របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

244
របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

ការបើកដំណើរការអាជីវកម្មខ្នាតតូច ក៏ទាមទារឱ្យមានការរៀបចំផែនការអាជីវកម្មត្រឹមត្រូវ និងមានក្បួនមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងការដំណើរការអាជីវកម្មខ្នាតស្ដង់ដារដែរ ដើម្បីពង្រីកអាជីវកម្មខ្នាតតូចឱ្យកាន់តែធំ។ លើសពីនេះ ក៏ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានល្អដែរ ប៉ុន្តែសំណួរសួរថា តើត្រូវគ្រប់គ្រងអាជីវកម្មខ្នាតតូចបែបណាទើបអាចដំណើរការល្អ?

Small Business

ខាងក្រោមនេះ នឹងបង្ហាញពីរបៀបនៃការគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ និងអាចពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។

1. ការជ្រើសរើសមនុស្សត្រូវ

ដំណាក់កាលដំបូង ម្ចាស់អាជីវកម្មត្រូវតែចេះជ្រើសរើសមនុស្សឱ្យបានត្រូវ ទាំងដៃគូសហការ និងបុគ្គលិក ដោយត្រូវធានាថាពួកគេជាមនុស្សល្អដែលអាចទុកចិត្តបាន និងមានសមត្ថភាពខ្លាំងពូកែ។

ជ្រើសរើសមនុស្សត្រូវ ជារឿងជោគជ័យមួយដំណាក់កាល ព្រោះពួកគេនឹងជួយជ្រោមជ្រែងក្នុងអាជីវកម្មរបស់អ្នកបានកាន់តែល្អ ហើយឆាប់រីកចម្រើន។

2. បែងចែកតួនាទី ទំនួលខុសត្រូវ

ក្រោយពីឆ្លងកាត់ដំណាក់កាលទី1 ជំហានបន្ទាប់ អ្នកត្រូវតែចេះបែងចែកតួនាទី និងទំនួលខុសត្រូវដល់បុគ្គលិកម្នាក់ៗទៅតាមចំណេះជំនាញ និងសមត្ថភាពរបស់ពួកគេ ហើយសូម្បីតែដៃគូសហការរបស់អ្នកក៏ត្រូវមានការបែងចែកតួនាទី ទំនួលខុសត្រូវ និងការបែងចែកភាគលាភគ្នាឱ្យបានត្រឹមត្រូវ។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យដៃគូសហការរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នក និងធ្វើឱ្យបុគ្គលិកកាន់តែមានផលិតភាពការងារខ្ពស់។ លើសពីនេះ ដំណើរការអាជីវកម្មរបស់អ្នកក៏កាន់តែល្អ ពីព្រោះបុគ្គលម្នាក់ៗសុទ្ធតែមានតួនាទី និងទំនួលខុសត្រូវ ព្រមទាំងមានសមត្ថភាពខ្លាំង។

3. បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតឱ្យមានក្រុមមួយក្នុងការតាមដាន និងស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកចំណុចខ្វះខាតក្នុងអាជីវកម្ម និងខ្វះខាតលើផលិតផលសេវាកម្ម បន្ទាប់មកធ្វើការកែតម្រូវ។ លើសពីនេះ ធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាល ព្រមទាំងធ្វើឱ្យអាជីវកម្មរបស់ខ្លួនតែងតែមានភាពច្នៃប្រឌិត ការបង្កើតថ្មី ហើយមានភាពថ្មីប្លែកជានិច្ច ដោយមិនស្ថិតនៅក្នុងស្ថានភាពដដែលៗ។

ចូរធ្វើឱ្យអាជីវកម្មរបស់អ្នកតែងតែមានភាពផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើន ហើយការផ្លាស់ប្ដូរនោះរួមមានគំនិត ផលិតផល សេវាកម្ម ដំណើរការផ្សេងៗក្នុងអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ របៀបលក់ និងផ្សេងៗទៀតដែលចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការកាន់តែល្អ និងឆាប់រីកចម្រើន។

4. បង្កើតច្បាប់ក្នុងក្រុមហ៊ុន

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតវប្បធម៌ និងច្បាប់ក្នុងក្រុមហ៊ុន ដើម្បីឱ្យបុគ្គលិកគោរពនិងប្រតិបត្តិតាម។ ក្នុងនោះ វប្បធម៌ក្រុមហ៊ុន អ្នកអាចបង្កើតថា បុគ្គលិកទាំងអស់ត្រូវមានភាពស្មោះត្រង់ មានភាពសាមគ្នីគ្នា គ្មានការឈ្លោះប្រកែកគ្នា ជាដើម ដើម្បីបណ្ដុះសា្មរតីឱ្យបុគ្គលិកកាន់តែល្អ និងមានភាពរួបរួមគ្នា។ ចំពោះច្បាប់ក្រុមហ៊ុនវិញ ម្ចាស់អាជីវកម្មអាចចែងចំពោះកំហុសឆ្គងដែលបុគ្គលិកអាចធ្វើខុស ដូចជាបុគ្គលិកមិនយឺត តើត្រូវធ្វើបែបណា? បើបុគ្គលិកលួចទ្រព្យសម្បត្តិក្រុមហ៊ុន តើមានវិធានការអ្វី? ហើយបើបុគ្គលិក មិនអនុវត្តន៍តាមប្រការណាមួយ តើនឹងមានអ្វីកើតឡើង? ។ល។

5. ប្រើឧបករណ៍ជំនួយ

ម្ចាស់អាជីវកម្ម អាចគិតពិចារណាលើឧបករណ៍មួយចំនួន ដើម្បីជួយដល់ដំណើរការអាជីវកម្ម និងការគ្រប់គ្រងបុគ្គលិក។ ឧបករណ៍ទាំងនោះ អាចជាកម្មវិធីគ្រប់គ្រងទិន្នន័យបុគ្គលិក លុយកាក់ ទ្រព្យសម្បត្តិ កម្មវិធីគ្រប់គ្រងដំណើរការផលិតផល កម្មវិធីជំនួយក្នុងការជ្រើសរើសបុគ្គលិក កម្មវិធីប្រជុំបុគ្គលិក កម្មវិធីគ្រប់គ្រងទិន្នន័យអតិថិជន និងអាចជួលអ្នកមានជំនាញមួយចំនួនក្នុងការជួយលើផ្នែកណាមួយ។