សញ្ញាទាំង 21 បង្ហាញថាអ្នកមានស្មារតីរឹងមាំខ្លាំង

64
សញ្ញាទាំង 21 បង្ហាញថាអ្នកមានស្មារតីរឹងមាំខ្លាំង

ការដែលធ្វើឱ្យស្មារតីមានភាពរឹងមាំខ្លាំងបាន គឺត្រូវការរយៈពេលយូរដើម្បីអភិវឌ្ឍន៍ ដោយទាមទារឱ្យមានការអនុវត្តប្រចាំថ្ងៃ ដើម្បីជំរុញខ្លួនឯងឱ្យរីកចម្រើនកាន់តែខ្លាំង រក្សាសុទិដ្ឋិនិយមជាក់ស្តែង និងកំណត់ព្រំដែនដែលមានសុខភាពល្អ។ លើសពីនេះ មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹងភាពច្រើន ​មិន​ធ្វើ​រឿង ​ដូចជា​ខ្ជះខ្ជាយ​ពេល​វេលា ភាព​សោកស្ដាយ​ ឬ​លះបង់​អំណាច​ទៅ​អ្នក​ដទៃ​ឡើយ។

តើយើងអាចដឹងដោយរបៀបណាថាយើងមានស្មារតីរឹងមាំខ្លាំង? បើយោងតាមអ្នកជំនាញព្យាបាលចិត្តសាស្ត្រ Amy Morin ដែលជាអ្នកនិពន្ធសៀវភៅ “13 យ៉ាងដែលមនុស្សរឹងមាំផ្លូវចិត្តមិនធ្វើ” បានបង្ហាញពីសញ្ញាចំនួន 21 ដែលអ្នកមានភាពរឹងមាំខាងផ្លូវចិត្តតែងតែមាន។

1. ការធ្វើឱ្យមានតុល្យភាពអារម្មណ៍ជាមួយនឹងតក្កវិជ្ជា

មនុស្សដែលមានស្មារតីរឹងមាំ គឺយល់ពីរបៀបដែលអារម្មណ៍របស់ពួកគេអាចមានឥទ្ធិពលលើការគិតរបស់ពួកគេ។ ដូច្នេះរាល់ការសម្រេចចិត្ត តែងតែល្អបំផុតដែលអាចធ្វើទៅបាន ដោយពួកគេធ្វើឱ្យមានតុល្យភាពអារម្មណ៍ជាមួយនឹងតក្កវិជ្ជា។

ចំណាំ៖ តក្កវិជ្ជា មានន័យថា វិធីត្រឹមត្រូវ ឬសមហេតុផលនៃការគិតអំពីអ្វីមួយ។

2. ការជ្រើសរើសអាកប្បកិរិយាប្រកបដោយផលិតភាព

ជាបុគ្គលដែលតែងតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាដែលមានផលិតភាព ទោះបីជាស្ថិតនៅក្នុងខណៈទេសៈណាក៏ដោយ ហើយជាបុគ្គលមានសតិបញ្ញា ដោយមិនសូវខ្ជះខ្ជាយពេលវេលារបស់ខ្លួនទៅធ្វើសកម្មភាពណាដែលមិនមានផលិតភាពឡើយ។

3. ជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ

មនុស្សដែលមានស្មារតីរឹងមាំ តែងតែជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ជាជាងទប់ទល់នឹងវា ទោះបីជាការផ្លាស់ប្ដូរនោះលំបាកប៉ុណ្ណាក៏ដោយ។

4. ប្រឈមមុខនឹងភាពភ័យខ្លាចដែលរារាំងពួកគេ

មនុស្សដែលមានស្មារតីរឹងមាំ មិនចាំបាច់យកឈ្នះលើការភ័យខ្លាចនោះទេ ដោយសារតែពួកគេមានអ្វីមួយដើម្បីបញ្ជាក់ដល់អ្នកដទៃប្រកបដោយភាពជឿជាក់ និងហ៊ានប្រឈមមុខគ្រប់ភាពភ័យខ្លាចទាំងអស់ ដើម្បីធ្វើយ៉ាងណាកុំឱ្យភាពភ័យខ្លាចទាំងនោះរារាំងពួកគេក្នុងការសម្រេចអ្វីមួយ។

5. រៀនពីកំហុសរបស់ខ្លួនឯង

មនុស្សដែលមានស្មារតីរឹងមាំ មិន​លាក់លៀម ឬ​ដោះសារពី​កំហុស​របស់​ខ្លួន​ឡើយ ប៉ុន្តែផ្ទុយមកវិញ ពួកគេតែងតែហ៊ានប្រឈមមុខរាល់កំហុសដែលពួកគេបានធ្វើឱ្យកើតមាន បន្ទាប់មករៀនអំពីកំហុសនោះដើម្បីកែលម្អឱ្យមានភាពប្រសើរឡើងវិញ។

6. ថ្លឹងថ្លែងការទទួលយកខ្លួនឯងជាមួយនឹងការកែលម្អខ្លួនឯង

មនុស្សដែលមានស្មារតីរឹងមាំ តែងតែទទួលយកខ្លួនឯងថាពួកគេជានរណា? មានចំណុចខ្លាំង និងចំណុចខ្សោយអ្វី? ព្រមទាំងទទួលស្គាល់ពីតម្រូវការរបស់ខ្លួនឯងដើម្បីអភិវឌ្ឍន៍លើចំណុចខ្វះខាតទាំងនោះទៀតផង។

7. អបអរភាពជោគជ័យរបស់អ្នកដទៃ

ជាបុគ្គលដែលចូលចិត្តភាពសហការគ្នា ជាជាងប្រកួតប្រជែងជាមួយអ្នកជុំវិញខ្លួន។ ពួកគេ​មិន​មាន​អារម្មណ៍​ថា​ជោគជ័យ​របស់​អ្នក​ដទៃ​ធ្វើ​ឱ្យ​សមិទ្ធផល​របស់​ខ្លួន​ធ្លាក់​ចុះ​នោះ​ទេ ថែមទាំងជួយអបអរសាទរចំពោះភាពជោគជ័យរបស់អ្នកដទៃទៀតផង។

8. រស់នៅជាមួយនឹងតម្លៃផ្ទាល់ខ្លួន

មនុស្សដែលមានស្មារតីរឹងមាំ គឺធ្វើការសម្រេចចិត្តដោយភាពងាយស្រួល ពីព្រោះពួកគេយល់ពីអាទិភាពរបស់ពួកគេ ហើយពួកគេរស់នៅតាមតម្លៃរបស់ពួកគេ។

9. ផ្តោតលើការធ្វើឱ្យជំនាញផ្ទាល់ខ្លួនកាន់តែខ្លាំងនិងជាក់លាក់ ជាជាងបង្ហាញ

ខណៈពេលដែលមនុស្សមួយចំនួនស្វែងរកការបញ្ជាក់ពីអ្នកដទៃ មនុស្សដែលមានស្មារតីរឹងមាំមិនសូវខ្វល់ខ្វាយអំពីការទទួលបានការទទួលស្គាល់នោះទេ។ ផ្ទុយ​ទៅ​វិញ ពួកគេព្យាយាមជំរុញចិត្តខ្លួនឯងឱ្យ​ក្លាយ​ជា​មនុស្ស​កាន់​តែ​ប្រសើរជាងមុន។

10. រស់នៅក្នុងជីវិតពិត

មនុស្ស​មាន​ស្មារតី​រឹងប៉ឹង តែងតែធ្វើអ្វីដែលជាភាពពិតរបស់ខ្លួនឯង និងរស់នៅក្នុងជីវិតពិត មិនមែនរស់ក្នុងជីវិតមួយដែលពោរពេញដោយភាពសម្ដែង ឬក្លែងក្លាយឡើយ។ ហើយរាល់ពាក្យសម្ដីរបស់ពួកគេ គឺស្របជាមួយនឹងអាក្បកិរិយារបស់ពួកគេ។

11. ចាត់ទុកការលំបាកក្នុងជីវិតជាឱកាសសម្រាប់ការរីកចម្រើន

ខណៈ​ពេល​ដែល​ការ​លំបាក​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​មាន​ភាព​ជូរចត់ក៏ពិតមែន តែមនុស្ស​ដែល​មាន​ចិត្ត​គំនិត​រឹង​មាំ គឺតែងតែចាត់​ទុក​ឱ្យ​ភាព​លំបាក​ធ្វើ​ឱ្យ​ពួក​គេកាន់តែ​ប្រសើរ​ឡើង។

12. តម្លៃ​ខ្លួន​ឯង​អាស្រ័យ​លើ​អ្នក​ជា​នរណា មិន​មែន​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន

មនុស្ស​មាន​ស្មារតី​រឹងប៉ឹង តែងតែមានអារម្មណ៍ល្អចំពោះ​ខ្លួន​ឯង ដោយមិនដែលគិត​ថា​ឈ្នះ​ឬ​ចាញ់។

13. អនុវត្តន៍លើយុទ្ធសាស្រ្ត ពន្យាពេលនៃការពេញចិត្ត

មនុស្សដែលមានស្មារតីរឹងមាំ ចាត់ទុកគោលដៅរបស់ពួកគេថាជាការរត់ម៉ារ៉ាតុង មិនមែនជាការរត់ប្រណាំងនោះទេ។ ពួកគេសុខចិត្តទ្រាំនឹងការឈឺចាប់រយៈពេលខ្លី ដើម្បីទទួលបានផលចំណេញរយៈពេលវែង។

ចំណាំ៖ យុទ្ធសាស្រ្តពន្យាពេលនៃការពេញចិត្ត មានន័យថា លះបង់នូវសមិទ្ធផលដែលទទួលបានរយៈពេលខ្ចី និងព្យាយាមធ្វើយ៉ាងណាឱ្យសម្រេចនូវគោលដៅរយៈពេលវែង។

14. ច្នៃភាពបរាជ័យឱ្យក្លាយជាឱកាស

មនុស្សរឹងមាំផ្លូវចិត្ត មិនចាត់ទុកការបរាជ័យជាទីបញ្ចប់នៃផ្លូវនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រើភាពបរាជ័យរបស់ពួកគេនោះមកជាឱកាស ដើម្បីទទួលបានចំណេះដឹង ដែលនឹងបង្កើនឱកាសជោគជ័យរបស់ពួកគេនាពេលអនាគត។

15. ជាអ្នកសុទិដ្ឋិនិយមជាក់ស្តែង

មនុស្សដែលមានស្មារតីរឹងមាំ អាចរកមើលស្រទាប់ប្រាក់និងគិតលើផ្នែកភ្លឺ ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យមានទំនោរសុទិដ្ឋិនិយមរបស់ពួកគេធ្វើឱ្យពួកគេងងឹតភ្នែកទៅនឹងការពិតនោះទេ។

16. ទទួលខុសត្រូវរាល់ជម្រើសរបស់ខ្លួនឯង

មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹង មិនដែលស្ដាយក្រោយនូវអ្វីដែលខ្លួនបានសម្រេចចិត្តក្នុងការធ្វើឡើយ ប៉ុន្តែ​ពួកគេ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ទង្វើ​របស់​ខ្លួនឯង។

17. បង្ហាញការដឹងគុណ

មនុស្សដែលមានស្មារតីរឹងមាំ តែងតែទទួលស្គាល់ថាពួកគេមានរឿងរ៉ាវជាច្រើនជាងអ្វីដែលពួកគេត្រូវការ ដូច្នេះពួកគេក៏ត្រូវមនុស្សជាច្រើនដើម្បីជួយគេឱ្យសម្រេចបាននូវគោលដៅ និងតែងតែដឹងគុណចំពោះអ្នកទាំងនោះ។

18. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន

​មនុស្សដែលមានស្មារតីរឹងមាំ តែងតែធ្វើអ្វីឱ្យមានប្រសិទ្ធភាពនិងផលិតភាពក្នុងជីវិត ដោយសារពួកគេលះបង់ធនធានរបស់ពួកគេចំពោះអ្វីដែលពួកគេអាចគ្រប់គ្រងបាន។

19. ចូលរួមក្នុងការដោះស្រាយបញ្ហាយ៉ាងសកម្ម

មនុស្សរឹងមាំផ្លូវចិត្ត មិនផ្អែកផ្ដួលខ្លាំងលើបញ្ហានោះទេ ផ្ទុយទៅវិញ ពួកគេចូលចិត្តស្វែងរក និងបង្កើតដំណោះស្រាយ។

20. បើកចំហដើម្បីរៀនបន្ថែមពីអ្វីៗទាំងអស់ដែលនៅជុំវិញអ្នក

មនុស្សដែលមានស្មារតីរឹងមាំ ​តែង​តែ​រៀន​គ្រប់​ស្ថានភាព​របស់​ខ្លួន និងរៀនពី​មនុស្ស​ដែល​ពួកគេ​ជួប​ជា​រៀង​រាល់​ថ្ងៃ។

21. កែលំអរាល់ចំណុចខ្វះខាត ជាជាងព្យាយាមបិទបាំង

ខណៈពេលដែលមនុស្សជាច្រើនខិតខំប្រឹងប្រែងបិទបាំងរាល់ចំណុចខ្សោយរបស់ខ្លួនឯង តែមនុស្សដែលមានស្មារតីរឹងមាំ បានវិនិយោគថាមពលរបស់ពួកគេក្នុងការកែលម្អចំណុចខ្វះខាតរបស់ពួកគេ។