៥ ជំហានសំខាន់ៗសម្រាប់ការវិនិយោគផ្ទះលើកដំបូង !

84
៥ ជំហានសំខាន់ៗសម្រាប់ការវិនិយោគផ្ទះលើកដំបូង !
ការទិញផ្ទះ គឺជាការវិនិយោគមួយដ៏សំខាន់បំផុតដែលទាមទារឲ្យបងប្អូនត្រូវតែគិតគូរឲ្យបានល្អិតល្អន់ខ្លាំងណាស់មុនពេលដែលធ្វើការសម្រេចចិត្តវិនិយោគ។
ពិសេសសម្រាប់បងប្អូនដែលមានបំណងចង់ទិញផ្ទះលើកដំបូង នោះបងប្អូនអាចនឹងមានការព្រួយបារម្ភខ្លាំងមែនទែន ដោយសារតែគាត់មិនមានបទពិសោធន៍នៅក្នុងការទិញដែលជាហេតុធ្វើឲ្យគាត់ខ្លាចខាត ខ្លាចទិញហើយ មិនត្រូវនឹងតម្រូវការរបស់គាត់ ហើយអាចថាទិញហើយនឹងធ្វើឲ្យគាត់អស់ដើមទុននៅក្នុងការវិនិយោគបន្តទៀតតែម្តង ។
ដូច្នេះនៅក្នុងអត្ថបទនេះ ខ្ញុំសូមធ្វើការចែករំលែកនូវ ៥ ជំហានដើម្បីជួយដល់បងប្អូនក្នុងការយកទៅធ្វើជាគំនិតពិចារណាដែលអាចជួយឲ្យការវិនិយោគរបស់បងប្អូនប្រកបដោយប្រសិទ្ធភាព ។

១ . កំណត់តម្រូវការរបស់បងប្អូនឲ្យបានច្បាស់លាស់

ជំហានដំបូងបំផុតបងប្អូនត្រូវតែកំណត់តម្រូវការឲ្យបានច្បាស់លាស់ជាមុនសិន ។ ថាតើបងប្អូនទិញផ្ទះដើម្បីអ្វី ​? អាចថាបងប្អូនទិញផ្ទះ ដើម្បីវិនិយោគ ទុកលក់ចេញវិញចង់ប្រាក់ចំណេញ ឬ ដាក់ជួលដើម្បីយកចំណូលប្រចាំខែ ដើម្បីប្រកបអាជីវកម្ម ឬ ដើម្បីស្នាក់នៅ ។

២ . គិតអំពីហិរញ្ញវត្ថុ

បងប្អូនត្រូវតែគិតនិងកំណត់ពីហិរញ្ញវត្ថុរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ ថាតើបងប្អូនមានលុយសុទ្ធដើម្បីទៅទិញផ្ទះ ឬ ក៏មានត្រឹមតែ ២០% ទៅ ៣០% ដើម្បីធ្វើការកក់ប្រាក់ ហើយ សល់ ៧០ % ទៀតគឺយើងធ្វើការរំលស់បន្តជាមួយធនាគារ ។ ម្យ៉ាងវិញទៀតបើសិនជាយើងមិនមានលុយទាល់តែសល់នោះ តែយើងមានចំណូលប្រចាំខែថេរ នោះយើងអាចជ្រើសរើសយកលក្ខខណ្ឌរំលស់សុទ្ធបានផងដែរ ។

៣ . ស្វែងរកប្រភេទអចលនវត្ថុដែលសក្ដិសម

មកដល់ដំណាក់កាលនេះគឺបងប្អូនអាចធ្វើការស្វែងរកនូវប្រភេទអចលនវត្ថុដែលសក្ដិសមជាមួយនឹងតម្រូវការនិងទំហំសាច់ប្រាក់របស់បងប្អូន ។ ជាក់ស្តែងបងប្អូនអាចធ្វើការទិញផ្ទះបែប Secondary ដែលមានន័យថា បងប្អូនទិញពីម្ចាស់ផ្ទាល់ដែលគាត់ទិញពីបុរីហើយគាត់ដាក់លក់ចេញវិញ ឬក៏ទិញផ្ទះពីបុរីផ្ទាល់តែម្តង ។
បន្ថែមពីនេះបងប្អូនត្រូវតែស្វែងរកអចលនវត្ថុឲ្យសមស្របទៅតាមតម្រូវការរបស់បងប្អូន ។ ប្រសិនបើបងប្អូនទិញផ្ទះ ដើម្បីវិនិយោគបងប្អូនអាចស្វែងរកតំបន់ដែលមានតម្រូវការខ្ពស់នាពេលអនាគតដែលងាយស្រួលនៅក្នុងការដាក់លក់ឬក៏ដាក់ជួល ។ ដោយឡែកបើសិនជាបងប្អូនទិញផ្ទះ ដើម្បីប្រកបអាជីវកម្មនោះបងប្អួនអាចស្វែងរកតំបន់ណាដែលមានមនុស្សអ៊ូអ៊រច្រើន  តំបន់អភិវឌ្ឍន៍និងមានសក្តានុពលខ្លាំង ដែលធ្វើឲ្យអាជីវកម្មរបស់យើងទទួលបាននូវភាពជោគជ័យខ្ពស់ ។ យ៉ាងណាមិញប្រសិនបើបងប្អូនទិញផ្ទះដើម្បីស្នាក់នៅយើងអាចរកទីតាំងណាដែលនៅក្បែរកន្លែងការងាររបស់យើងដើម្បីងាយស្រួលនៅក្នុងការចេញចូលហើយយើងត្រូវស្វែងរកទីតាំងណាដែលសុវត្ថិភាពមិនថាពេលយប់ឬក៏ពេលថ្ងៃ ។
មិនត្រឹមតែប៉ុណ្ណោះបងប្អូនក៏ត្រូវតែពិនិត្យមើលលើទំហំសាច់ប្រាក់ឲ្យត្រូវជាមួយផ្ទះដែលយើងមើលនោះផងដែរ ។ ពីព្រោះបើសិនជាទំហំសាច់ប្រាក់យើងមានតែ ១០ ម៉ឺនដុល្លារតែយើង ទៅមើលផ្ទះដែលមានតម្លៃ ប្រហែលនេះ ហើយបងប្អូនក៏អាចសិក្សាមើលអំពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងគុណភាពសំណង់នៃបុរីដែលបងប្អូនកំពុងតែមើលនោះផង ។

៤ . ការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់

ទាក់ទងនឹងការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់នេះ គឺបងប្អូនត្រូវជ្រើសរើសឲ្យសមនឹងលំហូរសាច់ប្រាក់របស់យើង ។ នៅក្នុងករណីដែលបងប្អូនទិញផ្ទះបែប Secondary ដែលបងប្អូនទិញបន្តពីម្ចាស់ផ្ទះនោះគឺគាត់គ្មាននូវ លក្ខខណ្ឌបង់រំលស់ទេ ដោយសារតែគាត់ត្រូវការលុយយកទៅប្រើការហើយគាត់មិនមានក្រុមការងារដូចជានៅបុរីដែលគេរងចាំ​ទទួលលក្ខខណ្ឌបង់រំលស់ជាមួយយើងទេ ។ ចំពោះការបង់ប្រាក់គឺមាន២ជម្រើសសម្រាប់បងប្អូន គឺទី១ បើសិនជាមានលុយសុទ្ធគឺងាយស្រួលទេដោយបងប្អូនអាចបង់ផ្តាច់តែម្តងនៅពេលផ្ទេរកម្មសិទ្ធិរួចរាល់ហើយ។
វិធីទី ២ គឺបងប្អូនអាចធ្វើការរំលស់ជាមួយធនាគារ ដែលជាដំបូងបងប្អូនត្រូវកក់ប្រាក់ ២០% ទៅ ៣០% ទៅឲ្យម្ចាស់ផ្ទះហើយបន្ទាប់ពីផ្ទេរសិទ្ធិមកដាក់ឈ្មោះបងប្អូនហើយនោះ បងប្អូនអាចយកប្លង់នោះទៅដាក់ជាមួយធនាគារ ដើម្បីយកម្ចីទៅឲ្យខាងម្ចាស់ផ្ទះដើម ។ ហើយនៅក្នុងករណីដែលបងប្អូនទិញពីបុរីវិញ បងប្អូនអាចបង់ផ្តាច់តែម្តង ប្រសិនបើបងប្អូនមានលុយសុទ្ធដែលអាចទទួលបាននូវលក្ខខណ្ឌល្អៗហើយក៏អាចទទួលបាននូវការបញ្ជុះតម្លៃជាពិសេសផងដែរ ។

៥ . ស្វែងរកក្រុមហ៊ុនអចលនវត្ថុដែលមានបទពិសោធន៍

បងប្អូនគួរតែស្វែងរកក្រុមហ៊ុនអចលនវត្ថុណាដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យច្រើនដើម្បីធ្វើការប្រឹក្សាយោបល់ ពីព្រោះពួកគាត់អាចសិក្សាទាំងតម្លៃហាងឆេងទីផ្សារ ហើយគាត់ក៏អាចជួយនៅក្នុងការជ្រើសរើស ទីតាំងផ្ទះល្អៗ ជូនដល់បងប្អូននិងអាចជួយនៅក្នុងការប្រៀបធៀបកេរ្តិ៍ឈ្មោះពីបុរីមួយ ទៅបុរីមួយថា តើបុរីណាដែលមានកេរ្តិ៍ឈ្មោះល្អជាងគេនិងងាយស្រួលនៅក្នុងការដាក់លក់ ។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចជួយប្រឹក្សាទាក់ទងនឹងការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់ដែលសមស្របទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់បងប្អូនបានយ៉ាងត្រឹមត្រូវផងដែរ ។
បន្ទាប់ពីបងប្អូនបានប្រមូលនៅព័ត៌មានមិនថា ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានខាងក្រៅបូករួមនឹងការប្រឹក្សាយោបល់ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ដែលមានអាជីពហើយអ្វីដែលបងប្អូនចាំចាច់ត្រូវតែធ្វើមុនពេលដែលបងប្អូនសម្រេចចិត្តនៅក្នុងការទិញ បងប្អូនត្រូវតែមើលលើកុងត្រាកិច្ចសន្យាទិញលក់ឲ្យបានច្បាស់លាស់ ផ្ទៀងផ្ទាត់ហើយផ្ទៀងផ្ទាត់ទៀតដើម្បីកុំឲ្យមានចន្លោះខ្វះខាតដែលធ្វើឲ្យយើងមានហានិភ័យទៅថ្ងៃក្រោយ ។