spot_img
spot_img
Home Blog Page 68

សញ្ញាទាំង១០បង្ហាញថាអ្នកនៅជាមួយការងាររបស់អ្នកយូរពេកហើយ!

0

ពាក្យ​ថា​យូរពេកនៅទីនេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ធ្វើការ​យូរឆ្នាំ​ហើយ​ទាំង​ស្រុង​នោះទេ។ ​អ្នក​អាច​ធ្វើការ​នៅ​កន្លែង​នេះ​ច្រើន​​ឆ្នាំ​ហើយ​ឬ​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុន្តែ​អ្នក​មាន​អារម្មណ៍​ថា​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​គឺ​មិនមានឧបសគ្គ​គួរ​ឲ្យ​ជម្នះ​ទៀតសោះ។ វាពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ពុត​ជាពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។​ បន្ទាប់​មក​អ្នក​ក៏​ជឿជាក់​ថា​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ។ ខាងក្រោម​នេះ​ជា​សញ្ញា​ទាំង១០​យ៉ាង​ដែល​​ជា​ជំនួយ​ដល់​អ្នក​ថា​អ្នក​គួរតែ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នក​ឬអត់៖​

#សញ្ញា​ទី១ ៖ នៅពេល​ដែល​អ្នកមើល​​​គម្រោង​ទៅ​១២ខែ​បន្ទាប់​របស់អ្នក​ អ្នក​មិនឃើញ​ការងារ​ណាមួយ​ដែល​អ្នក​មិន​ចេះ​ឬ​មិន​ធ្លាប់​ធ្វើ​​នោះទេ។

#សញ្ញា​ទី២ ៖​ ពេល​ដែល​អ្នក​​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​អ្នក​អំពី​ការ​ចង់​រៀន​បន្ថែម​ឬ​ជំហាន​ដែល​អ្នក​គិតថា​ក្រុមហ៊ុន​នឹង​អាច​​អភិវឌ្ឍ​ទៅមុខ​ទៀត​បាន​តែ​គាត់បែរ​ជាបដិសេធន៍​ទៅវិញ។ គាត់​ប្រាប់​មក​កាន់​អ្នក​វិញថា​អ្នក​ចេះគ្រប់គ្រាន់ហើយ​ឬ​ក្រុមហ៊ុន​របស់​អ្នក​​កំពុង​តែ​នឹងនរ​ហើយ​មិន​ត្រូវការ​ការ​វិវត្ត​បន្ថែម​ទៀតឡើយ។ អ្នក​មិនគួរ​ទទួលយក​ឡើយ​ព្រោះអ្នក​អាចនៅមាន​ឱកាស​ដែល​រីកចម្រើន​ទៅមុខទៀតបាន។

#សញ្ញា​ទី៣ ៖ មនុស្ស​នៅ​ជុំវិញ​អ្នក​គិត​ថា​អ្នក​នៅ​ទីនេះ​យូរ​ហើយ​ អ្នក​ពិតជា​ចេះកិច្ច​ការ​គ្រប់យ៉ាង​។ ហេតុ​នេះហើយ​គេ​មិនបាន​ផ្តល់ឱកាស​ឲ្យ​អ្នក​អ្វី​ឡើយ។

#សញ្ញា​ទី៤ ៖ អ្នក​ដឹងពី​ទម្រង់ការ​គ្រប់យ៉ាង​នៅក្នុង​ក្រុមហ៊ុន​។ ឧទាហរណ៍​ពេលមាន​កិច្ច​ប្រជុំ​ម្តងៗ​អ្នក​ដឹងថា​គេ​ធ្វើ​ពេលណា​និង​ទីកន្លែងណា​ស្រាប់ហើយ។ អ្នក​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រូវដឹង​ទៀតឡើយ​។​

#សញ្ញា​ទី៥ ៖ សូម្បី​តែ​ពេល​ចុងក្រោយ​ដែល​អ្នក​បាន​សម្រេច​ជោគ​ជ័យ​លើ​កិច្ចការ​អស្ចារ្យ​ណាមួយឬ​បានរៀន​សូត្រ​ពី​​អ្វី​ថ្មី​និង​គួរឲ្យ​ចាប់អារម្មណ៍​​ក៏​អ្នក​មិនចាំដែរ​ព្រោះថា​អ្នក​ធ្វើតែកិច្ចការដដែល​ៗរៀងរាល់ថ្ងៃ។

#សញ្ញា​ទី៦ ៖ គ្មាន​កន្លែង​នៅក្នុង​ក្រុមហ៊ុន​របស់អ្នក​ដែល​អ្នក​អាច​​ទៅទៀតឡើយ។ អ្នក​ត្រូវបាន​អ្នក​គ្រប់គ្រង​របស់​អ្នក​ឃាំងទុក​នៅតែ​តុធ្វើការ​​របស់អ្នក​ដោយមិនអាចទទួលបាន​ការឡើង​ដំណែង​ឬ​ប្រាក់បៀវត្សរ៍​បន្ថែម​ឡើយ។

#សញ្ញា​ទី៧ ៖ នៅពេល​ដែល​អ្នក​ក្រឡេកមើល​ទៅជុំវិញ​ខ្លួន​របស់អ្នក​ ពួកគេ​មិនខ្វល់​នឹង​ការ​អភិវឌ្ឍន៍​បន្ថែម​ទេ។ ពួកគេ​គិត​តែ​អង្គុយ​នៅនឹង​តុធ្វើការ​ដដែលៗរាល់ថ្ងៃ។

#សញ្ញា​ទី៨ ៖ ពេល​ដែល​អ្នក​មើល​ទៅ​ក្រុមនៃ​អ្នក​ដឹកនាំ​របស់អ្នក​វិញ ​អ្នក​មិនឃើញ​មាន​នរណា​ម្នាក់ដែល​អ្នក​គួរ​តែ​រៀនសូត្រ​តាម​ទៀតនោះទេ។

#សញ្ញា​ទី៩ ៖ អ្នក​មិនចង់ទៅធ្វើការ​ទៀតទេ។ អ្នក​មាន​អារម្មណ៍ថា​ធុញទ្រាន់នឹង​ទៅធ្វើការងារ​ជាពិសេស​នៅ​យប់​ថ្ងៃ​អាទិត្យ​​ឈានចូលថ្ងៃ​ច័ន្ទ។

#សញ្ញា​ទី១០ ៖ អ្នកមាន​អារម្មណ៍ថា​តប់ប្រមល់​​ឬអស់កម្លាំង​លើស​ពីធម្មតា​ជាមួយ​នឹង​ការងារមិន​ថា​វាទើប​តែ​ដើម​សប្តាហ៍​ក៏ដោយ​​ព្រោះថា​អ្នក​មិនមាន​កម្លាំង​ជម្រុញ​ចិត្ត​ឲ្យ​ពុះពារ​តទៅមុខទៀត។

មាន​មនុស្ស​​ជាច្រើន​ដែល​​​ជួប​ប្រទះ​សញ្ញាដូច​ខាងលើ។​​​​ ប្រសិនបើ​អ្នក​គិតថា​ចង់​ផ្លាស់ប្តូរ​ការងារ​ហើយ​ អ្នក​គួរតែរៀបចំ​យុទ្ធសាស្ត្រ​​ផ្លាស់ប្តូរការងារ​របស់អ្នក​ទៅរកការងារ​ដទៃទៀត​ដែល​ជា​ចំណង់ចំណូល​ចិត្ត​របស់អ្នកពិត​ប្រាកដនិង​ជា​ការងារ​​ដែល​អ្នក​ពូកែផងដែរ។ វាមិនចាំបាច់ត្រូវ​តែ​ដូចការងារ​ដែលអ្នក​កំពុង​ធ្វើបច្ចុប្បន្ន​នោះទេ។

ប្រភព៖ www.forbes.com

ពាណិជ្ជកម្ម

សញ្ញាបម្រាមទាំង៥ដែលអាជីវកម្មនឹងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

ដំណើរការ​អាជីវកម្ម​របស់អ្នក​ប្រសើរ​គឺជា​រឿង​មួយ​ដែលល្អជាពិសេស​នៅពេល​ដែល​អ្នក​មាន​ចំណូល​ផ្ទាល់ខ្លួននិង​​អាច​​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ ។ ប៉ុន្តែ​ភាគច្រើន ម្ចាស់​អាជីវកម្ម​តែងតែត្រូវ​បំពេញ​​ការ​ងារ​រហូត​ដល់​ភ្លេច​ពេលវេលា​ផ្ទាល់ខ្លួន​​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ឬ​ជាមួយ​ដៃគូ​ស្នេហា​ជាដើម​។ ហេតុ​ដូចនេះ​ហើយ បើសិនជា​អ្នក​នៅតែ​រវល់​នឹង​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​​​នោះ​ទំនាក់​ទំនង​ស្នេហា​របស់អ្នក​នឹង​ត្រូវ​បែកបាក់​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​បម្រាម​ទាំង​៥​ដែល​កំពុង​បំផ្លាញ​ស្នេហា​របស់អ្នក​៖

១. គ្មាន​ពេលវេលា​សម្រាប់​គ្នា​

ការ​មិនចេះ​បែងចែក​ពេលវេលា​ខ្លះ​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​មួយ​ដែល​គ្រប់គ្នា​តែងតែ​ប្រឈម​មុខ​នឹង​ការ​​ទាស់ទែង​គ្នា។ នៅពេល​ដែល​អ្នក​គិតតែ​រវល់​​នឹង​​កិច្ចការ​អាជីវកម្ម​របស់អ្នក​គ្រប់ពេល​ពេក​ហើយ​សូម្បីតែ​ពេល​ជួបគ្នា​​នៅថ្ងៃ​ចុងសប្តាហ៍​ឬ​ពេល​​ដែល​នៅផ្ទះ​ហើយ​​អ្នក​​នៅតែ​មុខ​កុំព្យូទ័រ​រាល់ពេល​នោះ​មិនមែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងនេះ​អាច​នាំឲ្យ​ស្នេហា​អ្នក​ឃ្លាតឆ្ងាយ​ពី​គ្នា​ម្តង​តិចៗ​ដោយ​មិន​ដឹង​ខ្លួន​។ ដូចនេះ ទាន់​អ្នក​នៅ​មានពេលវេលា​ដែល​អាច​កែប្រែ​បាន ចូរ​អ្នក​ចំណាយ​បន្តិចបន្តួច​ជាមួយ​ដៃគូ​របស់​អ្នក​។

២. ការងារ​ច្រើនពេក​អាច​ដាក់​សម្ពាធ​លើ​ស្នេហា​របស់អ្នក

ការ​ធ្វើការងារ​ហួស​កម្រិត​អាច​នាំឲ្យ​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត ខួរក្បាល និង​រាងកាយ​ជាដើម​ដោយ​បង្ក​ទៅជា​អារម្មណ៍​តានតឹង​ តប់ប្រមល់​ ធុញ​ទ្រាន់ ខឹង មិនសុខចិត្ត មិន​សប្បាយចិត្ត​ និង​ទៅជា​មាន​ជម្ងឺ​ ចុះខ្សោយ​កម្លាំង​ជាដើម​។ លើសពីនេះ​ទៅទៀតការ​ធ្វើ​ការងារ​​ច្រើន​ហួស​កម្រិត​ក៏​អាច​ធ្វើឲ្យ​អ្នក​ស្រ្តេស​ហើយ​អ្នក​នឹង​មាន​អារម្មណ៍​បាត់បង់​​ការលើក​ទឹកចិត្តឬ​អាច​ឈឺក្បាល​ជាប្រចាំ​។ ដូចនេះ វា​ក៏អាចនាំឲ្យ​អ្នក​​មាន​អារម្មណ៍មួរម៉ៅ​និង​ធុញថប់​ពេល​ដែល​ជួប​ជាមួយ​ដៃគូ​របស់អ្នក​​និងនាំឲ្យងាយ​ប៉ះ​ទង្គិច​នៅពេល​ជួបគ្នា​ម្តងៗ​។ ដូចនេះ អ្នក​ត្រូវ​មាន​ពេលវេលា​សម្រាក​ពី​ការងារ​មិនថា​អ្នក​មមាញឹក​យ៉ាងណា​ក៏ដោយ។

៣. ការសន្ទនា​រវាង​អ្នក​និង​ដៃគូ​របស់​អ្នក​មាន​ការ​អន់ថយ

អ្នក​ត្រូវ​ចេះ​បែងចែក​ថា​​រាល់ពេល​ដែល​អ្នក​ជួប​មុខ​ដៃគូ​របស់អ្នក​ អ្នកមិន​គិតតែ​និយាយ​ពី​រឿង​អាជីវកម្ម​គ្រប់ពេល​នោះទេ​ព្រោះ​ពេលខ្លះ​ដៃគូ​របស់អ្នក​មិនមែន​ជា​អ្នកជំនួញ​ដូចអ្នក​ឡើយ​។ ដូចនេះ​គាត់​អាច​នឹង​ធុញ​​​ចំពោះ​ការសន្ទនា​នោះ​​។ អ្នក​គួរ​ដឹងថា​ពេលណា​គួរ​និយាយ​ពី​រឿង​អាជីវកម្ម​ហើយ​​ពេលណា​មួយ​ចំនួន​សួរនាំ​​ពី​សុខទុក្ខ​របស់​គាត់ សន្ទនា​ជាមួយ​គាត់​​ពី​ផែនការ​អនាគត​របស់អ្នក​ទាំងពីរ ឬ​និយាយ​រឿងណា​​ដែល​អ្នក​និង​គាត់​ចូលចិត្ត។

៤. ជម្លោះ​លើ​វិបត្តិ​ហិរញ្ញវត្ថុ

ការធ្វើ​អាជីវកម្ម​មិន​ថាជា​ការ​បើក​ដំបូង​ឬ​ពេល​កំពុង​ដំណើរ​ការ​ឡើយ អ្នក​នឹង​មិនអាច​ចៀសផុត​ពី​ការ​ជួប​ប្រទះ​កង្វះខាត​ដើមទុន​គ្រប់គ្រាន់បាន​ទេ។ ប្រការ​នេះ​អាច​​បង្ក​ឲ្យ​អ្នក​ទាំងពីរ​ងាយ​នឹង​មាន​ជម្លោះ​ជាមួយ​គ្នា​។ ប៉ុន្តែ​ការមិន​ស្តី​បន្ទោស​ឲ្យគ្នា​នៅពេល​ដែល​ដៃគូ​ម្ខាង​ទៀត​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​គឺ​ជា​​ទង្វើ​មួយ​ដ៏​ប្រសើរ​។ យ៉ាងណាមិញ​​​អ្នក​​គួរ​​ពិភាក្សា​​ជាមួយ​​ដៃគូ​​របស់អ្នក​​នៅពេល​​ដែល​​អ្នក​ទើប​នឹង​ចាប់ផ្តើម​​ធ្វើ​​អាជីវកម្ម​​របស់អ្នក​ជា​ពិសេស​ទាក់ទង​នឹង​ការ​ចំណាយ​ផ្ទាល់តែ​ម្តង​។ ទោះបីជា​ពេល​ខ្លះ​​អ្នក​ពិបាក​​ពិភាក្សា​​ជាមួយ​គ្នា​ក៏ដោយក៏​អ្នក​ត្រូវតែ​ពន្យល់​គាត់​ពី​បញ្ហានេះឲ្យ​បាន​ជាក់លាក់​​។ បើ​ពុំ​ដូចច្នោះ​ទេ អ្នក​នឹងមិន​អាច​បញ្ចៀស​បញ្ហា​​ទាក់ទង​នឹង​​លុយកាក់​នៅថ្ងៃ​ក្រោយបាន​ឡើយ​​ដែល​អាច​ឈាន​ទៅដល់​ការលែងលះ​ឬ​បែកបាក់​គ្នា​បាន។

៥. ខ្វះ​ការលើក​​ទឹកចិត្ត​ពី​ដៃគូ

ការលើកទឹក​ចិត្ត​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​សំខាន់​​ក្នុង​ការធ្វើ​អាជីវកម្ម​ព្រោះ​គាត់​ជា​មនុស្ស​ដែល​អ្នក​អាច​ពិភាក្សា​ជាមួយ រៀបរាប់​ទុក្ខ​កង្វល់ ​ផ្តល់​​មតិ​​យោបល់​ ​សម្រេច​ចិត្ត​ជាមួយ​គ្នាជា​ពិសេស​នៅពេល​ដែល​ដៃគូ​របស់អ្នក​ជួប​ប្រទះ​បញ្ហា​នៅក្នុង​អាជីវកម្ម​របស់គាត់។ ដូចនេះ អ្នក​គួរតែ​ចេះ​ស្វែងយល់​ពី​សេចក្តី​​ព្រួយ​បារម្ភ​របស់ដៃគូ​អ្នក​ចំពោះ​អាជីវកម្ម​របស់​គាត់​ក្នុង​គោលបំណង​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់តែ​រឹងមាំ​មិនថា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ។ អ្នកអាច​​បង្ហាញ​ថា​អ្នក​​នឹ​ង​​ប្រឈមមុខ​​ជាមួយ​គាត់​ជានិច្ច។

ទោះបីជា​ការបើក​អាជីវកម្ម​ជួនកាល​អាច​បំផ្លាញ​ស្នេហា​របស់អ្នក​ក៏ដោយ ប៉ុន្តែ​អ្នក​នៅតែ​មាន​ដំណោះ​ស្រាយ​​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។​ វា​ស្ថិត​នៅលើ​អ្នក​​ថាតើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​ទាំង​នោះដែរ​ឬទេ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ វា​ក៏ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់តែ​រឹងមាំ​ស្ថិតស្ថេរ​ដែរ​នៅពេល​ដែល​អ្នក​ទាំងពីរ​អាច​ឆ្លងកាត់​បញ្ហា​រួមគ្នា​បាន។​ ដូចនេះ អ្នក​ត្រូវ​ចេះ​បែងចែក​ពេលវេលា​រវាង​កា​រងារ​និង​ដៃគូ​រ​បស់អ្នក​ឲ្យ​មាន​តុល្យភាព​។

ពាណិជ្ជកម្ម

ការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ

0

ដើម្បី​បង្កើន​ផលិតភាព​នៅក្នុង​ស្ថាប័ន​មួយ​គេពិត​ជា​ត្រូវការ​ធនធាន​មនុស្ស​ជាចាំបាច់។ ការរើសបុគ្គលិក​គឺត្រូវធ្វើយ៉ាងល្អិតល្អន់មុននឹងបានមនុស្ស​​ដែល​អាចជឿ​ទុក​ចិត្តបាន​ដើម្បី​មក​ធ្វើការឲ្យយើង។ នៅពេល​ដែល​បានបុគ្គលិក​មក​ធ្វើការ​គេ​ត្រូវ​ផ្តល់​ជា​កញ្ចប់​ផល​ប្រយោជន៍​ដល់​ពួកគេ​ដូចជា​ប្រាក់​ខែ​លើស​ពី​ចំនួន​អប្បរមា ថ្ងៃឈប់​សម្រាក ធានារ៉ាប់រង និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ។ ហេតុនេះ​បាន​ជា​នៅក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅពេល​ដែល​គេ​ត្រូវ​ការ​បុគ្គលិក​ចំពោះដំណែងមិន​សូវចាំបាច់​គេអាចរកពី​ខាង​ក្រៅ​ឬបុគ្គលិក​កុងត្រា​មក​ធ្វើការជំនួស​បុគ្គលិក​របស់គេ។ ដំណែង​ទាំងនោះ​មាន​ដូច​ជា អ្នកទទួល​ទូរស័ព្ទ អ្នកអនាម័យ​ សន្តិសុខ អ្នក​បើកឡាន​ជាដើម​ក្នុងគោល​បំណង​កាត់​បន្ថយ​ការ​ចំណាយទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ​ក្រៅពី​ប្រាក់ខែ។ មិន​ត្រឹមតែ​ដំណែង​មិន​ចាំបាច់​ប៉ុណ្ណោះ​ទេ​ដែល​អ្នក​អាចជួលអ្នក​ខាង​ក្រៅ​មកធ្វើការបាន​។

ប៉ុន្តែ​តើអ្នកដឹង​ទេ​ថាពេលណា​ទើប​អ្នក​ត្រូវ​រក​មនុស្ស​មក​ពី​ខាង​ក្រៅ​ដើម្បីធ្វើការឲ្យ? ចំណុចទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​នឹង​ជួយអ្នក​វិភាគ​ពី​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ជួលបុគ្គលិក​មក​ធ្វើការឲ្យ​ស្ថាប័ន​របស់អ្នក ៖

  • វិភាគ​ថា​តំណែង​អ្វី​ខ្លះ​ដែល​អ្នក​ខ្វះ​ ៖ អ្នក​ត្រូវ​ដឹង​ថា​ដំណែងនោះជា​ដំណែង​ដែលមិនជាន់​ជាមួយ​នឹង​ដំណែង​ដែល​អ្នកជំនាញ​​​។ ឧទាហរណ៍​ថាក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ទេសចរណ៍​និង​ចង់ផលិតវីដេអូ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់អ្នក អ្នកមិន​ចាំ​បាច់​ត្រូវ​រើសបុគ្គលិក​ដែល​ចេះថត​នោះ​ទេ​អ្នក​គ្រាន់​តែជួល​អ្នក​ជំនាញ​ពី​ខាងក្រៅ​មក​ជាការ​ស្រេច។ ជាពិសេស​ចៀសវាង​ការជួល​ពួកគេមក​ធ្វើមុខដំណែង​សំខាន់ៗដូចជា​អ្នកគ្រប់គ្រង​ទូទៅជាដើម។
  • អ្នក​ត្រូវ​ប្រាកដ​ថា​​អ្នកចំណេញ​ពេលវេលា ៖ មិនត្រឹមតែ​ការជួលមនុស្សពី​ខាងក្រៅជួយ​ឲ្យអ្នក​ចំណេញ​ថ្លៃ​ដើម​ទេ​អ្នក​ត្រូវ​ប្រាកដថាពួកគេ​គឺ​អាចជួយ​សន្សំ​សំចៃ​ពេល​របស់អ្នក​ផងដែរ។ អ្នក​ត្រូវ​ប្រាកដថា​គេ​អាចទទួល​បន្ទុក​ការងារ​តាម​ដែលអ្នក​ត្រូវ​ការ​មិនមែន​ត្រឹមតែ​កិច្ចការ​ណាមួយនោះទេ។
  • គិតគូរ​ពីជំនាញ​និង​បទពិសោធន៍ ៖ អ្នក​ត្រូវ​ច្បាស់ថា​គេ​មាន​បទពិសោធន៍​និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​មកបំពេញ​ចំណុច​ខ្វះខាត​ក្នុងការងារ​ដែលអ្នកកំពុងតែ​ស្វែង​រក។
  • មើលពី​អត្តចរិក​របស់គេ ៖ ទោះបីជា​គេ​គ្រាន់តែ​ជា​បុគ្គលិក​កុងត្រា​ក៏ដោយ​ប៉ុន្តែ​អត្តចរិក​របស់គេ​ពិត​ជា​សំខាន់ណាស់ក្នុងការ​សម្រប​ខ្លួនធ្វើការបានជាមួយ​អ្នកដទៃ ភាពស្មោះត្រង់ ព្រមទាំង​ភាពវ័យឆ្លាតរបស់គេផងដែរ។
  • មើលពី​សញ្ញាគម្រាមកំហែង​មួយ​ចំនួន ៖ អ្នក​ត្រូវដឹង​ថាមនុស្ស​ដែល​ចូលមក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អ្នក​មិន​ថា​ការងារតូចធំ ពេលវេលាយូរឬ​វែង​ទេក៏​ត្រូវ​ពិចារណា​ឲ្យ​បានល្អិតល្អន់​ដែរ​ចៀសវាង​ការ​សោកស្ដាយ​នៅពេល​ក្រោយ។ អ្នក​អាចវិភាគ​ពី​ការនិយាយ​ស្តី​ ទឹកមុខ​ កាយវិការ​ជាដើម។ បើម្នាក់​នោះ​មិនទាន់​ទាំង​ចូលធ្វើការ​ផង​ហើយ​​ក៏​កើត​មាន​ពាក្យ​កុហក​ចំពោះអ្នក​ទៅហើយ​អ្នកគួរ​តែចៀសវាងចុះ។

www.managementstudyguide.com

ពាណិជ្ជកម្ម

អ្វីទៅជាថាមពលនៃការគិតបែបអវិជ្ជមាន?

0

លទ្ធផល​ដែល​អាច​សម្រេច​បាន​វា​អាស្រ័យ​ដោយការគិត​របស់​អ្នកមិនថា​ជា​បែប​វិជ្ជមាន​ឬអវិជ្ជមាន​នោះទេ។ អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​យើងងាយ​នឹង​គិត​អវិជ្ជមាន​ម្លេ៉ះ​? ជួនកាល​វា​កើត​មក​ឯកឯង​ដោយ​មិន​ចាំបាច់​អញ្ជើញនោះ​ទេ​។ ចុះហេតុ​អ្វី​ក៏​យើង​ពិបាក​លើកទឺកចិត្ត​ខ្លួន​ឯង​ឲ្យ​គិត​អ្វី​ដែល​វិជ្ជមាន? តើ​វា​មាន​តាំង​ពី​កំណើត​ឬ? ទាំង​នេះ​ប្រហែល​ជា​សំណួរ​ដែល​កើត​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរហើយ។ ​ជា​ការ​ពិត​ដែល​ពួកវា​គឺ​សុទ្ធតែ​មាន​ថាមពលទាំង​បែបវិជ្ជមាននិង​អវិជ្ជមាន។

គំនិត​នាំឲ្យ​កើត​ជាទង្វើ​​និង​​លេចចេញ​ជា​វិធីសាស្រ្ត​ យុទ្ធសាស្ត្រ​ ផែនការណ៍ ​ការបែងចែក​ពេល​វេលាជាដើម​ដើម្បី​ឲ្យ​មនុស្ស​​អាចទៅដល់​អ្វី​ដែល​ខ្លួន​ធ្លាប់​គិតទុក។​ របៀប​ដែលមនុស្ស​ម្នាក់គិត​នឹង​កំណត់​ថា​តើ​លទ្ធផល​ចេញ​មកគឺ​វិជ្ជមាននិង​មាន​ប្រយោជន៍​ឬ​អវិជ្ជមាន​និង​មាន​ផល​ប៉ះពាល់។ ហេតុ​នេះ​គំនិត​អវិជ្ជមាន​គឺ​ជា​ដំណើរ​ការ​នៃការគិតរបស់​មនុស្ស​​ទោរទន់​ទៅ​រកការ​យល់​ឃើញ​តែចំណុច​​អាក្រក់​នៅ​ក្នុង​​អ្វី​ៗគ្រប់យ៉ាង​។ ម្យ៉ាងទៀតវាក៏​ជា​ការ​កាត់​បន្ថយ​ការរំពឹងទុក​របស់គេដោយ​ពិចារណា​តែ​រឿងរ៉ាវ​មិនល្អ​តែ​ប៉ុណ្ណោះ។ បើជួបប្រទះ​បញ្ហា​មនុស្ស​ដែល​មានគំនិត​អវិជ្ជមាន​គឺ​ងាយ​នឹង​ដួល​បំផុត​ព្រោះមិនទាន់​ទាំងបាន​ដោះស្រាយ​ផងគេ​ក៏គិត​ថា​មិនអាចទៅរួចបាត់ទៅហើយ។ ដូចនេះ​មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុ​ដូច​ម្តេច​បានជា​អ្នក​មិនជោគជ័យ​ព្រោះ​អ្នក​សន្សំ​តែ​គំនិត​អវិជ្ជមាន​ទុកនិង​អនុញ្ញាត​ឲ្យ​គំនិត​អវិជ្ជមាន​ដឹកនាំជីវិត​របស់អ្នក។

តើ​ការគិត​បែប​អវិជ្ជមាន​មាន​ប្រភព​មកពីណា? បរិយាកាស​និង​បរិស្ថាន​ដែល​យើង​រស់​នៅ​អាច​ថា​មានឥទ្ធិពល​ចំពោះការគិត​របស់​យើង​ដែរ។ បើអ្នក​រស់​នៅ​ក្នុង​បរិយាកាស​ដែល​ល្អ​សម្បូរ​ទៅដោយ​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅលើ​ភាព​ជោគជ័យ​ ការអភិវឌ្ឍ​ខ្លួនឯង ការចេះជួយ​អ្នក​ដទៃ ការ​ប្រាស្រ័យទាក់ទងល្អ​និង​មាន​អ្នក​ដាស់តឿនជា​ដើម​នោះការគិត​របស់អ្នកនឹងងាយ​ទោរទន់​ទៅរក​ភាព​វិជ្ជមាន​ជាងអ្នក​ដទៃ។ ផ្ទុយ​មកវិញ​បើអ្នក​​នៅ​ក្នុង​បរិយាកាស​ដែល​អវិជ្ជមាន​​និង​​ស្ថិត​ក្រោម​ស្ថានភាព​ក្រីក្រ លំបាក​នោះ​ការគិត​របស់​អ្នកនឹង​ទោរទន់ថា​អនាគត​របស់អ្នក​នឹង​ពិបាក​ដូចគ្នា។ មួយវិញទៀត​ព័ត៌មានមិនល្អ​ដែល​បាន​មក​ពី​បណ្តាញ​សង្គម​ ប្រព័ន្ធផ្សព្វផ្សាយ​ជាដើមនឹង​ធ្វើឲ្យ​ថាមពល​នៃ​គំនិត​អវិជ្ជមាន​លូតលាស់ឡើង។ ម្យ៉ាង​ទៀត​គម្រូពី​គ្រួសារ បងប្អូន​ អ្នកជិតខាង និងអ្នក​នៅក្នុងសង្គម​របស់អ្នក ព្រមទាំងលក្ខខណ្ឌ​ដែលអ្នក​ធា្លប់​ត្រូវ​បានគេ​កំណត់​តាំង​ពីក្មេង​នឹង​មានឥទ្ធិពល​ចំពោះ​គំនិត​របស់អ្នក។ ប៉ុន្តែ​កត្តា​ខាង​លើ​មិន​មែនជា​ចំណែក​ដែលធំនិង​មិនអាច​កំចាត់ចោល​បានទេអ្វី​ដែល​ចូលរួមចំណែក​ធំជាងគេក្នុង​ការ​គិត​របស់អ្នក​​គឺ​ជំនឿ​ ឆន្ទៈ ​ គោលដៅ​ និង​ការតាំងចិត្តរបស់អ្នក។ បើអ្នក​មាន​ស្មារតី​ភ្ញាក់​រលឹក​ដឹង​ខ្លួន​នោះ​កត្តា​ទាំង​នោះ​ក៏ធ្វើអ្វី​អ្នក​មិនបាន​ដែរ។

ឥទ្ធិពល​របស់​គំនិត​អវិជ្ជមាន​មានខ្លាំងក្លាណាស់។ ​គំនិត​អវិជ្ជមាននឹង​ធ្វើ​ឲ្យ​មនុស្សជឿថា​ពួកគេ​នឹ​ងបរាជ័យ​ជាហេតុ​ធ្វើឲ្យ​គេ​បដិសេធ​រាល់​ឱកាស​ផ្សេងៗទៅកាន់​ផ្លូវជោគជ័យ។ ឧទាហរណ៍ថា​អ្នក​ជាមនុស្ស​ដែល​ខ្លាច​ការជួបជាមួយ​មនុស្ស​ថ្មីឬមានទំនាក់ទំនង​ជិតដិត​ជាមួយ​អ្នកណា​នោះអ្នក​នឹង​ធ្វើគ្រប់​យ៉ា​ងដើម្បីចៀសឲ្យ​ឆ្ងាយពីមនុស្ស​និងទំនាក់ទំនង​បន្ទាប់មកអ្នក​នឹង​ត្អូញត្អែរ​ថាអ្នកឯកា​និងគ្មាន​អ្នកណា​ចូលចិត្តរាប់អាន​។ មួយវិញទៀត​បើចិត្ត​របស់អ្នក​ស្ដាប់ឮ និង​មើលឃើញ​តែងតែ​អវិជ្ជមាន​ វានឹង​មានផលប៉ះពាល់​ដល់បទដ្ឋាននៃគំនិត​និង​អាកប្ប​កិរិយា​របស់អ្នកដូចគ្នា។ គំនិត​អវិជ្ជមាន​នឹងឲ្យផល​ជា​ទង្វើ​ដែល​យូរៗទៅក្លាយជា​ទម្លាប់​បង្កើតបាន​ជា​លទ្ធផល​ដែលអវិជ្ជមាន​ត្រឡប់​មកវិញព្រមទាំងប៉ះពាល់​​​ដល់​​ភាពជោគជ័យនាពេលអនាគត​​របស់អ្នក។

ថ្វីត្បិត​តែ​គំនិត​អវិជ្ជមាន​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អនាគត​របស់មនុស្ស​ម្នាក់​ៗ​ប៉ុន្តែ​វាក៏​នៅតែ​មាន​វិធី​ដោះ​ស្រាយ។ ដំបូង​អ្នក​ត្រូវរៀន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​គំនិត​អវិជ្ជមាន​ជាមុន​សិន។ អ្នក​អាចរៀនគិតផ្លូវផ្សេង​និង​ដាក់កំហិត​ខ្លួនឯង​​ឲ្យនឹកឃើញ​តែរឿងវិជ្ជមាន។ ឧទាហរណ៍​ថា​បើអ្នកចាប់បាន​ថា​ខ្លួនឯង​កំពុងមើលឃើញភាពបរាជ័យ​ប្តូរទៅ​ជា​មើលឃើញភាព​ជោគជ័យ​វិញ  បើឮរឿងអវិជ្ជមាន​ព្យាយាមនៅឲ្យ​ឆ្ងាយពីវា បើខ្លួនឯងនិយាយ​ថា​មិន​អាចត្រូវតែ​​និយាយថា​អាច។​ មួយវិញ​ទៀត​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​នឹង​ក្លាយ​ជារបាំងរាំង​ស្ទះ​ដល់ភាព​ជោគជ័យ​របស់អ្នកបើអ្នក​រវល់តែភ័យខ្លាច​មិនព្រម​រក​ផ្លូវ​ដោះស្រាយ។ អ្នក​ត្រូវ​បង្វែរចំណាប់​អារម្មណ៍​ពី​បញ្ហាទៅ​ជាដើមហេតុ​និង​​ដំណោះស្រាយ​វិញព្រមទាំង​ចាត់ទុក​ថាវា​ជាឱកាសឲ្យ​អ្នក​បាន​ផ្លាស់​ប្តូរទៅកាន់អ្វី​ដែលថ្មីនិង​ប្រសើរជាង​មុន។

សរុបមក​ឥទ្ធិពល​នៃ​ភាព​អវិជ្ជមាន​មាន​តែយក​ភាព​វិជ្ជមាន​ប៉ុណ្ណោះ​មក​បង្រ្កាបវាហើយ​វា​មិន​មែន​ជា​ទំនួល​ខុសត្រូវ​របស់អ្នកណាឡើយ​តែ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់អ្នក​ខ្លួនឯង។​ ​សេរីភាព​ផ្លូវចិត្ត​និង​អារម្មណ៍ និង​មាន​សន្តិភាព​នៅខាងក្នុង​​​កើតមាន​នៅពេល​អ្នកដឹង​ថា​អ្នកត្រូវ​ធ្វើដូចម្តេច​នៅពេល​ដែល​គំនិត​អវិជ្ជមាន​កើត​មានឡើង។

ពាណិជ្ជកម្ម

វិធីសាស្ត្រក្នុងការដោះស្រាយបណ្តឹងរបស់អតិថិជន

0

ពាក្យបណ្តឹង​ទាំងអស់​មិនមែន​សុទ្ធតែ​ជាការប្រមាថ​ទេ​តែជួនកាល​វាក៏​ក្លាយជាឱកាសដែរ។ នៅពេលដែល​ស្ថានភាព​យ៉ាប់យ៉ឺនចូល​មកដល់​បុគ្គលិកលក្ខណៈ​របស់អ្នក​បង្ហាញ​ឲ្យគេឃើញ​ច្រើនជាងស្ថានភាព​ល្អទៅទៀត។ កាលណា​អ្នក​យកចិត្តទុក​ដាក់ដោះស្រាយ​បញ្ហា​ឲ្យអតិថិជនបានត្រឹមត្រូវ​​​​មានន័យ​ថាអ្នក​គិតគូរ​ពី​សុខុមាលភាព​របស់គេ​ប្រាកដណាស់​ហើយគេ​នឹង​ក្លាយ​ជា​អតិថិជន​របស់អ្នក​យូរអង្វែង​។ ប៉ុន្តែ​តើ​អ្នក​នឹង​ធ្វើយ៉ាងណា​បើសុខៗ​អតិថិជន​មក​ប្រាប់អ្នក​ថាគេ​មិនពេញចិត្តចំពោះ​រឿងអ្វីមួយ?

ទទួល​ស្គាល់​ពី​កំហុស​និង​សុំទោស

ដំបូង​អ្នក​ត្រូវរៀន​ដក​អារម្មណ៍​របស់​ខ្លួន​ឯង​ទុក​មួយ​ឡែក​សិន។ បន្ទាប់​មក​ទទួល​ស្គាល់​កំហុស​សិន​បើទោះបីជា​អ្នក​ដឹង​ថា​វាមិន​មែន​ជា​កំហុស​របស់អ្នកក៏​ដោយហើយ​ស្ដាប់ពី​ការអធិប្បាយ​របស់គេ។ ប្រការសំ​ខាន់​អ្នក​ត្រូវ​យក​ចិត្តគេ​មក​ដាក់​ចិត្ត​ខ្លួនឯង​ រៀន​យល់​ពី​ស្ថានភាព​របស់គេយ៉ាង​យកចិត្តទុកដាក់។ ការសុំទោស​ត្រូវ​ធ្វើ​ចេញ​ពី​ចិត្ត​ពិតៗ​ដោយ​បង្ហាញ​ទឹកមុខ​សោកស្តាយដែលវា​បាន​កើតឡើង។ មួយវិញទៀត​បើអតិថិជន​ស្ដី​បន្ទោស​ឲ្យបុគ្គលិកណាម្នាក់​​ហើយ​គេ​មិន​មាន​អានុភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បាន អ្នក​ត្រូវនាំ​អតិថិជនទៅ​រកអ្នក​ណា​ផ្សេង​ដែលអាច​ដោះស្រាយ​ជូនអតិថិជន។

អង្កេត​និង​កត់ត្រា

បន្ទប់​ពី​ស្ដាប់​ពី​បញ្ហារបស់អតិថិជន​ហើយ​អ្នក​ត្រូវ​កត់ត្រា​ឲ្យ​បាន​ត្រឹមត្រូវ​រួមនឹងដំណោះ​ស្រាយ​ផ្សេងៗ​តាមដែលអាចធ្វើបាន។ អ្នក​ត្រូវ​អង្កេត​ស្ថានការណ៍​ឲ្យ​បានច្បាស់មុន​សម្រេចចិត្តដោះស្រាយ។ អ្នក​ត្រូវ​កំណត់​ថា​អ្នកណា​ដែល​ជាអ្នក​ពាក់ព័ន្ធខ្លះ។ ម្យ៉ាងទៀត អ្នក​ត្រូវ​ប្រាកដ​ថា​មនុស្ស​ដែល​អ្នកចាត់​ឲ្យ​ដោះស្រាយ​កិច្ចការនោះគឺ​មានឥទ្ធិពល​គ្រប់គ្រាន់​អាច​គ្រប់គ្រង​កិច្ចការ​នោះបាន។

សម្របសម្រួល​ប្រកបដោយ​ភាព​វិជ្ជមាន

ស្ថានភាព​កាន់តែ​តានតឹង​នោះ​ភាព​មួម៉ៅ​គឺ​មាន​កាន់តែ​ខ្លាំង។ ​អ្នក​ត្រូវចេះ​សម្របសម្រួល​ឲ្យអតិថិជន​អង្គុយ​ចុះ​ដោយ​ស្ងប់ស្ងាត់​សិន​ដើម្បី​ឲ្យគេ​បើក​ចិត្ត​ស្ដាប់​អ្នក​បាន។ បន្ទាប់ពីនោះ​អ្នក​ត្រូវ​ផ្តោត​អារម្មណ៍​ទៅលើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ជាជាង​អ្វី​ដែល​អ្នកធ្វើមិនបាន។

ទាក់ទងទៅពួកគេឲ្យបានទៀងទាត់

ជួនកាល​បញ្ហា​ខ្លះ​មិនអាច​ដោះស្រាយ​ភ្លាមៗទេគឺ​វា​ត្រូវការចំណាយពេលវេលា។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​អ្នក​យក​បញ្ហា​របស់គេ​មកទុកចោលមិនអើពើឬមិនប្រាប់ពួកគេ​ពី​ដំណើរ​ការ​នៃការ​ដោះ​ស្រាយ​បញ្ហានោះទេ ​អ្នក​ត្រូវ​ប្រាប់គេជារយៈៗ​ថា​អ្នក​បានដំណើរការដោះ​ស្រាយ​ដល់ណាហើយ។ ការធ្វើ​បែប​នេះ​មានន័យ​​ថាអ្នកកំពុងតែយកចិត្តទុកដាក់ចំពោះពួកគេ។

ស្វែងរក​ហេតុផល

អ្នក​ត្រូវទទួលខុសត្រូវ​ចំពោះ​បញ្ហាដែលបានកើតឡើងដើម្បីឲ្យអតិថិជនទុកចិត្តសិន។ បន្ទាប់ពី​នោះអ្នក​ត្រូវ​រកឫសគល់បញ្ហានោះឲ្យបានថាវាកើតឡើងមកពីអ្វី កើតឡើងដូចម្តេច ហេតុអ្វីបានជាវាកើត ហើយនរណាខ្លះដែលជាប់ពាក់ព័ន្ធ​ជាមួយរឿងនេះ។ អ្នក​ត្រូវបែងចែកទៅឲ្យមនុស្សដែលពាក់ព័ន្ធ​ក្នុង​ការលុបបំបាត់​បញ្ហានេះនិងអនុញ្ញាតឲ្យគេដឹងពីទំនួលខុសត្រូវ​របស់គេ​រៀងៗ​ខ្លួន។

ដោះស្រាយ

​​អ្នក​ត្រូវ​ធ្វើឲ្យប្រាកដ​ថាអ្នក​បានដោះស្រាយ​បញ្ហានេះ​បានត្រឹមត្រូវ ភាគី​ម្នាក់ៗ​អាច​ទទួល​យក​បានទាំងអស់គ្នា​ ហើយបញ្ហា​បែបនេះ​នឹង​មិនកើតឡើង​ម្តង​ទៀតទេ។ ប៉ុន្តែ​បើ​បញ្ហា​នោះ​ជា​បញ្ហាដែល​ដែលធ្ងន់ធ្ងរ​ខ្លាំងលើសពី​សមត្ថភាព​របស់មនុស្ស​នៅក្នុង​ស្ថាប័ន​អាចគ្រប់គ្រង​បាន​អ្នកគួរហៅជនទី​៣​ដូចជា​ មេធាវី និង​អ្នក​ផ្តល់​ប្រឹក្សាតាមផ្លូវច្បាប់មក​ដោះស្រាយ​ទើបជា​ការ​ប្រសើរ។ ជាចុង​ក្រោយ​អ្នក​ត្រូវ​សួរអតិថិជន​ថា​គេ​មានត្រូវការ​អ្វី​បន្ថែមទៀតអត់ ឬអ្វីផ្សេងទៀត​ដែលគេគិតថា​មិនទាន់គ្រប់ជ្រុងជ្រោយ។

អរគុណ

ជាជាងការ​គ្រាន់តែ​ញញឹមនិងព្រួយបារម្ភ អ្នក​ត្រូវសម្តែង​ទឹកចិត្ត​ត្រេកអរផងដែរចំពោះការ​ចែករំលែកក្តី​ព្រួយ​បារម្ភ​របស់គេជាជាងឈប់​ប្រើប្រាស់​ផលិតផលឬសេវាកម្ម​របស់អ្នក។ អ្នកអាចប្រាប់ពួកគេថាអ្នកអរគុណពួកគេ​ដែល​វា​មិនត្រឹមតែអ្នកមិនខាតបង់អ្វី​ច្រើនទេ​តែ​​វាថែមទាំង​ធ្វើឲ្យ​ក្រុមហ៊ុន​របស់គេ​អាចអភិវឌ្ឍបានកាន់តែល្អ​ថែមទៀតផង។

ពាណិជ្ជកម្ម

៦ប្រភេទនៃនិយោជិក

0

អាជីវកម្ម​នីមួយៗមាន​បុគ្គលិក​ច្រើនបែបខុសៗគ្នា។ ជួនកាល​បុគ្គលិក​ខ្លួនឯងផ្ទាល់ក៏​មិន​ច្បាស់ដែរ​ថា​ខ្លួន​ឯងស្ថិតនៅក្នុង​ប្រភេទមួយណា។ ចំពោះអាជីវកម្ម​ថ្មី​ឬអ្នក​មាន​បំណងចង់រក​ការងារ​ធ្វើ​​​ពិត​ជា​ត្រូវ​ការ​ការ​ពិចារណា​ទៅលើ​ការរើស​ប្រភេទបុគ្គលិក​​មក​បំពេញ​ការងារ​ឲ្យ​ត្រូវ​នឹង​អាជីវកម្ម​របស់ខ្លួន​ឬ​ដាក់ពាក្យ​ធ្វើការ​ឲ្យ​ស្របតាម​អ្វី​ដែលគេ​ចង់បាន។ ខាងក្រោម​នេះ​​គំនិត​នឹង​លើក​យក​​ប្រភេទ​នៃ​និយោជិក​មួយ​ចំនួន​ដែល​យើង​សង្កេតឃើញ​មាន​នៅក្នុង​បរិបទ​សង្គម​សព្វថ្ងៃ៖

#ទី១ បុគ្គលិក​ពេញ​ម៉ោង​

ពួកគេ​ជា​ប្រភេទ​បុគ្គលិក​អចិន្រៃ្តយ៍​​ដែល​តែងតែ​មក​ធ្វើការ​ជាប្រចាំ​។​ ពួកគេ​ធ្វើការ​៤០ម៉ោងឬ៤៨ម៉ោង​​​ក្នុង​មួយ​សប្តាហ៍​​អាស្រ័យ​ទៅលើ​គោលការណ៍​របស់ក្រុមហ៊ុន​គេផ្ទាល់។ ចំពោះការ​បំពេញ​ការងារ​គឺ​ពួកគេ​ធ្វើ​ទៅតាម​កិច្ច​ព្រមព្រៀង​រវាងគេ​និង​និយោជក​របស់គេដោយ​គេ​មាន​សិទ្ធិនិ ​ទំនួល​ខុសត្រូវ​​​ និង​អត្ថប្រយោជន៍​ពេញ​លេញ​ក្នុងនាម​ជាបុគ្គលិក​​ម្នាក់​។​ ម្យ៉ាង​ទៀត​វាក៏អាច​ទៅតាម​ផល​ប្រយោជន៍ ឧទាហរណ៍​បុគ្គលិក​ផ្នែកលក់ជាដើម។​

#ទី២ បុគ្គលិក​​ក្រៅ​ម៉ោង

ពួកគេក៏ជា​បុគ្គលិក​អចិន្ត្រៃយ៍​ផងដែរ​​។ ពួកគេ​ធ្វើការ​តិចជា​៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដោយគេ​អាចធ្វើ​ទៅតាម​វេន​ដែល​ក្រុមហ៊ុន​តម្រូវឲ្យ​​ឬ​តាម​​កាលៈ​ទេសៈ​​ដែល​គេ​​អាច​ធ្វើបាន។ ប៉ុន្តែ​វេន​ដែលគេ​ធ្វើការ​គឺ​ទៀងទាត់​តាម​សប្តាហ៍​នីមួយៗ​។ ប្រាក់បៀវត្ស​រ៍​ដែលគេ​ទទួលបាន​គឺប្រហែល​ជា​ពាក់កណ្តាល​នៃ​បុគ្គលិក​ពេញ​ម៉ោង​ឬអាចតិច​ឬ​ច្រើន​ជា​ង​នេះ​អាស្រ័យ​លើ​ម៉ោង​ដែល​គេ​ធ្វើការ​។ ដោយឡែក​ទំនួល​ខុសត្រូវ​ ​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​នាម​ជា​បុគ្គលិក​គឺគេ​មាន​ប្រហាក់ប្រហែល​នឹង​បុគ្គលិក​ពេញ​សិទ្ធិ​ដែរ។

#ទី៣ បុគ្គលិក​​​ពី​ប្រភព​​ខាងក្រៅ​

ពួកគេ​​​ជា​បុគ្គលិក​ដែល​ក្រុមហ៊ុន​យកមក​ពីប្រភព​​ខាងក្រៅ​ឬ​ស្ថាប័ន​ផ្សេង​(Outsource)​ប៉ុន្តែ​មិន​មាន​ឈ្មោះ​ជា​បុគ្គលិក​របស់ក្រុមហ៊ុនទេ។ ​ក្រុមហ៊ុន​ធំៗ​​មួយ​ចំនួន​នៅ​ប្រទេស​យើង​បាន​ប្រើ​វិធី​នេះ​ចំពោះ​ដំណែង​មិន​ចាំបាច់​ខ្លះៗព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​ដូចជា​អ្នក​បើកឡាន អ្នក​អនាម័យ​ ​សន្តិសុខ ឬCall centre​ជាដើម​ដោយ​ក្រុមហ៊ុន​ត្រូវ​បង់លុយ​ទៅឲ្យ​ស្ថាប័ន​ដែលគេ​យក​បុគ្គលិក​មក​នោះ។

#ទី៤ បុគ្គលិកបណ្តោះអាសន្ន​

ពួកគេ​អាចជា​បុគ្គលិក​ដែល​គេ​ជួលតាម​រដូវ​ឬ​តាម​​ស្ថានភាព​​របស់ក្រុមហ៊ុន។ នៅពេល​ដែល​មាន​តម្រូវការ​កើនឡើង​ដូចជា​ពេល​បុណ្យទាន រដូវ​ច្រូតកាត់ រដូវ​ប្រមូល​ផលបន្លែឬផ្លែឈើ និង​ឧស្សាហកម្ម​សាច់​ជាដើម​ក្រុមហ៊ុន​នឹង​ជួល​ពួកគេ​ដើម្បី​ធ្វើការ​និង​បញ្ចប់​ការងារ​ទៅវិញ​តាម​កិច្ចសន្យា​។ រីឯប្រាក់បៀវត្សរ៍​គឺ​ក្រុមហ៊ុនជា​អ្នក​ផ្តល់ទៅឲ្យ​ផ្ទាល់។ ជួនកាល​​ក្រុមហ៊ុន​នឹង​ជួលពួកគេ​ឡើងវិញ​នៅពេល​ដែល​រដូវ​កាល​​នោះ​ចាប់ផ្តើម​។ ម្យ៉ាងទៀត​ពួកគេ​ក៏​អាច​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​ផងដែរ​ដែល​ក្រុមហ៊ុន​រើស​យក​មក​ធ្វើការ​នៅពេល​ដែល​មាន​ព្រឹត្តិការណ៍​ណាមួយ​និង​ត្រូវការ​ចំនួន​មនុស្សច្រើន។​

#ទី៥ បុគ្គលិកជំនួយ​

ពួកគេ​ក៏អាច​ស្ថិត​ក្នុង​ប្រភេទ​នៃ​បុគ្គលិក​ពី​ប្រភព​ខាងក្រៅដែរ(Outsource)​។ ក្រុមហ៊ុន​នឹង​ជួលគេ​ជាក្រុម​ក្នុង​ករណី​​ដែល​ក្រុម​ហ៊ុន​ត្រូវការ​គេ​មួយ​រយៈដើម្បី​ឲ្យ​គេ​បំពេញ​ការងារ​លើ​គម្រោង​​ណាមួយ​ផ្តាច់មុខ​​តែម្តង​ដោយ​ទូទាត់​ថ្លៃ​ចំណាយ​និង​ពេលវេលា​រួចជាស្រេចនៅ​ក្នុង​កាលបរិច្ឆេទជាក់លាក់​ណាមួយ​​​។​ ពួកគេ​អាចជា​អ្នក​ម៉ៅការ​(Contractor)ឬ​​អ្នក​ម៉ៅការរង​(Sub-contractor)។​ ​

#ទី៦ បុគ្គលិកហាត់ការងារ​ឬចុះកម្ម​សិក្សា​

ប្រភេទ​ចុងក្រោយ​នេះ​គឺ​ជាបុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​​ដើម្បី​ឲ្យ​ពួកគេ​អាចរៀន​សូត្រ​ពី​ការងារ​មុន​ពេល​ដែលគេ​​ចូលទៅបំពេញ​ការងារ​ពិតប្រាកដ។ គេអាចចូល​ធ្វើការ​​ដំបូង​រយៈពេល​៣ខែឬអាចតិច​ឬច្រើន​ជាងនេះ​អាស្រ័យ​លើ​គោលការណ៍​របស់ក្រុមហ៊ុន​។ ពួកគេ​អាច​ទទួលបាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​ឬគ្មាន​សោះ​នៅកំឡុងពេល​ហ្វឹកហាត់ការងារ​។ ក្រោយ​ពេល​បញ្ចប់​ការចុះកម្ម​សិក្សា​ ក្រុមហ៊ុន​នឹង​​វាយ​តម្លៃ​ទៅលើ​ការ​បំពេញ​ការងារ​របស់គេ​ដើម្បី​ដឹងថា​គួរ​រើសពួកគេ​មក​ធ្វើជា​បុគ្គលិកពេញ​សិទ្ធិ​ឬអត់។

យ៉ាងណា​មិញ​អាជីវកម្ម​តែ​មួយ​ពិតមែន​តែអាចមាន​បុគ្គលិក​ច្រើន​ប្រភេទ​ខុសៗគ្នា​ទៅតាម​ស្ថានភាព​នៃ​ក្រុមហ៊ុន​នីមួយៗ។

ឯកសារយោង៖ 

Robert L. Mathis, John H. Jackson, Sean R. Valentine (2004). Human Resource Management (Chapter 4). USA, Cengage Learning.

Types of employees. (n.d.). Retrieved August 4, 2017, from www.fairwork.gov.au

Types of employee. (n.d.). Retrieved August 4, 2017, from www.employment.govt.nz

ពាណិជ្ជកម្ម

៤ចំណុចគួរចងចាំអំពីការលក់របស់អ្នក

ទាំងនេះ​គឺ​ជាចំណុច​ដែល​អ្នក​មិន​ត្រូវ​បំភ្លេច​នោះទេ​ក្នុងនាម​ជា​អ្នក​លក់​ម្នាក់៖

ទី១ ភាពជាក់លាក់​នៃ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក

វា​មាន​ភាពខុសគ្នា​រវាង​ធ្វើឲ្យ​អតិថិជន​គ្រាន់តែ​ចូលចិត្ត​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​​និង​ធ្វើយ៉ាងណា​ឲ្យ​គេ​ទិញ​ផលិតផល​ឬ​ប្រើប្រាស់​សេវាកម្ម​របស់អ្នក​។ អតិថិជន​ត្រូវការ​អារម្មណ៍​ជាក់ច្បាស់​ពី​​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​ថា​តើ​វា​ត្រូវ​នឹង​ចំណូលចិត្ត​ពួកគាត់​ដែរ​ទេនិង​សេចក្តី​ត្រូវ​ការ​របស់​គាត់ដែរទេ។ ដើម្បី​​កាត់បន្ថយ​​ចម្ងល់​​របស់​ពួកគាត់ អ្នក​ត្រូវ​ចេះ​ឆ្លើយតប​ភ្លាមៗ​រាល់សំណួរ​របស់​អតិថិជន​ក្នុង​គោល​បំណង​ទទួល​បាន​ទំនុកចិត្ត​នៃ​គុណភាព​នៃ​ផលិតផល​ឬ​សេវាកម្ម​ពី​អ្នក​ប្រើប្រាស់​ទាំង​នោះ។

ទី២ ពង្រឹង​ភាពវិជ្ជមាន

ខណៈពេល​ដែល​អ្នក​មាន​ការសន្ទនា​ជាមួយ​អតិថិជន អ្នក​ត្រូវ​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អ្វី​ដែល​អតិថិជន​របស់អ្នក​និយាយ​ជាពិសេស​​មតិទាក់ទង​នឹង​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​អ្នកក៏​​ត្រូវតែ​​​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​​ពាក្យ​សម្ដីនិង​កាយវិការ​​របស់អ្នក​ចំពោះ​ការឆ្លើយតប​ទៅគេ​វិញ​ផងដែរ។ ជួនកាល​ទម្លាប់របស់យើង​គិតថា​ពាក្យ​សម្តី​និង​កាយ​វិការ​ដែល​យើងនិយាយ​និង​ធ្វើ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​ទេ​ ប៉ុន្តែ​វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​អតិថិជន​ផង​ក៏​ថាបាន​។ ឧទាហរណ៍នៅពេល​ដែល​អតិថិជន​​និយាយថា “ខ្ញុំ​គិតថា​អ្វី​ដែល​អ្នក​​រៀបរាប់​ពី​ផលិតផល​របស់​អ្នក​គឺមិនអាច​ទៅរួច​ទេ”​​​ ឬ “ខ្ញុំ​គិតថា​ផលិតផល​របស់​អ្នក​ប្រហែល​ជា​មិនអាច​ជួយ​ខ្ញុំ​បានទេ​”។ ពេល​នោះ​អ្នក​អាច​មាន​អារម្មណ៍​មិនពេញចិត្ត​បន្តិច​បន្តួច​តែ​អ្នក​មិន​ត្រូវ​បញ្ចេញ​អាកប្បកិរិយា​អវិជ្ជមាន​ចេញ​មក​ក្រៅ​ទេ។​ ​អ្នក​​គួរ​តែ​​តប​​ទៅអតិថិជន​​​វិញថា “ខ្ញុំ​ឆ្លាប់​ឮ​ពាក្យ​នេះ​ជាច្រើន​ដង​ហើយ​ពី​អតិថិជន​របស់ខ្ញុំ​​មុនពេល​គាត់​សាកល្បង​ប្រើប្រាស់​ផលិតផល​របស់ខ្ញុំ ​ប៉ុន្តែ​ពួកគាត់​នៅតែ​ទិញនិង​យក​ទៅ​ប្រើប្រាស់​ដោយ​ពួកគាត់​ចង់​ដឹង​ពី​គុណភាព​ឲ្យ​បានច្បាស់​។” ទើប​ជាការ​ប្រសើរ។

ទី៣ ផ្តល់​​ភស្តុតាង​ជូន​អតិថិជន​របស់អ្នក

អ្នក​​អាច​ផ្តល់​​ភស្តុតាង​ជូន​អតិថិជន​របស់អ្នក​ថា​គាត់​គួរតែ​ប្រើប្រាស់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​ជាជាង​គ្រាន់តែ​លក់​ឲ្យ​គាត់​ធម្មតា​។​ យើង​អាច​សាកសួរ​គាត់​ពី​ប្រភេទ​ផលិតផល​ដែល​គាត់​ចង់បាន​ហើយ​​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​ផលិផល​​ឬ​សេវាកម្ម​ទាំងនោះ​។ ធ្វើ​ដូចនេះ​នៅពេល​ដែល​គាត់​ឮ​​អ្វី​ដែល​​គាត់​បាន​រំពឹង​ទុក​នោះ​គាត់​នឹង​ទិញផលិតផល​នោះ​ជាក់ជា​មិនខាន។ អ្នក​អាច​បង្ហាញ​ជា​វីដេអូ រូបភាព​ ឲ្យ​គាត់​ជួប​អ្នក​ដែល​ធ្លាប់ប្រើ​ផ្ទាល់ នាំគាត់ទៅ​ជួប​អ្នក​ជំនាញ​ ឬ​បង្ហាញ​ប័ណ្ណ​​ដែលអាច​ធានា​ពី​ផលិតផល​របស់​យើង​ជាដើមទៅកាន់​អតិថិជន​ដើម្បី​ឲ្យ​គាត់​កាន់តែ​មាន​ទំនុក​ចិត្ត​ពីលើ​ពាក្យ​សម្តី​របស់យើង​។

ទី៤ រក្សា​តម្រូវការ​របស់​អតិថិជន

អ្នក​ត្រូវ​ផ្គត់ផ្គង់​ផលិតផល​ឬ​សេវាកម្ម​ឲ្យ​ជួប​នឹង​តម្រូវ​របស់​អតិថិជន​។​ អ្នក​គួរតែ​យកចិត្តទុកដាក់​​សាកសួរ​ពួកគាត់​ទាក់ទង​នឹង​ផលិតផល​ឬ​​សេវាកម្ម​ទាំងនោះ​ទាំង​មុន​ កំឡុងពេល និង​ក្រោយ​ពេល​ប្រើ​។​ បើសិនជា​អតិថិជន​មាន​ការរិះគន់​ពី​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក អ្នក​ត្រូវ​រិះរក​វិធី​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បានសមរម្យ​។ មួយ​វិញទៀត​បើ​វា​មិន​សក្តិសម​ជាមួយ​នឹង​អតិថិជន​ទេ​ អ្នកគួរ​តែ​ប្តូរ​ជូនពួកគាត់ទើប​ជាការ​ប្រសើរ។

ពាណិជ្ជកម្ម

ការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំអាជីវកម្មសំខាន់ៗ

ទោះបីជា​​អ្នក​​ប្រជុំ​ជាមួយ​អ្នកណា​ក៏ដោយ​មិនថា​​អតិថិជន​ឬ​​វិនិយោគិន​នោះទេ​ វា​ពិតជា​សំខាន់​ណាស់​​ក្នុង​ការ​ធ្វើឲ្យ​អ្វី​គ្រប់​យ៉ាង​មាន​ភាព​រលូន។ ​អ្នក​ត្រូវ​រៀន​​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​សំខាន់ៗ​ឲ្យបាន​ល្អ​ជាទីបំផុត​។ ​

#ទី១៖

ចំណុច​ដែល​លំបាក​ជាងគេ​នៅក្នុង​អង្គប្រជុំ​គឺ​ការទទួលបាន​តាម​អ្វី​ដែល​អ្នក​រំពឹង​ទុក​ ប៉ុន្តែ​ជួនកាល​អ្នក​មិនបាន​លើកឡើង​គ្រប់​ចំណុចកំឡុង​ពេល​ប្រជុំ​ឡើយ។ ​អ្នក​គួរតែ​សេចក្តីពង្រាង​ទុក​រាល់​ចំណុច​ដែល​អ្នក​ចង់​និយាយ។ វា​អាច​សរសេរ​តែ​ចំណុច​គោល​​សំខាន់ៗបានហើយ​ដោយ​​មិន​មែន​គ្រប់ពាក្យ​នោះ​ទេ។ ម្យ៉ាងទៀត អ្នក​ត្រូវតែ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​គម្រោង​ក៏ដូចជា​របៀប​វារៈ​ច្បាស់​លាស់​​សម្រាប់​ដំណើរការ​នៃ​អង្គប្រជុំ​និង​គោលដៅ​ដែល​អ្នក​ចង់បាន​។​

#ទី២៖

ជាទូទៅ​អ្នក​ត្រូវ​រៀបចំ​​ការិយាល័យ​​របស់​អ្នក​ឲ្យ​​មាន​​របៀប​រៀបរយ​​ជាពិសេស​គឺពេលប្រជុំ​ផ្ទាល់តែ​ម្តង​។ ​រូបភាព​នៃ​ការិយាល័យ​អាច​ជះឥទ្ធិពល​ដល់​គំនិត​និង​ការ​ឲ្យ​តម្លៃ​ពី​អ្នក​ដែលមក​ចូលរួម​ប្រជុំបាន​។ ដូច្នេះ អ្នក​ត្រូវ​ចាត់ចែង​ឲ្យគេ​សម្អាត​របស់​របរ​ផ្សេងៗ​ឲ្យ​បាន​ស្អាត​និងមាន​របៀប​មុន​នឹង​មាន​ការ​ប្រជុំ។ ​

#ទី៣៖

រឿង​ដែល​មិនអាច​ចៀសបានមួយ​ទៀត​នោះគឺ​មាន​អ្នកណា​ឬអ្វីម្យ៉ាង​​មកកាត់​ក្នុង​ពេលប្រជុំ​ដែល​អាច​ជា​បុគ្គលិក​​ ​​​ទូរស័ព្ទរោទិ៍ បញ្ហា​ភ្លើង​ ម៉ាស៊ីន​ត្រជាក់ Slide Projector ឬ​សំឡេង​អ៊ូអរ​នៅខាងក្រៅ​ក៏ថា​បាន​។ ដូចនេះ អ្នក​គប្បី​​​ប្រាកដ​ថា​បុគ្គលិក​អ្នក​ទទួល​បាន​ព័ត៌មាន​ពី​អង្គប្រជុំនេះ​​និង​បង្ការ​បញ្ហា​ដោយ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​ជាមុន។

 

ពាណិជ្ជកម្ម

ការដាក់តម្លៃទំនិញដើម្បីទាក់ទាញអតិថិជន

តើអ្នក​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​អ្នក​តែងតែ​ឃើញ​លេខ​៩​ស្ទើរ​គ្រប់​ទី​កន្លែង​ជាពិសេស​ក្នុង​ហាង​ដែលលក់​ទំនិញ​ឬ​នៅពេល​ដែល​មានការ​បញ្ចុះ​តម្លៃ​ទៅលើ​មុខ​ទំនិញ​នីមួយៗ។ តើ​អ្នក​ដែល​គិតទេ​ថា​លេខ​៩​​គឺជា​លេខ​អស្ចារ្យ​ដែល​ទាក់ទាញ​អតិថិជន​ឲ្យ​ទិញ​ទំនិញ​របស់អ្នក​នៅពេល​ដែល​អ្នក​លក់​ផលិតផល​អ្វី​មួយ​ដែល​ស្រដៀង​នឹង​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​? ម្យ៉ាងវិញទៀត តើ​អ្នក​ធ្លាប់​ដឹង​​ពី​​ចិត្តសាស្រ្ត​របស់​មនុស្ស​ក្នុង​ការមើល​តម្លៃ​ទំនិញ​ដែរ​ឬទេ? ​​វា​ងាយទេ​បើ​ទំនិញ​របស់អ្នក​គ្មានដៃគូ​ប្រកួត​ប្រជែង​​ព្រោះ​ថា​នៅពេល​ដែល​អតិថិជន​មិនមាន​អ្វី​ប្រៀបធៀប​អំពី​តម្លៃ​នៃ​ទំនិញ​ដែល​ស្រដៀង​នឹង​ទំនិញ​របស់អ្នកបាន​​នាំឲ្យ​គាត់​​ជ្រើសរើស​ផលិតផល​របស់អ្នក​​ដោយសារ​តែ​គាត់​គ្មានជម្រើស។ ​

​          បើសិនជា​អ្នក​គ្មាន​ហាង​ខ្លួនឯង​ឬ​អ្នក​ចង់ឲ្យ​គេ​ស្គាល់​ទំនិញ​អ្នក​ឲ្យកាន់តែ​ច្រើន​​ អ្នក​​សម្រេចចិត្ត​សុំការអនុញ្ញាត​ដើម្បី​តាំង​ទំនិញ​របស់​អ្នក​ក្នុង​ផ្សារទំនើប​​ណាមួយ​។ ចំពោះ​ផ្សារទំនើប​ជាទូទៅ​នឹង​ដាក់​ទំនិញ​របស់អ្នក​តាម​ប្រភេទ​មុខទំនិញ​ដែល​ស្រដៀង​នឹង​ផលិតផល​របស់អ្នក ជួនកាល​​អាច​ដាក់នៅជិត​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ទៀត​ផង​។ ​តើអ្នក​គួរ​ដាក់​តម្លៃ​បែបណា​​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ជ្រើសរើស​ទំនិញ​របស់អ្នក? ឧទារណ៍ថា ទំនិញ “ក” មាន​តម្លៃ​ស្មើ​ 4.00$ រីឯ ទំនិញ “ខ”មាន​តម្លៃ​ស្មើ​ 3.90$​  ​ទំនិញទាំង​​ពីរ​ដូចគ្នា​តែ​ខុស​ម៉ាកសញ្ញា​និង​មាន​គុណភាព​ប្រហាក់​ប្រហែល​គ្នា​។ ​ការដាក់​តម្លៃ​ខុសគ្នា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​អ្នក​​មិន​បាន​ចាប់អារម្មណ៍​នឹង​ចំណុច​នេះ​ អ្នក​​ពិតជា​ខកខាន​ការ​ទទួល​បាន​កំណើន​នៃ​ការលក់​​​ព្រោះ​​អតិថិជន​ភាគច្រើន​បូករួម​នឹង​អ្នក​ដែរ​ប្រាកដ​ជា​ជ្រើសរើស​ទំនិញ “ខ”​ជាក់ជាមិនខាន​។​ បើយោង​តាម​ចិត្តសាស្រ្ត​របស់​មនុស្ស​​ភាគច្រើន​គាត់​ចាប់អារម្មណ៍​នឹង​លេខ​ខាងមុខ​ជាជាង​នឹង​លេខ​ខាងក្រោយ។ ភាគច្រើន​គេ​​គិតថា ទំនិញ “ខ”មាន​តម្លៃ​ត្រឹមតែ​3$​ជាងតែ​ប៉ុណ្ណោះ​ព្រោះ​គេ​ឃើញ​ក្បាល​3​ខាងមុខ​និង​សន្និដ្ឋាន​​ថា​វា​ថោក​ជាង​ទំនិញ “ក” មាន​តម្លៃ​​​4.00$ ។​ ​

យុទ្ធសាស្រ្ត​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ដែល​ត្រូវ​បានប្រើប្រាស់​ដោយ​សហគ្រិន​ក្នុង​គោល​​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​​អតិថិជន​​ដើម្បី​ទិញទំនិញ​របស់ខ្លួន​ព្រោះ​ថា​តម្លៃ​​គឺ​ជា​​កត្តា​ដែល​អតិថិជន​គិតគូ​មុន​ដំបូង​ដែល​ជួនកាល​គឺ​មុនពេល​​ឃើញ​ផលិតផល​របស់អ្នក​ទៅទៀត។ ដូចនេះ​អ្នក​អាច​សាកល្បង​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ដើម្បី​ដាក់​តម្លៃ​និង​បង្កើន​ការលក់​។

ពាណិជ្ជកម្ម

ចំណុចសំខាន់ទាំង៤សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិនជោគជ័យ

​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​នោះ​គឺ​​ការ​សំណេះ​សំណាល​ជាមួយ​សហគ្រិន​ដែល​ធ្លាប់​​និង​កំពុង​ទទួល​បាន​ជោគជ័យ​លើ​អាជីវកម្ម​របស់គាត់​ដែល​ពួកគាត់​បាន​ចែក​រំលែក​បទពិសោធន៍​​អំពី​ភាពជោគជ័យ​របស់​ខ្លួន​ក្នុង​បរិបទ​ដែល​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង។ ដូច​ដែល​អ្នក​បានដឹង​ហើយ​ថា​គ្មាន​វិធី​បូកដក​ណា​អាច​​គណនា​​ពីចម្ងាយ​​ផ្លូវ​ទៅកាន់​ភាពជោគជ័យ​នោះទេ ប៉ុន្តែ​គន្លឹះ​ខាងក្រោម​នេះ​ជា​​មេរៀន​សំខាន់​សម្រាប់​ឲ្យ​អ្នក​អាច​យក​ទុក​ជា​បទពិសោធន៍​ក្នុង​អាជីវកម្ម​និង​ជួយឲ្យ​​អាជីវកម្ម​របស់​អ្នក​រីកលូតលាស់៖

#ទី១ ការសហការ​​ជា​​ក្រុម​

​មនុស្ស​​តែ​ម្នាក់​មិនអាច​ជោគជ័យ​លើ​គ្រប់​ការងារ​​ទាំងអស់​ទេ។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ធ្វើការ​ជាក្រុម ​អ្នក​នឹង​អាច​ជម្នះ​​បញ្ហា​ដែល​អ្នក​ម្នាក់ឯង​ពិបាក​​ដោះស្រាយ ​ខណៈពេល​ដែល​ក្រុម​គឺ​មាន​គំនិត​ច្រើន​ដើម្បី​រក​បាន​ដំណោះស្រាយ​ដ៏​សមរម្យ​មួយ។ កិច្ចការ​​​​ក្នុង​អាជីវកម្ម​គឺ​តម្រូវ​ឲ្យ​អ្នក​ចេះ​សហការ​ជាមួយ​បុគ្គលិក​របស់អ្នក​។ ជាពិសេស​នៅពេល​ដែល​អ្នក​គ្រប់គ្រង​ក្រុម​របស់​អ្នក អ្នក​មិនត្រូវ​​គ្រប់គ្រង​បែប​ចៅហ្វាយ​នាយ​ដែល​ប្រើប្រាស់​អំណាច​ដើម្បី​ត្រួតត្រា​បុគ្គលិក​​នោះទេ​។ ប៉ុន្តែ​អ្នក​គួរតែ​មាន​ភាព​ជា​អ្នកដឹកនាំ​ដែល​ចាំជួយ​លើកទឹកចិត្ត​និង​ជម្រុញ​​បុគ្គលិក​ឲ្យ​ធ្វើ​ការងារ​ជាមួយ​គ្នា​បាន​។

#ទី២ កំណត់​​ចក្ខុវិស័យ​ក្នុង​អាជីវកម្ម

សហគ្រិន​ដែល​ជោគជ័យ​គឺ​សម្លឹង​ឃើញ​ឬ​មាន​ទស្សនៈ​វិស័យ​វែងឆ្ងាយ​។ ពួកគាត់​អាច​ស្រមៃ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​របស់​ពួកគាត់​នៅ​ប្រាំ​ឆ្នាំខាងមុខ ដប់ឆ្នាំ​ខាងមុខ ឬ​វែង​ជាងនេះ។ ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​សួរ​ខ្លួនឯង​មុនពេល​បង្កើត​ចក្ខុវិស័យ​​​ដូចជា​តើ​អ្នក​គួរ​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​តាម​​របៀប​ណា? តើ​អ្វីខ្លះ​ដែល​រាំង​ស្ទះ​អ្នក​ដើម្បី​ឈាន​ទៅដល់​គោលដៅ​របស់អ្នក​?​ តើ​ចំណុច​ល្អ​អ្វីខ្លះ​ដែល​​អ្នក​គួរ​ធ្វើ​សម្រាប់​អាជីវកម្ម​របស់​អ្នក? តើ​អ្នក​គួរ​ចៀសវាង​អ្វីខ្លះ​ដែល​មិនល្អ​ចំពោះ​​អាជីវកម្ម​​របស់​អ្នក? តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ភាព​លេចធ្លោ​ជាងដៃគូ​ប្រកួត​ប្រជែង​?

#ទី៣ ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ

មនុស្ស​​ជោគជ័យ​គឺ​​ប្រឹងប្រែង​ធ្វើការ។ ផ្លូវ​សម្រាប់​សហគ្រិន​​ជោគជ័យ​ប្រៀប​ដូច​នឹង​អ្នក​រត់​ម៉ារ៉ាតុង​ព្រោះ​​ពួកគេ​ចាំបាច់​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ។ ​រីឯ​ការធ្វើ​អាជីវកម្ម​​វិញ​ អ្នក​ត្រូវ​ចំណាយ​ពេល​ជារៀងរាល់​ថ្ងៃ​ដើម្បី​រក្សា​ទំនាក់​ទំន​ង​ជាមួយ​អតិថិជន​ ដោះស្រាយ​បញ្ហា ឬ​រិះរក​គំនិត​ផ្សេងៗដើម្បី​អាជីវកម្ម​ជោគជ័យ​។ ម្យ៉ាងវិញ​ទៀត អ្នក​មិនត្រូវ​ពឹង​លើ​សំណាង​​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​។ ផ្ទុយមកវិញ អ្នក​គួរ​ស្វែងយល់​និង​សិក្សា​បន្ថែម​ពី​ចន្លោះ​ខ្វះខាត​នៃ​អាជីវកម្ម​របស់អ្នក​។

#ទី៤ រីករាយ​ជាមួយ​នឹង​ការងារ​របស់​អ្នក

ត្រូវ​រីករាយ​ចំពោះ​កិច្ចការ​ដែល​អ្នក​ធ្វើ​​។ នៅពេល​ដែល​អ្នក​រីករាយ​ជាមួយ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ អ្នក​នឹង​​ទទួ​ល​បាន​លទ្ធផល​គាប់​ប្រសើរ​ផងដែរ។ លើសពីនេះ ការតាំងចិត្ត​និង​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​ក្នុងការ​ធ្វើ​អាជីវកម្ម​នឹង​នាំឲ្យ​បុគ្គលិក​របស់អ្នក​មានការប្តេជ្ញា​ដូច​​អ្នក​​ផងដែរ។

សរុប​សេចក្តី​មក មិនថា​អ្នក​មាន​ដំណែង​អ្វី​នៅក្នុង​ស្ថាប័ន​អ្ន​កនោះទេ អ្នក​មាន​ឱកាស​​ធ្វើជា​អ្នក​កែប្រែ​និង​ជា​អ្នក​ត្រាយផ្លូវ​សម្រាប់​ចក្ខុវិស័យ​នា​ពេល​អនាគត​នៃ​ក្រុមហ៊ុន​របស់អ្នក​។ ខ្ញុំ​ជឿជាក់​ថា អ្នក​អាច​សម្រេច​ការងារ​ដែល​ពិបាក​ឬ​ការងារ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពីមុនមក បើសិនជា​អ្នក​ហ៊ាន​សាកល្បង​វា​និង​ប្តេជ្ញា​ថា​នឹង​ធ្វើវា​ឲ្យបាន។

ពាណិជ្ជកម្ម

យុទ្ធសាស្រ្តទាំង៣យ៉ាងដែលជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំជោគជ័យម្នាក់

មិត្តភក្តិ​របស់ខ្ញុំ​បាន​ចែក​រំលែក​បទពិសោធន៍​របស់គាត់​ជាមួយ​ខ្ញុំ​អំពី​ការដឹកនាំ​​បុគ្គលិក​របស់​គាត់។ កំឡុង​ពេល​ពិភាក្សា​គាត់​បាន​លើក​ឡើង​​ថាប្រសិនបើ​​​យើង​ជា​អ្នកដឹកនាំ​ម្នាក់​ដែល​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហាហើយ​បុគ្គលិក​បង្ក​បញ្ហា ​យើង​ក៏បណ្តេញ​ពួកគាត់​ចេញពី​ក្រុមហ៊ុន​​មែនទេ​? ​ក្នុងនាមជា​អ្នកដឹកនាំ អ្នក​គួរតែ​ចេះ​យោគយល់​​បុគ្គលិក​​ជាជាង​​បណ្តេញគាត់ចេញ​ដោយគ្មាន​ការរិះគិត​ឲ្យ​បាន​​ល្អិតល្អន់​។ ខាងក្រោម​នេះ​ជា​គន្លឹះ​សម្រាប់​អ្នក​ដឹកនាំ​​ដើម្បី​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ជោគជ័យ​ម្នាក់៖

ទី១​ ​ចេះ​យោគយល់​​​អ្នក​​ដទៃ

​​អ្នកដឹកនាំ​គឺ​ត្រូវ​ចេះ​ស្វែងយល់​ពី​អារម្មណ៍​បុគ្គលិក​។ ឧទាហរណ៍ បើ​បុគ្គលិក​​សុំ​ច្បាប់​ភ្លាមៗ​និង​ច្រើន​ថ្ងៃ​មកពី​កូន​គាត់​ឈឺ អ្នក​គួរ​យកចិត្ត​អ្នក​ដាក់ក្នុង​ចិត្ត​គាត់​​។ ដូចនេះ​អ្នកដឹកនាំ​ល្អ​គួរ​ចេះ​ស្វែងរក​ផ្លូវ​ណា​ដែល​មាន​ភាព​មិនស្មោះត្រង់ មិនមាន​​ភាព​ស្មុគស្មាញ និង​​មាន​ក្រម​សីលធម៌​ជាដើម។ ម្យ៉ាងវិញទៀត​ការផ្តល់​តាម​​​តម្រូវការ​របស់​សមាជិក​ក្រុម​របស់​អ្នក​ អ្នក​ត្រូវ​ចេះ​រក្សា​​តុល្យភាព​ក្នុង​ការ​ធ្វើ​ផងដែរ​។

ទី២ សុខភាព​​រឹងមាំ​គឺ​សំខាន់

ខ្ញុំ​តែងតែ​លឺ​មិត្ត​រួមការងារ​ជាមួយខ្ញុំ​និយាយ​ថាភាព​ស្វាហាប់​និង​កម្លាំង​បរិបូរណ៍គឺ​​អ្នក​ត្រូវ​ចាំបាច់​មាន​ដើម្បី​ចាប់យក​ឱកាស​នៅពេល​ក្រុមហ៊ុន​របស់អ្នក​ជ្រើសរើស​បុគ្គលិក​ដើម្បី​ឲ្យ​ឡើង​ដំណែង។ នៅពេល​វេលា​មកដល់​នៃ​ការឡើង​ដំណែង ​គម្លាត​នៃ​ជំនាន់​ការងារ​​គឺជា​បញ្ហា​​មួយ។​ ដូចនេះ​បើសិនជា​អ្នក​មាន​សុខភាព​ល្អ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ អ្នក​នឹង​មាន​ឱកាស​ដែល​គេ​នឹង​ជ្រើសរើស​ច្រើន​។ ​ចំណុច​ដែល​​សំខាន់​​គឺ​រាល់​សហគ្រិន​និង​អ្នកដឹកនាំ​អាចធ្វើ​បាន​គឺ​ទាញយក​ប្រយោជន៍​​ពី​វ័យ​​របស់អ្នក​​​​និង​​រក្សា​​សុខភាព​​​​​ឲ្យ​​បាន​​រឹងមាំ​។

ទី៣ រៀបចំ​ខ្លួន​អ្នក

អ្នក​ដឹកនាំ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​និង​មិន​ដែល​មាន​ភាព​ភ័យខ្លាច​ទេ​នៅពេល​ដែល​មាន​បញ្ហា​កើតឡើង​ព្រោះ​គាត់​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច។ ម្យ៉ាង​ទៀត​អ្នកដឹកនាំ​ល្អ​ក្រៅពី​ម៉ោង​ធ្វើការ គាត់​តែងតែធ្វើ​​ស្វ័យសិក្សា​បន្ថែម​ដើម្បី​សន្សំ​ចំណេះ​បន្ថែម​ក្នុង​ការដោះស្រាយ​បញ្ហា​គ្រប់​ស្ថានភាព​ដែល​គាត់​ជួប​ប្រទះ​។ ​គាត់​តែងតែ​​ធ្វើជា​​ចំណុច​កណ្តាល​​ដើម្បី​ទទួល​គំនិត​ពី​អ្នកដទៃ​​។ ម្យ៉ាងវិញ​ទៀត​អ្នកដឹកនាំ​​តែងតែ​ចំណាយពេល​ជាយូរ​ហ្វឹកហាត់​ខ្លួនឯង​ដូចជា​ចំណាយ​ពេល​ហាត់ប្រាណ សិក្សា​ស្រាវជ្រាវ​បន្ថែម​​លើ​ចំណុច​ខ្វះខាត អភិវឌ្ឍ​ទម្លាប់​ល្អ​សម្រាប់​ជា​គម្រូ​ដល់​បុគ្គលិក​ជាដើម​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព​។

ពាណិជ្ជកម្ម

គុណសម្បត្តិ៧យ៉ាងនៃអ្នកដឹកនាំដែលធ្វើឲ្យបុគ្គលិក​ចូលចិត្ត

គុណសម្បត្តិ​នៃ​អ្នកដឹកនាំ​ទាំង៧​​ខាងក្រោម​នេះ​មិនត្រឹមតែ​ជួយ​​អាជីវកម្ម​នោះទេ វា​ថែម​ទាំង​ជួយ​ឲ្យ​​អ្នកដឹកនាំ​​ទទួលបាន​ភាពស្មោះត្រង់​ពី​បុគ្គលិក​​ថែម​ទៀត​ផង៖

១.ភាពស្មោះត្រង់៖ ដំបូង​បង្អស់បុគ្គលិក​​ជាទូទៅ​មិនចូលចិត្ត​ធ្វើការ​ជាមួយ​ឬឲ្យ​មនុស្ស​​ដែល​ពួកគេ​មិន​ទុកចិត្ត​​នោះទេ​។ ដូចនេះ​អ្នក​ត្រូវ​ចងចាំ​ថា​ភាពស្មោះត្រង់​អាច​ទទួលមក​វិញ​នូវ​ភាពស្មោះត្រង់​ហើយ​ក្រុម​ហ៊ុន​អ្នក​នឹង​ទទួលបាន​ប្រយោជន៍​ពី​ទំនុកចិត្ត​នេះ​។

២.ភាព​វិជ្ជមាន៖ អ្នក​ដឹកនាំ​ប្រភេទនេះ​តែងមាន​គំនិត​និង​ឥរិយាបថ​ស្របគ្នា។ ពួកគេ​ជាមនុស្ស​ដែល​មិន​មើល​អ្វី​មួយ​តែ​ជ្រុង​ម្ខាង មិនងាយខ្វល់​ពី​ពាក្យ​សម្តី​របស់អ្នក​ដទៃ ជឿជាក់​លើ​ខ្លួន​ឯង និង​តែងតែមើល​ឃើញ​ឱកាស​ជានិច្ច។ អ្នក​​គួរតែ​​ផ្តោត​​ទៅលើ​​គោលដៅ​​ដែល​​អ្នក​​ច​ង់​ទទួល​បាន​​និង​​សម្លឹង​​ឆ្ពោះ​ទៅមុខប្រកបដោយ​ភាព​វិជ្ជមាន​​​ជានិច្ច​​។

អ្នក​​គួរតែ​​ផ្តោត​​ទៅលើ​​គោលដៅ​​ដែល​​អ្នក​​ច​ង់​ទទួល​បាន​​និង​​សម្លឹង​​ឆ្ពោះ​ទៅមុខប្រកបដោយ​ភាព​វិជ្ជមាន​​​ជានិច្ច​​។

៣.ឲ្យតម្លៃ​អ្នក​ដទៃ​​៖ អ្នក​គួរ​​ឲ្យ​​តម្លៃ​​បុគ្គលិក​​​តាម​ច្រើន​រូបភាព​ដូចជា​ការនិយាយ​សរសើរ មិន​​ប៉ះពាល់រឿង​ផ្ទាល់​ខ្លួន​របស់គេ ការ​ផ្តល់​រង្វាន់ មិន​ប្រើពាក្យ​​ទ្រគោះបោះបោកជាដើម​។ ការធ្វើ​បែបនេះ​ធ្វើឲ្យ​អ្នក​ទទួលបាន​ការគាំទ្រ​និង​ភាពស្មោះត្រង់​ពី​ពួកគេ។

៤.ការ​ផ្ទេរ​​អំណាច​​ទៅ​ឲ្យ​បុគ្គលិក​អ្នក​៖ អ្នក​ត្រូវ​ផ្តល់​សិទ្ធិ​​ទៅ​បុគ្គលិក​ក្រុងការ​សម្រេចចិត្ត​លើ​បញ្ហា​ណាមួយ​ អនុញ្ញាត​ឲ្យ​គេ​ធ្វើតាម​វិធី​សាស្រ្ត​របស់គេជាដើម​ដើម្បី​ឲ្យ​ពួកគេ​មានអារម្មណ៍​ថា​ពួកគេ​ក៏​មាន​ចំណែក​ក្នុង​ការ​កសាង​​ភាព​រីកចម្រើន​ចំពោះ​ក្រុមហ៊ុន​របស់​គេ​ដែរ។

៥.ភាពងាយស្រួលក្នុងការ​ប្រាស្រ័យ​​ទាក់ទង៖ អ្នក​គួ​រ​ធ្វើជា​អ្នកដឹកនាំ​​ដែល​​ងាយស្រួល​​ចុះសម្រុង​​អាច​ឲ្យបុគ្គលិក​ពិភាក្សា​​ជាមួយ​និង​​ស្តាប់ពី​អ្វី​ដែល​​ពួកគេ​និយាយ​​បាន​។

៦.ការសួរ​សំណួរ​៖ អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​ស្វែង​យល់​ពី​បុគ្គលិក​អ្នក​និង​ដឹង​អំពី​ពួកគេ​ឲ្យ​បានច្រើន​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយគេ។

៧.ចាំ​ឈ្មោះ​បុគ្គលិក​​៖  នេះ​ជា​អ្វី​ដែល​អ្នកដឹកនាំ​គួរតែ​ធ្វើ​​ព្រោះ​វា​ជា​ព័ត៌មាន​ចម្បង​អំពី​បុគ្គលិក​​។ អ្នក​គួរ​​ហៅឈ្មោះ​ឬ​ត្រកូល​ពួកគេ​ឲ្យ​បាន​ច្បាស់​​។ ជួនកាល​វា​ក៏​ជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​សប្បាយ​ចិត្ត​និង​ចូលចិត្ត​អ្នក​ដែរ​ព្រោះ​យ៉ាង​ហោចណាស់​ក៏​អ្នក​ដឹកនាំ​របស់គេ​បាន​​ហៅឈ្មោះ​របស់គេ​នៅចំពោះ​មុខ​អ្នក​ដទៃ​។

ពាណិជ្ជកម្ម

គន្លឹះទាំង៣ដែលជួយវិភាគអ្នកពីការសម្រេចចិត្តលក់សិទ្ធិធ្វើអាជីវកម្ម

បើសិនជា​អ្នក​មាន​អាជីវក​ម្ម​មួយ​ដែល​ទទួលបាន​ភាព​ជោគជ័យ​ហើយ​អ្នក​ចង់​ស្វែងរក​អ្នក​ចូលរួម​វិនិយោគ​ទៅលើ​អាជីវកម្ម​ជាមួយ​អ្នក ប៉ុន្តែ​អ្នក​គិតថា​នៅពេល​សហការ​ជាមួយ​គ្នា​ជួនកាល​អាច​នឹង​មាន​ជម្លោះ​កើតឡើង​ហើយ​ក៏​​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​​នៅពេល​ពេល​ដែល​មាន​បញ្ហា​​កើតឡើង។ ​ខាងក្រោម​នេះ​គឺជា​ចំណុច​ទាំងបី​ដែល​អ្ន​ក​អាច​យក​ទៅ​ពិចារណា​​អំពី​ការ​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់អ្នក​៖

តើ​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​​ដើម្បី​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ហើយ​ឬ​នៅ?

មុននឹង​អ្នក​​វិភាគ​ទៅលើ​​ការ​លក់​​អាជីវកម្ម​របស់អ្នក​ អ្នក​ក៏​ត្រូវ​​វិភាគ​លើ​សមត្ថភាព​របស់​អ្នក​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ផងដែរ។​ ការលក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​គឺ​មិនមែន​​លក់​តែ​​អាជីវកម្ម​របស់អ្នក​ឲ្យ​អ្នក​ដទៃ​យក​ទៅធ្វើ​ប៉ុណ្ណោះ​ទេ​​ អ្នក​ត្រូវ​ពិចារណា​លើ​សមត្ថភាព​របស់អ្នក​​ថា​តើ​អ្នក​អាច​ផ្តល់​ចំណេះដឹង​និង​​បង្រៀន​ដល់​អ្នក​ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់អ្នក​បាន​ដែរឬ​ទេ? លើសពីនេះ អ្នក​​ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង​​ល្អ​ជាមួយ​អ្នក​ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​នោះ​ ហើយ​​អ្នក​​ក៏​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​​នៅពេល​ដែល​មាន​បញ្ហា​កើតឡើង​ក្នុង​អាជីវកម្ម​របស់​ពួកគាត់ ។ ជាពិសេស​អ្នក​ត្រូវ​មាន​កិច្ចសន្យា​ជាក់លាក់​ជាមួយ​ពួកគាត់​​មុននឹង​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៅឲ្យ​គេ​។

តើផលិតផល​ឬ​សេវាកម្ម​របស់អ្នក​មាន​ទីផ្សារ​ច្បាស់លាស់​ដែរ​ឬ​ទេ?

មុនពេល​ដែល​អ្នកលក់​សិទ្ធិ​ធ្វើ​អាជីវកម្ម អ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​មាន​​អតិថិជន​ត្រូវការ​ក្នុង​ទីផ្សារ​ដែរ​ឬ​អត់​?ឧទារហណ៍ ខ្ញុំ​មាន​ហាង​កាហ្វេ​មួយ​ដែល​ទើប​នឹង​បើក ប៉ុន្តែ​នៅក្នុង​ទីផ្សារ​ស្រុកខ្មែរ​បច្ចុប្បន្ន​ហាង​កាហ្វេ​គឺ​រីកដុះដាល​ដូច​ផ្សិត។ ដូចនេះ មុន​នឹង​ខ្ញុំ​ចង់​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម ខ្ញុំ​ត្រូវ​ស្វែង​យល់​​ពី​តម្រូវ​ការ​​ទីផ្សារ​​ហើយ​ក៏​ត្រូវ​ស្វែងរក​វិធីសាស្រ្ត​ណា​ដែល​ធ្វើឲ្យ​ហាងកាហេ្វ​របស់ខ្ញុំ​មាន​ភាពខុស​ពី​គេ ​ព្រោះ​ថា​បើយើង​គ្មាន​លក្ខណៈពិសេស​​នោះទេ​ស្របនឹ​ង​ទីផ្សារ​តូច​ចង្អៀត​ទៀតនោះ​ ខ្ញុំ​នឹង​អ្នក​ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​​នឹង​ទទួលបាន​ភាពបរាជ័យ​។ សរុបមក តម្រូវការ​លើ​ផលិតផល​ឬ​សេវាកម្ម​សម្រាប់​អាជីវកម្ម​របស់​គឺ​ពិតជា​សំខាន់ ប៉ុន្តែ​លក្ខណៈ​ពិសេស​របស់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​គឺការ​ទាក់ទាញ​​អតិថិជន​​​សម្រាប់អាជីវកម្ម​របស់​​អ្នក​និងអ្នក​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់អ្នក​ផងដែរ។

តើ​ការ​សិក្សា​​ស្រាវជ្រាវ​​បែបណា​​ដែល​​អ្នក​​គួរធ្វើ​?

បើសិនជា​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​គឺ​ថ្មី​ដែល​មិនទាន់​មាន​អ្នក​បើក​អាជីវកម្ម​នោះទេ​ប៉ុន្តែ​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ដោយ​អ្នក​មាន​អតិថិជន​មួយចំនួន​រួចហើយ អ្នក​​នឹង​ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​លក់​សិទ្ធិ​ធ្វើអាជីវកម្ម​នោះ​។ ​បន្ថែម​ពីនេះ​អ្នក​អាច​សាកល្បង​​សិក្សា​ស្រាវជ្រាវ​បន្ថែមថា តើ​មាន​ប្រទេស​ណាខ្លះ​ដែល​អ្នក​​អាច​នាំ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​ទៅទីនោះដែរ​ ក្រៅពី​បើក​អាជីវកម្ម​ក្នុង​ប្រទេស​របស់អ្នក។ ម្យ៉ាងទៀត បើសិនជា​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​មាន​អ្នកបើក​អាជីវកម្ម​មុន​​រួចហើយ អ្នក​ក៏គួរតែ​សិក្សា​ស្រាវជ្រាវ​បន្ថែម​​ថា​តើ​ផលិតផល​ឬ​សេវាកម្ម​នោះ​មាន​តម្រូវការ​ខ្ពស់​ដែរ​ឬទេ? ​តើ​អ្នក​គួរ​រក​វិធីសាស្រ្ត​បែបណា​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​បានច្រើន​ជា​ងដៃគូ​ប្រកួត​ប្រជែង​របស់អ្នក? បន្ទាប់ពី​អ្នក​ទទួលបាន​ព័ត៌មាន​ទាំងនោះហើយ អ្នក​មាន​ទំនុកចិត្ត​ក្នុងការ​បើក​អាជីវកម្ម​និង​ការលក់​សិទ្ធិ​​ធ្វើ​អាជីវកម្ម​ផងដែរ។ ក្រៅពីនេះ អ្នក​ក៏​អាច​​សម្ភាស​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ភាពជោគជ័យ​របស់​ម្ចាស់អាជីវកម្ម​ឯទៀត​​ដែល​បានលក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​ទៅឲ្យ​អ្នក​ផ្សេង​ដើម្បី​យល់ឲ្យ​បាន​កាន់តែ​ច្រើន​អំពី​ការលក់សិទ្ធិ​ធ្វើ​អាជីវកម្ម។

វាជាការចំបាច់ធ្វើការសិក្សាស្វែងយល់ពីតម្រូវការរបស់អតិថិជនពីផលិតផល ឬសេវាកម្មរបស់អ្នក និងប្រព័ន្ធក្នុងការគ្រប់គ្រងសិទ្ធអាជីវកម្មរបស់ មុននឹងអ្នកសម្រាច់ចិត្តលក់សិទ្ធអាជីវកម្មទៅឲ្យអ្នកដ៏ទៃ។

ពាណិជ្ជកម្ម

គន្លឹះ​ទាំង​៤​ដើម្បី​បង្កើត​គម្រោង​ផ្នែក​ទីផ្សារ

​          ជាទូទៅ​​មុននឹង​សហគ្រិន​បើក​អាជីវកម្ម​ ពួកគាត់​តែងតែ​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ភ្លេច​ថា​ផែនការ​​ទីផ្សារ​ក៏​សំខាន់​ផងដែរ​ដើម្បី​ជួយ​ពួកគាត់​រក្សា​អតិថិជន​និង​បង្កើន​ការលក់​របស់​ពួកគាត់​។ បន្ថែមពីនេះ​ផែនការ​ម៉ាឃីត​ធីង​គឺជា​យុទ្ធសាស្រ្ត​ដែល​រួម​បញ្ចូល​ទាំង​តម្លៃ​លេខ ភាពជាក់ស្តែង និង​វត្ថុ​បំណង​ច្បាស់លាស់​ហើយ​ជួយឲ្យ​អ្នក​មាន​យុទ្ធសាស្រ្ត​ច្បាស់លាស់​ក្នុងការ​សម្រេច​​ផែនការលក់​ដែល​អ្នកបា​ន​កំណត់​ផងដែរ។ ខាងក្រោម​នេះ​គឺជាជំហាន​សំខាន់​ៗ​ដែល​អ្នក​អាច​សាកល្បងបាន​៖

ជំហាន​ទី​១ ស្វែងយល់​ពី​ស្ថានភាព​នៃ​អាជីវកម្ម​របស់អ្នក

អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ដំណាក់កាល​ដំបូង អ្នក​ត្រូវ​ស្គាល់​ឲ្យ​បានច្បាស់​ពី​សេវាកម្ម​ឬ​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ បន្ទាប់មក​អ្នក​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វីខ្លះ​ដែលអ្នក​បានផ្តល់​ឲ្យ​អតិថិជន​ដែល​មាន​តម្លៃ​ខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក។ ការ​កំណត់​គោលដៅ​អតិថិជន​ឲ្យបាន​ច្បាស់លាស់​គឺ​ពិតជា​សំខាន់​។ មិនថា​អាជីវកម្ម​របស់អ្ន​ក​ស្ថិត​ក្នុង​​វិស័យ​អ្វីនោះទេ ការលក់​ផលិតផល​ឬ​ការផ្តល់​សេវាកម្ម​ត្រូវការ​ការ​ស្វែងយល់​ឲ្យច្បាស់​ពី​ទីផ្សារ។ ដូចនេះ នៅក្នុង​ផែនការ​ម៉ាឃីតធីង​តម្រូវ​ឲ្យ​អ្នក​រៀបរាប់​យ៉ាងលម្អិត​ពី​ទីផ្សារ​របស់អ្នក​ហើយ​អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់​អ្នក​ផងដែរ​។

អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខ្លាំង ភាពខ្សោយ ឱកាស និង​ការគម្រាម​កំហែង។ ភាពខ្លាំង​និង​ភាពខ្សោយ​គឺ​ជា​កត្តា​ខាងក្នុង​នៃ​អាជីវកម្ម​របស់អ្នក​។​ ចំណែក‌​ឯ​ឱកាស​និង​ការគម្រាម​កំហែង​វិញ​គឺជា​កត្តា​ខាងក្រៅ។​

  • ចំពោះ​ភាពខ្លាំង អ្នក​អាច​ពិចារណា​ទៅលើ​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​នៃ​ផលិតផល​ឬ​សេវាកម្ម​ដែលអ្នក​ផ្តល់ជូន​ឲ្យ​អតិថិជន។ ដូចនេះ​អ្នក​អាច​ប្រាប់​អតិថិជន​ពី​ភាពខុសប្លែក​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់អ្នក​និង​អត្ថ​ប្រយោជន៍​របស់វា​។​
  • ចំពោះ​​ភាពខ្សោយ​​វិញ​​ក្នុង​​អាជីវកម្ម អ្នក​​អាច​​គិត​ពី​​កង្វះខាត​​បុគ្គលិក​​ដែលមាន​​បទពិសោធន៍​។ ដូចនេះ​​អ្នក​​អាច​​ផ្តល់​​វគ្គ​​បំពាក់​បំប៉ន​សម្រាប់​បុគ្គលិក​ដើម្បី​​ពង្រឹង​​សមត្ថភាព​​របស់​​ពួកគាត់។
  • សម្រាប់​​ឱកាស​វិញ អ្នក​អាច​ពិចារណា​ទៅលើ​ការពង្រីក​ទីផ្សា​រសម្រាប់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក។
  • ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិតពី​បញ្ហា​គម្រាម​គំហែង​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ក្នុង​ការពង្រីក​ទីផ្សារ​របស់​អ្នក​ផងដែរ។ ដូចនេះ​អ្នក​ត្រូវ​រៀបចំ​ផែនការ​សម្រាប់​បញ្ហា​ទាំងនោះ​ដើម្បី​ទប់ទល់​នឹង​ពួកគេ​។

ជំហាន​ទី​២ អ្នក​ត្រូវ​រៀបរាប់​ពី​អតិថិជន​គោលដៅ

ជំហាន​បន្ទាប់ អ្នក​ត្រូវ​សរសេរ​ពី​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​រៀបរាប់​ពី​អាយុ ភេទ សមាសភាព​ក្រុមគ្រួសារ ចំណូល ទីតាំង​ភូមិសាស្រ្ត​ និង​របៀប​របប​នៃ​ការ​រស់នៅ​របស់ពួកគាត់​ជាដើម ។ បន្ទាប់មក អ្នក​ក៏​ត្រូវ​សួរ​សំណួរ​ខ្លួន​ឯង​មួយ​ចំនួនផងដែរថា តើ​អតិថិជន​របស់អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​អភិរក្ស​ឬ​ប្រកប​ដោយ​ភាពច្នៃប្រឌិត? តើ​ពួកគាត់​មាន​ភាពជា​អ្នកដឹកនាំ​ឬ​ភាព​ជា​អ្នក​ដើរ​តាមគេ? តើ​ពួកគាត់​ជា​ប្រភេទ​មនុស្ស​ប្រពៃណី​ឬ​ទាន់សម័យ? ​សំណួរ​ចុងក្រោយ​ដែល​សំខាន់​ជាងគេ​គឺ​ពួកគាត់​ទិញ​ទំនិញ​របស់​អ្នក​ញឹកញាប់​ដល់​កម្រិត​ណា​និង​មាន​ចំនួន​ប៉ុន្មាន?             បើសិនជា​អាជីវកម្ម​របស់​អ្នក​បោះដុំ​វិញ អ្នក​ត្រូវ​កំណត់​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​ពឹងផ្អែកលើ​ប្រភេទ​នៃ​អាជីវកម្ម​របស់​ពួកគាត់ តួនាទី ទំហំ​អាជីវកម្ម​​ និង​ទីតាំង​ភូមិសាស្រ្ត​នៃអាជីវកម្ម​របស់គាត់​ជាដើម។ អ្នក​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ព្រោះ​ព័ត៌មាន​ទាំងនេះ​ជា​អ្នក​នាំផ្លូវ​អ្នក​​ដើម្បី​រៀបចំ​ការផ្សព្វផ្សាយ​និង​រៀបចំ​គម្រោង​យុទ្ធសាស្រ្ត​បែបណា​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​គោលដៅ​បាន​។

ជំហាន​ទី​៣ កត់ត្រា​ពី​ចំណុច​គោលដៅ​នៃ​ផែនការ​ម៉ាឃីតធីង

តើ​អ្នក​ចង់​ឲ្យ​ផែនការ​ម៉ាឃីតធីង​របស់អ្នក​ជោគជ័យលើ​ចំណុច​អ្វី​ខ្លះ​?ឧទារហណ៍ អ្នក​សង្ឃឹម​ថា​ការលក់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​នឹង​កើនឡើង​២០%​ក្នុង​ខែក្រោយ ដូចនេះ​អ្នក​ត្រូវ​កត់ត្រា​ពី​ចំណុច​គោលដៅ​តូចៗ​​ដើម្បី​​ជោគជ័យ​លើ​ផែនការ​ធំដែល​អ្នក​បាន​កំណត់។

ជំហាន​ទី​៤ បង្កើត​តិចនិច​ដើម្បី​ឈាន​ដល់គោលដៅ​របស់អ្នក

សម្រាប់​ចំណុច​នេះវិញ អ្នក​ត្រូវ​រក​តិចនិច​បែបណា​ដើម្បី​សម្រេច​​គោលដៅ​ដែល​អ្ន​កបាន​គ្រោងទុក​។​ ​អ្នក​ត្រូវ​សរសេរ​សង្ខេប​ពី​យុទ្ធសាស្រ្ត​ទីផ្សារ​របស់អ្នក។ បន្ទាប់មក​រួមបញ្ចូល​តិចនិចដែល​អ្នក​នឹង​យក​មកប្រើ​​ដើម្បី​សម្រេច​​គោលដៅ​លក់​របស់អ្នក។ ឧទារហណ៍ អ្នក​បាន​ដាក់​ផែនកា​រថា​ខែក្រោយ​ការលក់​របស់​អ្នក​នឹង​កើនឡើង ២០% ដូចនេះ​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​រក​តិចនិច​យ៉ាងណា​ដើម្បី​អាច​បង្កើន​ការលក់​របស់អ្នក។ ហេតុនេះ​អ្នក​អាច​ហ្វឹកហាត់​បុគ្គលិក​ផ្នែកលក់​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​គាត់​មិនទាន់​មាន​សមត្ថភាព​​ពេញ​លក្ខណៈ​គ្រប់គ្រាន់​។ លើសពីនេះ អ្នក​ក៏​អាច​ចាត់ចែង​ការងារ​ឲ្យ​បុគ្គលិក​ផ្នែកលក់​ស្វែង​រក​អតិថិជន​ឬ​តាម​ការ​បញ្ចុះ​តម្លៃ​ជាដើម។

ពាណិជ្ជកម្ម

​ស្វែង​យល់​ពី Digital Marketing

1

តើអ្នក​ធ្លាប់ឮពាក្យ​Digital Marketingដែរឬទេ? អ្វីទៅជា​Digital Marketing? តើគេធ្វើវា​ដោយ​របៀបណា? តើវា​ពិតជា​មាន​ប្រសិទ្ធភាព​មែនទេ? ។ល។ ខ្ញុំជឿជាក់​ថា​​អ្នក​អាន​ប្រហែល​ជា​ចង់យល់​ច្បាស់​ពី​ជំនាញ​Digital Marketingនេះ។ ជួនកាល​អ្នក​អាច​ជា​អតិថិជន​គោលដៅ​ដែល​អ្នក​ទីផ្សារ​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​នេះ​មក​លើ​អ្នក​​ដោយ​អ្នក​មិន​បាន​ដឹង​ខ្លួន​ផង​ក៏ថា​បាន​។ ដើម្បី​ពង្រីក​ចំណេះដឹង​ទាក់ទង​នឹង​ផ្នែក​នេះ​​​ គំនិត​សូម​លើក​យក​អត្ថបទ​មួយ​ដែលយើង​បាន​សរសេរ​ចេញ​អំពី​ការ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​​Digital Marketing គឺលោក ហាក់ គីមថុង ​ដែលជា​ស្ថាបនិក​នៃ​គេហទំព័រ​“គំនិត”​​និង​ជា​​នាយក​នៃ​ “Kumnit Creative”​ ដែល​ជា​ស្ថាប័នផ្តល់សេវាកម្ម​ប្រឹក្សា​ពី​យុទ្ធសាស្ត្រ​ទីផ្សារ​សម័យទំនើប​ (Digital Marketing)។

អ្វីទៅជាការធ្វើទីផ្សារ (Marketing)? ​Digital Marketing?

ចំពោះ​លោក​ផ្ទាល់​លោក​យល់​ឃើញ​ថា​ ការធ្វើទីផ្សារ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ និង​ជឿទុកចិត្ត។ ម្យ៉ាង​ទៀត​ការធ្វើ​ទីផ្សារគឺ​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​​អាជីវកម្ម​របស់​យើង​គឺ​ប្លែកពី​គេ​ ល្អជាងគេ ​និង​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់អតិថិជន។ ​ចំណែក​ឯការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​សម័យ​ទំនើប(​Digital Marketing)​​គឺ​ជា​វិធីសាស្ត្រ​មួយ​ដែលគេ​ប្រើ​ដើម្បី​ធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារផ្សាភ្ជាប់ជាមួយ​នឹង​បច្ចេកវិទ្យា​ដើម្បីធ្វើ​ការ​ផ្សព្វផ្សាយឱ្យមានភាព​ទាក់ទាញ​​​​​តាមច្រកផ្សព្វផ្សាយ​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា៖

[ad id=”5037″]

  • ​តាម​បណ្តាញ​សង្គម​(Facebook Instagram LinkedIn Line…)
  • អ៊ីមែល
  • គេហទំព័រ
  • SMS Marketing
  • ការផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ
  • SEO​(Search​ Engine Optimization)
  • ​Search Engine Marketing។ល។

ការធ្វើទីផ្សារ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ ​ជឿទុកចិត្ត និងបញ្ចុះបញ្ចូលឱ្យអតិថិជនជ្រើស​រើស​ផលិតផល ឬសេវាកម្មនោះយក​ទៅប្រើប្រាស់។

Digital Marketing​តម្រូវ​ឲ្យ​មាន​ទាំងចំណេះដឹង​បច្ចេកទេសនិងជំនាញយុទ្ធសាស្ត្រ​ទីផ្សារ​​។ ជាពិសេស​ការធ្វើទីផ្សារ​នៅលើបណ្តាញសង្គម(Facebook Instagram ។ល។) តម្រូវឱ្យមានយុទ្ធសាស្ត្រ​ត្រឹមត្រឹម​ដើម្បី​ទាក់ទាញចំណាប់អារម្មណ៍ បញ្ចុះ​បញ្ចូល ផ្តល់​គុណតម្លៃ​​​​ឲ្យ​អតិថិជន​គោលដៅចាប់អារម្មណ៍ស្គាល់​និង​ទិញ​ទំនិញ​យក​ទៅប្រើប្រាស់។ វារួមបញ្ចូល​ទាំងការ​រៀបគម្រោងថាតើគួរបង្ហោះអ្វីខ្លះ ប្រើប្រាស់រូបភាពបែបណាដើម្បីទាក់ទាញ ប្រើប្រាស់ពាក្យសម្តី ឬឃ្លោងឃ្លាបែបណា​ដើម្បី​​ឱ្យគេឆាប់ចាប់អារម្មណ៍កំណត់​អត្តសញ្ញាណម៉ាកសញ្ញាសម្រាប់ការផ្សព្វផ្សាយ ត្រូវធ្វើយ៉ាងណាដើម្បី​ឱ្យគេស្គាល់ម៉ាកសញ្ញា និងគុណតម្លៃម៉ាកសញ្ញា​សម្រាប់ភាពជោគជ័យរយៈពេលវែង រៀបចំ​ថត​វីដេអូបែបណាដើម្បីឱ្យមានគេមើលច្រើន ឬធ្វើការ​ផ្សព្វផ្សាយ​ដោយការចំណាយលុយបែបណាដើម្បី​ឱ្យមានប្រសិទ្ធភាពខ្ពស់ (ដូចជាការកំណត់គោលដៅអតិថិជន ការប្រើប្រាស់​វិធីសាស្ត្រ​ផ្សព្វផ្សាយកម្រិត​ខ្ពស់ដែលមាននៅក្នុងបណ្តាញសង្គម)ជាដើម។

ជាក់ស្តែង​មានក្រុមហ៊ុន និងអាជីវកម្មតិចតួចប៉ុណ្ណោះ​ដែល​ម៉ាកយុទ្ធសាស្ត្រល្អ​និង​ត្រឹមត្រូវ។ ភាគច្រើន​ពួកគាត់​យល់ឃើញថា ការបង្ហោះ​ពាក្យ​ស្លោកជោគជ័យនិង​ភាពជាអ្នកដឹកនាំគឺជា​យុទ្ធសាស្ត្រ​ទីផ្សារ។ ប៉ុន្តែ​អ្វីដែលពួកគាត់ធ្វើ​មិន​បាន​ជួយ​បង្កើនគុណ​តម្លៃ​ម៉ាកសញ្ញារបស់គាត់នោះទេ ហើយអតិថិជន​នឹង​មិនស្គាល់គាត់​ និង​ផលិត​ផលគាត់​បានច្បាស់ឡើយ។ មិនតែ​ប៉ុណ្ណោះ វា​បានធ្វើឱ្យ​អតិថិជន​មានការភ័ន្តច្រឡំ​អំពី​ផលិតផល​របស់គាត់ទៅវិញ។

អតិថិជន​បែបណា​សក្តិសម​ឲ្យម្ចាស់​​អាជីវកម្ម​ប្រើ​​Digital Marketing​?

ដូចដែល​យើងបាន​ឃើញ​ខាង​លើ​ថា​ការធ្វើយុទ្ធសាស្ត្រទីផ្សារ​សម័យ​ទំនើបទាមទារ​ឲ្យ​មាន​កា​រប្រើប្រាស់​​ប្រព័ន្ធ​អ៊ីនធឺណិត។ ហេតុ​នេះ​​មុន​នឹង​ម្ចាស់​អាជីវកម្ម​ជ្រើសរើស​យក​វិធី​សាស្ត្រ​នេះ​ គេ​ត្រូវ​សិក្សា ស្រាវជ្រាវ​ និង​ស្ទាបស្ទង់​​ពី​អតិថិជន​គោល​ដៅ​ឲ្យបាន​ច្បាស់​លាស់​​ជាមុនសិន​។ អតិថិជនគោលដៅ​​​ខុសៗគ្នា​នាំឲ្យ​ឥរិយាបថ​របស់​ពួកគេ​ក៏​មិនដូចគ្នា​ដែរ។ បើពួកគេ​មិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​នោះម្ចាស់​អាជីវកម្ម​ក៏​មិន​គួរ​រើស​យក​វិធីនេះ​ឡើយ​។ ឧទាហរណ៍​ថា​គាត់មាន​អាជីវកម្ម​លក់​ជីកសិកម្ម​នាំឲ្យ​អតិថិជន​គោលដៅ​របស់គាត់​គឺ​ជាប្រជាកសិករ​នៅជនបទ​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​ពិបាក​ទៅដល់​នោះDigital Marketing មិនមែនជា​ច្រកមួយ​ដ៏​ល្អទេ។ ប៉ុន្តែ​បើគាត់មាន​អាជីវកម្ម​លក់​សម្លៀក​បំពាក់​សម្រាប់យុវវ័យ​នោះ​ការ​ប្រើវិធី​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អណាស់។

អត្ថប្រយោជន៍​នៃ​Digital Marketingធៀបនឹង​Traditional Marketing

​បច្ចុប្បន្ន​អតិថិជន​មាន​ទំនោរ​ទៅរកការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតដែល​មាន​អ្នក​​​កំពុង​តែ​ប្រើប្រាស់ប្រមាណ​លើស​១ភាគ៣​នៃ​ប្រជាជន​សរុប​​និង​​បណ្តាញ​សង្គម​ប្រហែល​ជាង​៥លាន​នាក់​នៅលើ​ហ្វេសប៊ុក​និង​​ប្រហែល​៣លាននាក់នៅ​លើ​​Instagram។ ចំនួន​ទាំង​នេះ​គឺ​មាន​ការកើន​ឡើងយ៉ាង​ខ្លាំង​នៅ​ប្រមាណ​៥ឆ្នាំ​ចុងក្រោយនេះ​ហើយ​លោក​គិតថា​នឹង​មាន​ការកើនឡើង​បន្តទៀត​ទៅ​ថ្ងៃ​អនាគត​ព្រោះ​មនុស្ស​នឹង​នៅជាមួយ​បច្ចេកវិទ្យា​ហើយ​ម្នាក់ៗ​គឺ​សុទ្ធតែមាន​Smart Phonesប្រើ​​។​ ​លក្ខណៈ​បែប​នេះ​គឺមាន​អំណោយផល​​ខ្លាំងណាស់​។ យ៉ាងណា​មិញ​ការ​ធ្វើ Digital Marketingគឺ​ត្រូវការ​ចំណាយ​លុយ​តិច មាន​ប្រសិទ្ធភាព​ល្អ ទៅដល់ដៃ​អតិថិជន​លឿន អាច​វាស់ស្ទង់​អំពីប្រសិទ្ធភាព​ អាចផ្សព្វផ្សាយ​ឬបញ្ឈប់​ពេលណា​ក៏បាន អាចជ្រើសរើសអតិថិជនគោលដៅ ភេទ​ស្រីឬ​ប្រុស អាយុ មិនបាច់មាន​កុងត្រា​ផ្សព្វផ្សាយជាដើម។ ជាពិសេស​​វាពិតជា​សក្តិសម​ចំពោះ​អាជីវកម្ម​ធុនតូច​និង​មធ្យម​ដែល​មាន​ដើមទុន​តិចតួច​ដើម្បី​​ផ្សព្វផ្សាយ​។ រីឯការ​ផ្សព្វផ្សាយ​បែប​ Traditional​​​ដូចជា​តាម​វិទ្យុ​ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ចែក​ខិត្តប័ណ្ណជាដើមគឺ​​ត្រូវ​ចំណាយ​​ប្រាក់​ច្រើន​និងត្រូវ​មាន​កុងត្រា​ជាក់លាក់​ ហើយ​ពិបាកវាស់ស្ទង់​ពីប្រសិទ្ធភាពរបស់វា។ ជាពិសេស​មាន​មនុស្ស​កាន់តែច្រើនទៅៗចំណាយពេលវេលាកាន់តែតិចទៅៗជាមួយនឹងច្រកទាំងនោះ។​​​

ជំនាញគោល​សម្រាប់អ្នកទីផ្សារមានអ្វីខ្លះ?

ចំពោះអ្នក​ទីផ្សារ​ដែល​មាន​បំណង​ចង់​ធ្វើយុទ្ធសាស្ត្រទីផ្សារ​​សម័យ​ទំនើបនេះ​ផងដែរ​ លោកបាន​ណែនាំ​ឲ្យ​អ្នក​ត្រូវ​មាន​ជំនាញ​ដូចជា៖

  • មាន​ចំណេះដឹង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ
  • ពូកែ​សង្កេត សិក្សា​ស្វែងយល់​ពីទីផ្សារ​
  • ស្រាវជ្រាវ ស្ទាបស្ទង់ពី​ទំនោរ​របស់អតិថិជន​និង​សង្គមសព្វថ្ងៃ
  • ចេះបត់បែន​តាម​អតិថិជន​គោលដៅ
  • យល់ដឹងពី​ចិត្ត​សាស្ត្រ​មនុស្ស​
  • សង្កេត​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​​អាជីវកម្ម​​ខ្លួន​ឯង​
  • ដឹងច្រើនអំពី​បច្ចេកវិទ្យាថ្មីៗ ជាពិសេស​ការធ្វើបច្ចុប្បន្នភាព​នៅលើ​បណ្តាញសង្គម និងច្រកផ្សព្វផ្សាយនានា។

ជាចុងក្រោយ​លោកបានណែនាំថា សិស្សនិស្សិត ​អ្នក​ទីផ្សារ​គួរចំណាយពេល​ដើម្បី​អភិវឌ្ឍ​សមត្ថភាពផ្នែក​យុទ្ធសាស្ត្រទីផ្សារ​សម័យទំនើបនេះ​ដោយសារ​នៅកម្ពុជា អ្នក​ជំនាញ​ផ្នែក​នេះនៅមាន​​​តិចតួច​នៅឡើយ។​ យ៉ាងណាមិញ​តម្រូវ​ការ​ជំនាញមួយ​នេះ​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយសារ​តែ​វា​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដែលគ្រប់​អាជីវកម្ម​ទាំងអស់ត្រូវតែមាន​នាពេលអនាគត​ដ៏ខ្លីខាងមុខ។

ពាណិជ្ជកម្ម

សកម្មភាពគួរឲ្យភ្ញាក់ផ្អើល៨យ៉ាងដែលសហគ្រិនធ្វើជារៀងរាល់ថ្ងៃ

មនុស្ស​ជាច្រើន​តែងតែ​គិតថា​ជីវិត​របស់ម្ចាស់​អាជីវកម្ម​មានតែ​ការលក់ ការរក​ទីផ្សារ ការណាត់ជួប ការងារ​បុគ្គលិក ​និង​ការសម្ភាសន៍​ជាដើម ប៉ុន្តែ​នៅមាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​យើង​មិន​នឹកស្មាន​ថា​ពួកគេ​អាច​នឹង​ធ្វើ​ហើយ​រឿង​ទាំងនោះ​គឺ​ទាក់ទង​នឹង​ការធ្វើឲ្យ​អាជីវកម្ម​នៅតែ​ដំណើរ​ការ​។​ ខាងក្រោម​នេះ​ជា​អ្វី​ដែល​សហគ្រិន​ទាំង​៨​រូប​ចែក​រំលែក​ពី​អ្វី​ដែល​ពួកគេ​បញ្ចូល​ទៅក្នុង​បញ្ជី​​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ៖

សហគ្រិនទី១ គាត់​បាន​និយាយថា​គាត់​បាន​ចំណាយពេល​​​ដើរ​​ជាមួយ​បុគ្គលិក​របស់​គាត់​យ៉ាងយូរ​ជារៀងរាល់​ថ្ងៃ​ព្រោះ​គាត់​គិត​ថា​ការធ្វើ​បែបនេះ​អាច​ឲ្យ​យើង​មាន​ទំនាក់​ទំនងល្អ​ហើយ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ត្រិះរិះ​​គំនិត​ថ្មីៗ​។ គាត់​បាន​បង្កើត​គំនិត​ជាច្រើន​តាមរយៈ​ទង្វើ​បែបនេះ​ហើយ​វា​ក៏​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ផងដែរ។

សហគ្រិនទី២ គាត់​ផ្តោត​ទៅលើ​ការស្លៀកពាក់​ព្រោះ​វា​អាច​នាំយើង​ទៅរក​ភាពជោគជ័យ។ គាត់​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​យើង​មិនអាច​ដឹងមុន​បានទេ​ថា​យើង​នឹង​ត្រូវ​ជួប​មនុស្ស​បែបណាឬ​ជា​​អ្នកណា។ ដូចនេះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច​ដោយ​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា​ស្បែកជើង​មាន​រលោង​ស្អាត​និង​សម្លៀក​បំពាក់​មាន​ភ្លី​ត្រឹមត្រូវ​​ព្រោះ​វា​អាច​ជួយ​បង្កើន​អារម្មណ៍​ល្អៗ​ដល់​អ្នក​នៅជុំវិញ​ខ្លួន​។

សហគ្រិន​ទី​៣ គាត់​បាន​លើកឡើង​ថា​ពីមុន​គាត់​​គិតថា​ក្នុងនាម​ជា​សហគ្រិន​​ម្នាក់​ យើង​ត្រូវ​ផ្តោត​ទៅ​លើ​អនាគត​និង​គម្រោង​សម្រាប់​ថ្ងៃ​ស្អែក។ ​ផ្ទុយមកវិញ​គាត់​បានរកឃើញ​ថា​ការមើល​ថយក្រោយ​ទៅកាន់​អតីតកាល​​ពិតជា​​មាន​​សារៈ​សំខាន់​​ណាស់​​ចំពោះ​អ្វី​ដែល​​អ្នក​សម្រេចបាន​​និង​អ្វី​ដែល​អ្នក​ទទួល​បរាជ័យ​ព្រោះ​​វា​អាច​ធ្វើឲ្យ​យើង​កំណត់​គោលដៅ​ច្បាស់លាស់​និង​ព្យាករណ៍​អនាគត​ក៏ដូចជា​រៀន​ក្នុង​ការសម្រេច​កិច្ចការ​បានរហ័ស​និង​មាន​ផ្លែផ្កា​។

សហគ្រិនទី៤ គាត់​លើកឡើង​ថា​ការងារ​ទាំងអស់​សុទ្ធតែ​សំខាន់​ហើយ​គាត់​ស្រលាញ់​ការ​លាងចាន​ជាមួយ​នឹង​សមាជិក​ក្រុម ​និង​ស្រលាញ់​ការបង្កើត​យុទ្ធសាស្រ្ត​​សម្រេចចិត្ត​ថ្មីៗ ការបង្កើត​គំនិត​ថ្មីៗ​សម្រាប់​ផលិតផល​។ កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ​គឺ​សុទ្ធតែ​មាន​តម្លៃ​។

សហគ្រិន​ទី​៥ គាត់​បាន​និយាយ​ថា​ការងារ​ដែល​គាត់​ធ្វើ​រៀងរាល់​ថ្ងៃ​គឺ​តាមដាន​ព័ត៌មាន​នៅក្នុង​​​ការិយាល័យ​ថាតើ​មាន​អ្វី​កើតឡើង​​និង​សរសេរ​ជា​សារ​លើកទឹកចិត្ត​ខ្លះៗ​ទៅ​បុគ្គលិក​។

សហគ្រិន​ទី​៦ គាត់​បាន​លើកឡើង​ថា​គាត់​មិន​ដែល​គិតពី​ការងារ​ប្រចាំថ្ងៃ​នោះ​ទេ​ព្រោះ​គាត់​គិតតែ​​ពីកិច្ចការ​​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​។ ប៉ុន្តែ​ថ្មីៗ​នេះ​គាត់​ចាប់ផ្តើម​ធ្វើការ​មួយ​ចំនួន​ដូចជាឆុងកាហ្វេ សម្អាត​បន្ទប់ទឹក និង​យក​សម្រាម​ទៅចោល​ជាដើម​។

សហគ្រិន​ទី​៧ គាត់​មិន​​តាមដាន​គម្រោង​ថវិកា​ទីផ្សារ​រាល់ថ្ងៃ​នោះទេ​ឬ​​​ប៉ាន់ស្មាន​​ដំណើរការ​អ្វី​មួយ​ទេ។

សហគ្រិន​ទី​៨​ ​​គាត់​នឹង​ចំណាយ​ពេល​ចូលរួម​ប្រជុំ​និង​ដោះស្រាយ​បញ្ហា​ជាមួយ​​បុគ្គលិក​ឡើយ​ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​គាត់​រីករាយ​ និង​ធ្វើបាន​គ្រប់ពេល​។

 

ពាណិជ្ជកម្ម

៥​​ជំហាន​អ្នក​អាច​អនុវត្ត​ក្នុង​​ការ​រិះគន់​ដើម្បី​ស្ថាបនា

ការរិះគន់​ដើម្បី​ស្ថាបនា​គឺ​ជំនាញ​មួយ​យ៉ាងសំខាន់​ដើម្បី​ឲ្យ​អាជីវកម្ម​​ហើយ​ក៏​សំខាន់​ក្នុង​ជីវិត​ផងដែរ។ មនុស្ស​ភាគច្រើន​ត្រូវការ​មតិ​កែតម្រូវ​ដើម្បី​ធ្វើឲ្យ​ខ្លួនឯង​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាងមុន​។ ប៉ុន្តែ​ប្រសិន​បើ​​ការរិះគន់​នោះ​មិនបាន​ប្រាប់​ឬ​បង្ហាញ​អាកប្បកិរិយា​​​ត្រឹមត្រូវ​នោះទេ ការរិះគន់​របស់អ្នក​នឹង​ក្លាយជា​ការរិះគន់​ក្នុង​ន័យ​ជាន់ពន្លិច​ទៅវិញ​​ដែលវា​មិន​ត្រឹមតែ​​គ្មានន័យ​អ្វី​នោះទេ​ វានាំឲ្យ​អ្នក​ដទៃ​ស្អប់​អ្នក​បាន​ទៀតផង​។ ដូចនេះ អ្នក​គួរ​ធ្វើយ៉ាងណា​សម្រាប់​ការរិះគន់​ដើម្បី​​ស្ថាបនា​របស់អ្នក​ឲ្យ​មានន័យ​? ជំហាន​ខាងក្រោម​នេះ​គឺ​បទពិសោធន៍​ដែល​ខ្ញុំ​តែងតែ​អនុវត្ត​៖

ជំហាន​ទី១ ជ្រើស​រើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ

អ្នក​​មិន​គួរ​​រិះគន់​ភ្លាមៗ​នោះទេនៅពេល​ដែល​បុគ្គលិក​របស់អ្នក​កំពុងតែ​មាន​អារម្មណ៍​មិនល្អ​។ អ្នក​មិនគួរ​និយាយ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​អ្នកដទៃ​ឡើយ។ ​ទង្វើ​​នេះ​អាចធ្វើឲ្យ​គាត់​បាក់ទឹកចិត្ត​និង​ខ្មាស​មិត្ត​រួមការងារ។ ​អ្នក​គួរតែ​រក​ពេលវេលា​ណា​ល្អ​និយាយ​ជាមួយ​គាត់តែ​ពីរអ្នក។ ​​មុនដំបូង​អ្នក​គួរ​ចេះលើក​ឡើង​ពី​ចំណុច​ល្អៗ​របស់គាត់​​សិន​ ​បន្ទាប់​មក​ប្រាប់​គាត់​អំពី​​អ្វី​ដែល​គាត់​គួរកែ​តម្រូវ​។

ជំហាន​ទី​២ ពិនិត្យ​ពាក្យ​សម្ដី​របស់អ្នក​ជាមុន​សិន​

មុន​នឹង​អ្នក​រិះគន់​អ្នក​ដទៃ អ្នក​​ត្រូវ​សួរ​ខ្លួនឯង​សិន​ថា​តើ​សម្ដី​របស់អ្នក​ថា​រិះគន់​​ក្នុងន័យ​ស្ថាបនា​ឬ​រិះគន់​អ្នក​ដទៃ​ដោយសារ​តែ​អ្នក​ធ្លាប់​មាន​​បញ្ហា​ជាមួយ​គាត់​ពី​មុនមក? ​ក្នុង​កន្លែង​ការងារ​អ្នក​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​រឿង​ការងារ​និង​រឿង​បុគ្គល។​ ការធ្វើ​ដូចនេះ​បុគ្គលិក​របស់អ្នក​នឹង​គោរព​អ្នក។

ជំហាន​ទី​៣ ប្រើប្រាស់​វិធី​អប់រំ

នៅពេល​ដែល​បុគ្គលិក​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​អ្នកនិយាយនាំឲ្យ​សម្ដី​របស់អ្នក​មិន​អាច​ជ្រៀប​ចូល​ទៅក្នុង​ចិត្ត​គាត់​ឡើយ។ អ្នក​អាច​ព្យាយាម​សាកល្បង​ដោយ​ប្រាប់​គាត់​ពី​រឿង​អប់រំ​ខ្លី​ដែល​​ដូចឬស្រដៀង​​ទៅនឹង​កំហុស​គាត់​។​ ម្យ៉ាងទៀត​​ អ្នក​អាច​ប្រាប់​គាត់​ពី​ជីវិត​របស់​បុគ្គល​ដែល​ល្បីៗ​ដែលបាន​ឆ្លងកាត់​​កំហុស​ដូចគាត់​ដែរ​។ ជួនកាល​អ្នក​មិន​ចាំបាច់​និយាយ​ឲ្យ​ចំ​​កំហុស​របស់​គាត់​ទេ។

ជំហាន​ទី​៤​ ផ្តោត​ទៅលើ​សកម្មភាព មិនមែន​មនុស្ស

អ្នក​គួរតែ​ផ្តោត​សំខាន់​ទៅលើ​សកម្មភាព​គាត់ មិនមែនជា​បុគ្គល​ខ្លួន​គាត់​ឡើយ។ ឧទាហរណ៍​ ជួនកាល​ការងារ​ដែល​យើង​ដាក់ឲ្យ​គាត់​ធ្វើ​មិនមែន​មកពី​គាត់​ជា​មនុស្សខ្ជិល​ដែល​នាំឲ្យ​គាត់​ធ្វើ​មិនបាន​នោះទេ ពេលខ្លះ​អាច​បណ្តាល​មកពី​បញ្ហា​មួយ​ចំនួន​ដែល​កើតមាន​ឡើង​ជុំវិញ​គាត់។ ដូចនេះ អ្នក​គួរតែ​ស្វែងរក​មូលហេតុ​ឲ្យ​បានច្បាស់លាស់​ថាតើ​កត្តា​អ្វី​ដែ​ល​គាត់​បញ្ចេញ​សកម្មភាព​បែបនេះ។

ជំហាន​ទី​៥ កុំ​ទាន់​ផ្តល់​មតិ​កែតម្រូវ

បើសិន​ជា​បុគ្គលិក​របស់អ្នក​ទើប​តែបញ្ចប់​​​គម្រោង​ឬ​ការថ្លែង​សុន្ទរកថា​របស់គាត់ វា​មិនមែន​ជា​ពេលវេលា​ដ៏ល្អ​ក្នុង​ការ​ប្រាប់​គាត់​ពី​ចំណុច​ខ្វះខាត​របស់គាត់​​ឡើយ​។ អ្នក​គួរតែ​ចាំ​​នៅពេល​ដែល​ពួកគាត់​ធ្វើ​ម្តងទៀតដែល​នេះ​ទើប​ជា​ឱកាស​ល្អ​ក្នុងការ​ពន្យល់​ណែនាំ​គាត់។

ពាណិជ្ជកម្ម

កំហុស​ទាំង​​៦​យ៉ាង​ដែល​សហគ្រិន​គួរតែ​ចៀសវាង​នៅពេល​ចាប់ផ្តើម​អាជីវកម្ម​លើកដំបូង

អាជីវកម្ម​ថ្មី​ពិតជា​ត្រូវការ​ជំនាញ​ច្បាស់លាស់​និង​​​​​ចំណេះ​ដឹង​មួយ​ចំនួន​ដែល​អ្នក​គួរ​សិក្សា​ស្វែងយល់ដូចជាយុទ្ធសាស្រ្ត​ទីផ្សារ ច្បាប់​អាជីវកម្ម ភាព​ច្នៃ​ប្រតិដ្ឋ​នៃ​ផលិតផល​ឬ​សេវាកម្ម គណនេយ្យ​ជាដើម។ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ទាំងអស់​​នេះ​ក្នុង​នាមជា​សហគ្រិន អ្នក​គួរតែ​ចូលរួម​គ្រប់​ផ្នែក​ទាំងអស់​នៃ​អាជីវកម្ម​​។ ជាការពិត​សហគ្រិន​ថ្មី​គឺងាយ​នឹង​​​បង្កើត​កំហុស​​ណាស់​ក្នុង​ពេល​ទើប​តែ​បើក​អាជីវកម្ម ប៉ុន្តែ​គាត់​អាច​ជម្នះ​​ឧបសគ្គ​ទាំងនោះ​ដោយ​សិក្សា​ស្វែងយល់​និង​​សិក្សា​ស្រាវជ្រាវ​ឲ្យ​ច្បាស់​មុន​នឹង​សម្រេច​បើ់កអា​ជីវកម្ម​​។ ខាងក្រោមនេះ​​គឺជា​​ចំណុច​​ដែល​​សហគ្រិន​​គួរ​ចៀសវាង​​​ដើម្បី​​​បន្ត​ឱកាស​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​៖​

ទី១ បោះបង់​​ភាព​អាត្មា​និយម

ភាព​ជោគជ័យ​នៃ​អាជីវកម្ម​មួយ​គឺ​​មកពី​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​គ្រប់​ដំណាក់កាល។ ប៉ុន្តែ​ការ​ជ្រើសរើស​ជម្រើស​ដ៏ល្អ​​​និង​ត្រឹមត្រូវ​គឺ​​មាន​​ការលំបាក​​​។ កត្តា​ចម្បង​ដែល​រាំងស្ទះ​សហគ្រិន​ក្នុង​ការ​ទទួលបាន​ជោគជ័យ​គឺ​មិនមែន​មក​ពី​កង្វះ​​មតិ ​ព័ត៌មាន​ឬ​​គាត់​ខ្វះ​​សមត្ថភាព ​ប៉ុន្តែ​ដោយសារ​តែ​ភាពអាត្មា​និយម​របស់គាត់​ដោយ​មិនព្រម​ទទួល​យក​គំនិត​ពី​​អ្នក​​ដទៃ​។

ទី២ យកចិត្ត​ទុកដាក់​ជាមួយ​បុគ្គលិក​ឲ្យ​ស្មើគ្នា

​          គ្រប់គ្នា​កើត​មក​មិន​មានសុទ្ធតែ​មាន​​​ចំណេះដឹង​ក្នុង​ការគ្រប់គ្រង​មនុស្សទាំង​អស់​ឡើយ។ ការរៀន​គ្រប់គ្រង​បុគ្គលិក​គឺ​ត្រូវ​ចំណាយពេល​មួយចំនួន​ក្នុងការ​សិក្សា​ជំនាញ​នេះ។ ទោះបីជា​យ៉ាងណា​ក៏ដោយ​អ្នក​ត្រូវ​ចាំ​ថា​បុគ្គលិក​គឺជា​ទ្រព្យ​សកម្ម​​ដ៏​មាន​តម្លៃ​របស់អ្នក​។ ដូចនេះ ក្នុងនាម​ជា​អ្នក​ដឹកនាំ អ្នកត្រូវ​ចេះ​ស្វែងយល់​ពី​ទេពកោសល្យ​រាល់​បុគ្គលិក​របស់អ្នក​ឲ្យ​បាន​ច្បាស់​។ ​អ្នក​ត្រូវ​ចំណាយ​ពេល​កត់​សម្គាល់​ថា​ពេល​ដែល​អ្នក​ជម្រុញ​ទឹកចិត្ត​បុគ្គលិក​ថា​តើ​គាត់​​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់គាត់​បាន​ដ៏​កម្រិត​ណា​។ ម្យ៉ាងវិញ​ទៀត បើសិនជា​អ្នក​អាច​សម្រប​ខ្លួន​របស់អ្នក​ក្នុងការ​ដឹកនាំ អ្នក​នឹង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ឥរិយាបថ​របស់​បុគ្គលិក​។

ទី៣ កុំ​ប្រញាប់​ក្នុង​ការជ្រើសរើស​បុគ្គលិក

​ចំពោះ​ការជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន​មួយ​ចំនួន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ព្រោះ​ពួកគាត់​ដឹងថានៅពេល​ដែល​គាត់​ជ្រើសរើស​បុគ្គលិគ​ខុស​ប្រៀបបី​ដូចជា​ចំណាយ​លុយ​និង​ចំណាយ​ពេលវេលា​ចោល​ឥត​ប្រយោជន៍​ក្នុង​អាជីវកម្ម​។ ដូចនេះ មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​បុគ្គលិក​ណាម្នាក់ គេ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ថា​បុគ្គល​នោះ​សក្តិសម​នឹង​ដំណែង​នោះ​ដែរឬទេ​​។ នៅពេល​ដែល​គាត់ជ្រើសរើស​បុគ្គលិក​បានត្រឹមត្រូវ​គឺ​បុគ្គលិក​នោះ​នឹង​ជួយ​ឲ្យ​អាជីវកម្ម​កាន់តែ​ប្រសើរ​ដោយ​ប្រើប្រាស់​ជំនាញ​ដែល​គាត់​មាន​ច្បាស់លាស់។

ទី៤ រៀន​ទទួល​យក​ចំណុច​​ខ្សោយ​របស់អ្នក

ទោះបីជា​មនុស្ស​នោះ​មាន​ទេពកោសល្យ​យ៉ាងណា​ក៏ដោយ​​ក៏​គាត់​​គង់តែ​មាន​ចំណុច​ខ្សោយ​ខ្លះ​ដែរ​។ កំហុស​ដែល​សហគ្រិន​មាន​នោះ​គឺ​គាត់​គិតថា​គាត់​អាច​ធ្វើអ្វីៗ​បាន​គ្រប់យ៉ាង។ ឧទាហរណ៍ គាត់​ពូកែ​គណិតវិទ្យា គាត់​គិត​ថាគាត់​អាច​ទទួល​ខុសត្រូវ​ផ្នែក​ហរិញ្ញវត្ថុ​បាន​ហើយ​ប៉ុន្តែ​វា​មិនមែន​សុទ្ធតែ​បែប​ហ្នឹងទេ​។ សហគ្រិន​ដ៏ល្អ​​​ស្គាល់​​​ពី​​ចំណុច​​ខ្សោយ​​របស់​គាត់​​ក្នុង​​ផ្នែក​​ណាមួយ។ ដូចនេះ​​គាត់​នឹង​អាច​ជ្រើសរើសបាន​អ្នក​មកជំនួស​ដើម្បី​ជួយ​​បំពេញ​ចន្លោះ​ខ្វះខាត​នោះបាន​។

ទី៥ ចំណាយ​ពេល​រៀបចំ​គម្រោង

អាជីវកម្ម​ថ្មី​ជាច្រើន​ចាប់ផ្តើម​ដោយសារ​តែ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ជំនាញ​ណាមួយ​​។ នេះ​គឺជា​អត្ថ​ប្រយោជន៍​មួយ​ដែល​គាត់មាន​។ ​ទោះជា​យ៉ាងណា​គាត់​​ត្រូវតែ​​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​អាជីវកម្ម​របស់គាត់​​ក៏ដូចជា​រៀបចំ​អាជីវកម្ម​របស់គាត់​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​។

ទី៦ ពិចារណា​ទៅលើ​គោលដៅ​

ក្រុម​ដែល​ជោគជ័យ​គឺ​​​បង្ហាញ​​អាកប្បកិរិយា​​ដូចគ្នា​ដោយសារតែ​ពួកគាត់​មាន​ចក្ខុវិស័យ ចំណង់​ចំណូល​ចិត្ត​ក្នុង​ការងារ ទំនាក់​ទំនង​យ៉ាង​ស្មោះត្រង់​ជាដើម។ ​ពួកគាត់​សន្មត​ថា​ការយល់ស្រប​ទាំងអស់​គ្នា​ជា​ធ្លុង​មួយ​គឺជា​ការប្រសើរ​មួយ ​ ព្រោះ​ពួកគាត់​សម្រប​សម្រួល​គ្នា​ក្នុង​ការរិះរក​ដំណោះ​ស្រាយ​ជា​មតិ​រួម​។

ពាណិជ្ជកម្ម

អាថ៌កំបាំងដែលជួយឲ្យ​ការធ្វើពាណិជ្ជកម្ម​ឆ្លងប្រទេស​ទទួលបាន​ជោគជ័យ

0

មាន​កត្តា​ជាច្រើន​ដែលធ្វើឲ្យ​អ្នកជំនួញ​ជោគជ័យ​ក្នុង​ស្រុក​ចង់​ពង្រីក​ខ្លួន​ទៅក្រៅ​ប្រទេស។ ការធ្វើ​អាជីវកម្ម​ឆ្លង​ប្រទេស​ជួយឲ្យ​ទីផ្សារ​របស់អ្នក​កាន់តែ​ទូលំទូលាយ​ប៉ុន្តែ​នៅពេល​ដែល​ចង់​វាយលុក​ចូល​ទីផ្សារ​នៅ​ប្រទេស​ដទៃ​​​នោះ​គឺ​ពុំមាន​ភាពងាយស្រួល​ទេ បើទោះបី​ជា​អ្នក​មាន​ធនធាន​គ្រប់គ្រាន់​ក៏ដោយ។ លុះត្រាតែ​អ្នក​ស្គាល់​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់​ជ្រៀត​ខ្លួន​ចូល​ជាមុនសិន​ជាពិសេស​គិត​ឲ្យ​បាន​ជាក់លាក់។ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្រ្ត​ដែល​អាច​ជួយ​អ្នក​ស្គាល់​ពី​របៀប​ពង្រីក​ជំនួញ​ទៅក្រៅ​ប្រទេស៖

  • មាន​ទំនាក់ទំនង​​ជាមួយ​អ្នក​ក្រៅប្រទេស

​នៅពេល​ចង់​បង្កើត​អាជីវកម្ម​នៅប្រទេស​ណាមួយ អ្នក​គួរតែ​ស្គាល់​មនុស្ស​នៅទីនោះ​ទើបជា​ការប្រសើរ​។ ជាពិសេស​មេធាវី​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ គណនេយ្យករ​​ អ្នក​ផ្តល់​ប្រឹក្សា​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចូល​ផលិលផល​របស់អ្នក​ចូលមក​ប្រទេស​ពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រៅពីនេះ​ទៅទៀត​ការស្គាល់​ពួកគេ​អាច​ឲ្យ​អ្នក​​ដឹង​កាន់តែ​ច្បាស់​ពី​វប្បធម៌​ ការរស់នៅ ទំនោរ​អតិថិជនគោលដៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ពួកគេ​។ ដូច្នេះ​អ្នក​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅទីនោះ​។

  • ធ្វើការ​​ស្រាវជ្រាវ

នៅពេល​ដែល​ប្រទេស​មួយ​រីកចម្រើន ទីផ្សារ​ពាណិជ្ជកម្ម​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ។ ​នៅពេល​ដែល​មាន​​កំណើន​ខ្លាំង វា​ជា​ផល​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ពង្រីក​ជំនួញ។ ចំណែក​ឯ​ប្រទេស​​ដែល​មិនមាន​ភាពនឹងនរ​វិញ​​គឺ​តែង​មាន​បញ្ហាស​ង្គម​និង​នយោបាយនាំឲ្យ​រាល់​ពាណិជ្ជកម្ម​នានា​​ងាយ​នឹង​ជួប​ហានិភ័យ​។ ដូច្នេះ​អ្នក​ត្រូវ​សិ​ក្សាឲ្យ​ច្បាស់​ពី​ប្រទេស​ដែល​អ្នក​ចង់ទៅ​​ធ្វើ​ជំនួញ​នៅទីនោះ​ថាតើ​សេដ្ឋកិច្ចរបស់គេ​មាន​លក្ខណៈយ៉ាងណា​​ជាពិសេស​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ជាក់លាក់​ពី​វិបត្តិដែល​តែងតែ​កើតមាន​​​នៃ​​ប្រទេស​នោះ។​

  • កុំខ្លាច​ក្នុង​ការតាំង​នៅ​កន្លែង​ផ្សេង​តែ​ម្នាក់ឯង

ម្ចាស់អាជីវកម្ម​​ភាគច្រើន​តែងតែ​ពង្រីក​សាខា​ពាណិជ្ជកម្ម​ពួកគេ​ទៅកាន់​ទីកន្លែង​ដែល​មាន​មនុស្ស​ចូលចិត្ត​ទៅច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅទីតាំង​ដែល​មាន​ដៃគូ​ប្រកួត​ប្រជែង​​តិច​ក៏ជា​ជម្រើស​ល្អ​ម្យ៉ាងដែរ​ពីព្រោះ​ថា​នៅពេល​ដែល​យើង​មិនសូវ​មាន​អ្នក​ប្រជែង​នោះ​​អ្នក​អាច​ទាញ​យក​អតិថិជន​បានច្រើនជាពិសេស​ប្រសិន​បើ​​ហាង​របស់​អ្នក​ផ្តល់​​សេវាកម្ម​​​​​ឬ​ក៏​ផលិតផល​​ដែល​អាច​ធ្វើឲ្យ​ពួកគេ​ចាប់អារម្មណ៍​បាន។

  • ប្រកាន់​ខ្ជាប់​ភាព​អត់ធ្មត់

ប្រទេស​នីមួយៗ​គឺមាន​ការ​វិវត្ត​ខុសៗគ្នា​​ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ខុសគ្នា​ដែរ។ ​​អ្នក​ត្រូវ​​ដឹង​ពី​សាសនា ​ទំនៀម​ទម្លាប់​ និង​ការរស់​របស់​អ្នក​នៅទីនោះ​។ ​នៅពេល​ដែល​អ្នក​ចូល​ទៅ​ធ្វើ​ជំនួញ​នៅ​ប្រទេសនោះ​ ​អ្នក​ក៏​ត្រូវ​សម្រប​ខ្លួន​ទៅតាម​វប្បធម៌​របស់​ពួកគេ​។ ការប្រកាន់​ខ្ជាប់​ភាពអត់ធ្មត់​​និង​ព្យាយាម​បង្កើត​មិត្តភាព​ជាមួយ​ពួកគេ​ឲ្យ​បានច្រើន​​​បើទោះបី​ជា​ពេលខ្លះ​វា​មាន​ផលលំបាក​ពិតមែន​តែ​វាអាចជួយអ្នកឲ្យជោគជ័យ​ក្នុង​អាជីវកម្ម​របស់អ្នក​។

  • ការរៀបចំ​ខ្លួន

ការតុបតែង​ខ្លួន​​ក៏​ជា​ផ្នែក​មួយ​ដែល​សំខាន់​សម្រាប់​ពាណិជ្ជករ​​ផងដែរ​។ សំខាន់បំផុត​អ្នក​គួរ​រៀបចំខ្លួន​ឲ្យ​ស្រប​តាម​កាលៈទេសៈនិង​តួនាទី​របស់អ្នក​ដោយអ្នក​មិន​ចាំបាច់​ត្រូវ​តែ​ឆើតឆាយពេកហើយ​ក៏​​មិនគួរ​​ហួស​សម័យពេក​ដែរ​។ នៅក្នុង​ចំណោម​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​គឺ​ពួកគេ​ប្រកាន់​ណាស់​ទៅលើ​ការតុបតែង​ខ្លួន​​​ជាពិសេស​ការ​ស្លៀកពាក់​។ នៅពេល​ដែល​​អ្នក​ចង់ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់​ អ្ន​ក​ត្រូវ​មាន​ការស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ​​​​។ ការស្លៀកពាក់​សមរម្យ​គឺ​ធ្វើឲ្យ​មនុស្ស​ជុំវិញ​មើល​មក​អ្នក​ថា​ជា​មនុស្ស​មាន​របៀប​រៀបរយ​និង​​គួរឲ្យ​ទុកចិត្ត​ បូករួម​បើ​អ្នក​ជា​មនុស្ស​មាន​ចំណេះដឹង​និង​ជោគជ័យ​ក្នុង​ជំនួញ​ទៀត​​គឺ​កាន់តែ​ធ្វើឲ្យ​ពួកគេ​ចង់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ក្នុង​វិស័យ​ធុរកិច្ច​។

  • ត្រូវ​មាន​យុទ្ធសាស្ត្រ​លើស​ពី​មួយ

ពាណិជ្ជករ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ធុរកិច្ច​គឺ​ពុំ​ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​តែមួយ​នោះទេ។​ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ក៏​ដូចគ្នា អ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ដែល​មិន​តិចជាងពីរ​ឬ​បីទេ។​ មុន​នឹង​ចាប់ផ្តើម​សម្រេច​ថា​គួរ​ធ្វើ​ទីផ្សារ​ដោយ​របៀប​ណា​នោះ អ្នក​ត្រូវ​គិត​ពី​គម្រោង​ឲ្យ​បានច្រើន​ជាមុនសិន​។ ប្រសិនបើ​អ្នក​ប្រើ​យុទ្ធសាស្ត្រ​ណាមួយ​ហើយ​​មិន​អំណោយ​ផល អ្នក​​គួរ​​បង្វែរ​​ទៅរក​យុទ្ធសាស្ត្រ​ផ្សេង​ហើយ​ត្រូវ​គិត​ឲ្យ​បាន​លិ្អតល្អន់។

  • កុំ​វាយ​តម្លៃ​ឬ​ប្រៀបធៀប

ដូចដែលយើង​បានដឹង​ហើយថា​ប្រទេស​ទាំងអស់​គឺ​មិនដូចគ្នា​នោះទេ។ ជាពិសេស​នៅពេល​ដែលអ្នក​​ត្រូវ​បង្កើត​ផែនការ​ធុរកិច្ច​  វិភាគ​ហានិភ័យ និង​​គម្រោង​នៃ​ការ​ធ្វើទីផ្សារ​​នៅ​ប្រទេស​នោះ។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចាំ​ថានៅពេល​ដែល​អ្នក​ធ្វើ​អាជីវកម្ម​​នៅ​ប្រទេស​ណាមួយ​ អ្នក​ពុំ​គួរ​លើក​យក​ការប្រៀបធៀប​រវាង​ប្រទេស​នោះ​និង​ប្រទេស​របស់អ្នក​​នោះទេ​​។​ វា​​អាច​ធ្វើឲ្យ​​មនុស្ស​​មួយ​ចំនួន​មិន​ចូលចិត្ត​អ្នក​ដោយសារ​តែ​ជួនកាល​អ្នក​អាច​បង្កើត​កំហុស​ដោយមិន​ដឹងខ្លួន​ដូចជា​ការ​និយាយ​ប៉ះពាល់​ចំណុច​មិន​ល្អ​របស់​ប្រទេស​​គេ។ ហេតុនេះ​ហើយ​បើចង់​ឲ្យ​ការ​រកស៊ី​ដើរ​ទៅមុខ អ្នក​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ប្រទេស​ដែល​អ្នក​ទៅធ្វើ​ពាណិជ្ជកម្ម។

 

ពាណិជ្ជកម្ម

របៀបជ្រើសរើសបុគ្គលិកផ្នែកលក់ឆ្នើម

ដើម្បី​ធ្វើឲ្យ​ការជ្រើសរើស​បេក្ខភាព​ដែល​មាន​សមត្ថភាព​ក្នុង​ការលក់ អ្នក​គប្បី​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក បង្កើត​ហ្គេម​ក្នុង​ពេល​សម្ភាសន៍ និង​ពិនិត្យ​ការសម្រេចចិត្ត​ឲ្យ​បាន​ហ្មត់ចត់។ លើសពីនេះ ​ក្នុង​កំឡុង​ពេល​សម្ភាសន៍ អ្នក​អាច​សួរ​សំណួរ​ខ្លះ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​បទពិសោធន៍​និង​ជំនាញ​របស់​អ្នក​មក​ដាក់ពាក្យ​នីមួយៗ​តាមរយៈ៖

  • ​ចោទ​ជា​សំណួរ​ទៅលើ​ការកំណត់​គោលដៅ​នៃ​ការលក់របស់​ពួកគេ៖ ​​បុគ្គលិក​ឆ្នើម​នឹង​មាន​គោលដៅ​យ៉ាង​ច្បាស់​ចំពោះ​ការលក់​ដើម្បី​អាច​វាស់ស្ទង់​ពី​ការធ្វើការ​និង​ភាពជោគជ័យ​ដែល​ជា​លទ្ធផល​បានមកពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​។
  • សាកសួរ​​ពី​​អារម្មណ៍​​របស់ពួកគេ​ក្នុង​ករណី​អ្នក​ទិញ​បដិសេធ​ឬ​រង​ការរិះគន់​ផ្សេងៗ​៖ ដើម្បី​អាច​ដឹង​ថាតើ​ពួកគេ​មាន​អារម្មណ៍​អន់ចិត្ត​​ឬអត់​ ជាពិសេស​កម្រិត​នៃ​ការ​រក​ដោះស្រាយ ភាពអត់ធ្មត់ និង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៅពេល​មាន​រឿង​បែបនោះ​កើតឡើង​។ សំណួរ​ក្រៅពីនេះ​មានដូចជា​តើ​ពួកគេ​ទទួលបាន​មេរៀន​អ្វី​ពី​បទពិសោធន៍​នេះ​​ដើម្បី​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​លើក​ក្រោយ​ទៀត។
  • សួរ​​ពី​វិធីសាស្រ្ត​នៃការរក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ចាស់ៗ​៖ ថាតើ​ពួកគេ​គួរ​ធ្វើ​បែបណា​ដើម្បី​ឲ្យ​គេ​អាច​គ្រប់គ្រង​ទិន្នន័យ​​និង​ព័ត៌មាន​នៃ​អតិថិជន​ចាស់ៗបាន​និង​នៅតែ​អាច​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​ពួកគេ។ ម្យ៉ាង​ទៀត​គឺ​ការ​​មាន​​មធ្យោបាយ​​នៃ​​ការរក្សា​​ចំណូល​របស់​ក្រុមហ៊ុន​ឲ្យ​មាន​​លំនឹង​​ក៏​ជា​​ចំណុ​ច​សំខាន់​​ដែ​រ​​ក្នុងការ​​ជ្រើសរើស​​​បុគ្គលិក​​។
  • សួរ​ពី​គន្លឹះ​៖ ដែល​បេក្ខជន​មាន​ក្នុង​ការបង្កើត​និង​ស្វែងរក​វិធី​ថ្មីៗ​សម្រាប់​ឱកាស​នៃ​ការលក់​។
  • ការស្វែង​យល់ពី​បេក្ខជន​ទៅលើ​ការកសាង​ទំនុកចិត្ត៖ ​សម្រាប់​អតិថិជន​រួម​មាន​ការដឹង​ពី​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ការដឹកជញ្ជូន​ទំនិញ​ទាន់​ពេល​វេលា​ជាដើម​ព្រោះ​ថា​បុ​គ្គលិក​ផ្នែក​លក់​ដែល​មាន​គម្រោង​និង​ការរៀបចំ​ល្អ​មាន​ជំនឿចិត្ត​ខ្ពស់​ក្នុង​ការកសាង​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​។
  • ​​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ជំនឿ​ចិត្ត៖ ​ក្នុង​ការលក់​និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការងារ​ក៏ដូចជា​ទៅលើ​អតិថិជន។​

ទាំងអស់នេះ​ជា​អ្វី​ដែល​អ្នក​សម្ភាសន៍​មិនគួរ​មើលរំលង​នៅពេល​សម្ភាសន៍​ព្រោះ​វា​អាច​ឲ្យ​អ្នក​ដឹង​ពី​សក្តានុពល​របស់​បេក្ខជន​ក្នុង​ការបំពេញ​ការងារ​ឲ្យបានល្អ​ក្នុង​អាជីវកម្ម​អ្នក។

ពាណិជ្ជកម្ម