ហេតុផល 5 ធ្វើឱ្យការបង្កើតអាជីវកម្ម តែងតែមានបញ្ហា!

170
ហេតុផល 5 ធ្វើឱ្យការបង្កើតអាជីវកម្ម តែងតែមានបញ្ហា
1. ជ្រើសរើសដៃគូរកស៊ីខុស

ការរកស៊ី​ដោយមានដៃគូ ជារឿងដ៏ល្អបំផុត ប៉ុន្តែក៏ជារឿងដ៏អាក្រក់ដែរ ប្រសិនបើអ្នកជ្រើសរើសដៃគូខុស។ រើសដៃគូខុស អាចនាំអ្នកឱ្យធ្លាក់ក្នុងជ្រោះនៃភាពបរាជ័យដោយមិនដឹងខ្លួន។

តើធ្វើបែបណាទើបដឹងថា រើសដៃគូខុស?

ទី1. តែងតែបង្ហាញពីការមិនពេញចិត្តនូវគម្រោងអាជីវកម្មជាញឹកញាប់

ទី2. ជាមនុស្សមិនសូវបើកចិត្តឱ្យទូលាយ ហើយគ្មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ

ទី3. ជាមនុស្សមិនច្បាស់លាស់

ទី4. ទស្ស័នវិស័យ បេសកកម្មនៃការធ្វើអាជីវកម្ម តែងតែខ្វែងគំនិតគ្នា

ទី5. ជាមនុស្សគ្មានភាពស្មោះត្រង់

ទី6. ជាមនុស្សមិនផ្ដោត មិនគោរពឱ្យតម្លៃមនុស្សជុំវិញ

ទី7. ចូលចិត្តគិតពីខ្លួនឯងជាធំ

2. ការដឹកនាំខ្សោយ

ការធ្វើអាជីវកម្មមួយអាចដំណើរការបានរលូន លុះត្រាតែអ្នកមានការដឹកនាំខ្លាំង​ បើអ្នកដឹកនាំខ្សោយ នោះអាជីវកម្មនឹងជួបបញ្ហាច្រើន ទាំងបញ្ហាខាងក្នុង និងខាងក្រៅ។

ការដឹកនាំខ្សោយ តែងតែមានចំណុចខាងក្រោម៖
  • គ្មានភាពជាអ្នកដឹកនាំខ្លាំង ដោយមានភាពទន់ជ្រាយ ឆាប់តក់ស្លុត គ្មានដំណោះស្រាយ និងឆាប់ខឹងក្រោធ
  • គ្មានការបណ្ដុះបណ្ដាលបុគ្គលិក
  • គ្មានការលើកទឹកចិត្ត ដោយមានតែការរិះគន់ ការស្ដីបន្ទោស ការមើលងាយ និងជាន់ពន្លិចកូនចៅបន្ថែម
  • មិនចេះពីវិធីលើកទឹកចិត្ត ការកែតម្រូវ និងនិយាយជាមួយបុគ្គលិកប្រកបដោយប្រសិទ្ធភាព
  • គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
3. ផែនការអាជីវកម្មគ្មានភាពច្បាស់លាស់

ការគ្មានផែនការអាជីវកម្ម អ្នកនឹងមិនដឹងច្បាស់អំពី

  • អតិថិជនគោលដៅ
  • ផែនការចំណាយលើការប្រតិបត្តិការអាជីវកម្មទាំងមូល
  • ដៃគូប្រកួតប្រជែង
  • និងមិនស្គាល់ច្បាស់ពីព័ត៌មានលម្អិតសំខាន់ផ្សេងៗដែលពាក់ព័ន្ធនឹងការបង្កើតអាជីវកម្ម។

ហេតុដូច្នេះអាជីវកម្មអាចទទួលបានជោគជ័យ លុះត្រាតែមានការរៀបចំឱ្យមានផែនការអាជីវកម្មច្បាស់លាស់ ដើម្បីអនុវត្តទៅតាមផែនការនោះ ប៉ុន្តែប្រសិនបើគ្មានផែនការវិញ ប្រៀបដូចជាជិះទូកទៅមុខដោយគ្មានកោះត្រើយអ៊ីចឹង។ លើសពីនេះ បញ្ហាជាច្រើនមុខនឹងចូលមក ហើយពិបាកក្នុងការដោះស្រាយបញ្ហាទាំងនោះឱ្យទាន់ពេលវេលាខ្លាំងណាស់។

4. ខ្សោយផ្នែកបច្ចេកវិទ្យា

នៅក្នុងការធ្វើអាជីវកម្ម បើអ្នកខ្សោយផ្នែកបច្ចេកវិទ្យា នោះអាជីវកម្មនឹងគ្មានភាពជឿនលឿន និងកាន់តែចំណាយពេលច្រើន តែទទួលបានលទ្ធផលក៏បានតិច។

ហេតុអ្វី បច្ចេកវិទ្យា មានសារៈសំខាន់នៅក្នុងការធ្វើអាជីវកម្ម?
  • ជួយបង្កើនលុយ និងធ្វើឱ្យផលិតផលឬសេវាកម្មមានលទ្ធផលទៅកាន់អតិថិជនគោលដៅ
  • ជំនួយដល់ការរក្សាព័ត៌មានសំខាន់ៗរបស់បុគ្គលិក អតិថិជន និងឯកសារផ្សេងៗទៀត ឱ្យមានសុវត្ថិភាព ហើយងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងតម្រូវការចាំបាច់ណាមួយ
  • បង្កើនប្រសិទ្ធភាព ក្នុងការទំនាក់ទំនងជាមួយអតិថិជន
  • ធ្វើឱ្យប្រតិបត្តិការមានប្រសិទ្ធផលកាន់តែខ្ពស់
  • ជំនួយកាន់តែខ្លាំង លើការទាក់ទងជាមួយក្រុមការងារបានកាន់តែលឿន ទោះបីជា ស្ថិតនៅទីកន្លែងណាក៏ដោយ
  • អាចគ្រប់គ្រងព័ត៌មានសំខាន់ៗ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុ ដោយយើងអាចដាក់ពាក្យសម្ងាត់នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមួយណាដែលយើងប្រើប្រាស់ជាដើម
5. មិនស្គាល់ច្បាស់ពីប្រព័ន្ធច្បាប់អាជីវកម្ម

ប្រសិនបើអ្នក មានគោលបំណងចង់ធ្វើអាជីវកម្មមួយឱ្យកាន់តែល្អ និងអាចពង្រីកខ្លួនកាន់តែធំ ចូរស្គាល់ពីប្រព័ន្ធច្បាប់ដែលពាក់ព័ន្ធនឹងវិស័យដែលអ្នកកំពុងនឹងចាប់ផ្ដើមនោះឱ្យបានច្បាស់។ ប៉ុន្តែបើអ្នកមិនច្បាស់ បញ្ហាប្រឈមនាពេលខាងមុខ អ្នកនឹងត្រូវប្រឈមខ្លាំងជាមួយច្បាប់។