បន្ទាប់ពីទទួលបានពានរង្វាន់អ្នកលក់ឆ្នើមជាងគេលេខ១ប្រចាំនៅប្រទេសកម្ពុជាពីការិយាល័យកណ្តាល Century 21 នៃសហរដ្ឋអាមេរិច ដែលពិធីប្រគល់រង្វាន់បានប្រារព្វឡើងនៅប្រទេសកម្ពុជាថ្មីៗនេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានចែករំលែកបទពិសោធន៍ និងដំណើរការនៃការវិវឌ្ឍន៍រហូតដល់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា៖
“ទោះបីជាខ្ញុំបានក្លាយជាអ្នកលក់បានច្រើនជាងគេប្រចាំCentury 21 Cambodia Family ក្នុងឆ្នាំ២០១៧ក៏ដោយ តែចំណេះដឹងខ្ញុំនៅមានកម្រិត បទពិសោធន៏ខ្ញុំនៅតិច លទ្ធផលនៅតិច ខ្ញុំនៅឆ្ងាយពីអក្សរជោគជ័យខ្លាំងណាស់ ដូច្នេះខ្ញុំបាននិងកំពុងព្យាយាមអភិវឌ្ឍន៏សមត្ថភាពបន្ថែមទៀត!”
តែក្នុងឱកាសនេះ លោកគាម សៀកឡុងបានចែករំលែកនូវគន្លឹះសំខាន់ៗដែលគាត់បានអនុវត្តន៍កន្លងរហូតដល់ទទួលបានផ្លែផ្កាដូចខាងក្រោម៖
- 1.សំលឹងឃើញឱកាសមុនគេ និងជ្រើសរើសតំបន់ដែលមានសក្តានុពល: ការឈានចូលទីផ្សារមុនគេជារឿងសំខាន់ តែបើយើងមិនអាចចាប់ផ្តើមមុខរបរថ្មីមួយបានមុនគេទេ គឺត្រូវចេះធ្វើអ្វីថ្មីមុនគេក្នុងទីផ្សារដែលមានស្រាប់ ហើយត្រូវចាប់ផ្តើមពីចំនុចខ្លាំង និងសក្តានុពលផ្ទាល់ខ្លួនរបស់យើង។ Century 21 ទើបតែចូលមកស្រុកខ្មែរក្នុងខែ៩ឆ្នាំ២០១៤ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានអតិថិជនភាគច្រើនស្គាល់ជាពិសេសម្ចាស់ផ្ទះនៅក្នុងបុរីធំៗក្នុងរាជធានីភ្នំពេញ មិនមែនព្រោះតែBrand មកពីអាមេរិចទេ គឺមកពីយើងចាប់យកទីផ្សារនេះមុនគេ និងអាចជួយសម្រួលប្រតិបត្តិការទិញលក់ជួលបានជោគជ័យ បានឆាប់រហ័ស និងមានប្រសិទ្ធិភាព។ Century 21 ត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញលក់ផ្ទះក្នុងបុរី ហើយ Century 21 Dream Property ចាប់ផ្តើមមុនគេនៅខណ្ឌសែនសុខនៅជិតផ្សារទំនើបAEON 2 ជាតំបន់ដែលកំពុងមានសក្តានុពលខ្លាំង និងមានតម្រូវការទិញលក់ច្រើនបំផុត។
2. យុទ្ធសាស្រ្តត្រូវ (គឺផ្តោត ផ្តាច់មុខ តម្លៃទីផ្សារ និង Social Media )
– ផ្តោត: ខ្ញុំទៅទស្សនៈកិច្ចសិក្សានៅតៃវ៉ាន់ក្នុងឆ្នាំ២០១៦ អ្វីដែលខ្ញុំចាប់អារម្មណ៏ខ្លាំងគឺ យុទ្ធសាស្រ្តផ្តោត ផ្តោតតាមតំបន់ ផ្តោតតែលក់គម្រោង ផ្តោតលើការជួល។ល។ ពេលត្រលប់មកវិញ គឺខ្ញុំអនុវត្តន៍យុទ្ធសាស្រ្តនេះតែម្តង គឺផ្តោតទីផ្សារផ្ទះក្នុងបុរីធំៗនៅជិតផ្សារទំនើបអ៊ីអន២ មិនមែនទាំង១២ខណ្ឌក្នុងក្រុងភ្នំពេញទៀតទេ។ យើងនោះយើងចាប់ផ្តើមbranding ខ្លួនឯងថាលក់ផ្ទះលឿននៅសែនសុខ។
– ផ្តាច់មុខ តម្លៃទីផ្សារអាចលក់ដូរបាន: នៅពេលចាប់ផ្តើមដំបូងនិយាយរឿងផ្តាច់មុខ និងតម្លៃទីផ្សារជាមួយនឹងម្ចាស់អចលនវត្ថុជារឿងលំបាក តែនៅពេលដែលពួកគាត់យល់ដឹងកាន់តែទូលំទូលាយពីអត្ថប្រយោជន៏ក្នុងការផ្តល់សិទ្ធិផ្តាច់មុខជូនក្រុមហ៊ុន និងការអាចលក់បានលឿនក្នុងតម្លៃទីផ្សារ លទ្ធផលដែលយើងធ្លាប់លក់បានក្នុងតំបន់នោះ ការមានទំនាក់ទំនងយ៉ាងល្អជាមួយពួកគាត់ និងមានទំនុកចិត្តលើក្រុមហ៊ុនរួចមក អ្វីៗទទួលបានលើសការរំពឹងទុករួមទាំងទទួលបានសោផ្ទះមកគ្រប់គ្រងជំនួសម្ចាស់ផ្ទះផងដែរ ពេលនោះហើយដែលយើងមានឱកាសលក់អចលនវត្ថុកាន់តែច្រើន។
– Social Media (បណ្តាញសង្គម): ជាពិសេសបណ្តាញសង្គមហ្វេសបុកមានអ្នកប្រើប្រាស់ជាង៧លាននាក់ក្នុងប្រទេសកម្ពុជា យើងបានយកវាមកប្រើសម្រាប់អាជីវកម្មរបស់យើងប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ ផេករបស់Century 21 Dream Property មានភាពទាក់ទាញ មានការចាប់អារម្មណ៏ច្រើន អ្នកតាមដានច្រើនទាំងម្ចាស់អចលនវត្ថុ និង ភ្ញៀវអ្នកទិញ ឬជួល។
3. បុគ្គលិក: គឺជាកត្តាសំខាន់បំផុតដើម្បីក្រុមហ៊ុនទទួលបានជោគជ័យ និងរីកចម្រើន។ បើទោះជាយើងចេះសម្លឹងឃើញឱកាស ចាប់យកឱកាស ឬបង្កើតឱកាស មានយុទ្ធសាស្ត្រល្អ និងត្រឹមត្រូវយ៉ាងណាក៏ដោយ បើបុគ្គលិកមិនមានសមត្ថភាពក្នុងការអនុវត្តន៏ការងារទាំងអស់នោះក៏មិនអាចទទួលបានលទ្ធផលដែរ។ ខ្ញុំជ្រើសរើសបុគ្គលិកដែលមានក្តីស្រលាញ់ចូលចិត្តនឹងវិស័យនេះ យកបេះដូងមកធ្វើការ មានទេពកោសល្យ ស្មោះត្រង់ លះបង់ តស៊ូអត់ធ្មត់ ឧស្សាហ៏ព្យាយាម មានវិន័យ មានគោលដៅធំ រួសរាយរាក់ទាក់ ពូកែទំនាក់ទំនង តែមិនទាមទារសញ្ញាបត្រខ្ពស់ ឬបទពិសោធន៏ទេ។ លើសពីនេះទៅទៀតសម្រាប់បុគ្គលិកគ្រប់រូបក្នុងវិស័យនេះគឺត្រូវមានផ្នត់គំនិតសហគ្រិន ត្រូវចាត់ទុកជាអាជីព ជាមុខរបរផ្ទាល់ខ្លួនរបស់ពួកគាត់ដែលមានសក្តានុពលរកចំណូលបានច្រើន តែមិនមែនប្រាក់ខែច្រើននោះទេ ពេលនោះគាត់នឹងបញ្ចេញអស់ពីសក្តានុពលផ្ទាល់ខ្លួនម្នាក់ៗ និងធ្វើការដោយមិនគិតពីពេលវេលា ឬថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៏ទៀតទេ។ ខ្ញុំមានបុគ្គលិកដែលមានទេពកោសល្យ មានសមត្ថភាពលើសគេជាច្រើននាក់ ហើយការជ្រើសរើសបុគ្គលិករបស់ខ្ញុំគឺគិតពីគុណភាព មិនគិតពីបរិមាណឱ្យបានតែចំនួនច្រើននោះទេ លទ្ធផលនេះអាចបញ្ជាក់បានគឺ១ឆ្នាំមុនយើងមានបុគ្គលិកតិច តែទទួលបានលទ្ធផលល្អជាងofficesដែលមានបុគ្គលិកច្រើន។ មកដល់បច្ចុប្បន្នគឺមានបុគ្គលិកជិត២០នាក់ហើយ កំពុងជ្រើសរើសជាបន្តបន្ទាប់ឲ្យបាន៥០នាក់រហូតដល់ដាច់ឆ្នាំនេះ។ នៅពេលគេមើលរំលង យើងត្រូវខិតខំដើម្បីគោលដៅរបស់យើង ប៉ុន្តែនៅពេលគ្រប់គ្នាតាមសំលឹងមើលយើងហើយទុកចិត្តលើយើង យើងរឹតតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកុំឲ្យពួកគាត់ខកចិត្ត ។
4.សំណាង: រកស៊ីរឿងដីធ្លីពេលខ្លះត្រូវពឹងលើសំណាង ឬយីអ៊ុនផងដែរ។ នៅពេលដែលយើងបានប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងប្រាជ្ញា អស់លទ្ធភាពហើយ កត្តាចុងក្រោយគឺសំណាង តើយើងមានសំណាងអាចក្លាយជាអ្នកមានដោយសារដីធ្លីណឹងឬអត់? ការងារនេះភាគច្រើនលំបាកខ្លាំងណាស់ តែពេលខ្លះងាយស្រួលហួសពីការស្មាន។