សំណួរទាំង១៣ដែលធ្វើឱ្យអាជីវកម្ម​អ្នកកាន់តែរីកចម្រើន

2819

អាជីវកម្មអាចទៅមុខបានលឿនលុះត្រាតែម្ចាស់អាជីវកម្ម និងក្រុមការងារ​អាចស្វែងរកបញ្ហា និងបង្កើតជាសំណួរដើម្បីដោះស្រាយដើម្បី​ធ្វើឱ្យក្រុមហ៊ុនដើរទៅមុខ​ និងមានការវិវឌ្ឍន៍រីកចម្រើនបាន។ សម្រាប់អ្នកវិញ តើក្រុមការងាររបស់អ្នកមានទម្លាប់ធ្វើដូចនេះដែរទេ? តើមានបុគ្គលិក ឬថ្នាក់ដឹកនាំប៉ុន្មានអ្នកដែលតែងតែលើកជាសំណួរ​បែបយុទ្ធសាស្ត្រដើម្បីឱ្យក្រុមការងាររបស់ខ្លួន​ស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតនោះ? ប្រសិនបើមិនសូវមានទេ អ្នកគួរតែដើរតួរជាអ្នកចាប់ផ្តើម​លើកនូវចំណុចសំខាន់ ដើម្បីឱ្យក្រុមការងារអ្នក​ជួយស្វែងរកវិធីដោះស្រាយ​។

ការសួរសំណួរដែលប្លែក និងចំចំណុចខុសៗគ្នា និងធ្វើឱ្យ​មានការផ្លាស់ប្តូរដ៏ធំ។ ហើយខាងក្រោមនេះ គឺមាន១៣សំណួរដែលអ្នកអាចយក​ទៅអនុវត្តសាកល្បងដើម្បី​ឱ្យក្រុមហ៊ុនផ្លាស់ប្តូរពីធម្មតាទៅអស្ចារ្យ​បាន ប្រសិនបើអ្នកអាចរកវិធីដោះស្រាយបាន៖

១. តើយើងអាច​បំពេញចិត្តអតិថិជន និងធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើលដោយវិធីណា?

២. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យ​ការទិញរបស់អតិថិជនម្នាក់ៗមានការកើនឡើង?

៣. តើយើងធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនគោលដៅយើងទាំងអស់​ស្គាល់ម៉ាកសញ្ញារបស់យើង?

៤.​ តើអាជីវកម្ម ឬក្រុមហ៊ុនណាមួយដែលមើលទៅប្រកបដោយភាពច្នៃប្រឌិត និងជោគជ័យដែលអ្នកបានឮ ឬស្គាល់រយៈពេល២ឆ្នាំចុងក្រោយនេះ? តើយើងអាចប្រើប្រាស់​វិធីសាស្ត្រ​របស់គេមកអនុវត្តបានយ៉ាងម៉េច?

៥. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យបុគ្គលិកទាំងអស់មានមោទនភាពក្នុងការធ្វើការងារនៅទីនេះ?

៦. តើយើងធ្វើយ៉ាងម៉េចដើម្បី​ឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់អាចធ្វើការសម្រេចចិត្តបានលឿន?

៧. ប្រសិនបើយើងចង់បានចំណូលគុណនឹង២ តើអ្វីដែលសំខាន់ជាងគេដែលយើងត្រូវការផ្លាស់ប្តូរ? ហើយយើង​ត្រូវធ្វើដោយវិធីណា?

៨. ប្រសិនបើយើងចង់កាត់បន្ថយការចំណាយឱ្យបាន៥០% និងរក្សាចំណូលឱ្យនៅដដែល តើយើងធ្វើយ៉ាងម៉េច?

៩.ប្រសិនបើយើងមិនខ្លាចបរាជ័យ តើអ្វីដែលយើងគួរតែធ្វើសាកល្បង?

១០.តើគោលការណ៍អ្វីដែលដៃគូរប្រជែង​យើងតែងតែគោរព​ធ្វើតាម? បើយើងធ្វើខុសពីនោះ តើយើងនឹងបានផលអ្វី?

១១. ប្រសិនបើយើងទើបតែឈានជើងចូលនៅក្នុងទីផ្សារនេះ ហើយយើងចង់ក្លាយជាម៉ាកសញ្ញាដែលគ្រប់គ្រងទីផ្សារនេះ តើយើងត្រូវធ្វើ​ដោយវិធីណា?

១២. តើយើងធ្វើយ៉ាងណាដើម្បីជម្រុញឱ្យក្រុមការងារទាំងអស់​មាន​អារម្មណ៍ និងសកម្មភាពជាសហគ្រិន ហើយហ៊ានប្រឈមមុខនឹងហានិភ័យ?

១៣. តើអតិថិជនរបស់យើង​ត្រូវការអ្វី និងមិនចូល​ចិត្តអ្វី? តើ២ឆ្នាំទៀត តើពួកគាត់នឹងអាចប្រែចិត្តឬទេ?

សំណួរទាំងនេះអាចនឹងមានប្រយោជន៍​ប្រសិនបើអ្នកលើកឡើងក្នុងអង្គប្រជុំ និងឱ្យពួកគាត់គិតរកមធ្យោបាយ​ដើម្បីដោះស្រាយ និងយុទ្ធវិធីនានា​ ហើយប្រមូលគំនិតទាំងនោះរួមបញ្ចូលគ្នា និងជ្រើសរើសគំនិត​ដែលល្អបំផុតសម្រាប់យកមកអនុវត្ត។ ការប្រជុំគំនិតគ្នាដូចនេះ នឹងធ្វើឱ្យយើងកាន់តែបែកគំនិត និងគិតចេញនូវអ្វីប្លែកៗ ដែលយើងនឹកស្មានមិនដល់។