ដកស្រង់ចេញពី ទស្សនាវដ្ដីសាស្ត្រាចារ្យ, ឆ្នាំទី៥, លេខ១៤ មេសា-ឧសភា-មិថុនា, ឆ្នាំ១៩៦៦
ប្រែសម្រួលអត្ថបទរបស់លោក ប៊្រូណូ ហ្វ្រីដម៉ាន
វិទ្យាសាស្ត្រខាងអវកាសមានដើមកំណើតនៅក្នុងស្នាដៃរបស់លោក ក្ហាលីលេ ដែលបដិសន្ធិឡើងតាំងតែពីបួនសតវត្សកន្លងទៅហើយ។ លោកជាស្ថាបនិកទី១ ក្នុងចំណោមអ្នកផ្ដើមបង្កើតវិទ្យាសាស្ត្រសម័យ។
មនុស្សលោកនៃឆ្នាំ១៩៦៤ បានបង្ហោះផ្កាយរណបទាំងឡាយ ជាអ្នកនាំសាររបស់ខ្លួនទៅកាន់ផ្កាយព្រះគ្រោះ។ ប៉ុន្តែផ្លូវទៅកាន់សេចក្ដីសម្រេចជោគជ័យបែបនេះ គេបានបើករួចមកហើយតាំងពី ៣៥៤ ឆ្នាំមកម៉្លេះ គឺថានៅក្នុងគ.ស.១៦១០។ ក្នុងកាលនោះ នៅចំពោះមុខមហាជនសាកលលោក សាស្ត្រាចារ្យដ៏ម្នោម្នះមួយរូបនៃមហាវិទ្យាល័យប៉ាឌូ (Université de Padoue) បានបញ្ចេញនូវសេចក្ដីអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អ្នកនាំសារទៅកាន់ផ្កាយ» (Le Messager Astral)។ ស្នាដៃនេះបង្ហាញអំពីព្រឹត្តិការណ៍នៃកែវយឹតសម្រាប់មើលផ្កាយនៅក្នុងតារាវិទ្យា ហើយបញ្ជាក់ថាវិទ្យាសាស្ត្រកាលនោះបានរៀបចំហើយនូវជំហានដំបូង ដើម្បីស្ថាបនាផ្លូវទៅកាន់យុគនៃការធ្វើដំណើរក្នុងអន្តរទ្វីប។
ក្នុងបច្ចុប្បន្ននេះ គឺដោយសារតែគេអនុវត្តតាមធម៌ភាពនៃឋាមកម្បនា (Lois de la dynamique) ដែលជាវិទ្យាសាស្ត្រខាងចលនា នៃរូបវត្ថុមានដើមកំណើតមកពីការរកឃើញរបស់លោកសាស្ត្រាចារ្យដដែលនៃមហាវិទ្យាល័យប៉ាឌូនេះហើយ បានជាគេអាចតម្រង់ទិសនៃការហោះហើររបស់ផ្កាយរណបបាន, បានជាគេអាចបញ្ចូលវាទៅក្នុងតារាវិថី (គ្រហបឋ l’orbite) បាន ហើយនិងអាចបាញ់កាំជ្រួចទៅកាន់ផ្កាយព្រះសុក្រនិងព្រះចន្ទបានទៀត។
គឺដោយសារកិច្ចការរបស់លោកហើយ បានជាលោក ក្ហាលីលេអូ-ក្ហាលីលេអ៊ី ត្រូវបានគេទទួលរាប់ឈ្មោះបញ្ចូលទៅក្នុងវិទ្យាសាស្ត្រអវកាស ស្មើឋានៈនឹងអ្នកប្រាជ្ញទាំងឡាយ ដែលទទួលភារៈបង្ហោះកាំជ្រួចនៅពេលបច្ចុប្បន្ននេះដែរ។ ប៉ុន្តែវិទ្យាសាស្ត្រសម័យត្រូវការអំពីលោកនូវវិភាគទានជាខ្លឹមសារមួយទៀត ព្រោះថាលោក ក្ហាលីលេ ជានវានុវត្តម្នាក់ក្នុងចំណោមអ្នកនវានុវត្តទាំងឡាយ ដែលបានប្រើវិធីពិសោធន៍។ លោកបានធ្វើឲ្យការស្រាវជ្រាវរកចំណេះកាន់តែមានគោលការណ៍ច្បាស់លាស់ថែមទៀត។ តាមពិតលោក ក្ហាលីលេ នេះ គឺជាអ្នកប្រាជ្ញមួយរូបក្នុងចំណោមអ្នកប្រាជ្ញសម័យថ្មី, លោកជាបិតាមួយរូបនៃវិទ្យាសាស្ត្រ ដោយរាប់បញ្ចូលជាមួយលោក កូពែរ៍និច, លោក គេព្លែរ៍, និងលោក ញូវតុន (Copernic, Kepler, Newton)។
គេព្លែរ៍
កូពែរ៍និច
ញូវតុន
ជាមនុស្សម្នាក់ដូចអ្នកឯទៀតដែរ
ប៉ុន្តែលោក ក្ហាលីលេ ក៏ជាមនុស្សមួយរូបដ៏មានភាពទន់ខ្សោយគ្រប់យ៉ាង ដែលជាមត៌ករបស់មនុស្ស។ លោកជាមនុស្សម្នាក់ដែលបានធ្វើកំហុសខ្លះក្នុងវិទ្យាសាស្ត្រ ហើយមានះខំប្រឹងការពារយ៉ាងរម៉ាំងរម៉ោក។ ជាមនុស្សដែលក្រអឺតក្រអាងចំពោះកិច្ចការរកឃើញរបស់ខ្លួន ហើយពុំចេះអត់ឱនដល់មតិយល់ឃើញរបស់អ្នកដទៃឡើយ។ ជាមនុស្សលែបខាយហើយកំណាញ់ផង។ លក្ខណៈទាំងនេះបង្ហាញថា ទេពកោសល្យមិនអាចលុបលាងនូវទិដ្ឋិមានះដែលលជាសម្បត្តិផ្ទាល់ខ្លួនរបស់មនុស្សបានឡើយ។
គឺដោយសារភាពរបឹងរឹងរូសរបស់លោកនេះហើយមើលទៅ បានជាគេត្រូវការម្យ៉ាងនូវផលខ្លះរបស់លោកដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រ។ បានសេចក្ដីថាលោក ក្ហាលីលេ ប្រើវិធីសរសេរដោយងាយស្ដាប់ម៉ឺងម៉ាត់ហើយនិយាយត្រង់ៗ។ របៀបសរសេរបែបនេះ លេចឡើងប្លែកអំពីវិធីតែងរបស់អ្នកផងក្នុងសម័យនោះ ដែលនិយមការតែងយ៉ាងល្អល្អះ ពេញទៅដោយឃ្លាប្រយោគពាក្យសំដីវិសេសៗ ហើយប្រកបទៅដោយសភាពស្រពិចស្រពិលៗ។
មនុស្សដ៏ខ្លាំងក្លាហើយពុះពារនេះកើតនៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ១៥៦៤ នៅទីក្រុង «ពីហ្ស» (Pise នៃប្រទេសអ៊ីតាលី) ក្នុងគ្រួសារអភិជនអត្តខាត់មួយ។ ជន្មាយុបាន១៧ឆ្នាំ គាត់ចូលទៅរៀនវិជ្ជាពេទ្យក្នុងមហាវិទ្យាល័យនៃទីក្រុង «ពីហ្ស»។ ហើយគឺនៅទីក្រុង «ពីហ្ស» នេះហើយដែលលោករកឃើញនូវការថ្មីទីមួយក្នុងវិស័យវិទ្យាសាស្ត្ររបស់លោក។ គឺថាថ្ងៃមួយ នៅក្នុងវិហារសាសនាគ្រិស្ត លោកបានពិនិត្យសង្កេតការយោលយោគនៃចង្កៀងមួយដែលគេព្យួរនៅនឹងខ្លោងទ្វារ។ លោកសន្និដ្ឋានចំពោះចលនានេះថា ទោះបីយោលយ៉ាងណាក៏ដោយ ក៏គង់រយៈពេលយោលរបស់វានៅនឹងមិនប្រែឡើយ។ គឺមូលភាពនៃការយោលនេះហើយ ដែលក្រោយមកគេយកទៅអនុវត្តចំពោះនាឡិកាប៉ោល។ លោក ក្ហាលីលេ យកមូលភាពនេះទៅអនុវត្តធ្វើនាឡិកាដក់យ៉ាងទៀងទាត់មួយសម្រាប់ពិនិត្យដំណើរជីពចរ ដែលគាត់ឲ្យឈ្មោះថាប្រដាប់ពិនិត្យជីពចរ (pulsilogium)។
ការពិសោធន៍នៃប៉មទ្រេត (la Tour Penchée)
ប៉មទ្រេតនៃទីក្រុងពីហ្ស – WIKIMEDIA
លោក ក្ហាលីលេ បានទុកវិជ្ជាពេទ្យមួយអន្លើ ហើយបែរទៅគិតអំពីគណិតសាស្ត្រនិងវិទ្យាសាស្ត្រវិញ។ ប៉ុន្តែការពិបាកខាងសម្ភារៈបានបង្ខំលោកឲ្យចាកចេញអំពីមហាវិទ្យាល័យនៅឆ្នាំ ១៥៨៥ មុននឹងប្រឡងយកសញ្ញាប័ត្រ។ ទោះជាយ៉ាងដូចនេះក៏ដោយ ក៏លោកនៅតែបន្តការងារស្រាវជ្រាវតមកទៀត ហើយបានទទួលកេរ្តិ៍ឈ្មោះបន្តិចម្ដងៗ។ នៅឆ្នាំ ១៥៨៩ លោកត្រូវបានគេតាំងជាសាស្ត្រាចារ្យខាងសន្និសីទ «នៃមហាវិទ្យាល័យពីហ្ស»។ នៅទីនេះ លោកបង្រៀនវិជ្ជាគណិតសាស្ត្រ។ គឺនៅមហាវិទ្យាល័យពីហ្សនេះហើយដែលលោក ក្ហាលីលេ សម្រេចជោគជ័យខាងការពិសោធន៍សំខាន់ៗដូចជាខាងឋាមកម្បនាមួយ (dynamique) ជាដើម។
តាមពិត តើលោក ក្ហាលីលេ បានទម្លាក់កូនទម្ងន់ពីរដុំផ្សេងគ្នាពីលើប៉មទ្រេតមកដើម្បីបញ្ជាក់ឲ្យឃើញថាវត្ថុនេះធ្លាក់មកដល់ដីក្នុងពេលដំណាលគ្នាមែនឬទេ? ឬមួយក៏គ្រាន់តែអ្នកមានយោបល់ផ្ទុយនឹងលោក បាននិយាយថាដើម្បីនឹងបដិសេធទ្រឹស្ដីរបស់លោកទេ? ទោះជាយ៉ាងណាក៏ដោយ កោល ក្ហាលីលេ បានរៀបចំគោលការណ៍មួយដ៏សំខាន់ថា៖ ក្នុងការធ្លាក់ចុះដោយសេរី វត្ថុគ្រប់បែបទោះទម្ងន់ប៉ុណ្ណាក៏ដោយ ក៏ធ្លាក់ចុះក្នុងល្បឿនស្មើគ្នាដែរ (នេះបើគេមិនគិតអំពីការទប់ទល់របស់អាកាសផងទេ)។
នៅឆ្នាំ ១៥៩២ ក្ហាលីលេ ត្រូវបានតែងតាំងជា «សាស្ត្រាចារ្យខាងគណិតសាស្ត្រនៅមហាវិទ្យាល័យប៉ាឌូដ៏ល្បីល្បាញ។ លោកឋិតនៅក្នុងទីនេះអស់រយៈ ១៨ ឆ្នាំ ហើយបន្តការស្រាវជ្រាវខាងឋាមកម្បនាជានិច្ច។
ធម៌ភាពនៃនិចលភាព (ភាពដែលមិនកម្រើក) (La loi de l’inertie)
សព្វថ្ងៃនេះ សិស្សទាំងអស់សុទ្ធតែទន្ទេញការពិសោធន៍ដ៏ល្បីល្បាញរបស់លោក ក្ហាលីលេ ស្ដីអំពីការរអិលចុះនៃដុំឃ្លីនៅលើផ្ទៃទ្រេត។ គឺការពិសោធន៍បែបនេះហើយដែលដឹកនាំទៅរកការចេះដឹងនូវសមាភាគ (rapport) ដែលមានរវាងកម្លាំងនិងចលនា។
លោក ក្ហាលីលេ សន្និដ្ឋានអំពីការនេះថា កម្លាំងមានប្រយោជន៍ចាំបាច់ក្នុងការធ្វើឲ្យវត្ថុមានចលនា ក្នុងការធ្វើឲ្យវត្ថដែលមានចលនាហើយអន់ល្បឿនវិញ ឬមួយក៏ធ្វើឲ្យវត្ថុនោះផ្លាស់ប្ដូរទិស។ សញ្ញាណបែបនេះ សុទ្ធតែជាសញ្ញាណថ្មីថ្មោងបំផុតនៅសម័យនោះ។ លោកបានរកឃើញនូវធម៌ភាពនៃនិចលភាព ដែលជាធម៌ភាពទី១ ក្នុងធម៌ភាពនៃចលនាដែលលោក អ៊ីហ្សាអាក់ ញូវតុន (Isaac Newton) បានយកមកលាតត្រដាងដល់សាកលលោកប៉ុន្មានឆ្នាំក្រោយមកនេះ។ នេះគឺជាបច្ច័យរវាងកម្លាំងដុំវត្ថុនិងចលនាដែលកំណត់នូវសកម្មភាពទាំងអស់ ទៅលើចលនានៃរូបវត្ថុដោយរាប់ទាំងការបង្ហោះតារារណបផង។
នៅក្នុងវិស័យនៃការស្រាវជ្រាវមួយទៀតរបស់លោក ក្ហាលីលេ សិក្សារាវរកនូវផ្លូវនៃវត្ថុដែលបាញ់ឬគ្រវែងទៅនោះរត់។ លោកបញ្ជាក់ថាដំណើរវិលនៃវត្ថុនោះមានរាងកោង (parabole)។
ធ្វើបែបនេះ គឺលោកបាននាំវិភាគទានមួយថ្មីទៀត មកផ្ដល់ដល់ការលូតលាស់នៃវិទ្យាសាស្ត្រ ពោលគឺបានជួយពន្យល់ថែមទៀតអំពីមូលភាព «ការហូរចេញពីកម្លាំង» (la résultance des forces) ដែលបង្ហាញថា តើត្រូវបូករួមផលនៃកម្លាំងពីរដែលសង្កត់ម្ដងម្នាក់ទៅលើរូបវត្ថុយ៉ាងណា ដើម្បីនឹងកំណត់ផ្លូវដែលលរូបវត្ថុនោះត្រូវរត់តាម។ នៅក្នុងករណីនៃកាំជ្រួច កម្លាំងមួយនោះ គឺកម្លាំងច្រាន ឯកម្លាំងមួយទៀត គឺកម្លាំងស្រូបនៃផែនដី។
លទ្ធផលនៃការពិសោធន៍ ដែលលោក ក្ហាលីលេ បានធ្វើអំពីឋាមកម្បនា ហើយនិងសេចក្ដីសន្និដ្ឋានរបស់លោកមានពន្យល់នៅក្នុងស្នាដៃយ៉ាងសំខាន់ របស់លោកដែលបោះពុម្ពផ្សាយនៅឆ្នាំ ១៦៣៨ ក្រោមចំណងជើងថា «សំវាទនៃវិទ្យាសាស្ត្រទំនើប (Dialogue des sciences nouvelles)»។
វិធីពិសោធន៍
តើវិធីរបស់លោក ក្ហាលីលេ មានរបៀបយ៉ាងដូចម្ដេច? លោក ក្ហាលីលេ ប្រើវិធីពិសោធន៍ ហើយសរុបលទ្ធផលនៃការពិសោធន៍នោះ ដែលនាំទៅដល់សេចក្ដីសន្និដ្ឋានមួយ។ តមកលោកធ្វើការពិសោធន៍ថ្មីៗទៀត សម្រាប់បញ្ជាក់ឡើងវិញនូវសេចក្ដីសន្និដ្ឋាននោះឲ្យកាន់តែច្បាស់ឡើង។ ហើយលោកយកគណិតសាស្ត្រមកអនុវត្តចំពោះកិច្ចការរបស់លោក។ នៅសម័យបច្ចុប្បន្ន វិធីទាំងនេះគេប្រើទូទៅទៅហើយ។ ប៉ុន្តែក្នុងសម័យកាលលោក ក្ហាលីលេ វិធីបែបនេះធ្វើឲ្យគេភ្ញាក់ផ្អើលទុកជាការបដិវត្តន៍មួយហើយ។ ព្រោះថាទម្លាប់ក្នុងសម័យនោះគឺ ដើម្បីនឹងសន្និដ្ឋានអំពីបញ្ហាវិទ្យាសាស្ត្រមួយ គេត្រូវធ្វើតាមលោក អារីស្តូត (Aristote) គឺមិនត្រូវរកវិធីថ្លែថ្លឹង ឬការពិសោធន៍ឡើយ។
តារាសាស្ត្រ
គំរូចម្លងនៃប្រដាប់ឆ្លុះមើលផ្កាយដែល ក្ហាលីលេ បានប្រើ – WIKIMEDIA
«អ្នកនាំសារទៅកាន់ផ្កាយ» (Le Messages Astral) គឺជាសិក្សាកថាទី១ របស់លោក ក្ហាលីលេ ចេញផ្សាយក្នុងឆ្នាំ ១៦១០ បានបង្ហាញអំពីការរកឃើញសំខាន់ល្បីល្បាញដែលសម្រេចឡើងដោយសារប្រដាប់ឆ្លុះមើលផ្កាយ (le téléscope)។ លោក ក្ហាលីលេ មិនមែនជាអ្នកបង្កើតប្រដាប់នេះទេ ប៉ុន្តែលោកបានធ្វើឲ្យប្រដាប់នេះមានវិសិដ្ឋភាពរហូតដល់ទៅអាចពង្រីករូបភាពដើមបានចំនួន៣២ដង។ គឺលោក ក្ហាលីលេ នេះហើយជាអ្នកដើមដំបូងគេ ដែលយកប្រដាប់ឆ្លុះពង្រីកនេះទៅមើលអស់ទាំងអាថ៌កំបាំងនៅលើលំហមេឃ។
ដោយសារប្រដាប់ឆ្លុះពង្រីករបស់លោក លោក ក្ហាលីលេ មើលឃើញផ្ទៃព្រះចន្ទថាពុំមែនរលីងស្អាតដូចជាគេឃើញជាធម្មតាដោយភ្នែកទទេនោះឡើយ។ ប៉ុន្តែផ្ទៃលោកខែមានភ្នំនិងមាត់ភ្នំភ្លើងឋិតនៅដេរដាស់។ លោកឃើញថានៅលើមេឃមានតារាច្រើនរាប់ពុំអស់ទេ លោកបានរកឃើញផ្កាយព្រះគ្រោះថ្មី៤ទៀត ដែលគេពុំទាន់ដែលស្គាល់ គឺព្រះខែនៃផ្កាយព្រហស្បតិ៍ (Jupiter) នេះឯង។
គំនូរព្រៀងនៃភពព្រះសៅរ៍របស់ ក្ហាលីលេ នៅឆ្នាំ១៦១៦ – The Galileo Project
លោកក៏បានឆ្លុះមើលភពព្រះសៅរ៍ដែរ ប៉ុន្តែដោយសារសមត្ថភាពនៃប្រដាប់ឆ្លុះរបស់គាត់អាចពង្រីកបានតែជាង៣០ដងនោះ មិនបានឲ្យគាត់សង្កេតឃើញច្បាស់អំពីភាពពិតនៃភពព្រះសៅរ៍ឡើយ។ លទ្ធផលនៃការឆ្លុះមើលដំបូងរបស់គាត់បានបង្ហាញថាភពព្រះសៅរ៍មានអង្គពីរសង្ខាងបន្ថែមដែលភ្ជាប់ទៅកាន់វា។ រហូតដល់ឆ្នាំ១៦៥៦ ទើបមានអ្នកវិទ្យាសាស្ត្រហុល្លង់, Christiaan Huygens, បានរកឃើញថានោះគឺជាកងដែលស្ថិតនៅជុំវិញភពព្រះសៅរ៍។
មុនដំបូងការបរិហារទាំងអស់នេះហាក់ដូចជាឋិតនៅក្នុងការរវើរវាយ ព្រោះលោក ក្ហាលីលេ បញ្ជាក់ថាផែនដីទាំងមូលធំធេងណាស់ ហើយមនុស្សលោកដែលឋិតនៅលើសាកលលោកនេះមានទំហំតូចក្រៃណា។
ក្រោយមក លោក ក្ហាលីលេ បានរកឃើញនូវវិជ្ជាតារាសាស្ត្រឯទៀតៗ ហើយក្នុងរយៈ១៨ខែ លោកបានសិក្សាអំពីស្នាមរបស់ព្រះអាទិត្យ ព្រមទាំងបានគូរស្នាមនោះយ៉ាងប្រាកដប្រជាផង។
ឧណ្ហមាត្រ
បណ្ដាកិច្ចការជាច្រើនដែលលោក ក្ហាលីលេ បានបង្កើតឡើង យើងសូមរាប់នូវការរកឃើញឧណ្ហមាត្រប្រើដោយខ្យល់។ លោក ក្ហាលីលេ នេះ ក៏បានបង្កើតនូវជញ្ជីងពិនិត្យតុល្យភាព (la balance hydrostatique), បានកែប្រែអតិសុខុមទស្សន៍ (le microscope ) ឲ្យកាន់តែមានវិសិដ្ឋភាពឡើង ហើយជួយការសិក្សាអំពីភ្លេងតាមបែបគណិតសាស្ត្រថែមទៀតផង។
ដោយភាពឆ្មើងឆ្មៃរបស់ខ្លួនដែលនាំឲ្យគេស្អប់ចោទប្រកាន់ទោសឧក្រិដ្ឋស្មើនឹងបក្សពួក អារីស្តូត ក្នុងសម័យបុរាណ ហើយដោយបំណងចង់លើកកម្ពស់ខ្លួនដូចសង្ឃរាជកាតូលិកនាម អ៊ួរបាំងទី៨ (Urbain VIII) ក្ហាលីលេ ត្រូវគេកាត់ទោសក្នុងឆ្នាំ១៦៣៣។ ក្រោយការកាត់ទោសនេះ ក្ហាលីលេ ឋិតនៅក្នុងជីវភាពដ៏ស្ងប់ស្ងៀមជិតក្រុងហ្វ្លូរ៉ង់ (Florence) អស់ចំនួន៨ឆ្នាំ។ ប៉ុន្តែការសម្រាកស្ងៀមនេះពុំបានធ្វើឲ្យលោកបញ្ឈប់នូវសកម្មភាពខាងគំនិតឡើយ។ គឺក្នុងរយៈកាលនោះហើយដែលលោក ក្ហាលីលេ រៀបសរសេរស្នាដៃឈ្មោះ «សំវាទនៃវិទ្យាសាស្ត្រទំនើប»។ នៅឆ្នាំ១៦៣៧ លោកធ្លាក់ទៅជាខ្វាក់ ហើយ៥ឆ្នាំក្រោយមកក៏ទទួលអនិច្ចកម្មទៅ។
គំនិតនៃអ្នកប្រាជ្ញវិទ្យាសាស្ត្រនេះ មានសាបសូន្យឯណា។ នៅក្នុងឆ្នាំ១៦៤២ គំនិតនេះបានចាប់ពូជធារថ្មីទៅលើរូបបុគ្គលម្នាក់ទៀត ដែលជាអ្នកមានកោសល្យសម្បទាយ៉ាងមុះមុតជាងទៀត គឺលោក អ៊ីហ្សាអាក់ ញូវតុន (Isaac Newton)។