ហេតុអ្វីបានជាខ្ញុំចូលចិត្តធ្វើអ្វីមួយបានតែមួយឆាវៗបែបនេះ?

552

ឃើញគេគ្រប់គ្នាចូលចិត្តរកស៊ីណាស់ ហើយចំណេញច្រើនទៀត ខ្ញុំចង់ទៅរកស៊ីដូចគេដែរ ប៉ុន្តែមិនទាន់នឹងចាប់ផ្ដើមចេញជារូបរាងផង ក៏មានអារម្មណ៍ថាលែងចង់វិញ… ខ្ញុំឃើញគេរៀនចិនហើយចេះចិន ចេញមកធ្វើការបានប្រាក់ខែខ្ពស់ ខ្ញុំចង់ទៅរៀនចិនដូចគេដែរ ក្រែងលោហ៍បានប្រាក់ខែខ្ពស់នឹងគេ ប៉ុន្តែរៀនមិនទាន់បានកន្លះខែផងក៏ធុញលែងចង់រៀន ឈប់រៀនបាត់… អ្នកប្រហែលជាធ្លាប់ទទួលបាននូវអារម្មណ៍មួយឆាវៗនេះហើយ ដោយពេលខ្លះអ្នកនឹកឃើញចង់ធ្វើក៏ធ្វើភ្លាម នឹកឃើញចង់ឈប់ក៏ឈប់ភ្លាមដោយគ្មានភាពស្ទាក់ស្ទើរនៅក្នុងចិត្តទាល់តែសោះ។ តើវាបណ្ដាលមកពីមូលហេតុអ្វី?? តោះ! មកស្វែងយល់ពីមូលហេតុជាមួយពន្លកទាំងអស់គ្នា!

អ្នកចូលចិត្តធ្វើអ្វីក៏ដោយបានតែមួយសន្ទុះនៃចិត្តក៏ព្រោះតែ៖

១. អ្នកចូលចិត្តធ្វើអ្វីតាមគេ  ដែលវាមិនមែនជាអ្វីដែលអ្នកស្រលាញ់

Woman in White Dress Shirt Sitting on Chair

អ្នកឃើញគេធ្វើរឿងអ្វីមួយហើយទទួលបានជោគជ័យ ទទួលបានផលចំណេញឬលាភសក្ការៈពីរឿងទាំងនោះអ្នកក៏មានអារម្មណ៍ថា ចង់ធ្វើរឿងទាំងនោះដូចគេដែរ ចង់ពូកែដូចគេ ចង់ខ្លាំងដូចគេ ទាំងដែរខ្លួនឯងផ្ទាល់ហ្នឹងមិនមានជំនាញច្បាស់លាស់ គ្មានក្ដីស្រលាញ់ក៏ដូចជាមិនមានចំណង់ចំណូលចិត្តពិតប្រាកដទៅលើរឿងដែលអ្នកចង់ធ្វើតាមគេនោះ ដែលនេះហើយគឺជាមូលហេតុដែលអ្នកមិនអាចធ្វើរឿងអ្វីមួយបានយូរដូចគេ។ វាមិនខុសគ្នាពីការរៀនភាសាចិននោះទេ អ្នកខ្លះឃើញគេរៀនចិនចេះ ឃើញគេចេះនិយាយចិន ចេះបកប្រែចិន ហើយទទួលបានប្រាក់ខែច្រើន ក៏នឹកគិតក្នុងចិត្តថាចង់ទៅរៀនចិនដូចគេដែរ ក្រែងលោហ៍បានប្រាក់ខែច្រើនដូចគេ ប៉ុន្តែការគិតវាខុសពីភាពពិតជាក់ស្ដែង  ព្រោះអ្វីៗគ្រប់យ៉ាងវាមិនមែនស្រួលៗដូចជាអ្នកគិតនោះទេ គឺវាទាមទារឲ្យអ្នកមានការតាំងចិត្តខ្ពស់ មានភាពអំណត់អត់ធ្មត់ ការខិតខំព្យាយាមទើបធ្វើឲ្យអ្នកអាចទទួលបានលទ្ធផលល្អ និង អាចចេះនិយាយភាសាចិនបានល្អដូចអ្នកដទៃ។

ដូចនេះអ្នកគួរតែធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង មិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកដទៃ ទើបធ្វើឲ្យអ្នកអាចធ្វើវាបានយូរអង្វែង ព្រោះថាកិច្ចការទាំងឡាយដែលអ្នកស្រលាញ់អ្នកមិនអាចបោះបង់វាដោយងាយៗនោះទេ ទោះបីជាពិបាកឬនឿយហត់យ៉ាងណាក៏ដោយ។

២. ធ្វើភ្លាមចង់បានលទ្ធផលភ្លាម

Results, money, plant, profit, income concept. hand drawn businessman and growing income concept sketch.   illustration. Premium Vector

បើអ្នកទើបតែធ្វើកិច្ចការងារនោះកាលពីម្សិលមិញឬម្សិលម្ង៉ៃសោះ រួចអ្នកចង់បានលិទ្ធផលនោះចេញមកភ្លាមៗ វាម៉េចនឹងអាចទៅរួច? វាមិនដូចពេលដែលអ្នកញ៉ាំបាយហើយឆ្អែតឯណា។ ដូចជាពេលដែលអ្នកចង់បើកអាជីវកម្មខ្លួនឯង អ្នកចង់ទៅរៀនភាសាចិន ឬទៅរៀនជំនាញណាផ្សេងទៀតអញ្ចឹង គឺអ្នកមិនអាចចំណាយពេលមួយថ្ងៃឬពីរថ្ងៃឬមួយសប្ដាហ៍អី អាចធ្វើឲ្យការរកស៊ីរបស់អ្នករីកចម្រើនភ្លាមៗ មានអតិថិជនគាំទ្រច្រើន អាចនិយាយភាសាចិនរ៉ាវ ឬអាចប្រើប្រាស់ជំនាញដែលអ្នកទើបតែរៀននោះទៅរកប្រាក់ចំណូលនោះទេ គឺវាស្ទើរតែមិនអាចទៅរួច។ ដូចនេះហើយទើបវាទាមទារឲ្យអ្នកមានការអត់ធ្មត់ ទទូចជាមួយនឹងការងារទាំងនោះ ព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលា។ មួយវិញទៀត កុំដោយសារតែភាពបរាជ័យបន្តិចបន្តួច រួចបោះបង់ការងារទាំងនោះចោលឲ្យសោះ ព្រោះអ្វីគ្រប់យ៉ាងមិនអាចទៅមុខរលូនរហូតដូចដែលយើងគិតនោះទេ ហើយវាក៏មិនសាកសមនឹងពេលវេលាដែលអ្នកខំចំណាយទៅលើវា។

៣. ខ្វល់ខ្វាយពីសម្ដីអ្នកដទៃខ្លាំងពេក

មូលហេតុចុងក្រោយដែលធ្វើឲ្យអ្នកធ្វើរឿងហ្នឹងបានតែមួយឆាវៗ គឺដោយសារតែ អ្នកខ្វល់ខ្វាយពីសម្ដីអ្នកដទៃដែលបាននិយាយមកលើអ្នកខ្លាំងពេក។

ធ្វើរឿងហ្នឹងធ្វើអ្វី បានអ្វីមកវិញ? គេណ៎ពូកែជាងឯង មានចំណេះដឹងច្រើនជាងឯង គេធ្វើមិនទាន់នឹងបានផង ចុះទម្រាំតែឯង? ចំណាយពេលឥតប្រយោជន៍ គ្មានឃើញលទ្ធផលអ្វីជាដុំកំភួនផង ជឿយើងទៅ ឈប់ធ្វើទៅ!

ពេលខ្លះអ្នកអាចនឹងបោះបង់ការងារឬរឿងណាមួយដែលអ្នកកំពុងតែធ្វើដោយសារតែពាក្យសម្ដីបង្អាក់ទឹកចិត្តរបស់អ្នកដទៃ ក៏ដូចជាពាក្យរិះគន់របស់ពួកគេ ព្រោះអ្នកមើលពីភាពពិតជាក់ស្ដែងគឺវាពិតដូចជាអ្វីដែលគេនិយាយអញ្ចឹងមែន គឺថាអ្វីដែលអ្នកកំពុងតែធ្វើនោះវាមិនទាន់ចេញជារូបរាងឲ្យអ្នកឃើញនៅឡើយទេ ដូចនេះហើយទើបធ្វើឲ្យអ្នកចង់បោះបង់វាទាំងចិត្តមិនដាច់អាល័យ។ជាក់ស្ដែង ចិត្តអ្នកចង់រៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មទេ តែក្រុមគ្រួសារបដិសេដ ដោយចង់ឲ្យអ្នកទៅប្រឡងគ្រូវិញស្រួលជាង បានប្រាក់ខែរដ្ឋរាល់ខែ អត់ចាំបាច់ខ្វល់ខ្វាយច្រើន តើអ្នកគួរតែធ្វើបែបណា? ធ្វើតាមគាត់ឬចង់បំពេញក្ដីស្រមៃខ្លួនឯង?

ចំពោះអ្នកខ្លះបើសិនជាគាត់ពិតជាស្រលាញ់នូវជំនាញគ្រប់គ្រងអាជីវកម្មនឹងមែន ទោះបីជាអ្នកដទៃនិយាយពេបជ្រាយ និយាយរិះគន់បែបណាក៏ដោយក៏គាត់ត្រូវតែរៀនជំនាញមួយនេះឲ្យទាល់តែបាន ប៉ុន្តែបើសិនជាគាត់នៅមានចិត្តរេរា មិនមានគោលដៅច្បាស់លាស់ មិនដឹងថាចាប់យកជំនាញណាឲ្យប្រាកដនោះទេ នោះចិត្តពួកគេនឹងទោរទន់ទៅតាមពាក្យសម្ដីរបស់ក្រុមគ្រួសារពួកគាត់ជាមិនខាន រួចបោះបង់ជំនាញដែលគាត់គិតថាចង់រៀននោះតែម្ដង។

ដូចនេះហើយបើអ្នកគិតថា អ្នកពេញចិត្តការងារនោះ ស្រលាញ់ជំនាញមួយនេះ អ្នកអាចធ្វើបាន អាចធ្វើឲ្យចេញជារូបរាងពិតប្រាកដបានមែន អ្នកបន្តធ្វើវាចុះ កុំយកពាក្យសម្ដីដទៃមកទុកក្នុងចិត្តច្រើនពេក ពាក្យសម្ដីណាល្អទុក ពាក្យសម្ដីណាមិនល្អបោះវាចោលទៅ ហើយបើសិនជាមិនមានអ្នកណាលើកទឹកចិត្តអ្នកទេ អ្នកត្រូវលើកទឹកចិត្តខ្លួនឯងឲ្យខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីបង្ហាញឲ្យខ្លួនឯងនិងអ្នកដទៃបានឃើញថា អ្នកពិតជាអាចធ្វើបាន។

៤. គ្មានគោលដៅច្បាស់លាស់

អ្នកនឹងធ្វើរឿងនោះបានតែមួយឆាវ បើសិនជាអ្នកមិនមានគោលដៅច្បាស់លាស់ គឺដោយសារតែ អ្នកខ្លួនឯងមិនដឹងថាធ្វើរឿងទាំងនោះទៅបានអ្វីមកវិញនោះឯង ហើយអារម្មណ៍ដែលចង់ធ្វើរបស់អ្នកនោះនឹងសាបរលាបទៅវិញ។ ដូចនេះអ្នកត្រូវកំណត់គោលដៅជាក់លាក់ឲ្យខ្លួនឯង បើសិនជាអ្នកមិនចង់ធ្វើអ្វីបានតែមួយសន្ទុះនៃចិត្តរបស់អ្នក។

រូបភាពពី៖ freepik