មនុស្សដែលអ្នកស្គាល់គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នកក្នុងអាជីព

788

ក្នុងពិភព​ធុរកិច្ច ក្រៅពីរៀនអំពីចំណេះ​ជំនាញ និងការគ្រប់គ្រងដឹកនាំ​ឱ្យមានប្រសិទ្ធភាព​ខ្ពស់នោះ មានរឿងមួយដ៏សំខាន់ និង​ជាចំណែកដ៏ធំមួយសម្រាប់ភាពជោគជ័យ​នោះគឺ ការពង្រីក​បណ្តាញទំនាក់ទំនងឱ្យបានធំ។ ការស្គាល់មនុស្សកាន់តែច្រើន និងរក្សាទំនាក់ទំនងបានល្អ ទាំងក្នុងនិងក្រៅរោងចក្រឧស្សាហកម្មរបស់អ្នក គឺជាការវិនិយោគ នូវពេលវេលា និងកម្លាំងថាមពលដ៏ល្អបំផុត សម្រាប់អ្នក។ស្គាល់មនុស្សដែលមានផ្នត់គំនិតវិជ្ជមាន ល្អ និង ត្រឹមត្រូវ ជាមួយនឹងទំនាក់ទំនងមួយដែលត្រឹមត្រូវ គឺជាវិធីមួយដ៏ល្អបំផុតក្នុងការបង្កើតតម្លៃសម្រាប់អាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចពង្រីកនូវបណ្ដាញវិជ្ជាជីវៈរបស់អ្នកបាន៖

 ១​ បង្កើន និង បណ្ដុះទំនាក់ទំនងឲ្យបានល្អ

មុនពេលដែលអ្នកចង់ពង្រីកនូវបណ្ដាញទំនាក់ទំនងរបស់អ្នក ចូរអ្នកធ្វើជាមនុស្សដែលផ្ដល់ ផ្ដល់នូវការជួយដល់មនុស្សដែលអ្នកស្គាល់សិន។បណ្ដាញមិនមែនគ្រាន់តែជាបណ្ដុំនៃកាតអាជីវកម្មប៉ុណ្ណោះទេ។មនុស្សភាគច្រើនចូលចិត្តធ្វើការ ធ្វើអាជីវកម្ម និងធ្វើអ្វីផ្សេងៗទៀត ទៅតាមការចូលចិត្តនិងភាពជឿជាក់ចំពោះអ្នកដែលធ្លាប់ស្គាល់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិន​កសាងនូវទំនាក់ទំនងដែលពិតប្រាកដមួយទេ អ្នកប្រាកដជាមិនមាន​ទំនាក់ទំនងដ៏រឹងមាំជាមួយនឹងអ្នកដ៏ទៃឡើយ។យ៉ាងណាមិញវាក៏មិនមានវិធីកាត់ក្នុងការកសាងទំនាក់ទំនងនោះទេ ពោលគឺអ្នកត្រូវចំណាយពេលដើម្បីស្វែងយល់ពីពួកគេ ហើយក៏ដើម្បីឲ្យពួកគេស្គាល់អ្នកវិញដែរ។

២ ដំបូងផ្ដល់ឲ្យ បន្ទាប់មកចាំសួរតាមក្រោយ

មុនពេលដែលអ្នកចាប់ផ្ដើមប្រើយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ចេញពីបណ្ដាញរប​ស់អ្នក សូមផ្ដោតទៅលើអ្វីដែលអ្នកអាចផ្ដល់ឲ្យ។ ស្វែងរកឱកាសដើម្បីផ្ដល់ជំនួយឬជំនាញនៅក្នុងតំបន់ណាមួយដែលអ្នកដឹង។ ទាំងនេះមិនចាំបាច់ជារឿងធំឬរឿងដែលទាក់ទងដោយផ្ទាល់ទៅនឹងជំនួញនោះទេ។ ឧទាហរណ៍ដូចជា ប្រសិនបើអ្នកឮនរណាម្នាក់កំពុងធ្វើដំណើរទៅទីក្រុងដែលអ្នកស្គាល់ច្បាស់ ចូរអ្នកផ្ដល់នូវដំបូន្មានមួយចំនួន ឬក៏ណែនាំនូវទីកន្លែងស្នាក់នៅ ឬក៏ភោជនីយដ្ឋានមួយចំនួនដែលល្បីឈ្មោះនៅទីនោះទៅកាន់ពួកគេ។ទាំងនេះគឺជាវិធីសាស្រ្តក្នុងការបង្កើនទំនាក់ទំនងរបស់អ្នកឲ្យកាន់តែមានភាពស្និទ្ធស្នាល និងមានទំនុកចិត្ត។

៣ បង្កើននូវការភ្ជាប់ទំនាក់ទំនងខ្សែបន្ទាត់ទី២របស់អ្នក

ក៏ព្រោះតែអ្នកមិនអាចរកនរណាម្នាក់ភ្លាមៗមកជួយអ្នកនៅពេលដែលអ្នកត្រូវការ ដូច្នេះអ្នកមិនត្រូវអស់សង្ឃឹម ឬមួយក៏បោះបង់ចោលនោះទេ។ ស្វែងរកនរណាម្នាក់ដែលទំនងជាស្គាល់នរណាម្នាក់ផ្សេង ដែលអាចជួយអ្នក និងអាចពឹងពាក់បាន។ ធ្វើបែបនេះអ្នកនឹងស្គាល់មនុស្សបានកាន់តែច្រើន ពោលគឺស្គាល់ទាំងមិត្តអ្នក និងមិត្តរបស់មិត្តអ្នកជាច្រើនទៀត។

៤ ស្វែងរកមើលនូវទំនាក់ទំនងដែលនៅមិនទាន់ស្គាល់ច្បាស់

បញ្ហាប្រឈមមួយក្នុងការបង្កើតបណ្ដាញធំទូលាយគឺថា អ្នកធ្វើទំនាក់ទំនងតែជាមួយអ្នក ដែលអ្នកធ្លាប់ស្គាល់តែប៉ុណ្ណោះ ហើយអ្នកស្គាល់គឺសុទ្ធតែស្គាល់គ្នា ដែលជាហេតុធ្វើឲ្យបណ្ដាញទំនាក់ទំនងរបស់អ្នកវិលវល់តែក្នុងរង្វង់តែមួយ។ គន្លឹះសំខាន់ដើម្បីស្វែងរកទំនាក់ទំនងកំណត់រកមើលដៃគូរទំនាក់ទំនដែលអ្នកមិនទាន់ស្គាល់ច្បាស់ ហើយពួកគាត់គឺមាន​រង្វង់បណ្តាញទំនាក់ទំនង​ផ្សេងទៀត ដែលអាចឱ្យអ្នកស្គាល់មនុស្សថ្មីៗ ដើម្បីពង្រីកបណ្ដាញរបស់អ្នកឲ្យកាន់តែធំ ទាំងក្នុងនិងក្រៅរង្វង់។ កាលណាដែលអ្នកមានបណ្ដាញច្រើននោះអ្នកនឹងមានព័ត៌មាននិងចំណេះដឹងច្រើនផងដែរ។

៥ ទំនាក់ទំនងទៀងទាត់

ទំនាក់ទំនងទៀងទាត់មានន័យថាអ្នកតែងតែធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញអ្នកជានិច្ចមិនដែលខកខានឡើយ។ ហើយអ្វីដែលលំបាកបំផុតដើម្បីអភិវឌ្ឍទំនាក់ទំនងមួយឲ្យប្រសើរ គឺត្រូវចំណាយពេលយ៉ាងយូរ ជាច្រើនខែ ច្រើនឆ្នាំ និងត្រូវវិនិយោគអស់ជាច្រើនដើម្បីរក្សាវាឲ្យស្ថិតស្ថេរ ដូចនេះយើងម្នាក់ៗត្រូវចេះអត់ឱន និង អត់ធ្មត់ចំពោះគ្នាទៅវិញទៅមកទើប វាមិនសាបសូន្យ។

ការស្គាល់មនុស្សកាន់តែច្រើន និងរក្សាទំនាក់ទំនងបានល្អ ទាំងក្នុងនិងក្រៅរោងចក្រឧស្សាហកម្មរបស់អ្នក គឺជាការវិនិយោគ នូវពេលវេលា និងកម្លាំងថាមពលដ៏ល្អបំផុត សម្រាប់អ្នក។ស្គាល់មនុស្សដែលមានផ្នត់គំនិតវិជ្ជមាន ល្អ និង ត្រឹមត្រូវ ជាមួយនឹងទំនាក់ទំនងមួយដែលត្រឹមត្រូវ គឺជាវិធីមួយដ៏ល្អបំផុតក្នុងការបង្កើតតម្លៃសម្រាប់អាជីវកម្មរបស់អ្នក។