៥យ៉ាងដែលវីរុសកូរូណាកំពុងផ្លាស់ប្តូររបៀបដែលប្រទេសចិនប្រើប្រាស់បច្ចេកវិទ្យា

1501

​​ការផ្ទុះឡើងនៃវីរុសឆ្លងកូរូណា(Corona Virus)នៅប្រទេសចិនបានធ្វើឲ្យមនុស្សរាប់លាននាក់ជាប់ឃុំនៅក្នុងផ្ទះដែលជាហេតុបង្កការបំផ្លិចបំផ្លាញដល់ឧស្សាហកម្មជាច្រើនហើយអាចប៉ះពាល់ដល់សេដ្ឋកិច្ចចិនក្នុងរយៈពេលយូរ។​ ក្នុងស្ថានភាពដ៏អាក្រក់នេះ មនុស្សម្នាលែងហ៊ានចេញមកខាងក្រៅដោយខ្លាចរអានឹងជម្ងឺកូរូណានេះ ហើយវាក៏បានផ្លាស់ប្តូររបៀបដែលមនុស្សប្រើបច្ចេកវិទ្យាដែរ។ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវតែបង្ខំខ្លួនស្វែងរកគំនិតថ្មីៗដើម្បីបញ្ជៀសនូវបញ្ហារាំងស្ទះទាំងនេះដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ពួកគេ។ហើយនេះគឺជាការផ្លាស់ប្តូរមួយដ៏ធំបំផុតនៅក្នុងបច្ចេកវិទ្យាចិនក្នុងរយៈពេលមួយខែចុងក្រោយនេះ។

១ ការដឹកជញ្ជូនម្ហូបដោយមិនប្រាស្រ័យទាក់ទងនឹងអ្នកដឹកជញ្ចូន

ដោយសារតែមនុស្សជាប់គាំងនៅក្នុងផ្ទះក្នុងរយៈពេលយូរ ហើយខ្លាចការផ្គត់ផ្គង់ស្បៀងមិនគ្រប់គ្រាន់ ពួកគេត្រូវទៅទិញនិងដឹកជញ្ជូនទំនិញមកស្តុកទុកដោយខ្លួនឯង។ កំឡុងពេលដែលផ្ទុះវិរុសកូរូណាដែលកាចសាហាវមួយនេះឡើងមក តម្រូវការនៃការប្រើប្រាស់ទំនិញបានកើនឡើងយ៉ាងគំហុក ប្រជាជនចិនម្នាក់ៗនាំគ្នាស្រវ៉ាស្រទិញទំនិញទុកប្រើគ្រប់ៗគ្នា។ក្នុងនោះ ម៉ាស់គឺជាផលិតផលដែលប្រជាជនមានតម្រូវការច្រើនបំផុត ព្រោះវាអាចជួយបង្ការក្នុងការឆ្លងមេរោគនេះពីម្នាក់ទៅម្នាក់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​កម្ម៉ង់អាហារម៉ីធាន់ (Meituan) ដែលប្រហាក់ប្រហែលនឹងញ៉ាំ២៤នៅកម្ពុជាដែលនោះបានចាប់ផ្តើម​សេវាកម្មបែបថ្មីរបស់ខ្លួន​គឺ​ការដឹកជញ្ជូនម្ហូបដោយមិនជួបផ្ទាល់ជាមួយនឹងដឹកជញ្ជូន គឺមានន័យថា អតិថិជននឹងមិនជួបអ្នកដឹកជញ្ជូនផ្ទាល់ទេ គឺ​ទម្លាក់ម្ហូបដែលពួកគេបានកម្ម៉ង់នៅកន្លែងណាមួយដើម្បីឱ្យអតិថិជនទៅយកខ្លួនឯង។ ក្រុមហ៊ុនក៏បានតម្លើងទូដាក់ម្ហូបអាហារនៅតាមមន្ទីរពេទ្យសម្រាប់មន្ត្រីពេទ្យ​នៅទីក្រុងអ៊ូហានផងដែរ។

សប្តាហ៍នេះ ក្រុមហ៊ុន KFC Pizza Hutក៏ចាប់ផ្តើម​ផ្តល់សេវាកម្ម​ដឹកជញ្ចូនបែបនេះផងដែរ។ ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុនលក់តាមអនឡាញមួយចំនួនទៀតក៏ចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ចូនដែលមិនជួបមុខគ្នាផងដែរ បើយោងតាម​ក្រសួងពាណិជ្ជកម្មចិន។

២ ថ្នាក់រៀនតាមអ៊ីនធើណេត

ជាធម្មតាសិស្ស និស្សិត ត្រូវតែទៅរៀននៅឯសាលាព្រោះវាមានផាសសុខភាពជាងរៀននៅផ្ទះ ប៉ុន្តែបើយើងស្រម៉ៃទៅលើការរៀនរបស់សិស្ស និស្សិតចិនវិញយ៉ាងមិចដែរ ពោលគឺ ពួកគេត្រូវបង្ខំខ្លួនឈប់ទៅរៀននៅសាលាមួយរយៈដើម្បីជៀសវាងការឆ្លងវីរុសកូរូណាពីមជ្ឈដ្ឋានខាងក្រៅ។ដូច្នេះតើពួកគេរៀននៅឯណាទៅវិញបើពួកគេមិនហ៊ានទៅសាលាផងនោះ? ពួកគេបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀនសូត្រ និង ទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈ បណ្តាញសង្គមYouTube ហើយវាក៏ផ្តល់ផលងាយស្រួលទៅដល់សិស្ស និស្សិតផងដែរ ដោយពួកគេមិនចាំបាច់ចំណាយពេលទៅសាលារៀន ជាពិសេសកាត់បន្ថយនូវការឆ្លងនូវវីរុសដ៏កាចសាហាវនេះផងដែរ។ម្យ៉ាងទៀតក៏មានក្រុមហ៊ុនអប់រំតាមអ៊ីនធើណេតផ្សេងទៀតក៏បានផ្ដល់ជូនថ្នាក់រៀនដោយឥតគិតថ្លៃក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺនេះផងដែររួមមាន ក្រុម New Oriental Group ជាក្រុមហ៊ុនអប់រំឯកជនធំជាងគេនៅក្នុងប្រទេសចិន និងការយកចិត្តទុកដាក់លើការសិក្សាភាសាអង់គ្លេស(VIPKid)។ ជាពិសេសខណៈពេលដែលក្លឹបហាត់ប្រាណត្រូវបានបិទ ដោយសារតែវីរុសកូរូណានេះ​ បានធ្វើឲ្យ ក្លឹបហាត់ប្រាណបង្កើតកម្មវិធីថ្មីមួយរៀនតាមវីឌីអូដូចជានៅលើបណ្តាញសង្គមតូវអ៊ីន (Douyin) ដែលខ្មែរយើងស្គាល់ថាទីកតុក(Tik Tok)។

៣ ការមើលកុនតាមអនឡាញ ជំនួសឲ្យការទៅរោងកុន

ឥលូវនេះប្រជាជនចិននាំគ្នាផ្លាស់ប្តូរមកមើលរឿងកុន​ដែលជាទូទៅត្រូវដាក់បញ្ចាំងនៅក្នុងរោងភាពយន្តតាមរយៈ​អនឡាញវិញ​ដូចជា​តាម iQiyi, Tencent Video, Baidu Video(ដែលវាប្រហាក់ប្រហែលនឹងYoutube ឬNetflix ហើយស្ថាប័នទាំងនេះបានទិញសិទ្ធចាក់បញ្ចាំងកុនថ្មីៗនៅពេលដែលមានការវាយលុកពីវីរុស ដាក់បញ្ចាំងតាមអនឡាញវិញ)ជាដើម ជំនួសឱ្យការចំណាយពេលនិងលុយទៅមើលរឿងនៅឯរោងកុន ព្រោះការមើលរឿននៅលើបណ្តាញទាំងនោះវាជួយកាត់បន្ថយការជួបមុខគ្នាជៀសវាងការឆ្លងរាលដាលនូវវីរុសកូរូណានេះផងដែរ ហើយវាថែមតែផ្ដល់នូវផាសសុខភាពទៀតផង។

៤​​ ការប្រើប្រាស់បច្ចេកវិទ្យា VR(Virtual Reality) ក្នុងការលក់ទិញផ្ទះ

ការទៅទិញ និង ទៅមើលផ្ទះដោយផ្ទាល់ៗ គឺវាជាសកម្មភាពមួយធម្មតាទៅហើយ ។​ហើយដោយសារតែស្ថានភាពបែបនេះ មនុស្ស​​លែងហ៊ានចេញក្រៅផ្ទះ ក្រុមហ៊ុនអចលនទ្រព្យក៏សង្ឃឹមថា នឹងធ្វើឲ្យបច្ចេកវិទ្យាពេញនិយមផងដែរ ដោយឥលូវនេះចិនបានបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាទំនើបៗថ្មីៗជំនួសការមកមើលទិញផ្ទះដោយផ្ទាល់វិញម្ដងដោយការប្រើប្រាស់បច្ចេកវិទ្យា VR(Virtual Reality) ក្នុងការលក់ទិញផ្ទះ។ការប្រើVR វាធ្វើឲ្យយើងមានអារម្មណ៍ថាយើងបានទៅមើលគេហដ្ឋានពិតៗ ដោយការពិតយើងពុំចាំបាច់ទៅមើលផ្ទាល់ឡើយ  VR ភាគច្រើនត្រូវបានក្រុមហ៊ុនអចលនទ្រព្យប្រើប្រាស់ក្នុងការផ្សព្វផ្សាយទៅដល់អតិថិជនដែលចង់ដឹងពីទិដ្ឋភាពនៅក្នុងផ្ទះមានលក្ខណៈយ៉ាងមិចខ្លះ។​

ក្រៅពីសេវាកម្មនេះ ក៏មានសេវាកម្មផ្សេងទៀតបានបម្លែងខ្លួន​ទៅតាមអនឡាញផងដែរដូចជាការណាត់ពេទ្យ​ពិនិត្យមើលអាការៈ ឬប្រឹក្សាជាមួយពេទ្យថាតើគេមានមេរោគកូរូណាឬទេតាមអនឡាញផងដែរតាមរយៈ​បណ្តាញសង្គមផ្ញើរសារWeChat និងតាមមធ្យោបាយផ្សេងៗទៀត។

៥ អ្នកលេងសម្រុកលេងហ្គេមដើម្បីបំបាត់ភាពអផ្សុក

អ្នកប្រាកដជាឆ្ងល់ហើយថាចំពោះអ្នកដែលមិនហ៊ានចេញមកខាងក្រៅ នៅតែក្នុងផ្ទះ ពិតជាអផ្សុកណាស់ហើយមែនទេ? ប្រាកដណាស់ពួកគេពិតជាធុញ ព្រមទាំងអផ្សុកខ្លាំងណាស់ ក៏ប៉ុន្តែពួកគេអាចបំបាត់ភាពអផ្សុករបស់ខ្លួនបានតាមរយៈលេងហ្គេមនៅក្នុងទូរស័ព្ទដៃ និង​ កុំព្យូទ័រជាដើម ដោយសារតែបណ្តាញសង្គមទាំងអស់បានស្ថិតនៅបច្ចេកវិទ្យាទំនើបនេះឯង។ល។ ពួកគេអាចបំបាត់ការអផ្សុក ដោយការលេងហ្គេមជាច្រើន ហើយហ្គេមអនឡាញក៏បានក្លាយទៅជាការពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ និង ក្មេងៗផងដែរ។

ប្រភព៖https://www.techinasia.com/