ហេតុអ្វីបានជាជីវិតរបស់អ្នកពោរពេញទៅដោយភាពស្មុគស្មាញបែបនេះ?

263

ខាងក្រោមនេះគឺជាមូលហេតុដ៏សំខាន់ ហើយក៏ជាសកម្មភាពដែលអ្នកតែងតែធ្វើជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យជីវិតអ្នកស្មុគស្មាញបែបនេះ៖

១. គិតតែពីរឿងស្មុគស្មាញ បន្ថែមសម្ពាធលើខ្លួនឯងខ្លាំងពេក

Man Wearing Eyeglasses Inside the Car

ការពិតទៅជីវិតរបស់យើងគឺសាមញ្ញទេ តែយើងទេដែលតែងតែធ្វើឲ្យវាក្លាយទៅជារឿងមួយដ៏ស្មុគស្មាញពិបាកក្នុងការដោះស្រាយ។ ហើយមួយវិញទៀតបើមួយថ្ងៃៗអ្នកគិតតែដើរប្រមូលយកបញ្ហា និងភាពស្មុគស្មាញទាំងនោះ(ពាក្យសម្ដីមិនល្អរបស់អ្នកដទៃ, ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ, គិតរឿងអវិជ្ជមាន…) យកមកដាក់ក្នុងជីវិតរបស់អ្នក តើអ្នកអាចនឹងធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រងបានយ៉ាងដូចម្ដេចទៅ?? ទទួលស្គាល់ថានរណាៗក៏មានបញ្ហាដែរ ប៉ុន្តែហេតុអ្វីបានជាអ្នកអនុញ្ញាតិឲ្យបញ្ហា និង ភាពស្មុគស្មាញទាំងអស់នោះមកគ្រប់គ្រងលើអ្នក និង ដណ្ដើមយកសេចក្ដីសុខរបស់អ្នកជារៀងរាល់ថ្ងៃ បែបនេះ?? ចុះហេតុអ្វីបានជាអ្នកមិនព្រមរៀនគ្រប់គ្រង និងធ្វើជាម្ចាស់នៃភាពស្មុគស្មាញទាំងនោះដោយខ្លួនឯង??(វាជារឿងមួយដែលពិបាក ប៉ុន្តែយើងអាចធ្វើវាម្ដងបន្តិចៗ យូរៗទៅអ្នកនឹងអាចគ្រប់គ្រងវាបាន)។

ដូចនេះដើម្បីធ្វើឲ្យជីវិតរបស់អ្នកពោរពេញទៅដោយភាពរីករាយ និងជីវិតស្រស់បំព្រង អ្នកគប្បីទម្លាក់ចោលនូវបញ្ហាណាដែលមិនសំខាន់ចោល ហើយក៏កុំដើរប្រមូលយកភាពស្មុគស្មាញទាំងនោះមកឲ្យជីវិតទៀតអី។

២. ព្រួយបារម្ភគ្រប់រឿង

រឿងអ្វីក៏ព្រួយដែរ មួយថ្ងៃៗគិតតែពីព្រួយនេះព្រួយនោះ ព្រួយខ្លាចធ្វើទៅមិនជោគជ័យ ខ្លាចគេស្ដីឲ្យ ខ្លាចគេមិនស្រលាញ់ ខ្លាចគេមិនយកចិត្តទុកដាក់ជាមួយខ្លួន ព្រួយខ្លាចគ្មានការងារធ្វើ ឬប្រឡងមិនជាប់…ជាដើម ប៉ុន្តែមិនព្យាយាមធ្វើ មិនព្យាយាមសាកល្បងទេ ព្យាយាមតែព្រួយ!! បើអ្នកគិតតែបែបនេះតើឲ្យជីវិតរបស់អ្នករីករាយដូចគេម្ដេចនឹងបានទៅ??

ដូចនេះបើសិនជាអ្នកទម្លាប់ឲ្យខ្លួនឯងព្រួយគ្រប់រឿងបែបនេះ អ្នកនឹងក្លាយទៅជាមួយម្នាក់ដែលរស់នៅជាមួយនឹងភាពភ័យខ្លាច និង ក្ដីព្រួយបារម្ភនេះជារៀងរហូត។

៣. ចង់ចាត់ចែង និង គ្រប់គ្រងរឿងទាំងអស់តែម្នាក់ឯង

Woman Sitting in Front of Macbook

មនុស្សភាគច្រើនតែងតែគិតថា បើខ្ញុំទម្លាក់កិច្ចការទាំងនេះទៅឲ្យអ្នកដទៃធ្វើ តិចពួកគេធ្វើមិនបាន ធ្វើមិនល្អដូចអ្វីដែលខ្ញុំចង់បានទៅ! បន្ទាប់មកពួកគេក៏សម្រេចចិត្តថានឹងយកកិច្ចការ រឿងរ៉ាវ និងបញ្ហាទាំងនោះមកអោបទុកដោះស្រាយ និង ធ្វើវាដោយខ្លួនឯង។ ហេតុអ្វី?? គឺដោយសារតែពួកគេគិតថា អ្នកដទៃមិនល្អ មិនពូកែដូចខ្លួននេះឯង ទើបព្រមប្រមូលយករឿងរ៉ាវទាំងប៉ុន្មានមកធ្វើដោយខ្លួនឯងបែបនេះ។

បើសិនជាអ្នកនៅតែគិតថាអ្នកដទៃមិនមានសមត្ថភាពដូចខ្លួន នោះអ្នកនឹងត្រូវទទួលរ៉ាប់រងបញ្ហាទាំងឡាយដែលកើតមានឡើងតែម្នាក់ឯងជាមិនខាន ហើយពេលនោះជីវិតរបស់អ្នកនឹងពោរពេញទៅដោយបញ្ហាៗៗគ្រប់កន្លែង ជាពិសេសនោះគឺពោរពេញទៅដោយភាពស្មុគស្មាញនេះតែម្ដង ដោយតែអ្នកត្រូវប្រើខួរក្បាលគិតគិតរហូត។

ដូចនេះបើសិនជាអ្នកមិនចង់ឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញពេកទេ អ្នកគួរតែកុំព្យាយាមយករឿងរ៉ាវទាំងអស់មករ៉ាប់រងដោយខ្លួនឯងពេកអី។ រៀនចែករំលែកចំណេះដឹងរបស់អ្នក ទៅកាន់អ្នកដទៃដើម្បីឲ្យពួកគេអាចជួយកិច្ចការងារអ្នកបានខ្លះ ហើយពេលនោះជីវិតរបស់អ្នកនឹងមានភាពធូរស្បើយជាងមុន។

៤. ឃុំខ្លួនឯងនៅក្នុងជីវិតដ្រាម៉ា

Person in Gray Hoodie Holding Beer

អ្វីដែលធ្វើឲ្យជីវិតរបស់អ្នកចេះតែកើតទុក្ខ ចេះតែព្រួយបារម្ភ និង ចេះតែស្មុគស្មាញនោះគឺ ការរស់នៅក្នុងភាពដ្រាម៉ាច្រើនពេក ដែលជាហេតុធ្វើឲ្យអារម្មណ៍របស់អ្នកមានទំនោរទៅតាមនោះដែរ។

ជារួមដើម្បីកាត់បន្ថយភាពស្មុគស្មាញនៅក្នុងជីវិតរបស់អ្នក អ្នកគួរតែឈប់ប្រមូលយកបញ្ហាមកឲ្យជីវិត ឈប់រ៉ាប់រងអ្វីតែម្នាក់ឯង ឈប់រស់នៅក្នុងជីវិតដ្រាម៉ា និង ឈប់ព្រួយរឿងដែលមិនគួរព្រួយតទៅទៀត។

Picture : Pexels