កត្តាសំខាន់ 2 នឹងធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅអាជីពការងារ!

81
កត្តាសំខាន់ 2 នឹងធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅអាជីពការងារ!

មនុស្សម្នាក់ៗដែលកំពុងព្យាយាមសិក្សារៀនសូត្រតាំងពីថ្នាក់បឋមសិក្សា រហូតសម្រេចចិត្តមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ សុទ្ធតែជាអ្នកដែលចង់ឃើញអនាគតរបស់ខ្លួនឯងមានភាពល្អប្រសើរ និងចង់សម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯង ដោយមានអាជីពការងារច្បាស់លាស់​ និងមានប្រភពចំណូលជាក់លាក់សម្រាប់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្ដី ការសម្រេចនូវក្ដីស្រមៃ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់ឡើយ ដោយមានអ្នកខ្លះក៏ជោគជ័យ ហើយអ្នកខ្លះទៀតក៏មិនជោគជ័យ ដោយសារតែកត្តាផ្សេងៗរបស់បុគ្គលម្នាក់ៗដែលពួកគាត់បានជួបប្រទះ។

career

ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោម នឹងបង្ហាញនូវកត្តាសំខាន់គោលចំនួនពីរ ដែលមនុស្សគ្រប់គ្នាដែលចង់សម្រេចនូវគោលដៅអាជីពការងារក្នុងក្ដីស្រមៃត្រូវតែឈ្វេងយល់បន្ថែម ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។

1. មិនដឹងថាខ្លួនឯងចូលចិត្តអ្វីឱ្យពិតប្រាកដ

នៅពេលដែលអ្នកមិនប្រាកដក្នុងចិត្តថា អ្នកចូលចិត្តលើអ្វីនោះទេ វាជាកត្តាពិបាកបំផុតក្នុងការជ្រើសរើសអាជីពការងារមួយឱ្យបានត្រឹមត្រូវ និងពិបាករៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅអាជីពការងារឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯងនាពេលខាងមុខផងដែរ។ ហេតុនេះ ប្រសិនបើអ្នកចង់សម្រេចនូវគោលដៅអាជីពការងារសម្រាប់ខ្លួនឯង និងអាចធ្វើកិច្ចការងារណាដែលជាទេពកោសល្យផ្ទាល់ខ្លួន ចូរអ្នកត្រូវតែសិក្សាអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ថាតើអ្នកចូលចិត្តធ្វើការងារលើផ្នែកអ្វីជាងគេ? តើប្រភេទការងារបែបណា ដែលធ្វើឱ្យអ្នកកាន់តែធ្វើកាន់តែសប្បាយចិត្ត?

ឧទាហរណ៍ អ្នកចូលចិត្តផ្នែករៀបចំយុទ្ធសាស្រ្តទីផ្សារ ដូច្នេះត្រូវរកប្រភេទការងារណាដែលពាក់ព័ន្ធនឹងយុទ្ធសាស្រ្តទីផ្សារ។ បើអ្នកចូលចិត្តបង្កើតខ្លឹមសារវីដេអូចែករំលែកលើផ្នែកទីផ្សារ ដូច្នេះអ្នកអាច ធ្វើជាអ្នកបង្កើតមាតិកាដោយផ្ដោតលើការធ្វើទីផ្សារ។ល។

ជារួមមក ត្រូវស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ថាភាគច្រើនតើអ្នកចូលចិត្តលើផ្នែកអ្វីជាងគេ និងចូលចិត្តធ្វើអ្វីជាងគេ បន្ទាប់មកនឹកគិតអំពីគោលដៅនៃអាជីពការងារ ដើម្បីបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកអាជីពលើអ្វីដែលអ្នកចូលចិត្តនោះ។ ធ្វើបែបនេះ ទើបឆាប់សម្រេចជោគជ័យលើគោលដៅអាជីពការងាររបស់អ្នក ហើយនឹងជួយឱ្យអ្នកធ្វើនូវអ្វីដែលមិនចេះធុញទ្រាន់ និងពេញចិត្តនឹងធ្វើវា។

2. មិនបានធ្វើការលើគោលដៅអាជីពដែលខ្លួនចង់សម្រេច

នៅក្នុងចំណុចនេះ ចង់សំដៅលើអ្នកដែលបានដឹងយ៉ាងច្បាស់ថា ពួកគេចូលចិត្តលើអ្វី និងមានទេពកោសល្យលើអ្វី ប៉ុន្តែពួកគេមិនបានព្យាយាមធ្វើការណាដែលជួយជំរុញឱ្យពួកគេជោគជ័យលើអាជីពការងារមួយច្បាស់លាស់សម្រាប់ខ្លួនឯងឡើយ ប៉ុន្តែភាគច្រើនពួកគេទុកវាចោលមួយឡែក ហើយគិតផ្ដោតតែការព្យាយាមធ្វើការណាដែលសម្រេចនូវគោលដៅស្របតាមការរំពឹងទុករបស់អ្នកដទៃ។

កត្តានេះហើយ ទាមទារឱ្យអ្នកត្រូវតែចេះរក្សាគោលជំហរបស់ខ្លួនឯង ថាខ្លួនឯងជានរណា និងចង់សម្រេចនូវគោលដៅអាជីពការងារអ្វី បន្ទាប់មកព្យាយាមធ្វើការណាដែលជួយជំរុញនូវភាពរីកចម្រើន និងឆាប់សម្រេចនូវគោលដៅផ្ទាល់ខ្លួន ជាជាងគ្រាន់តែផ្ដោតលើគោលដៅដែលអ្នកដទៃកំពុងចង់សម្រេច។