បណ្តាញសង្គមគឺជាច្រកពាណិជ្ជកម្មដ៏មមាញឹកក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្ម ហើយក៏ជាច្រកដែលបានជួយឱ្យម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជារីកធំធាត់បានយ៉ាងឆាប់រហ័ស និងអាចប្រកួតប្រជែងជាមួយនឹងម៉ាកសញ្ញាធំៗបាន។
ការវិវឌ្ឍន៍នៃសម័យកាល និងវត្តមានថ្មីរបស់បណ្តាញសង្គមជំនាន់ក្រោយ និងការកែប្រែរបស់បណ្តាញសង្គមចាស់ៗ បានធ្វើឱ្យអ្នកប្រើប្រាស់មានការប្រែប្រួលពី១ឆ្នាំ ទៅ១ឆ្នាំ ដែលទាមទារឱ្យម្ចាស់អាជីវកម្ម អ្នកទីផ្សារសម័យទំនើបត្រូវតាមដាន និងបត់បែនជានិច្ច។
ថ្វីត្បិតតែបច្ចុប្បន្ននេះមានបណ្តាញសង្គមជាច្រើននៅលើពិភពលោក ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំបណ្តាញសង្គម៥ ដែលអាចបន្តជួយពង្រីកវិសាលភាពសេវាកម្ម និងការលក់ផលិតរបស់អ្នកទាំងអស់គ្នាបាននៅឆ្នាំ២០២១នេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។
ថ្វីត្បិតតែបណ្តាញសង្គមនេះមានវត្តមាន និងភាពល្បីល្បាញនៅកម្ពុជា១ទស្សវត្សហើយក៏ដោយ ច្រកមួយនេះនៅតែពេញនិយម និងនៅតែមានការប្រើប្រាស់ច្រើន ហើយក៏ជាបណ្តាញផ្សព្វផ្សាយដែលផ្តល់ផលឈានមុខគេដដែលក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែអ្វីដែលប្រែប្រួល គឺFacebookកាន់តែទាមទារឱ្យអ្នកផ្សព្វផ្សាយកាន់តែមានភាពច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បីរក្សាប្រសិទ្ធភាពផ្សព្វផ្សាយ និងកាន់តែប្រយ័ត្នប្រយ៉ែងលើការបង្ហោះមាតិការណាមិនស្របនឹងគោលការFacebook បើពុំដូច្នោះទេ ផេករបស់អ្នកអាចនឹងត្រូវបិទបណ្តោះអាសន្ន ឬដកចេញពីFacebook តែម្តង។
ជាបណ្តាញសង្គមកូនពៅគេមួយ តែទទួលបានការគាំទ្រយ៉ាងច្រើនពីយុវវ័យហើយមានអ្នកប្រើប្រាស់ជាង ៨០០លាននាក់លើពិភពលោក និងទទួលបានការបញ្ចូលលើទូរស័ព្ទជាង២ពាន់លានដងដោយរួមបញ្ចូលទាំង Google Play និង App Store។ បើតាមទំនោរនៃការប្រើប្រាស់ Tik Tok នឹងកាន់តែផុសផុលនៅក្នុងឆ្នាំ២០២១នេះនៅប្រទេសកម្ពុជា ហើយវានឹងលែងក្លាយជាបណ្តាញសង្គមបែកស្លុយទៀតហើយ ដោយសារតែមួយរយៈពេលចុងក្រោយនេះមានមាតិការជាច្រើនដែលមានប្រយោជន៍ខ្លីៗ និងមានប្រយោជន៍ហើយទទួលបានការគាំទ្រជាច្រើន។ មិនតែប៉ុណ្ណោះ មានក្រុមហ៊ុន និងម្ចាស់អាជីវកម្មមិនតិចទេដែលបានឆក់យកឱកាសនេះដើម្បីបង្កើតមាតិការដើម្បីទាញផលប្រយោជន៍បានយ៉ាងច្រើន។
Tik Tokគឺជាបណ្តាញសង្គមថ្មីមួយដែលមានទំនោរដូច Facebookកាលពីជាង១០ឆ្នាំមុនយ៉ាងដូច្នេះដែរ ដោយច្រកមួយនេះមានភាពងាយស្រួលក្នុងការទទួលបានFan ដោយមិនចាយលុយ តែខ្ញុំជឿជាក់ថា បន្ទាប់ពីមានការគាំទ្រ និងប្រើប្រាស់ច្រើន យើងនឹងចៀសមិនរួចក្នុងការចាយលុយដើម្បីផ្សព្វផ្សាយដូចការវិវឌ្ឍនៃFacebook ហើយនេះគឺជាឱកាសល្អដែលយើងគួរចាប់ផ្តើមដើម្បីកាត់បន្ថយការចំណាយ និងចាប់ឱកាស ខណៈដែលអ្នកផ្សេងជាច្រើនទៀតមិនទាន់ចូលមក។
វាជាទីកន្លែងដែលគ្រប់គ្នាចូលទៅមើលវីដូអូរាប់ពាន់លាន ហើយទទួលបានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជាក៏ដូចជាពិភពលោក។ ពីមុនបណ្តាញសង្គមមួយនេះមិនសូវមានមុខងារច្រើនក្រៅពីជាកន្លែងបង្ហោះវីដេអូនោះទេ តែមួយរយៈចុងក្រោយនេះ YouTubeបានកែប្រែខ្លួនបន្តិចម្តងៗ ដោយមានបញ្ចូលទាំងមុខងារ Story និងការបង្ហោះជាមាតិការរូបភាពផងដែរ។
ប្រសិនបើអ្នកមានលទ្ធភាព និងមានភាពច្នៃប្រឌិតលើការបង្កើតវីដេអូ YouTubeគឺជាកន្លែងមួយដែលអ្នកផលិតមាតិការដើម្បីទាក់ទាញអ្នកប្រើប្រាស់នៅទីនោះរាប់លាននាក់។ តែប្រសិនបើអ្នកមិនសូវមានដុងខាងបង្កើតវីដូអូទេនោះ អ្នកក៏អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មលើនោះផងដែឬដើម្បីបង្កើនការស្គាល់ម៉ាកសញ្ញារបស់អ្នក។
បណ្តាញសង្គមមួយនេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Facebook ហើយក៏ទទួលបានការគាំទ្រមិនតិចទេនៅប្រទេសកម្ពុជា ជាពិសេសអ្នកប្រើប្រាស់វ័យក្មេង។ វាជាបណ្តាញសង្គមបែបចែករំលែករូបភាព ហើយល្អសម្រាប់អ្នកដែលមានអាជីវកម្មបែបយុវវ័យសម័យថ្មី។ មិនតែប៉ុណ្ណោះ មួយរយៈក្រោយនេះ Instagram កាន់តែបង្កភាពងាយស្រួលដោយសារតែអាចបង្កើតហាងលក់ទំនិញ អាចភ្ជាប់ជាមួយFacebook ដែលយើងអាចបង្ហោះពីFacebookផ្ទាល់ចូលទៅគណនីInstagram ត្រួតពិនិត្យសារ និងមតិយោបល់នៅលើFacebookតែមួយកន្លែង ហើយអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មចេញពីFacebookថែមទៀតផង។
ជាបណ្តាញសង្គមភាគច្រើនសម្រាប់អ្នកជំនាញ និងស្វែងរកបេក្ខជនបម្រើការងារ។ LinkedIn គឺជាបណ្តាញសង្គមដែលមានវត្តមានជាង១ទស្សវត្សន៍ហើយ តែទើបតែមានសន្ទុះប្រើប្រាស់គួរសមមួយរយៈចុងក្រោយនេះនៅកម្ពុជាដោយសារតែមានការកែប្រែរូបរាងថ្មី ថែមមុខងារថ្មី និងជាកន្លែងដែលយើងអាចពង្រីកចំណេះដឹង និងជំនាញបាន។
ប្រសិនបើអ្នកមានអាជីវកម្មបែប B2B (ស្វែងរកដៃគូរ ឬផ្តល់សេវាកម្ម/ផលិតផលដល់ក្រុមហ៊ុន) LinkedInអាចជាកន្លែងដែលផ្តល់ផលដល់អ្នក។ ប្រសិនបើអ្នកកំពុងតែស្វែងរកបេក្ខភាពសម្រាប់បម្រើក្នុងក្រុមហ៊ុនអ្នក បណ្តាញសង្គមនេះប្រាកដជាជួយអ្នកបានដោយសារតែកន្លែងនេះសម្បូរទៅដោយអ្នកជំនាញប្រើប្រាស់ ខុសពីFacebookដែលភាគច្រើនប្រើប្រាស់បែបលក្ខណៈកម្សាន្ត។