វិធីសាស្រ្តប្លែកមួយសម្រាប់ទាក់ទាញភ្ញៀវរបស់បារ “Please Don’t Tell”

1110

បើអ្នកធ្វើដំណើរតាមបណ្តោយវិថីម៉ាក ភីអិល (Marks Pl) នៃទីក្រុងញូវយ៉កទៅកាន់ឱទ្យានថម្ភឃីន ស្វ៊ែរ (Tompkins Square) អ្នកប្រាកដជាជិះកាត់ហាងលក់ ហតដក(Hot Dog)មួយដែលមានភាពអ៊ូអរមិនដាច់។ នោះគឺហាងគ្រីហ្វដក(Crift Dogs)។ អ្នកអាចកម្មង់ហតដក(Hot Dog)គ្រប់ប្រភេទ! ព្រោះម៉ឺនុយរបស់ពួកគេមានដល់ទៅ៣០ជាងប្រភេទនៃហតដក(Hot Dog)សម្រាប់ចំណូលចិត្តរបស់អ្នក។
ប៉ុន្តែនៅក្នុងហាងនេះមានរឿងប្លែកមួយ ដែលធ្វើភ្ញៀវមានការចម្លែកចិត្តជាខ្លាំង។ នៅជ្រុងម្ខាងនៃហាង ដែលមានចម្ងាយមិនឆ្ងាយពីកន្លែងសម្រាប់ភ្ញៀវទទួលទានហតដក(Hot) គេប្រទះឃើញប្រភេទទូរទូរស័ព្ទមួយដែលប្រជាជននៅទីក្រុងញូវយ៉កបានឈប់ប្រើតាំងពី២០ទៅ២៥ឆ្នាំមុនមកម្លេះ។ ទោះបីទូរនេះឈរមិននៅចំកណ្តាលហាងក៏ពិតមែន ប៉ុន្តែព័រក្រហមដ៏ឆើតឆក់របស់វាបានឆាបយកចំណាប់អារម្មណ៍របស់ភ្ញៀវស្ទើរគ្រប់រូប។
ភ្ញៀវជាច្រើនមិនបានដឹងថាហេតុអ្វីមានវត្តមានទូរនៅទីនេះទេ ពួកគេតែងងឿងឆ្ងល់នៅពេលដែលមនុស្សចូលទៅក្នុងទូរនេះហើយមិនឃើញចេញមកវិញ។ មនុស្សទាំងនោះបានបាត់ខ្លួនយ៉ាងគួរឲ្យសង្ស័យ។ តើទូនេះនាំមនុស្សទាំងអស់នោះទៅណា? នេះជាសំណួរដែលតែងតែត្រូវបានចោទឡើង។
តាមពិតទៅគឺមានបារដ៏ប្រណិតមួយកំពុងលាក់ខ្លួននៅពីក្រោយទូរនេះ។ បារនោះមានយីហោ“Please Don’t Tell”។ បារ“Please Don’t Tell”ឬត្រូវបានស្គាល់ថា “PDT” ជាហាងបារស្រាក្រឡុក(cocktail) នៅក្នុងទីក្រុងញូវយ៉កដែលសព្វថ្ងៃមានភាពល្បីល្បាញយ៉ាងខ្លាំង ។ គេសង្កេតឃើញថាបារនេះបានលក្ខណៈខុសប្លែកពីគេត្រង់ការកំបាំងខ្លួននេះឯង ។ វាមិនបានបង្ហាញអ្វីទាំងអស់នៅតាមដងវិថី និងនៅក្នុងហាងគ្រីហ្វដក(Crift Dogs)។ មិនមានសូម្បីតែស្លាកស្នាមសញ្ញានិងផ្លាកឈ្មោះ។
ចំណែកឯនៅក្នុងទូរក្រហមវិញ វាមានសភាពមិនខុសប្លែកអ្វីពីទូរទូរស័ព្ទដទៃទឿតនោះទេ គឺមានជញ្ជាំងបិទជិត និងមានទូរស័ព្ទមួយ។ ប៉ុន្តែបើពិនិត្យឲ្យបានដិតដល់ នៅជិតទូរស័ព្ទមានសារណែនាំមួយសរសេរថា៖
“សូមស្វាគមន៍មកកាន់PTD
ទូរស័ព្ទនេះគឺជាកណ្តឹងទ្វារ
សូមចុចប៊ូតុងលេខ១ មួយដង។ ពួកយើងនឹងមកបំរើលោកអ្នកក្នុងរយៈពេលយ៉ាងខ្លី។
សូមអរគុណ! “
បន្ទាប់ពីអ្នកបានចុចប៊ូតុងលេខ១ហើយ ទុរស័ព្ទនោះនឹងធ្វើការខល។ មនុស្សដែលឆ្លើយនឹងការខលនេះ នឹងសួរអ្នកថាតើអ្នកបានកក់មុនដេរឬទេ? បើអ្នកបានកក់ហើយជញ្ជាំងម្ខាងរបស់ទូរនោះនឹងបើកទទួលអ្នក។ បារ“PDT” មិនបានធ្វើការផ្សព្វផ្សាយបើកចំហរទេ ពួកគេធ្វើឲ្យមនុស្សមានអារម្មណ៍ពិសេសទៅលើភាពអាថ៌កំបាំង ដែលញ៉ាំងឲ្យមនុស្សម្នាស្ទើរតែទប់ចិត្តមិនបាននឹកចង់តែនិយាយប្រាប់ពីបទពិសោធន៍ថ្មីនេះទៅកាន់មិត្តភ័ក្រ្តគេភ្លាមៗ។ ប្រសិនបើអ្នកមិនដែលបានទៅគ្រីហ្វដក(Crift Dogs)ឬមិនមានមិត្តភ័ក្រ្តប្រាប់ពីវត្តមានរបស់បារអាថ៌កំបាំងនេះទេ អ្នកប្រកាដជាមិនស្គាល់វាជាពុំខាន! សូម្បីតែគេហទំព័រ(វ៉េបសាយ)ក៏ដូចគ្នាគឺមិនមានព័ត៌មានអ្វីបន្តិចសោះ។ មានតែlogo លេខទូរស្ទ័ព និងរូបភាពមួយសន្លឹក។
ក្រោយពីស្តាប់ អ្នកប្រហែលជាចង់ទៅហើយមើលទៅ។

ហាងគ្រីហ្វដក(Crift Dogs)
ហាងគ្រីហ្វដក(Crift Dogs)

តើយុទ្ធសាស្រ្តបែបនេះគ្រប់គ្រាន់អាចជួយឲ្យអាជីវកម្មជោគជ័យក្នុងរយៈពេលវេងមែនឬទេ?

 

ចម្លើយគឺមិនមែនទេ។ យុទ្ធសាស្រ្តនេះគឺគ្រាន់តែជាវិធីចិត្តសាស្រ្តមួយសម្រាប់ទាក់ទាញភ្ញៀវ ។ ចំពោះការរក្សាអតិថិជនទាំងនេះបានឬមិនបាន វាអាស្រ័យលើបទពិសោធន៍ដែលនៅក្នុងបារដែលជាបុគ្គលិកលក្ខណៈរបស់វា។ ប្រសិនបើសេវាកម្មយឺតយ៉ាវ បុគ្គលិកគ្មានភាពរួសរាយ កន្លែងអង្គុយមិនស្រួល ហើយបវិយាកាសអាប់អួរចង្អៀតហប់ក្ដៅសឹងរកខ្យល់ដកដង្ហើមគ្មាន តើអ្នកគិតថាអ្នកនឹងចង់ទៅទីនោះម្តងទៀតឬទេ? អ្នកប្រាកដជាបដិសេធន័។

ជាក់ស្តែង យើងអាចលើកឧទាហរណ៍អាជីវកម្មក្នុងស្រុកមួយដែលទទួលបានភាពល្បីល្បាញដ៏ខ្លាំងក្លាក្នុងរយៈពេលមួយឆ្នាំដំបូង ប៉ុន្តែរយៈកាលក្រោយមកវាក៏បានបាត់កាយទៅវិញដោយមិនបន្សល់ដានអ្វីបន្តិចសោះ។ អាជីវកម្មនោះមានឈ្មោះថាគុយទាវទូក។ អាជីវកម្មគុយទាវជាហាងគុយទាវដំបូងគេបង្អស់ដែលយកគំនិតគុយទាវចានតូចដែលមានក្នុងអតីតកាលមកអនុវត្តសារជាថ្មី។ គុយទាវទូកមួយចានៗមានតម្លៃពី២០០០រៀលទៅ២៥០០រៀល ហើយមនុស្សម្នាក់ត្រូវការញាំយ៉ាងតិចក៏អស់ពី៤ទៅ៥ចាន ទើបមានលំនឹងពោះព្រោះក្នុងមួយចានៗមានសាច់ គុយទាវ និងទឹកស៊ុបត្រឹមតែ៣ទៅ៤ស្លាបព្រាប៉ុណ្ណោះ។
អាជីវកម្មមួយនេះបានធ្វើឲ្យការទទួលទានគុយទាវធម្មតាប្រែក្លាយជាមានភាពពិសេសជាងមុន។ អ្នកទទួលទានខ្លះក៏ឆ្ងាញ់ជាមួយនឹងថតគំនរចានបង្ហោះចួលបណ្តាញសង្គមហ្វេសបុកជាងរសជាតិនៃគុយទាវទៅទៀត។

ការចែករំលែករូបភាពនិងនិយាយតៗគ្នាអំពីគំនរចានគមតូចៗបានជំរុញឲ្យមនុស្សច្រើនឡើងៗចង់
សាកចង់យល់ពីបទពិសោធន៍ថ្មីនៃគុយទាវទូក។ ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីភាពជោគជ័យអាជីវកម្មនេះក៏ត្រូវសាបទៅវិញដោយសារតែរសជាតិ សេវាកម្មនិងបរិយាកាសមិនខុសគ្នាខ្លាំងពីគុយទាវធម្មតា ប៉ុន្តែតម្លៃថ្លៃជាង។

ជារួមមកយើងឃើញថា វិធីសាស្រ្តអាថ៌កំបាំងរបស់PTDក៏ដូចជាគំនរចានរបស់គុយទាវទូកគឺជាយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពនិងលទ្ធភាពទាក់ទាញភ្ញៀវខ្ពស់។ ហើយមេរៀនសំខាន់មួយដែលយើងអាចរៀនបានពីករណីខាងលើនេះគឺភាពជោគជ័យក្នុងពេលបច្ចុប្បន្នគ្រាន់តែជាជយ័ជំនះរយៈពេលខ្លីប៉ុណ្ណោះប្រសិនបើអាជីវកម្មនោះមិនមានបុគ្គលិកលក្ខណៈ(រួមមានកត្តា៖ផលិតផល បរិយាកាស ការរៀបចំនិងឌីហ្សាញ និងសេវាអតិថិជន)ដែលមានគុណភាពពិតប្រាកដ។