តើការឆ្លើយតបរហ័សនៅលើបណ្ដាញសង្គម មានសារៈសំខាន់អ្វី?

74
តើការឆ្លើយតបរហ័សនៅលើបណ្ដាញសង្គម មានសារៈសំខាន់អ្វី?

នៅលើបណ្ដាញសង្គមបច្ចុប្បន្ននេះ មានមនុស្សជាច្រើនកំពុងប្រើប្រាស់វា ហើយពួកគេសុទ្ធសឹងជាអតិថិជនគោលដៅសម្រាប់អ្នក ដែលនេះជាឱកាសក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។ អាជីវកម្មមួយរីកចម្រើនបាន លុះត្រាតែអាជីវកម្មនោះអាចបង្កើតប្រាក់ចំណូល និងមានប្រាក់ចំណេញច្រើន ហើយដើម្បីធ្វើរឿងនេះបាន គឺទាមទារឱ្យមានអតិថិជនគាំទ្រច្រើនដូចគ្នា។ បន្ថែមពីនេះ ដើម្បីធ្វើឱ្យអតិថិជនគាំទ្រច្រើន ទាល់តែអ្នកមានអ្វីពិសេសសម្រាប់ផ្ដល់ជូនអតិថិជន និងធ្វើសកម្មភាពណាមួយដើម្បីបំពេញចិត្តរបស់ពួកគេផងដែរ ដូចពាក្យមួយគេតែងតែនិយាយថា “អតិថិជន គឺជាស្ដេច”។

លើសពីនេះ ម្ចាស់អាជីវកម្ម ក៏ត្រូវដឹងដែរថា នៅក្នុងសម័យនេះមនុស្សជួបជជែកគ្នា ឬសួរព័ត៌មានគ្នាតែនៅលើបណ្ដាញសង្គមភាគច្រើន ដូច្នេះអតិថិជនរបស់អ្នកក៏ភាគច្រើននឹងសួរនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកនៅលើបណ្ដាញសង្គមដូចគ្នា។ ហេតុនេះ អ្នកត្រូវតែគិតគូរលើរបៀបឆ្លើយតបជាមួយអតិថិជន និងធ្វើឱ្យការឆ្លើយតបនោះមានភាពរហ័សទាន់ចិត្ត ដោយយឺតបំផុតត្រឹម 15 នាទី ឬតិចជាងនេះ កាន់តែល្អ។

ហេតុអ្វីការឆ្លើយតបជាមួយអតិថិជននៅលើបណ្ដាញសង្គមបានរហ័សមានសារៈសំខាន់?

1. អាចរក្សាការប្ដូរចិត្តអតិថិជន ពីព្រោះអតិថិជនមានជម្រើសច្រើន

នាពេលបច្ចុប្បន្ននេះមានអាជីវកម្មជាច្រើននៅលើទីផ្សារ ដោយអាជីវកម្មខ្លះមានផលិតផលសេវាកម្មស្រដៀងគ្នាឬដូចគ្នា ដើម្បីប្រកួតប្រជែងគ្នាដណ្ដើមទីផ្សារ។ ហេតុនេះ អតិថិជនក៏មានជម្រើសច្រើនដើម្បីសម្រេចចិត្តជ្រើសរើសផលិតផលឬសេវាកម្មពីក្រុមហ៊ុនណាមួយដែលពួកគេទុកចិត្ត មានការផ្ដល់សេវាកម្មអតិថិជនល្អ និងឆ្លើយតបរហ័សជាមួយពួកគេ។

កត្តានេះហើយ ទើបទាមទារឱ្យអ្នកត្រូវមានការឆ្លើយតបរហ័សនៅពេលអតិថិជនបានផ្ញើសារសួរអ្នកនៅលើបណ្ដាញសង្គម ដើម្បីចៀសវាងធ្វើឱ្យពួកគេប្ដូរចិត្តផ្ញើសារទៅសួររកកន្លែងផ្សេង និងសម្រេចចិត្តទិញផលិតផលសេវាកម្មនៅកន្លែងណាដែលឆ្លើយតបលឿនជាងអ្នក។

អ្នកត្រូវចងចាំថា ទោះបីជាក្រុមហ៊ុនរបស់អ្នកមានផលិតផលឬសេវាកម្មល្អប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែបើអ្នកមានការឆ្លើយតបយឺតយ៉ាវពេក នោះក៏ធ្វើឱ្យអតិថិជនមានការប្ដូរចិត្តដោយលែងត្រូវការ ឬក៏ទៅរកកន្លែងផ្សេងដែរ។ ហេតុនេះ ការឆ្លើយតបរហ័ស វានឹងជួយអ្នកដើម្បីរក្សាអតិថិជន និងបិទការលក់ជាមួយនឹងពួកគេក៏បានរហ័សផងដែរ។

2. ធ្វើឱ្យអតិថិជនកាន់តែសប្បាយចិត្ត

ការឆ្លើយតបរហ័ស នឹងធ្វើឱ្យអតិថិជនកាន់តែសប្បាយចិត្ត ពីព្រោះអតិថិជនចូលចិត្តបែបលឿនៗ ដោយមិនចូលចិត្តការរងចាំយូរ និងឆ្លើយតបនូវអ្វីស្របតាមការចង់ដឹង និងដោះស្រាយរាល់ចម្ងល់របស់ពួកគេ។ បន្ថែមពីនេះ វាក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក តាមរយៈការធ្វើឱ្យអតិថិជនចាប់ផ្ដើមសប្បាយចិត្តជាមួយនឹងក្រុមហ៊ុនរបស់អ្នក ហើយពួកគេអាចនឹងជួយណែនាំបន្ដទៅកាន់អ្នកផ្សេងទៀតអំពីចំណុចល្អរបស់ក្រុមហ៊ុនរបស់អ្នក។ល។

3. ឱកាសបិទការលក់បានច្រើន

ជាធម្មតាទេ ប្រសិនបើអតិថិជនចាប់អារម្មណ៍អ្វីមួយ ច្បាស់ណាស់ពួកគេនឹងផ្ញើសារដើម្បីសួរព័ត៌មានបន្ថែមអំពីផលិតផលឬសេវាកម្មរបស់អ្នកមិនខាន។ ហេតុដូចនេះ បើអតិថិជនមានការចាប់អារម្មណ៍ហើយ បើអ្នកឆ្លើយតបយឺតយ៉ាវពេកជាមួយអតិថិជន នោះអតិថិជននឹងឈប់ចាប់អារម្មណ៍ ឬប្ដូរចិត្តជាដើម ហេតុនេះវាក៏ជាកត្តាធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការឈានដល់បិទការលក់ជាមួយអតិថិជនដែរ។ ហេតុដូច្នេះ អ្នកត្រូវព្យាយាមធ្វើយ៉ាងណា ឆ្លើយតបឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ទោះបីជាអតិថិជនទិញឬមិនទិញក៏ដោយ ប៉ុន្តែអ្នកត្រូវចងចាំថា អតិថិជនកំពុងចាប់អារម្មណ៍ជាមួយនឹងផលិតផលសេវាកម្មរបស់អ្នក ដូច្នេះអ្នកត្រូវតែព្យាយាមផ្ដល់ព័ត៌មានឱ្យបានច្រើនលើអ្វីដែលអតិថិជនរបស់អ្នកចង់ដឹងបន្ថែម និងបង្ហាញថាអ្នកយកចិត្តទុកដាក់ជាមួយនឹងពួកគេ។​ ធ្វើបែបនេះ អតិថិជននឹងចាប់ផ្ដើមគិតពិចារណាក្នុងការទិញ មិនថាទិញឥលូវ ឬក៏ថ្ងៃបន្ទាប់នោះទេ។