spot_img
spot_img
Home Blog Page 54

តើម៉ាកគឺជាអ្វី?

ជាដំបូង​ខ្ញុំ​ចង់​លើក​យកឧទាហរណ៍១​មក​បង្ហាញ។​ នោះ​គឺ​ទឹក។ ទឹក​គឺ​ជា​ធន​ធាន​ដែល​ចាំបាច់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដើម្បី​រស់​។​ វា​ជា​ធន​ធាន​របស់​ភព​ផែន​ដី​ដែល​មនុស្ស​គ្រប់​រូប​អាច​ប្រើប្រាស់​ឬ​ទទួល​ទាន​ដោយ​សេរី តាំង​ពី​យូរ​លង់​មក​ហើយ​។​ ប៉ុន្តែ​​វា​បាន​ក្លាយ​ជា​ផលិតផល​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ជំនួញ​ ចាប់​ផ្តើម​​ធ្វើ​ពាណិជ្ជកម្មទឹក​បរិសុទ្ធ​និង​ទឹក​រ៉ែ​ដែល​មាន​ការ​វេច​ខ្ចប់​នៅ​ក្នុង​ដប​។

ប៉ុន្តែ​ទឹក​គឺ​ដូច​គ្នា មែន​ទេ? វាគឹជា​វត្ថុ​រាវ​និង​ថ្លា។​ ដូច្នេះ​តើ​ក្រុមហ៊ុន​​ជាច្រើន​ដែល​លក់​ទឹក​​ដូច​គ្នា​បែប​នេះ​ ធ្វើ​បែប​ណា​ដើម្បី​អាច​ជំរុញ​អតិថិជន​ឲ្យ​ទិញ​ទឹក​បរិសុទ្ធ​របស់​ពួក​គេ​ជាជាង​ទិញ​ពី​អ្នក​ផ្សេង?

ចម្លើយចំពោះ​សំនួរ​នេះ​​គឺ​ជាការ​បង្កើត​ម៉ាកហ្នឹង​ឯង​។

យោង​តាម​និយម​ន័យ​ផ្តល់​ដោយសមាគម​ទីផ្សារ​នៃប្រទេ​ស​អាមេរិក​ ម៉ាក​​គឺ​​ជា​ឈ្មោះ​ ការ​ឌីហ្សាញ​ និង​សញ្ញាឡូកូ​ ដែល​គេ​ប្រើប្រាស់​ដើម្បី​កំណត់​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​លក់​ម្នាក់​​ ខុស​ពី​អ្នក​លក់​ដទៃ​ទៀត។​ ​

អ្នក​អាច​គិត​ថា​ ម៉ាក​គឺ​ជា​គំនិត​ឬ​រូប​ភាព​ដែល​អតិថិជន​មើល​ឃើញ​នៅ​​ក្នុង​ចិត្ត​ ​អំពីគុណ​សម្បត្តិ​នៃ​ផលិតផល (ឧ. ស្បែក​ជើង​កីឡានេះ​ស្រាល) ​រួម​ជាមួយ​នឹង​អារម្មណ៍​ដែល​កើត​ឡើង​នៅ​ពេល​ជាមួយ​គ្នា​នោះ (ឧ. ស្បែក​ជើង​កីឡានេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថាម​ពល​ដ៏​អស្ចារ្យ!)។​ ដូច្នេះ​ម៉ាក​មិន​មែនកើត​មក​ពី​​គុណ​សម្បត្តិនៃ​ផលិតផល​ឬ​សេវាកម្ម​តែម៉្យាង​​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​វា​ក៏​ជា​អារម្មណ៍​របស់​អតិថិជន​មាន​ទៅ​លើ​ក្រុមហ៊ុន​មួ​យ​ឬក៏ទៅ​លើ​​ផលិតផលណា​មួយផង​ដែរ​​​។​

អ្នក​លក់​ច្រើន​អាច​ចម្លង​ផលិតផល​ទៅ​​តាម​គ្នា​ ប៉ុន្តែ​ម៉ាក​តែង​តែ​មាន​មួយ​ជានិច្ច​។​ ឧទាហរណ៍​ ភេសជ្ជៈ Coca-Cola និង​ Pepsi មាន​រសជាតិ​សឹង​តែ​ដូច​គ្នា​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​អតិថិជន​ខ្លះ​​ចូល​ចិត្ត​ Coca-Cola និងអ្នក​ខ្លះទៀត​ចូល​ចិត្ត​ Pepsi ​​?

យើង​សាក​ក្រឡេក​មើល​ ឧទាហរណ៍​អំពី​ទឹក​ម្តង​ទៀត​។​ ផលិតផល​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​គឺ​ទឹកសុទ្ធ​កំប៉ុង​ ប៉ុន្តែ​ដើម្បី​បញ្ចុះ​បញ្ចូល​អតិថិជន​ឲ្យ​ទិញ​ទឹក​ណា​មួយ​ ក្រុមហ៊ុន​លក់​ទឹកទាំង​អស់​​ត្រូវ​តែ​បង្កើត​ម៉ាក​ទឹក​សុទ្ធ​ផ្សេងៗ​គ្នា​ ដូច​ជា Evian, Perrier​ ឬ Fiji។ ហើយ​ម៉ាក​នីមួយៗ​ទាំង​នេះ​បង្កើត​ជា​​អត្ថន័យ​ផ្សេង​គ្នា​សម្រាប់​ទឹក​សុទ្ធ​របស់​ពួក​គេ​។​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ

ជាសរុប​ ម៉ាក​គឺ​ជា​អារម្មណ៍​អំពី​ផលិតផល​ឬក្រុមហ៊ុន​ណា​មួយ។​ មនុស្ស​ម្នាក់ៗ បង្កើត​រូបភាព​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គាត់​រៀង​ខ្លួន​ ហើយ​ម៉ាក​ខ្លះ​បង្កើន​ឬអាច​ថយ​ចុះ​​នូវ​ភាព​ល្បីល្បាញ​ដោយ​សារ​តែ​អារម្មណ៍​​​អតិថិជនចំពោះ​ពួក​គេ​ហ្នឹងឯង!

តើ​ការ​កសាង​ម៉ាក​គឺ​ជា​អ្វី?

“ ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ជា​ការ​ផ្តល់ថាម​ពល​នៃ​ម៉ាក​​ ទៅ​លើ​​ផលិតផល​និង​សេវាកម្ម​ ” (Kotler & Keller, 2015)

ការ​កសាង​ម៉ាក​សញ្ញា​គឺ​ជា​ដំណើរ​ការនៃ​ការ​បង្កើត​អត្ថន័យ​សម្រាប់​ក្រុមហ៊ុន​ ឬ​ផលិតផល​ឬសេវាកម្មដោយ​បង្កើតនិង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន។​ វា​គឺ​ជា​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ​ដើម្បី​ឲ្យ​អតិថិជន ​ងាយ​ចំណាំ​ និងបង្កើត​បទពិសោធន៍ ជាមួយផលិតផលឬសេវាកម្ម​ ហើយចំណុច​សំខាន់​មួយ​ទៀត​ គឺ​ការ​ផ្តល់​ហេតុផល ច្បាស់​លាស់​​​មួយ​​​ សម្រាប់ឲ្យ​អតិថិជន​ ជ្រើសរើស​ផលិតផលអ្នក ​ជាជាង​អ្នក​ដទៃទៀត នៅ​ក្នុងទីផ្សារ។​

គោលបំណង​នៃ​ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ដើម្បី​ទាក់​ទាញ​ និង​រក្សា​ទុក​អតិថិជន​ស្មោះស្ម័គ និង​បុគ្គល​ដែលជា​អ្នក​រួម​ចំណែក​ផ្សេងៗ​ទៀត​ដោយ​ ការ​រក្សា​សន្យារបស់​​ម៉ាក​សញ្ញា​​ ។​

តើ​កសាង​ម៉ាក​ដោយ​ដូចម្តេច?

ក្រុមហ៊ុន​នីមួយៗ​តែង​តែ​ប្រើប្រាស់វិធីសាស្រ្ត​​ផ្សេង​គ្នា​ក្នុង​ការ​បង្កើត​និង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន​។​ ឧទាហរណ៍​ ការ​កសាង​ម៉ាក​អាច​ធ្វើ​ឡើង​តាមរយៈ ៖

  • និយម​ន័យ​នៃ​ម៉ាក​៖ ការ​បង្ហាញ​អំពី គោល​បំណង​ គុណតម្លៃ និង​ការសន្យា
  • Brand positioning statement
  • អត្តសញ្ញាណ​ម៉ាក​៖ ឈ្មោះ​ ជម្រើស​ពាក្យ​ពេចន៍​ ការ​រចនា ( រួម​បញ្ចូលដូចជា ​ឡូកូ ពណ៌ និង​ហ្វុង​ ..…)
  • ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ​​និង​ទំនាក់​ទំនង​ជាមួយ​សាធារណៈ​៖ ទូរទស្សន៍ ទស្សនាវដ្តី​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជានៅ​លើ​ហ្វេសប៊ុក​ វ៉េប​សាយ​ និងផ្ទាំង​បដាជាដើម
  • ការ​ឧបត្ថម្ភ​ និង​ការ​សហការ​សម្រាប់​កម្ម​វិធី​ផ្សេងៗ
  • របៀប​វេចខ្ចប់​និង​ការ​ឌីហ្សាញ​កញ្ចប់​ផលិតផល​
  • បទពិសោធន៍អតិថិជន​​នៃ​ការ​មក​ផ្ទាល់​នៅ​ហាង
  • បែប​ផែន​នៃ​ការ​ធ្វើ​ការងាររបស់​បុគ្គលិក​ និង​របៀប​នៃ​ការ​ដឹក​នាំ​ក្រុមហ៊ុន
  • ​សេវាកម្មអតិថិជន​

ចំពោះ​ឧទាហរណ៍​នៃ​ម៉ាក​ទឹក​សុទ្ធ​ ការ​ឌីហ្សាញ​នៃការ​វេចខ្ចប់ផលិតផល​ និង​ការ​ផ្សាព្វផ្សាយ​ អាច​និយាយ​បាន​ថា​គឺ​ជាវិធីសាស្រ្ត​​២ ដ៏​បាន​ឥទ្ធិផល​​បំផុត​​​ក្នុង​ការ​ធ្វើ​ទីផ្សារ​ទំនិញនេះ​។​​

ការ​វេចខ្ចប់ផលិតផល គឺ​ជា​វិធីសាស្រ្ត​ទីផ្សារ និង​ជា​ភ្នាក់​ងារ​លក់​ ​ស្ងាត់ស្ងៀម​។ វា​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​​ទៅ​កាន់​អតិថិជន​ និង​ធ្វើ​ឲ្យ​ម៉ាក​របស់​អ្នក​មាន​ភាព​លេខ​ធ្លោ​ក្នុង​ចំណោម​​ម៉ាក​ដទៃទៀត​នៅ​លើ​ធ្នើរ​ក្នុង​ផ្សារ​ទំនើប​ឬ​ផ្សារ​ម៉ាត។

ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​​ចាត់​ទុក​ថា​ជោគជ័យ​គឺ​ Fiji ដែល​បាន​រចនា​ដប​ដ៏​ស្រស់​ស្អាត​ ដែល​ឆ្លុះបញ្ចាំង​អំពី​​ គុណ​តម្លៃ​នៃ​ម៉ាក​ ( ដបថ្លា​ដែលយើង​​អាច​មើល​ពី​ម្ខាង​ដល់​ម្ខាង​បង្ហាញអំពី​ទឹក​ដ៏​​បរិសុទ្ធ​ និង​រូប​ភាព​ផ្កា​ស្រស់​លាយ​លំ​ជាមួយ​ស្លឹក​ឈើដែល​ផ្សាភ្ជាប់​នឹង​ធម្មជាតិ​។​

ការផ្សាព្វផ្សាយ គឺ​ជា​វិធីសាស្រ្ត​ដ៏មាន​ឥទ្ធិពល​សម្រាប់​បង្កើត​និង​ច្នៃ​រូបភាព​ម៉ាកនៅក្នុង​ចិត្ត​របស់​អតិថិជន​​ តាម​រយៈរូបភាព​និង​វីដអូ ដែល​​រៀបរាប់​អំពី​​រឿង​រ៉ាវ​ដ៏មាន​អត្ថន័យ​នៃផលិតផល​​ឬ​ក្រុមហ៊ុននោះ។​  ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ផ្សព្វផ្សាយ​នៃ​ការ​កសាង​ម៉ាក​របស់​​ទឹក​សុទ្ធ​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

 

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ​

ប្រភព៖ thebrandingjournal.com

 

ពាណិជ្ជកម្ម

Appមួយដែលអ្នករកស៊ីតាមFacebook Page ត្រូវតែមាន

Facebook Page គឺជា​បណ្តាញ​សង្គម​មួយ​ដែលមានប្រជាប្រិយភាព​បំផុត​នៅក្នុងកម្ពុជា​ក្នុងចំណោម​អ្នកប្រើប្រាស់ និងអ្នករកស៊ី។ ប៉ុន្តែ​មានរឿងមួយដែលអ្នករកស៊ី​ ឬអ្នកគ្រប់គ្រងPageតែងតែរអ៊ូនោះគឺ បណ្តាញសង្គម​មួយនេះ​តែងតែមានការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាព​ឥតឈប់ឈរ ដែលធ្វើឱ្យអ្នកមិនសូវចេះ​ប្រើប្រាស់និងចូលចិត្ត​បច្ចេកវិទ្យា ពិបាកនឹងតាមទាន់។

មួយរយៈចុងក្រោយនេះ មានអ្នក​ធ្លាប់ចូលវគ្គបណ្តុះបណ្តាលខ្ញុំ និងមិត្តភក្តិខ្ញុំជាច្រើនបានទាក់ទងម​ក​សួរ​ថាហេតុអ្វីគាត់លែងអាច​ឆ្លើយតបជាសារសម្លេងទៀតបាន​តាមរយៈការប្រើប្រាស់ទូរស័ព្ទដោយប្រើPage Manager។ តាមពិតទៅ Facebook បាន​ណែនាំ​កម្មវិធីទូរស័ព្ទថ្មីគឺ Creator Studio ដែលអនុញ្ញាតិ​ឱ្យអ្នកកាន់Page ឬម្ចាស់អាជីវកម្មអាច​ទាក់ទងភ្ញៀវ​បានតាមរយៈPage​ដូចFacebook Messengerអញ្ចឹង ដែលយើងអាចធ្វើការផ្ញើរសារជាសម្លេងបានងាយស្រួលទាំង​Androi និង IOs ដោយមិនចាំបាច់ប្រើប្រាស់​ Page Managerទៀតនោះទេ។ ក្រៅពីការឆ្លើយតប អ្នកអាចមើលព័ត៌មាននានាបានពី​ការផ្សព្វផ្សាយរបស់អ្នក ថាតើវាបានទៅដល់មនុស្សប៉ុន្មាននាក់ មានអ្នក Like Share Commentប៉ុន្មាននាក់ជាដើម។

តាមពិតទៅ Creator Studio មិនមែនជាអ្វីថ្មីនោះទេ។ Facebook បានបង្កើត​វាបានយូរគួរសម​មកហើយ ដោយដាក់ឱ្យប្រើប្រាស់​នៅលើ​Web Browser ដែលអនុញ្ញាតិឱ្យយើងធ្វើការ​គ្រប់គ្រងការផ្សព្វផ្សាយ ដាក់កាលវិភាគកាលផ្សព្វផ្សាយទុកមុន បង្ហោះវីដេអូ​មួយទៅកាន់Pageលើសពីមួយក្នុងពេលដំណាលគ្នា និងមានលក្ខណៈសម្បតិ្តពិសេសផ្សេងៗទៀត ជាពិសេសគឺ​អាចបង្ហោះការផ្សព្វផ្សាយពីCreator Studioទៅកាន់​Instagram បានដោយផ្ទាល់ទៀតផង។ ថ្មីត្បិតតែ​កម្មវិធី​នៅលើទូរស័ព្ទមិនទាន់អាចធ្វើបានច្រើនដូចនៅតាមWeb Browser មែនតែខ្ញុំជឿជាក់ថា វានឹងកាន់តែប្រសើរនាពេលអនាគត។

Facebookតែងតែធ្វើបច្ចុប្បន្នភាព​ស្ទើររាល់ខែ ត្រីមាស ឆមាស និងឆ្នាំ ដែលទាមទារឱ្យអ្នកប្រើប្រាស់តាមដានជាប់ជានិច្ចដើម្បីទទួលបានផលប្រយោជន៍មុនគេ។ ហើយនៅប្រទេស​កម្ពុជា​ គឺមានប្រភព​ផ្សព្វផ្សាយអំពី​តិចនិក​ថ្មីតិចតួចបំផុត ដែលជម្រុញឱ្យគេហទំព័រគំនិតខិតខំ​ចែករំលែក​នូវអ្វីដែលថ្មីបំផុត និងវិធីសាស្ត្រដែលត្រឹមត្រូវបំផុត​ដើម្បីចែក​ជូន​ម្ចាស់អាជីវកម្ម អ្នកទីផ្សារ និងអ្នកស្រឡាញ់វិស័យនេះដើម្បី​រក្សា​និរន្តរភាព​រីកចម្រើន ជាជាង​កើនតែរយៈពេលខ្លី!

 

ពាណិជ្ជកម្ម

៥វិធីសាស្ត្រដើម្បីចាប់ផ្តើមអានសៀវភៅ

ជាការពិតណាស់ សម្រាប់អ្នកដែលចូលចិត្តអាននៅពេលដែលពួកគេចាប់កាន់សៀវភៅ ប្រៀបបីដូចជាពួកគេទទួលបាននូវរបស់ដែលមានតម្លៃនៅក្នុងដៃអញ្ចឹង ព្រោះពួកគេយល់ថាមិនត្រឹមតែទទួលបានកម្សាន្តអារម្មណ៍នៅពេលដែលពួកគេធុញថប់ ប៉ុន្តែវាថែមទាំងផ្តល់នូវចំណេះដឹងផ្សេងៗជាច្រើនដែលពួកគេអាចយកវាទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបាន។  តែសម្រាប់អ្នកដែលគិតថាខ្លួនឯងជាមនុស្សដែលមិនចូលចិត្តនូវការអានសៀវភៅ អ្វីដែលពួកគេយល់នោះគឺសៀវភៅជាថ្នាំងងុយដេកទៅវិញ ព្រោះសម្រាប់ពួកគេរាល់ពេលចាប់កាន់សៀវភៅហើយចាប់ផ្តើមអានមិនដល់៥នាទីក៏អាចធ្វើឲ្យពួកគេស្ងាបហើយចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ នោះជាហេតុផលដែលធ្វើឲ្យពួកគេបោះបង់ចោលនូវការអាន តែអ្នកទាំងអស់គ្នាគួរគិតជាថ្មីថានោះមិនមែនជាឧបសគ្គសម្រាប់អ្នកក្នុងការអានសៀវភៅទៀតទេ ពួកយើងទាំងអស់គ្នាគួរបង្កើតទម្លាប់នៃការអានសៀវភៅ ព្រោះថាប្រទេសជឿនលឿនជាច្រើននៅលើសកលលោកអាចរីកចម្រើនទៅមុខបានត្រូវការៗចូលរួមពីអ្នកដែលមានចំណេះដឹងគ្រប់គ្នា។ ហើយដើម្បីជាជំនួយសម្រាប់អ្នកដែលចាប់ផ្តើមនូវការអានសៀវភៅ ពួកយើងនឹងចែកជូននូវវិធីសាស្ត្រខ្លះៗដល់អ្នកអ្នកទាំងអស់គ្នា ដែលយើងបានលើកនូវចំណុចដូចជា៖

  • ជ្រើសរើសសៀវភៅដែលផ្តល់នូវគុណតម្លៃ

ការអានសៀវភៅឬអត្ថបទផ្សេងៗមិនខុសពីការដែលអ្នកតាមដានខ្សែរឿងភាគនោះទេ ព្រោះនៅពេលដែលអ្នកទស្សនាភាពយន្តនោះអ្នកប្រាកដជាបានសង្កេតឃើញថានៅក្នុងភាពយន្តនីមួយៗអ្នកនិពន្ធតែងតែបង្កប់នូវចំណេះដឹងក៏ដូចជាតម្លៃអប់រំផ្សេងៗតាមរយៈតួអង្គឬសាច់រឿងទាំងមូលផងដែរ ប៉ន្តែអ្នកក៏ត្រូវមើលដែរថាតម្លៃអប់រំទាំងអស់នោះបានជះឥទ្ធិពលអ្វីមកលើជីវិតរស់នៅបច្ចុប្បន្នរបស់អ្នក។  ចំពោះការអានសៀវភៅលើសពីការកម្សាន្តជាច្រើន ប៉ុន្តែវាជាគោលដៅមួយដែលនាំឲ្យអ្នកទទួលបាននូវអ្វីដែលល្អប្រសើរ។  អ្នកទាំងអស់គ្នាគប្បីជ្រើរើសសៀវភៅណាដែលផ្តល់នូដំណោះស្រាយក៏ដូចជាចំណេះដឹងដែលទាក់ទងនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សារ ឬមុខរបររកស៊ីរបស់អ្នកជាដើម។

  • ចាប់ផ្តើមអានតាមពេលវេលាកំណត់មួយ

ជាទូទៅមនុស្សម្នាក់ៗមានកិច្ចការផ្សេងៗគ្នា ប៉ុន្តែអ្នកទាំងអស់គ្នាគួររៀបចំនូវកាលវិភាគមួយសម្រាប់ខ្លួនឯង ព្រោះថាការកំណត់ពេលវេលាជាក់លាក់មួយប្រៀបដូចជាកិច្ចការប្រចាំថ្ងៃមួយដែលអ្នកត្រូវតែអនុវត្តដោយខានមិនបាន។ អ្នកអាចចំណាយពេលវេលាណាមួយដែលអ្នកយល់ថាសក្តិសម។  អ្នកអាចចាប់ផ្តើមដោយការអាននៅវេលាសម្រាកពីការសិក្សានៅសាលា ចន្លោះពេលសម្រាកពីការងារ ឬក្រោយពេលបំពេញកិច្ចការប្រចាំថ្ងៃរួចរាល់។  ម៉្យាងវិញទៀត អ្នកគួរចំណាយពេល១ម៉ោងឬ២ម៉ោងក្នុងមួយថ្ងៃ ឬ៥ថ្ងៃក្នុងមួយសប្តាហ៍ តែបើសិនជាអ្នកអាចចំណាយពេលបានច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ ហើយបន្ទាប់មកព្យាយាមកត់ត្រានូវចំណុចសំខាន់ៗដែលអ្នកបានអានរួច។

  • ជ្រើសរើសបរិយាកាស

ក្នុងការធ្វើអ្វីមួយ បរិយាកាសក៏ជាកត្តតាដែលជួយជម្រុញផ្លូវចិត្ត និងជាផ្នែកមួយដែលជះឥទ្ធិពលក្នុងការផ្តោតអារម្មណ៍ផងដែរ។ បន្ទាប់ពីអ្នកដឹងថាគួរអានសៀវភៅបែបណា និងក្នុងពេលវេលាបែបណាហើយនោះ អ្នកក៏ត្រូវដឹងពីទីកន្លែងដែលជួយអ្នកឱ្យអានឆាប់យល់ និងចងចាំបានល្អ។ ចំពោះទីតាំងដែលអ្នកគួរជ្រើសរើសនោះគួរតែជាកន្លែងដែលស្ងប់ស្ងាត់ និងមានសំលេងតិចមិនសូវរំខានដ៏ការអានសៀវភៅរបស់អ្នក ដែលស្របជាមួយនឹងបរិយាកាសមានសោភណភាព និងផាសុកភាពដែលមិនប៉ះពាល់ដល់ការផ្ចង់អារម្មណ៍របស់អ្នក។  ហើយចំពោះឧបករណ៍ផ្សេងៗដែលអាចបង្កការរំខាន់ដល់អ្នក គួរតែដាក់ទៅឲ្យឆ្ងាយពីខ្លួនរបស់អ្នក ព្រោះដើម្បីឲ្យអ្នកបានយកចិត្តទុកដាក់អានសៀវភៅបានល្អ។

  • ឲ្យរង្វាន់ខ្លួនឯង

ចំពោះចំណុចនេះយើងត្រូវភ្ជាប់វាជាមួយចំណុចទីពីរ ព្រោះថាការកំណត់គោលដៅក្នុងការអាន គឺអាស្រ័យទៅលើអ្នកជាអ្នកកំណត់ខ្លួនឯង។ មានន័យថា អ្នកអាចកំណត់គោលដៅក្នុងការអានជាជំហ៊ានៗដូចជា តាមថេរវេលា ចំនួនទំព័រ ចំនួនមេរៀន និងចំនួនថ្ងៃ ខែ ឆ្នាំ។ ហើយបន្ទាប់ពីអ្នកបានសម្រេចគោលដៅរួចហើយអ្នកអាចលើកទឹកចិត្តខ្លួនឯងដោយនិយាយពាក្យអបអរសាទរ  ការចែករំលែកភាពជោគជ័យរបស់យើងជាមួយមិត្ត ក្រុមគ្រួសារ ឬមនុស្សពិសេសរបស់អ្នក ឬទៅទីកន្លែងកម្សាន្តផ្សេងផងដែរ។

  • អនុវត្តអ្វីដែលបានរៀន

ចំណុចចុងក្រោយ ដើម្បីវាស់វែងថាតើអ្នកបានយល់ និងចេះចាំមេរៀនដែលអ្នកបានអានរួចបានប៉ុណ្ណា អ្នកត្រូវតែយកមេរៀនទាំងនោះមកអនុវត្តន៍ស្ថានភាពជាក់ស្ដែង សង្ខេបខ្លឹមសារសំខាន់ៗឡើងវិញ ឬអភិវឌ្ឍន៍ទ្រឹះស្តីដែលមានតម្លៃបន្ត ព្រោះបើអ្នកគ្រាន់តែអានដើម្បីឲ្យតែមានព័ត៌មាននៅក្នុងខួរក្បាល នោះថ្ងៃណាមួយអ្នកនឹងភ្លេចវិញ ដូច្នេះអ្វីដែលអ្នកបានសិក្សារកន្លងមក គួរយកវាមកប្រើប្រាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។

 

ពាណិជ្ជកម្ម

វិធីដើម្បីធ្វើឲ្យការងាររបស់អ្នកកាន់តែមានភាពទាក់ទាញនិងមានភាពពេញលេញ

0

       ពិចារណាវិធី៨យ៉ាងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍ និង ពេញចិត្ត ហើយគំនិតទាំងនេះអាចមិនត្រឹមតែធ្វើឲ្យអ្នកសប្បាយចិត្តនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអ្នករក្សានូវនិរន្តរភាព អត្ថប្រយោជន៍ កម្រិតផាសុកភាព និង កេរ្តិ៍ឈ្មោះដែលអ្នកបានខិតខំយ៉ាងខ្លាដើម្បីរកប្រាក់ចំណូល។ដូចនេះចំណុចខាងក្រោម

១. ស្ម័គ្រចិត្តក្នុងការបំរើការងារថ្មីដែលវាទាក់ទងជាមួយនិងកិច្ចការស្រាវជ្រាវ

នៅក្នុងអង្គភាពអាជីវកម្មភាគច្រើន ពួកគេអាចនឹងត្រូវការបេក្ខជនស័្មគ្រចិត្ត ឬ បុគ្គលិកស្ម័គ្រចិត្តដើម្បីជួយសម្របសម្រួលការងារ ជួយធ្វើបទបង្ហាញដើម្បីបំផុសគំនិតជួយដល់បុគ្គលិកថ្មី ឬ ត្រូវជួយសរសេរអត្ថបទឲ្យក្រុមហ៊ុនជាដើម ដែលសកម្មភាពទាំងនេះគឺជាឱកាសដើម្បីហាត់ពត់ និង ពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនជាងមុន ហើយវាក៏ជាចំណុចមួយដែលធ្វើឲ្យការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង ទទួលបាននូវការសរសើរពីក្រុមហ៊ុនផងដែរ។ យ៉ាងណាមិញបើអ្នកដាក់ចិត្តដាក់កាយទៅលើការងារស្ម័គ្រចិត្តនោះហើយ អ្នកត្រូវតែច្បាស់ថា ការងារស្ម័គ្រចិត្តដែលអ្នកចង់ទៅធ្វើនោះគឺត្រូវទាក់ទងជាមួយជំនាញ និង អាជីពរប​ស់អ្នក។ដូចនេះបើសិនជាអ្នកចង់ដឹងព័ត៌មានទាក់ទងនឹងការងារស្ម័គ្រចិត្តនេះ អ្នកអាចសួរទៅកាន់ផ្នែក​គ្រប់គ្រងធនធានមនុស្ស ឬ អ្នកគ្រប់គ្រងស្ថាប័នផ្ទាល់ក៏បានដើម្បីដឹងពីដំណើរការនៃការជ្រើសរើសនេះ។

២. ផ្ដល់ជូនដើម្បីជួយមិត្តរួមការងាររបស់អ្នក

តាមការស្រាវជ្រាវបាន​បង្ហាញថាការជួយការងារដល់មិត្តរួមការងារអាចធ្វើឲ្យអ្នកទទួលបានចំណេះដឹង និង ចំណេះធ្វើបានច្រើន ព្រមទាំងជួយបង្កើនទំនាក់ទំនងបានកាន់តែជិតស្និទ្ធផងដែរ ដូចនេះអ្នកអាចសួរអ្នកគ្រប់គ្រងរបស់អ្នកពីរបៀបដែលអាចបង្កើនជំនាញនិង បទពិសោធន៍របស់អ្នកដើម្បីគាំទ្រសហការីដែលជាមិត្តរួមការងារជាមួយគ្នា។ ដោយពេលខ្លះអ្នកធ្វើការនៅជាន់ជាមួយអ្នកដែលត្រូវការអ្នកដើម្បីជួយក្នុងការបំពេញការងារ ដូចជា ជួយជួសជុលកុំព្យូទ័រ ជួយពិនិត្យឯកសារ ឬ ជួយសរសេរអត្ថបទជាដើម។ដូចនេះដើម្បីក្លាយឈ្មោះជាបុគ្គលិកល្អម្នាក់​អ្នកគួរតែចេះជួយយកអាសារមិត្តរួមការងាររបស់អ្នក និង ចែករំលែកចំណេះដឹងទៅឲ្យគ្នាទៅវិញទៅមកទើបជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនបាន។

៣.​ ចំណាយពេលដើម្បីឲ្យតម្លៃចំពោះអ្នកដទៃដោយអត្ថន័យ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការសរសើរ ការឲ្យតម្លៃចំពោះគ្នានិងគ្នា ជាពិសេសដូចដែលអ្នកបានដឹងរួចហើយថាការផ្ដល់ឲ្យមានអារម្មណ៍ល្អទៅកាន់អ្នកដទៃនឹងជួយបង្កើនការបំពេញវិជ្ជាជីវៈរបស់អ្នកដោយទទួលស្គាល់ថាវាជាការងារដ៏ល្អប្រសើរមួយដើម្បីជួយលើកទឹកចិត្តនិងសរសើរទៅកាន់សហការីរបស់អ្នកដោយផ្ទាល់នៅក្នុងអ៊ីម៉ែល នៅក្នុងកិច្ចប្រជុំ និង​តាមរយៈវេទិកាទំនាក់ទំនងផ្ទៃក្នុងជាដើម។ អ្នកត្រូវប្រាកដក្នុងចិត្តថាការនិយាយរបស់អ្នកត្រូវមានលក្ខណៈពេញលេញ និង ត្រឹមត្រូវ ដែលវាមិនមែននិយាយត្រឹមតែ ជាការអរគុណនោះទេ ។ដូចនេះការផ្ដល់កិត្តិយស និង និយាយសរសើរជាសាធារណៈដែលប្រកបទៅដោយអត្ថន័យដល់អ្នកដទៃក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់អ្នក និង តម្លៃរបស់អ្នកដែរ។

៤. ចូលរួមទាំងសកម្មភាពខាងក្រៅនិងខាងក្នុង ដើម្បីជួយពង្រីកនូវចំណេះជំនាញរបស់អ្នក

       វាអាចជាជំនាញរបស់អ្នកដែលត្រូវតែទទួលការអភិវឌ្ឍ មិនមែនជាការងាររបស់អ្នកនោះទេ។ អ្នកត្រូវកំណត់ចំណាំចំពោះតំបន់ណាដែលអាចធ្វើឲ្យអ្នកទទួលបានការអភិវឌ្ឍ និង អាចស្វែងរកឱកាសក្នុងការសម្រេចនូវកិច្ចការសំខាន់ណាមួយបាន។សកម្មភាពនៅខាងក្រៅ វាពិតជាងាយស្រួលក្នុងការស្វែងរក ប៉ុន្តែដំបូងអ្នកត្រូវពិនិត្យទៅលើការរៀនសូត្រ និង ការអភិវឌ្ឍនៅក្នុងអង្គភាពអាជីវកម្ម ឬ នៅក្នុងក្រុមហ៊ុន ដូចជាការចូលរួមធ្វើបទបង្ហាញ ឬ ការធ្វើសិក្ខាសិលាជាដើម។ ម្យ៉ាងវិញទៀតការទទួលយកវគ្គសិក្សាខាងក្នុងក៏នឹងជួយបង្កើនការប្រឈមរបស់អ្នកចំពោះមនុស្សថ្មីនៅក្នុងក្រុមហ៊ុន ដែលអាចធ្វើឲ្យបទពិសោធន៍ការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង មានពូកែខាងផ្នេកទំនាក់ទំនង។

៥. ណែនាំខ្លួនអ្នកទៅកាន់មិត្តរួមការងារថ្មី និង ចូលរួមគ្រប់សកម្មភាពដែលទាក់ទងនឹងសង្គម

       ណែនាំខ្លួនឯងទៅឲ្យមនុស្សជុំវិញខ្លួនបានស្គាល់ វាជាឱកាសដែលអ្នកអាចបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុគ្គលិកការងារនៅក្នុងក្រុមហ៊ុន ជាពិសេសនៅពេលដែលអ្នកស្គាល់មនុស្សបានច្រើនអ្នកក៏ងាយស្រួលក្នុងការបំពេញការងារផងដែរ។ ជាងនេះទៅទៀតអ្នកក៏គួរតែចូលរួមគ្រប់សកម្មភាពសង្គមផងដែរ ដូចជាការ ជួយកុមារកំព្រា ការចូលរួមក្នុងការថែរក្សាបរិស្ថាន ឬ ជួយចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃជាដើម ដើម្បីបង្ហាញពីការខ្វល់ខ្វាយពីស្ថានភាពនៅក្នុងសង្គម។

 ៦. រៀបចំកន្លែងធ្វើការរបស់អ្នកឡើងវិញ

 រៀបចំកន្លែងធ្វើការនៅត្រង់នេះមានន័យថា អ្នកត្រូវចេះបង្កើតនូវបរិយាកាសការងារឲ្យមានភាពស្រស់ស្រាយ និង សប្បាយរីករាយជាមួយគ្នានៅកន្លែងការងាររបស់អ្នក ឬ រៀបចំការតុបតែងការិយាល័យរបស់អ្នកឲ្យបានស្អាត និង មានផាសុខភាពល្អ។ តើមានអ្វីដែលនៅចំពោះមុខអ្នក និង​ នៅជុំវិញអ្នក ដែលធ្វើឲ្យអ្នកសប្បាយចិត្ត ឬ​ រំឮកអ្នកពីមនុស្សជាទីស្រលាញ់​ ឬ ទីកន្លែងដែលអ្នកស្រលាញ់ដែរឬទេ? បើសិនជាមិនមានទេនោះ អ្នកអាចចាប់ផ្ដើមធ្វើនូវជំហានតូចៗ និង សាមញ្ញៗ ដូចជាដាក់ស៊ុមរូបថតគ្រួសារអ្នក ឬ មនុស្សជាទីស្រលាញ់របស់អ្នក ដាក់ថូផ្កា តាំងនូវពានរង្វាន់ដែលអ្នកធ្លាប់ទទួលបាន ឬ មួយក៏រៀបចំកម្រាលឥដ្ឋដែលអ្នកចូលចិត្តជាដើម។ ប្រសិនជាមានរបស់របរទាំងនេះនៅទីតាំងដែលអ្នកធ្វើការ វានឹងជួយជម្រុញឲ្យអ្នកមានមោទនភាព និង តែងតែទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ព្រោះរបស់ទាំងនោះនឹងលើកទឹកចិត្តអ្នកឲ្យក្រោកឈរឡើង ហ៊ានប្រឈមមុខនឹងវា ទោះបីជាមានឧបសគ្គមកតោងទាមក៏ដោយ។ដូចនេះដើម្បីជាការលើកទឹកចិត្តក្នុងពេលធ្វើការអ្នកគួរតែរៀបចំតុបតែងកន្លែងធ្វើការរបស់អ្នកឲ្យមានសោភណភាពល្អ និង តុបតែងនូវវត្ថុណាដែលជួយលើកកម្លាំងចិត្តដល់អ្នក។

៧.  ចំណាយពេលឲ្យបានច្រើនដើម្បីបញ្ចូលថាមពលឲ្យបានពេញលេញ

       ចំណាយពេលឲ្យខ្លួនឯងបានសម្រាក ពោលគឺ សម្រាកទាំងកម្លាំងខួរក្បាល និង កម្លាំងកាយ  ហើយក៏ត្រូវចំណាយពេលខ្លះដើម្បីបញ្ចូលនូវថាមពលខ្លះៗដែរដើម្បីកាត់បន្ថយភាពតុកស៊ីកមួយចំនួន។ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបាន នូវតុល្យភាពរវាងការងារ និង ជីវិតរបស់អ្នក មានន័យថា អ្នកមានពេលសម្រាប់ធ្វើការ ហើយអ្នកក៏មានពេលក្នុងការដើរលេង សម្រាកលំហែកាយផងដែរ។  យ៉ាងណាមិញបើអ្នកមានភាពស្មុគស្មាញគិតមិនចេញ ដោះស្រាយមិនកើត អ្នកអាចទុកកិច្ចការនោះមួយភ្លេតសិន ហើយទុកពេលឲ្យខ្លួនឯងសម្រាកបន្តិច ឬ ដើរជុំវិញនៅកន្លែងធ្វើការរបស់អ្នកដើម្បីធ្វើចលនាខ្លះដើម្បីកុំឲ្យអង្គុយនៅមួយកន្លែងពេក ព្រោះការដើរនេះអាចជួយសម្រួលនូវថាមពលរបស់អ្នកឲ្យបានប្រសើរឡើងវិញ។

៨.  ធ្វើនូវចំណង់ចំណូលចិត្ត ឬ សកម្មភាពថ្មីជាក់លាក់មួយ

អ្នកគួរតែធ្វើអ្វីមួយនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកឲ្យមានភាពរីករាយ និង ទទួលបាននូវទិន្នផលមួយខ្ពស់ ព្រោះការធ្វើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើនឹងជួយកាត់បន្ថយនូវសម្ពាធ និង ភាពតានតឹងរបស់អ្នក ហើយវាជួយឲ្យអ្នកបានជួបនឹងជីវិតមួយដ៏ស្រស់ស្អាត រំភើប និង ពោរពេញទៅដោយសុភមង្គល។ ម្យ៉ាងទៀតអ្នកក៏គួរតែធ្វើសកម្មភាពណាថ្មីៗដែលអ្នកមិនធ្លាប់ធ្វើ ព្រោះការដែរធ្វើអ្វីប្លែកចម្លែកអារម្មណ៍នឹងធ្វើឲ្យអ្នកបានយល់ បានស្គាល់គ្រប់កិច្ចការទាំងអស់ ហើយវាក៏ជួយបង្កើននូវសមត្ថភាពរបស់អ្នកផងដែរ។

 

 

ពាណិជ្ជកម្ម

វីធី៧យ៉ាងដែលធ្វើឲ្យខ្លួនរ​បស់អ្នកមានការចាប់អារម្មណ៍លើកដំបូង នៅកន្លែងការងារថ្មី

0

អាកប្បកិរិយាដែលអ្នកបានបង្ហាញជាលើកដំបូងនៅពេលជួបនរណាម្នាក់គឺពិតជាសំខាន់ណាស់សម្រាប់អ្នក ព្រោះមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យចំណេះដឹង អត្តចរិក និង បុគ្គលិកលក្ខណៈរបស់អ្នកដទៃតាមរយៈកត្តាខាងក្រៅ(ការតុបតែងខ្លួន)។ បើកត្តាខាងក្រៅរបស់អ្នកមើលទៅស្អាតបាតសាកសមជាអ្នកអាជីព នោះ ពួកគេប្រាកដជាចាត់ទុកអ្នកជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ជាមិនខាន។ដូចនេះថ្ងៃនេះយើងនឹងលើកយកវិធី៧យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងទទួលបាននូវការចាប់អារម្មណ៍ជាលើកដំបូងនៅកន្លែងធ្វើការ៖

១. ការស្លៀកពាក់

ការស្លៀកពាក់ វាគឺជារឿងសំខាន់មួយដែលអាចទាក់ភ្នែកមនុស្សគ្រប់គ្នាបាន ហើយវាក៍អាចធ្វើឲ្យពួកគេគោរពស្រលាញ់ និង ឲ្យតម្លៃអ្នកបានដែរ អាស្រ័យទៅលើរបៀបនៃការតុបតែងខ្លួនអ្នក។ យើងបានដឹងហើយថា រឿងដំបូងដែលមនុស្សតែងផ្ដោតអារម្មណ៍ និង វិនិច្ឆ័យទៅលើមនុស្សថាជាមនុស្សបែបណា មានអត្តចរិតបែបណានោះគឺវាស្ថិតនៅលើរូបរាងខាងក្រៅ ម្យ៉ាងទៀតការស្លៀកពាក់ឲ្យបានត្រឹមត្រូវ នឹង ធ្វើឲ្យអ្នកមានទំនុកចិត្ត និង មានភាពជឿជាក់លើខ្លួនឯងក្នុងការសម្រេចកិច្ចការអ្វីមួយ។​ ដូច្នេះហើយបើសិនជាអ្នក ត្រូវទៅសម្ភាសន៍ជាមួយនឹងអ្នកគ្រប់គ្រងក្រុមហ៊ុន អ្នកត្រូវរៀបចំខ្លួនឲ្យបានស្អាត សាកសមជាអ្នកអាជីពទើបអ្នកអាចមានភាគរយខ្ពស់ដើម្បីទទួលបានការងារនោះ។

២. ដាក់ខ្លួនអ្នកនៅទីនោះ

ប្រសិនបើអ្នកអាចកម្ចាត់ភាពខ្មាសអៀនរបស់អ្នកនៅកន្លែងធ្វើការថ្មីរបស់អ្នកបាន អ្នកប្រាកដជាអាចបំបាក់នូវរនាំងដែកដែលអ្នកតែងតែជួបនោះបានយ៉ាងងាយគឺ អ្នកគ្រាន់តែទុកខ្លួនឯងនៅទីនោះ ដូច្នេះក្រុមរបស់អ្នកនឹងព្យាយាមស្វែងយល់ពីអ្នក។

៣. ស្វែងរកវិធីដើម្បីជម្រុញការសន្ទនារបស់អ្នក

មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចបង្កើតបានក្នុងការជម្រុញនូវការសន្ទនាក្រៅផ្លូវការរបស់អ្នកបាន ដូចជា ពេលញ៉ាំអាហារ ញ៉ាំកាហ្វេ និង ពេលសម្រាកជាដើម។ពេលណាដែលអ្នកកាន់តែមានការសន្ទនាគ្នា នោះទំនាក់ទំនងរបស់អ្នកកាន់តែមានភាពរឹងមាំ ពង្រីកបានកាន់តែធំ និង មានស្ថេរភាពបានយូរអង្វែង។

៤. ចិត្តល្អ និង មានភាពច្បាស់លាស់

វិធីល្អបំផុតក្នុងចំណោមវិធីផ្សេងៗទៀតដើម្បីធ្វើឲ្យមានអារម្មណ៍វិជ្ជមានចំពោះមិត្តរួមការងារថ្មី គឺគ្រាន់តែបង្ហាញនូវទឹកចិត្តល្អ ចេះជួយយកអាសារគ្នា ចេះឲ្យតម្លៃគ្នា និង គោរពគ្នាគឺគ្រប់គ្រាន់ទៅហើយ។ ជាពិសេសនៅពេលណាដែលអ្នកមានភាពហ្មត់ចត់ មានភាពច្បាស់លាស់ចំពោះការងារ និង តួនាទីដែលជាកាតព្វកិច្ចរបស់ខ្លួនឯង នោះមនុស្សគ្រប់គ្នានឹងគោរពស្រលាញ់អ្នក  និង អាចទទួលបាននូវចំណាប់អារម្មណ៍របស់អ្នកផងដែរ។ដូចនេះដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីអ្នកដទៃ មិនថានៅកន្លែងការងារ ឬ កន្លែងណាក៏ដោយ អ្នកត្រូវបង្ហាញនូវសន្ដានចិត្តល្អ ភាពច្បាស់លាស់ និង ភាពប្រាកដប្រជាដែលអ្នកមានទៅកាន់ពួកគេ។

៥. ទទួលយកនូវក្រុមរបស់អ្នក

រាល់សមាជិកថ្មីដែលទើបតែនឹងចូលធ្វើការថ្មីៗ ពួកគេគួរតែចំណាយពេលមួយចំនួនខ្លីដើម្បីស្គាល់ពីសមាជិកដទៃនៅក្នុងក្រុមរបស់ពួកគេ ទើបជួយឲ្យបុគ្គលិកថ្មីសម្របខ្លួនបានលឿនជាងមុន។ម្យ៉ាងវិញទៀតអ្នកមិនត្រូវ

ធ្វើអ្វីមួយដើម្បីតែប្រយោជន៍ខ្លួនឯង តែអ្នកត្រូវធ្វើអ្វីមួយដើម្បីប្រយោជន៍នៅក្នុងក្រុមទាំងមូលរបស់អ្នក ទើបល្អប្រសើរ។

៦. សួរ និង ស្ដាប់

       ការសួរជាសំណួរ និង ការស្ដាប់ដោយយកចិត្តទុកដាក់ វាគឺជាវិធីមួយដែលអ្នកអាចទទួលបានការចាប់អារម្ម​ណ៍លើកដំបូងពីអ្នកដទៃ ព្រោះវាបង្ហាញថា អ្នកពិតជាចង់ដឹង ចង់ឮ ចង់សាក និង ចង់រៀន ជាមួយនឹងការងារនោះពិតមែន ជាពិសេសវានឹង បង្ហាញថាអ្នកពិតជាមានឆន្ទៈក្នុងការចូលរួមចំណែកបេសកកម្មនោះប្រាកដមែន។យ៉ាងណាមិញការចង់រៀនអំពីការងារ និង ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៅកន្លែងធ្វើការ គឺជាលក្ខណៈសំខាន់ពីររបស់និយោជិកដែលមានឧត្តមគតិ។

៧. បង្កើតកេរ្ត៍ឈ្មោះជុំវិញគំនិតផ្ដួចផ្ដើម

គំនិតផ្ដួចផ្ដើម គឺជារឿងសំខាន់បំផុតសម្រាប់និយោជិកថ្មីដើម្បីឈានទៅដល់ការសម្រេចនូវសមិទ្ធផលដ៏ល្អមួយ។បើអ្នកមានគំនិតផ្ដួចផ្ដើមល្អ នោះអ្នកនឹងឆាប់ទទួលបាននូវចំណាប់អារម្មណ៍របស់មនុស្សរាល់គ្នាជាពិសេសអ្នកនឹងទទួលបាននូវការយកចិត្តទុកដាក់ពីមិត្តរួមការងាររបស់អ្នក ជាហេតុធ្វើឲ្យពួកគេបែរមករកអ្នក ចាត់ទុកអ្នកជាមនុស្សសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន។

 

 

ពាណិជ្ជកម្ម

អចលនទ្រព្យស្ងប់ស្ងាត់ជាងមុន ជាឱកាស​ភ្នាក់ងារជំនាញពិតប្រាកដ​រះឡើង

នរណាក៏ដឹងដែរថា វិស័យអចលនទ្រព្យ​បានពុះកញ្ច្រោល​យ៉ាងខ្លាំងនា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយក៏ជា​វិស័យ​គោលមួយ​សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធ្វើឱ្យមនុស្សជា​ច្រើន​បានបោះបង់​មុខរបរ​ផ្សេងៗមក​ចាប់​អាជីព​ក្នុង​វិស័យនេះ ជាពិសេស​គឺ​ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដោយសារតែ​មិនចាំបាច់មានដើមទុនច្រើន។

តែមួយ​រយៈចុងក្រោយនេះ ជម្ងឺរាតត្បាតបានផ្ទុះឡើង ធ្វើឱ្យ​ម្នាក់ៗភ័យខ្លាច​រឿង​កើតវិបត្តិសេដ្ឋកិច្ច ហើយ​បង្កើតបានជាព័ត៌មាន​មួយ​អំពី​ការធ្លាក់ចុះ​ទីផ្សារ ឬអាច​ជះឥទ្ធិពល​ដូចឆ្នាំ​២០០៨ និង២០០៩ ដែលវិស័យអចលនទ្រព្យ​ធ្លាប់រង​របួសធ្ងន់ធ្ងរ​ម្តងរួចទៅហើយ។ ពេល​ទីផ្សារល្អ មនុស្ស​មិនតិច​ទេដែលរត់ចូលមក ហើយពេលទីផ្សារ​រៀង​ស្ងប់ស្ងាត់ មិនពុះកញ្រ្ចោល មនុស្សក៏មិនតិចដែររត់ចេញវិញ។

ខ្ញុំឃើញ​ភ្នាក់ងារមិនតិចទេ​ដែល​ផ្លាស់ប្តូរអាជីព​ពី​អ្នកលក់អចលនទ្រព្យ ហើយប្តូររបរ​ផ្សេងវិញ ជាពិសេស​ក្លាយជា​អ្នក​លក់អនឡាញដូចជា​ម៉ាស អាកុល ឬឡេជាដើម។ នៅពេលដែលមានព័ត៌មាន​ថាអចលនទ្រព្យ​នៅតែលក់បាន នៅតែអាច​រកចំណូលបាន មានមនុស្ស​មិនតិចទេសើចចំអក ហើយនិយាយថា “កុំខ្មេស! ឥឡូវស្ងាត់ដូចចោរ​លួចសេះ ហើយអ្នកស្គាល់គាត់​ទើបតែដូរមុខ​របរទេ​ដោយសារតែ​លក់លែងបានទៀត វិស័យនេះរកលែងបានហើយ!”។ ​

តើពិតទេដែលវិស័យអចលនទ្រព្យ​ពិតជា​មិនអាច​រកលុយបានក្នុងកាលៈទេសៈនេះ? តើពិតទេដែល​ដែលថា​យើងគួរដូរ​មុខរបរ​ ព្រោះ​វាអស់​សក្តានុពលទៀតហើយ? ឬមួយក៏គួរស្តាប់មតិដែលថា វានៅតែល្អ និងអាចរកលុយបាន?

កាលពីខ្ញុំចូលប្រឡូក​ក្នុងវិស័យនេះដំបូងកាលពី៥​ឆ្នាំ​មុន ក៏មានមនុស្សមិនតិចដែលនិយាយ​ថា គេធ្វើច្រើនណាស់ វិស័យនេះ​លែងហ៊ឹកហ៊ាក់ដូចមុនទៀតហើយ ហើយក៏មាន​មតិដែលថា វិស័យនេះនៅតែល្អនិងនៅតែ​មានសក្តានុពល​ខ្ពស់។ ហើយគំនិត​នេះ​នៅតែ​មាន​រហូត​មកដល់​ក្នុងស្ថានការណ៍​វិបត្តិ​កូវីដ១៩ទៀត។

ប្រសិនបើ​ខ្ញុំមិននៅក្នុងវិស័យនេះផ្ទាល់ទេ ច្បាស់ណាស់ខ្ញុំប្រាកដជាជឿថា​ វាលែងល្អទៀតហើយ វាលែង​ជាកន្លែង​រកលុយបានទៀតហើយ ពេលនេះគួរតែកុំប្រឡូក​ក្នុងវិស័យនេះឱ្យសោះ ព្រោះថា​យើង​នឹងធ្វើការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ពាក្យ​ចចាមអារាមប៉ុណ្ណោះ។

តាមពិតទៅ ក្នុងវិស័យ​អចលនទ្រព្យ ពេលទីផ្សារល្អ​ ក៏មានអ្នកខាតលុយ ហើយពេលទីផ្សារទ្រឹង ក៏មានអ្នកចំណេញលុយ​ផងដែរ។ ប្រសិនបើអ្នកដើរជាមួយអ្នកដែលមាន​បទពិសោធន៍ផ្ទាល់ក្នុងវិស័យនេះ អ្នកប្រាកដជា​បានឮដូចអ្វីដែលខ្ញុំ​លើឡើងខាងលើ។ ព្រោះអ្វី? អ្នកជំនាញ​ពិតប្រាកដ​ តែងតែចេះច្នៃវិបត្តិមក​ជាឱកាស ហើយអ្នកដែល​តាមគេតាមឯង និងវិនិយោគតាមគេតាមឯងដោយមិនមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ហើយទោះទីផ្សារល្អយ៉ាងណា​ក៏នៅតែមិនអាច​រកលុយបាន ហើយថែមទាំងខាត​ឡុងចុងទៀតផង។

ហេតុអ្វី ពេលនេះជាពេលដែលល្អមួយសម្រាប់ភ្នាក់ងារដែលមានជំនាញ​ពិតប្រាកដរះឡើងក្នុងពេលមានវិបត្តិ ឬក៏ទីផ្សារទ្រឹង? ព្រោះថា នៅពេលដែលទីផ្សារល្អ អ្នកណាក៏អាចលក់បាន ដោយ​មិនចាំបាច់​មានជំនាញ​ច្រើន ឬរកដំណោះស្រាយច្រើនឱ្យអតិថិជនទេ ហើយអតិថិជនខ្លួនឯង​ក៏អាច​លក់បានខ្លួនឯងដោយស្រួលដោយ​មិនចាំបាច់​ពឹងពាក់​ភ្នាក់ងារផងដែរ។ តែនៅពេលមានវិបត្តិ​ ទីផ្សារស្ងប់ស្ងាត់ ការលក់គឺមិនងាយស្រួលនោះទេ ហើយក៏មិនមែននរណាក៏អាចលក់បាននោះដែរ ហើយសម្រាប់អតិថិជន​ខ្លះគឺត្រូវ​បង្ខំចិត្តលក់ក្នុងរយៈពេលខ្លីណាមួយឱ្យចេញដើម្បី​យកលុយ​មកបង្វិល​ដើម្បីទប់ទល់វិបត្តិ ដែលទាមទារឱ្យភ្នាក់ងារមានភាព​ប៉ិនប្រសប់ និងចំណានក្នុង​ការ​រកភ្ញៀវ ចំណានក្នុងការចរចារ និងជំនាញក្នុងការដោះស្រាយបញ្ហាបង់ប្រាក់នានា​រវាង​អ្នក​លក់និង​អ្នកទិញ។ ក្នុងសម័យកាលដែលភ្នាក់ងារ​ដទៃ​ចាកចេញ ទៅ​រករបរផ្សេងដូចជា​លក់តាមអនឡាញ ទោះបី​ទីផ្សាររៀងធ្លាក់ចុះ អ្នកក៏អស់​គូរប្រជែងជាច្រើនផងដែរដែលដណ្តើមអ្នកលក់អចលនទ្រព្យ។ ហើយពេលនេះ គឺជាពេលដែលអ្នកផ្តោត​លើការជួយដល់អតិថិជនណាដែល​ជួបការលំបាក ដោយចង់លក់ចេញឆាប់ៗ ទោះបីជាត្រូវលក់ក្រោមតម្លៃទីផ្សារក៏ដោយ ក៏គាត់នឹងពិចារណា ដើម្បីធ្វើយ៉ាងណាអាច​បង្វិលសាច់់ប្រាក់ទាន់ពេល។ ប្រសិនបើអ្នក​ជួយគាត់បាន វាមានភាគរយ​ខ្ពស់​ណាស់​ដែលគាត់​ចាំអ្នកក្នុងចិត្ត គឺមិនមែនចាំថាអ្នកលក់ឱ្យគាត់បានធូរថ្លៃនោះទេ គាត់នឹងចាំក្នុងចិត្ត​ថា អ្នកបានជួយគាត់ក្នុងគ្រាលំបាក ជួយគាត់ពេលដែលគាត់ត្រូវការបំផុត។ ហើយ​សម្រាប់អតិថិជនដែលមិនមានការទិញលក់​ក្នុងសម័យវិបត្តិក៏ដោយ ពួកគាត់​នឹងមើលឃើញ​អ្នក ចាំអ្នក ព្រោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកនៅតែជាភ្នាក់ងារអាជីព ជាភ្នាក់ងារដែល​ត្រៀមខ្លួនជានិច្ច​​ក្នុងជួយ​សម្រាលការលំបាក​របស់ភ្ញៀវ និងជួយដោះស្រាយ​បញ្ហា​របស់ភ្ញៀវ ហើយទោះបីជាវិបត្តិបានបញ្ចប់ អ្នកប្រាកដជាមានកន្លែងមួយ បើ​មិនបាននៅក្នុងបេះដូងអតិថិជន​ទេ ក៏​អាច​ស្ថិតនៅជាប់ក្នុងខួរក្បាលរបស់អតិថិជនផងដែរ ហើយអ្នកនឹងរះឡើង។

តើអ្នកជឿទេ? បច្ចុប្បន្ន​មានអតិថិជន​មិន​តិចទេដែលទាក់ទង​មក​ដើម្បី​រកទិញអចលនទ្រព្យដែល​មានតម្លៃក្រោមទីផ្សារ ព្រោះពួកគាត់ទាំងនោះមានលុយនៅក្នុងដៃ ហើយនេះជាពេលវេលា​ដែលពួកគាត់ត្រូវបញ្ចេញដាវ​ដើម្បី​ចាប់យកឱកាស​។ បើអ្នកមិនជឿ ឱ្យតែ​មានតម្លៃក្រោមទីផ្សារ ឬតម្លៃល្អ កុំភ្លេចទាក់ទងមកខ្ញុំណា! ដូចខ្ញុំបាននិយាយអញ្ចឹង ពេលទីផ្សារល្អ ក៏មានអ្នកខាតលុយ ទីផ្សារធ្លាក់ ក៏នៅមានអ្នកចំណេញលុយ ហើយក្នុងនាមជាភ្នាក់ងារអាជីព គឺ​ស្វែងរកឱកាស​ឱ្យ​អតិថិជន​ចំណេញ​លុយ​គ្រប់ស្ថានការណ៍។

ពាណិជ្ជកម្ម

ទាល់តែមានចរិត៣យ៉ាងទើបអ្នកអាចចាប់ផ្ដើមអាជីវកម្មបានដោយជោគជ័យ

0

 អ្នកតែងតែមានក្ដីស្រម៉ៃដ៏អស្ចារ្យមួយដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍ និង ដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកជានិច្ចជារៀងរាល់ថ្ងៃ ប៉ុន្តែពេលខ្លះនេះគ្រាន់តែជាការនឹកគិតចង់បានទៅតាមគំនិតភ្លាមៗតែប៉ុណ្ណោះ បន្ទាប់មកអ្នកក៏បែរជានិយាយថា អ្នកមិនដែលធ្វើវាពីមុនមកទេ អ្នកភ័យខ្លាចពេលធ្វើខុស ខ្លាចគេស្ដីបន្ទោសឲ្យអ្នក ដូច្នេះអ្នកក៏សម្រេចចិត្តថាមិនធ្វើអ្វីទាំងអស់ មិនបញ្ចេញសកម្មភាពដើម្បីឆ្ពោះទៅរកភាពជោគជ័យ និង ឈប់គិតពីក្ដីស្រម៉ៃទាំងនោះ ព្រោះអ្នកគិតថាអ្នកមិនដែលធ្វីវាពីមុនមកនោះទេ។តែយ៉ាងណាក៏ដោយអ្នកត្រូវតែហ៊ានស្រម៉ៃ ហ៊ានជម្នះនូវភាពភ័យខ្លាចរបស់អ្នក ហើយហ៊ានធ្វើវាឲ្យក្លាយជាការពិត  ទើបអាចអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយដែលអ្នកធ្លាប់នឹកស្រម៉ៃបាន។ចំណុចខាងក្រោមនេះជាចំណុចសំខាន់ដែលអាចជួយបំពេញក្ដីស្រម៉ៃរបស់អ្នកបានក្នុងការចាប់ផ្ដើមអាជីវកម្មប្រកបទៅដោយភាពជោគជ័យ៖

១. ជាមនុស្សដែលមានចិត្តពុះកញ្ជ្រោលចង់រៀនខ្លាំង

ពេលណាដែលអ្នកមានចិត្តពុះកញ្ជ្រោលខ្លាំង មានភាពងប់ងល់ខ្លាំងទៅលើការធ្វើអ្វីមួយ ដូចជាការរៀនសូត្រ ការអានសៀវភៅ ឬ ចង់ក្លាយជាអ្នកយកព័ត៌មាន ឬ ចង់បើកអាជីវកម្មដោយខ្លួនឯងជាដើម នោះអ្នកនឹងខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីសមត្ថភាព ព្យាយាមធ្វើវាម្ដងហើយម្ដងទៀតទាល់តែបានសម្រេចបំណងប្រាថ្នារបស់អ្នក។អ្នកត្រូវតែមានសក្ដានុពលក្នុងការតាំងចិត្តរៀនសូត្រ ពោលគឺរៀនពីមនុស្សជុំវិញខ្លួនអ្នក និង រៀនពីមនុស្សដែលមានបទពិសោធន៍ជ្រៅជ្រះជាងអ្នកដែលអ្នកគិតថាពួកគេអាចនឹងបង្រៀនអ្នកឲ្យយល់ដឹងពីវាបានកាន់ច្បាស់។​បើក្ដីស្រម៉ៃរបស់អ្នកចង់ក្លាយទៅជាសហគ្រិនជោគជ័យម្នាក់ អ្នកត្រូវរៀនស្វែងយល់ពីមជ្ឃដ្ឋានក្រៅ រៀនស្វែងយល់ពីការគ្រប់គ្រង ការដឹកនាំ ស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និង ស្វែងយល់ពីរបៀប ឬ បៀបបទនៃការធ្វើអាជីវកម្មជាដើម។តួយ៉ាងបើកាលណាដែលអ្នកមានអារម្មណ៍ពុះកញ្ជ្រោលចង់ធ្វើអ្វីមួយខ្លាំង នោះលទ្ធិផលដែលអ្នកទទួលបាននឹងឲ្យផលខ្លាំងយ៉ាងហ្នឹងដែរមកកាន់អ្នក។ជាពិសេសអ្នកត្រូវចាំថា មនុស្សរាល់គ្នាដែលបានចូលមកក្នុងជីវិតរបស់អ្នកពួកគេតែងតែមានមេរៀនអ្វីមួយមកបង្រៀនដល់អ្នក ដែលមេរៀនទាំងនោះជាមេរៀនដែលអ្នកតែងឆ្ងល់ជាយូរណាស់មកហើយ ឬ ជាមេរៀនដែលអ្នកមិនធ្លាប់ជួប។

២. រក្សាភាពថ្លៃថ្នូរ និង ភាពដាក់ខ្លួន

ការដាក់ខ្លួនមិនមែនជាការបន្ទាបខ្លួនអ្នកឲ្យគេជាន់ឲ្យគេមើលងាយនោះទេ តែវាគឺជាចរិកមួយដែលមិនចូលចិត្តអួតអាង មិនចូលចិត្តក្អេងក្អាង និងមិនចូលចិត្តប្រើអំណាចទៅគាបសង្កត់អ្នកដទៃនោះទេ តែការដាក់ខ្លួននេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្ត មានភាពជឿជាក់ខ្ពស់លើខ្លួនឯង មានអ្នកស្រលាញ់ចូលចិត្តច្រើន និង ជួយអភិវឌ្ឍន៍ខ្លួនអ្នកឲ្យកាន់តែពូកែឡើងៗ។ម្យ៉ាងទៀតនៅពេលដែលអ្នកចេះបន្ទាបខ្លួន អ្នកនឹងរៀនបានច្រើន មានគំនិតច្រើន ស្គាល់គេឯងច្រើនជាងមនុស្សដែលចូលចិត្តអួតអាងបានតែបន្លឺសម្លេងហើយក៏បាត់ទៅវិញ។ ដូច្នេះការដាក់ខ្លួនវានឹងជួយជម្រុញអ្នកឲ្យទទួលបានជោគជ័យ និង មានសមត្ថភាពខ្ពស់ជាងភាពក្អេងក្អាង។

៣. ប្រើប្រាស់ធនធានរបស់អ្នក

វាមិនសំខាន់ទេដែលថាអ្នកធ្លាប់មានបទពិសោធន៍ការងាររាប់ម៉ឺនរាប់លានដងក៏ដោយ តែអ្វីដែលសំខាន់នោះគឺថា តើអ្នកទទួលចំណេះដឹងពីវាបានច្រើនដែរឬអត់ បានលឿនឬអត់ ហើយយកវាមកអនុវត្តនៅក្នុងការងារមានប្រសិទ្ធភាពឬអត់តែប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើអ្នកមិនមានបទពិសោធន៍ច្រើនទេ អ្នកត្រូវរៀនពីវិធីដើម្បីទទួលបានវា ហើយរៀនពីវាទើបបទពិសោធន៍ដែលអ្នកទទួលបានមានប្រយោជន៍ល្អសម្រាប់អ្នក។តួយ៉ាង នៅលើពិភពលោកសព្វថ្ងៃនេះ អ្នកមិនចាំបាច់ធ្វើការគណនាលេខនព្វន្តដោយដៃនោះទេ ប៉ុន្តែអ្នកត្រូវតែដឹងពីវិធីប្រើប្រាស់ម៉ាស៊ីនគិតលេខទើបជាការប្រសើរ។

ជារួមមកអ្នកទាំងឡាយណាដែលមានឆន្ទៈក្នុងការបន្តការដើរទៅមុខដែលពោរពេញទៅដោយឧបសគ្គ មានដុំថ្ម ដុំគ្រួសតូចធំនៅពាំងពីមុខក៏ដោយ នោះអ្នកទាំងនោះនឹងទទួលបាននូវភាពជោគជ័យយ៉ាងអស្ចារ្យនៅក្នុងជីវិតរបស់ពួកគេ។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាអ្នកគួតែចាប់ផ្ដើមអាជីវកម្មនាពេលឥឡូវនេះ?

0

លោកMark Cuban ដែលជាសហគ្រិនជោគជ័យនៅក្នុងអាជីវកម្ម បានចាប់ផ្ដើមវិថីជីវិតរបស់គាត់ឲ្យឈានទៅរកភាពជោគជ័យ នៅពេលដែលគាត់មិនមានធនធានច្រើនគ្រប់គ្រាន់ និងកំពុងតែស្នាក់នៅក្នុងមហាវិទ្យាល័យបាក់បែកមួយដែលរស់នៅជាមួយគ្នា៥នាក់និងគ្រែចំនួន៣។ ហើយលោកបាននិយាយបន្ថែមទៀតថា ឥឡូវនេះគឺជាពេលមួយដ៏ល្អបំផុតក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មណាដែលអ្នកស្រលាញ់ពេញចិត្តខ្លាំង។ ៥ឆ្នាំទៅ១០ឆ្នាំទៀតបើគិតចាប់ពីឥឡូវនេះទៅ គឺ យើងអាចនឹងងាកក្រឡេកមើលទៅអាជីវកម្មកាលពីមុនដែលមានចំនួន៣០អាជីវកម្មដែលត្រូវបានបង្កើត ហើយអ្នកនឹងបន្ទោសខ្លួនឯងថា “ ពិតជាឆ្គួតមែន ហេតុអ្វីបានជាខ្ញុំមិនបានគិតដល់ដំណាក់កាលនេះទៅវិញ?” ពីព្រោះឥឡូវនេះវាពិតជាមានន័យខ្លាំងណាស់។ ការគិតបស់លោកគឺពិតជាត្រឹមត្រូវខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងនឹងបង្ហាញពីមូលហេតុមួយចំនួន៖

១. ទីមួយបំភ្លេចដើមទុនចោល

ពិតមែនហើយ វាគឺជាពេលវេលាមួយដ៏អាក្រក់ដើម្បីស្វែងរកនូវដើមទុនដើម្បីបណ្ដាក់ទុនរកស៊ី ម្យ៉ាងវិញទៀតវិនិយោគិនទាំងអស់ក៏មិនអាចប៉ាន់ស្មានដឹងថានាពេល៥ឆ្នាំទៅមុខទៀតពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណានោះទេ។តួយ៉ាងគោលដៅរបស់អ្នកគួរតែបង្កើតឲ្យបានច្រើនទៅតាមអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯង ដោយធនធានផ្ទាល់ខ្លួន បណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួន និង​ សមត្ថភាពផ្ទាល់ខ្លួន។យ៉ាងណាមិញតាមការបង្ហាញរបស់លោក Mark Cuban បានប្រាប់ថា គាត់បានឃើញស្ថាបនិកជាច្រើនតែងដើរចេញឆ្ងាយពីអ្វីទាំងអស់ នៅពេលក្រុមហ៊ុនរបស់ពួកគេត្រូវបានលក់ នេះក៏ព្រោះតែពួកគេបានផ្ដល់អ្វីៗច្រើនពេកទៅដល់អ្នកវិនិយោគិន។ ដូចនេះការចាប់ផ្ដើមអភិវឌ្ឍការងារអាជីវកម្មរបស់អ្នកដោយការខិតខំប្រឹងប្រែងពីភាពពុះពារ និង ភាពអំណត់អត់ធ្មត់ដែលចេញពីចិត្តខាងក្នុង ព្រមទាំងការចាប់ផ្ដើមដោយមិនមានការបណ្ដាក់ទុនផងនោះ នឹងអនុញ្ញាត្តិឲ្យអ្នកបំពេញនូវគម្រោងការចុងក្រោយទៅតាមវិធីរបស់អ្នក ដែលអ្នកវិនិយោគិនខ្លះមិនអាចធ្វើបាន។

២. ទីពីរចាប់ផ្ដើមពីជំហានតូចៗឥឡូវនេះ

          ការបូកផ្សំគ្នារវាងចំណុចតូចៗជាច្រើន វានឹងធ្វើឲ្យក្លាយទៅជាចំណុចធំ មួយបានយ៉ាងអស្ចារ្យ។ យ៉ាងណាមិញចំពោះការចាប់ផ្ដើមធ្វើអាជីវកម្មក៏ដូចគ្នា បើអ្នកចាប់ផ្ដើមវាពីជំហានតូចៗទៅ ពោលគឺចាប់ផ្ដើមពីបាតដៃទទេ ឬ មួយក៏ មានធនធានសមល្មមសម្រាប់ធ្វើដើមទុន អ្នកនឹងអាចមានឱកាសក្នុងការ សម្រេចនូវភាពជោគជ័យរបស់អ្នកនៅក្នុងវិស័យធុរកិច្ចនេះបាន។ដូចនះ អ្នកគួរតែប្រើពេលវេលានេះដើម្បីធ្វើការបន្ថែមទៀតដើម្បីពង្រឹងនូវសមត្ថភាព បទពិសោធន៍ ទំនាក់ទំនង និង សន្សំថវិកាមួយចំនួនបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មរបស់អ្នកឲ្យកាន់តែមានភាពរីកចម្រើន។

ជារួមមក អ្នកត្រូវស្វែងរកនូវអ្វីដែលអ្នកស្រលាញ់ចង់ធ្វើ ហើយកំណត់គោលដៅឲ្យបានជាក់លាក់ រៀបចំគម្រោងឲ្យបានច្បាស់លាស់ និង ចេញជាសកម្មភាពតូចៗ។

ប្រភព៖https://www.inc.com/

ពាណិជ្ជកម្ម

ហេតុអ្វីបានជាការលក់តាមបណ្តាញសង្គម Facebook មួយចំនួនបរាជ័យ?

ដោយសារកំនើននៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម Facebook មានការកើនឡើងគួរឲ្យកត់សម្គាល់ វាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងមួយចំនួន ងាកមកប្រើប្រាស់បណ្តាញសង្គមនេះជាជំនួយក្នុងការផ្សព្វផ្សាយ ព្រមទាំងលក់ដូរផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងច្រើនកុះករ។ មូលហេតុចម្បងមួយទៀតដែលបងប្អូនប្រជាពលរដ្ឋយើងជ្រើសរើសបណ្តាញសង្គម Facebook នេះជាជាងប្រព័ន្ធផ្សព្វផ្សាយនានា នោះគឺដោយសារប្រសិទ្ធភាពនៃការចំណាយ និងប្រសិទ្ធផលនៃការទទួលបានមកវិញល្អគួរជាទីពេញចិត្ត។ យ៉ាងណាមិញ ដោយសារចំនួនដ៏ច្រើននៃអ្នកលក់នៅលើប្រព័ន្ធអនឡាញនេះ បានធ្វើឲ្យទីផ្សារនៃការលក់ និងផ្សព្វផ្សាយផលិតផលមានសភាពតូចចង្អៀតពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឲ្យមុខរបរមួយចំនួនត្រូវបិទទ្វាជាបន្តបន្ទាប់។

តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យមុខរបរទាំងនោះបរាជ័យ?

១. ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅមិនច្បាស់លាស់

ជាការពិតណាស់ ការដាក់យុទ្ធសាស្ត្រ និងកំណត់គោលដៅឲ្យបានច្បាស់លាស់គឺពិតជារឿងដ៏សំខាន់ ដែលបងប្អូនយើងភាគច្រើនមើលរំលង និងមិនបានយកចិត្តទុកដាក់ទៅលើវាប៉ុន្មាននោះទេ ដោយពួកគាត់គិតថាមុខរបររបស់ពួកគាត់ជាប្រភេទមុខរបរធុនតូច ដូច្នេះមិនចាំបាច់មានយុទ្ធសាស្ត្រ ឬគោលដៅអ្វីនោះទេ។ ការគិតបែបនេះហើយទើបធ្វើឲ្យមុខរបរធុនតូចនៅលើបណ្តាញសង្គម Facebook ប្រមាណ62% ត្រូវបានបិទទ្វាទៅវិញបន្ទាប់ពីបើកបានប្រហែល ៦ខែទៅ១ឆ្នាំ​ នេះបើយោងតាមការស្រាវជ្រាវរបស់លោក​ Neil Patel ដែលជាសហគ្រិន និងអ្នកធ្វើទីផ្សារដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក និងធ្លាប់ត្រូវបានអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ចាត់ទុកថាជាកំពូលសហគ្រិនម្នាក់ក្នុងចំណោមកំពូលសហគ្រិនទាំង១០០នៅលើពិភពលោក។

២. ការរៀបចំមាទិការទីផ្សារខុស

ការធ្វើមាទិការទីផ្សារ ដែលភាសាអង់គ្លេសហៅថា “Content Marketing” គឺជារឿងមួយដែលពិបាកបន្តិច ព្រោះវាទាមទារឲ្យអ្នកបង្កើតមាទិការទីផ្សារនោះមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពអំណត់អត់ធន់ក្នុងការធ្វើវា ព្រមទាំងចេះសាកល្បងនូវវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកវិធីសាស្ត្រដ៏ល្អបំផុតមួយសម្រាប់មុខជំនួញរបស់ខ្លួន។ អ្នកលក់អនឡាញជាច្រើនបានប្រើប្រាស់វិធីសាស្ត្រស្រដៀងៗគ្នាក្នុងការផ្សព្វផ្សាយ ដូចជាការ Post ពីវីឌីអូកំប្លែង ​វីឌីអូ​មនោសញ្ជេតនា​ ឬប្រើប្រាស់ការសរសេរដែលមានសភាព “Drama” ដើម្បីទាក់ទាញឲ្យមានមនុស្សចូលមើល និង Like Page របស់ខ្លួន។ ការធ្វើបែបនេះមិនមែនថាមិនល្អទាំងស្រុងនោះទេ ក៏ប៉ុន្តែវិធីសាស្ត្រនេះគឺមិនមានស្ថេរភាពយូរអង្វែងឡើយ ដោយវាអាចធ្វើឲ្យមាទិការរបស់យើងមានភាពរញ៉េរញ៉ៃ ហើយអាចបណ្តាលឲ្យអ្នកដែលតាមដាន Page របស់យើងធុញ និងឈានដល់ការ Unlike និង Unfollow page ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអតិថិជនរបស់យើង មិនសូវមានទំនុកចិត្តទៅលើការជាវ និងប្រើប្រាស់ផលិតផល ឬសេវាកម្មយើងថែមទៀតផង។

៣. ការផ្តោតលើការលក់ច្រើនជាងការសាងកេរ្តិ៍ឈ្មោះ

យោងតាមការស្រាវជ្រាវរបស់គេហទំព័រភ្នាក់ងារទីផ្សារ Business 2 Community បានបង្ហាញថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ភាគច្រើនមិនចាប់អារម្មណ៍ទៅលើកពាណិជ្ជកម្មលក់ផលិតផលប៉ុន្មាននោះទេ ដោយសារមូលហេតុធំៗពីរគឺ ទំនុកចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅលើផលិតផល ឬសេវាកម្មដែលបានផ្សព្វផ្សាយនោះ។ ដូច្នេះអ្វីដែលម្ចាស់អាជីវកម្មអនឡាញ ពិសេសប្រភេទអាជីវកម្មធុនតូចរឹតតែចាំបាច់ធ្វើនោះគឺ ការកសាងកេរ្តិ៍ឈ្មោះ ឬម៉ាកសញ្ញា (Brand) របស់ខ្លួនទើបជាការប្រសើរ ដើម្បីទាញយកទំនុកចិត្តពីអតិថិជន ក៏ដូចជាផ្សព្វផ្សាយឲ្យមានគេស្គាល់ពីខ្លួនឲ្យបានកាន់តែច្រើនជាងមុនបន្ថែមទៀត៕

ពាណិជ្ជកម្ម

តើការប្រើប្រាស់វីដេអូរផ្សព្វផ្សាយ​លើFacebook ពិតជា​មានប្រសិទ្ធភាពខ្ពស់ជាងគេឬ?

ការផ្សព្វផ្សាយនៅលើFacebook​លែងជា​ប្រធានបទដែលថ្មីទៀតហើយ​នៅពិភព​អាជីវកម្ម​នៅប្រទេស​កម្ពុជា។ យើងឃើញ​មានការផ្សព្វផ្សាយ​វគ្គបណ្តុះបណ្តាលជាច្រើន​ស្តីពី​ប្រើប្រាស់Pageឱ្យបានជោគជ័យ លក់អីក៏ដាច់ អាថ៌កំបាំងចាយលុយតិចលើFacebookជាដើម ។ល។   ហើយថ្មីៗនេះ ក៏មានការបើកវគ្គបណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់វីដេអូ​ដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ជាងគេ។ តើនេះជាការពិតមែនទេ?

មិនខុសនោះទេ ហើយក៏មិនត្រូវទាំងស្រុងដែរ។ វីដេអូបានក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយអាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ ហើយនេះ​មិនមែនទើបតែកើតឡើងនោះទេ ទំនោរនៃការ​ជម្រុញឱ្យ​មានបង្កើតវីដេអូគឺ​មានតាំងពី​ប្រហែល ៣ឆ្នាំ​មុនមកម្ល៉េះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់ជាង​ការប្រើប្រាស់រូប​ភាព​ផ្សព្វ​ផ្សាយនោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ និងមិនគួរឱ្យ​ចាប់អារម្មណ៍ នឹងនៅតែត្រូវបានគេអូសរំលងចោល ហើយមានប្រសិទ្ធតិចតួច។ ​ប្រៀបដូចជាយើងកំពុងមើលទូរទស្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។ កម្រិត​ប្រសិទ្ធភាពខ្ពស់ឬទាបនៃ​ការប្រើវីដេអូ ឬប្រើរូបភាព ​គឺ​អាស្រ័យ​ទាំងស្រុង​លើគុណភាព​ និងភាព​ទាក់ទាញ​របស់វា និងអ្វីដែលសំខាន់ជាងហ្នឹងទៅទៀត គឺអាស្រ័យ​លើ​ផលិតផល និងសេវាកម្មដែលអ្នកចង់​ផ្សព្វផ្សាយ។

សម្រាប់អ្នកទីផ្សារ និងអ្នកបង្កើតការផ្សព្វផ្សាយដែលមានជំនាញ ពួកគេ​នឹង​មិនមានភាពដាច់ខាត​លើការអះអាង​ថា​មួយ​ណាល្អជាង​មួយណា​នោះទេ ហើយពួកគេ​តែងតែស្វែងយល់ពី​គោលបំណងផ្សព្វផ្សាយ និងផលិតឬសេវាកម្មជាមុនសិនមុន​នឹង​ឈានទៅរកការសម្រេចិត្តជ្រើសរើសវិធីណាសម្រាប់ការផ្សព្វផ្សាយ។ ប្រសិនបើពួកគេ​មិនទាន់ច្បាស់ ពួកគេនឹងធ្វើពិសោធសាកល្បង​រវាង​មធ្យោបាយផ្សព្វផ្សាយទាំងពីរ (វីដេអូ និងរូបភាព)ថាតើមួយណា​មាន​ប្រសិទ្ធភាព​ជាងមួយណា?

តាមបទពិសោធន៍ ប្រសិនបើ​យើងធ្វើការផ្សព្វផ្សាយ​កម្មវិធីបញ្ចុះតម្លៃពិសេស ឬក៏ចង់​ឱ្យ​​អតិថិជនចុចលើអ្វីមួយ ការប្រើប្រាស់រូបភាព​នៅតែមាន​ប្រសិទ្ធភាពខ្ពស់ជាង ដោយសារតែងាយក្រឡេកឃើញ និងស្រួលយល់ដោយមិនចាំបាច់​រង់ចាំ​យូរ។ ខុសពីរូបភាព វីដេអូ​ត្រូវការពេលដើម្បី​អាច​ឱ្យអ្នកមើល​បញ្ចប់វីដេអូទាំងមូល​ដើម្បី​អាច​យល់អត្ថន័យ​បាន។ ប៉ុន្តែវីដេអូ​ គឺជា​ការផ្សព្វផ្សាយល្អជាង នៅពេលដែលអ្នកចង់​បង្ហាញ​ពី​ការប្រើប្រាស់ បង្ហាញពីគុណតម្លៃ បង្ហាញ​ពីគន្លឹះ ឬ​ក៏សកម្មភាពដែលមានបញ្ចូលអារម្មណ៍។ អ្នកត្រូវចាំថា អ្នកប្រើប្រាស់Facebookប្រើប្រាស់​ពេលតែ​ប៉ុន្មានវិនាទី​ប៉ុណ្ណោះដើម្បីសម្រេចចិត្តថាមើលវីដេអូ​របស់អ្នក ឬក៏ត្រូវអូសរំលង ដែលអ្នកត្រូវតែ​ផ្តោត​សំខាន់​លើភាព​ទាក់ទាញ​៣​វិនាទី​ដំបូងរបស់វីដេអូ។ ​ហើយអ្នកក៏ត្រូវចងចាំថា ពេលអ្នកបង្កើតវីដេអូ គឺត្រូវ​តែបង្កើត​វីដេអូ​ដែលទាក់ទាញដោយមិនចាំបាច់ឮសម្លេង ដោយសារតែជាទូទៅ​មនុស្ស​មិនបើកសម្លេងពេលកំពុងតែអូសមើល​បណ្តាញសង្គមរបស់ខ្លួននោះទេ។

តើអ្នកគួរជ្រើសរើសវិធីណាដើម្បីធ្វើការផ្សព្វផ្សាយរបស់អ្នក? សម្រាប់ខ្ញុំ ទាំងមធ្យោបាយ​ប្រើប្រាស់រូបភាព ទាំងវីដេអូ សុទ្ធតែមានគុណសម្បតិ្ត​រៀងៗខ្លួន ហើយ​មានប្រសិទ្ធភាពទៅតាមគោលបំណងនៃការ​ផ្សព្វផ្សាយ។ ទោះបី​ជាFacebookជម្រុញ​ឱ្យបង្កើត​វីដេអូ​ក្នុងការផ្សព្វផ្សាយក៏ដោយ តែFacebookមិនអាចជម្រុញចិត្តមនុស្សឱ្យមើល​វីដេអូ​ដែលមិនទាក់ទាញនោះទេ។ អ្វីដែលល្អបំផុត​ដើម្បីដឹងពី​ប្រសិទ្ធភាពរបស់វា (អ្នកត្រូវចំណាយលុយ​ស្មើរគ្នា ហើយស្វែងរកចម្លើយថាតើមួយណាអាចរកបានអតិថិជនច្រើនជាង?) គឺជាការធ្វើតេស្ត​រកមើល​វិធីសាស្ត្រដែលល្អបំផុតសម្រាប់​ផលិតផល និងសេវាកម្ម​របស់អ្នក។ អ្វីដែលចាំបាច់បំផុត គឺអ្នកត្រូវយកចិត្តអតិថិជន​ដាក់នៅក្នុងខ្លួនឯង ដោយគិតថាប្រសិនបើអ្នកឃើញ​ការផ្សាយពាណិជ្ជកម្មបែបនេះ អ្នកនឹងចង់ចុចមើលឬទេ ឬក៏​អ្នកគិតថាមានរូបភាព​ផ្សព្វផ្សាយគឺគ្រប់គ្រាន់ហើយ? ព្រោះថា ការបង្កើតវីដេអូផ្សព្វផ្សាយគឺចំណាយពេលនិង​ថវិកា​ច្រើនជាង​រូបភាព។

ដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើងអញ្ចឹង ជំនាញទីផ្សារគឺការ​រួមបញ្ចូលទាំងវិទ្យាសាស្ត្រ និងសិល្បៈ ដែលមិនមានចម្លើយដាច់​ខាតនោះទេ។ ការធ្វើទីផ្សារគឺជា​ធ្វើតេស្ត​រកវិធីសាស្ត្រ និងយុទ្ធសាស្ត្រដែលល្អបំផុត ហើយគ្មានរូបមន្តមួយ​អាច​ប្រើប្រាស់បានគ្រប់កន្លែង និងគ្រប់វិស័យនោះឡើយ។ អ្នកទីផ្សារគឺត្រូវស្វែងយល់ និងចេះវិភាគ ថាតើគួរប្រើប្រាស់យុទ្ធសាស្ត្រអ្វីដែលសាកសមបំផុត និងតែងតែធ្វើការវាយតម្លៃឡើងវិញដើម្បីកំណត់​យុទ្ធសាស្ត្រថ្មី។

 

ពាណិជ្ជកម្ម

វិធីស្វែងរកឱកាសកំឡុងពេលមានវិបត្តិ

0

នៅពេលណាដែលមនុស្សទូទាំងពិភពលោកសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរភ្លាមៗនៃជីវិតដែលបណ្ដាលមកពីជម្ងឺរាតត្បាតនេះ នោះមានន័យថាក្រុមហ៊ុនទាំងអស់ក៏ត្រូវធ្វើការផ្លាស់ប្ដូរផងដែរ។នៅក្នុងវិបត្តិ តែងតែមានបញ្ហា និងមានគ្រោះថ្នាក់ដោយជៀសមិនផុត ប៉ុន្តែមិនមែនវាមិនមានដំណោះស្រាយ ឬ ក៏គ្មានឱកាសក្នុងការកសាងឲ្យកាន់តែល្អនោះទេ ឲ្យតែអ្នកចេះចាប់យកឱកាស នោះអ្នកនឹងទទួល​បាននូវគុណប្រយោជន៍ជាច្រើនពីវា។ប្រសិនបើក្រុមហ៊ុនអាចឃើញឱកាសនៅក្នុងវិបិត្តនេះបាន ពួកគេអាចលេចចេញនូវភាពរឹងមាំ ការច្នៃប្រឌិត​ និង មានអតិថិជនចូលរួមយ៉ាងស្មោះត្រង់។ ខាងក្រោមនេះគឺជាវិធី៤យ៉ាងដែលអ្នកអាចស្វែងរកឱកាសបានខណៈពេលដែលមានវិបត្តិកើតឡើង៖

១. ព្រួយបារម្ភពីអតិថិជនរបស់អ្នក

អ្នកត្រូវថែរក្សាអតិថិជនរបស់អ្នកឲ្យបានខ្ជាប់ខ្ជួនក្នុងពេលមានវិបត្តិ ដោយដាក់នូវតម្រូវការរបស់ពួកគេជាអាទិភាព ព្រោះពួកគេជាអ្នកកំណត់វាសនានៃការរីកលូតលាស់របស់ស្ថាប័ន និង ក្រុមហ៊ុនរបស់អ្នក។ យ៉ាងណាមិញចូរយកអារម្មណ៍របស់អ្នកទៅដាក់នៅក្នុងអារម្មណ៍របស់អតិថិជនអ្នក៖ តើពួកគេត្រូវការអ្វីខ្លះដើម្បីឲ្យមានអារម្មណ៍ថាសុខសុវត្ថិភាព ងាយស្រួល និង អាចការពារបាន? ដូចនេះអ្នកគួរតែរកដំណោះស្រាយឲ្យបានឆាប់រហ័សដើម្បីជួយពួកគេឲ្យរួចផុតពីបញ្ហាទាំងនេះ ។​ ពេលណាដែលអ្នកអាចសម្រេចនូវការរំពឹងទុករបស់ពួកគេបាន អ្នកនឹងអាចទទួលបាននូវអតិថិជនដែលស្មោះត្រង់នឹងអ្នក ទោះបីជាកាលៈទេសៈណាក៏ដោយ។

២. បំពេញតាមតម្រូវការអតិថិជន

ការផ្លាស់ប្ដូរតម្រូវការរបស់អតិថិជនក្នុងពេលមានវិបត្តិ និង ការចាប់យកឱកាសរបស់ក្រុមហ៊ុនគឺត្រូវតែកំណត់ និង ត្រូវបំពេញរាល់សេចក្ដីត្រូវការទាំងនោះទៅដល់ពួកគេ។ តួយ៉ាងការបំពេញតម្រូវការអតិថិជនរបស់អ្នកកំឡុងពេលដែលមានវិបត្តិ វាមិនត្រឹមតែជួយពង្រឹងនូវការតភ្ជាប់ទំនាក់ទំនងរវាងអ្នក និង ពួកគេតែប៉ុណ្ណោះ តែវាអាចធ្វើឲ្យអ្នករកឃើញនូវបន្ទាត់អាជីវកម្មថ្មីទាំងមូលបាន។

៣. ចូលរួម និង ភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគមន៍របស់អ្នក

ក្នុងពេលដែលអ្នកត្រូវប្រឈមមុខជាមួយនឹងវិបត្តិ សូមអ្នកគិតអំពីរបៀបដែលអាជីវកម្មរបស់អ្នកអាចធ្វើបានយ៉ាងសាកសមបំផុត ដើម្បីផ្ដល់ជូនទៅកាន់សហគមន៍វិញ។ អ្នកគួរតែទាក់ទងទៅកាន់អតិថិជនរបស់អ្នក ហើយស្នើសុំឲ្យពួកគេចូលរួមជាមួយអ្នកដោយផ្ដល់ឲ្យពួកគេនូវវិធីងាយៗ និង ជាក់ស្ដែងដើម្បីចាត់វិធានការណ៍។ ហើយវាមិនត្រឹមតែធ្វើឲ្យអាជីវកម្មរបស់អ្នកផ្លាស់ប្ដូរទៅជាវិជ្ជមានប៉ុណ្ណោះទេ តែអ្នកអាចផ្ដល់អំណាចដល់អតិថិជនរបស់អ្នក ឲ្យធ្វើដូចគ្នាបានទៀតផង។

៤. ទទួលយកនូវដំណោះស្រាយ និង ការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព ដោយមិនចាំបាច់លះបង់នូវបទពិសោធន៍

ចាត់វិធានការណ៍សកម្មដើម្បីស្វែងយល់ពីចំណុចព្រួយបារម្ភរបស់អតិថិជន និង ចាប់ដៃគូជាមួយពួកគេដើម្បីស្វែងរកវិធីផ្សេងក្នុងការដោះស្រាយបញ្ហារបស់ពួកគេដោយមិនបានលះបង់នូវគុណភាព។យើងដឹងហើយថា ពេលដែលមានវិបត្តិគឺវាមិនមែនជារឿងធម្មតាសំរាប់មនុស្សរាល់គ្នានោះទេ ប៉ុន្តែវាគឺជាពេលវេលាមួយដែលអ្នកត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ ត្រូវតែសកម្ម និង ត្រូវតែចេះលកលៃ។

ថ្ងៃមួយវិបត្តិដែលអ្នកកំពុងតែជួប វានឹងរលត់បាត់ទៅវិញ ប៉ុន្តែទំនាក់ទំនងល្អដែលអ្នកបានសាងជាមួយនឹងសហគមន៍ និង អតិថិជនរបស់អ្នកវានឹងនៅឋិតឋេរយូរអង្វែង ដែលមិនអាចសាបរលាបទៅវិញបាន។ដូចនេះ ចូរអ្នកផ្ដោតទៅលើការ ព្រួយបារម្ភ ការចូលរួម និង ការដោះស្រាយ  ព្រោះអ្នកនឹងអាចយល់ឃើញ និង​ អាចចាប់បាននូវឱកាសល្អៗនៅក្នុងស្ថានភាពលំបាកបាន។

 

 

ពាណិជ្ជកម្ម

ឥលូវនេះគឺជាពេលវេលាមួយដ៏ល្អប្រសើរដើម្បីអានសម្រាប់ការកំសាន្ត

0

បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែជាប់ឃុំនៅក្នុងផ្ទះមិនអាចចេញដើរហើរទៅណាឆ្ងាយៗ ឬទៅធ្វើអ្វីផ្សេងបានឡើយ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩នេះឯង។ ប៉ុន្តែពួកយើងនៅផ្ទះអាចនាំគ្នាយកសៀវភៅជាមិត្ត យកសៀវភៅដើម្បីកែភាពអផ្សុករបស់អ្នក និង យកវាអានដើម្បីបង្កើនចំណេះដឹងរបស់អ្នកឲ្យកាន់តែខ្លាំងជាមុន។ សៀវភៅផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស ពីព្រោះវាគឺជាឃ្លាំងចំណេះដឹងដែលមនុស្សអាចស្រូវយកចំណេះនោះបានតាមរយៈការអាន ហើយវាក៏ធ្វើឲ្យមនុស្សបាត់បង់នូវភាពស្មុគស្មាញ តប់ប្រមល់ក្នុងអារម្មណ៍មួយចំនួនធំដែរ ប្រសិនជាពួកគេអានចំសៀវភៅដែលខ្លួនពេញចិត្ត។ យ៉ាងណាមិញដើម្បីទទួលបាននូវភាពជោគជ័យក្នុងឆាកជីវិត គឺតម្រូវឲ្យអ្នកទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការអាននិង ការគិតដ៏អស្ចារ្យមួយ។ ជាក់ស្ដែងយើងឃើញថា មនុស្សជោគជ័យជាច្រើនដែលទទួលបានជោគជ័យដោយសារតែការអាននេះឯង ហើយទោះបីជាពួកគេទទួលបានលទ្ធផលទៅតាមក្ដីស្រម៉ៃហើយក៏ដោយ ក៏ពួកគេមិនបោះបង់ការអានដែរ ដូចជា Bill Gates អានសៀវភៅ៥០ក្បាលនៅក្នុង១ឆ្នាំ  លោក Mark Cuban តែងចំណាយពេល៣ម៉ោងក្នុងមួយថ្ងៃក្នុងការអានសៀវភៅ នៅមាន Oprah Winfrey, Jeff Bezos Warren Buffet ទៀតដែលនៅតែបន្តការអានដដែល។ចំណុចខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យឃើញពីភាពរីករាយនៅពេលអានសៀវភៅ៖

១.កុំគិតទៅលើចំនួនទំព័រដែលអ្នកអាន

ការអានដែលមានតម្លៃគឺតម្រូវឲ្យយើងអានដោយមានការគិតស៊ីជម្រៅ និង វិភាគឲ្យបានហ្មត់ចត់មុននឹងជឿទៅលើទស្សនៈណាមួយដែលបានសរសេរនៅក្នុងសៀវភៅ មិនមែនជាការអានដើម្បីឲ្យតែបានច្រើនសន្លឹកឬច្រើនទំព័រនោះទេ។ដូចេ្នះហើយបើសិនជាអ្នកជាមនុស្សដែលចូលចិត្តអានសៀវភៅពិតប្រាកដ នោះអ្នកគួរតែអានដើម្បីយល់ពីអត្ថន័យនិងដំណើរដើមទងនៃសាច់រឿង ព្រោះថានៅពេលដែលអ្នកជក់ចិត្ត ហើយស្លុងអារម្មណ៍ជាមួយនឹងដំណើររឿងនោះអ្នកប្រាកដជាអានវាចប់ដោយមិនដឹងខ្លួន ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តទៀតផង។

២. អានដើម្បីទទួលបាននូវភាពសប្បាយរីករាយ

ការផ្ដោតទៅលើការអាន វានឹងពង្រឹងនូវការយកចិត្តទុកដាក់ និង វាក្យស័ព្ទរបស់អ្នកបានកាន់តែច្រើន ហើយវាអាចបំផុសនូវអារម្មណ៍របស់យើងឲ្យធ្វើនូវទង្វើអាស្ចារ្យណាមួយ ព្រម ទាំងធ្វើឲ្យអ្នកមានទំនាក់ទនងកាន់តែជិតស្និតជាមួយនឹងពិភពលោកទាំងមូលផងដែរ។ អ្វីដែលសំខាន់គឺ វាអាចជួយបំបាត់នូវភាពហ្មងសៅ និង ទុក្ខលំបាកមួយចំនួន ឲ្យក្លាយទៅជាភាពសប្បាយរីករាយបាន។ នៅពេលដែលអ្នកអានដើម្បីទទួលបាននូវភាពរីករាយ នោះអត្ថបទដែលអ្នកអាននឹងផ្ដល់នូវភាពសប្បាយមកឲ្យអ្នក​។យ៉ាងណាមិញប្រសិនបើអ្នកកំពុងដោះស្រាយអ្វីមួយដែលអ្នកសង្ឃឹមថាវាអាចជួយឲ្យប្រសើរឡើងនូវជីវិត ឬ អាជីកម្មរបស់អ្នក សៀវភៅគឺមានតម្លៃដូចគ្នាទៅនឹងសកម្មភាពដែរអ្នកបានធ្វើនៅពេលក្រោយដែរ។ដូចនេះបន្ទាប់ពីអានរួច អ្នកត្រូវអនុវត្តនូវអ្វីដែលអ្នកបានដឹង បានរៀន និង បានអាន។

៣. ​​​​​​​​​​​​​​​​​​​​ គុណសម្បិត្តនៃការបើកសៀវភៅអាន

ការអានពិតជាមានអត្ថប្រយោជន៍ សម្រាប់ខួរក្បាល និង រាងកាយរបស់យើងទាំងអស់គ្នា។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកដែលអានសៀវភៅគឺមានអាយុវែងជាងអ្នកដែលមិនចេះអានសៀវភៅ។ដូចនេះហើយទើបមនុស្សមួយចំនួនតែងតែចូលចិត្តបង្វឹកខួរក្បាលឲ្យមានសកម្មភាពតាមរយៈការអានសៀវភៅ លេងអុក ឬ មួយលេងល្បែងដូចជាការផ្គុំរូបជាដើម។

៤. ការពារពេលវេលាអានរបស់អ្នក

កាលណាយើងកាន់តែយល់ពីវិធីដែលសៀវភៅជួយជំរុញយើងឲ្យកាន់តែមានការអភិវឌ្ឍន៍ និង មាន​ភាពជោគជ័យកាន់តែឆាប់រហ័ស នោះយើងនឹងកាន់តែបង្កើននូវទម្លាប់អានផងដែរ មិនថានៅទីណា កន្លែងណាទេ អ្នកអាចអានវាបានគ្រប់ពេល គឺវាអាស្រ័យទៅលើចិត្តនិង អារម្មណ៍របស់អ្នកចង់ឬមិនចង់តែប៉ុណ្ណោះ។ ជាតួយ៉ាងចូរអានសៀវភៅដើម្បីធ្វើឲ្យខ្លួនរបស់អ្នកសប្បាយចិត្ត  ដើម្បីធ្វើតាមក្ដីសុបិន្តរបស់អ្នក និង ដើម្បីជួយសង្គមរបស់អ្នកឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។លើសពីនេះទៅទៀតការអាននឹងអនុញ្ញាតិឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយមនុស្សល្បីៗ និង មនុស្សដែលគួរឲ្យចាប់អារម្មណ៍នៅលើពិភពលោកបានទៀតផង ព្រោះថាពេលដែលអ្នកអានសៀវភៅរប​ស់ពួកគេប្រៀបដូចជាអ្នកបានស្គាល់គេច្បាស់ ទាំងអត្តចរិត និង ផ្នត់គំនិតផងដែរ។ដូចនេះហើយសូមអ្នកចំណាយពេលដែលកំពុងតែជួបវិបត្តិទាំងនេះ យកពេលដែលអ្នកកំពុងតែភ័យព្រួយ យកមកចំណាយជាមួយនឹងការអានសៀវភៅវិញប្រសើរជាង គឺ បានទាំងចំណេះ បានទាំងជំនាញ និង ចំណេញទាំងពេលវេលា។

 

 

 

 

ពាណិជ្ជកម្ម

ស្ថានភាពអាជីវកម្មដែលត្រូវជួបប្រទះនៅសម័យកូវីដ១៩

0

អាជីវកម្មខ្នាតតូចជាច្រើនត្រូវបានរងផលប៉ះពាល់ជាខ្លាំងដោយជម្ងឺរាតត្បាតកូវីដ១៩ ហើយវាកំពុងតែរីករាលដាលទូទាំងពិភពលោក។ ដូចនេះថ្ងៃនេះគំនិត នឹងចែករំលែកអំពីឥទ្ធិពល​នានានៃជម្ងឺកូវីដ១៩ បានជះដល់ក្រុមហ៊ុន និង អាជីវកម្មទាំងវិជ្ជមាននិងអវិជ្ជមាន៖

១. អតិថិជនធ្លាក់ចុះ

ខណៈពេលដែលជួបបញ្ហាអាសន្នបែបនេះ មានអាជីវកម្មជាច្រើនបានប្រែប្រួលរូបរាង ពីមានដំណើរការអាជីវកម្មល្អទៅជាការពិចារណាឡើងវិញនូវប្រតិបត្តិការទាំងមូលរបស់ពួកគេ ខណៈពេលដែលអាជីវកម្មផ្សេងៗទៀតបានវិវឌ្ឍន៍ខ្លួនឯង ពីដំណើរការល្អទៅដំណើរការមួយដ៏អស្ចារ្យនៅក្នុងវិបិត្តនេះ។ការកើតឡើងនូវវិបត្តិនេះដែរបានធ្វើឲ្យអារម្មណ៍អ្នកប្រើប្រាស់ផ្លាស់ប្ដូរយ៉ាងខ្លាំង ពោលគឺអតិថិជនដែលធ្លាប់ប្រើទំនិញប្រណីតៗបានការបន្ថយការចាយវាយ រីឯមនុស្សក៏គ្មានការងារកាន់តែច្រើនដែរ។

២.ផលិតផលល្អៗត្រូវតែកែប្រែវាដើម្បីការរស់រាន

នៅក្នុងវិបិត្តិសេដ្ឋកិច្ចតម្រូវការរបស់អតិថិជនសម្រាប់ផលិតផលដែលល្អ ដែលទាក់ទាញ នឹងត្រូវធា្លក់ចុះនៅពេលដែលអ្នកទិញផ្ដោតលើតម្រូវការមូលដ្ឋានរបស់ពួកគេប្រចាំថ្ងៃ។សុខភាពដែលល្អប្រសើរ និង សុវត្ថិភាព គឺជាកត្តាចម្បងដែលត្រូវនឹងផ្នែកខាងក្រោមនៃឋានានុក្រមនៃតម្រូវការរបស់ម៉ាស្លូ( Maslow) បាន ក្លាយជាអាទិភាពកំពូលមួយ។ ចំពោះការចាប់ផ្ដើមអាជីវកម្មដោយការបណ្ដាក់ទុននិង ការចាប់ផ្ដើមធ្វើអាជីវកម្មទាំងការចាប់ផ្ដើមដំណើរការឬនៅក្នុងដំណាក់កាលដំបូងនៃស្ថានភាពជម្ងឺឆ្លងនេះ អ្នកចាំបាច់ត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្រ្តដើម្បីបញ្ជៀសនូវហានិភ័យមួយចំនួន គឺយុទ្ធសាស្រ្តដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នកនៅឈរជើងបាននៅលើទីផ្សារ ទោះជាមានបញ្ហាជម្ងឺនេះក៏ដោយ។ ម្យ៉ាងវិញទៀតវិបត្តិបានជំរុញឲ្យពួកគេគូសបញ្ជាក់ពីទិដ្ឋិភាពជាក់លាក់នៃម៉ាកដែលវាពាក់ព័ន្ធនឹងបទដ្ឋានអ្នកប្រើប្រាស់ថ្មី និង ធ្វើឲ្យពួកគេបានចាប់ផ្ដើមសាកល្បងទៅលើការផ្សាយពាណិជ្ជកម្មដែលផ្ដោតទៅលើអតិថិជននិង តម្រូវការសម្រាប់ការមើលថែខ្លួនឯងពីផាសុខភាពនៃគេហដ្ឋានរបស់ពួកគេ។

៣. ខ្សែសង្វាក់នៃការផ្គត់ផ្គង់នៅបរទេសត្រូវបានគេជឿជាក់ថាវាពិតជាការរំខានមួយ

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាករណីជម្ងឺកូវីដ១៩ បានរាលដាលស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដែលជាហេតុធ្វើឲ្យរោងចក្រជាច្រើនប្រឈមមុខនឹងការបិទទ្វារ ហើយអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក៏ត្រូវប្រឈមមុខនឹងការបិទទ្វារផងដែរ ។ រោងចក្រមិនអាចផ្លាស់ខ្លួនទៅជាផលិតកម្មបានទេប្រសិនបើអ្នកផ្គត់ផ្គង់វត្ថុធាតុដើមស្ទើតែទាំងអស់ត្រូវបានបិទនោះ។ ហើយម្យ៉ាងវិញទៀតការពន្យាពេលគឺជៀសមិនរួចនោះទេ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចវាជាការសំខាន់ដើម្បីទស្សន៍ទាយពីបញ្ហាប្រឈមទាំងនេះ និង ធ្វើការសម្រចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់មួយ។នៅកាលៈទេសៈនេះការធ្វើពិពិធកម្មផលិតកម្មគឺវាមានគុណសម្បិត្តិខុសៗគ្នា ដូចនេះសម្រាប់អ្នកដែលមិនទាន់បានធ្វើពិពិធកម្ម វាពិតជាសំខាន់ណាស់ដែលត្រូវរៀបចំខ្លួននៅពេលដែលអ្វីៗត្រលប់មករកភាពដើមវិញ។

៤. បង្កើតនូវឱកាសថ្មីមួយនៅក្នុងការជ្រើសរើសទីផ្សារ និង​ ធ្វើពិពិធកម្មផលិតកម្ម

ជម្ងឺកូវីដ១៩បានធ្វើឲ្យមានលិទ្ធផលក្នុងការទទួលបាននូវអតិថិជនបានកាន់តែច្រើនដោយសារតែមានការពេញចិត្តនូវលក្ខខណ្ឌទីផ្សារ និង មានម៉ាកជាក់លាក់។ ហើយនៅក្នុងនោះដែរ Michael Kaminsដែលជាដៃគូរនៅ OpenNest និងជាស្ថាបនិកក្រុមហ៊ុន Humakina បានបញ្ជាក់ជាសំណួរថាៈ តើផលប៉ះពាល់ទីផ្សារវិជ្ជមានមួយណាដែលត្រូវការការត្រៀមលក្ខណៈខ្ពស់សម្រាប់ម៉ាក់ផលិតផលមុនពេលដាក់លក់? “យើងបាននឹងកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការចាប់ផ្ដើមរបស់យើងនៅក្នុងសម័យកាលកូវីដ១៩នេះ។ រហូតមកដល់ពេលនេះមិនទាន់មានភាពសៅហ្មងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងទេហើយយើងមានសំណាងណាស់ចំពោះបញ្ហាអស់ទាំងនេះ។ ប៉ុន្តែយើងយល់ថាការវិវឌ្ឍន៍យ៉ាងឆាប់រហ័សអាចបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅពេលណាមួយ។ យើងកំពុងតែតាមដានស្ថានការណ៍ដោយធ្វើការវាយតម្លៃពីផលប៉ះពាល់ និង​ រៀបចំសកម្មភាពដើម្បីឆ្លើយតបជាមួយនឹងបញ្ហាទាំងនោះ។”

៥. ឥលូវនេះជាពេលដែលត្រូវបោះជំហានទៅមុខដោយភាពជឿជាក់

អ្វីៗនឹងត្រលប់មករកភាពប្រក្រតីវិញ នៅពេលដែលអត្រានៃអ្នកឆ្លងជម្ងឺមានការថយចុះ។ ទីផ្សារនឹងស្ទុះងើបឡើងវិញ មានសកម្មភាពជាធម្មតាវិញនៅពេលដែលស្ងប់ស្ងាត់នូវជម្ងឺកូវីដនេះ ហើយមនុស្សនឹងអាចចេញដើរហើរ ឬ ត្រលប់ទៅធ្វើការវិញបានដូចធម្មតានៅពេលដែលយើងទាំងអស់គ្នាអាចទប់ទល់នឹងវាបាន។ តែទោះជាយ៉ាងណាក៏ដោយពេលវេលានៃការស្ទុះងើបឡើងវិញនេះ​ នៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយក៏សង្ឃឹមថាវានឹងមិនកើតឡើងច្រើនខែដែរ។ ឥលូវនេះមានភាពមិនប្រាកដប្រជាច្រើនណាសសម្រាប់អាជីវកម្មខ្នាតតូច ប៉ុន្តែជាមួយគ្នានោះ គឺ​ពួកគេមានឱកាសដ៏ធំធេងផងដែរ។ដូចនេះ ត្រូវមានសុខភាពល្អ ហើយប្រើប្រាស់រយៈពេលនោះដើម្បីផលប្រយោជន៍របស់អ្នកដើម្បីពិចារណាពីរបៀបដែលអ្នកអាចធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការរបស់អ្នកនាពេលអនាគត។

ពាណិជ្ជកម្ម

ទម្លាប់ ១នាទី ដែលជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន និង មានផលិតភាពកាន់តែច្រើនជារៀងរាល់ព្រឹក

0

អារម្មណ៍ល្អឬមិនល្អ គឺអាស្រ័យទៅលើអ្នកខ្លួនឯងជាអ្នកបង្កើត​ ថាតើអ្នកបានធ្វើអ្វី និង បាននិយាយអ្វីខ្លះដើម្បីឲ្យអារម្មណ៍របស់អ្នកបានសប្បាយរីករាយនិងមានថាមពលជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាពិបាក ហើយក៏មិនដឹងថាត្រូវនិយាយអ្វីមកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីបង្កើតឲ្យមានអារម្មណ៍ដែរ។ ដូចនេះសំណួរខាងក្រោមនេះនឹងជួយអ្នកឲ្យមានអារម្មណ៍ស្រស់ថ្លា និង មានផលិតភាពបានកាន់តែច្រើន៖

១. តើខ្ញុំអរគុណអ្វីខ្លះនៅក្នុងថ្ងៃនេះ?

អ្នកត្រូវអរគុណខ្លួនអ្នក សមត្ថភាពរបស់អ្នក ខួរក្បាលរបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នក ភាពរឹងមាំរបស់អ្នក និង សុខភាពរបស់អ្នក ព្រោះដោយសារតែពួក​វាទើបអ្នកអាចទទួលបាននូវសម្ធិផល នូវស្នាដៃដែលអ្នកប្រាថ្នាចង់បាន។ ដូចនេះ ចូរអ្នកអរគុណរាល់អ្វីៗដែលបានជួយអ្នកឲ្យរួចផុតពីបញ្ហា រួចផុតពីភាពហ្មងសៅ និងរួចផុតពីអារម្មណ៍មិនដាច់ស្រឡះដែលអ្នកមាន ហើយបង្ហាញនូវការអរគុណនេះមកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្បើយ និង មានថាមពលក្នុងការបោះជំហានទៅមុខទៀត។

 

២. តើនរណាដែលខ្ញុំត្រូវអរគុណនៅក្នុងថ្ងៃនេះ?

ពេលដែលអ្នកមានអារម្មណ៍ដឹងគុណ ឬ បង្ហាញការថ្លែងអំណរគុណទៅកាន់នរណាម្នាក់ដែលអ្នកគិតថាសាកសមនឹងទទួល នោះការថ្លែងអំណរគុណរបស់អ្នកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និង មានទឹកមុខស្រស់បស់ពោរពេញទៅដោយថាមពល ក្ដីសង្ឃឹម និង ក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន។ដូចនេះអ្នកគួរតែជ្រើសរើសអ្វីមួយមិនថារបស់នោះជារបស់តូចឬធំ មានតម្លៃឬមិនមានតម្លៃនោះទេជូនទៅដល់ពួកគេ ដើម្បីបង្ហាញពីការអរគុណ និង ការដឹងគុណរបស់អ្នកចំពោះពួកគេ។អ្នកនឹងឃើញទង្វើ និង ការគិតរបស់អ្នកនៅពេលដែលអ្នកធ្វើដូច្នេះ ពីព្រោះការសម្ដែងនូវការអរគុណចំពោះអ្នកដទៃគឺប្រៀបបានទៅនឹងការអរគុណនូវអ្វីដែលខ្លួនបានធ្វើយ៉ាងហ្នឹងដែរ។ អ្នកអាចសាកស្វែងរកនរណាម្នាក់ដើម្បីបង្ហាញនូវការដឹងគុណចំពោះពួកគេ ដូចជាឪពុកម្ដាយ បងប្អូន លោកគ្រូអ្នកគ្រូ មនុស្សជាទីស្រលាញ់ មេរបស់អ្នក ឬ មិត្តភក្តិរបស់អ្នកជាដើម ថាតើបន្ទាប់ពីអ្នកធ្វើបែបនោះហើយអ្នកនឹងមានអារម្មណ៍បែបណា?សប្បាយរីករាយ ឬ កើតទុក្ខ? ស្រស់ស្រាយ ឬ តប់ប្រមល់នៅក្នុងខ្លួន?អ្នកនឹងដឹងបន្ទាប់ពីការសាកល្បងមួយនេះ។

៣. តើអ្វីដែលខ្ញុំគួរតែគិតនៅក្នុងថ្ងៃនេះ?

ភាគច្រើនអារម្មណ៍មិនល្អច្រើនតែកើតមានឡើងនៅពេលដែលអ្នកធ្វើអ្វីមួយមិនច្បាស់លាស់ ធ្វើការងារពីរបីក្នុងពេលតែមួយ ធ្វើការឆ្បោលៗ ធ្វើឲ្យរួចតែពីដៃ ជាដើម។ ដោយផ្អែកលើបញ្ហាទាំងអស់នេះហើយ ទើបអ្នកត្រូវរៀបចំផែនការ ឬ កាលវិភាគមួយ ថាត្រូវធ្វើអ្វីខ្លះនៅក្នុងថ្ងៃនីមួយៗដើម្បីបង្កើតភាពច្បាស់លាស់សម្រាប់ខ្លួនឯង និង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ភាពស៊ាំញ៉ាំ ឬ អារម្មណ៍មិនល្អជាដើម។ ម្យ៉ាងទៀតនៅពេលដែលអ្នកសួរខ្លួនឯងថា តើថ្ងៃនេះខ្ញុំគួរតែធ្វើអ្វីខ្លះដើម្បីឲ្យការងារខ្ញុំទទួលបានប្រសិទ្ធភាព? នោះសំណួរទាំងនោះនឹងបង្ហាញផ្លូវឲ្យអ្នកបានដឹងភ្លាមៗ ថាអ្នកត្រូវធ្វើអ្វី។យ៉ាងណាមិញទោះបីជាផែនការរបស់អ្នកមិនមែនជាផែនការមួយដ៏អស្ចារ្យក៏ដោយ ប៉ុន្តែវាជួយចង្អុលបង្ហាញឲ្យអ្នកបានដឹងថា អ្នកត្រូវធ្វើអ្វីមុន ធ្វើអ្វីបន្ទាប់ ទៅតាមរបៀបរវារៈដែលអ្នកបានកំណត់ ជាជាងដែលអ្នកធ្វើវាទាំងភាពច្របូកច្របល់ និងមិនច្បាស់លាស់។លើសពីនេះ បន្ទាប់ពីអ្នកសម្រេចចិត្តថាត្រូវធ្វើការងារណាមួយនៅក្នុងថ្ងៃនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅលើការងារនោះមួយមុខបានហើយ មិនត្រូវធ្វើការងារនេះហើយគិតពីបញ្ហាផ្សេងនោះទេ ព្រោះវាអាចជះឥទ្ធិពលទៅលើការងាររបស់អ្នកគឺ ការងាររបស់អ្នកអាចមិនបញ្ចប់ ឬ ធ្វើវាមិនបានល្អជាដើម។

ជាចុងក្រោយអ្នកគួរតែចាប់ផ្ដើមធ្វើអ្វីមួយជារៀងរាល់ថ្ងៃដោយអារម្មណ៍ល្អ ស្រស់ស្រាយ ដោយមានគោលដៅជាក់លាក់ ជាពិសេសបង្ហាញនូវការអរគុណទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីជួយជម្រុញការងាររបស់អ្នកឲ្យកាន់តែមានផលិតភាពខ្ពស់ ហើយកុំភ្លេចសួរសំណួរទាំងនេះមកកាន់ខ្លួនឯងជារៀងរាល់ព្រឹក។

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

តើកូវីត១៩បានផ្លាស់ប្តូរឥរិយាបថអ្វីខ្លះដល់ប្រជាជនកម្ពុជាយើង?

ក្នុងកំឡុងពេលដែលជម្ងឺកូវីត១៩ហាក់មិនទាន់មានសភាពអន់ថយនៅឡើយ បណ្តាប្រទេសនានាលើសកលលោកបាននឹងកំពុងពួតដៃគ្នាយ៉ាងសស្រាក់សស្រាំក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺនេះ ដោយមានការបិទប្រទេស ឬហាមឃាត់ប្រជាជនក្នុងការចេញចូលពីតំបន់មួយទៅតំបន់មួយ រួមទាំងបទបញ្ជាក្នុងការដាក់ប្រជាជនឲ្យនៅមួយកន្លែងជាដើម។  ក្នុងនោះប្រទេសកម្ពុជាយើងក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយការរីករាលដាលនៃជម្ងឺនេះផងដែរ តាមរយៈការដាក់ចេញនូវវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តក្រុងដទៃទៀតទូទាំងប្រទេស និងការបិទបណ្តោះអាសន្ននូវគ្រឹះស្ថានអប់រំនានា ផ្សារទំនើបតូចធំ ទីប្រជុំជន ព្រមជាមួយស្ថាប័នរដ្ឋ និងឯកជនដទៃទៀតគ្រប់ជាន់ថ្នាក់។  ការធ្វើបែបនេះក៏បានជះឥទ្ធិពលទៅដល់ឥរិយាបថរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ ពិសេសគឺទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងតិចណូឡូជី (Digital & Technology)។ តើកូវីត១៩បានផ្លាស់ប្តូរឥរិយាបថអ្វីខ្លះដល់ប្រជាជនកម្ពុជាយើង?

១. ការប្រើប្រាស់បច្ចេកវិទ្យាធំទូលាយជាងមុន

ជាការពិតណាស់ ថ្វីត្បិតតែគ្រឹះស្ថានអប់រំ ស្ថាប័នរដ្ឋ និងឯកជននានាត្រូវបានបិទបណ្តោះអាសន្ន ក៏ប៉ុន្តែសិស្សានុសិស្ស មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជននៅតែអាចបំពេញភារកិច្ចរៀនសូត្រ និងកាតព្វកិច្ចការងាររបស់ខ្លួនបានដូចដើមតាមរយៈប្រព័ន្ធអនឡាញដូចជា ការសិក្សាតាមរយៈការមើលវីដែអូបង្រៀនរបស់លោកគ្រូអ្នកគ្រូ ការធ្វើកិច្ចប្រជុំ និងប្រាស្រ័យទាក់ទងតាមប្រព័ន្ធវីដេអូជាដើម (video call)។ លើសពីនេះទៅទៀត ការទិញទំនិញតាមប្រព័ន្ធអនឡាញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងការបញ្ជាទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារៈចាំបាច់ផ្សេងៗតាមកម្មវិធីអនឡាញហាក់ មានការកើនឡើងខ្លាំងបើប្រៀបទៅនិងពេលមិនទាន់មាន កូវីត១៩ នេះ សម្បីតែលោកពូអ្នកមីងដែលមានវ័យចំណាស់ក៏ចាប់ផ្តើមយល់ពីបច្ចេកវិទ្យាមួយចំនួនផងដែរ។

២. ការថែរក្សាអនាម័យ និងរបៀបក្នុងការការពារខ្លួន

ការរក្សាអនាម័យគឺពិតជារឿងដ៏សំខាន់ដែលមនុស្សគ្រប់រូបគប្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួន ក៏ប៉ុន្តែនៅមុនពេលដែលមានជម្ងឺ កូវីត១៩ នេះកើតឡើង ប្រជាជនយើងមួយចំនួនតូចហាក់ពុំសូវខ្វល់ខ្វាយពីការរក្សាអនាម័យប៉ុន្មាននោះទេ។ យ៉ាងណាមិញ គេសង្កេតឃើញថាក្នុងកំឡុងពេលការរីករាលដាលនៃជម្ងឺនេះ ប្រជាជនខ្មែរយើងចាប់ផ្តើមចេះរក្សា​អនាម័យ​ និងការពារខ្លួនច្រើនជាមុន តាមរយៈការពាក់ម៉ាស់នៅពេលធ្វើដំណើរនៅតាមទីសាធារណៈ ក៏ដូចជាការលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាល់កុលជាដើម។

 

៣. ការចាប់ឳកាសក្នុងកំឡុងពេលមានបញ្ហា

នៅក្នុងវិស័យធុរៈកិច្ចគេតែងនិយាយថា “ភាពជោគជ័យគឺស្ថិតនៅលើការចេះក្តាប់ឳកាស បុគ្គលជោគជ័យសម្លឹងឃើញឳកាសកំឡុងពេលជួបបញ្ហា នៅខណៈពេលដែលមនុស្សទូទៅឃើញវាត្រឹមជាបញ្ហាតែប៉ុណ្ណោះ!” ឳកាសដែល គំនិត ចង់បង្ហាញកន្លែងនេះមិនមែនសំដៅទៅលើការតំឡើងតម្លៃទំនិញផ្សេងៗកំឡុងពេលមានវិបត្តិនោះទេ។​ ចំណុច “ឳកាស” នេះគឺសំដៅទៅលើម្ចាស់អាជីវកម្ម និងអ្នកជំនួញ ត្រូវចេះកែច្នែយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់ខ្លួនអាចឈរជើងក្នុងពេលមានវិបត្តិនេះបានតាមរយៈការប្រើប្រាស់វិធីសាស្ត្រនានា ដូចជាប្រព័ន្ធតិកណូឡូជី និងអនឡាញក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួនទៅកាន់អតិថិជន។ ហើយអ្វីដែលរឹតតែពិសេសទៅទៀតនោះ ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកជំនួញអាចជួយសម្រួលដល់ភាពលំបាករបស់ប្រជាជនក្នុងកំឡុងពេលមានបញ្ហា នោះប្រាកដណាស់ថាម្ចាស់អាជីវកម្ម និងអ្នកជំនួញរូបនោះនឹងស្ថិតក្នុងដួងចិត្តប្រជាជនយើងជាក់ជាពុំខាន៕

 

ពាណិជ្ជកម្ម

លោក លីហាវ៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាបុគ្គលិកBrand ម្នាក់?

0

Brand? Brand? Brand? ជាពាក្យដែលមនុស្សម្នាក់ៗកំពុងតែនិយមប្រើប្រាស់ ហើយជាពាក្យដែលតែងតែនិយាយ តែងតែសរសើរនិង តែងតែអួតដាក់គ្នាថាវាជាផលិតផលល្អ មានតម្លៃ ព្រមទាំងមានគុណភាពខ្ពស់ទៀតផងដែលនរណាៗក៏ចង់ប្រើ។មនុស្សម្នាក់ៗសុខចិត្តចំណាយលុយជាច្រើនដើម្បីរបស់របរ ប្រេនៗមកលម្អខ្លួន មកប្រើប្រាស់ទៅតាមតម្រូវការដែលចង់បាន ព្រោះមនុស្សគ្រប់គ្នានឹងសរសើរថាពួកគេឡូយ ហ៊ឺហា ស្អាត សង្ហារ ឬ នឹងឲ្យតម្លៃទៅពួកគេតាមរបស់របរដែលតែងតែប្រើប្រាស់។នៅក្នុងនោះដែរយើងឃើញថា ពាក្យថាBrand គឺសំដៅទៅលើផលិតផលមួយដែលមានម៉ាកយីហោល្បីល្បាញ និង មានគុណភាពខ្ពស់​ ហើយភាគច្រើនគេច្រើនតែនិយាយពាក្យថាBrand ទៅលើសម្លៀកបំពាក់ កាបូប ទូរស័ព្ទ នាឡិកា ឬ ស្បែកជើង។ល។  ប៉ុន្តែនៅក្នុងថ្ងៃនេះលោកគ្រូ លីហាវ (Ly Haw) ​នឹងប្រាប់អំពីបុគ្គលិកBrand វិញម្ដង ថាតើបុគ្គលិកBrand​ ត្រូវមានលក្ខណៈBrand យ៉ាងដូចម្ដេចខ្លះ?ដូច្នេះហើយមិនមែនមានតែវត្ថុ ឬ ផលិតផល ទេដែលមានម៉ាកមានយីហោ មានតម្លៃ និង គុណភាពនោះ ប៉ុន្តែមនុស្សយើងគ្រប់គ្នាក៏អាចក្លាយទៅជាមនុស្សBrand បុគ្គលិកBrand និង អ្នកដឹកនាំBrand បានដែរ ប្រសិនជាយើងចង់ឲ្យខ្លួនឯងមានតម្លៃ មានគេគោរពស្រលាញ់ច្រើន ។

ខាងក្រោមនេះលោកគ្រូ លីហាវ (Ly Haw) នឹងរាយរាប់រៀបរាប់ពីចំណុចទាំង៤ រួមមាន “ កើត ចាស់ ឈឺ ស្លាប់” ជូនអ្នកទាំងអស់ បានដឹង បានស្ដាប់ និង បានអនុវត្តដើម្បីក្លាយជាបុគ្គលិកBrand ម្នាក់៖

១. កើត

កើត នេះមិនមែនសំដៅទៅលើការកើតចេញពីផ្ទៃរបស់ម្ដាយយើងនោះទេ ប៉ុន្តែ “កើត” នេះគឺសំដៅទៅលើការធ្វើអ្វីមួយឲ្យកើត ធ្វើអ្វីមួយឲ្យចេញជាលទ្ធផល ចេញជាផ្លែជាផ្កា ទៅតាមអ្វីដែលអ្នកចង់បាន និង អ្នកគ្រប់គ្រងរបស់អ្នករំពឹងថាអ្នកនឹងអាចបំពេញវាបាន។យ៉ាងណាមិញប្រសិនជាអ្នកគ្រប់គ្រងរបស់អ្នកបានដាក់ការងារឲ្យអ្នកធ្វើដូចជាសរសេរជាអត្ថបទ ឬ ឌីហ្សាញរូបភាពកាត់តរូបភាព ដូចនេះអ្នកត្រូវតែធ្វើវាឲ្យកើត មានន័យថា អ្នកត្រូវសរសេរអត្ថបទឲ្យបានល្អ មានន័យគ្រប់គ្រាន់ មានភាពទាក់ទាញ ហើយអាចផ្ដល់ជាមតិយោបល់ដើម្បីជួយអ្នកដទៃ និង សាធារណៈជនឲ្យបានដឹងនិង បានយល់។ហើយប្រសិនជាអ្នកគ្រប់គ្រងរបស់អ្នកដាក់កិច្ចការឲ្យអ្នក ចំពោះការឌីហ្សាញរូបភាព ម៉ូតសម្លៀកបំពាក់ ឬ ក៏ឌីហ្សាញរូបភាព អ្នកត្រូវតែធ្វើវាឲ្យអស់ពីសមត្ថភាព រៀបចំរូបភាពឲ្យមានភាពទាក់ទាញ ត្រជាក់ភ្នែក និង មនុស្សគ្រប់គ្នាឆាប់ចាប់អារម្មណ៍ជាដើម។ទាំងនេះបង្ហាញថាអ្នកអាចធ្វើវាកើត កើតចេញជាទម្លាប់ ជាលទ្ធផល និង ជាស្នាដៃ។

២. ចាស់

ចាស់ នេះក៏ដូចគ្នា មិនមែនសំដៅទៅលើវត្ថុចាស់ឬមួយក៏មនុស្សចាស់នោះទេ តែ “ចាស់” ចង់សំដៅទៅលើ ការចាស់ចិត្ត ចាស់គំនិតទៅលើការងារ មិនមែនជាមនុស្សដែលអាឡិកអាឡក់ ទន់ជ្រាយ ឬ មកធ្វើការមិ​នទាន់ពេលនោះទេ។ ការធ្វើការបណ្ដើរ ញ៉ាំបណ្ដើរ ធ្វើបណ្ដើរលេងបណ្ដើរ គឺមិនមែនជាមនុស្សចាស់ចិត្តចាស់គំនិតនោះទេ ដូចនេះមិនត្រូវធ្វើការបែបហ្នឹងនោះទេ។ ជារៀងរាល់ថ្ងៃដែលអ្នកទៅធ្វើការ គឺអ្នកត្រូវតែមានគោលដៅឲ្យបានច្បាស់លាស់ថា ខ្ញុំទៅដើម្បីធ្វើការ ដើម្បីរកលុយជូនគ្រួសារ និង ដើម្បីទទួលបាននូវបទពិសោធន៍ គឺមិនមែនទៅដើម្បីលេង Facebook  ហើយវាក៏មិនមែនជាពេលដែលអ្នកត្រូវលេងFacebook ដែរ។ ដូចនេះអ្នកត្រូវតែចាស់ចិត្តចាស់គំនិត ធ្វើអ្វីដែលត្រឹមត្រូវ​ គោរពម៉ោងពេលធ្វើការ និង គោរពវិន័យឲ្យបានត្រឹមត្រូវ។

៣. ឈឺ

មិនមែនមនុស្សដែលឈឺ មនុស្សដែលមានជម្ងឺអ្វីនោះទេ ប៉ុន្តែគឺជាការឈឺឆ្អាលអ្នកដទៃ ឈឺឆ្អាលក្នុងផ្លូវល្អ ផ្លូវវិជ្ជមាន ឈឺឆ្អាលដើម្បីជួយអ្នកដទៃទៅតាមសមត្ថភាពដែលអ្នកអាចធ្វើបាន។អ្នកគួរតែមានចិត្តមានគំនិត មានចិត្តចង់ជួយ ចង់ឈឺឆ្អាលដល់បុគ្គលិកដទៃ ឈឺឆ្អាលដល់អ្នកគ្រប់គ្រងថ្នាក់លើ និង ចេះឈឺឆ្អាលចំពោះស្ថាប័នដែលខ្លួនកំពុងតែធ្វើនេះឯង។ជាក់ស្ដែងនៅពេលដែលមិត្តរួមការងារ អ្នកគ្រប់គ្រង ឬ ស្ថាប័នរបស់អ្នកកំពុងតែជួបបញ្ហា អ្នកគួរតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសម្រាលការងារ ឬ ចូលរួមបញ្ចេញមតិក្នុងការដោះស្រាយជាមួយគ្នា។ឧទាហរណ៍ដូចជាក្នុងករណីមួយ​ ដែលអ្នកឃើញមិត្តរួមការងាររបស់ត្រូវទទួលរងនូវបន្ទុកការងារជាច្រើនដែលត្រូវបង្ហើយឲ្យក្រុមហ៊ុននៅក្នុងថ្ងៃនេះ តើអ្នកគួរតែជួយសម្រាលការងារឲ្យពួកគេឬក៏ទៅចោលពួកគេ? បើសិនអ្នកចង់ក្លាយជាបុគ្គលិកប្រេន អ្នកគួរតែចេះឈឺឆ្អាលជាមួយនឹងពួកគេ ជួយធ្វើការងារឲ្យគ្នាដើម្បីបញ្ចប់ឆាប់បានចេញពីធ្វើការទាំងអស់គ្នា ទោះបីការងារនោះមិនមែនជាការងាររបស់អ្នកក៏ដោយ។ដូចេ្នះ ពាក្យថាបុគ្គលិកប្រេន មិនមែនមនុស្សគ្រប់គ្នាអាចទទួលយកបានដោយងាយៗ ដោយគ្មានការខិតខំព្យាយាមនោះទេ។

៤.​ ស្លាប់

ចំណុចស្លាប់ចុងក្រោយគេនេះ មិនមែនអ្នកត្រូវលាចាកលោក ឬ ទៅណាដែលមិនអាចមកវិញនោះទេ តែ “ ស្លាប់” នេះសំដៅទៅលើអត្តចរិក និង ទម្លាប់របស់អ្នក។ ពាក្យថាស្លាប់គឺបានមកពីពាក្យសម្លាប់ ដូចនេះអ្នកត្រូវតែសម្លាប់នូវចរិក នូវអារម្មណ៍ដែលមិនល្អ ដែលចូលចិត្តច្រណែនឈ្នានីសគ្នា គុំគួនគ្នា ចងគំនុំដាក់គ្នា និង ឆាវឆាវដាក់គ្នា ឲ្យស្លាប់បាត់ទៅ ទាំងនៅកន្លែងធ្វើការក្ដី ទាំងនៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្ដី ព្រោះពេលដែលអ្នកតែងតែប្រកាន់ខ្ជាប់នូវគំនុំគុំគួន ការច្រណែនឈ្នានីសគ្នា គឺអ្នកនឹងមិនទទួលបាននូវការសរសើរ ឬ​ ការគោរពពីអ្នកដទៃនោះទេ ជាពិសេសគឺប្រសិទ្ធភាពការងាររបស់អ្នកនឹងថមថយ រីឯប្រាក់ខែក៏វាទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀតមិនមែនត្រឹមតែសម្លាប់ចោលនូវចរិកមិនល្អរបស់អ្នកនោះទេ តែអ្នកត្រូវតែសម្លាប់នូវទម្លាប់អាក្រក់ៗរបស់អ្នកផងដែរ គឺទម្លាប់គេចវេសពីការងារ ទម្លាប់លេងសើចច្រើនខុសទំនង ទម្លាប់ខ្ជិលច្រអូស ទម្លាប់មកធ្វើការមិនទៀងម៉ោង និង ទម្លាប់និយាយដើមគ្នានៅកន្លែងធ្វើការងារជាដើម។ដូចនេះ អ្នកគួរតែលុបបំបាត់វា និង សម្លាប់វា នូវទម្លាប់ និង ចរិកមិនល្អណាដែលអ្នកមាន ឲ្យវាបរលោកទីឋានដែលឆ្ងាយៗឲ្យអស់ទៅ ទើបអ្នកអាចផ្លាស់ខ្លួនឯង ទៅជាបុគ្គលិកប្រេនម្នាក់ ដែលមនុស្សគេត្រូវការ គេឲ្យតម្លៃ និង ស្រលាញ់រាប់អានអ្នក។ហើយម្យ៉ាងវិញទៀត អ្នកគួរតែសួរខ្លួនឯងថាអាយុស្រករៗយើង តើគេមានអី? ហើយយើងមានអីខ្លះហើយ? គេធ្វើការ២ឆ្នាំគេសល់អី? រីឯយើងធ្វើការឲ្យគេ៥ឆ្នាំទៅហើយ តើយើងសល់អ្វីជាដុំកំភួនខ្លះ? តើអ្នកចង់ឲ្យប្រាក់ខែរបស់អ្នកកើនតាមអាយុ? ឬ ក៏ ឲ្យប្រាក់ខែរបស់អ្នកបានច្រើនជាងអាយុ? ឬក៏ចង់បានប្រាក់ខែដែលតិចជាងអាយុអ្នក? ចូរអ្នកគិតពិចារណាឲ្យបានល្អិតល្អន់ដោយខ្លួនឯង។

មានរឿងនិទានអប់រំខ្លីមួយ ដែលយើងចង់បង្ហាញប្រាប់អ្នកឲ្យបានយល់ ឲ្យបានដឹង៖ មានសេះនិងលាដែលត្រូវជ្រើសរើសក្នុងការធ្វើដំណើរទៅចម្លងធម៌ជាមួយនឹងលោកគ្រូថាងចេង។ដំបូងលោកគ្រូថាងចេងគាត់ចង់ជិះសត្វលាទៅ ប៉ុន្តែសត្វលាបដិសេធមិនព្រមទៅនោះទេព្រោះគេដឹងថាការធ្វើដំណើរទៅចម្លងធម៌ គឺត្រូវដើរផ្លូវវែងឆ្ងាយណាស់ហត់ណាស់ទម្រាំតែយកធម៌ហ្នឹងបាន។ ដូច្នេះ លោកគ្រូថាងចេងគ្មានជម្រើសក៏ជ្រើសរើសសេះជំនួសលាវិញ ហើយសេះក៏ព្រមធ្វើដំណើរជាមួយ ឲ្យលោកគ្រូថាងចេងជិះ។ ពេលដែលសេះនិងគ្រូថាងចេងត្រឡប់មកពីចម្លងធម៌វិញ លាក៏បានសួរទៅសេះថា “ បងសេះឯងធ្វើដំណើរតាមផ្លូវហត់អត់”  សេះក៏បានឆ្លើយថា “ ហត់ ហើយក៏មានឧបសគ្គច្រើនណាស់ដែរ”។ លាក៏បាននិយាយទៀតថា “ គឺខ្ញុំដឹងមុនហើយ បានខ្ញុំមិនទៅព្រោះវាហត់ខ្លាំងណាស់” ប៉ុន្តែសេះបានសួរបកទៅវិញថា “ ចុះរាល់ថ្ងៃហ្នឹងបងឯងអត់ហត់មែន​ ព្រោះខ្ញុំឃើញបងឯងអូសរទេះ ដឹកស្រូវ ដឹកបន្លែ ដឹកនេះដឹកនោះរាល់ថ្ងៃ គឺខ្ញុំគិតថាបងឯងសឹងតែហត់ជាងខ្ញុំទៀតផង ហើយចម្ងាយដែលបងឯងដើររាល់ថ្ងៃ និង ចម្ងាយផ្លូវដែលខ្ញុំដើររាល់ថ្ងៃគឺ មានចម្ងាយមិនលើសខ្វះគ្នាប៉ុន្មាននោះទេ ទោះបីជាយើងធ្វើដំណើរដូចគ្នាមែន ប៉ុន្តែលទ្ធផលដែលយើងទាំងពីរនាក់ទទួលបានគឺវាខុសគ្នា ឥលូវនេះខ្ញុំនិងលោកគ្រូថាងចេងបានឡើងឋានសួគ៌ ប៉ុន្តែបងនៅឋានកណ្ដាល ហើយនៅតែធ្វើការងារដោយប្រើកម្លាំងដដែល”។ ដូច្នេះរឿងនិទានខ្លីមួយនេះចង់ប្រាប់អ្នកទាំងអស់គ្នាថា ទោះបីជាយើងមានពេលវេលាដូចគ្នាមែន ប៉ុន្តែមិនប្រាកដថាលទ្ធផលដែលយើងទទួលបានហ្នឹងដូចគ្នានោះទេ។ តួយ៉ាងបើអ្នកទាំងអស់គ្នាចេញមកធ្វើការហើយ អ្នកទាំងអស់គ្នាត្រូវតែមានគោលដៅ និង ក្ដីសម្រៃ ថាយើងចង់សម្រេចអ្វីនាពេលអនាគត ហើយចង់សម្រេចវាបែបណា? ដោយរបៀបណា?។ដូនេះអ្នកទាំងអស់គ្នាឈប់ខ្ជះខ្ជាយពេលវេលារបស់អ្នកបន្តទៀតទៅ សូមធ្វើអ្វីដែលមានតម្លៃពិតប្រាកដ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ មនុស្សជុំវិញខ្លួន សម្រាប់សង្គមជាតិ និង សម្រាប់ក្រុមហ៊ុនរបស់អ្នក។

ពាណិជ្ជកម្ម

ហេតុអ្វី​អតិថិជន​ទិញ? (ភាគ២)

( សូម​ចុច​ទីនេះ​ដើម្បី អាន​ភាគ​១)

៦ មិន​​ចង់​​បាត់​បង់​

អារម្មណ៍​នៃការ​មិន​ចង់បាត់​បង់ គឺ​ជា​អារម្មណ៍​មួយ​ខ្លាំង​។​ ការ​បាត់​បង់​ ធ្វើ​ឲ្យបុគ្គល​ ​ មាន​​ការ​ឈឺ​ចាប់ ​ខ្លាំង​ជាង​​ ​សប្បាយ​នៃ​ការ​ទទួល​បាន​អ្វី​មួយ ដល់​ទៅ​២​ដង​ ( ការ​បាត់​លុយ​ ១០ដុល្លា ធ្វើ​ឲ្យ​អ្នក​ ពិបាក​ចិត្ត​ខ្លាំង​ជាង២ដង ​ការ​ឈ្នះ​លុយ ​១០ដុល្លា ​)។ ការ​មិន​ចង់​បាត់​បង់​​ គឺ​ជាហេតុផល​មួយ​ ដែល​យើងឧស្សាហ៍ឃើញ នៅ​ក្នុង​ផ្សារ​ទំនើប​ ​ប្រើ​​ផ្លាក​ “ឱកាស​ចុងក្រោយ​” “លឿន​ៗ” “​ប្រយ័​ត្នបាត់​បង់”​។​

៧​ ការ​បោះ​យុថ្កាតម្លៃ

អតិថិជន​ មិន​បាន​ដឹង​ថា ពួ​កគេ​បាន បោះ​យុថ្កាឬ​ ផ្តោត​លើ ​តួលេខ​ដំបូង ​ដែល​គេ​បា​នឃើញ​ ហើយ​ឲ្យ​វា​បង្កើត​ជា​ភាព​លំអៀង​ផ្នែក​ចិត្ត​សាស្ត្រក្នុង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ទេ។​ ចូរ​ពិចារណា​ទៅ​លើ តម្លៃដែល​ដាក់​នៅ​លើ​​ឡាន​។​ តម្លៃ​ ដែល​គេ​ដាក់ឲ្យ​អតិថិជន​ឃើញ​ ​គឺ​ជា​យុថ្កាតម្លៃ ដែល​អនុញ្ញាតឲ្យ​ អ្នក​លក់​អាច​ធ្វើ​ឲ្យអតិថិជន​ មាន​អារម្មណ៍​ល្អ​ ចំពោះ​​តម្លៃ​លក់ដែល​ផ្តល់​ជូន​ក្នុង​​ពេល​ចរចារ ។​ ផ្សារទំនើប​ និង​ផ្សារម៉ាត​ ប្រើ​ប្រូម៉ូ​សិន​ដូចជា “​២ត្រឹម​តែ​២ដុល្លា​” ដើម្បី​ឲ្យ​អតិថិជន​ទិញ ​ច្រើន​ជាង ​អ្វី​ដែល​ពួក​គេ​គួរ។​

៨ ទិញ​សិន​ចាំ​​បង់​លុយ​តាម​ក្រោយ​

មនុស្ស​យើង​​តែងតែ​ ងាយ​​​​វង្វេង​ ជាមួយ​​​ភាព​រីករាយ ​​ក្នុង​​ពេល​បច្ចុប្បន្ន ជា​ជាងការ​អត់​ធ្មត​រង់​ចាំ​​ភាព​​រីករាយ​ក្នុង​ពេល​អនាគត ។​ ​ ផ្សារទំនើប ដឹង​ថា ការ​អនុញ្ញាត​ឲ្យ ​អតិថិជន​បង់​ប្រាក់​ពេល​ក្រោយ ​នឹង​ជម្រុញ​ឲ្យ​ពួក​គេ ​ចង់​ទិញ​​ច្រើន​ជាង​មុន។ ហេតុផល​មួយ​ នៃ​ភាព​ជោគជ័យ ​នៃ​ការ​បង់​ប្រាក់​ពេល​ក្រោយ​​ គឺ​ វា​ មើល​ទៅ​ថោក​ជាង​ ការ​បង់​ប្រាក់​ភ្លាមៗ។​ នេះ​ជា​ហេតុផល​ដែល​ អតិថិជន​ចំណាយ​លុយ​ធូរ​ ​នៅ​ពេល​ប្រើ​ កាត​ ក្រេឌីត​ (credit cards) ជាជាង​ការ​បង់​លុយ​សុទ្ធ។​ ហើយ​វា​ក៏​ពន្យល់​ផង​ដែរថា ហេតុអ្វី​បាន​ជា​អតិថិជន​ សម្រេច​ចិត្ត​ទិញឡាន​ដែល​ធូរថ្លៃ​តែ​ស៊ី​សាំង​ច្រើន​ ជាជាង​ឡាន​ថ្លៃ​តែ​ស៊ី​សាំង​តិច​ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ក្នុង​រយៈពេល​វែង។​

៩​ ជំនឿ​ខុស​លើ​លុយ​ដែល​បានចាយ​​ (Sunk cost fallacy)

​ជំនឿខុស​លើ​លុយ​ដែល​បាន​​ចាយ​ ​(Sunk cost fallacy) កើត​ឡើង​នៅ​ពេល​ ​បុគ្គលម្នាក់​ ​បន្ត​អាកប្បកិរិយាមួយ​​ ទោះ​បី​មិន​កើត​ជា​ប្រយោជន៍​ ដោយសារ​ធនធាន(ពេល​វេលា លុយ​កាក់ ឬ​កម្លាំង) ​បាន​ចំណាយ​ក្នុង​អតីតកាល​(Arkes & Blumer, 1985)។ ជំនឿនេះ​ មាន​ភាព​ស្រដៀង​គ្នា​នឹង​ភាព​លំអៀង​ដែល​កើត​ពី​ ការ​មិន​ចង់បាត់​បង់ (ក្នុង​ចំណុចទី​៦​)​ និង​ ការ​រក្សារ​មុខ​មាត់​។​ ឧទាហរណ៍​ អ្នក​បាន​កម្មង់​ អាហារ​ច្រើន​ពេក ដូច្នេះ​អ្នក​ព្យាយាម​ញ៉ាំ​វា ​ហួស​ពី​តម្រូវ​ការ​នៃ​រាង​កាយ​ត្រូវ​ការ​ ដើម្បី”​កុំ​ឲ្យ​ស្តាយ​លុយ”។​ ការ​ធ្វើ​បែបនេះ ​មិនមែន​ធ្វើ​ឲ្យ ​អ្នក​ចំណេញ ទទួល​បាន​ផល​ប្រយោជន៍ ​ឬ​សាក​សម​ជាមួយ​លុយ​ដែល​បាន​ចំណាយ​ទេ​ ប៉ុន្តែ​វា​ជា​ការ​បន្ថែម​ភាព​អវិជ្ជមាន(មិន​មាន​ផាសុខភាព ខាត​បង់​ពេល​វេលា​ ឬ​ខាតបង់​លុយ​កាក់​) ​ទៅ​ភាព​អវិជ្ជមាន​ដែល​មាន​ស្រាប់​នោះ​ទៅ​វិញ​ទេ។​

១០ ការ​បង្ហាញ​ថា​ខ្លួន​ត្រូវ​ (Self-justification)

ការ​បង្ហាញ​ថា​ខ្លួន​ត្រូវ​ (Self-justification) កើត​ឡើង​នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ប្រឈម​មុន​នឹង​ស្ថានភាព​មួយ​ដែល​ សកម្មភាព​មិន​ស្រប​គ្នា​ជាមួយ​ជំនឿ​របស់​គាត់​ ដូច្នោះ​គាត់​ព្យាយាម​បង្ហាញ​ថា​សកម្មភាព​របស់ខ្លួន​គឺ​ត្រឹម​​ត្រូវ និង​បដិសេធ​មិន​ព្រម​ទទួល​យក​​យោបល់​របស់​អ្នក​ដទៃ​អ្វី​ទាំង​អស់​ដែល​ពាក់​ព័ន្ធនឹង​សកម្មភាព​របស់​គាត់។

តម្រូវ​ការ​ក្នុង​ការ​បង្ហាញខ្លួន​ថា ​សកម្មភាព ឬ​ការ​សម្រេចចិត្ត​​ របស់​យើង​​ត្រូវ​ ជាពិសេស​សកម្ម​ភាព​ ឬ​ការ​សម្រេច​ចិត្ត​ខុស​ កើត​ឡើង​ដោយ​សារ​ ភាព​មិន​ឯក​ភាព​គ្នារបស់​សតិ​​ ​( cognitive dissonance)។ ភាព​មិន​ឯក​ភាពរបស់​សតិ ( cognitive dissonance) បង្កើតជា​អារម្មណ៍​តាន​តឹង​ រាល់ពេល​ដែល​​បុគ្គល​ម្នាក់ មាន​ការគិត​២ដែល​មិន​ស្រប​គ្នា។​ អតិថិជន​ដែល​ទិញ​របស់​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ ក៏​ព្យាយាម​លាក់​បាំង​កំហុស​ខ្លួន​ដោយ​យកលេស​ថា “ពី​ព្រោះ​វា​មាន​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ ខ្ញុំ​ត្រូវ​តែ​ទិញ​វា”។ ដូចគ្នា​នឹង​អ្នក​ជក់​បារី​ដែរ។​ គាត់​ដឹង​ថា “ការ​ជក់​បារី​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់” ក៏​ប៉ុន្តែ “ខ្ញុំ​ជក់បារី​៣ប្រអប់​ក្នុង​មួយ​ថ្ងៃ​” ។​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា សកម្មភាព​ដែល​ត្រូវធ្វើ​គឺ បញ្ឃប់​ការ​ជក់​បារី។ ប៉ុន្តែ ប្រសិន​បើ ​គាត់​ឈប់​ជក់​មិន​បាន​ គាត់​ប្រាកដ​ជា ​រក​វិធីផ្សេង​ ដើម្បី​បន្ថយ​​ភាព​តាង​តឹង​នេះ។​ គាត់​អាច​បង្កើត​ លេស​ថា ​ការ​ជក់​បារី​មិន​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ទេ ឬ​ក៏​គាត់​ជក់​បារី​ ពីព្រោះ​វា​ជួយ​ ឲ្យ​គាត់​មានអារម្មណ៍​ល្អ។​

នៅ​​ពេល​អ្នក​បាន​យល់​ដឹង​អំពី​ភាព​លំអៀង​នេះ​ ខ្ញុំ​សង្ឃឹម​​ថា​ពួក​យើង​ទាំង​អស់​គ្នា​នឹង​​សម្រេច​ចិត្ត​ទិញ​បាន​ល្អ​ជាង​មុន​!

Arkes, H. R., & Blumer, C. (1985), The psychology of sunk costs. Organizational Behavior and Human Decision Processes, 35, 124-140.

Dhar, R(2012). The Irrational Consumer: Four Secrets to Engaging Shoppers Huffpost Apr 17, 2012.

North, A., Hargreaves, D., McKendrick, J., 1999. The influence of in-store music on wine selections. Journal of Applied Psychology 84, 271–276.

ពាណិជ្ជកម្ម

ហេតុអ្វីអតិថិជនទិញ? (ភាគ​១)

ថ្ងៃនេះ​ខ្ញុំ​ចង់​នាំ​ អ្នក​ទាំង​អស់​គ្នា​មើល​ លើ​ការ​សិក្សាអំពី​ការ​សម្រេច​ចិត្ត​ទិញ​របស់​អតិថិជន​។ ក្នុង​ការ​សិក្សា​នេះ​ គេ​វិភាគលើ​​ សេដ្ឋកិច្ច ​ចិត្ត​សាស្រ្ត និង​ឥរិយាបថ​របស់​អតិថិជន​ (ក្នុង​ភាសារអង់​គ្លេស​ គេ​ហៅ​ថា ​B​ehavioral​ Economics) ។ ការសិក្សា​នេះ​ ​​បង្ហាញថា​​ ” អតិថិជន​ ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​ មិន​ស្រប​ ជាមួយ​សេចក្តី​ប្រាថ្នា ខាង​ផ្នែក​សេដ្ឋ​កិច្ច​ របស់​ខ្លួន​ ដោយ​សារ​តែ​មាន​ ភាព​លំអៀង​ផ្នែក​ចិត្ត​សាស្រ្ត​ “។​​ ​ អតិថិជន​ ត្រូវ​បាន​ជះឥទ្ធិពលខ្លាំង​ ​ដោយ​អារម្មណ៍ និង​បរិស្ថាន​ជុំ​វិញ​ខ្លួន​ ហើយ​និង​ជម្រើស​ដែល​បានបង្ហាញ​ដល់​ពួក​គេ។​

១ ចិត្ត​២​ប្រភេទ

ឥរិយាបថ​របស់​យើង​ ត្រូវ​បាន​គ្រប់​គ្រង​ដោយចិត្ត​២ប្រភេទ​។​ យើង​ឲ្យ​ឈ្មោះ​ចិត្ត​ទី​ ​១​ ជា​ “អ្នក​ធ្វើ” ដែល​ជា​ផ្នែក​នៃ​ចិត្តរបស់​យើង​ ដែល​ខ្វល់​ខ្វាយ​អំពី​ ការ​ពេញ​ចិត្ត​ភ្លាមៗ។ រីឯចិត្ត​ទី២ ត្រូវ​បាន​ឲ្យ​ឈ្មោះថា​ ជា “អ្នក​រៀប​ចំ​ផែក​ការ” ដែល​ខ្វល់​ខ្វាយ​អំពី​ និង​​មើល​ឃើញ​បាន​ឆ្ងាយៗទៅ​ក្នុង​អនាគត ។​ ចំណាប់​អារម្មណ៍​របស់​ចិត្ត​ ទាំង​២​នេះ ​មិន​​ស្រប​គ្នា គ្រប់​ពេល​ទេ ( ឧទាហរណ៍​ យើង​ទិញ​របស់​ដែល​យើង​មិន​ត្រូវ​ការ​ជា​ដើម​)។ នៅ​ពេល​ស្វែង​រក​ ផលិតផល​មួយ​ ចិត្ត​របស់​គ្រប់​គ្រង​​ដោយ​ ​ “អ្នក​រៀប​ចំ​ផែក​ការ” ដែល​ផ្តោត​លើ​ការ​ពិចារណា​ ​ថ្លឹង​ថ្លែង​រវាង​តម្លៃ​ និង​អត្ថប្រយោជន៍​។ ផ្ទុយ​មក​វិញ ពេល​យើង​​ទិញ​ ចិត្ត​របស់​យើង​​គ្រប់​គ្រង​ដោយ​ “​អ្នក​ធ្វើ​​” ដែល​ចង់​ចំណាយលុយនិង​ទិញ​ភ្លាមៗ។

២ ឥទ្ធិពល​ពីស្ថាន​ភាពជុំ​វិញ​ខ្លួន​

សតិរបស់​យើង​ ងាយ​នឹង​ទទួលរង​​ឥទ្ធិពល ​ពី​អនុ​សតិ។​ ការ​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា ៤០% នៃ​​អតិថិជន​ ផ្លាស់​ប្តូរ​ចិត្ត​នៅ​ពេល​ទិញ​ ពីព្រោះ​តែ​អ្វី​ ដែល​ពួក​គេ​បាន​ឃើញ​ ដឹង​ និ​ង​​ធ្វើ​​ ( Dhar, 2012)។ ការ​ស្រាវជ្រាវ​មួយ​បាន​ធ្វើ​ឡើង​ក្នុង​ផ្សារ​ទំនើប​ ទៅ​លើ​ការ​ជ្រើស​​រើស​រ​បស់​អតិថិជន​ លើ​ប្រភេទ​ស្រាក្រហម​​​បារាំង​និង​​អាលឺ្លម៉ង់។ លទ្ធផល​បាន​បង្ហាញ​ថា ស្រាក្រហម​បារាំង​ លក់​ដាច់​ជាង ស្រា​អាល្លឺម៉ង់​ នៅ​ពេល​បទចម្រៀង​បារាំង​ត្រូវ​បាន​ចាក់​នៅ​ក្នុង​ផ្សារ ផ្ទុយ​មក​វិញ​ស្រាក្រហម​អាល្លឺម៉ង់​ លក់​ដាច់​ជាង​ បើ​គេ​ចាក់​បទចម្រៀង​​អាល្លឺម៉ង់។ ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ អតិថិជន​ភាគ​ច្រើន​ មិន​ព្រម​ទទួល​ស្គាល់​ថា បទចម្រៀង​ ​ មាន​ឥទ្ធិពល​លើ ​ការ​ជ្រើស​រើសស្រា​​របស់​ពួក​គេ​ឡើយ (North, et al., 1999) ។

៣ ធ្វើ​តាម​គ្នា​

ពួក​យើង​តែង​តែ​មើល ​អ្នក​ជុំ​វិញ​ខ្លួន ដូច​ជា​មិត្តភក្រ្ត​ និង​ក្រុម​គ្រួសារ​ជាដើម​ ( រួម​បញ្ចូល​ទាំងការមើល​ប្រព័ន្ធបណ្តាញ​សង្គម​ដូ​ជា​​ ហ្វេស​ប៊ុក​ អ៊ិន​ស្រ្តាក្រាម​ ឡាញ ជាដើម​) ដើម្បី​ប្រាកដ​ចិត្ត​ថា​​ ពួក​យើង​ជ្រើស​រើស​ត្រូវ។​ គោល​ការណ៍​នេះ​ ត្រូវ​បានយក​មកអនុវត្ត​ ដោយ​​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ លើ​ការ​រៀប​រាប់​ផលិតផល​ឬសេវាកម្ម​  “​ ៩០% នៃ​ទន្តពេទ្យ​បាន​ណែនាំ…..”។​

“​ ៩០% នៃ​ទន្តពេទ្យ​បាន​ណែនាំ…..”

៤ ការហត់​នឿយ​ចិត្ត​(Mental Fatigue)

បន្ទាប់​ពី​ត្រលប់​មក​ពី​ធ្វើ​ការ​ងារ​ ម្នាក់​ៗ​មាន​អារម្មណ៍​ហត់​នឿយ​ និង​ មិន​ចង់​គិត​ស្មុគ​ស្មាញ​ច្រើន​។​ ក្នុង​ភាសាអង់គ្លេសគេ​ហៅ​ថា ego depletion ហើយ​វា​ធ្វើ​ឲ្យ​បុគ្គល​បាត់​បង់​​កម្លាំង​ចិត្ត​ និង​ពេញ​ចិត្ត​បណ្តោយ​ខ្លួន​ទៅ​តាម​ចំណង់។

៥ ជម្រើស​ច្រើន​ពេក​

នៅ​ពេល​អតិថិជន​មាន​ជម្រើស​ច្រើន​ពេក​ ពួក​គេ​អាច​នឹង​ពិបាក​សម្រេចចិត្ត​ និង​មិន​សប្បាយ​ចិត្ត។​

(​សូម​ចុច​ទី​នេះ ដើម្បី​អាន​ភាគ​ទី​២)

ពាណិជ្ជកម្ម

តើត្រូវធ្វើដូចម្ដេចដើម្បីក្រុមការងារអ្នក នៅពេលដែលមានព័ត៌មានគួរឲ្យខ្លាចកើតឡើង?

0
ជួយក្រុមសម្រាលភាពមានអាសន្ន

ដោយសារតែការជួបបញ្ហានិងក្ដីបារម្ភមួយចំនួនជាមួយនឹងជម្ងឺផ្លូវដង្ហើមកូវីដ១៩ដែលកំពុងតែកើតឡើងទូទាំងពិភពលោក ហើយបញ្ហានេះដែរវាមិនមែនមានតែឧស្សាហកម្មអាកាសចរណ៍ទេដែលកំពុងតែជួបប្រទះនឹងភាពវឹកវរ និងការវង្វេងស្មារតីភ្លាមៗនោះទេ គឺអាជីវកម្មផ្សេងៗទៀតក៏ទទួលភាពច្របូកច្របល់ដូចគ្នា។អ្នកដឹកនាំអាជីវកម្មជាច្រើនអ្នកកំពុងសួរពីរបៀបដែលអាចប្រាស្រ័យទាក់ទងពីភាពមិនច្បាស់លាស់ ទាំងនៅក្នុ្ងងក្រុមការងារនិងនៅខាងក្រៅដល់អតិថិជនរបស់ពួកគេ។ការប្រាស្រ័យទាក់ទងនៅចំពោះមុខភាពមិនប្រាកដប្រជា គឺជា​បញ្ហាប្រឈមនៃភាពជាអ្នកដឹកនាំ។ ខាងក្រោមនេះគឺជាជំហានទាំង៥ដែលអាចមានប្រសិទ្ធភាពមិនគួរឲ្យជឿសម្រាប់ជួយក្រុមការងារ​ក្នុង​ពេលមានរឿងអាសន្ននេះ៖

១.  បង្អង់សិន ហើយ ដកដង្ហើមឲ្យវែងៗ

មុនពេលដែលអ្នកចាប់ផ្ដើមធ្វើការទំនាក់ទំ​នងទៅកាន់មនុស្សដទៃទៀត អ្នកគួរចំណាយពេល១នាទីដើម្បីសម្រួលផ្លូវដង្ហើមរបស់អ្នកឲ្យបានធូរ ដោយការដកដង្ហើមចេញចូលម្ដងមួយៗ។ម្យ៉ាងទៀតនៅពេលដែលអ្នកជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម នោះពួកគេនឹងស្ដាប់ការណែនាំ និង ដកស្រង់ពាក្យសម្ដីពីអ្នកទាក់ទងនឹងរបៀបធ្វើសកម្មភាពនិង អារម្មណ៍។ អ្នកគួរតែចំណាយពេល១នាទីដើម្បីផ្ដោតទៅលើខ្លួនរបស់អ្នកផ្ទាល់ព្រោះវានឹងធានាថា អ្នកនឹងបង្ហាញពីកម្លាំងដែលរឹងមាំ ដែលនឹងធឹង និង​ សមហេតុផល ទៅដល់មិត្តរួមការងារនិងអតិថិជនរបស់អ្នក។ហើយនៅពេលដែលអ្នកមានអារម្មណ៍ភ័យព្រួយ នោះអ្នកនឹងបញ្ជូនរឿងនោះទៅកាន់អ្នកដទៃតាមរយៈទូរស័ព្ទ ឬ អីម៉ែលជាដើម។តាមការសិក្សាពីបញ្ហាស្រ្តេស បានបង្ហាញថាអ្នកតែងសង្កេតមើលទៅអ្នកដទៃដែលជួបនឹងបញ្ហា ភាពស្មុគស្មាញ ភាពក្រៀមក្រំ  ទើបបណ្ដាលឲ្យអ្នកមើលមកខ្លួនឯងក៏ហាក់ដូចជាយ៉ាងហ្នឹងដែរ ហើយអ្នកក៏ចាប់ផ្ដើមតានតឹងផ្លូវអារម្មណ៍ភ្លាមៗតែម្ដង។

២. ដាក់ខ្លួនរបស់អ្នកទៅក្នុងបេះដូងរបស់ជុំវិញ

ចំពោះការនិយាយជាសាធារណៈ អ្វីដែលមានសារៈសំខាន់ជាងគេគឺ អ្នកត្រូវតែស្គាល់ជាមុនអំពីទស្សនិកជនរបស់អ្នក ថាតើពួកគេចូលចិត្តបែបណា និយមទៅលើអ្វី ហើយចូលចិត្តស្ដាប់ការនិយាយបែបមិចទើបអាចឲ្យការនិយាយរបស់អ្នកអាចដក់ជាប់នៅក្នុងបេះដូងរបស់ពួកគេបាន។ជាពិសេសអ្នកត្រូវនិយាយអំពីចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់ពួកគេ ទើបអ្នកអាចទាក់ទាញការស្ដាប់របស់អ្នកទាំងអស់នោះបាន។ដូច្នេះអ្នកតម្រូវឲ្យធ្វើការវិភាគនូវយុទ្ធសាស្ត្រទាំងនោះឲ្យបានហ្មតចត់ទៅកាន់មនុស្សណាដែលអ្នកកំពុងតែទាក់ទង។ ម្យ៉ាងទៀតនៅពេលដែលអ្នកអាចដោះស្រាយនូវបញ្ហាដែលពួកគេកំពុងតែព្រួយបារម្ភបានកាន់តែឆាប់ នោះអ្នកនឹងអាចជួយឲ្យការថប់អារម្មណ៍របស់ពួកគេវិលទៅរកភាពស្ងប់វិញបានយ៉ាងឆាប់រហ័សផងដែរ។

៣. ធ្វើការស្រាវជ្រាវ

នៅពេលដែលអ្នកមានភាពតានតឹង ហើយមកអានប៉ះចំព័ត៌មានក្លែងក្លាយ ឬ អត្ថបទដែលមិនមានប្រភពច្បាស់លាស់ នោះវានឹងបំផ្លាញចិត្តគំនិត និង អារម្មណ៍របស់អ្នកបានយ៉ាងឆាប់រហ័ស។ ដូចនេះហើយទើបតម្រូវឲ្យអ្នកធ្វើការស្រាវជ្រាវ ស្វែងរកនូវព័ត៌មានណាដែលពិតប្រាកដ ច្បាស់លាស់ និង ផ្លូវការ។ ពេលដែលអ្នកទទួលបាននូវប្រភពពិតប្រាកដហើយ អ្នកអាចចែករំលែកទៅកាន់អ្នកដទៃឬមនុស្សជុំវិញអ្នកដើម្បីឲ្យបានដឹងនូវព័ត៌មានពិតទាំងអស់គ្នា ដូចនេះពួកគេក៏មានប្រភពដែលអាចទុកចិត្តបានដែរ។

៤. និយាយឲ្យច្បាស់ៗដោយមានជំនឿជឿជាក់ខ្ពស់

អ្នកអាចនិយាយពោរពេញទៅដោយទំនុកចិត្តខ្ពស់បាន ទោះបីជាអ្នកមិនច្បាស់ចំពោះវា១០០%ក៏ដោយ ព្រោះភាពជឿជាក់នឹងនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ។ពេលដែលអ្នកតែងតែបង្កើនទំនុកចិត្ត ភាពជឿជាក់ និង ផ្ដល់ការលើកទឹកចិត្តលើខ្លួនឯងខណៈពេលដែលអ្នកកំពុងតែភ័យខ្លាច ញ័រដៃញ័រជើង មិនហ៊ាននិយាយទៅកាន់មនុស្សដទៃទៀត នោះមានន័យថាអ្នកកំពុងតែកសាងភាពរឹងមាំមកលើខ្លួនឯង អ្នកកំពុងតែកម្ចាត់នូវភាពភ័យខ្លាចដែលអ្នកកំពុងតែមាន ហើយអ្នកក៏កំពុងតែបង្កើតនូវភាពជឿជាក់ក្លែងក្លាយមួយដើម្បីទទួលបានភាពជឿជាក់ពិតប្រាកដមួយមកវិញដែរ។

៥. មានជំហានបន្ទាប់មួយដ៏ជាក់លាក់

នៅកំឡុងពេលមួយដែលមិនច្បាស់លាស់ វាពិតជាអាចជួយផ្ដល់នូវសកម្មភាពជាក់ស្ដែងមួយទៅកាន់ក្រុមរបស់អ្នក។អ្នកគួរតែបង្ហាញឬណែនាំពីជំហានបន្ទាប់មួយដែលច្បាស់លាស់ទៅកាន់ទស្សនិកជនឬក្រុមរបស់អ្នកឲ្យបានដឹងនិងចូលរួម ដូចនេះពួកគេនឹងមានអារម្មណ៍ថាពួកគេក៏មានចំណែកក្នុងការចូលរួមដល់ស្ថេរភាពមួយនេះដែរ។ ការប្រាស្រ័យទាក់ទងគ្នាតាមរយៈភាពមិនប្រាកដប្រជាគឺជាជំនាញសំខាន់មួយរបស់ភាពជាអ្នកដឹកនាំ ដោយមិនគិតថាអ្នកជាអ្នកដឹកនាំផ្លូវការឬមួយក៏អត់នោះទេ។តាមពិតទៅសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងតាមរយៈភាពមិនច្បាស់លាស់គឺជាផ្នែកមួយនៃអ្វីដែលបង្ហាញដល់អ្នកដទៃនូវ ការត្រៀមខ្លួន​ជាអ្នកដឹកនាំរបស់អ្នក។

ពាណិជ្ជកម្ម

៨សំណួរដែលនិយោជិកគួរតែសួរអំពីវីរុសកូរូណា

0

ការផ្ទុះឡើងនូវជម្ងឺផ្លូវដង្ហើមកូវីដ១៩ដែលមានប្រភពចេញពីទីក្រុងវូហានប្រទេសចិន បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ឈឺ និង ឬរាប់ពាន់នាក់ទៀតស្លាប់ដែលនៅខណៈពេលនោះរដ្ឋាភិបាលប្រទេសចិនបានបិទព្រំដែន និង ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ រីឯក្រុមហ៊ុនត្រូវបង្ខំចិត្តរាល់ការធ្វើដំណើរទាំងអស់ផងដែរ។ ការរាតត្បាតនេះគឺដាស់តឿនដល់ក្រុមហ៊ុននានាឲ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ គោលនយោបាយនិង និតិវិធីដែលពួកគេមានដើម្បីការពារនិយោជិក អតិថិជន និង ប្រតិ្តបត្តិការក្នុងការរាតត្បាតនាពេលឥលូវនេះនិង ពេលអនាគត។ខាងក្រោមនេះគឺជាសំណួរទាំង៨ដែលក្រុមហ៊ុនគួរតែសួរនៅពេលពួកគេត្រៀមនឹងឆ្លើយតបចំពោះការរីករាលដាលនៃមេរោគកូវីដ១៩នេះ៖

១. ​តើយើងអាចការពារនិយោជិករបស់យើងពីការប៉ះពាល់នៅកន្លែងធ្វើការបានយ៉ាងដូចម្ដេច?

វីរុសកូរូណាដែលត្រូវបានគេហៅឈ្មោះថាជាកូវីដ១៩គឺវាត្រូវបានគេគិតថាវារាលដាលយ៉ាងខ្លាំងតាមរយៈដំណក់ទឹកដង្ហើមពីការក្អក និង កណ្ដាស់ ហើយសកម្មភាពទាំងនេះវាពិតជាងាយនឹងឆ្លងរាលដាលទៅកាន់មនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។ ហើយអ្នកក៏អាចឆ្លងមេរោគនេះដោយងាយផងដែរ តាមរយៈការប៉ះលើផ្ទៃខាងលើនៃរបស់ណាមួយ ឬប៉ះវត្ថុដែលមានជាតិកខ្វក់ ហើយបន្ទាប់មកអ្នកក៏យកដៃដែលមានមេរោគទាំងនោះមកប៉ះពាល់លើច្រមុះ ឬ មាត់។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺបានណែនាំថា និយោជិកគួរតែៈ

  • នៅផ្ទះប្រសិនជាពួកគេមានរោគសញ្ញាផ្លូវដង្ហើម រួមមាន ការក្អក កណ្ដាស់ ឬ ពិបាកក្នុងការដកដង្ហើម…
  • ចាកចេញពីការងារប្រសិនបើពួកគេមានរោគសញ្ញាទាំងនោះនៅពេលធ្វើការនៅកន្លែងការងារ
  • ការពារការកណ្ដាស់ដោយប្រើក្រដាសជូតមាត់ ក្រមា កែងដៃឬ ដោយស្មា តែមិនត្រូវយកដៃទទេទៅខ្ទប់មាត់នោះទេ ព្រោះវានឹងងាយចម្លងទៅកាន់អ្នកផ្សេងទៀត
  • លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និង ទឹកយ៉ាងហោចណាស់២០វិនាទី ឬមួយប្រើទឹកលាងដៃដែលមានជាតិអាល់កុល
  • កាត់បន្ថយការចាប់ដៃគ្នា ឬ​ ការឱបគ្នា ដើម្បីចៀសវាងពីការឆ្លងរាលដាលនេះ

២. តើនៅពេលណាដែលយើងគួរដកកម្មករឬភ្ញៀវចេញពីកន្លែងធ្វើការ?

ដូចដែរបានពិភាក្សា និយោជិកទាំងអស់គួរតែស្នាក់នៅក្នុងផ្ទះ ឬ មួយត្រឡប់ទៅផ្ទះវិញប្រសិនជាមានការសង្ស័យឬ មានរោគសញ្ញានៃវីរុសកូវីដ១៩នេះ។ដោយសារការគម្រាមកំហែងនៃការរីករាលដាលនៃជម្ងឺនេះអ្នកគ្រប់គ្រងមិនត្រូវស្ទាក់ស្ទើរក្នុងការបញ្ជូននិយោជិកដែលមានរោគសញ្ញាកូវីដ១៩ត្រឡប់ទៅផ្ទះទេ។ដូចគ្នានេះដែរនិយោជិកដែលមានរោគសញ្ញា ឬ មានហានិភ័យខ្ពស់សម្រាប់ជម្ងឺកូវីដ១៩ គួរតែត្រូវបានទុកឲ្យនៅដោយឡែកពីបុគ្គលិក និងជួយក្នុងការរៀបចំចាកចេញពីកន្លែងធ្វើការ ហើយទទួលបានការវាយតម្លៃផ្នែកវេជ្ជសាស្រ្តខណៈពេលដែលកាត់បន្ថយការប៉ះពាល់ជាសាធារណៈ។ឧទាហរណ៍ៈ មនុស្សគួរតែជៀសវាងពីកន្លែងសាធារណៈ និង រថយន្តសាធារណៈ ជាពិសេសប្រសិនជាអ្នកមិនបានពាក់ម៉ាស់ទេ អ្នកគួរតែឈរឲ្យឆ្ងាយពីគ្នាចម្ងាយ៦ហ្វីតប្រហែលជា២ម៉ែត្រ។ ម្យ៉ាងវិញទៀតប្រសិនបើជម្ងឺកូវីដ១៩នៅតែបន្តរីកសាយភាយនៅក្នុងសហគមន៍ទៀត ក្រុមហ៊ុនត្រូវតែប្រើមាស៊ីនវាស់កម្ដៅដើម្បីត្រួតពិនិត្យពីកម្ដៅនៅក្នុងខ្លួនបុគ្គលិកម្នាក់ៗ។

៣. តើយើងគួរតែកែសម្រួលគោលការណ៍របស់យើងក្នុងករណីដែលនិយោជិកត្រូវបានហាមឃាត់ពីកន្លែងធ្វើការ ឬ យើងត្រូវបិទវា?

លទ្ធភាពដែលការកើនឡើងនៃចំនួនបុគ្គលិកនឹងមិនអាចធ្វើការបានទេ ដោយសារតែពួកគេឈឺឬ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកដទៃទៀត ដូចនេះហើយក្រុមហ៊ុនគួរតែពិនិត្យឡើងវិញនូវពេលវេលាឈប់សម្រាករបស់ពួកគេ។ហើយគិតគូរឡើងវិញថាតើ និយោជិកមានផែនការដើម្បីបញ្ជាក់ ពីគោលការណ៍ប្រាក់ឈ្នួលរបស់ពួកគេប្រសិនបើក្រុមហ៊ុនត្រូវបានបិទ ឬ និយោជិកត្រូវបានគេច្របាច់បញ្ចូលគ្នា។

៤. តើយើងបានបង្កើនសមត្ថភាពបុគ្គលិកដើម្បីធ្វើការពីចម្ងាយដែរឬទេ?

ការងារជាច្រើន គឺតម្រូវឲ្យមនុស្សមានវត្តមាននៃការចូលរួមធ្វើការងារ និង​ សកម្មភាពផ្សេងៗជាច្រើនទៀត ដូចជាការប្រជុំជាដើម ដែលអាចធ្វើបានពីចម្ងាយ។ ឧទាហរណ៍ដូចជា Videoconferencing គឺជាជម្រើសដ៏ល្អមួយសម្រាប់ការប្រជុំដោយប្រថុយប្រថាន។

៥. តើយើងមានប្រព័ន្ធដែលអាចទុកចិត្តបានសម្រាប់ការទំនាក់ទំនងសុខភាពសាធារណៈតាមម៉ោងជាមួយនឹងបុគ្គលិកដែរឬទេ?

ពាក្យចចាមរាមដ៏គ្រោះថ្នាក់និងការភ័យខ្លាចរបស់កម្មករអាចរាលដាលបានយ៉ាងឆាប់រហ័សដូចជាវីរុសដូច្នឹងដែរ។វាគឺជាការចាំបាច់សម្រាប់ក្រុមហ៊ុនដែលអាចទទួលបានកម្មករទាំងអស់ រួមទាំងអ្នកដែលមិននៅកន្លែងធ្វើការ ដោយមានការសម្របសម្រួលជាប្រចាំផ្នែកខាងក្នុង ហើយពួកគេត្រូវតែសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីជៀសវាងគោលការណ៍មិនស្របគ្នាដែលត្រូវបានទាក់ទងដោយអ្នកគ្រប់គ្រងឬមុខងារផ្សេងៗគ្នា។

៦. តើយើងគួរតែកែសម្រួលគោលការណ៍របស់យើងជុំវិញដំណើរការអាជីវកម្មក្នុងស្រុកនិងអន្តរជាតិដែរឬទេ?

ដើម្បីការពារជម្ងឺនិងការពារការបាត់បង់ផលិតភាពដោយសារតែការដាច់ចេញពីគ្នាឬ ការដកបុគ្គលិកចេញពីកន្លែងធ្វើការបន្ទាប់ពីការធ្វើដំណើរ យើងត្រូវមានការប្រុងប្រយ័ត្នក្នុងការកំណត់ការធ្វើដំណើរអាជីវកម្មរបស់និយោជិកពីតំបន់ដែលមានវីរុសកូវីដ១៩។ដូចនេះនិយោជិកគួរតែប្រុងប្រយ័ត្ន ជាពិសេសនៅពេលដែលមិនស្រួលខ្លួនគឺមិនគួរចេញទៅខាងក្រៅនោះទេ ទោះបីជាមិនមែនជារោគសញ្ញានៃជម្ងឺកូរ៉ូណានោះក៏ដោយ។

៧. តើយើងគួរតែពន្យាពេល ឬ ក៏លុបចោលនូវការប្រជុំដែរឬទេ?

ត្រូវហើយ ព្រោះថាមានភស្តុតាងដែលបញ្ជាក់ថាការឃ្លាតឆ្ងាយពីសង្គមមួយរយៈអាចពន្យាពេលការរីករាលដាលនៃជម្ងឺនេះ ព្រមទាំងអាចជួយរក្សានូវជីវិតមនុស្សផងដែរ។ដូចនេះហើយការប្រជុំ និង សន្និសិទភាគច្រើនគួរតែត្រូវបានប្ដូរពីការជួបផ្ទាល់ទៅជាការជួបបែ​បនិមិត្តវិញម្ដង។ ប្រសិនបើអ្នកចង់បើកការប្រជុំដោយផ្ទាល់ អ្នកគួរតែកំណត់ចំនួនមនុស្សចូលរួម ពោលគឺមិនត្រូវប្រជុំជាមួយនឹងមនុស្សជាង២៥០នាក់នោះទេ ហើយត្រូវផ្ដល់បន្ទប់ឲ្យអ្នកចូលរួមអង្គុយឬឈរយ៉ាងតិចចំនួន២ម៉ែត្រពីអ្នកដទៃ ម្យ៉ាងទៀតនៅពេលដែលមានការប្រជុំផ្ទាល់គឺមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ដៃគ្នានោះទេ ព្រោះដៃសម្បូរទៅដោយមេរោគងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

៨. តើអ្នកដែលត្រួតពិនិត្យបានទទួលការបណ្ដុះបណ្ដាលគ្រប់គ្រាន់ដែរឬទេ?

អ្នកត្រួតពិនិត្យគួរតែមានលទ្ធភាពទទួលបាននូវព័ត៌មានច្បាស់លាស់ដូចជាការគ្រប់គ្រងការឆ្លងនិងគោលការណ៍របស់ក្រុមហ៊ុន ហើយក៏គួរតែដឹងថាអ្នកណាត្រូវទាក់ទងជាមួយក្រុមហ៊ុនដើម្បីរាយការណ៍ពីការប៉ះពាល់ឬ អ្នកឆ្លង។ អ្នកត្រួតពិនិត្យឬអ្នកដែលត្រូវបានចាត់តាំងផ្សេងទៀតនៅក្នុងក្រុមហ៊ុនគួរតែជូនដំណឹងដល់អាជ្ញាធរសុខភាពសាធារណៈក្នុងតំបន់អំពីការសង្ស័យថាមានអ្នកឆ្លងឬ មានអ្នកប៉ះពាល់ជាមួយនឹងអ្នកដែលផ្ទុកជម្ងឺនោះ។

 

 

ពាណិជ្ជកម្ម