គន្លឹះ 2 យ៉ាង អាចគ្រប់គ្រងការកេងបន្លំក្នុងក្រុមហ៊ុន

214
គន្លឹះ 2 យ៉ាង អាចគ្រប់គ្រងការកេងបន្លំក្នុងក្រុមហ៊ុន

ការធ្វើអាជីវកម្ម តែងតែជួបនូវបញ្ហាផ្សេងៗរាប់មិនអស់ ជាពិសេសបញ្ហាការកេងបន្លំដែលអាចកើតមាននៅក្នុងក្រុមហ៊ុន។ ហេតុផលនេះហើយ ដែលជាបញ្ហាមួយធ្វើឱ្យម្ចាស់អាជីវកម្មគ្រប់រូបមានការខ្វល់ចិត្ត ដូច្នេះ ដើម្បីការពារ ក៏ដូចជា គ្រប់គ្រងកុំឱ្យមានការកេងបន្លំនៅក្នុងក្រុមហ៊ុន ចូរអនុវត្តតាម គន្លឹះ 2 យ៉ាង ខាងក្រោម៖

1. មនុស្សល្អ

សំដៅលើ ការធ្វើឱ្យមនុស្សទាំងអស់នៅក្នុងក្រុមហ៊ុនក្លាយជាមនុស្សល្អ មនុស្សស្មោះត្រង់ មនុស្សស្រលាញ់ទ្រព្យសម្បត្តិក្រុមហ៊ុនដូចជារបស់ខ្លួន និងចេះថែរក្សាទ្រព្យរបស់ក្រុមហ៊ុនបានយ៉ាងល្អ។

តើធ្វើបែបណា ទើបធ្វើឱ្យមនុស្សនៅក្នុងក្រុមហ៊ុនក្លាយជាមនុស្សល្អ?

  • ជំហាននៃការជ្រើសរើស៖ នៅក្នុងក្រុមហ៊ុន អ្នកត្រូវតែបណ្ដុះឱ្យផ្នែកធនធានមនុស្សចេះជ្រើសរើសបុគ្គលិកចូលមកបម្រើការងារ ដោយមើលពីចរិតលក្ខណៈសម្បត្តិ និងចំណេះដឹងឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណា ត្រូវមានក្បួនត្រឹមត្រូវដើម្បីចម្រាញ់យកមនុស្សល្អៗចូលមកក្នុងក្រុមហ៊ុនឱ្យបានច្រើនបំផុត។
  • ជំហាននៃការបណ្ដុះបណ្ដាល៖ ក្រោយពីជ្រើសរើស ដោយមានការសម្រិតសម្រាំងច្បាស់លាស់ហើយ ក្រុមហ៊ុនត្រូវមានគោលការណ៍ច្បាស់លាស់ មានកិច្ចសន្យាត្រឹមត្រូវ ដើម្បីឱ្យបុគ្គលិកទាំងនោះយល់ច្បាស់ពីច្បាប់វិន័យក្រុមហ៊ុន។ បន្ទាប់មកត្រូវមានការបណ្ដុះបណ្ដាលបន្ថែមលើអត្តចរិត និងចំណេះជំនាញបន្ថែម ដើម្បីធានាថា បុគ្គលនោះអាចទុកចិត្តបាន និងអាចបំពេញកិច្ចការងារទៅតាមឋានៈតួនាទីបានល្អ។
  • ជំហាននៃការអនុវត្ត៖ ចាប់ផ្ដើមយកផែនការទាំង2 ជំហានខាងលើមកអនុវត្តជាក់ស្ដែង។
  • ជំហាននៃការវាយតម្លៃ៖ បន្ទាប់មកធ្វើការវាយតម្លៃលទ្ធផល និងធ្វើការកែតម្រូវភ្លាមៗលើចំណុចខ្វះខាត។

2. ប្រព័ន្ធការងារល្អ

សំដៅលើ ការធ្វើយ៉ាងណាឱ្យប្រព័ន្ធការងារខាងក្នុងមានភាពល្អ។

តើធ្វើយ៉ាងដូចម្ដេច ដើម្បីធ្វើឱ្យប្រព័ន្ធការងារផ្ទៃខាងក្នុងបានល្អ?

ទី1. រៀបចំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង៖ ទាំងរបៀបរបបធ្វើការងារ ការគ្រប់គ្រងបុគ្គលិក គ្រប់គ្រងបញ្ជី ក៏ដូចជាឯកសារសំខាន់ៗឱ្យមានរបៀបរាបរយ និងបែងចែកឱ្យមានការទទួលខុសត្រូវតាមផែ្នកនីមួយៗ ថែមទាំងបង្កើតឱ្យមានក្រុមសនវកម្មខាងក្នុង និងខាងក្រៅ ដើម្បីធានាថា ប្រព័ន្ធការងារល្អ និងគ្មានការកេងបន្លំណាមួយកើតឡើងឡើយ។

ទី2. បង្កើតច្បាប់វិន័យ គោលការណ៍ច្បាស់លាស់៖ ក្រោយពីបង្កើតហើយ ត្រូវធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់យល់ពីច្បាប់វិន័យ និងគោលការណ៍ទាំងនោះ ដើម្បីធានាថា បុគ្គលិកនឹងខ្លាចរអា​ដោយមិនមានផ្នត់គំនិតចង់កេងបន្លំនៅក្នុងរូបភាពណាមួយឡើយ។

ទី3. បែងចែកតួនាទី ទំនួលខុសត្រូវច្បាស់លាស់ ៖ គ្រប់បុគ្គលិកទាំងអស់ ត្រូវតែមានការបែងចែកតួនាទី ទំនួលខុសត្រូវបានយ៉ាងច្បាស់លាស់ មានរបៀបរៀបរយ ហើយពួកគេយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ខ្លួន។