាំងយឺតពេលក្នុងការបញ្ចប់កិច្ចការងារនោះស្របតាមការកំណត់ពេលវេលារបស់អ្នកមិនខាន។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ