៣សំណួរដែលអ្នកគួរតែសួរខ្លួនឯង នៅពេលដែលអ្នកមិនដឹងថាត្រូវធ្វើអ្វីឲ្យប្រាកដ (វង្វេងគោលដៅ)

218
3សំណួរដែលអ្នកត្រូវសួរខ្លួនឯងនៅពេលអ្នកវង្វេងគោលដៅ

ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឆ្លងកាត់នូវអារម្មណ៍ ដែលថាមិនដឹងថាត្រូវធ្វើអ្វីបន្តនេះជាក់ជាមិនខាន។ អារម្មណ៍បែបនេះតែងតែកើតមានឡើងនៅពេលដែលយើងបានសម្រេចជ្រើសរើសអ្វីមួយដែលមិនមែនជាចំណង់ចំណូលចិត្តរបស់យើង ឬមួយអាចមកពី ការណ៍ដែលយើងមិនអាចសម្រេចកិច្ចការដែលអ្នកចង់ធ្វើជាដើម ដែលជាហេតុធ្វើឲ្យក្នុងខ្លួនរបស់អ្នកចេះតែវីវល់ ពិបាកចិត្ត និងមិនដឹងធ្វើអ្វីបន្ត។ សំណួរទាំង៣ខាងក្រោមនេះនឹងចូលរួមចំណែកក្នុងការកាត់បន្ថយអារម្មណ៍ស្រពិចស្រពិលរបស់អ្នកបាន!

១. តើអ្វីដែលខ្ញុំងប់ងល់នឹងធ្វើវាជាងគេ

២. តើក្ដីស្រមៃរបស់ខ្ញុំមានរូបរាងបែបណា?

៣. តើការងារណាមួយដែលសាកសមនឹងខ្ញុំជាងគេ?

Photo of Woman in Yellow Shirt Thinking Deeply

ប្រសិនបើអ្នកឧស្សាហ៍ជួបជាមួយនឹងអារម្មណ៍មិនប្រាកដជាបែបនេះអ្នកគួរតែព្យាយាមសួរសំណួរមួយនេះមកកាន់ខ្លួនឯងឲ្យបានញឹកញាប់ថាតើរាល់ថ្ងៃនេះខ្ញុំចូលចិត្តធ្វើអ្វីជាងគេ ខ្ញុំចង់សម្រេចកិច្ចការណាខ្លះ ហើយតើកិច្ចការងារណាមួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ និងរំភើបនៅពេលដែលខ្ញុំបានធ្វើវា?

ពេលនោះអ្នកអាចនឹងរកឃើញអំពីចំណង់ចំណូលចិត្តរបស់អ្នកបានខ្លះៗជាមិនខាន និងអាចបន្តធ្វើកិច្ចការទាំងនោះម្ដងទៀតជាមួយនឹងគោលដៅមួយដ៏ជាក់លាក់។

ឧទាហរណ៍ថាអ្នកបានសម្រេចចិត្តជ្រើសរើសរៀនជំនាញA ឬជំនាញណាមួយផ្សេងទៀត ដែលជាជំនាញមួយកំពុងតែមានការពេញនិយម និងអាចទទួលបានប្រាក់ខែច្រើន  ប៉ុន្តែអ្នកក៏សម្រេចចិត្តបោះបង់ការរៀននូវជំនាញនោះពាក់កណ្ដាលទី ដោយផ្លាស់ប្ដូរទិសដៅនិងគោលដៅរបស់អ្នកទៅរៀនជំនាញមួយផ្សេងទៀតទៅវិញ។

មែនទែនទៅ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកសម្រេចចិត្តបោះបង់បែបនេះ? អាចមកពីអ្នកខ្លួនឯងមិនច្បាស់ថាចំណង់ចំណូលចិត្តរបស់ខ្លួនឯងជាអ្វី? ឬអាចមកពីបរិយាកាសជុំវិញអ្នក?

ចម្លើយប្រាកដជាដោយសារតែអ្នកមិនមានចំណង់ចំណូលចិត្ត អ្នកមិនចូលចូលការណ៍ដែលមានសម្ពាធខ្លាំង ឬអាចនិយាយបានថា អ្នកមិនមានទេពកោសល្យទៅលើការរៀនជំនាញមួយនេះ  ដែលជាហេតុធ្វើឲ្យអ្នកមិនដឹងថាគួរតែបន្តរៀនជំនាញនេះ ឬមួយក៏ត្រូវផ្លាស់ប្ដូរទៅរៀនអ្វីថ្មីទៀត។ ចំណែកឯការងារវិញក៏មិនខុសគ្នាដែរ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តឈ្វេងយល់អ្វីដែលថ្មីៗ ចូលចិត្តការងារដែលប្រើគំនិតគិតជាយុទ្ធសាស្ត្រ ចូលចិត្តបែបការងាររស់រវើក មានសកម្មភាពច្រើន និងចូលចិត្តការងារដែលមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ប៉ុន្តែអ្នកបែរជាទទួលបានការងារមួយដែលអង្គុយតែមួយកន្លែង ធ្វើតែការងារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ជាការងារដែលអ្នកមិនចូលចិត្ត ជាពិសេសនោះមើលទៅការងារបច្ចុប្បន្នរបស់អ្នកហាក់ដូចជាមិនមានអ្វីដែលថ្មី អាចប្រកួតជែងសមត្ថភាពខ្លួនឯង ឬអាចអភិវឌ្ឍន៍ខ្លួនឯងបានទាល់តែសោះ នោះអ្នកប្រាកដជាជួបស្ថានភាពមួយដោយ អ្នកខ្លួនឯងផ្ទាល់មិនដឹងថាត្រូវធ្វើអ្វីបន្តជាមិនខាន ហើយចេះតែមានអារម្មណ៍រសាប់រសល់មិនដឹងថាគួរធ្វើអ្វីជាដើម ដែលជាក់ស្ដែងនេះគឺអ្នកត្រូវបង្ហើយកិច្ចការច្រើនមែនទែន។

Person Holding Smartphone while using Laptop

ដូចនេះដើម្បីកាត់បន្ថយនូវអារម្មណ៍មិនច្បាស់លាស់ អារម្មណ៍ដែលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីបន្ត អ្នកត្រូវឧស្សាហ៍តាមដានរាល់ការគិតក៏ដូចជាសកម្មភាពរបស់អ្នក ព្រមទាំងឧស្សាហ៍សួរសំណួរទាំង៣ខាងលើនេះ ដើម្បីពញ្ញាក់ស្មារតីរបស់អ្នកឲ្យរឹងប៉ឹង និងនឹងធឹងជាងមុន ជាពិសេសនោះបើអាចអ្នកគួរតែព្យាយាមចូលប្រឡូកការងារឲ្យបានច្រើនមុខ ដើម្បីវាស់ស្ទង់ពីសមត្ថភាព និងអាចដឹងអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការកើតមាននូវអារម្មណ៍មិនច្បាស់លាស់ វង្វេងគោលដៅ។