តើផ្នែក HR គួរមានជំនាញអ្វីខ្លះ?

252
តើផ្នែក HR គួរមានជំនាញអ្វីខ្លះ?

ផ្នែកធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់នៅក្នុងអង្គភាព ពីព្រោះវាជាផ្នែកមួយដែលចូលរួមចំណែកក្នុងការធ្វើឱ្យក្រុមការងារមានសមត្ថភាពខ្លាំង និងមានផលិតភាពការងារ ដើម្បីធ្វើឱ្យអង្គភាពទាំងមូលមានភាពរីកចម្រើន។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា អ្នកដែលកាន់ផ្នែកនេះនៅតាមអង្គភាពភាគច្រើន បានបំពេញតួនាទីមួយផ្នែកតូចប៉ុណ្ណោះនៃផ្នែកមួយនេះ។

ហេតុដូច្នេះហើយ ដើម្បីបម្លែងខ្លួនឱ្យក្លាយជាជំនាញលើផ្នែកធនធានមនុស្ស ចូរឈ្វេងយល់បន្ថែមពីជំនាញទាំង 14 ខាងក្រោម ដែល HR ចាំបាច់ត្រូវតែមាន ៖

1/. ជំនាញទំនាក់ទំនងល្អ

ជំនាញនេះ អាចធ្វើឱ្យទស្សនវិស័យ បេសកកម្មរបស់អង្គភាព មានភាពស៊ីចង្វាក់គ្នាជាមួយបុគ្គលិកទាំងអស់ ដើម្បីទទួលបានភាពសម្រេចជោគជ័យលើគោលដៅរួម។ លើសពីនេះ អាចទំនាក់ទំនងធ្វើកិច្ចការងារបានយ៉ាងរលូនជាមួយមនុស្សគ្រប់ប្រភេទ និងគ្រប់ឋានៈ។

2/. ជំនាញគិតយុទ្ធសាស្រ្ត

សំដៅលើ ការមានសមត្ថភាពបង្កើតអ្វីថ្មីៗ បង្កើតយុទ្ធសាស្រ្ត រៀបចំផែនការ និងជួយឱ្យក្រុមការងារកាន់តែមានផលិតភាពខ្ពស់ ដើម្បីចូលរួមចំណែកនៃការរីកចម្រើនរបស់អង្គភាពទាំងមូល។

3/. ជំនាញគ្រប់គ្រងធនធានមនុស្ស

ជំនាញនេះ មានសារៈសំខាន់ណាស់ ដូចជាអាចឈ្វេងយល់អំពីការជ្រើសរើសបុគ្គលិកថ្មីៗ ការជ្រើសរើសបុគ្គលិកមានសមត្ថភាពខ្លាំង យល់ច្បាស់ពីនីតិវិធីនៃការឈប់សម្រាករបស់បុគ្គលិក មានការរាយការណ៍ទិន្នន័យ និងដំណើរការពាក់ព័ន្ធនឹងបុគ្គលិកផ្សេងទៀត។

4/. ជាមនុស្ស Proactive

មនុស្ស Proactive សំដៅលើការមានសកម្ម ទំនួលខុសត្រូវខ្ពស់ ហើយក្នុងនាមជាអ្នកជំនាញផ្នែកធនធានមនុស្ស គឺមានទំនាក់ទំនងច្រើនជាមួយនិយោជក និងនិយោជិតការសកម្ម ដូច្នេះការមានសកម្ម អាចជួយអ្នកក្នុងការដឹងពីបញ្ហាដែលអាចកើតមានមុន និងត្រៀមលក្ខណៈទុកជាមុនដើម្បីការពារកុំឱ្យបញ្ហាកើនឡើងកាន់តែច្រើន។

លើសពីនេះ ដើម្បីក្លាយជាមនុស្សសកម្ម ក្នុងនាមជាអ្នកជំនាញផ្នែកធនធានមនុស្ស អ្នកត្រូវតែទទួលបានព័ត៌មានអំពីនិន្នាការបច្ចុប្បន្ន និងកំពុងរីកចម្រើន ទាំងព័ត៌មានធនធានមនុស្ស បច្ចេកវិទ្យា និងវប្បធម៌ការងារឱ្យបានច្បាស់។

5/. ជំនាញប្រឹក្សាយោបល់

អាចប្រឹក្សាជាមួយក្រុមការងារ ប្រធានផ្នែក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ លើបញ្ហាផ្ទាល់ខ្លួន បញ្ហាពាក់ព័ន្ធជាមួយការងារជាដើម ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង ដោយធ្វើឱ្យជីវិតមានភាពប្រសើរ និងមានផលិតភាពការងារ។

6/. ជំនាញបង្វឹក

ជំនាញនេះ អាចជួយដល់ការផ្ដល់ព័ត៌មានដល់ក្រុមការងារឆាប់យល់ និងអាចចាប់ផ្ដើមធ្វើសកម្មភាពបានលឿន។ លើសពីនេះ អាចធ្វើឱ្យក្រុមការងារកាន់តែមានសមត្ថភាពខ្លាំង មានផលិតភាពការងារ និងដោះស្រាយបញ្ហាមនុស្សបានគ្រប់ស្ថានការណ៍។

7/. ជំនាញជ្រើសរើសបុគ្គលិក

មានសមត្ថភាពជ្រើសរើសបុគ្គលិកចូលថ្មីឱ្យត្រូវជាមួយនឹងអ្វីដែលអង្គភាពចង់បាន និងចេះមើលពីភាពខ្លាំង ភាពប៉ិនប្រសប់របស់ក្រុមការងារផ្ទៃក្នុង។

8/. ចំណេះដឹងនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានធនធានមនុស្ស

សំដៅលើ ប្រព័ន្ធបច្ចេកវិទ្យាដែលអាចគ្រប់គ្រងទិន្នន័យព័ត៌មានរបស់ក្រុមការងារបានយ៉ាងល្អ​ ហើយព័ត៌មានភាគច្រើនទាក់ទងនឹងការវាយតម្លៃ ការអនុវត្តប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

9/. ជំនាញចងចិត្តក្រុមការងារ

មានសមត្ថភាពនិយាយបែបចិត្តសាស្រ្តជាមួយក្រុមការងារ ដើម្បីជំរុញទឹកចិត្តពួកគេក្នុងការបំពេញកិច្ចការងារ និងបង្កើនផលិតភាពការងារ ស្របជាមួយនឹងវប្បធម៌រួម និងគោលដៅរួមរបស់អង្គភាព។

10/. ជំនាញវិភាគបុគ្គលិកនិងតម្រង់ទិស

សំដៅលើ ការមានសមត្ថភាពយល់ដឹងអំពីសូចនាករសំខាន់ៗរបស់ធនធានមនុស្ស ដោយអាចជ្រើសរើសបុគ្គលិក ពង្រឹងសមត្ថភាពបុគ្គលិក ការចូលរួម ការរក្សាបុគ្គលិក ផ្ដល់តម្លៃបុគ្គលិក និងការអនុវត្ត។ ក្នុងនេះ ត្រូវមានចំណេះដឹងខ្លះៗអំពីកម្មវិធី Excel ។

11/. ជំនាញរាយការណ៍

ជំនាញនេះ អាចមានសមត្ថភាពបង្កើត អាចអាន និងបកស្រាយរបាយការណ៍ធនធានមនុស្សដោយប្រើទិន្នន័យដែលបានមកពីប្រព័ន្ធគ្រប់គ្រងព័ត៌មានធនធានមនុស្សផ្សេងៗគ្នា។

12/. ជំនាញធ្វើការជាក្រុម

ជំនាញនេះ អាចធ្វើឱ្យក្រុមការងារ និងប្រធានផ្នែកអាចធ្វើការជាមួយគ្នាបានយ៉ាងល្អ ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមទាំងក្នុងក្រុម និងអង្គភាព។

13/. ជំនាញផ្នែករដ្ឋបាល

ជំនាញនេះ ជាផ្នែកមួយនៃច្បាប់របស់ HR ដូចជានៅពេលបុគ្គលិកលាឈប់ពីការងារ បុគ្គលិកអវត្តមានឥតច្បាប់ច្រើនដង ហើយគិតគូរពីលំហូរចូលនិងប្រាក់បៀវត្សរបស់បុគ្គលិកជាដើម។

14/. ជំនាញភាពជាអ្នកដឹកនាំ

សំដៅលើការចេះផ្ដល់នូវចក្ខុវិស័យ និងបេសកកម្ម មានសមត្ថភាពបញ្ចុះបញ្ចូលនិងមានឥទ្ធិពលដល់អ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមានគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងផ្លាស់ប្ដូរដោយភាពបទបែននៅក្នុងអង្គភាព។