spot_img
spot_img
Home Blog Page 15

សេដ្ឋកិច្ចរវាងកម្ពុជា-ចិន នឹងមានភាពល្អប្រសើរនាពេលអនាគត

សេដ្ឋកិច្ចរវាងកម្ពុជា-ចិន

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ឯកឧត្តម ប៉ាន សូរស័ក្តិ បានចូលរួមនៅក្នុងពិធីបើកវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Hu Chunhua ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឥស្សរៈជនជាន់ខ្ពស់ ជាពិសេសវត្តមានធុរជន និងវិនិយោគិនកម្ពុជា-ចិន ក្នុងវិស័យធុរកិច្ច វិនិយោគ និងទេសចរណ៍ជាច្រើនរូបទៀត ដែលធ្វើឡើងនៅឯទីក្រុងប៉េកាំង ប្រទេសចិន

ឯកឧត្តម ប៉ាន សូរស័ក្តិ

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សម្រាប់កិច្ចសហប្រត្តិបត្តិការវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្រៅពីសក្តានុពលទីផ្សារដែលមានស្រាប់ ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងអាសិប (RCEP) កម្ពុជាបានបន្តពង្រីកសក្តានុពលថ្មីៗបន្ថែមទៀត នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ដែលជាមូលដ្ឋានសម្រាប់ត្រួសត្រាយផ្លូវក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ក្រៅពីនេះ កម្ពុជាបានបន្តជំរុញលើកកម្ពស់ និងធ្វើឱ្យមានការអភិវឌ្ឍន៍ទៅលើ​វិស័យផ្សេងៗទៀង​សម្រាប់ការនាំចេញ ដោយខិតខំទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពដែលមាននាពេលបច្ចុប្បន្ន និងចាំបាច់ត្រូវរៀបចំធានានូវភាពអំណោយផលពីទីផ្សារថ្មីៗ ព្រមទាំងត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត។ ដោយផ្ដោតទៅលើការនាំចេញទៅបណ្តាប្រទេសក្នុងតំបន់ ដែលផ្តល់សក្តានុពលដល់ធុរជន និងវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសទៅទៀតនោះគឺ ធុរជន និងវិនិយោគិនចិន៕

 

អ្នកចូលរួម

ពាណិជ្ជកម្ម

តើយុទ្ធសាស្រ្តទីផ្សារ 7Ps មានអ្វីខ្លះ?

យុទ្ធសាស្រ្តទីផ្សារ 7Ps

យុទ្ធសាស្ត្រទីផ្សារ 7Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយ ជាពិសេស សម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះអ្នកនឹងអាចស្គាល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នក និងអតិថិជនគោលដៅរបស់អ្នក។ បន្ថែមពីលើនេះទៅទៀត វាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការ និងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។

តើយុទ្ធសាស្រ្តទីផ្សារ 7Ps មានអ្វីខ្លះ?

  1. ផលិតផល (Product)

ជាផលិតផលដែលមានដាក់លក់នៅលើទីផ្សារ ហើយផលិផលទាំងនោះចែកចេញជាពីរធំៗគឺ ទំនិញ និងសេវាកម្ម។ ជាពិសេស ផលិតផលដែលអ្នកដាក់ឱ្យចរាចរនៅលើទីផ្សារត្រូវតែជាផលិតផលដែលមានតម្រូវការ មានន័យថាមានអតិថិជនដែលចង់បានផលិតផលនោះទៅប្រើប្រាស់ ឬក៏ផលិតផលនោះជាផលិតផលដែលបង្កើតតម្រូវការ។ ម្យ៉ាងទៀងបើក្នុងនាមជា​ម្ចាស់អាជីវកម្មវិញ អ្នកត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់អំពីផលិតផល ឬសេវាកម្មរបស់ខ្លួន​ ដោយធានាបានថាជាផលិតផលដែលមានគុណភាព និងបំពេញតម្រូវការទីផ្សារបាន។ 

2. តម្លៃ (Price)

តម្លៃសំដៅលើចំនួនទឹកប្រាក់ដែលអតិថិជនបានចំណាយទៅលើការទិញផលិតផល ឬសេវាកម្ម។ មួយវិញទៀតតម្លៃត្រូវតែមានសមតុល្យគ្នារវាងផលិតផល និងផលិតកម្ម ជាពិសេសនោះ តម្លៃមិនអាចទាបជាងថ្លៃដើមបានទេ ព្រោះថាការផ្លាស់ប្តូរតម្លៃមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការលក់ និងតម្រូវការផលិតផល។ 

3. ទីតាំង (Place) 

ទីតាំងគឺជាកន្លែងដែលធ្វើការចែកចាយទំនិញ ឬសេវាកម្មរបស់អ្នកទៅកាន់អ្នកប្រើប្រាស់ ហើយទីតាំងគឺជាផ្នែកមួយដែលជួយឱ្យទីផ្សារមានសក្តានុពល។ ហើយអ្នកក៏មិនត្រូវតែនិយាយអំពីទីតាំង ដោយមិននិយាយអំពីទីផ្សារគោលដៅរបស់អ្នកបាននោះទេ ព្រោះសមាសធាតុនេះត្រូវការភាពច្បាស់អំពីគោលដៅរបស់បុគ្គលផងដែរ។ នៅពេលដែលអ្នកបានកំណត់អំពីអតិថិជនគោលដៅរបស់អ្នក នោះអ្នកនឹងរកឃើញវិធីសាស្រ្តចែកចាយដ៏មានប្រសិទ្ធភាពបំផុតដែរ។

4. ប្រម៉ូសិន (Promotion)

ការប្រូម៉ូសិន គឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយ ដែលធ្វើយ៉ាងណាឱ្យទាក់ទាញការចាប់អារម្មណ៍អតិថិជន ដើម្បីទទួលបានការគាំទ្រទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ តើ​​ត្រូវ​ធ្វើយ៉ាងណាដើម្បីអាចផ្សព្វផ្សាយដល់អតិថិជនគោលដៅ និង​តើ​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ញឹកញាប់​ប៉ុណ្ណា​? ខាងក្រោមនេះគឺជាបច្ចេកទេសខ្លះៗនៅក្នុងការផ្សព្វផ្សាយ៖

  • ការផ្សាយពាណិជ្ជកម្ម
  • ការលក់
  • ទំនាក់ទំនង​សាធារណៈ
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

5. មូលធនមនុស្ស (People)

តើអាជីវកម្មមិនអាស្រ័យលើធនធានមនុស្សដែលជាអ្នកគ្រប់គ្រងទេឬ? ជាការពិតអាជីវកម្មដែលជោគជ័យគឺតែងតែមាន មូលធនមនុ្ស ឬធនធានមនុស្ស ប្រកដដោយសមត្ថភាពគ្រប់គ្រាន់ ​ព្រោះ​ពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ជូនដល់​អាជីវកម្ម​នៅ​ផលិតផល និងសេវាកម្ម សម្រាប់អតិថិជន​។ 

6. ដំណើរការ (Process)

ដំណើរការ គឺជាជំហាននីមួយៗ ដែលត្រូវការដើម្បីផ្តល់សេវាកម្មដល់អតិថិជន។ ដំណើរការនៃជំហាននីមួយៗនេះ ត្រូវបានបែងចែកសម្រាប់បុគ្គលិកតាមផ្នែក ឬតាមជំនាញ ដើម្បីធ្វើឱ្យប្រាកដថាការងាររបស់ពួកគេអាចទទួលបានលទ្ធផលខ្ពស់ និងទទួលបានជោគជ័យ។ ហើយនៅក្នុងចំណុចនេះទៀតសោត គឺជាវិធីសាស្រ្តដែលដំណើរការទៅលើការលក់ ការចែកចាយ ឬប្រតិបត្តិការផ្សេងៗទៀត ដោយអាចធានាឱ្យក្រុមហ៊ុនរបស់អ្នកដំណើរការទៅមុខបានរលូន។

7. រូបភាពជាក់ស្ដែង (Physical evidence)

នៅត្រង់ចំណុចនេះគឺសំដៅលើសម្ភារៈដែលធ្វើការវេចខ្ចប់ផលិតផល បង្កាន់ដៃ និងសេវាកម្មអតិថិជនជាដើម។ លើសពីនេះ អ្នកត្រូវធានាបានថា រាល់សកម្មភាពជាក់ស្តែងនានា ដែលយើងកំពុងតែផ្តល់ទៅឱ្យអតិថិជនត្រូវតែមានភាពល្អប្រសើរជានិច្ច៕ 

 

ពាណិជ្ជកម្ម

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានផ្តល់អនុសាសន៍គន្លឹះលើចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា និងថ្នាក់ដឹកនាំ បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅឯវិទ្យាស្ថានខេមអេដ (CamEd Business School) ។ 

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍ គន្លឹះអំពីទំនាក់ទំនងគ្នារវាងវិស័យជំនួញ និងកសិកម្ម ឬកសិពាណិជ្ជកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ជំនួញនិងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះ ខណៈវិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។ 

លើសពីនេះទៀត ឯកឧត្តម បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាពទៀតផង។ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងបន្ថែមអំពីសារៈសំខាន់នៃធនធានមនុស្ស ដែលជាសេចក្ដីសង្ឃឹមនៃប្រទេសជាតិទៅថ្ងៃអនាគត ដោយថ្លែងទៅកាន់និស្សិតជាង ២០០នាក់។ 

និស្សិតជាង ២០០នាក់

ក្នុងន័យនេះ ឯកឧត្តមបានក្រើនរំឭកដល់និស្សិតនៃវិទ្យាស្ថានខេមអេដ ដ្បិតតែកំពុងសិក្សាមុខជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬធុរកិច្ចក៏ពិតមែន ក៏គួរបើកចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ ជាពិសេសត្រូវប្រឹងប្រែងសិក្សារៀនសូត្រ សម្រួចចំណេះដឹង ក៏ដូចជាគំនិត ព្រមទាំងឫកពាររបស់ខ្លួនឱ្យបានល្អប្រសើរ ឈានទៅទទួលបានការទុកចិត្តពីអ្នកដទៃ ដើម្បីអនាគតល្អប្រសើរក្នុងការងារ៕

និស្សិតជាង ២០០នាក់

ពាណិជ្ជកម្ម

តើយើងគួរវិនិយោគលើអចលនទ្រព្យក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដែរឬទេ?

ការវិនិយោគលើអចលនទ្រព្យក្នុងអំឡុងពេលមានវិបត្តិ គឺជាការសម្រេចចិត្តដ៏ស្មុគស្មាញ និងត្រូវការភាពប្រយ័ត្នប្រយែងមួយ ដែលទាមទារឱ្យមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើកត្តាផ្សេងៗ។ នៅក្នុងស្ថានភាពទីផ្សារហាក់មានសភាពស្ងប់ស្ងាត់ក្នុងពេលមាន​ វិបត្តិសេដ្ឋកិច្ច​ ប្រាកដណាស់នឹងអាចនាំឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ដោយផ្តល់ឱកាសឲ្យយើងក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាប។ ទោះជាយ៉ាងណាក៏ដោយ ការថយចុះនៃតម្លៃអចលនទ្រព្យនេះក៏អាចនាំឱ្យមានការថយចុះនៃតម្រូវការជួល និងប្រាក់ចំណូលពីការជួល ដែលធ្វើឱ្យវាពិបាកក្នុងការបង្កើតផលត្រឡប់មកវិញជាវិជ្ជមានលើការវិនិយោគ។ លើសពីនេះទៀត ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ការទទួលបានហិរញ្ញប្បទានពីធនាគារ​សម្រាប់ការទិញអចលនទ្រព្យអាចក្លាយជាបញ្ហាប្រឈមមួយដោយសារតែ​មានការសិក្សាលើ​ការទទួលកម្ចីមានភាព​តឹងតែងជាងមុន ហើយទីផ្សារអចលនទ្រព្យទាំងមូលអាចនឹងមិនសូវមានស្ថេរភាព ដែលបង្កើនហានិភ័យលើការវិនិយោគ។

“វិបត្តិសេដ្ឋកិច្ចគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចរយៈពេលខ្លី ហើយជាធម្មតា តម្លៃអចលនទ្រព្យនឹងងើបឡើងវិញជាក់ជាមិនខាន។ អចលនទ្រព្យគឺជាការវិនិយោគរយៈពេលវែង ហើយការវិនិយោគក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអាចផ្តល់ឱកាសច្រើនដើម្បីទទួលបានអត្ថប្រយោជន៍ពីការឡើងថ្លៃច្រើននាពេលអនាគត!”

វាជាការសំខាន់ដែលត្រូវចងចាំថា វិបត្តិសេដ្ឋកិច្ចគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចរយៈពេលខ្លី ហើយជាធម្មតា តម្លៃអចលនទ្រព្យនឹងងើបឡើងវិញជាក់ជាមិនខាន។ អចលនទ្រព្យគឺជាការវិនិយោគរយៈពេលវែង ហើយការវិនិយោគក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអាចផ្តល់ឱកាសច្រើនដើម្បីទទួលបានអត្ថប្រយោជន៍ពីការឡើងថ្លៃច្រើននាពេលអនាគត។ ជាងនេះទៅទៀត អចលន​ទ្រព្យ​ជា​ប្រភេទ​ទ្រព្យ​ដែលមាន​ស្ថិរភាព​ជា​ប្រវត្តិសាស្ត្រ ហើយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​អាច​ផ្តល់នូវ​ប្រភព​នៃ​ប្រាក់ចំណូល​ដែលមាន​ស្ថិរភាព​ក្នុង​រយៈពេល​វែង​។

មុននឹងវិនិយោគលើអចលនទ្រព្យក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច យើងចាំបាច់ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់ និងពិចារណាលើទីផ្សារអចលនទ្រព្យក្នុងស្រុក។ អ្នកក៏គួរតែគិតគូរពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក និងគោលដៅវិនិយោគផងដែរ។ ប្រសិនបើអ្នកមានគម្រោងវិនិយោគរយៈពេលវែង ហើយអាចទប់ទល់នឹងការប្រែប្រួលនៃប្រាក់ចំណូលពីការជួលរយៈពេលខ្លី ហើយមាន​សុខភាពលំហូរសាច់ប្រាក់ល្អ​សម្រាប់​ទប់ទល់ការបង់ត្រឡប់ទៅធនាគារ ឬចំណាយ​អាជីវកម្មផ្សេងៗរបស់អ្នកនោះ ការវិនិយោគអចលនទ្រព្យក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអាចជាឱកាសដ៏ល្អសម្រាប់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកកំពុងស្វែងរកការវិនិយោគដែលផ្តល់ផលត្រឡប់មកវិញភ្លាមៗ ឬលំហូរសាច់ប្រាក់របស់អ្នកមានបញ្ហា វិនិយោគអចលនទ្រព្យក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចប្រហែលជាមិនសមនឹងអ្នកទេ។

សរុបមក ការវិនិយោគលើអចលនទ្រព្យក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអាចផ្តល់ឱកាសសម្រាប់កំណើន និងប្រាក់ចំណូលរយៈពេលវែង ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវហានិភ័យ និងអត្ថប្រយោជន៍ដែលអាចកើតមានមុនពេលធ្វើការសម្រេចចិត្ត។ ការស្វែងរកដំបូន្មានពីទីប្រឹក្សាហិរញ្ញវត្ថុ ឬអ្នកជំនាញផ្នែកអចលនទ្រព្យអាចមានប្រយោជន៍ក្នុងការកំណត់ថាតើការវិនិយោគអចលនទ្រព្យជាជម្រើសត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។

 

ពាណិជ្ជកម្ម

ជំនាញសំខាន់ៗចំនួន៤ គួរត្រៀមមុនចេញបើកអាជីវកម្មដំបូង

Start up

ជាទូទៅការចេញរកស៊ី មិនមែនមានតែលុយអាចរកស៊ីបានជោគជ័យនោះទេ ប៉ុន្តែវាតម្រូវឱ្យមានសមត្ថភាព​ ចំណេះដឹង និងជំនាញ រួមបញ្ចូលគ្នាទើបអាចសម្រេចបានលទ្ធផលល្អ។ តើជំនាញអ្វីចាំបាច់សម្រាប់បើអាជីវកម្មដំបូង? 

១.​ ជំនាញហិរញ្ញវត្ថុ៖ នៅក្នុងជំនាញនេះ វាពិតជាអាចជួយអ្នកបានច្រើនទាក់ទងទៅនឹងការរៀបចំផែនការ តាមដាន និងគ្រប់គ្រងលំហូរសាច់ប្រាក់ ដើម្បីអាចដំណើរបាននៅក្នុងអាជីវកម្ម។ លើសពីនេះទៅទៀត វាជួយឱ្យរក្សាបាននៅចរន្តហិរញ្ញវត្ថុដើម្បីឱ្យអាជីវកម្មមានសមតុល្យគ្នារវាងចំណូល-ចំណាយ។

២.​ ជំនាញលក់៖ ជាជំនាញមួយដែលចាំបាច់នៅការធ្វើអាជីវកម្ម ព្រោះវាជួយឱ្យអ្នកយល់ដឹងពាក់ព័ន្ធទៅនឹងចំណង់ចិត្តរបស់អ្នកប្រើប្រាស់ ក៏ដូចជាការចរចាជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាពជាដើម។ បន្ថែមពីលើនេះទៀត ជំនាញនេះក៏ជួយឱ្យអ្នកអាចគ្រប់គ្រងដំណើរការលក់ និងបិទបញ្ចីនៃការលក់បានយ៉ាងល្អផងដែរ។

៣. ជំនាញទីផ្សារឌីជីថល៖ តាមការរីកចម្រើនលើវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ការធ្វើទីផ្សារតាមបែបឌីជីថល គឺជាមធ្យមមួយដែលពេញនិយម និងមានសារៈប្រយោជន៍នៅក្នុងការជួយជម្រុញឱ្យការផ្សព្វផ្សាយរបស់អាជីវកម្ម អាចដំណើរការទៅបានល្អ និងមានប្រសិទ្ធភាព។ ហើយមុននឹងឈានជើងចូលទៅក្នុងពិភពនៃទីផ្សារឌីជីថល អ្នកត្រូវប្រាកដថាអ្នកមានការយល់ដឹងអំពីមូលដ្ឋានទីផ្សារផងដែរ។

៤. ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព៖ ជាជំនាញមួយដែលមិនត្រូវបានបង្រៀននៅក្នុងសាលានោះទេ ប៉ុន្តែវាគឺជាជំនាញដែលចំាបាច់នៅការប្រកបអាជីវកម្ម។ ដូច្នេះការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពគឺវាជួយកសាងទំនុកចិត្ត ជឿជាក់ពីអតិថិជនផងដែរ។

 

ពាណិជ្ជកម្ម

AI នឹងផ្លាសប្ដូរមុខមាត់ថ្មីនៃទីផ្សារនៅក្នុងឆ្នាំ2023

Artificial Intelligence

ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជី​ថលនៅទូទាំងពិភពលោកកំពុងធ្វើឱ្យទីផ្សារកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងឡើងៗដែលជាកត្តាធ្វើឱ្យអ្នកទីផ្សារត្រូវស្វែងរកវិធីសាស្ត្រដើម្បីចាប់យកអតិថិជនគោលដៅរបស់ខ្លួនជាមួយនឹងយុទ្ធនាការផ្សាយពាណិជ្ជកម្មផ្សេងៗ។ នៅក្នុងករណីនេះដែរ AI កំពុងដើរតួនាទីយ៉ាងធំក្នុងការបង្កើនប្រសិទ្ធភាពនៃយុទ្ធសាស្រ្តទីផ្សារ ហើយវាត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរជាវិជ្ជមានបន្ថែមទៀតនាពេលអនាគត។ 

យោងតាមគេហទំព័រ Market Business News បានបង្ហើបអំពីចំណុចមួយចំនួនដែលបញ្ញាសិប្បនិម្មិត (Artificial Intelligence) នឹងផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីផ្សារនាពេលអនាគត មានដូចជា៖

បទពិសោធន៍ទិញទំនិញដ៏អស្ចារ្យ៖ ផ្ដល់នូវបទពិសោធន៍ទិញទំនិញបែបស៊ីវីល័យថ្មី ដែលវាគឺជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយសម្រាប់អាជីវកម្មនឹងប្រើប្រាស់នៅពេលអនាគត។ ដោយឡែកម៉ាកយីហោមួយចំនួនបានចាប់ផ្តើមប្រើប្រាស់ហាងលក់រាយ ដែលបានបើកដំណើរការបញ្ញាសិប្បនិម្មិតរួចហើយ ដែលវានឹងក្លាយទៅជាយុទ្ធសាស្រ្តទីផ្សារដ៏ពេញនិយមបំផុតមួយក្នុងពេលឆាប់ៗនេះ។ 

Buying

 

ការវិភាគទស្សន៍ទាយ៖ ការផ្សាយពាណិជ្ជកម្មនៅលើ Facebook និង Google ត្រូវបានណែនាំដោយអ្នកជំនាញទីផ្សារ ដោយសារតែកម្រិតជោគជ័យខ្ពស់។ វេទិកាទាំងពីរនេះគឺជាមធ្យោបាយដ៏ល្អបំផុតនៅក្នុងយុគសម័យទំនើបនេះ ដើម្បីកំណត់គោលដៅអ្នកប្រើប្រាស់ និងឈានដល់អតិថិជនកាន់តែទូលំទូលាយបន្ថែមទៀត។

បង្កើតមាតិកាដោយស្វ័យប្រវត្តិ៖ ដូចដែលយើងទាំងអស់គ្នាដឹងហើយថាទីផ្សារមាតិកា គឺជាយុទ្ធសាស្រ្តដ៏មានឥទ្ធិពលបំផុត ដែលអ្នកទីផ្សារប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ ហើយមាតិកាដែលពាក់ព័ន្ធនឹងត្រូវបានបង្កើតឡើងសម្រាបទីផ្សារ SEO (Search Engine Optimization) នៅមិនយូរមិនឆាប់ អ្នកទីផ្សារនឹងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើតមាតិកាដែលនឹងពេញចិត្ត​ សម្រាប់អតិថិជនទាំងអស់បានផងដែរ។

Search Engine Optimization

 

ទំនាក់ទំនងអតិថិជនប្រសើរឡើង៖ ទំនាក់ទំនងអតិថិជនគឺជាទិដ្ឋភាពសំខាន់នៃអាជីវកម្មនីមួយៗ ដែលវាជួយក្នុងការបង្កើតភាពស្មោះត្រង់ដល់អតិថិជនទៀតផង។ បញ្ញាសិប្បនិម្មិតនឹងជួយក្នុងការគ្រប់គ្រងទំនាក់ទំនងអតិថិជនដោយផ្តល់ឱ្យពួកគេនូវបទពិសោធន៍សេវាកម្មពិសេសដោយការប្រមូល វិភាគ និងដំណើរការទិន្នន័យ។

ជាសង្ខេបនៅក្នុងសម័យទំនើបនេះ ទីផ្សារឌីជីថលគឺជាអ្វីមួយដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម ហើយបញ្ញាសិប្បនិម្មិតគឺជាធាតុផ្សំដែលសំខាន់។ AI នឹងធ្វើឱ្យវាអាចដំណើរការទៅបានដោយស្វ័យប្រវត្តិនូវកិច្ចការដ៏លំបាកដែលអ្នកទីផ្សារធ្វើក្នុងអំឡុងពេល ផ្សាព្វផ្សាយទីផ្សារឌីជីថល។

 

ពាណិជ្ជកម្ម

ជំនាញសំខាន់ៗទាំង ៥ ដែលម្ចាស់អាជីវកម្មត្រូវតែមាន

ក្នុងនាមជាម្ចាស់អាជីវកម្ម មានជំនាញសំខាន់ៗមួយចំនួនដែលអ្នកត្រូវតែមាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ការគ្រប់គ្រង និងពង្រីកអាជីវកម្មរបស់អ្នក ហើយនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាប្រឈម និងស្វែងរកឱកាសក្នុងកំឡុងពេលធ្វើអាជីវកម្ម។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកជំនាញ​សំខាន់ៗ​ទាំង ៥ ដែល​ម្ចាស់​អាជីវកម្ម​គ្រប់រូប​គួរ​មានដើម្បីជួយឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន៖

១.​ ការគ្រប់គ្រងហិរញ្ញវត្ថុ៖ ជំនាញសំខាន់បំផុតមួយសម្រាប់ម្ចាស់អាជីវកម្មគឺការគ្រប់គ្រងហិរញ្ញវត្ថុ។ វារួមបញ្ចូលទាំងការយល់ដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ការរៀបចំកញ្ចប់ថវិកា លំហូរសាច់ប្រាក់ និងការវិភាគសុខភាពហិរញ្ញវត្ថុជាដើម។ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះក្នុងការធានាបានថាអាជីវកម្មរបស់អ្នកកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងអាចបង្កើតប្រាក់ចំណេញ។

២. ភាពជាអ្នកដឹកនាំ៖ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវមានជំនាញភាពជាអ្នកដឹកនាំឲ្យបានល្អ ដើម្បីជំរុញ និងគ្រប់គ្រងបុគ្គលិករបស់អ្នកប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះរួមមានការបង្កើត និងបង្ហាញចក្ខុវិស័យច្បាស់លាស់សម្រាប់អាជីវកម្ម និងការដឹកនាំដោយឧទាហរណ៍។ អ្នកដឹកនាំល្អគឺជាមនុស្សដែលអាចផ្សព្វផ្សាយអំពីគោលដៅ និងការរំពឹងទុករបស់ពួកគេយ៉ាងច្បាស់ទៅដល់បុគ្គលិក និងជំរុញបុគ្គលិករបស់ពួកគេឱ្យធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។

៣. ផែនការយុទ្ធសាស្ត្រ៖ ជំនាញសំខាន់មួយទៀតសម្រាប់ម្ចាស់អាជីវកម្មគឺសមត្ថភាពក្នុងការអភិវឌ្ឍ និងអនុវត្តផែនការរយៈពេលវែងសម្រាប់ការរីកចម្រើន និងភាពជោគជ័យនៃអាជីវកម្ម។ ក្នុងនោះតម្រូវឱ្យអ្នកមានការយល់ដឹងយ៉ាងស៊ីជម្រៅក្នុងវិស័យដែលអ្នកកំពុងតែប្រឡូក យល់ដឹងអំពីទីផ្សារ និងការប្រកួតប្រជែងដែលអ្នកអាចនឹងជួប និងសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកបដោវិចារណញាណនអំពីរបៀបបែងចែកធនធាន និងហានិភ័យ។

៤. ទីផ្សារ និងការលក់៖ ការយល់ដឹងពីរបៀបប្រាស្រ័យទាក់ទង និងលក់ទៅកាន់អតិថិជនក៏ជាកត្តាសំខាន់សម្រាប់ភាពជោគជ័យអាជីវកម្មផងដែរ។ នេះរួមបញ្ចូលទាំងការបង្កើត និងអនុវត្តយុទ្ធសាស្រ្តទីផ្សារ និងការលក់ប្រកបដោយប្រសិទ្ធភាព និងការកសាងទំនាក់ទំនងជាមួយអតិថិជន និងដៃគូរបស់អាជីវកម្មអ្នក។ ជំនាញទីផ្សារ និងការលក់ល្អអាចជួយអ្នកក្នុងការផ្សព្វផ្សាយអាជីវកម្ម និងផលិតផល ឬសេវាកម្មឲ្យបានសម្បូរបែប និងអាចបង្កើនចំនួនគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនផងដែរ។

៥. ភាពស៊ាំ និងភាពបត់បែន៖ ចំណុចចុងក្រោយដែលខ្ញុំចង់លើកបង្ហាញថ្ងៃនេះគឺសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរនៅក្នុងទីផ្សារ បច្ចេកវិទ្យា ឬកត្តាផ្សេងៗទៀត គឺមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។ វាតម្រូវឱ្យមានការសម្របខ្លួន និងភាពបត់បែនខ្ពស់ ព្រមទាំងសមត្ថភាពក្នុងការកែសម្រួលយុទ្ធសាស្រ្តអាជីវកម្មរបស់អ្នកតាមតម្រូវការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងឱកាសថ្មីៗ។ តាមរយៈការរក្សាភាពបត់បែន និងសម្របខ្លួនបាន អ្នកនឹងអាចស្វែងរកភាពប្រសើរឡើងនៃដំណើរការអាជីវកម្ម និងធានាបាននូវភាពជោគជ័យក្នុងរយៈពេលវែង។

សរុបមក ជំនាញទាំងប្រាំនេះមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ មិនថាអ្នកទើបតែចាប់ផ្តើម ឬចាប់ផ្តើមអាជីវកម្មជាច្រើនឆ្នាំឡើយ វាជារឿងសំខាន់ក្នុងការអភិវឌ្ឍន៍ និងសំលៀងជំនាញទាំងនេះឲ្យបានជាប់លាប់ ដើម្បីរក្សាការប្រកួតប្រជែងខ្ពស់ និងអាច​ពង្រីកអាជីវកម្មរបស់អ្នកគ្រប់ពេលវេលា។

 

ពាណិជ្ជកម្ម

តើធ្វើដូចម្តេចដើម្បី​ប្រើប្រាស់ TikTok សម្រាប់ការផ្សព្វផ្សាយ?

 

TikTokបានចាប់​ផ្តើម​ក្លាយជាបណ្តាញសង្គមដ៏ពេញនិយមសម្រាប់ការផ្សាយជាមួយនឹងអ្នកប្រើប្រាស់យ៉ាងច្រើនសំបើម​រហូតទៅដល់​ជាង៦លាននាក់នៅក្នុងប្រទេសកម្ពុជា  ដោយសារតែវាមានក្ខណៈពិសេសដែលអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយបង្កើតមាតិកាដែលទាក់ទាញ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដើម្បីប្រើប្រាស់ TikTok សម្រាប់ការផ្សព្វផ្សាយ៖

បង្កើតមាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិត៖ អ្នកប្រើប្រាស់ TikTok ត្រូវបានគេស្គាល់ថាពួកគេចូលចិត្តវីដេអូច្នៃប្រឌិត កំប្លែង និងកម្សាន្ត។ ត្រូវប្រាកដថាខ្លឹមសាររបស់អ្នកស្របនឹងតម្លៃទាំងនេះ និងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យចូលរួមជាមួយម៉ាករបស់អ្នក។

ប្រើប្រាស់មុខងារពិសេសរបស់ TikTok៖ TikTok ផ្តល់នូវមុខងារដូចជា AR filters, lip-sycing, និង effectsជាច្រើន ដែលអាចជួយឱ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកលេចធ្លោ និងទាក់ទាញអ្នកប្រើប្រាស់។

ធ្វើការជាមួយ TikTok Influencers៖ ការចាប់ដៃគូជាមួយអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម TikTok អាចជួយអ្នកឱ្យផ្សាយដល់អតិថិជនជាច្រើន និងទាក់ទាញការចូលរួមពីសំណាក់ពួកគាត់។ យុទ្ធសាស្ត្រទីផ្សារ Influencer គឺយុទ្ធសាស្ត្រកំពុងតែចាប់ផ្តើមពេញនិយម និងអាចជួយបង្កើនស្គាល់អំពីម៉ាក ដែលអាចជួយឲ្យអ្នកនាំមុខគូរប្រជែង និងជំរុញការលក់បានកាន់តែច្រើន។

ប្រើ hashtags និងការប្រកួតប្រជែង៖ TikTok គឺជាបណ្តាញសង្គមដែលបត់បែនតាមទំនោរសង្គម ការប្រកួតប្រជែងដើម្បីកម្សាន្ត និងការប្រើ hashtags។ អ្នកអាចបង្កើតមាតិកាបែបប្រណាំងប្រជែងដែលកំពុងតែពេញនិយម និងប្រើប្រាស់ hashtags ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែច្រើន។

ពិចារណាលើការផ្សាយពាណិជ្ជកម្មលើ TikTok៖ TikTok ចាប់ផ្តើមផ្តល់សេវាកម្មផ្សព្វផ្សាយដូចនៅលើបណ្តាញសង្គមFacebook ផងដែរ ដោយមានប្រភេទ និងទម្រង់នៃការផ្សព្វផ្សាយច្រើន ។ ជ្រើសរើសទម្រង់ផ្សាយពាណិជ្ជកម្មដែលស័ក្តិសមបំផុតទៅនឹងគោលដៅទីផ្សាររបស់អ្នក និងទស្សនិកជនគោលដៅរបស់អាជីវកម្មអ្នក។

ត្រូវចងចាំជានិច្ចថា អ្នកត្រូវតែអនុវត្តជាប់ជានិច្ចដោយការវាស់ស្ទង់លទ្ធផលរបស់ការផ្សព្វផ្សាយអ្នក និងកែសម្រួលយុទ្ធសាស្រ្តរបស់អ្នកដោយផ្អែកលើអ្វីដែលដំណើរការល្អបំផុត។

 

ពាណិជ្ជកម្ម

មុន​នឹង​ទិញ​ផ្ទះ​ត្រូវ​ពិចារណា​លើចំណុច​ណា​ខ្លះ?

ការទិញផ្ទះគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដែលតម្រូវឱ្យមានការពិចារណាយ៉ាងប្រុងប្រយ័ត្ន។ មានចំណុចសំខាន់ៗជាច្រើនដែលអ្នកត្រូវគិត តែថ្ងៃនេះ គំនិតសូមលើកយកចំណុចមួយចំនួនដែលត្រូវពិចារណាមុនពេលធ្វើការទិញផ្ទះ។

ជាដំបូង និងសំខាន់បំផុតអ្នកត្រូវ ពិចារណាលើតម្លៃ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ នេះរួមបញ្ចូលមិនត្រឹមតែតម្លៃទិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថ្លៃចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការកាន់កាប់ផ្ទះ ដូចជាពន្ធលើអចលនទ្រព្យ ការធានារ៉ាប់រង ការថែទាំ និងការជួសជុលជាដើម។ អ្នកគួរតែកំណត់នូវអ្វីដែលអ្នកអាចមានលទ្ធភាពទិញ និងទទួលបានកម្ចីទិញផ្ទះ ដើម្បីអាចទទួលបានរូបភាពច្បាស់លាស់អំពីការទូទាត់បង់ប្រចាំខែរបស់អ្នក។

ក្រៅពីនេះ អ្នកត្រូវពិចារណាទីតាំងនៃអចលនទ្រព្យ។ ស្រាវជ្រាវព័ត៌មានអំពីតំបន់នោះ និងស្វែងរកព័ត៌មានអំពីអត្រាចោរកម្ម ចម្ងាយពីសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតទាំងមូល។ រកមើលទីតាំងដែលសមនឹងរបៀបរស់នៅរបស់អ្នក និងមានសក្តានុពលខ្ពស់សម្រាប់កំណើនរយៈពេលវែង។

មួយវិញទៀត អ្នកត្រូវពិនិត្យស្ថានភាពផ្ទះឱ្យបានហ្មត់ចត់។ ជួលអ្នកត្រួតពិនិត្យជំនាញ ដើម្បីរកមើលបញ្ហាដែលអាចកើតមាន ដូចជាបញ្ហារសំណង់ ផ្សិត ឬបញ្ហាលិចទឹកជាដើម។ បញ្ហាទាំងនេះអាចជាការចំណាយច្រើនក្នុងការជួសជុល ហើយអាចប៉ះពាល់ដល់ការពេញចិត្តជារួមរបស់អ្នកចំពោះអចលនទ្រព្យ។

អ្នកត្រូវគិតផងដែរអំពីទំហំ និងប្លង់ផ្ទះ។ តើវានឹងបំពេញតម្រូវការបច្ចុប្បន្ន និងអនាគតរបស់អ្នកឬទេ? ពិចារណាលើកត្តាដូចជាចំនួនបន្ទប់គេង ទំហំផ្ទះបាយ និងទំហំផ្ទុក។ល។

ជាចុងក្រោយ សូមអ្នកពិចារណាអំពីសក្តានុពលសម្រាប់ការឡើងតម្លៃអចលនទ្រព្យ។ ត្រូវស្វែងយល់អំពីប្រវត្តិនៃការឡើងថ្លៃផ្ទះនៅក្នុងតំបន់នោះ ក៏ដូចជាតម្លៃលក់ដែលទាបបំផុតនៅក្នុងស្ថានភាពទីផ្សារល្អប្រសើរ និងក្នុងទីផ្សារបច្ចុប្បន្ន។

 

ពាណិជ្ជកម្ម

របៀបគ្រប់គ្រងលុយរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន

ការគ្រប់គ្រងលុយរបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាទិដ្ឋភាពដ៏សំខាន់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ កាត់បន្ថយបំណុល និងរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹង។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងលុយឱ្យកាន់តែមានប្រសិទ្ធភាព៖

បង្កើតកញ្ចប់ថវិកា៖ ការបែងចែកថវិកាគឺជាឧបករណ៍សំខាន់សម្រាប់ការគ្រប់គ្រងលុយរបស់អ្នក។ វាអនុញ្ញាតឱ្យអ្នកតាមដានចំណូល និងចំណាយ ហើយយល់ពីកន្លែងដែលលុយរបស់អ្នកនឹងហូរទៅ។ ចាប់ផ្តើមដោយរាយបញ្ជីការចំណាយប្រចាំខែរបស់អ្នកទាំងអស់ រួមទាំងការជួល ថ្លៃទឹកប្រើប្រាស់ អាហារ ការកម្សាន្ត និងបំណុល។ នៅពេលដែលអ្នកមានរូបភាពពេញលេញនៃការចំណាយរបស់អ្នក អ្នកអាចឃើញកន្លែងដែលអ្នកអាចធ្វើការកាត់បន្ថយ ឬកែតម្រូវដើម្បីបង្កើនការសន្សំរបស់អ្នក។

ធ្វើស្វ័យប្រវត្តិកម្មការសន្សំរបស់អ្នក៖ រៀបចំការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិពីគណនីចរន្តរបស់អ្នកទៅកាន់គណនីសន្សំ ដើម្បីអាចសន្សំប្រាក់ចំណូលរបស់អ្នកដោយស្វ័យប្រវត្តិរៀងរាល់ខែមុននឹងការចំណាយ។ វិធីនេះ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការផ្ទេរប្រាក់ដោយដៃជារៀងរាល់ខែ ហើយអ្នកនឹងបង្កើតប្រាក់សន្សំរបស់អ្នកដោយស្វ័យប្រវត្តិ។

សងបំណុល៖ បំណុលដែលមានការប្រាក់ខ្ពស់អាចជាបន្ទុក និងរារាំងគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ធ្វើការទូទាត់បំណុលជាអាទិភាព ហើយពិចារណាលើការបង្រួញបំណុល ឬផែនការគ្រប់គ្រងបំណុលប្រសិនបើចាំបាច់។

វិនិយោគលើខ្លួនអ្នក៖ វិនិយោគលើការអប់រំ និងការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់អ្នក ដើម្បីបង្កើនសក្តានុពលប្រាក់ចំណូលរបស់អ្នក និងធានាអនាគតហិរញ្ញវត្ថុរបស់អ្នក។

តាមដានការចំណាយរបស់អ្នក៖ តាមដានការចំណាយរបស់អ្នកដោយប្រើកម្មវិធីគ្រប់គ្រងថវិកា ឬសៀវភៅបញ្ជី ដើម្បីធានាថាអ្នកកំពុងស្ថិតនៅក្នុងកញ្ចប់ណាយត្រឹមត្រូវនៃថវិការបស់អ្នក។ នេះក៏នឹងជួយអ្នកក្នុងការកំណត់អត្តសញ្ញាណប្រភព ឬទិសដៅដែលអ្នកអាចធ្វើការកែតម្រូវដើម្បីបង្កើនការសន្សំរបស់អ្នក។

បង្កើតផែនការហិរញ្ញវត្ថុ៖ ការមានផែនការហិរញ្ញវត្ថុនៅនឹងកន្លែងនឹងជួយអ្នកឱ្យផ្តោតលើគោលដៅរបស់អ្នក និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីលុយបស់អ្នក។ ផែនការនេះគួរតែរួមបញ្ចូលគោលដៅរយៈពេលខ្លី និងរយៈពេលវែង ព្រមទាំងមូលនិធិសង្គ្រោះបន្ទាន់ផងដែរ។

ស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈ៖ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការគ្រប់គ្រងលុយរបស់អ្នក សូមស្វែងរកដំបូន្មានពីទីប្រឹក្សាហិរញ្ញវត្ថុ ឬអ្នកជំនាញ។ ពួកគេអាចជួយអ្នកបង្កើតផែនការហិរញ្ញវត្ថុ និងណែនាំអ្នកក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីប្រាក់របស់អ្នក។

សរុបមក ការគ្រប់គ្រងលុយរបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាធាតុផ្សំសំខាន់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកអាចធានាថាអ្នកកំពុងរកចំណូលបានច្រើនបំផុត កាត់បន្ថយបំណុល និងឈានដល់គោលដៅហិរញ្ញវត្ថុរបស់អ្នក។

 

ពាណិជ្ជកម្ម

ហេតុអ្វីបានជាក្រុមហ៊ុន Meta ទិញភាគហ៊ុនធំៗមកវិញ?

Mark Zuckerberg

ទោះបីជាលោក Mark Zuckerberg បានបញ្ឈប់បុគ្គលិកចំនួន 11,000 នាក់ ឬប្រហែល 13% នៃបុគ្គលិកសរុបទាំងអស់ក៏ដោយ តែកាលពីម្សិលមិញនេះ ក្រុមហ៊ុនបានធ្វើការប្រមូលទិញភាគហ៊ុនធំៗត្រឡប់មកវិញ។

Mark Zuckerberg

ការដែលទិញភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Meta មកវិញនេះ គឺវាហាក់បីដូចជាការជួយកាត់បន្ថយរាល់កង្វល់របស់វិនិយោគិន ចំពោះការចំណាយរបស់ក្រុមហ៊ុនទៅលើ “metaverse” ដែលជាបច្ចេកវិទ្យាឌីជីថលថ្មីដ៏អស្ចារ្យ​មួយផងដែរនោះ។

metaverse

ហើយកត្ដាចម្បងដែលធ្វើឱ្យលោក Mark Zuckerberg សម្រេចចិត្តទិញភាគហ៊ុនត្រឡប់មកវិញ គឺដោយសារតែលោកមើលឃើញថាសម្រាប់ឆ្នាំ 2023 នេះវាគឺជា “ឆ្នាំដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ក្រុមហ៊ុននៅក្នុងការពង្រីកខ្លួនឱ្យក្លាយជាអង្គភាពដ៏រឹងមាំ និងកាន់តែមានភាពរហ័សជាងមុន”

គូសបញ្ចាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅតែមានការខាតបង់នៅឡើយរវាង ប្រាក់ចំណេញ-ប្រាក់ចំណូល នៅក្នុងត្រីមាសទី 4 ដោយសាររងផលប៉ះពាល់ពីការធ្លាក់ចុះនៃទីផ្សារផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផង និងពីដៃគូរប្រកួតប្រជែងដូចជា TikTok ជាដើមផង។

ពាណិជ្ជកម្ម

អាថ៌កំបាំង ៤យ៉ាងធ្វើឱ្យ កញ្ញា អ៊ុយ អ៊ែណា អាចមានអាជីវកម្មច្រើនក្នុងដៃ

កញ្ញា អ៊ុយ អ៊ែណា

ជាទូទៅ សហគ្រិន អ្នកជំនួញស្ទើរតែទាំងអស់គ្នាទៅហើយ តែងតែជួបបសគ្គ ការបរាជ័យ ការក្ស័យធនជាដើម។ ប៉ុន្តែពួកគេទាំងអស់នោះ មិនចុះចាញ់នោះឡើយ តែបែរជាមានកម្លាំងចិត្តបន្តដំណើរទៅមុខឥតឈប់ឈរទៅវិញ ហើយក្នុងនោះទៀតសោតក៏មានកញ្ញា អ៊ុយ អ៊ែណា​ ម្នាក់ផងដែរ ដែលកញ្ញាជាបុគ្គលជោគជ័យម្នាក់ បានជម្នះរាល់ភាពលំបាកជាច្រើនទំរាំមានថ្ងៃនេះ។ 

បច្ចុប្បន្ន កញ្ញា អ៊ុយ អ៊ែណា ជានាយកប្រតិបត្តិនៅ ភោជនីយដ្ឋាន ចូលចិត្ត និង​ នៅ Elna Beauty Care។ លើសពីនេះ កញ្ញាធ្វើការងារនៅតំណងផ្សេងៗទៀតដូចជា កាន់តំណែងជា Managing Dirctor នៅក្រុមហ៊ុន T-Shop TK Avenue​ និង កាន់តំណែងជា Operation & HR Director នៅក្រុមហ៊ុន HLCC Plus Toul Kork  ទៀតផង។ មូលហេតុដែលនាំឱ្យកញ្ញាទទួលបានភាពជោគជ័យបែបនេះ គឺដោយសារតែគាត់មានវត្ថុទិព្វមួយចំនួននៅក្នុងដៃ។

យោងទៅតាមវីដេអូចែករំលែងក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានប្រាប់ពីវត្ថុទិព្វសំខាន់ៗទាំង ៤យ៉ាងដែលនាងតែងតែអនុវត្តន៍ ហើយជាកត្តានាំឱ្យទទួលបានជោគជ័យដូចសព្វថ្ងៃនេះដែរមានដូចខាងក្រោម៖ 

១. កម្លាំងជម្រុញចិត្ត

កញ្ញា អ៊ុយ អ៊ែណា ប្រាប់ថា​ ថាមពលជម្រុញនេះ គឺគាត់មានតាំងពីក្មេងមកម្លេះព្រោះថា ថាមពលនេះ នាងទទួលបានមកពីម្ដាយ ដែលនាងចាត់ទុកម្ដាយគឺជាអាយដល ដោយសារការខិតខំប្រឹងប្រែងចិញ្ចឹមរហូតកូន ៤របស់គាត់ទាំងលំបាកលំបិន។ នេះហើយជាកត្តាដែលជួយឱ្យមាន កម្លាំងចិត្ត នៅខាងក្នុង ដើម្បីបន្តដំណើរទៅមុខ។

២. ភាពស្មោះត្រង់

សហគ្រិនស្រស់ស្អាតរូបនេះ បានបន្ថែមថា ភាពស្មោះត្រង់គឺវាពិតជាកត្ដាសំខាន់ ក្នុងការទទួលបានឱកាសការងារផ្សេងៗជាច្រើនពីក្រុមហ៊ុន ដែលយើងកំពុង បម្រើការ ហើយលើសពីនេះទៅទៀត វាក៏ជាឱកាសមួយក្នុងការកសាងទំនាក់ទំនងល្អនៅសង្គមផងដែរ។ កញ្ញាបាននិយាយបញ្ជាក់ថា ភាពស្មោះត្រង់នេះហើយគឺជាទុនដំបូងក្នុងការចេញរកស៊ី ឬបើកអាជីវកម្មផ្សេងៗ។

៣. ការកសាងទំនុកចិត្តឲ្យមនុស្សជុំវិញខ្លួន

 នៅត្រង់ចំណុចនេះ នាងបន្តថា វាកាន់តែពិសេស ព្រោះការសាងភាពជឿជាក់មួយបាន វាមិនមែនជារឿងងាយស្រួលពេកនោះទេ ហើយវាក៏មិនមែនកើតចេញឡើងពីមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ប៉ុន្តែវាត្រូវការធ្វើជារៀងរាលថ្ងៃ និងមានភាពអត់ធ្មត់បំផុត រួមផ្សំទៅនឹងឥរិយាបទ ចរិកលក្ខណៈផងដែរ ទើបអាចធ្វើឲ្យគេទុកចិត្តជឿជាក់ និងហ៊ានដាក់ទុនរកស៊ីជាមួយបាន។ 

៤. ការផ្ដល់ក្ដីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួន

នៅចំណុចចុងក្រោយនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនថាចំពោះបុគ្គលិក ចំពោះសហគ្រិននោះទេ ត្រូវតែមានការស្រឡាញ់ចូលចិត្តមនុស្សដែលនៅជុំវិញខ្លួន។ ហើយកញ្ញាបានបន្ថែមទៀតថា ​បើក្នុងនាមជាមេវិញ ត្រូវចេះផ្ដល់ការស្រឡាញ់ ការយកចិត្តទុកដាក់ចំពោះរាល់សមាជិកក្រុមទាំងអស់ ឲ្យពួកគេមានភាពកក់ក្ដៅ ដែលជាហេតុនាំឱ្យបុគ្គលិកមានថាមពលធ្វើការ នោះក្រុមហ៊ុនក៏មានការរីកចម្រើនទៅមុខបានលឿនដែរ។

ជាចុងក្រោយ កញ្ញា អ៊ុយ អ៊ែណា គូសបញ្ជាក់ផងដែរថា “បើទោះបីជាខ្ញុំជួបឧបសគ្គ ជួបការបរាជ័យយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនដែលភ្លេចចំណុចសំខាន់ៗទាំង ៤នេះទេ”។

ពាណិជ្ជកម្ម

តើធ្វើដូចម្តេចដើម្បីក្លាយទៅជាអ្នកមានក្នុងរយៈពេល១ឆ្នាំ?

ការក្លាយជាអ្នកមានក្នុងរយៈពេលមួយឆ្នាំគឺជារឿងដែលពិបាកនឹងទៅរួច និងមានការលំបាកខ្លាំង ដោយសារទ្រព្យសម្បត្តិជាធម្មតាត្រូវបានបង្កើតឡើងក្នុងរយៈពេលដ៏យូរតាមរយៈការខិតខំប្រឹងប្រែងជាប់លាប់ និងការសម្រេចចិត្តហិរញ្ញវត្ថុដ៏ឆ្លាតវៃ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាជំហានមួយចំនួនដែលអាចជួយអ្នកបង្កើនទ្រព្យសម្បត្តិរបស់អ្នកក្នុងរយៈពេលមួយឆ្នាំ៖

កំណត់គោលដៅហិរញ្ញវត្ថុច្បាស់លាស់៖ កំណត់អ្វីដែលអ្នកចង់សម្រេចបានផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំបន្ទាប់ ហើយបង្កើតផែនការដើម្បីសម្រេចគោលដៅទាំងនោះ។

បង្កើតថវិកា៖ តាមដានការចំណាយរបស់អ្នក និងបង្កើតថវិកាដើម្បីធានាថាអ្នកកំពុងរស់នៅក្នុងមធ្យោបាយរបស់អ្នក និងសន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។

វិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យ៖ ពិចារណាលើការវិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យ ព្រោះថាទាំងនេះអាចជាការវិនិយោគរល្អសម្រាប់យៈពេលវែងដ៏ ដែលអាចបង្កើនតម្លៃទ្រព្យតាមពេលវេលា។

បង្កើនប្រាក់ចំណូលរបស់អ្នក៖ រកមើលវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក ដូចជាការទទួលយកការងារខាងក្រៅម៉ោង ឬចាប់ផ្តើមអាជីវកម្ម។

កាត់បន្ថយបំណុល៖ ផ្តោតលើការសងបំណុលដែលមានការប្រាក់ខ្ពស់ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ប្រយ័ត្នប្រយែងលើការចំណាយរបស់អ្នក៖ ជៀសវាងការទិញដោយខ្ចះខ្ជាយដោយសារតែចំណង់ ហើយគិតឱ្យបានល្អិតល្អន់ថាតើការទិញនីមួយៗស្របតាមគោលដៅហិរញ្ញវត្ថុរបស់អ្នក។

ស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ៖ ពិគ្រោះជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលមានព័ត៌មាន និងឈានដល់គោលដៅរបស់អ្នកកាន់តែលឿន។

ធ្វើតាមជំហានទាំងនេះ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃ អ្នកប្រហែលជាអាចបង្កើនទ្រព្យសម្បត្តិរបស់អ្នកក្នុងរយៈពេលមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវចងចាំថា ការកសាងទ្រព្យសម្បត្តិគឺជាដំណើរការយូរអង្វែង ហើយទាមទារការអត់ធ្មត់ វិន័យ និងការប្តេជ្ញាចិត្តចំពោះសុខុមាលភាពហិរញ្ញវត្ថុ។

 

ពាណិជ្ជកម្ម

ឱកាសល្អសម្រាប់វិនិយោគិន ក្រោយបានចុះ MOU រវាងក្រុមហ៊ុនធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

ធុរកិច្ច និងវិនិយោគ

ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗរវាងប្រទេសកម្ពុជា-កូរ៉េ បានចូលរួមចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីពង្រឹងសេដ្ចកិច្ច និងពង្រីកបណ្ដាញសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ការចុះអនុស្សារណៈយោគយល់គ្នានេះបានធ្វើនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម  AHN Dukgeun  រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ ឯកឧត្តម KANG Jae Kwon អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសកូរ៉េ និងលោកជំទាវឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ 150 ក្រុមហ៊ុន ផងដែរ។

​ឯកឧត្តម ប៉ាន សូរស័ក្តិ

នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្ក៏ បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមាននៅថ្ងៃទី01 ខែធ្នូ ឆ្នាំ2022។ 

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ច និងវិនិយោគ។ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្មជាដើមនេះ ដែលធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងច្បាស់លាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។

ដោយឡែកចំពោះ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីក និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាតជាដើម។ 

នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ មានក្រុមហ៊ុនធុរកិច្ចចំនួន ៥ នៃប្រទេសទាំងពីរ ចុះអនុស្សារណៈយោគយល់គ្នា រួមមាន៖

  1. ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group​។
  2. ការចែករំលែកព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd​​ ។
  3. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួយទ្វេភាគី រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd ។
  4. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើជំនួញ និងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និងក្រុមហ៊ុន AGT Corporation ។
  5. កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាងក្រុមហ៊ុនសភាពពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group៕

ក្រុមហ៊ុនធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

ពាណិជ្ជកម្ម

អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានចែករំលែកគន្លឹះ ៤យ៉ាងក្នុងការគ្រប់គ្រងទ្រព្យ និងបង្កើនទ្រព្យ ពេលជួបវិបត្តិ

ហិរញ្ញវត្ថុ

បើទោះបីជាស្ថានភាពកូវិត ១៩ បានស្ងប់ស្ងាត់ទៅយ៉ាងណាក្ដី តែសម្រាប់សេដ្ឋកិច្ចវិញ នៅតែមិនទាន់ដំណើរការបានល្អប្រសើរនៅឡើយទេ ដូច្នេះការគ្រប់គ្រងហិរញ្ញវត្ថុនៅតែជារឿងសំខាន់សម្រាប់បុគ្គល និងគ្រួសារនីមួយៗ​ដដែល។ ថាតើគួរធ្វើយ៉ាងណាដើម្បីចាត់ចែងធនធានហិរញ្ញវ្ថុផ្ទាល់ខ្លួនឱ្យបានល្អ និងមានប្រសិទ្ធិភាព? លោក ង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគ បានបង្ហើបពីក្បួរចាត់ចែងលុយតាមអទិភាព ៤យ៉ាងសំខាន់ៗដូចខាងក្រោម៖

អាទិភាពទី១៖ បំពេញតម្រូវការចាំបាច់សំរាប់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ

ជាការពិត ចំពោះការចំណាយប្រចាំថ្ងៃ ជាតម្រូវចាំបាច់ណាស់សម្រាប់គ្រួសាររបស់អ្នកទៅលើ ថ្លៃទឹកភ្លើង ហ្គាស ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃសិក្សារបស់កូនៗ និងថ្លៃថែទាំសុខភាព ឬការព្យាបាលផ្សេងៗសម្រាប់សមាជិកគ្រួសារទាំងមូល។

អាទិភាពទី២៖ មើលថែអាជីវកម្ម និងបុគ្គលិកឱ្យបានល្អ

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម គួរបំពេញតម្រូវការក្នុងការគ្រប់គ្រងអាជីវកម្មឱ្យមានស្ថិរភាព និងបើកប្រាក់ខែជូនបុគ្គលិកគ្រប់រូបអោយបានទៀងទាត់។ ព្រោះបុគ្គលិកគ្រប់រូបតែងតែផ្ញើរវាសនានឹងការងាររបស់ខ្លួនតាមរយៈការរកចំណូលប្រចាំខែ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបំពេញកាតព្វកិច្ចសងបំណុលនានា។

អាទិភាពទី៣៖ បំពេញកាតព្វកិច្ចបំណុល

លោកបានបន្តថា ត្រូវសងត្រឡប់ចំពោះប្រាក់កម្ចី និងបង់ការប្រាក់ជូនម្ចាស់បំណុលឱ្យបានទៀងទាត់ និងទាន់ពេលវេលា ប្រសិនបើអ្នកនៅមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការបំពេញកាតព្វកិច្ចដែលជាអាទិភាពទី១ និងអាទិភាពទី២រួចមក។

អាទិភាពទី៤៖ ចាប់យកឱកាសវិនិយោគ

អ្នកជំនាញវិនិយោគបានបន្ថែមថា “អ្នកគួរឆ្លៀតឱកាសលៃលកវិនិយោគលើអចលនទ្រព្យ អាជីវកម្មនានា ឬភាគហ៊ុននៃអាជីវកម្មដែលចុះបញ្ជីនៅផ្សារហ៊ុន ហើយមានសក្តានុពលអាចបានផលចំណេញខ្ពស់នាពេលអនាគត”។

គួរបញ្ចាក់ផងដែរថា ការឆ្លៀតឱកាសវិនិយោគក្នុងគ្រាដ៏លំបាកនេះមានអត្ថប្រយោជន៍ចម្បងៗពីរយ៉ាងគឺ ឱកាសរកប្រាក់ចំណេញបានច្រើន និងជាការចូលរួមចំណែកស្តារ និងជំរុញស្ថានភាពសេដ្ឋកិច្ចឱ្យមានភាពប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ។

 

ពាណិជ្ជកម្ម

អតីតពលករនៅកូរ៉េម្នាក់ លោក វង់ បុត្រ ចិញ្ចឹមបង្កងអូស្ត្រាលី រកចំណូលបានប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ធុរៈកិច្ច និងកសិកម្ម

មុខរបរអ្វីក៏ដោយ ឱ្យតែចេះច្បាស់មិនខ្វះទីផ្សារឡើយ បើមើលទៅលើមុខរបរចិញ្ចឹមបង្កងអូស្រ្តាលីវិញ ប្រហែលជាពិបាកចិញ្ចឹមខ្លាំងណាស់ហើយ។ ផ្ទុយមកវិញបែបជា មានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម យ៉ាងផុសផុលស្ទើរតែ គ្រប់រាជធានី-ខេត្តទៅហើយមកទល់ពេលនេះ ដោយសារតែបង្កងប្រភេទនេះងាយស្រួលក្នុងការចិញ្ចឹម មានទីផ្សារល្អ និងតម្លៃក៏បានថ្លៃផងដែរ។

កាលពីថ្ងៃទី23 ខែមករា ឆ្នាំ2023 យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា លោក វង់ បុត្រ ដែលជាអតីតពលករនៅប្រទេសកូរ៉េចប់អាណត្តិការងារ ហើយបានវិលត្រឡប់មកនៅស្រុកកំណើតនៅឯខេត្តតាកែវវិញ។ ហើយដោយលោកមើលឃើញឱកាសទីផ្សារទៅលើមុខរបរចិញ្ចឹមបង្កងអូស្រ្តាលី ដែលមានឈ្មោះវិទ្យាសាស្រ្ត (Cherax quadricarinatus)។

ដោយលោក វង់ បុត្រ បានរៀបរាប់ថា “បន្ទាប់ពីបញ្ចប់អាណត្តិការងារដែលមានរយៈពេល ៤ឆ្នាំនៅប្រទេសកូរ៉េមក ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ ហើយនៅពេលនោះ ខ្ញុំមិនមានការងារអ្វីផ្សេងនោះទេ។ ដោយខ្ញុំសង្កេតឃើញមានការចិញ្ចឹមបង្កងអូស្ត្រាលីនេះនៅខេត្តតាកែវខ្លះៗដែរ ហើយក៏ចាប់អារម្មណ៍ប្រកបរបរនេះ ដូច្នេះហើយខ្ញុំក៏សាកល្បងចិញ្ចឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ គឺនៅក្នុងឆ្នាំ2019 ដោយរៀនវិធីនៃការចិញ្ចឹមពីបងៗ ដែលធ្លាប់ចិញ្ចឹមបង្កងប្រភេទនេះ”។

ហើយលោកបានបន្ថែមថា៖ ជាទូទៅ គឺតែងតែមានម៉ូយមកទិញដើម្បីបោះដុំ មិនដែលខាននោះឡើយ ហើយជួនកាលខ្ញុំក៏យកទៅលក់នៅទីផ្សារផងដែរ ប៉ុន្តែកសិដ្ឋានរបស់ខ្ញុំ គឺខ្ញុំផ្តោតទៅលើកការលក់កូនបង្កង ដែលបងប្អូនភាគច្រើនគាត់យកទៅចិញ្ចឹមបន្ត ជាជាងការផ្តោតលក់លើមេបង្កង។

បើតម្លៃដែលគាត់លក់ទៅឱ្យភ្ញៀវវិញ ចំពោះកូនបង្កងគឺ លក់រាប់គិតជាចំនួនក្បាលតែម្ដង ហើយបើក្នុងករណីទិញចាប់ពី 5,000 ក្បាលឡើងទៅ គឺលក់បានក្នុងតម្លៃចន្លោះចាប់ពី 400រៀល ទៅ500រៀលក្នុងមួយក្បាល (មួយកូន) តែបើយកក្នុងចំនួនតិចជាងនេះគឺតម្លៃពី 600រៀល ទៅ700រៀលក្នុងមួយក្បាល។ ហើយនៅក្នុងមួយឆ្នាំៗ គាត់លក់កូនបង្កងអូស្ត្រាលីបានប្រមាណ 100,000ក្បាល។

ហើយទល់នឹងពេលនេះកសិដ្ឋានរបស់លោក បានពង្រីករហូតដល់ 26អាងទៅហើយ ដែលនៅក្នុងមួយអាងៗមានទំហំ 3 × ​6 ម៉ែត្រ ព្រមទាំងមានចំនួន 9ស្រះ ដែលមានទំហំពី 1, 000 ដល់ 2,000 ម៉ែត្រការ៉េ។

ពាណិជ្ជកម្ម

តើធ្វើដូចម្ដេច ដើម្បីអាចមើលឃើញពីឱកាសអាជីវកម្មនាពេលអនាគត?

អាជីវកម្ម

តើអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងដែរឬទេ?
មនុស្សយើងម្នាក់ៗតែងតែមានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មដ៏ពូកែម្នាក់ ក៏ប៉ុន្តែការចាប់ផ្ដើមអាជីវកម្ម​ វាមិនមែនជារឿងងាយស្រួលនោះឡើយ គឺវាតម្រូវឲ្យយើងមានចំណេះដឹង បទពិសោធន៍ ការតាំងចិត្ត និងភាពតស៊ូខ្លាំងណាស់។ នេះក៏ព្រោះតែ ក្នុងពេលពេលបច្ចុប្បន្ន គឺមានប្រភេទអាជីវកម្មជាច្រើនបាននឹងកំពុងរីកលូតលាស់ដូចផ្សិត ដែលជាកត្ដាធ្វើឱ្យឱកាសនៃការបើកអាជីវកម្មកាន់តែតូចចង្អៀតឡើងៗ។

ក៏ប៉ុន្តែតើយើងគួរធ្វើដូចម្ដេចដើម្បីអាចសម្លឹងឃើញនូវឱកាសអាជីវកម្មនាពេលខាងមុខបាន? ដូច្នេះថ្ងៃនេះ លោក ហាក់ គីមថុង​ ដែលជាស្ថាបនិករបស់ “គំនិត” បានធ្វើការចែករំលែកនូវគន្លឹះ 3យ៉ាងដើម្បីជួយឱ្យអ្នកមើលឃើញឱកាសអាជីវកម្មនាពេលអនាគត៖

  1. ចំណេះដឹង ៖ វាជាទុនដំបូងគេបង្អស់ដែលមានសារៈសំខាន់បំផុត នៅក្នុងការជួយឱ្យអ្នកមើលឃើញឱកាសទីផ្សារ នៅពេលដែលមានការប្រកួតប្រជែងគ្នា។ ជាការពិតណាស់ បើសិនគ្មានចំណេះដឹងទេនោះ បើទោះបីជាមានឱកាសល្អ ក្នុងការចាប់ផ្ដើមអាជីវកម្មក៏ដោយ​ ក៏មិនប្រាកដថាអ្នកអាចចេះចាប់យកឱកាសដ៏កម្រមួយនេះបានដែរ។
  2. ស្គាល់មនុស្សដែលមានបទពិសោធន៍យូរឆ្នាំ ៖ នៅក្នុងពិភពធុរកិច្ច ម្នាក់ៗមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ដើម្បីឱ្យខ្លួនអាចជ្រៀតចូលក្នុងទីផ្សារបានមុនគេ។ ដូច្នេះយើងត្រូវតែរៀនពីរៀមច្បង ដែលពួកគាត់សុទ្ធសឹងតែមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យធុរកិច្ច ហើយពួកគាត់ក៏បានជួបរឿងរ៉ាវច្រើនរាប់មិនអស់ផងដែរ។ ហើយនេះគឺជាឱកាសដែលល្អដើម្បីក្រេបជញ្ជក់យកនូវបទពិសោធន៍ គំនិតល្អៗ និងដំណោះស្រាយ ពាក់ព័ន្ធទៅនឹងវិស័យដែលយើងចង់រកស៊ីនេះ។
  3. ដើរចេញក្រៅឱ្យច្រើន ៖ នៅក្នុងចំណុចនេះ វាមិនមែនជាការដើរលេងសម្រាប់តែកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដើរចេញពី Comfort Zone ដើម្បីស្វែងរកគំនិតអាជីវកម្មថ្មីៗ និងឱកាស។ ហើយដើម្បីទទួលបានគំនិតទាំងអស់នោះ លុះត្រាតែយើងចេះសង្កេតមើលពីការអភិវឌ្ឍរបស់ប្រទេសដទៃទៀត និងប្រភេទអាជីវកម្មប្លែកៗ ព្រមទាំងគួរឲ្យចាប់អារម្មណ៍ផងដែរ។ ត្រង់កន្លែងនេះ ​លោក ហាក់ គីមថុង បានសង្កត់ធ្ងន់ថា “ប្រទេសជឿនលឿនគឺជាម៉ាស៊ីនពេលវេលារបស់ប្រទេសកំពុងអភិវឌ្ឍន៍” ហើយបើយើងងាកមកមើលកម្ពុជាយើងវិញ គឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយទេ ដូច្នេះយើងត្រូវតែសិក្សាពីប្រទេសដែលបានអភិវឌ្ឍន៍ ដើម្បីធ្វើជាទុនក្នុងស្វែងរកឱកាសអាជីវកម្មនៅប្រទេសយើង។

សរុបមកវិញ គន្លឹះទាំងបីចំណុចនេះ ជាពុទ្ធិក្នុងការត្រិះរិះពិចារណាសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ហើយក៏ជាផ្នែកមួយដែលជួយឱ្យអ្នកអាចមើលឃើញអំពីឱកាស និងគំនិតថ្មីៗទាក់ទងនឹងអាជីវកម្មនាពេលអនាគត។

 

ពាណិជ្ជកម្ម

បោះតង់នៅទួលគោកជាមួយ BBQ បែបថៃ ម្ហូបហិលៗ chill កប់

បោះតង់ Restaurant-Bar & Drink

ចាំបាច់ទៅបោះតង់នៅព្រៃអី​នេះមក បោះតង់ Restaurant-Bar & Drink ក៏បាននៅភ្នំពេញទួលគោកយើងតាស៎! មកជាមួយបរិយាកាសបែបបោះតង់ពិតៗមានទាំងតង់ មានទាំងតុកៅអី ចង្កៀងបំភ្លឺជាច្រើនដូចបោះតង់ចឹង។ អ្នកទាំងអស់គ្នាអាចអង្គុយក្នុងតង់ក៏បាន ក្រៅតង់ក៏បាន តុទាបឬតុខ្ពស់ទៅតាមចំណង់ចំណូលចិត្ត។ សំខាន់នៅនេះក៏មានភ្លេងស្ដាប់ព្រមទាំងតន្រ្ដីដែរច្រៀងដោយអ្នកចម្រៀង​ និងក្រុុម original song ផងដែរ។

បោះតង់ Restaurant-Bar & Drinkបោះតង់ Restaurant-Bar & Drinkបោះតង់ Restaurant-Bar & Drink

បើនិយាយពីម្ហូបវិញសម្រាប់អ្នកដែរនឹករសជាតិម្ហូបថៃគឺដឹងតែត្រូវហៃ! នៅនេះមានជា BBQ បែបថៃដូចជា សាលម៉ុន​ មឹក បង្គា ប្រហិត និងបន្លែជាច្រើនមុខ។​​ 

BBQ

ហើយអ្វីដែរពិសេសនោះគឺ​ Jellyfish ដែលយើងតែងតែហៅថាមឹកចាហួយហ៎ ​យើងធ្លាប់តែឃើញមានលក់នៅប្រទេសថៃដែរគេយកមកធ្វើជាអាហារ តែឥឡូវនៅបោះតង់ក៏មានលក់ដែរ ជាប្រភេទ Jellyfish អាំងដែលធ្វើយ៉ាងស្អាតដោយចុងភៅយ៉ាងជំនាញអាចញំុាបានរសជាតិ ច្រុបៗ​​ជ្រល់ជាមួយទឹកត្រីកោះកុងអេម។

មិនត្រឹមតែ BBQ ទេនៅនេះមានទាំងម្ហូបជាច្រើនមុខទាំងហិលតិចទាំងហិលខ្លាំង បើចង់ហិលខ្លាំងយកជើងមានទឹកភ្នែកទធានាទឹកភ្នែកម៉ង បើហិលតិចៗមានភ្លា ឆា ផ្សេងៗ។ បើចង់ផ្អែមហិលតិចៗគល់ស្លាបមាន់ជាតិណាស់។

បោះតង់ Restaurant-Bar & Drink

សក្ដិសមបំផុតសម្រាប់អ្នកដែរចូលចិត្ត chill chill ល្ងាចៗឡើងចង់បានបរិយាកាសប្លែកៗអង្គុយស្ដាប់ភ្លេងញុំា BBQ អីហ្នឹង! អាចហៅមិត្តភក្ដិ​ ក្រុមការងារ ឬដៃគូមកបន្ធូរអារម្មណ៍ សប្បាយៗនៅទីនេះបាន!​ ទីតាំងស្ថិតនៅផ្លូវ 568 ​ខណ្ឌទួលគោក​ រាជធានីភ្នំពេញ (ក្រោយសាលាឥន្រ្ទទេវី​)​ ចាប់បើកពីម៉ោង 4ល្ងាច ដល់ 11យប់ ។

 

ហាង: បោះតង់ Restaurant-Bar & Drink

⏰​ បើកម៉ោង 4ល្ងាច ដល់ 11យប់

☎️ 081543724

📍ទីតាំង: ផ្លូវ 568 ​ទួលគោក​ រាជធានីភ្នំពេញ ( ក្រោយសាលាឥន្រ្ទទេវី​ )

📍ផែនទី:​​ https://maps.app.goo.gl/fDdfF2A5YjfWREYG9?g_st=ic

ពាណិជ្ជកម្ម

YouTuber ដ៏ល្បីល្បាញទាំង 6រូបត្រូវបានអញ្ជើញឱ្យផ្សព្វផ្សាយកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក 2023

យុទ្ធសាស្រ្តទីផ្សារឌីជីថល

 

នៅក្នុងបរិបទឧស្សាហកម្ម4.0 ឬសម័យឌីជីថលនេះ ការប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដោយពឹងផ្នែកទៅលើ Influencer ឬតាមប្រព័ន្ធ Social Media វាពិតជាផ្នែកមួយដ៏សំខាន់ និងមានឥទ្ធិពលនាពេលបច្ចុប្បន្ននេះ ហើយសូម្បីតែវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានប្រើប្រាស់យុទ្ធសាស្រ្ដមួយនេះដែរ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ “Thehindu” បានឱ្យដឹងថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ2023 ដែលធ្វើឡើងនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ដោយវេទិការសេដ្ឋកិច្ចកំពូលមួយនេះ បានអញ្ជើញ Influencer ឬYouTuber ល្បីៗចំនួន 6នាក់ ដែលពួកគាត់ទាំងអស់គ្នាសុទ្ធសឹងតែជាអ្នកមានឥទ្ធិពល និងមានអ្នកតាមដានជាច្រើននាក់នៅក្នុងប្រព័ន្ធ Social Media ដើម្បីឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

កត្ដាចម្បងដែលនាំឱ្យ Influencer ឬYouTuber មានវត្តមាននៅក្នុងកម្មដែលល្បីល្បាញលំដាប់ថ្នាក់ពិភពលោក គឺដើម្បីធ្វើការផ្សព្វផ្សាយទៅដល់ទស្សនិកជន ឬអ្នកតាមដានទូទាំងសកល ឱ្យបានចូលរួមក្នុងជំនួបកំពូលនេះ។  ជាលទ្ធិផលពិតជាមានអ្នកចូលរួមតាមប្រព័ន្ធអ៊ីនធឺណេតជាច្រើនមែនទែន រហូតដល់ 230 លាននាក់ ដែលកម្មវិធីនេះជជែកក្រោមប្រធានបទពាក់ព័ន្ធទៅនឹង “បញ្ហាអាកាសធាតុ យុត្តិធម៌សង្គម និងការថែទាំសុខភាពពិភពលោក”

ហើយវត្តមាន Influencer ទាំង 6នាក់ នៅក្នុងវេទិកាសេដ្ឋកិច្ចដ៏អស្ចារ្យមួយនេះ រួមមាន៖

  • អ្នកនាង Prajakta Koli មានឆានែល “Mostly Sane”
  • អ្នកស្រី Adanna Steinacker មានឆានែល “House of Adanna”
  • លោក Nuseir Yassin មានឆានែល “Nas Daily”
  • លោក Luis Villar មានឆានែល “Luisito Comunica”
  • លោក Wode maya មាននែល“Wode maya”
  • អ្នកស្រី Nathalia Arcuri មាននែល “Me Poupe”

គូរបញ្ជាក់ផងដែរថា ពួកគេទាំង 6រូបនេះ នឹងត្រូវបានជ្រើរើសឱ្យចូលរួមជាអ្នកច្នៃប្រឌិត (Innovators) ដើម្បីស្វែងរកដំណោះស្រាយ និងការផ្លាស់ប្តូរជាសកល។

ពាណិជ្ជកម្ម

ឱកាសល្អសម្រាប់កសិករ កម្ពុជានឹងមានវិនិយោគិនមកបណ្តាក់ទុនលើវិស័យស្រូវអង្ករពីប្រទេសម៉ាល់ឌីវ

កសិកម្ម

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន កាលពីថ្ងៃទី16 ខែមករា ថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានជួយពិភាក្សាជាមួយប្រធានាធិបតីម៉ាល់ឌី គឺឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី។ នៅក្នុងជំនួបនេះសម្ដេចបានលើកទឹកចិត្តទៅដល់ វិនិយោគិនម៉ាល់ឌីវ ឲ្យមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ប្រសើរជាជាងគ្រាន់តែទិញ ដើម្បីគ្រប់គ្រងលើគុណភាព និងតម្លៃ ហើយព្រមទាំងបញ្ជាក់ថា អង្ករកម្ពុជាមានឈ្មោះល្បី និងជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក។

នៅថ្ងៃបន្ទាប់ ឯកឧត្តម សុខ ចិន្ដាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋម៉ាល់ឌីវ បានឯកភាពពងឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ។ ហើយឯកឧត្តម បានបញ្ជាក់បន្ថែមថា “សម្តេចបានផ្តល់អនុសាសន៍ បើទិញអង្ករយើងខ្ញុំអរ ប៉ុន្តែបើយកល្អ ធ្វើម៉េចឯកឧត្តម ប្រធានាធិបតីលើកទឹកចិត្តឱ្យមានអ្នកវិនិយោគិនម៉ាល់ឌីវ មកបណ្តាក់ទុនរោងចក្រម៉ាស៊ីនកិនស្រូវ មានទាំងឃ្លាំងស្តុកស្រូវ ប្រមូលទិញស្រូវពីប្រជាកសិករ ធ្វើការកិនស្រូវ វេចខ្ជប់ នឹងលក់ទៅម៉ាល់ឌីវក៏បាន និងប្រទេសផ្សេងទៀតក៏បាន”។

នៅថ្ងៃដដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានផ្សព្វផ្សាយនូវពូជស្រូវថ្មីមួយប្រភេទ គឺមានឈ្មោះថា «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេច​បាន​បន្ទាប់​ពី​ធ្វើ​ពិសោធន៍​និង​បង្កាត់អស់​រយៈ​ពេល​៩​ឆ្នាំ​ ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ដែលមានគុណភាពល្អប្រណិត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញរបាយការណ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន 63 ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ 2022 កើនឡើង 3,2 ភាគរយបើធៀបនឹងឆ្នាំ 2021។

កសិកម្ម

 

ពាណិជ្ជកម្ម