spot_img
spot_img
Home Blog Page 18

ចំណុចដែលត្រូវយល់ដឹងអំពីផ្លូវល្បឿនលឿន

0
ចំណុចដែលត្រូវយល់ដឹងអំពីផ្លូវល្បឿនលឿន

ផ្លូវល្បឿនលឿន គឺជាផ្លូវដែលត្រូវបានរចនាឡើងសម្រាប់រថយន្តធ្វើដំណើរក្នុងល្បឿនលឿន។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា មានប្រវែងសរុប 187.05គីឡូម៉ែត្រ លើល្បឿនកំណត់ 100គីឡូម៉េត្រក្នុងមួយម៉ោង។

ផ្លូវល្បឿនលឿន មានផ្លូវគន្លងចំនួន 4 ទិសខុសគ្នា ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងក្រុងព្រះសីហនុ។ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុហើយ ចម្ងាយពីភ្នំពេញទៅព្រះសីហនុនឹងកាត់បន្ថយពី 5 ម៉ោងមកត្រឹមតែ 2 ម៉ោង ដែលនឹងកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងច្រើន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមតាមបណ្ដាញផ្លូវនេះ។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ គឺត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារសេវាកម្មយ៉ាងពេញលេញ ដូចជាមានស្ថានីយ៍បង់ប្រាក់ចំនួន 8 កន្លែងលុបបាត់ឧបសគ្គផ្លូវចំនួន 3 កន្លែងផ្ដល់សេវាកម្មចំនួន 4 កន្លែងចតរថយន្ត និងកន្លែងថែរទាំចំនួន 2 នៅលើខ្សែផ្លូវទាំងមូល។

ផ្លូវល្បឿនលឿន

ចំណុចសំខាន់នៃផ្លូវល្បឿនលឿន

1. ផ្លូវល្បឿនលឿនមានលើសពី 2 គន្លងក្នុងទិសតែមួយ

ផ្លូវធំអាចមានរហូតដល់ 5 គន្លងផ្លូវ។ ការបើកបរពីរផ្លូវដាច់ពីគ្នា ហើយមានបំណែកចែកទ្រូងផ្លូវនៅកណ្ដាល ដែលជួយបង្កើនសុវត្ថិភាពក្នុងការបើកបរបានយ៉ាងច្រើន។

2. ការគ្រប់គ្រងផ្លូវល្បឿនលឿន គឺមានរនាំងដែកមានលក្ខណៈបិទជិតទាំងស្រុង

បន្ថែមពីលើច្រកចូល និងច្រកចេញថេរ មានរនាំងបាំងនៅសងខាងផ្លូវ ហើយអ្នកថ្មើរជើង និងសត្វត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់លើផ្លូវដោយគ្មានការអនុញ្ញាត។ ចូលដោយគ្មានការអនុញ្ញាតនឹងត្រូវទទួលទោសធ្ងន់ធ្ងរ។ ជាការពិតណាស់ ផ្លូវល្បឿនលឿនមានច្រកចូល និងច្រកចេញពិសេស ដែលសុទ្ធសឹងជាផ្លូវស្ពានឆ្លងកាត់ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើផ្លាកសញ្ញាផ្លូវ ឬផ្លូវឆ្លងកាត់ ដើម្បីស្វែងរកផ្លូវចូល និងចេញក្នុងពេលបើកបរ។

3. អ្នកណានិងរថយន្តដែលមិនអាចចូលទៅក្នុងផ្លូវល្បឿនលឿនបាន

អ្នកថ្មើរជើង ម៉ូតូ ត្រាក់ទ័រ ឡានចូកដី រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង និងយានជំនិះផ្សេងទៀតដែលមានល្បឿនអតិបរមាតិចជាង 70 គីឡូម៉ែត្រក្នុងមួយម៉ោង មិនត្រូវអនុញ្ញាតឱ្យចូលទៅក្នុងផ្លូវល្បឿនលឿនឡើយ។

ប្រភព៖ ទំព័រនៃផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ

ពាណិជ្ជកម្ម

តើជាអ្វីយុទ្ធសាស្ត្រទីផ្សារដំបូងគេរបស់ក្រុមហ៊ុន Nike?

0
តើជាអ្វីយុទ្ធសាស្ត្រទីផ្សារដំបូងគេរបស់ក្រុមហ៊ុន Nike?

ក្រុមហ៊ុន NIKE ត្រូវបានបង្កើតឡើងនៅថ្ងៃទី 25 ខែមករា ឆ្នាំ1964 មានឈ្មោះដំបូងថា  “Blue Ribbon Sports” ដោយលោក Bill Bowerman និង Phil Knight បន្ទាប់មកប្ដូរឈ្មោះជា “NIKE” ជាផ្លូវការនៅថ្ងៃទី 30 ខែឧសភា ឆ្នាំ1971។

ការចាប់ផ្ដើមដំបូង គឺប្រើដើមទុនត្រឹមតែ 1000$ ប៉ុណ្ណោះ តាមរយៈការចរចាយកសិទ្ធិចែកចាយពីប្រេនកីឡាដ៏ល្បីរបស់ជប៉ុន។ ក្រោយៗមក លោកPhil Knight ជាមួយនឹងគ្រូបង្វឹករបស់ខ្លួនគឺលោក Bill Bowerman ក៏បម្លែងខ្លួនក្នុងការចាប់ផ្ដើមផលិតស្បែកជើងម៉ាកប្រេនថ្មីសម្រាប់ខ្លួនឯង ដោយក្នុងនោះពួកគាត់ក៏បានរកឃើញគំនិតថ្មីក្នុងការបង្កើតស្បែកជើង 2 ប្រភេទ គឺស្បែកជើងការ៉ាបប៉ុង និងស្បែកជើងបាតខ្យល់។ ចាប់តាំងពីពេលនោះមក NIKE មានការរីកចម្រើនឆាប់រហ័សដោយអាចវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើន។

Bill Bowerman ft Phil Knight

តើក្រុមហ៊ុន NIKE បានប្រើយុទ្ធសាស្រ្តទីផ្សារអ្វីដំបូងគេនៅពេលចាប់ផ្ដើមម៉ាកយីហោផ្ទាល់ខ្លួន?
1. បង្កើតចំណាប់អារម្មណ៍អតិថិជនដំបូងគេ

ក្រុមហ៊ុន Nike បានបង្កើតស្បែកជើង Nike Moon ដំបូងគេបង្អស់ ដោយសារអំឡុងពេលនោះអតិថិជនភាគច្រើនមានចំណាប់អារម្មណ៍លើការរត់ និងលេងកីឡា ដូច្នេះ Nike បង្កើតស្បែកជើងប្រភេទនេះឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការពាក់រត់ និងមានប្រយោជន៍ខ្លាំងដោយមិនធ្វើឱ្យអ្នកពាក់មានការឈឺចុកចាប់ជើងនៅពេលរត់ជាដើម។ អំឡុងពេលនោះដែរ Nike ក៏ចាប់ផ្ដើមសម្រុកធ្វើការផ្សព្វផ្សាយលើអ្វីមួយដែលពួកគេជឿជាក់ ដោយមិនផ្ដោតខ្លាំងលើការផ្សព្វផ្សាយលក់ស្បែកជើងទេ។

ធ្វើបែបនេះ អតិថិជននឹងចាប់ផ្ដើមចាប់អារម្មណ៍លើការផ្សព្វផ្សាយនោះ ដោយមិនបានគិតផ្ដោតថា នោះជាការផ្សព្វផ្សាយលក់ស្បែងជើងឡើយ។

2. កំណត់យុទ្ធសាស្រ្តពឹងលើតម្រូវការអារម្មណ៍អតិថិជន

កាលពីឆ្នាំ 1970 មនុស្សកំពុងមានចំណាប់អារម្មណ៍ខ្លាំងលើផ្នែកកីឡា ដូចជារត់ជាដើម ដូច្នេះហើយ Nike ផ្ដោតខ្លាំងលើការធ្វើទីផ្សារពឹងផ្អែកលើតម្រូវការអារម្មណ៍របស់អតិថិជនរបស់ខ្លួន ដោយមិនមែនផ្ដោតលើការផ្សព្វផ្សាយលក់ឬប្រម៉ូតស្បែកជើងរបស់ខ្លួនខ្លាំងឡើយ។

យុទ្ធសាស្រ្តនោះ Nike បានបង្កើតនិន្នាការនៃការរត់ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាពសរសៃឈាមបេះដូងប្រជាជន ហើយនិន្នការរត់នេះ បានធ្វើឱ្យមនុស្សចាប់ផ្ដើមមានតម្រូវការទិញស្បែកជើងសម្រាប់រត់ ហើយវាជាលទ្ធផលដ៏ល្អមួយសម្រាប់ក្រុមហ៊ុន Nike។

3. ផ្ដោតលើការលក់អត្ថប្រយោជន៍

លោក Bill Bowerman និងលោក Phil Knight ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Nike បានផ្ដោតលើការផ្សព្វផ្សាយទាំងឡាយណាបង្ហាញពីអត្ថប្រយោជន៍របស់ស្បែកជើងដែលវាជួយដល់អ្នកពាក់ ដូចជាស្បែកជើងរត់ដែលមានទម្ងន់ស្រាលបំផុត ដោយវាជួយឱ្យការរត់បានចម្ងាយឆ្ងាយ និងមានផាកសុភាពដល់អ្នកពាក់ទាំងអស់។

ពាណិជ្ជកម្ម

តើរបៀបដឹកនាំក្រុមហ៊ុនបែបណា ធ្វើឱ្យបុគ្គលិកលាឈប់ច្រើន?

0
តើរបៀបដឹកនាំក្រុមហ៊ុនបែបណា ធ្វើឱ្យបុគ្គលិកលាឈប់ច្រើន?

របៀបនៃការដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំម្នាក់ៗតែងតែមានយុទ្ធសាស្រ្តដឹកនាំរៀងៗខ្លួន ក៏ប៉ុន្តែនៅមានចំណុចរួមមួយចំនួនដែលថ្នាក់ដឹកនាំគួរតែឈ្វេងយល់បន្ថែម និងចៀងវាង ដើម្បីអាចដឹកនាំក្រុមហ៊ុនឱ្យដំណើរការបានល្អ ហើយអាចរក្សាបុគ្គលិកឱ្យធ្វើការបានរយៈពេលវែងជាមួយក្រុមហ៊ុនពោរពេញដោយឆន្ទៈ ក្ដីស្រលាញ់ និងធ្វើអស់ពីសមត្ថភាពដែលមានក្នុងការសម្រេចគោលដៅសំខាន់ៗរបស់ក្រុមហ៊ុន ព្រមទាំងក៏ជួយពួកគេឱ្យរីកចម្រើនខ្លាំងផងដែរ។

តើអ្វីដែលអ្នកដឹកនាំគួរតែឈ្វេងយល់បន្ថែម និងចៀងវាង ដើម្បីដឹកនាំក្រុមហ៊ុនកុំឱ្យមានអាត្រាបុគ្គលិកលាឈប់ច្រើន?

1. ដឹកនាំដោយគ្មានទស្សនៈវិស័យច្បាស់លាស់

បើក្រុមហ៊ុនមួយគ្មានទស្សនៈវិស័យច្បាស់លាស់ទេ ការដឹកនាំនៅក្នុងក្រុមហ៊ុនក៏ពិបាក ដោយសារតែនឹងត្រូវមានការទាក់ទាញទិសដៅផ្សេងៗគ្នាជាច្រើននៅក្នុងស្ថាប័ន ជាហេតុធ្វើឱ្យក្រុមការងារទាំងអស់ចាប់ផ្ដើមវង្វេងទិសដៅរួមសម្រាប់ក្រុមហ៊ុន ហើយបែរមកធ្វើកិច្ចការងារទៅតាមទិសដៅ និងការយល់ឃើញរបស់ខ្លួនឯងវិញ។ ម្យ៉ាងវិញទៀត ក្រុមការងារនឹងធ្វើការងារអ្វីតាមតែថ្នាក់លើដាក់ឱ្យធ្វើតាមបុគ្គលម្នាក់ៗ ដោយគ្មាននរណារួបរួមសាមគ្នីគ្នាធ្វើការសម្រេចនូវគោលដៅរួមអ្វីឡើយ។

ការធ្វើបែបនេះ ស្ថាប័ននឹងមិនងាយសម្រេចគោលដៅធំណាមួយជាក់លាក់ឡើយ។ រីឯបុគ្គលិកដែលចង់ឃើញខ្លួនឯងរីកចម្រើន ឬក៏មានសមត្ថភាព ចាប់ផ្ដើមគិតគូររកកន្លែងការងារថ្មីដែលមានអនាគតវែងឆ្ងាយជាងនេះជាក់ជាមិនខាន។

ការធ្វើអ្វីក៏ដោយ ជាពិសេសការធ្វើអាជីវកម្ម ចាំបាច់ត្រូវតែមានទស្សនៈវិស័យមួយសម្រាប់ក្រុមហ៊ុន ឱ្យបានច្បាស់លាស់ ពីព្រោះវានឹងជួយឱ្យអ្នកដឹកនាំកាន់តែងាយស្រួលរៀបចំផែនការយុទ្ធសាស្រ្តធ្វើសកម្មភាពឱ្យត្រូវនឹងអ្វីដែលខ្លួនកំពុងឆ្ពោះទៅ ព្រមទាំងអាចព្យាករណ៍បញ្ហា និងដំណោះស្រាយទុកមុនផងដែរ។ អ្វីដែលសំខាន់ នៅពេលមានទស្សនៈវិស័យក្រុមហ៊ុនច្បាស់លាស់ ក្រុមការងារក៏ងាយស្រួលធ្វើការដើម្បីតម្រង់ទៅកាន់ទិសដៅមួយយ៉ាងពិតប្រាកដ ដូច្នេះគោលដៅរួមសម្រាប់ក្រុមហ៊ុននឹងឆាប់សម្រេចបាន។

2. ភាពលំអៀង និងបង្កើតភាពមិនទុកចិត្តគ្នា

អ្វីក៏ដោយតែងតែមានភាពលំអៀង ក៏ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំត្រូវចេះតិចនិករៀងខ្លួនក្នុងការដឹកនាំ ដើម្បីបង្ហាញទៅកាន់ក្រុមការងារថា លទ្ធផលការងារបែបណា ទើបសក្តិសមនឹងទទួលបានរង្វាន់។ បន្ថែមពីនេះ ប្រសិនបើមានបុគ្គលិកខ្លាំងពូកែនៅក្នុងក្រុមហ៊ុន ហើយថ្នាក់ដឹកនាំតម្លើងប្រាក់ខែ ឬផ្ដល់ជារង្វាន់ ឬការឡើងតំណែង ច្បាស់ណាស់នឹងមានក្រុមការងារផ្សេងទៀតនឹងទទួលស្គាល់ការពិតថា បុគ្គលនោះសក្តិសមនឹងទទួលបាននូវអ្វីដែលថ្នាក់ដឹកនាំផ្ដល់ឱ្យពិតមែន។ ក៏ប៉ុន្តែមានការដឹកនាំខ្លះ បង្ហាញទៅកាន់ក្រុមការងារថា វាមិនយុត្តិធម៍សោះសម្រាប់អ្នកខិតខំធ្វើការ និងមានលទ្ធផលការងារល្អ ដោយមិនបានទទួលអ្វីសោះ បែរជាទទួលតំណែងល្អ និងរង្វាន់ផ្សេងៗលើបុគ្គលដទៃដែលគ្រាន់តែនិយាយឬអែមអបយកមុខជាដើម។ល។

សកម្មភាពទាំងនេះ វានឹងធ្វើឱ្យបុគ្គលិកដែលខិតខំធ្វើការនានា ចាប់ផ្ដើមរកផ្លូវក្រោយឱ្យខ្លួនឯង តាមរយៈស្វែងរកឱកាសការងារថ្មី។ រីឯបុគ្គលិកដទៃទៀតចាប់ផ្ដើមគិតពិចារណាផងដែរ ថាតើពួកគេនៅទីនេះដើម្បីអ្វីទៀត? តើពួកគេអាចរីកចម្រើនលឿនជាមួយការដឹកនាំបែបនេះឬទេ? ដូច្នេះពួកគេក៏ចាប់ផ្ដើមស្វែងឱកាសថ្មីនៅកន្លែងផ្សេងទៀត ដើម្បីទុកផ្លូវក្រោយសម្រាប់ដើរដូចគ្នា។

3. ចាំតែចាប់កំហុស និងរិះគន់បុគ្គលិក

ការបំពេញកិច្ចការងារតែងតែមានកំហុស ឬក៏មានផ្នែកខ្លះក្រុមការងារនឹកឃើញមិនដល់ ធ្វើមិនកើត ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវតែចេះរបៀបនៃការកែលម្អកំហុស និងជួយជ្រោមជ្រែងបន្ថែមដល់ក្រុមការងារឱ្យមានការខិតខំឡើងវិញ និងពង្រឹងសមត្ថភាព មិនមែនចាំតែចាប់កំហុស ឬក៏រិះគន់បុគ្គលិកទៅកាន់បុគ្គលផ្សេងៗឡើយ។ ធ្វើបែបនេះ បុគ្គលិកចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងក្រុមហ៊ុន ហើយចាប់ផ្ដើមស្វែងរកឱកាសការងារថ្មី និងការដឹកនាំដែលល្អប្រសើរជាងនេះជាក់ជាមិនខាន។

ម្ចាស់ក្រុមហ៊ុន តែងតែមានជម្រើសក្នុងការជ្រើសរើសបុគ្គលិកបន្ថែម ឬជំនួសបាន ហើយបុគ្គលិកក៏មានជម្រើសក្នុងការជ្រើសរើសក្រុមហ៊ុនណាដែលមានការដឹកនាំពួកគេឱ្យរីកចម្រើនដូចគ្នា។ ហេតុដូច្នេះ ការដឹកនាំដ៏ល្អ ត្រូវតែចេះបង្ហាញឱ្យក្រុមការងារកាន់តែមានសមត្ថភាពខ្លាំង និងមានទំនុកចិត្តលើការដឹកនាំរបស់ខ្លួន នោះក្រុមហ៊ុននឹងឆាប់សម្រេចគោលដៅដូចគ្នា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបំពេញការងារអស់ពីសមត្ថភាព។​

ពាណិជ្ជកម្ម

អ្វីដែលអ្នកត្រូវដឹងពីបម្រែបម្រួលនៃការទិញផ្ទះ

ទិញផ្ទះ ពីមុន និងឥឡូវវមិនដូចគ្នាទេ ហើយសម្រាប់អ្នកដែលចង់វិនិយោគ គឺត្រូវតែចេះបត់ខ្លួនទៅតាមសម័យកាលផងដែរ ព្រោះថា យុគសម័យមាសនៃការចំណេញលឿន មិនមែនចេះតែមានជានិរន្តនោះឡើយ។
យើងឃើញថា ការទិញផ្ទះមានការប្រែប្រួលទៅតាមសម័យកាលដូចខាងក្រោម
– ដំបូងឡើយ នៅពេលដែលជីវភាពយើងនៅខ្សត់ខ្សោយ យើងគ្រាន់តែចង់បានទីជម្រកមួយដែលមានដំបូល និងជញ្ជាំងគឺគ្រប់គ្រាន់ហើយ!
– នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមមានសន្ទុះ និងទីផ្សារមិនទាន់ចាស់ទុំ ងាយស្រួលទិញលក់ចំណេញ ម្នាក់សង្វាតទិញទុកលក់វិញ ដោយសារតែងាយចំណេញស្រួល ដូចនេះម្នាក់ៗមិនសូវខ្វល់លើទីតាំង ម៉ូដ ហេដ្ឋារចនាសម្ព័ន្ធ ឬក៏គុណភាពប៉ុន្មានទេ។
– នៅពេលដែលទីផ្សារចាប់ផ្តើមចាស់ទុំ មនុស្សមានចំណូលច្រើន មានការផ្គត់ផ្គង់ច្រើន មានការប្រកួតប្រជែងច្រើន យើងចាប់ផ្តើមមានតម្រូវការកាន់តែខ្ពស់ ហើយត្រូវការទិញផ្ទះដើម្បីបំពេញចំណង់ មានសួន មានមានម៉ូដ និងដើម្បីឱកាសចំណេញខ្ពស់។
– នៅពេលដែលសេដ្ឋកិច្ចមានសភាពរាងយឺត ឬត្រឹង ការទិញផ្ទះរិតតែមានការប្រយ័ត្នប្រយែង ការទិញលក់ចំណេញលឿនគឺលែងមានទៀតហើយ ដូចនេះ យើងម្នាក់ៗមិនគួរទិញដោយរំពឹងខ្ពស់រឿងចំណេញលឿន តែផ្តោតខ្លាំងរឿងតម្រូវការចាំបាច់ ផ្តោតលើគុណភាពរឹងមាំ ផ្តោតលើទីតាំង ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស្អាត និងមានផាសុកភាព ព្រោះថាមនុស្សចាប់ផ្តើមកាន់តែមានតម្រូវការខ្ពស់ និងការចង់បានលើសមុន។
ដូចនេះ ការជ្រើសរើសផ្ទះ ទោះទុកចំណេញ ឬដើម្បីស្នាក់នៅក្នុងសម័យកាលបច្ចុប្បន្ន ត្រូវតែពិនិត្យពិច័យឲ្យបានល្អ ដើម្បីងាយស្រួលលក់ទៅវិញ!
ពាណិជ្ជកម្ម

តើ Alexandr Wang បានធ្វើអ្វីខ្លះ ទើបក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង?

0

Alexandr Wang ជាកូនប្រុសរបស់ជនអន្តោរប្រវេសន៍ចិនទៅអាមេរិក ហើយលោកក៏បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ បន្ទាប់ពីគាត់បានបង្កើត Scale Al ដែលជាក្រុមហ៊ុនជួយក្រុមហ៊ុនជាង 300 រួមទាំងក្រុមហ៊ុន General Motors, Flexport, Uber, Toyota, PayPal និង Airbnb បង្កើនប្រសិទ្ធភាពលើប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅក្នុងឆ្នាំនេះ Alexandr Wang មានអាយុត្រឹមតែ 25 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន មួយពាន់​លានដុល្លារ ហើយគាត់កាន់កាប់ 15% នៃScale ផងដែរ ដែលនេះគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេងបំផុតដែលបង្កើតឡើងដោយខ្លួនឯង នេះបើយោងតាមទស្សនាវដ្តី Forbes។

គួរបញ្ជាក់ផងដែរថា ភាពជោគជ័យរបស់លោក Wang គឺកើតចេញពីចក្ខុវិស័យនៃភាពជាសហគ្រិនដ៏អង់អាចពិតៗ មិនមែនជោគជ័យដោយសារស្ថិតនៅក្នុងត្រកូលមួយល្បីល្បាញផ្នែកធ្វើអាជីវកម្ម ឬមានទ្រព្យសម្បត្តិច្រើននោះឡើយ។

តើ Alexandr Wang បានធ្វើអ្វីខ្លះ ទើបគាត់អាចក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងបែបនេះ?

កាលនៅពីក្មេង លោក Wang ក៏ធ្លាប់បានបង្ហាញពីទេពកោសល្យផ្នែកគណិតវិទ្យា ដោយប្រកួតប្រជែងនៅក្នុងកម្មវិធី Olympiads និងកម្មវិធីប្រកួតប្រជែងនៅទូទាំងសហរដ្ឋអាមេរិក។ ចំណែកឪពុកម្តាយរបស់គាត់បានធ្វើការជាអ្នករូបវិទ្យាលើគម្រោងអាវុធសម្រាប់យោធារបស់សហរដ្ឋអាមេរិក ហើយលោក Wang បានធំធាត់នៅជិតមន្ទីរពិសោធន៍ជាតិ Los Alamos ក្នុងរដ្ឋ New Mexico ដែលជាកន្លែងសម្ងាត់របស់រដ្ឋាភិបាល​ គឺកន្លែងបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ចំពោះប្រភេទការងារដែលឪពុកម្តាយ​របស់​Wang កំពុងធ្វើ វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ទស្សនៈពិភពលោក​របស់​គ្រួសារ​គាត់ ដែលជាហេតុធ្វើឱ្យ លោក Wang សម្រេចចិត្តបម្លែងខ្លួនឱ្យក្លាយជាអ្នកសរសេរកម្មវិធី ហើយមានទស្សនៈវិស័យចង់ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកនេះ។

នៅអាយុ 17 ឆ្នាំ Wang បានធ្វើដំណើរទៅកាន់ Silicon Valley ដើម្បីទទួលបានការងារជាអ្នកសរសេរកម្មវិធីនៅគេហទំព័រ Q&A Quora។ នៅកន្លែងធ្វើការ Wang បានជួបជាមួយ Lucy Guo ដែលជាបុគ្គលល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គម និងក៏ជាអ្នកជិតខាងរបស់តារាល្បីៗ ដូចជា David Beckham។ Wang និង Guo ក៏ចាប់ផ្ដើមបង្កើត Scale Al ជាមួយគ្នា។

Lucy Guo & Alexandr Wang

នៅអាយុ 19 ឆ្នាំ លោក Wang បានបង្កើត Scale Al ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធបញ្ញាសិប្បនិម្មិត តាមរយៈជួយក្រុមហ៊ុននានាដាក់ទិន្នន័យជា Raw របស់ពួកគេធ្វើការសម្រាប់ AI និង Machine Learning។ Scale AI បានទាក់ទាញចំណាប់អារម្មណ៍ដល់ក្រុមហ៊ុនជាច្រើន ដែលកំពុងស្វែងរកការកែលម្អដំណើរការស្វ័យប្រវត្តិរបស់ពួកគេក្នុងការចម្លងយកសំឡេង ការទទួលស្គាល់រូបភាព និងការប្រមូលឯកសារ។

ការផ្ដល់មូលនិធិចំនួន 325 លានដុល្លារកាលពីឆ្នាំមុនបានវាយតម្លៃលើ Scale ដែលបង្កើតប្រាក់ចំណូលបានប្រមាណ 100 លានដុល្លារ ស្មើនឹង 7.3 ពាន់លានដុល្លារ ហើយភាគហ៊ុន 15% ដែល Wang កាន់កាប់មានតម្លៃស្មើនឹង មួយពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង តាមរយៈការបង្កើតក្រុមហ៊ុនដោយខ្លួនឯង និងកើតចេញពីការខិតខំដោយផ្ទាល់ខ្លួន មិនមែនក្លាយជាមហាសេដ្ឋីដោយសារមានវង្សត្រកូលជាមហាសេដ្ឋីអ្វីឡើយ។

ពាណិជ្ជកម្ម

ហេតុអ្វីសហគ្រិនគ្រប់រូប ចាំបាច់ត្រូវតែពូកែជំនាញលក់?

0
ហេតុអ្វីសហគ្រិនគ្រប់រូប ចាំបាច់ត្រូវតែពូកែជំនាញលក់?

ជំនាញលក់ ជាផ្នែកមួយសំខាន់ក្នុងការធ្វើអាជីវកម្ម ពីព្រោះប្រាក់ចំណូល និងប្រាក់ចំណេញ គឺកើតចេញពីប្រភបនៃការលក់ខ្លាំងជាងផ្នែកណាៗទាំងអស់។ បន្ថែមពីនេះ ប្រសិនបើសហគ្រិនពូកែលើជំនាញលក់កាន់តែខ្លាំង ក្រុមហ៊ុនក៏កាន់តែរីកចម្រើនផងដែរ តាមរយៈហេតុផលដែលបង្ហាញនៅខាងក្រោម។

1. ធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំកាន់តែអស្ចារ្យ

ការក្លាយជាអ្នកដឹកនាំម្នាក់ដ៏អស្ចារ្យ លុះត្រាតែអ្នកនៅក្រោមបង្គាប់ទាំងអស់មានការគោរពស្រលាញ់ អនុវត្តន៍តាម និងយកធ្វើជាគំរូរបស់ពួកគេ។ ហេតុអ្វីជំនាញលក់ពាក់ព័ន្ធនឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ? ពីព្រោះតែជំនាញលក់ អាចបញ្ចុះបញ្ចូលមនុស្សឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន និងមានសិល្បៈជាច្រើនក្នុងការចងចិត្តមនុស្សឱ្យជឿជាក់លើទស្សនវិស័យក្រុមហ៊ុន ក៏ដូចជាជឿជាក់លើខ្លួនឯង។

ម្យ៉ាងវិញទៀត នៅពេលដែលសហគ្រិនពូកែជំនាញលក់ខ្លាំង នោះពួកគេនឹងអាចដឹកនាំក្រុមការងារឱ្យពូកែផ្នែកលក់ដូចគ្នា ដូច្នេះក្រុមហ៊ុនក៏រីកចម្រើនតាមនោះដែរ ដោយសារតែប្រាក់ចំណូលនិងប្រាក់ចំណេញ វាបានមកពីប្រភពនៃការលក់ច្រើនជាងគេ។

2. កាន់តែយល់ច្បាស់ពីអតិថិជនគោលដៅ

នៅពេលដែលសហគ្រិនពូកែលើជំនាញលក់ខ្លាំង នោះពួកគេនឹងមានសមត្ថភាពយល់ច្បាស់ពីតម្រូវការ និងចេះពីវិធីជំរុញចិត្តអតិថិជនឱ្យសម្រេចចិត្តទិញលើអ្វីដែលពួកគេកំពុងតែលក់។ បន្ថែមពីនេះ ជំនាញលក់ នឹងជួយសហគ្រិនឱ្យមានគំនិតច្នៃប្រឌិតថ្មីៗក្នុងការរៀបចំយុទ្ធសាស្រ្តទីផ្សារ ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពជាមួយនឹងក្រុមអតិថិជនគោលដៅរបស់ពួកគេ។

3. ទាក់ទាញវិនិយោគិន និងដៃគូសហការ

សហគ្រិន ជាបុគ្គលសំខាន់សម្រាប់ក្រុមហ៊ុន ពីព្រោះពួកគេជាអ្នកកំណត់ជោគវាសនារបស់ក្រុមហ៊ុន ថាត្រូវរីកចម្រើន ឬក៏ត្រូវដួលរលំ ដោយអាស្រ័យលើសកម្មភាពដឹកនាំគ្រប់គ្រងចាត់ចែងទាំងមូលនៅក្នុងក្រុមហ៊ុន។ បន្ថែមពីនេះ សហគ្រិនក៏ជាបុគ្គលដែលអាចលក់អ្វីក៏បាន ដូចជាលក់គំនិតអាជីវកម្មទៅឱ្យវិនិយោគិនដែលមានសក្តានុពលដើម្បីទទួលបានដើមទុនបន្ថែម ចេះបង្ហាញពីគំនិតអាជីវកម្មទៅកាន់បុគ្គលមានសមត្ថភាព ឬស្ថាប័នដែលមានសក្ដានុពលខ្ពស់ដើម្បីអាចក្លាយជាដៃគូសហការនឹងគ្នា លក់ផលិតផលឬសេវាកម្មដល់អតិថិជន និងការចេះកសាងទំនុកចិត្តជាមួយនឹងបុគ្គលិក។

ហេតុដូចនេះ សហគ្រិនត្រូវតែមានជំនាញលក់ឱ្យបានខ្លាំង ដើម្បីមានសមត្ថភាពក្នុងការទាក់ទាញវិនិយោគិន ដៃគូសហការ បង្កើនអតិថិជនបានច្រើន បង្កើនសមត្ថភាពក្រុមលក់ក្នុងក្រុមហ៊ុន និងទាញទំនុកបានខ្លាំងជាមួយក្រុមការងារ។

ពាណិជ្ជកម្ម

ហេតុអ្វីធនាគារជាតិនៃកម្ពុជាចាំបាច់បង្កើត “បាគង”?

0
ហេតុអ្វីធនាគារជាតិនៃកម្ពុជាចាំបាច់បង្កើត “បាគង”?

នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងសម្បូរទៅដោយធនាគារ ដូចជាធនាគារ ABA កាណាឌីយ៉ា អេស៊ីលីដា កម្ពុជាសាធារណៈ ស្ថាបនា និងជាច្រើនទៀត ដូច្នេះប្រជាជនកម្ពុជាទាំងអស់មិនមែនសុទ្ធតែប្រើប្រាស់គណនីធនាគារដូចគ្នាទាំងអស់ឡើយ ជាហេតុនៅពេលទូទាត់សាច់ប្រាក់ខុសគណនីធនាគារគ្នា ខាងធនគារនឹងធ្វើការកាត់សាច់ប្រាក់មួយចំនួនអាស្រ័យលើធនាគារ។ ហេតុនេះដើម្បីបង្កភាពងាយស្រួលកាន់តែខ្លាំង លោកស្រី ជា សិរី ដែលជាអគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏មានគំនិតផ្ដួចផ្ដើមបង្កើត បាគង ឡើង។

បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទពីធនាគារមួយទៅធនាគារមួយផ្សេងទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដទៃទៀតជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។

បន្ថែមពីនេះ បាគង កំពុងតែមានពីធនាគារក្នុងស្រុកចំនួន 40 ធនាគារចូលជាសមាជិករបស់បាគង ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ពួកគេក្នុងការទូទាត់សាច់ប្រាក់ ដោយមានតែ QR Code តែមួយពីបាគង ក៏អាចឱ្យអតិថិជនធ្វើការទូទាត់សាច់ប្រាក់បានដោយគ្មានគិតថ្លៃសេវាបន្ថែម ទោះបីជាអតិថិជនប្រើគណនីធនាគារអ្វីក៏ដោយ។

វិធីដ៏ងាយស្រួលនិងឆាប់រហ័សដើម្បីចុះឈ្មោះ

បាគង

ពាណិជ្ជកម្ម

ឱកាសល្អសម្រាប់អ្នកត្រៀមខ្លួនបើកអាជីវកម្ម កុំភ្លេចចូលរួម ពិព័រណ៍មុខរបរ នៅថ្ងៃទី29-30 ខែតុលានេះ

0
ឱកាសល្អសម្រាប់អ្នកត្រៀមខ្លួនបើកអាជីវកម្ម

ពិព័ណ៍មុខរបរ ជាកម្មវិធីដ៏ល្អសម្រាប់អ្នកត្រៀមខ្លួនបើកអាជីវកម្មផ្ទាល់ខ្លួន និងអ្នកដែលមានបំណងចង់សហការទិញហ្រ្វេនឆាយពីអាជីវកម្មដែលខ្លួនពេញចិត្ត។ ពិព័ណ៍មុខរបរប្រចាំឆ្នាំ 2022 នេះត្រូវបានរៀបចំឡើងដោយលោក សំ កុសល ស្ថាបនិកនៃ Business Cambodia ព្រមទាំងមានការឧបត្ថម្ភដ៏សំខាន់ពីលោក ម៉ង់ វណ្ណឌី ស្ថាបនិកនៃក្រុមហ៊ុន BizAdvisor។

នៅក្នុងពិព័ណ៍នោះចាប់ផ្ដើមនៅថ្ងៃទី29-30 ខែតុលា ឆ្នាំ2022 ពីម៉ោង 8:00AM – 8:00PM នៅ Factory Phnom Penh ដោយមានការធ្វើបទបង្ហាញគំនិតអាជីវកម្មថ្មីៗ ស្តង់អាហារនិងអាជីវកម្មជាង50ស្តង់ សិក្ខាសាលាមានវាគ្មិន11រូបចែករំលែកគំរូនិងបទពិសោធន៍អាជីវកម្ម ហើយក៏មានការចែកសៀវភៅចំនួន 3,000 ក្បាល ពីក្រុមការងាររបស់ Business Cambodia។

Business Cambodia

បន្ថែមពីនេះ កាលពីថ្ងៃទី 6 ខែតុលា ឆ្នាំ2022 ក្រុមការងាររបស់ Business Cambodia បានរៀបចំសន្និសិទកាសែត ពិព័រណ៍មុខរបរ 2022 Startup Expo 2022 ក្នុងនោះ លោកម៉ង់ វណ្ណឌី ក៏បានមានប្រសាសន៍ថា “មូលហេតុដែល BizAdvisor សម្រេចចិត្តចូលរួមជាផ្នែកមួយក្នុងកម្មវិធីដ៏ល្អមួយនេះ ដោយសារតែយើងមើលឃើញពីគោលបំណងរួមមួយរវាង Business Cambodia និង BizAdvisor ក្នុងការបង្កើនគុណតម្លៃ និងប្រសិទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា​ឱ្យមានលក្ខណៈល្អប្រសើរឡើង។ ហេតុដូច្នេះហើយពិព័ណ៍មុខរបរឆ្នាំ 2022 នេះ នឹងផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងមធ្យមអាចធ្វើការបង្ហាញពីផលិតផលសេវាកម្មរបស់ខ្លួនទៅកាន់សាធារណៈជនដែលចូលរួមក្នុងពិព័ណ៍មុខរបរនេះ។”

ពិព័រណ៍មុខរបរ

ព័ត៌មានលម្អិត៖ https://www.facebook.com/profile.php?id=100082995109156

ពាណិជ្ជកម្ម

តើអ្វីជាយុទ្ធនាការថ្មីរបស់ H&M ក្នុងរដូវកាលបុណ្យឆ្នាំ 2022?

0
តើអ្វីជាយុទ្ធនាការថ្មីរបស់ H&M ក្នុងរដូវកាលបុណ្យឆ្នាំ 2022?

រដូវកាលបុណ្យចុងឆ្នាំជាពេលវេលាដែលមនុស្សគ្រប់គ្នាទទឹងរងចាំ ដើម្បីបានឈប់សម្រាកពីកិច្ចការងារទាំងអស់ ហើយមកជួបជុំគ្នាជាមួយនឹងមនុស្សជិតស្និទ្ធ ក្រុមគ្រួសារ និងមិត្តភក្តិ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកយីហោដ៏ធំ H&M ក្នុងប្រទេសឥណ្ឌាទាំង 49 ហាង កំពុងធ្វើឱ្យប្រជាជនឥណ្ឌាសម្រុកមកទិញសម្លៀកបំពាក់សម្រាប់រដូវកាលបុណ្យសម្រាប់ឆ្នាំនេះ ពី H&M យ៉ាងច្រើនកោះករ តាមរយៈយុទ្ធនាការថ្មីរបស់ក្រុមហ៊ុន H&M គឺការផ្តល់ជូននូវអាវធំ អាវយឺត រ៉ូប សំពត់ ខោ និងជាច្រើនទៀតដែលបានរចនាឡើងសម្រាប់ការប្រារព្ធពិធី ហើយវាក៏បានធ្វើឱ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។

ចំពោះយុទ្ធនាការថ្មីរបស់ H&M មានឈ្មោះថា “A Brighter Than Ever Celebration” ដែលសំដៅថា រដូវកាលបុណ្យឆ្នាំនេះ H&M នឹងធ្វើឱ្យអតិថិជនទាំងអស់មានភាពស្រស់ស្រាយ អារម្មណ៍ត្រចេះត្រចង់ និងស្ថិតនៅក្នុងភាពភ្លឺមួយដ៏រីករាយជាមួយមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ និងមិត្តភក្តិ។

H&M

ចំណុចពិសេសនៃយុទ្ធនាការថ្មីរបស់ H&M
  1. ធ្វើឱ្យមនុស្សមានការរំជើបរំជួល តាមរយៈការបង្ហាញពីការស្លៀកសម្លៀកបំពាក់បែបទាន់សម័យ និងមានស្ទាយឡូយៗ ព្រមទាំងបង្ហាញពីភាពរីករាយយ៉ាងខ្លាំងក្នុងការជួបជុំគ្រួសារ មិត្តភក្តិ និងការចូលរួមកម្មពិធីជប់លៀងបែបសប្បាយ។
  2. ការមានលក្ខណៈពិសេសលើសម្លៀកបំពាក់បុរស ស្ត្រី កុមារ និងរចនាសម្លៀកបំពាក់ប្រចាំថ្ងៃដែលមានតម្លៃសមរម្យរួមជាមួយនឹងម៉ូដបែបទាន់សម័យ។

ចំពោះយុទ្ធនាការថ្មីបានធ្វើឱ្យការលក់រាយរបស់ H&M កំពុងមានសន្ទុះនៃការលក់បានច្រើនសម្រាប់ឱកាសពិធីបុណ្យក្នុងឆ្នាំ 2022 នេះ។

ទស្សនាវីដេអូ តាមរយៈតំណភ្ជាប់ខាងក្រោម៖

https://www2.hm.com/en_in/life/culture/inside-h-m/festive-2022.html

ពាណិជ្ជកម្ម

តើទីផ្សារ​រថយន្ត​អគ្គិសនី​របស់​​ចិន នឹងបន្តរីកចម្រើនឬទេនាពេលអនាគត?

0
តើទីផ្សាររថយន្តអគ្គិសនីរបស់ចិន នឹងបន្តរីកចម្រើនឬទេនាពេលអនាគត?

កាលពីប្រាំឆ្នាំមុន ទីក្រុងប៉េកាំងនៃប្រទេសចិន បានបង្ហាញផែនការហាមឃាត់ការដាក់ឱ្យប្រើប្រាស់តាក់ស៊ីដំណើរការដោយឥន្ធនៈហ្វូស៊ីល ដែលជាហេតុធ្វើឱ្យសព្វ​ថ្ងៃ​នេះ រថយន្ត​រាប់​ពាន់គ្រឿងត្រូវ​ប្រើ​ថ្ម​ជំនួស​វិញ។ ដូច្នេះអ្នកបើកបរយានយន្តអគ្គិសនី (EVs) មិនចាំបាច់ព្រួយបារម្ភអំពីការខ្ជះខ្ជាយពេលវេលានៅឯស្ថានីយ៍សាកថ្មទៀតឡើយ ដោយគ្រាន់តែទៅស្ថានីយប្តូរថ្ម ដើម្បីដំឡើងសាកថ្មមួយផ្សេងទៀតក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហើយទាំងនេះគ្រាន់តែជាផ្នែកមួយនៃទីផ្សារដ៏សម្បូរបែប និងកំពុងរីកចម្រើនសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។

china's electric car market

កាលពីខែកក្កដា ឆ្នាំ2022 នេះ សមាគមរថយន្តដឹកអ្នកដំណើរចិនបានព្យាករណ៍ថា រថយន្ត EV ថ្មីចំនួន 6 លានគ្រឿងនឹងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិន ដែលជាការពិនិត្យឡើងវិញនៃការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន 5.5 លាន EV ដែលនឹងត្រូវលក់នៅឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា ជិតមួយភាគបួននៃរថយន្តទាំងអស់ដែលបានចុះបញ្ជីថ្មីនៅក្នុងប្រទេសចិនបច្ចុប្បន្ននេះ គឺសុទ្ធតែជារថយន្តកូនកាត់អគ្គិសនី ឬដោតឌុយ ដែលវាបង្ហាញថា ប្រទេសចិនកំពុងនាំមុខអឺរ៉ុប និងនាំមុខសហរដ្ឋអាមេរិកក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗទាំងនេះ។ បន្ថែមពីនេះ ចំនួនពាក់កណ្តាលនៃរថយន្ត EV របស់ពិភពលោកត្រូវបានលក់នៅក្នុងប្រទេសចិន។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រ BBC

ទោះបីជាទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិនកំពុងមានការរីកចម្រើនខ្លាំងក៏ដោយ ក៏វាកំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ ដោយមានក្រុមហ៊ុនជាច្រើនកំពុងប្រជែងគ្នាដណ្តើមយកទីផ្សាររថយន្តអគ្គីសនីនេះ។ សូម្បីតែក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះ Juneyao ក៏ចង់ចាប់ផ្តើមផលិតរថយន្តអគ្គិសនីផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលថ្មីៗនេះ។

កត្តាទាំងនេះហើយ ទើបមានសំណួរចោទធំៗចំនួនពីរ គឺទី1. តើភាពរីកចម្រើនលើទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិននឹងមានភាពស្ថិតស្ថេរឬទេ? និងទី2. តើ​វា​នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តអគ្គិសនីពិភពលោក​មាន​លក្ខណៈ​បែប​ណា?

Ana Nicholls នាយកផ្នែកវិភាគឧស្សាហកម្មនៅ Economist Intelligence Unit បាននិយាយថា “​វា​ពិបាក​ក្នុង​ការ​មើល​ឃើញ​ថា​តើ​ទីផ្សារ EV អាច​បន្ត​ពង្រីក​បាន​ក្នុង​អត្រា​បែបណា​នា​ពេល​អនាគត​” ។

ពាណិជ្ជកម្ម

ប្រវត្តិនៃការបង្កើតទូរស័ព្ទដំបូងគេបំផុតលើពិភពលោក

0

ទូរស័ព្ទចល័តដំបូងគេបំផុតនៅលើពិភពលោកត្រូវបានបង្កើតនៅឆ្នាំ 1973 ដោយក្រុមហ៊ុន Motorola កាលពីថ្ងៃទី 3 ខែមេសា ឆ្នាំ 1973 ដែលមានលោក Martin Cooper វិស្វករជនជាតិអាមេរិក ជាអ្នកដឹកនាំក្រុមក្នុងការបង្កើតទូរស័ព្ទដៃដំបូងគេ គឺទូរស័ព្ទចល័តស៊េរី DynaTAC 8000X មានទម្ងន់ 2.4 lb (1.1 គីឡូក្រាម) និងប្រវែង 9.1 x 5.1 x 1.8 in (23 x 13 x 4.5 cm) ហើយទូរស័ព្ទនេះ មានរយៈពេលនិយាយត្រឹមតែ 30នាទីប៉ុណ្ណោះ និងត្រូវការរយៈពេល 10 ម៉ោងដើម្បីបញ្ចូលថ្ម។ ចំពោះតម្លៃវិញ ទូរស័ព្ទ DynaTAC មានតម្លៃ $3,995 ដែលស្មើនឹង $10,000 នាពេលសព្វថ្ងៃនេះ។

DynaTAC

ដើមហេតុចម្បងនៃការបង្កើតទូរស័ព្ទដៃដំបូងគេ

នៅឆ្នាំ 1950 លោក Martin Cooper បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យា Illinois (IIT) នៅទីក្រុង Chicago។

នៅឆ្នាំ 1954 លោក Cooper បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Motorola ដោយគាត់បានធ្វើការលើគម្រោងជាច្រើនពាក់ព័ន្ធនឹងការទំនាក់ទំនងឥតខ្សែ ដូចជាប្រព័ន្ធភ្លើងចរាចរណ៍ដែលគ្រប់គ្រងដោយវិទ្យុដំបូងគេនៅឆ្នាំ 1960 និងវិទ្យុប៉ូលីសយួរដៃដំបូងគេបង្អស់នៅឆ្នាំ 1967។ ក្រោយមកគាត់បានធ្វើជាអនុប្រធាន ជានាយកស្រាវជ្រាវ និងអភិវឌ្ឍន៍ (1978-83) សម្រាប់ក្រុមហ៊ុន។ បន្ថែមពីនេះ គាត់ក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពី IIT កាលពីឆ្នាំ 1957 ផងដែរ។

នៅក្នុងឆ្នាំ 1946 ទូរស័ព្ទចល័តត្រូវបានណែនាំឱ្យប្រើប្រាស់ដំបូងដោយក្រុមហ៊ុនទូរគមនាគមន៍ និងតេឡេក្រាមអាមេរិក (AT&T) ដោយទូរស័ព្ទនោះមានតែ11-12 ប៉ុស្ដិ៍ប៉ុណ្ណោះដែលអាចប្រើប្រាស់បានក្នុងការទំនាក់ទំនងគ្នា ដូច្នេះអ្នកប្រើប្រាស់ជារឿយៗត្រូវរង់ចាំដើម្បីប្រើប្រាស់ប្រព័ន្ធនេះ។ ភាពទន់ខ្សោយមួយទៀតនៃទូរស័ព្ទដែលណែនាំដោយ AT&T គឺត្រូវការថាមពលដើម្បីដំណើរការបានដោយត្រូវផ្គត់ផ្គង់ដោយថ្មរថយន្តតែប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យមិនមានទូរស័ព្ទចល័តពិតប្រាកដក្នុងការប្រើប្រាស់ ដោយមានតែទូរស័ព្ទរថយន្តប៉ុណ្ណោះ។

ក្រុមហ៊ុន Motorola មិនចង់ឱ្យ AT&T មានភាពសិទ្ធិផ្តាច់មុខលើទូរសព្ទដៃនោះទេ ដូច្នេះក្រុមហ៊ុនក៏ផ្ដល់ទំនួលខុសត្រូវលើគម្រោងបន្ទាន់ដើម្បីអភិវឌ្ឍន៍ទូរស័ព្ទដៃមកលើលោក Cooper។ លោក Cooper ក៏ចាប់ផ្ដើមគិតថា ទូរស័ព្ទមិនគួរប្រើប្រាស់បានតែនៅលើឡានទេ គួរតែអាចដាក់តាមខ្លួនបាន ដូច្នេះហើយ ជាលទ្ធផល គាត់បានផលិតទូរស័ព្ទដៃដែលអាចផ្ដាច់ចេញពីរថយន្ត ហើយអាចដាក់តាមខ្លួនបាន គឺទូរស័ព្ទស៊េរីដំបូងគេឈ្មោះថា DynaTAC។ បន្ទាប់មក លោក Cooper ចាប់ផ្ដើមធ្វើតេស្តសាកល្បងក្នុងការដំណើរការទូរស័ព្ទដៃនោះ ដោយគាត់បានធ្វើការខលទំនាក់ទំនងជាសាធារណៈលើកដំបូងទៅកាន់ វិស្វករ Joel Engel ដែលជាប្រធានគម្រោងគូប្រជែងរបស់ AT&T ហើយជាលទ្ធផលវាពិតជាដំណើរការពិតប្រាកដមែន ដែលជាភាពជោគជ័យរបស់លោក Cooper។

នៅថ្ងៃទី 3 ខែមេសា ឆ្នាំ 1973 លោក Cooper បានធ្វើការណែនាំទូរស័ព្ទ DynaTAC នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក។

ពាណិជ្ជកម្ម

តើ Foodpanda រកលុយបានពីប្រភពណាខ្លះ?

0
តើ Foodpanda រកលុយបានពីប្រភពណាខ្លះ?

Foodpanda គឺជាវេទិកាសម្រាប់កម្ម៉ង់ និងដឹកអាហារ គ្រឿងទេសជាច្រើនតាមតម្រូវការនៅលើអ៊ីនធឺណិត ហើយគ្រប់គ្រងដោយលោក Delivery Hero។ បន្ថែមពីនេះ អ្វីដែលជាអត្ថប្រយោជន៍ខ្លាំងបំផុតនៃគំរូអាជីវកម្ម Foodpanda ផ្ដល់ជូនអតិថិជននោះគឺ ជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មដឹកជញ្ជូនអាហារតាមអ៊ីនធឺណិតកម្រិតខ្ពស់ ការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែប្រសើរ ការចូលរួមរបស់អ្នកប្រើប្រាស់ និងគាំទ្រភោជនីដ្ឋានក្នុងស្រុក។

សកម្មភាពជាច្រើនដែលក្រុមហ៊ុនយក្សមួយនេះបានធ្វើទាំងទីផ្សារ និងប្រតិបត្តិការសំខាន់នានាក្នុងការអាជីវកម្ម ដើម្បីធ្វើឱ្យ Foodpanda កាន់តែរីកចម្រើនខ្លាំងនៅលើទីផ្សារពិភពលោក។ ទោះបីជាយ៉ាងនេះក្ដី តើអ្នកដឹងទេថា Foodpanda បានរកប្រាក់ចំណូលពីប្រភពណាខ្លះ? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញ។

1. ថ្លៃចុះឈ្មោះភោជនីយដ្ឋាន

គ្រប់ភោជនីដ្ឋានទាំងអស់ដែលចង់ដាក់លក់ជាមួយវេទិកា Foodpanda គឺក្រុមហ៊ុន Foodpanda ទាមទារឱ្យភោជនីដ្ឋាននោះធ្វើការបង់ថ្លៃលើការចុះឈ្មោះជាមុនសិន។ ចំពោះតម្លៃនៃការចុះឈ្មោះ គឺចន្លោះពី 100$ ទៅ 150$។

2. កម្រៃជើងសារ (Commission)

ភោជនីយដ្ឋានត្រូវបង់កម្រៃជើងសារទៅឱ្យ Foodpanda រាល់ការបញ្ជាទិញនីមួយៗដែលពួកគេទទួលបានតាមរយៈវេទិកា។ ពួកគេត្រូវបង់ពី 15 ទៅ 25% ទៅឱ្យ Foodpanda ជាមួយនឹងពន្ធទាំងអស់។ កម្រៃជើងសារ ត្រូវបានកំណត់ដោយផ្អែកលើទីតាំងរបស់ភោជនីយដ្ឋាន បរិមាណ និងប្រភេទនៃការបញ្ជាទិញដែលភោជនីយដ្ឋានទទួលបាននៅលើវេទិការបស់ Foodpanda។

3. ថ្លៃដឹកជញ្ជូន

រាល់អតិថិជនដែលបញ្ជាទិញតាមរយៈវេទិកា Foodpanda គឺត្រូវគិតថ្លៃដឹកជញ្ជូនទាំងអស់ ដោយថ្លៃដឹកជញ្ជូននេះអាស្រ័យលើចម្ងាយដែលត្រូវធ្វើដំណើររវាងអតិថិជន និងទីតាំងភោជនីយដ្ឋាន។

4. ការផ្សាយពាណិជ្ជកម្ម

ម្ចាស់អាជីវកម្មជាច្រើននាក់ដែលប្រើប្រាស់ Foodpanda ដើម្បីផ្សាយពាណិជ្ជកម្មក្នុងគោលបំណងជួយពួកគេឱ្យបង្កើនភាពមើលឃើញដល់អតិថិជន។ អាជីវកម្មទាំងនោះ ត្រូវបង់ថ្លៃថេរ ដើម្បីផ្សាយពាណិជ្ជកម្មម៉ាករបស់ខ្លួននៅលើវេទិកា Foodpanda។

5. ការជាវ (Subscriptions)

ក្រុមហ៊ុន Foodpanda បានបង្កើត Pandapro ដែលវា​ត្រូវ​បាន​ផ្តល់​នូវ​កម្មវិធី​ជាវ​ប្រចាំ​ខែ​សម្រាប់​អ្នក​ប្រើ​ប្រាស់ទាំងអស់ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង និង​អត្ថប្រយោជន៍​ផ្តាច់​មុខ។ ចំពោះអត្ថប្រយោជន៍ រួមមានការដឹកជញ្ជូនដោយឥតគិតថ្លៃ ការចូលទៅកាន់ការបញ្ចុះតម្លៃ និងប័ណ្ណទូទាត់ផ្សេងៗ។ បន្ថែមពីនេះ ចំពោះតម្លៃនៃការជាវ (Subscriptions) គឺគិតថ្លៃអាស្រ័យលើប្រទេស រស់នៅរបស់អតិថិជន។

6. ប្រាក់ចំណូលសម្ព័ន្ធ

នៅក្នុងចំណុចនេះ សំដៅលើការរកប្រាក់ចំណូលតាមរយៈ Foodpanda បង្កើតការណែនាំលើប័ណ្ណឥណទានផ្សេងៗរបស់ធនគារ ដើម្បីជំរុញប្រតិបត្តិការ ការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃលើកាតរបស់ធនាគារទាំងនោះ។

ពាណិជ្ជកម្ម

ហេតុអ្វីហាងកាហ្វេ Costa ពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

0
ហេតុអ្វីហាងកាហ្វេ Costa ពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

ហាងកាហ្វេ Costa មិនត្រឹមតែមានភាពពេញនិយមបំផុតនៅចក្រភពអង់គ្លេសប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មានប្រជាប្រិយភាពលំដាប់ពិភពលោកផងដែរ។ ហាងកាហ្វេ Costa បានបង្កើតឡើងតាំងពីឆ្នាំ 1971 ដោយលោក Sergio Costa ព្រមទាំងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Coca-Cola ដោយសារក្រុមហ៊ុនកូកា ធ្វើការទិញយក Costa ក្នុងគោលបំណងពង្រីកសក្ដាពុលហាងកាហ្វេនេះឱ្យកាន់តែរីកចម្រើនកាលពីឆ្នាំ 2019។

នៅក្នុងការស្ទង់មតិជាមួយអ្នកប្រើប្រាស់ជនជាតិអង់គ្លេសជាង 4000 នាក់ ហាងកាហ្វេ Costa បានជាប់ចំណាត់ថ្នាក់កំពូលក្នុងរយៈពេល 12 ឆ្នាំជាប់ៗគ្នា ដែលជាហាងកាហ្វេពេញនិយមខ្លាំងជាងគេនៅចក្រភពអង់គ្លេស។ នេះបើយោងតាមការផ្សព្វផ្សាយពីគេហទំព័រ Global Coffee Report។

costa coffee

ហេតុអ្វីហាងកាហ្វេ Costa មានភាពពេញនិយមបំផុតនៅចក្រភពអង់គ្លេស?

1. បទពិសោធន៍អតិថិជន

Costa បានសិក្សាស្រាវជ្រាវដើម្បីឈ្វេងយល់ពីអតិថិជន ក្នុងគោលបំណងបង្កើតបទពិសោធន៍ល្អៗនៅក្នុងហាងរបស់ Costa សម្រាប់គ្រប់សាខា។ ការបង្កើតបទពិសោធន៍ជាមួយអតិថិជននោះ Costa បានកែលម្អលើទំនាក់ទំនងដោយផ្ទាល់នៅលើម៉ឺនុយ និងការផ្ដល់សេវាកម្មឱ្យបានល្អនៅក្នុងហាង។

2. ធ្វើទីផ្សារបែបច្នៃប្រឌិត

កេរ្តិ៍ឈ្មោះកាហ្វេ Costa រយៈពេល 50 នេះ Costa នៅតែបន្តលើភាពឈានមុខគេផ្នែកធ្វើទីផ្សារបែបច្នៃប្រឌិត តាមរយៈការបង្កើតហាងដែលមានទម្រង់ថ្មី ការរួមបញ្ចូលនូវឌីជីថល និងផលិតផលថ្មីៗ។ ជាក់ស្ដែងកាលពីឆ្នាំ 2021 Costa Express បានដំឡើងម៉ាស៊ីនចំនួន 1325 បន្ថែមទៀត ហើយបានបើកដំណើរការម៉ាស៊ីន Costa Express Hot និង Iced Drinks ដំបូងបង្អស់របស់ខ្លួន ដែលជាម៉ាស៊ីនឆុងកាហ្វេដាក់បញ្ចូលដោយខ្លួនឯងដំបូងគេបង្អស់របស់ពិភពលោកដោយផ្តល់នូវភេសជ្ជៈក្តៅ និងទឹកកកគុណភាពជាង 500 មុខរបស់ Barista។ ហើយនេះ ជាអ្វីដែល ហាងកាហ្វេ Costa ធ្វើឱ្យទីផ្សារនៃហាងកាហ្វេរបស់ខ្លួនកាន់តែមានភាពច្នៃប្រឌិតខ្ពស់ និងមានការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអតិថិជននៅចក្រភពអង់គ្លេស។

3. Costa ផ្តល់ការគាំទ្រដល់សហគមន៍ដែលដាំកាហ្វេ

គ្រាប់កាហ្វេទាំងអស់មានប្រភពមកពីសមាគមន៍ដែលមានទីតាំងមួយឈ្មោះថា “ខ្សែក្រវ៉ាត់កាហ្វេ” ដូច្នេះហើយ Costa ក៏បានចូលរួមចំណែកក្នុងការអប់រំ និងធ្វើកិច្ចការងារសង្គមនៅតំបន់នោះ ហើយផ្ដល់ការគាំទ្ររយៈពេលវែងសម្រាប់សមាគមន៍ដាំកាហ្វេ តាមរយៈការផ្ដល់ជំនួយជាហិរញ្ញវត្ថុដើម្បីសាងសង់សាលារៀន ការពង្រីកអគារសិក្សា ឬបំពាក់សាលារៀនជាមួយកុំព្យូទ័រ។

តាមរយៈមូលនិធិរបស់ Costa ក្រុមហ៊ុនបានជួយសាងសង់សាលារៀនជាង 100 នៅក្នុងប្រទេសកូឡុំប៊ី អេត្យូពី ហ្គាតេម៉ាឡា ហុងឌូរ៉ាស នីការ៉ាហ្គា ប៉េរូ អ៊ូហ្គង់ដា វៀតណាម និងសំប៊ី។ មូលនិធិបានផ្តល់មូលនិធិដល់ការបណ្តុះបណ្តាលគ្រូ និងការស្នាក់នៅ ការទិញកុំព្យូទ័រ និងការទទួលបានអគ្គិសនី និងការផ្គត់ផ្គង់ទឹក។ វាក៏បានជួយសហគមន៍ដែលផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងការដាំដុះដំណាំរបស់ពួកគេ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ទាំងនេះហើយ ទើប Costa អាចមានការផ្គត់ផ្គង់គ្រាប់កាហ្វេបានគ្រប់គ្រាន់ និងល្អៗ។

ពាណិជ្ជកម្ម

របៀបដែល H&M ទទួលបានជោគជ័យនៅលើទីផ្សារពិភពលោក

0
របៀបដែល H&M ទទួលបានជោគជ័យនៅលើទីផ្សារពិភពលោក

H&M គឺជាក្រុមហ៊ុនឈានមុខគេក្នុងផ្នែកម៉ូដទាន់សម័យលឿនបំផុត (Fast Fashion) ដោយអាចផលិតសម្លៀកបំពាក់ទាន់សម័យបានយ៉ាងឆាប់រហ័ស មានគុណភាព និងមានតម្លៃថោកសមរម្យ ព្រមទាំងជាដៃគូរប្រកួតប្រជែងជាមួយ Zara និង Forever 21។

H&M ត្រូវបានបង្កើតឡើងលើកដំបូងក្នុងឆ្នាំ 1947 ដោយលោក Erling Persson នៅ Västerås នៃប្រទេសស៊ុយអែត ដោយផ្ដោតខ្លាំងលើសម្លៀកបំពាក់សម្រាប់ស្ដ្រីទាំងស្រុង ព្រមទាំងមានឈ្មោះដើមថា “Hennes”។ នាពេលបច្ចុប្បន្ននេះ H&M ទទួលបានភាពជោគជ័យខ្លាំងនៅលើទីផ្សារពិភពលោក។ តើអ្វីដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានភាពជោគជ័យ? ខ្លឹមសារខាងក្រោមនេះនឹងបង្ហាញនូវកត្តាមួយចំនួនដែលធ្វើឱ្យ H&M ទទួលបានភាពជោគជ័យនៅលើទីផ្សារពិភពលោក។

1. កន្លែងដែលមានតម្លៃថោកសមរម្យបំផុត

គំនិតអាជីវកម្មរបស់ H&M គឺច្បាស់លាស់ សាមញ្ញ និងភាពមិនគួរឱ្យជឿ ដោយជាកន្លែងមួយដែលមានម៉ូដទាន់សម័យ និងគុណភាពក្នុងតម្លៃល្អបំផុត។ H&M ផលិតសម្លៀកបំពាក់សម្រាប់បុរស ស្រី្ត និងកុមារ ដែលត្រូវបានបង្កើតឡើងចុងក្រោយនៃម៉ូដទាន់សម័យក្នុងទីផ្សារ និងមានស្ទាយស្អាតៗ។

គួរបញ្ជាក់ផងដែរថា H&M មានលក់គ្រប់ម៉ូដដែលជាតម្រូវការក្នុងទីផ្សារ ដូចជាសម្លៀកបំពាក់បុរាណ ខោអាវហែលទឹក សម្លៀកបំពាក់កីឡា សម្លៀកបំពាក់ឆើតឆាយសម្រាប់រាត្រីពិធីជប់លៀង រួមជាមួយនឹងម៉ូដដែលត្រូវគ្នា ឬជាឈុតរបស់វាផងដែរ ដូចជាស្បែកជើង និងជាច្រើនទៀតដោយមានតម្លៃសមរម្យទាំងអស់។

បន្ថែមពីនេះ H&M តែងតែប្រកាន់ភ្ជាប់នូវភាពជាប់លាប់ និងរក្សាអ្វីដែលក្រុមហ៊ុនផ្ដល់ជូន ដូចជាម៉ូដទាន់សម័យ និងគុណភាពក្នុងតម្លៃល្អដល់អតិថិជន។ កត្តាទាំងនេះហើយ ដែលអតិថិជនមិនដែលខកបំណងជាមួយ H&M និងនៅតែបន្តគាំទ្រ រហូតជ្រៀតចូលជុំវិញទីផ្សារពិភពលោក។

2. យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មរឹងមាំ

យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ H&M គឺការផ្សព្វផ្សាយពោរពេញដោយការយល់ដឹង និងចំគោលដៅ ដោយ H&M បានវាយលុកធ្វើទីផ្សារនៅទីស្នាក់ការកណ្ដាលនៃរដ្ឋធានី Stockholm ដែលជាទីក្រុងធំបំផុតរបស់ប្រទេសស៊ុយអែត។

H&M តែងតែបង្ហាញនូវម៉ូដែលម៉ូដនានា ដោយមានស្ទាយផ្សេងៗគ្នា ប្រកាន់នូវវប្បធម៌នៃតំបន់នោះ និងតែងតែផ្សព្វផ្សាយយ៉ាងទៀងទាត់។ លើសពីនេះ ក៏មានការធ្វើវីដេអូបង្ហាញគំរូនៃការស្លៀកពាក់ទៅតាមម៉ូដ ដែលជាហេតុធ្វើឱ្យមានការចូលចិត្តខ្លាំងពីសំណាក់អតិថិជន ដោយពួកគេចាប់ផ្ដើមយកគំរូរតាមការបង្ហាញលើការស្លៀកពាក់តាមស្ទាយនានារបស់ H&M។

3. ផ្ដោតលើការធ្វើឱ្យ H&M មានឥទ្ធិពលខ្លាំងលើទីផ្សារ

H&M បានផ្ដោតខ្លាំងលើការផ្សព្វផ្សាយពាក់ព័ន្ធនឹងសកម្មភាពប្រចាំថ្ងៃរបស់អតិថិជន ដោយចូលរួមជាមួយនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីសរសេរអំពីការប្រមូលផ្ដុំ Conscious នៅលើប្លុកម៉ូដ និងរបៀបរស់នៅ។ ហើយនេះ ក៏ជាយុទ្ធសាស្រ្តនិយាយពីមាត់មួយទៅមាត់មួយរបស់ H&M។

ពាណិជ្ជកម្ម

តើការបង្កើតមាតិកា នឹងមានអនាគតបែបណានាពេលខាងមុខ?

0
តើការបង្កើតមាតិកា នឹងមានអនាគតបែបណានាពេលខាងមុខ?

នៅក្នុងយុគសម័យនេះ នៅទូទាំងពិភពលោកកំពុងមានមនុស្សចាប់អារម្មណ៍ខ្លាំងលើការបង្កើតមាតិកា ហើយក៏មានមនុស្សជាច្រើនកំពុងធ្វើវា ព្រមទាំងទទួលបានចំណូល និងជោគជ័យច្រើននាក់ផងដែរ។ បន្ថែមពីនេះ បើយោងតាមពាក្យសម្ដីរបស់លោក Nuseir Yassin ដែលជាអគ្គនាយកនៃក្រុមហ៊ុន Nas Daily ហើយគាត់ត្រូវបានគេស្គាល់ជាលើកដំបូងសម្រាប់ការបង្ហោះវីដេអូរយៈពេលមួយនាទីជារៀងរាល់ថ្ងៃរយៈពេល 1,000 ថ្ងៃ ដោយគាត់បាននិយាយថាអ្នកបង្កើតមាតិកា នឹងក្លាយជាសហគ្រិន និងជាគ្រូបង្វឹកដ៏ល្អនៅលើបណ្ដាញសង្គមនាពេលអនាគត។

តើអ្នកដឹងទេថា ការបង្កើតមាតិកា នឹងបន្តមានទីផ្សារការងារខ្ពស់នាពេលអនាគត? ហើយវាក៏នឹងក្លាយជាឱកាសល្អក្នុងការបង្កើតចំណូលខ្ពស់សម្រាប់អ្នកដែលជាអ្នកបង្កើតមាតិកា។ ហេតុអ្វី?

content creator

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផល និងបង្ហាញនូវអនាគតមួយចំនួននៃការបង្កើតមាតិកានៅលើទីផ្សារពិភពលោក។

1. ការកើនឡើងនូវតម្រូវការខ្ពស់

នាពេលថ្មីៗនេះ និងនាពេលអនាគត ចំនួនអ្នកបង្កើតមាតិកានៅក្នុងទីផ្សារមិនថានៅកម្ពុជា និងទូទាំងពិភពលោកនោះទេ នឹងកំពុងមានកំណើនច្រើនលើសលប់ដែលមិនធ្លាប់មានពីមុនមក ហើយវានឹងបង្ករឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ ដោយសារតែមានមាតិកាកាន់តែច្រើនត្រូវបានផលិតជារៀងរាល់ថ្ងៃនៅលើប្រព័ន្ធអនឡាញ ដូច្នេះអ្នកប្រើប្រាស់នឹងក្លាយជាអ្នកជ្រើសរើស ហើយគ្រាន់តែចង់បានព័ត៌មានដែលមានគុណភាពខ្ពស់ដើម្បីមើល ស្តាប់ ឬអាន។

កត្តានេះហើយ បើអ្នកជាអ្នកបង្កើតមាតិកា ហើយអ្នកចង់ឈរនៅលើទីផ្សារឱ្យបានយូរអង្វែង និងអាចចាប់ឱកាសបង្កើតប្រាក់ចំណូលខ្ពស់ អ្នកត្រូវតែបង្កើតមាតិកាដែលមានភាពលេចធ្លោខុសពីការបង្កើតមាតិកាផ្សេងៗ តាមរយៈការបង្កើតខ្លឹមសារដែលជំរុញគុណតម្លៃប្រកបដោយភាពច្នៃប្រឌិតលើអ្វីមួយ ដើម្បីធ្វើឱ្យវាមានភាពទាក់ទាញដល់អ្នកប្រើប្រាស់ និងជំរុញការលក់លើផលិតផលឬសេវាកម្មនោះ។

2. អាជីវកម្មត្រូវការមាតិកាសម្រាប់ការរីកចម្រើន

អ្នកធ្វើអាជីវកម្មភាគច្រើនតែងតែនិយាយថា អតិថិជនគឺជាស្ដេច ហើយការធ្វើទីផ្សារលើប្រព័ន្ធអ៊ីនធឺណិត គឺមាតិកា គឺជាស្ដេច ដូច្នេះមាតិកាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញអាជីវកម្មលើគ្រប់វិស័យឱ្យមានភាពរីកចម្រើន។

ហេតុអ្វីមាតិកាសំខាន់ក្នុងការជួយអាជីវកម្មឱ្យរីកចម្រើន? ដោយសារនាពេលបច្ចុប្បន្នមនុស្សចាប់ផ្ដើមពេញនិយមក្នុងការសិក្សាស្រាវជ្រាវតាមអ៊ីនអឺណិត មុនពេលពួកគេសម្រេចចិត្តទិញ ឬធ្វើអ្វីមួយ ដោយពួកគេពឹងផ្អែកខ្លាំងលើព័ត៌មានដែលពួកគេទទួលបានពីអ៊ីនធឺណិត។ ហេតុដូចនេះ ទើបអាជីវកម្មភាគច្រើនត្រូវការការបង្កើតមាតិកា ដើម្បីជួយអាជីវកម្មរបស់ពួកគេឱ្យទទួលបានអតិថិជនកាន់តែច្រើន និងជំរុញឱ្យមានប្រាក់ចំណេញខ្ពស់ដល់ក្រុមហ៊ុន។

ទម្រង់មាតិកាដែលអាជីវកម្មភាគច្រើនត្រូវការ រួមមានការផលិតវីដេអូ ការសរសេរសារចិត្តសាស្រ្តខ្លីៗ និងការបង្កើតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។

3. ការបង្កើតមាតិកាទាមទារឱ្យមនុស្សជាអ្នកធ្វើ

ហេតុនេះ ចំពោះអ្នកដែលកំពុងប្រឡូកលើការបង្កើតមាតិកា ចូរកុំបារម្ភថាអនាគតគ្មានទីផ្សារការងារ គឺក្រុមហ៊ុននានាមិនថាខ្នាតធំ តូច និងមធ្យមនោះទេ សុទ្ធតែត្រូវការអ្នកបង្កើតមាតិកាសម្រាប់ក្រុមហ៊ុនរបស់ពួកគេ ហើយការបង្កើតមាតិកានេះ មានតែមនុស្សប៉ុណ្ណោះដែលអាចធ្វើវាបាន មិនមែនអាចឱ្យមនុស្សយន្តមកធ្វើជំនួសបានឡើយ ពីព្រោះការបង្កើតមាតិកាត្រូវតែបត់បែន និងច្នៃប្រឌិតជានិច្ច។

ពាណិជ្ជកម្ម

មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

0
មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

ប្រទេសមួយរីកចម្រើនឆាប់រហ័ស លុះត្រាតែប្រទេសនោះសម្បូរដោយធនធានមនុស្សខ្លាំង និងសហគ្រិនពូកែៗច្រើន។ ធនធានមនុស្សខ្លាំង និងសហគ្រិនពូកែ ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែរីកចម្រើន និងមានការវិវត្តន៍ខ្លាំង ជាពិសេសសហគ្រិនដែលពួកគេនឹងជួយផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក និងផ្ដល់ប្រាក់ចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធជាដើម។

នៅកម្ពុជាក៏សម្បូរដោយសហគ្រិនពូកែច្រើនដែរ ដោយជួយធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដំណើរការបានកាន់តែល្អ។ បន្ថែមពីនេះ អ្វីដែលគួរឱ្យរំភើបទៀតនោះ ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដែលបង្កើតឡើងដោយកូនខ្មែរ គឺលោកឧកញ៉ាសួរ វីរៈ ក៏បានពង្រីកទីផ្សារចូលមកកាន់ទឹកដីប្រទេសថៃ ដោយមានទីតាំងនៅចំកណ្ដាលទីក្រុងបាងកក។ នេះបើយោងតាមការប្រកាសផ្សព្វផ្សាយចេញពីទំព័រផ្លូវការរបស់លោកឧកញ៉ាសួរ វីរៈ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 ។

នៅក្នុងការផ្សព្វផ្សាយនោះ លោកឧកញ៉ា សួរ វីរៈ ក៏បានសរសេរសារបង្ហោះមួយចំនួនដែរថា “មោទនភាពជាតិខ្មែរ ហើយយើងនៅតែបន្តលើកទង់ជាតិ និងភាសាខ្មែរលើទឹកដីបរទេស ដោយយើងសង្កេតឃើញថា គ្រប់មុខជំនួញតែងតែចង់បានចំណូលសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនវីរ:ប៊ុនថាំមិនត្រឹមតែរកចំណូលដល់ក្រុមហ៊ុននោះទេ តែក៏បាននាំមកនូវមុខមាត់ជូនដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទៀតផង ដោយកន្លែងមកយើងទទួលការមើលងាយពីបរទេស និងប្រទេសជិតខាងយូរណាស់មកហើយ តែខ្ញុំនៅតែជឿជាក់ថា ប្រជាជនកម្ពុជាពិតជាមានចំណេះដឹង និងភាពវៃឆ្លាតមិនចាញ់បរទេសនោះឡើយ ទោះបីជាប្រទេសបានឆ្លងកាត់សង្គ្រាមដ៏ជូរចត់យ៉ាងណាក៏ដោយ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ដែលកំពុងមានការនិយមខ្លាំងនៅប្រទេសកម្ពុជា។ នៅឆ្នាំ2022 នេះ ក្រុមហ៊ុនវីរៈប៊ុនថាំបានពង្រីកសាខាទូទាំងប្រទេសបានច្រើនជាង 700 សាខាក្នុងប្រទេសកម្ពុជា និងរួមមានសាខានៅប្រទេសថៃ វៀតណាមផងដែរ។

ពាណិជ្ជកម្ម

តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

0
តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

ការដែលអាចចាប់ផ្ដើមអាជីវកម្មឱ្យដំណើរការបាន ទាមទារឱ្យមានផ្នែកជាច្រើនចូលរួមជួយជ្រោមជ្រែង ដូចជាធនធានមនុស្ស ដើមទុនជាសាច់ប្រាក់ របៀបដឹកនាំគ្រប់គ្រងចាត់ចែង និងជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់មុនគេក្នុងការចាប់ផ្ដើមអាជីវកម្ម គឺត្រូវមានគំនិតអាជីវកម្មជាមុនសិន។ ការមានគំនិតអាជីវកម្ម ទើបមានការចាប់ផ្ដើមធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវទីផ្សាគោលដៅ។

បន្ទាប់ពីមានគំនិតអាជីវកម្មហើយ គឺឈានដល់ការយកគំនិតអាជីវកម្មនោះប្រឡូកចូលក្នុងទីផ្សារ។ តើត្រូវប្រឡូកចូលក្នុងទីផ្សារបែបណា?

ឆ្លងតាមការធ្វើបទសម្ភាសន៍ជាមួយលោក ពេជ្រ វិសាល សហស្ថាបនិកនៃក្រុមហ៊ុន The Boxes គឺលោកបានឆ្លើយតបមកកាន់ក្រុមការងាររបស់គេហទំព័រគំនិតថា “ការមានគំនិតអាជីវកម្ម គឺនរណាៗក៏អាចមានដែរ ប៉ុន្តែមិនប្រាកដថាអ្នកមានគំនិតអាជីវកម្មនោះ អាចយកគំនិតអាជីវកម្មដែលខ្លួនមានមកប្រឡូកចូលក្នុងទីផ្សារជាក់ស្ដែងបានជោគជ័យឡើយ ហេតុនេះហើយបើតាមបទពិសោធន៍របស់ខ្ញុំ គឺយើងត្រូវតែមានអ្នកជួយបង្ហាញផ្លូវ(Mentor) និងត្រូវសិក្សាពីតម្រូវការទីផ្សារលើវិស័យដែលយើងកំពុងចង់ចាប់ផ្ដើមនោះឱ្យបានច្បាស់”។

គួរបញ្ជាក់ផងដែរ មុននឹងលោក ពេជ្រ វិសាល ចាប់ផ្ដើមបង្កើត The Boxes ដែលជាគេហទំព័រផ្ដល់សេវាកម្មរចនាប្រអប់វេទខ្ចប់បែបបរិស្ថាននេះឡើង គឺដំបូងឡើយលោកជានិស្សិតដែលទើបបញ្ចប់ការសិក្សារជំនាញកសិកម្មពីប្រទេសវៀតណា​ម ព្រមទាំងបានសម្លឹងឃើញឱកាសលើវិស័យ ecommerce ដែលអាចឱ្យមនុស្សធ្វើការបញ្ជាអីវ៉ាន់តាមវេបសាយចូលមកកាន់ប្រទេសកម្ពុជា។ បន្ទាប់លោកក៏ចាប់ផ្ដើមសិក្សាបន្ថែមពីតម្រូវការទីផ្សារលើការរចនាប្រអប់ និងស្វែងរកអ្នកជួយបង្ហាញផ្លូវ (Mentor) ក្នុងការចាប់ផ្ដើមអាជីវកម្មនេះ។ លោកវិសាល ក៏បានបង្ហើបដែរថា នៅឆ្នាំក្រោយ The Boxes នឹងពង្រីកខ្លួនចូលទីផ្សារនៅប្រទេសវៀតណាម។

ពាណិជ្ជកម្ម

តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

0
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

នៅពេលគិតអំពីការចាប់ផ្ដើមអាជីវកម្ម មនុស្សជាច្រើនច្បាស់ណាស់ ពួកគេនឹងគិតថា ការដែលអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺត្រូវការលុយរាប់សែនដុល្លារ។ ជាក់ស្ដែងបើយោងតាមសៀវភៅ The $100 Startup របស់លោក Chris Guillebeau បានសរសេរបង្ហាញថា ការចាប់ផ្ដើមអាជីវកម្ម គឺវាត្រូវការលុយត្រឹមតែ 100$ ប៉ុណ្ណោះ។ បន្ថែមពីនេះ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររបស់ “គំនិត” គឺបានឱ្យដឹងថា ការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺអាចចាប់ផ្ដើមដោយគ្មានលុយក៏បាន គ្រាន់តែទាមទារដើមទុនជាចំណេះដឹងក្នុងការវិនិយោគលើអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ ហើយក៏អាចចាប់ផ្ដើមអាជីវកម្មក្នុងទំហំសាច់ប្រាក់ណាមួយឱ្យសមស្របតាមប្រភេទអាជីវកម្ម និងទំហំអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។

ហេតុដូច្នេះ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្ម ហើយមិនដឹងថាត្រូវការលុយប៉ុន្មានក្នុងការចាប់ផ្ដើមបាន គឺជំហានដំបូងអ្នកត្រូវដឹងថា អ្នកចង់ចាប់ផ្ដើមអាជីវកម្មអ្វី? ទំហំអាជីវកម្មកម្រិតណា? ហើយត្រូវការអ្វីខ្លះដើម្បីអាចចាប់ផ្ដើមបាន? ជាពិសេសការសរសេរផែនការអាជីវកម្ម ដើម្បីដឹងឱ្យបានច្បាស់ថា អ្នកនឹងធ្វើអ្វី និងត្រូវការចំណាយលើអ្វីខ្លះ? បន្ទាប់មកអ្នកនឹងដឹងយ៉ាងច្បាស់ថា អ្នកត្រូវការដើមទុនអ្វីខ្លះ ឬលុយប៉ុន្មានក្នុងការចាប់ផ្ដើម មិនមែនចាំមានលុយរាប់សែនដុល្លារឬលើសនេះ ទើបអាចចាប់ផ្ដើមអាជីវកម្មមួយបានទេ គឺអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន ចាប់ពីការគ្មានលុយក៏បាន សំខាន់គឺលើអ្នក ថាតើអ្នកជឿជាក់ក្នុងការធ្វើអាជីវកម្មនោះកម្រិតណា? ហើយចាប់ផ្ដើមវាដោយរបៀបណា? តើនរណានឹងជួយអ្នក?។ល។

ការចាប់ផ្ដើមអាជីវកម្មដ៏ល្អដំបូងគេ ចូរកុំទាន់ផ្ដោតគិតថា តើត្រូវមានលុយប៉ុន្មានដើម្បីចាប់ផ្ដើមអាជីវកម្ម? ប៉ុន្តែត្រូវផ្ដោតគិតដំបូងគេ លើចំណុចដូចខាងក្រោម៖

  1. តើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើផលិតផលឬសេវាកម្មអ្វី?
  2. ហេតុអ្វីអ្នកចង់ចាប់ផ្ដើមគំនិតអាជីវកម្មនោះ?
  3. ចាប់ផ្ដើមសិក្សាទីផ្សារ និងសរសេរផែនការអាជីវកម្មឱ្យបានជាក់លាក់
  4. វិនិយោគលើការកសាងម៉ាកយីហោផ្ទាល់ខ្លួន
  5. ពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការធ្វើអាជីវកម្មនោះ
  6. ចាប់ផ្ដើមពីអ្វីដែលអ្នកមាន និងអ្វីដែលអ្នកអាចធ្វើទៅបានសិន
  7. គិតផ្ដោតលើគោលដៅរយៈពេលវែង ដើម្បីព្យាយាមពីចំណុចសូន្យ ហើយត្រៀមទុនក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំស្របតាមទំហំដែលអ្នកចង់បាន។​
ពាណិជ្ជកម្ម

វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

0
វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

Upsell &Cross-Sell ជាយុទ្ធសាស្រ្តលក់មួយដែលងាយស្រួលក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងក្រុមហ៊ុន ពីព្រោះអតិថិជនដែលមានស្រាប់ ភាគច្រើនពួកគេរំពឹងចង់ទិញនូវផលិតផលថ្មី។ ហេតុដូចនេះ ប្រសិនបើចង់បង្កើនចំណូលលុះត្រាតែបង្កើនការលក់ ហើយដើម្បីអាចបង្កើនការលក់បានច្រើន ត្រូវប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell។

តើអ្វីជា Upsell &Cross-Sell?

Upsell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលមានតម្លៃថ្លៃជាង និងគុណភាពខ្ពស់ជាងលើ​ផលិតផលដែលអតិថិជនកំពុងទិញ ឬអតិថិជនមានស្រាប់។

Cross-Sell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលជាប់ទាក់ទងនឹងផលិតផលដែលអតិថិជនកំពុងតែទិញ ឬអតិថិជនមានស្រាប់។

Upsell & Cross-Sell

របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ដើម្បីបង្កើនការលក់

Upsell &Cross-Sell គឺជាផ្នែកមួយដ៏សំខាន់ដែលវាចូលរួមចំណែកក្នុងការបង្កើនគុណតម្លៃនៃការលក់របស់អ្នក ហើយវាក៏ជាយុទ្ធសាស្រ្តមួយដ៏ល្អដែលជួយបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន តាមរយៈការប្រើវាឱ្យមានប្រសិទ្ធិភាព។ ដូច្នេះខាងក្រោមនេះ នឹងផ្ដល់របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ឱ្យមានប្រសិទ្ធិភាពដើម្បីបង្កើនការលក់ឱ្យបានច្រើន។

1. យុទ្ធសាស្ត្រលើការផ្ញើសារ

នៅចំណុចនេះ ទាមទារឱ្យអ្នកសិក្សាឈ្វេងយល់បន្ថែមពីអតិថិជនដែលមានស្រាប់ជាលក្ខណៈបុគ្គល (អតិថិជនដែលបានប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នករួចហើយ) ដោយអ្នកត្រូវសិក្សាថា ហេតុអ្វីអតិថិជនមកទិញពីក្រុមហ៊ុនរបស់អ្នកតាំងពីលើកដំបូង? តើពួកគេបានទិញផលិតផលអ្វី? តើពួកគេនិយាយអ្វីពីផលិតផលដែលពួកគេបានទិញ? តើភាគច្រើនពួកគេនៅទីណា? ។ល។

ធ្វើបែបនេះ ដើម្បីកាន់តែស្គាល់ និងយល់ពីអតិថិជនរបស់អ្នកកាន់តែច្បាស់ ព្រមទាំងងាយស្រួលក្នុងការប្រើយុទ្ធសាស្រ្តផ្ញើសារទៅកាន់អតិថិជន ដើម្បីបង្កើនភាពទាក់ទាញអារម្មណ៍អតិថិជនដោយសមស្របនឹងអ្វីដែលអតិថិជនត្រូវការ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តផ្ញើសារនេះ អ្នកត្រូវតែនិយាយអំពីការចង់បាន តម្រូវការ និងបំណងប្រាថ្នាជាក់ស្ដែងរបស់អតិថិជន។

2. បង្កើតបញ្ជីនៃអ្នកទិញពីមុន

ការចំណាយពេលក្នុងការប្រមូលទិន្នន័យ (ព័ត៌មានទំនាក់ទំនងអតិថិជនចាស់ៗ) និងឈ្វេងយល់ពីអតិថិជនជាលក្ខណៈបុគ្គល វាជាចំណុចមួយដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលធ្វើបញ្ជីបែងចែក ដើម្បីកំណត់គោលដៅនៃបញ្ជីនីមួយៗក្នុងការផ្ដល់ជូនដល់អតិថិជនបានត្រឹមត្រូវ។ ​

ធ្វើបែបនេះ អ្នកនឹងអាចបង្កើតគោលដៅខ្ពស់នៃអ្នកទិញពីមុន ដើម្បីទំនាក់ទំនងផ្ដល់ជូនអ្វីដែលអតិថិជនត្រូវការ ហើយវាក៏ជាការបន្ថែមគុណតម្លៃដល់អតិថិជន ព្រមទាំងចំណេញពេលវេលាក្នុងការទំនាក់ទំនងជាមួយអតិថិជនបានចំគោលដៅ និងអាចផ្ដល់ព័ត៌មានដែលពាក់ព័ន្ធបំផុតលើតម្រូវការរបស់អតិថិជន។

3. ផ្តល់ជូនជាកញ្ចប់

អ្នកត្រូវរៀបចំផ្ដល់ជាកញ្ចប់នៃផលិតផលឬសេវាកម្មរបស់អ្នក ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការសម្រេចចិត្តរបស់អតិថិជន។ ហេតុដូចនេះ អ្នកត្រូវរៀបចំផលិតផលឬសេវាកម្មរបស់អ្នកធ្វើជាកញ្ចប់ដែលអតិថិជននឹងទទួលបាន ហើយវាស្ថិតនៅក្នុងជម្រើសមួយដ៏ល្អ ជាជាងការទិញផលិតផលឬសេវាកម្មតែមួយ ឬរាយៗ។

4. ណែនាំបន្ថែមក្រោយពីអតិថិជនសម្រេចចិត្តទិញអ្វីមួយ

អ្នកលក់ត្រូវតែស្គាល់ពីផលិតផលឱ្យបានច្រើន និងច្បាស់ ដើម្បីងាយស្រួលណែនាំ និងផ្ដល់ព័ត៌មានដល់អតិថិជន ដូចជានៅពេលអតិថិជនសម្រេចចិត្តទិញផលិតផលមួយ អ្នកលក់ត្រូវអាចណែនាំ និងបង្ហាញនូវផលិតផលផ្សេងៗដែលជាប់ពាក់ព័ន្ធផលិតផលដែលអតិថិជនកំពុងសម្រេចចិត្តទិញ។ ធ្វើបែបនេះ អតិថិជនចាប់ផ្ដើមមានអារម្មណ៍ថាទទួលបានជម្រើសដ៏ល្អ និងទទួលបាននូវអ្វីដែលលើសពីការរំពឹងទុក។

ពាណិជ្ជកម្ម

ហេតុអ្វីសេវាកម្មអតិថិជនមានសារៈសំខាន់ក្នុងអាជីវកម្ម?

0
ហេតុអ្វីសេវាកម្មអតិថិជនមានសារៈសំខាន់ក្នុងអាជីវកម្ម?

សេវាកម្មអតិថិជន ជាចំណុចសំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងអាជីវកម្មរបស់អ្នក ហើយវាក៏ជាផ្នែកដែលម្ចាស់អាជីវកម្មមួយចំនួនបានមើលរំលង។ តើសេវាកម្មអតិថិជនមានសារៈសំខាន់អ្វីខ្លះនៅក្នុងអាជីវកម្ម?

សារៈសំខាន់នៃសេវាកម្មអតិថិជន មានច្រើន ប៉ុន្តែខាងក្រោមនេះ នឹងបង្ហាញសារៈសំខាន់គោលចំនួន 3 រួមមាន៖

1. បង្កើនអតិថិជនស្មោះត្រង់កាន់តែច្រើន

ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ វាជាការបង្កើតនូវបទពិសោធន៍វិជ្ជមានដល់អតិថិជន ដែលនាំឱ្យអតិថិជនមានការពេញចិត្ត និងចូលចិត្តលើម៉ាកយីហោរបស់អ្នកកាន់តែខ្លាំង ព្រមទាំងជឿជាក់ និងទុកចិត្តផងដែរ។ បន្ថែមពីនេះ ពួកគេនឹងមិនងាយប្ដូរចិត្តចាកចេញពីការប្រើប្រាស់ផលិតផលឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នកឡើយ ដោយពួកគេនឹងតែងតែមកម្ដងហើយមកម្ដងទៀត ព្រមទាំងអាចផ្ដល់ជាមតិកែលម្អយ៉ាងស្មោះត្រង់លើចំណុចដែលកែតម្រូវ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅពេលអតិថិជនមានការពេញចិត្តលើម៉ាកយីហោរបស់អ្នកតាមរយៈការផ្ដល់សេវាកម្មអតិថិជនល្អ ពួកគេនឹងជួយផ្សព្វផ្សាយបន្តទៅកាន់មនុស្សផ្សេងទៀតដែលពួកគេបានស្គាល់ តាមរយៈការនិយាយណែនាំបន្តពីមាត់មួយទៅមាត់មួយ។

2. បង្កើនប្រាក់ចំណូល

ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ វាក៏ពាក់ព័ន្ធជាមួយនឹងការបង្កើនប្រាក់ចំណូលសម្រាប់អាជីវកម្មមួយ ដែរ ព្រោះអាជីវកម្មមួយអាចដំណើរការបានយូរអង្វែង វាត្រូវការប្រាក់ចំណេញ ហើយប្រាក់ចំណេញកើតចេញពីការមានអតិថិជនច្រើន ហើយដើម្បីមានអតិថិជនច្រើន លុះត្រាតែធ្វើឱ្យអតិថិជនមានការពេញចិត្ត និងមានបទពិសោធន៍ល្អៗជាមួយនឹងការផ្ដល់ជូនពីក្រុមហ៊ុន ហើយនេះវាទាមទារឱ្យក្រុមហ៊ុនមានការផ្ដោតលើការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។

3. ធ្វើឱ្យខុសប្លែកពីដៃគូប្រកួតប្រជែង

ការផ្ដល់សេវាកម្មអតិថិជនល្អ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាអតិថិជនដែលមានស្រាប់ ព្រមទាំងបង្កើនអតិថិជនថ្មីៗជាបន្តទៀត តាមរយៈអតិថិជនចាស់ ជួយផ្សព្វផ្សាយជំនួស។ ហើយការផ្ដល់សេវាកម្មអតិថិជនល្អ ក៏ធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីគូប្រកួតប្រជែងផងដែរ ករណីថាគូប្រជែងរបស់អ្នកមិនបានផ្ដោតលើការផ្ដល់សេវាកម្មអតិថិជនល្អ។

ពាណិជ្ជកម្ម