spot_img
spot_img
Home Blog Page 27

របៀប​ចំណាយ​ 7 ដុល្លារ​ក្នុង​មួយ​ខែ​លើ​អាហារ ដោយសន្សំ​បាន 8 ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល 4 ឆ្នាំ

0
កំពូលអ្នកសន្សំលុយ

Ji-hyeon Kwak មានអាយុ 24 ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយនាងអាចសន្សំបាន 100 លានវ៉ុន (79,400 ដុល្លារ) ក្នុងរយៈពេល 4 ឆ្នាំ តាមរយៈរបៀបសន្សំសំចៃយ៉ាងរបស់នាង។

មូលហេតុដែលនាងសន្សំសំចៃ

Ji-hyeon Kwak មានគោលបំណងចង់មានផ្ទះរស់នៅផ្ទាល់ខ្លួនមួយ ដូច្នេះហើយនាងក៏ចាប់ផ្ដើមធ្វើការតាំងពីអាយុ 19 ឆ្នាំ និងធ្វើការសន្សំលុយដែលរកបាន។ ទោះបីជារកបានជាមធ្យម 2 លានវ៉ុន (1,582ដុល្លារ) ក្នុងមួយខែ (បន្ទាប់ពីបង់ពន្ធ) ស្ត្រីវ័យក្មេងរូបនេះក៏បានគ្រប់គ្រងទុកមួយឡែករៀងរាល់ខែដើម្បីសន្សំប្រាក់បានជាង100 លានវ៉ុន ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ។ ការ​សន្សំ​សំចៃនេះ នាងព្យាយាម​ចំណាយ​ត្រឹម​តែ 8,400 វ៉ុន (6.7 ដុល្លារ) លើ​ម្ហូបអាហារ​ក្នុង​មួយ​ខែ។ ការធ្វើបែបនេះ ទើបនាងអាចសម្រេចគោលបំណង និងមានលទ្ធភាពក្នុងការទិញអាផាតមិនដើម្បីរស់នៅផ្ទាល់ខ្លួន។

លើសពីនេះ អ្វីដែលកាន់តែជំរុញចិត្ត និងក្ដីសង្ឃឹមដល់នាងក្នុងការសន្សំប្រាក់នេះ គឺដោយសារតែការទិញផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រព័ន្ធក្នុងការបង្កើតគណនីសន្សំដើម្បីបញ្ជាទិញផ្ទះ។

របៀបសន្សំសំចៃរបស់ Ji-hyeon Kwak

ចំពោះការចំណាយលើម្ហូបអាហារ និងផលិតផលប្រើប្រាស់ទូទៅ ភាគច្រើននាងចំណាយតិចតួចបំផុត ដោយពេលខ្លះនាងស្ទើរតែទទួលបានសម្ភារៈប្រើប្រាស់ ឬអាហារមួយចំនួនដោយឥតគិតថ្លៃតាមរយៈការប្រើប្រាស់គូប៉ុងសន្សំពិន្ទុ និងប័ណ្ណបញ្ចុះតម្លៃដែលនាងបានរក្សាទុកកន្លងមក។ ធ្វើបែបនេះ នាងក៏អាចសន្សំប្រាក់បានច្រើននៃប្រាក់ខែរបស់នាង។

នៅក្នុងកម្មវិធី Master of Living របស់ SBS នាងបាននិយាយថា នាងបានប្រើប្រាស់កម្មវិធី និងការស្ទង់មតិផ្សេងៗដើម្បីទទួលបានពិន្ទុ និងលេខកូដប័ណ្ណបញ្ចុះតម្លៃ បន្ទាប់មកនាងក៏អាចយកពីរបីរយវ៉ុនដែលនាងទទួលបាននោះទៅចំណាយលើសម្ភារៈផ្សេងៗគ្នា។

ការពឹងផ្អែកលើកម្មវិធី និងលេខកូដប័ណ្ណតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ដូច្នេះហើយដើម្បីកាត់បន្ថយការចំណាយរបស់នាងឱ្យតិចបំផុត នាងក៏សម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងប្រហែល 2 ម៉ោងក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចំណាយលើមធ្យោបាយធ្វើដំណើរ ផឹកតែទឹកម៉ាស៊ីន និងតែដែលធ្វើនៅផ្ទះ ហើយជាទូទៅនាញព្យាយាមញ៉ាំអ្វីក៏ដោយដែលនាងអាចទិញក្នុងតម្លៃថោកបំផុត ឬឈ្នះតាមរយៈកម្មវិធីរបស់នាង។

ក្នុងរយៈពេល 4 ឆ្នាំចាប់តាំងពីនាងចាប់ផ្តើមសន្សំសំចៃ Ji-hyeon Kwak បានរៀនពីវិធីជាច្រើនដើម្បីសន្សំប្រាក់ និងអាចរក្សារបបអាហារឱ្យមានតុល្យភាព។ បច្ចុប្បន្ននេះ នាងក៏ចាប់ផ្ដើមធ្វើវីដេអូចែករំលែកពីរបៀបសន្សំរបស់នាងផងដែរ តាមរយៈ YouTube និង Instagram

ពាណិជ្ជកម្ម

របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

0
របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ដូច្នេះហើយនៅកន្លែងការងារប្រសិនបើអ្នកចង់ធ្វើឱ្យក្រុមការងាររបស់អ្នកបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ អ្នកត្រូវតែហ្វឹកហាត់ក្រុមការងាររបស់អ្នកឱ្យមានជំនាញដោះស្រាយបញ្ហា។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកមកអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់អ្នក។

1. ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក

នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់អ្នកមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។

វគ្គបណ្ដុះបណ្ដាលនេះ អ្នកត្រូវតែផ្ដោតលើគោលបំណងឱ្យបុគ្គលិករបស់អ្នកទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។

2. អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ

នៅចំណុចនេះថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់ ត្រូវតែផ្ដល់ឱកាសឱ្យក្រុមការងារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហ៊ានប្រឈមមុខនឹងបញ្ហានានា រៀនដោះស្រាយបញ្ហាដោយខ្លួនឯង និងសាកល្បងធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួន (ក៏អាចផ្ដល់សិទ្ធិក្នុងការសុំការប្រឹក្សាយោបល់បន្ថែម) បន្ទាប់មក ត្រូវបង្ហាញឱ្យក្រុមការងាររបស់អ្នកចេះឈ្វេងយល់ដោយខ្លួនឯងអំពីបញ្ហាទាំងនោះ និងរៀនវិភាគលើលទ្ធផលដែលទទួលបាន ដើម្បីស្វែងរកដំណោះស្រាយផ្សេងទៀតដែលល្អប្រសើរជាងមុនក្នុងការអនុវត្តន៍ម្ដងទៀត។

បន្ថែមពីនេះ អ្នកក៏ត្រូវជួយជ្រោមជ្រែងពីក្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមការងាររបស់អ្នកមានជម្រើសនិងគំនិតបន្ថែម ហើយធ្វើឱ្យពួកគេរៀនបន្ស៉ុំានឹងការដោះស្រាយបញ្ហាប្រកបដោយភាពវៃឆ្លាត។ ម្យ៉ាងទៀត អ្នកក៏ត្រូវផ្ដល់ឱកាសឱ្យក្រុមការងារចេញក្រៅ និងចេះរៀនសង្កេតមើលពីរបៀបរបស់អ្នកដទៃដោះស្រាយបញ្ហាដែលជួបហេតុការណ៍ស្រដៀងអ្នក ឬបញ្ហាផ្សេង ព្រមទាំងរៀនអ្វីៗផ្សេងទៀតដើម្បីផ្ដល់ជំនួយ ឬបង្កើនសមត្ថភាពលើការពង្រឹងសមត្ថភាពដោះស្រាយបញ្ហា។

3. ដឹកនាំក្នុងការដោះស្រាយបញ្ហាជាក់ស្ដែង

នៅក្នុងចំណុចនេះ អ្នកអាចបែងចែកក្រុមតូចៗក្នុងការដឹកនាំក្នុងការរៀនដោះស្រាយបញ្ហា ដោយក្នុងមួយក្រុមមានសមាជិកយ៉ាងតិច 3 នាក់ ហើយការអនុវត្តន៍អាចមានមួយដងក្នុងមួយខែ ឬអាស្រ័យលើការកំណត់របស់អ្នក។

នៅក្នុងចំណុចនេះ អ្នកអាចបញ្ហាចោទជាក់ស្ដែងនៅក្នុងស្ថាប័នមួយ ឬច្រើនតាមការកំណត់ចង់បានរបស់អ្នក បន្ទាប់មកចាប់ផ្ដើមយុទ្ធនាការណ៍ដោះស្រាយបញ្ហាតាមក្រុមនីមួយៗ ដើម្បីធ្វើឱ្យក្រុមការងារកាន់តែយល់ច្បាស់ពីរបៀបនៃការដោះស្រាយបញ្ហា។ សូមបញ្ជាក់ផងដែរថា អ្នកក៏អាចអញ្ជើញបុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា ម្នាក់ឬពីរនាក់ ដើម្បីជួយក្នុងការដឹកនាំដំណើរការបណ្ដុះបណ្ដាលបែបនេះ ឬមិនចាំបាច់ក៏បានអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។

 

ពាណិជ្ជកម្ម

៤យ៉ាងដែលអាចជួយអ្នកផ្ដោតទៅលើអ្វីដែលសំខាន់ពិតប្រាកដ

0
៤យ៉ាងដែលអាចជួយអ្នកផ្ដោតទៅលើអ្វីដែលសំខាន់ពិតប្រាកដ

កិច្ចការងារនៅសាលាក៏ច្រើន ការងារនៅកន្លែងធ្វើការក៏មិនតិច រីឯការងារនៅផ្ទះក៏គរជាន់ជើងគ្នា ធ្វើមិនទាន់ហើយ។ អ្នកពិតជាពិបាកខ្លាំងហើយមែនអត់ ពិបាកអត់ដឹងថាត្រូវធ្វើការងារណាមុនទុកការងារណាក្រោយមែនអត់ បើវាមកស្របពេលគ្នាបែបនេះ។ ដូច្នេះ ថ្ងៃនេះពន្លកនឹងចែករំលែកអំពីចំណុចសំខាន់ៗចំនួន4ដើម្បីជួយសម្រាលការលំបាករបស់អ្នកទាំងអស់គ្នា។ បើសិនជាអ្នកចង់បញ្ចប់ការងារទាំងអស់នោះឲ្យឆាប់ហើយអ្នកគប្បី៖

. សរសេរពីអ្វីដែលអ្នកគិតថាវាចាំបាច់ត្រូវធ្វើមុន

​​​       ការងារច្រើនពេក គោលដៅច្រើនពេក អ្នកប្រហែលជាអត់ដឹងថាត្រូវធ្វើកិច្ចការងារណាមួយមុនទេមែនអត់? ដើម្បីដឹងថាការងារណាជាការងារបន្ទាន់ ហើយការងារណាជាការងារបន្ទាប់បន្សំ ជាដំបូងអ្នកត្រូវរំឮកដាស់តឿនខ្លួនឯងជារៀងរាល់ថ្ងៃ ថា៖

  • តើការងារអ្វីដែលខ្ញុំត្រូវធ្វើមុនគេ? ( list down ៥ចំណុចដែលអ្នកគិតថាវាជាការងារចាំបាច់ដែលអ្នកត្រូវធ្វើ រួចចាប់ផ្ដើមធ្វើវាម្ដងមួយៗ)
  • តើវាចាំបាច់ដែរឬទេដែលត្រូវធ្វើកិច្ចការទាំងនោះ?
  • តើគោលដៅមួយណាដែលសំខាន់បំផុតសម្រាប់ខ្ញុំដើម្បីសម្រេចឲ្យបានជោគជ័យនៅក្នុងឆ្នាំនេះ?
  • តើខ្ញុំត្រូវផ្ដោតទៅលើវាតាមវិធីណា?

បន្ទាប់ពីអ្នកសរសេរចូលនូវកិច្ចការសំខាន់ៗដែលអ្នកបានលើកឡើងហើយ នោះអ្នកនឹងកាន់តែមានភាពងាយស្រួល ដោយមិនចាំគិតខ្វល់ខ្វាយថាតើគួរធ្វើមួយណាមុនមួយណាឡើយ។

២. រកមើលថា តើអ្វីដែលតែងតែរំខានអ្នក

គឺអ្នកត្រូវរកមើលថាតើអ្វីដែលតែងតែរំខានអ្នកមិនឲ្យសម្រេចកិច្ចការដ៏សំខាន់នោះទៅបានរលូន និងតាមដានក៏ដូចជាសង្កេតមើលថា តើអ្វីដែលតែងតែធ្វើឲ្យអ្នកចំណាយពេលច្រើនទៅលើវា ប៉ុន្តែអត់ដែលទទួលបានផលអ្វីត្រលប់មកវិញសោះ។ យ៉ាងណាមិញប្រសិនបើអ្នកចង់ផ្ដោតទៅលើរឿងដែលសំខាន់ រឿងដែលមានប្រយោជន៍នៅក្នុងជីវិតរបស់អ្នក គឺអ្នកត្រូវតែបន្តគិតថាតើសកម្មភាពណាមួយដែលតែងតែចាំឆ្លបលួចពេលវេលាដ៏មានតម្លៃនោះចេញពីអ្នក? ព្រោះមនុស្សមួយចំនួនធំ ពុំដែលធ្លាប់ចាប់អារម្មណ៍ថា ពួកគេបានចំណាយពេលដ៏ច្រើនមហាសាលទៅលើរឿងកំប៉ិកកំប៉ុក ឬលើរឿងឥតបានការនោះទេ។ដូចនេះហើយទើបធ្វើឲ្យកិច្ចការរបស់ពួកគេមិនអាចបញ្ចប់បានសូម្បីតែម្ដង។

៣. កាត់ផ្ដាច់រាល់ការរំខាន

មុនពេលដែលអ្នកចាប់ផ្ដើមប្រតិបត្តិការធ្វើការងាររបស់អ្នក អ្នកត្រូវច្បាស់ក្នុងចិត្តថាត្រូវយកការរំខានទាំងប៉ុន្មានចេញឲ្យឆ្ងាយពីអ្នកដូចជា បិទសម្លេងទូរស័ព្ទ សម្លេងសារ ទឺងទឺង ដើម្បីកុំឲ្យអ្នកបែកអារម្មណ៍ ស្វែងរកកន្លែងដែលមានមនុស្សតិចដើម្បីប្រមូលស្មារតីធ្វើការ ចេញឆ្ងាយពីភាពអ៊ូអរ។ល។ បើសិនជាអ្នកអាចធ្វើបែបនេះបាន នោះរាល់កិច្ចការងាររបស់អ្នក នឹងទៅមុខយ៉ាងរលូនបូករួមនឹងភាពល្អឥតខ្ចោះដែលអ្នកបានធ្វើទៀតនោះធ្វើឲ្យការងារអ្នកមានសោភ័ណភាពល្អឥតទាស់តែម្ដង។

៤. បញ្ឃប់ការធ្វើការងារច្រើនមុខក្នុងពេលតែមួយ

ខ្ញុំទទួលស្គាល់ថាការ ធ្វើការងារច្រើនមុខអាចធ្វើឲ្យអ្នកចេះបានគ្រប់រឿង ដឹងគ្រប់បញ្ហា​ ប៉ុន្តែផលប៉ះពាល់នៃការធ្វើការងារច្រើនមុខពេក គឺធ្វើឲ្យអ្នកបាត់បង់នូវការផ្ចង់អារម្មណ៍ និងគុណភាពនៃការងារ(ធ្លាក់ទឹកដៃ)​ ដែលធ្វើឲ្យអ្នកមិនអាចបញ្ចប់កិច្ចការទាន់ពេល ដោយសារតែអ្នកត្រូវគិតរឿងរ៉ាវផ្សេងៗគ្នាក្នុងកំឡុងពេលតែមួយនេះឯង។ដូចនេះការធ្វើការងារច្រើននឹងធ្វើឲ្យគុណភាពការងាររបស់អ្នកធ្លាក់ចុះក៏ដូចជាធ្វើឲ្យអ្នកពិបាកក្នុងការផ្ដោតទៅលើរឿងអ្វីមួយជាក់លាក់។

ពាណិជ្ជកម្ម

របៀបដែលចិញ្ចៀន DR ក្លាយជាចិញ្ចៀនដ៏មានតម្លៃខុសប្លែកពីគេ

0
របៀបដែលចិញ្ចៀន DR ក្លាយជាចិញ្ចៀនដ៏មានតម្លៃខុសប្លែកពីគេ

ជាទូទៅ នៅពេលដែលមនុស្សនិយាយអំពីម៉ាកយីហោគ្រឿងអង្ការ ភាគច្រើនគឺពួកគេនឹងគិតដល់ភាពប្រណិត ភាពទាន់សម័យលំដាប់ខ្ពស់​ និងរចនាប័ទ្មនៃម៉ូដជាដើម។ លើសពីនេះ ការបង្កើតចិញ្ចៀនពេជ្រដ៏ប្រណិតមួយ ក៏ទាមទារឱ្យមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ចិញ្ចៀនម៉ាក Darry Ring (DR) បានប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយ គឺការបង្កើតស្នេហាដ៏ស្មោះស័្មគ្រតែមួយគត់ ដោយលេខ ID បុរសម្នាក់អាចប្ដូរចិញ្ចៀនពេជ្រតាមបំណងសម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត មានន័យថា បុរសម្នាក់ អាចទិញចិញ្ចៀននេះបានតែមួយដងគត់នៅក្នុងជីវិតដើម្បីប្រគល់ជូនមនុស្សដែលខ្លួនស្រលាញ់ ដើម្បីបញ្ជាក់អំពីចិត្តស្មោះសរ។

Darry Ring

នៅក្នុងវិស័យគ្រឿងអលង្ការលំដាប់ខ្ពស់ Darry Ring បានរួមបញ្ចូលគ្នាដោយជោគជ័យនូវចិញ្ចៀនពេជ្រជាមួយនឹងអារម្មណ៍របស់មនុស្ស ដែលធ្វើឱ្យមានឥទ្ធិពលខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្លាយជាគំរូដ៏អស្ចារ្យនៃរបៀបដែលម៉ាកយីហោនេះជោគជ័យនៅក្នុងបរិយាកាសទីផ្សារអ៊ីនធឺណិត។

គួរបញ្ជាក់ផងដែរថា Darry Ring គឺជាម៉ាកយីហោគ្រឿងពេជ្រនៅហុងកុង ដែលទទួលបានកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការពេជ្រអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះ Darry Ring បានក្លាយជាអ្នកនាំមុខគេក្នុងវិស័យទីផ្សារចិញ្ចៀនពេជ្ររបស់ប្រទេសចិន ដោយសារតែការបង្កើតនូវវប្បធម៌ជំនាន់ថ្មី គំនិតនៃការច្នៃប្រឌិតដ៏អស្ចារ្យនៅលើប្រព័ន្ធអ៊ីនធឺណិត និងការអនុវត្តលើការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងនៃគូស្នេហ៍ដ៏ល្អបំផុត។

ភាពជោគជ័យនេះ បានធ្វើឱ្យសហគ្រិនជំនាន់ក្រោយមានចម្ងល់ និងចង់ឈ្វេងយល់បន្ថែមពីរបៀបដែល Darry Ring ធ្វើទីផ្សាររួមបញ្ចូលគ្នារវាងផលិតផលជាមួយនឹងផ្នត់គំនិតថ្មី និងរបៀបធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយបែបថ្មីយ៉ាងជោគជ័យ។ ហើយខាងក្រោមនេះ នឹងបង្ហាញចម្លើយសម្រាប់អ្នក។

1. របៀបដែលចិញ្ចៀនម៉ាក DR រចនាគំនិតទីផ្សារ

គំនិតទីផ្សារ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីអាចផ្លាស់ប្ដូរផ្នត់គំនិតអតិថិជន អាចទាញចិត្តពួកគេឱ្យមកជឿជាក់ និងសម្រេចចិត្តទិញបានលឿន ហើយដើម្បីធ្វើបែបនេះបាន ក៏ទាមទារឱ្យអ្នកដឹងពីអ្វីដែលជាតម្រូវការ និងការចង់បានរបស់អតិថិជន ហើយបំពេញតម្រូវការរបស់ពួកគេ និងអាចយកឈ្នះលើដៃគូប្រកួតប្រជែងរបស់អ្នក។ ហើយដើម្បីអាចរចនាគំនិតទីផ្សារបានល្អ គឺវាពឹងផ្អែកលើការស្រាវជ្រាវទីផ្សារ ទំហំនៃទីផ្សារគោលដៅ និងតម្រូវការរបស់អតិថិជនជាមុនសិន។ ជំហានបន្ទាប់ ដើម្បីបំពេញតាមតម្រូវការទាំងនេះ ក្រុមការងារទីផ្សារត្រូវសម្រេចចិត្តថា តើប្រភេទល្បាយទីផ្សារណាខ្លះអាចប្រើប្រាស់បាន?

ចំពោះគំនិតទីផ្សាររបស់ Darry Ring គឺ “បុរសម្នាក់អាចទិញចិញ្ចៀនម៉ាក DR តាមលេខសម្គាល់សម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត” ហើយមនុស្សស្រីមិនអាចទិញសម្រាប់ខ្លួនឯងបានទេ។ ហើយ Darry Ring នីមួយៗមានលេខកូដពិសេសរបស់វាតែមួយគត់ ដែលមានន័យថា ទោះបីជាអ្នកប្រើប្រាស់ស្ថិតនៅក្នុងស្ថានភាពបែបណា ក៏គាត់មិនអាចទិញ Darry Ring មួយទៀតបានដែរ។ ការរចនាគំនិតទីផ្សារ និងមនោសញ្ចេតនាបែបនេះ Darry Ring បានចាប់យកចិត្តសាស្ត្ររបស់ស្ត្រីក្នុងការស្វែងរកស្នេហាពិត និងធ្វើឱ្យស្ត្រីភាគច្រើនចង់បានចិញ្ចៀន Darry Ring ដែលជានិមិត្តសញ្ញានៃក្តីស្រឡាញ់ និងសុភមង្គលបំផុត។

ភាពជោគជ័យមួយនេះ Darry Ring បានរំលឹកដល់យើងថា ការដែលធ្វើឱ្យគុណតម្លៃលើផលិតផល ឱ្យមានភាពល្អ គឺវាពិតជាសំខាន់ជាងគុណតម្លៃនៃម៉ាកយីហោ ពីព្រោះវាអាចធ្វើឱ្យអតិថិជនកាន់តែជឿជាក់លើផលិតផលរបស់អ្នក ហើយម៉ាកយីហោរបស់អ្នកនឹងដើរតាមក្រោយ។ ហើយនេះជាបទពិសោធន៍ដ៏ល្អដែលម្ចាស់អាជីវកម្មផ្សេងទៀតអាចសិក្សារៀនសូត្រ និងអនុវត្តន៍បាន។

2. របៀប Darry Ring ចាប់យកអតិថិជនគោលដៅ

ការធ្វើទីផ្សារនៅលើបណ្តាញសង្គម គឺវាចាំបាច់ត្រូវតែយល់ពីកង្វល់របស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត ដើម្បីទាញយកឥទ្ធិពលភ្លាមៗនៃការទំនាក់ទំនងតាមបណ្តាញសង្គម។ ក្នុងនាមជាម៉ាកយីហោចិញ្ចៀនអាពាហ៍ពិពាហ៍ Darry Ring ក៏ត្រូវតែមានចំណុចសំខាន់ផ្ទាល់ខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មគ្រឿងអលង្ការអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ននេះដែរ។ ភាគច្រើន​ការផ្សព្វផ្សាយនៃចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើទីផ្សារ គឺតែងតែបង្ហាញពីពាក្យស្លោកដែលបង្ហាញពីភក្ដីភាពនៃសេក្ដីស្រលាញ់ ដូចជា “បេះដូងរបស់ខ្ញុំជាថ្ម រក្សាជាពិសេសសម្រាប់អ្នក” “សាក្សីនៃសេចក្តីស្រឡាញ់ជារៀងរហូត” ជាដើម។

ទោះបីជា Darry Ring កំពុងមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ម៉ាកយីហោមួយនេះនៅតែអាចផ្ដល់នូវភាពខុសប្លែកពីគេ ហើយក៏ជាអ្វីដែលអតិថិជនចង់បានខ្លាំងណាស់ដែរនៅក្នុងជីវិតរបស់ពួកគេ គឺការដែលទទួលបានបុរសដែលស្រលាញ់ស្មោះស្ម័គ្រជាមួយខ្លួនឯងតែម្នាក់គត់ពេញមួយជីវិត ហើយវាក៏ជារឿងដែលកម្រផងដែរ ទាំងនេះជាពាក្យពេជ្រជាភាសាផ្សាយពាណិជ្ជកម្មរបស់ Darry Ring។ ដូច្នេះ Darry Ring ព្យាយាមបង្កើតមិត្តយ៉ាងជិតស្និតជាមួយអតិថិជន និងធ្វើជាសាក្សីស្នេហ៍ពិតរបស់ពួកគេ ជាជាងការធ្វើទីផ្សារដែលជាចំណុចជោគជ័យដ៏សំខាន់ក្នុងយុគសម័យនៃទីផ្សារអ៊ីនធឺណិត។

3. ដើម្បី Darry Ring បង្កើនរូបភាពម៉ាកយីហោ

វិធីសាស្រ្តដ៏ឆ្លាតវៃរបស់ Darry Ring គឺដាក់ផលិតផលរបស់ពួកគេទៅក្នុងព័ត៌មានទាន់ហេតុការណ៍ ហើយថែមទាំងផ្លាស់ប្តូរផលិតផលរបស់ពួកគេទៅជាប្រភេទព័ត៌មានតែមួយប្រភេទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចងចាំ និងការចាប់អារម្មណ៍ដល់ក្រុមអតិថិជនគោលដៅ។

នៅក្នុងឆ្នាំ 2014 តារាសម្ដែងចិនដ៏ល្បីម្នាក់បានរៀបការជាមួយនឹងពិធីករទូរទស្សន៍ដ៏ល្បីម្នាក់ទៀត ហើយ Darry Ring បានសម្រេចចិត្តចាត់ទុកពិធីមង្គលការរបស់តារាល្បីទាំងពីរដែលមិនធ្លាប់មានពីមុនមកថាជាការរំលេចទំនាក់ទំនងដ៏ល្អរបស់ខ្លួន ពីព្រោះជាការបង្ហាញពីការបំពាក់ចិញ្ចៀន DR ដើម្បីបញ្ជាក់នៃក្ដីស្រលាញ់តែមួយគត់ពេញមួយជីវិតរបស់ពួកគេ។ បន្ថែមពីនេះ ការផ្សព្វផ្សាយអំពី Darry Ring នៅគ្រប់ទីកន្លែងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Weibo ដ៏ធំបំផុតនៅក្នុងប្រទេសចិន។

4. ការអនុវត្តទំនាក់ទំនងរវាងទីផ្សាររួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តប្រព័ន្ធផ្សព្វផ្សាយបែបថ្មី

Darry Ring ប្រើប្រាស់វិធីសាស្រ្តទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នាដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបែបប្រពៃណី Weibo វីដេអូខ្នាតតូច និងប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ លើសពីនេះ ការផ្សព្វផ្សាយវីដេអូខ្នាតតូចនៃពិធីមង្គលការតារារបស់ Darry Ring មានច្រើនជាង 1.6 លាន ហើយប្រធានបទ Weibo របស់ Darry Ring ជាប់ចំណាត់ថ្នាក់លេខ 8 នៃបញ្ជីទាន់ហេតុការណ៍ (hot list) ។

បន្ថែមពីនេះ យើង​ត្រូវ​កត់​សម្គាល់​ថា ជំហាន​ទាំង​ពីរ​ខាង​ក្រោមគឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

ទីមួយ. សហគ្រាសត្រូវតែឈ្វេងយល់អំពីតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់នៅលើអ៊ិនធឺណិត បន្ទាប់មកអាចចាប់ផ្ដើមជ្រើសរើសគំនិតដើម្បីធ្វើការផ្សព្វផ្សាយ។

ទីពីរ. ធានាឱ្យមានការផ្សព្វផ្សាយមានភាពទៀងទាត់ ដើម្បីទាញចំណាប់អារម្មណ៍ឱ្យមានអ្នកទស្សនា និងមានការចូលរួមយ៉ាងសកម្មជាមួយយើង។ បន្ទាប់មក ត្រូវតែមានការលើកកម្ពស់នៃការងារដែលអ្នកកំពុងដំណើរការ និងដំណើរការប្រមូលសមិទ្ធផលនៃការទំនាក់ទំនងម៉ាកយីហោរបស់អ្នក។

ពាណិជ្ជកម្ម

ដំណើរការទាំង៧ជំហានក្នុងការកំណត់​ និងសម្រេចគោលដៅ

0
ដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ

អ្វីទៅជាគោលដៅ?​ ហើយហេតុអ្វីបានជាយើងត្រូវតែមានគោលដៅ?

គោលដៅគឺជាចំណុចបង្គោលមួយដែលជួយចង្អុលបង្ហាញពីទីកន្លែងដែលអ្នកចង់ទៅ និង ចង់ធ្វើ។ ការដែលមានគោលដៅនិងផែនការច្បាស់លាស់ វានឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យ និង វឌ្ឍនភាព។អ្វីដែលពិសេសនោះគឺ អ្នកត្រូវតែបែងចែកឲ្យដាច់រវាងការកំណត់គោលដៅការសម្រេចគោលដៅ ហើយត្រូវប្ដេជា្ញចិត្តឲ្យមុតមាំដើម្បីអនុវត្តគោលដៅរបស់អ្នកឲ្យក្លាយជាការពិត។ ខាងក្រោមនេះគឺជាដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ៖

១ រកមើលឲ្យឃើញពីគោលដៅរបស់អ្នក

អ្នកគួរតែបង្កើតនូវក្ដីស្រមៃមួយដែលធ្វើឲ្យអ្នកមានភាពរីករាយ​និងមានមោទនភាពជាមួយនឹងក្ដីស្រមៃមួយនេះ និងមានបំណងចង់សម្រេចវាឲ្យបានជោគជ័យនាពេលខាងមុខ។ ដើម្បីឲ្យមានភាពច្បាស់លាស់ជាមួយនឹងគោលដៅរបស់អ្នក អ្នកត្រូវតែសរសេរចុះនូវគោលដៅ និងសកម្មភាពផ្សេងៗដែលត្រូវធ្វើដាក់នៅលើក្រដាស។ កាលណាដែលអ្នកមានភាពច្បាស់លាស់ចំពោះគោលដៅ នោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពជឿជាក់ និង ទុកចិត្តមកលើខ្លួនឯងក្នុងការសម្រេចវា។

បន្ទាប់ពីការសរសេរគោលដៅនៅលើក្រដាសរួចហើយអ្នកត្រូវតែរកកន្លែងណាដែលអ្នកតែងតែចេញចូលឃើញវារាល់ថ្ងៃ ព្រោះវាជាវិធីមួយដែលអាចរំឮកពីផែនការដែលអ្នកត្រូវតែសម្រេចឲ្យបាន។ ម្យ៉ាងទៀត អ្នកត្រូវបែងចែកឲ្យដាច់រវាងតម្រូវការ និង ភាពចង់បានរបស់អ្នក។ សេចក្ដីចង់បាន វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ចិត្តដើម្បីបំពេញនូវភាពឡូយឆាយ និង សេចក្ដីពេញចិត្តរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ តម្រូវការ គឺមានភាពចាំបាច់ដែលអ្នកត្រូវតែធ្វើវាដោយមិនអាចខកខានបានឡើយ។ ដូចនេះត្រូវដាក់សកម្មភាពគោលដៅរបស់អ្នកឲ្យបានច្បាស់ ហើយសម្រេចវាឲ្យបានជោគជ័យ។

២ ការបែងចែកនូវគោលដៅ

ការប្រកួតប្រជែងដ៏ធំបំផុតរបស់មនុស្សដែលតែងតែប្រឈមមុខ គឺ ការបង្ខំ។ ពួកគេតែងតែមើលពីបច្ចុប្បន្ន និង អនាគតភាពរបស់ខ្លួនឯង ហើយចាប់ផ្ដើម បង្ខំខ្លួនឯងឲ្យសម្រេចគោលដៅនោះឲ្យបានឆាប់ៗ ដោយគ្មានការគ្រោងទុកនូវសកម្មភាព និង ផែនការច្បាស់លាស់។ អ្នកត្រូវតែ បង្កើតគោលដៅឲ្យធំ រួចដាក់ចេញជាសកម្មភាពតូចៗ ធ្វើវាម្ដងបន្តិចៗ ម្ដងមួយជំហានៗ ដើម្បីឲ្យគោលដៅអ្នកទទួលបាននូវភាពជោគជ័យ និងស្ថិតស្ថេរ។ ជំហានដំបូងអ្នកត្រូវចាប់ផ្ដើមគឺអានសង្ខេបឡើងវិញនូវ គោលដៅ និង ពេលវេលាដែលអ្នកចង់សម្រេចវាឲ្យបានជោគជ័យ។ជំហានបន្ទាប់គឺ អ្នកត្រូវកំណត់ថាអ្នកត្រូវវាស់ស្ទង់វាយ៉ាងដូចម្ដេច?តាមរយៈសួរខ្លួនឯងថា​ ” តើខ្ញុំនឹងក្លាយទៅជាអ្វីនៅឆ្នាំក្រោយនេះ?”ឬ “ តើខ្ញុំអាចពង្រឹងនូវភាពក្លាហានរបស់ខ្ញុំតាមវិធីណា?”។ការវាស់ស្ទង់នេះជួយអ្នកក្នុងការគណនានូវពេវេលាដែលអ្នកត្រូវសម្រេចវា។

៣ ការជ្រើសរើសនូវសកម្មភាពបន្ទាប់

បន្ទាប់ពីការសរសេរគោលដៅដែលកំណត់ថាត្រូវធ្វើនៅក្នុងក្រដាសហើយ សកម្មភាពបន្តគឺ ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន រួមមាន គ្រួសារ មិត្តភិក្ត មិត្តរួមការងារ ឬសាស្ត្រាចារ្យដែលមានជំនាញជាក់លាក់ជាដើម។ អ្នកត្រូវការពួកគេព្រោះ អ្នកទាំងនោះអាចបង្ហាញពីវិធីសាស្ត្រ ដំបូន្មាន គំនិត និង គន្លឹះសំខាន់ ដែលអាចធ្វើឲ្យអ្នកយល់ដឹងបានកានតែច្បាស់ និង សម្រេចវាបានកាន់តែជោគជ័យ។បន្ទាប់ពីការសួរនូវសំណួរ ឬ ស្នើសុំនូវមតិយោបល់ណាមួយពីមនុស្សដែលអ្នកគិតថាអាចជឿទុកចិត្តបានហើយ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវកត់ចំណាំ និង សរសេរចូលនូវគំនិតណាល្អៗទៅក្នុងក្រដាស ឬ សៀរភៅកត់ត្រារបស់អ្នកដើម្បីយកមកអនុវត្ត ជាសកម្មភាពជាក់ស្ដែង។

៤ ការប្រព្រឹត្តទៅកាន់អ្នកដ៏ទៃ

សំដៅទៅលើអ្វីដែលអ្នកបានសន្យានឹងនរណាម្នាក់ថានឹងត្រូវសម្រេចការងារនោះឲ្យបានទោះជាលំបាកនឿយហត់យ៉ាងណាក៏ដោយ។ ហើយប្រភេទមនុស្សទាំងអស់នោះគឺជាអ្នកដែលធ្វើឲ្យអ្នកសម្រេចនូវគោលអ្នកបានជោគជ័យ ដោយសារតែពួកគេមានឥទ្ធិពលមកលើអ្នក និង ជាមនុស្សដែលអ្នកគោរព ស្រលាញ់ចូលចិត្ត ព្រមទាំងមិនចង់ធ្វើឲ្យពួកគេខកចិត្តចំពោះអ្នក។

 ៥ បង្កើតនូវទំនួលខុសត្រូវ

ទំនួលខុសត្រូវពិតជាមានសារៈសំខាន់ណាស់ ព្រោះបើអ្នកខ្វះទំនួលខុសត្រូវអ្នកនឹងក្លាយជាមនុស្សអាត្មានិយម ក្លាយមនុស្សកំសាកមិនហានប្រឈមមុខនឹងបញ្ហាឡើយ ហើយអ្នកនឹងដើរចោទប្រកាន់គេថាបានធ្វើនេះបានធ្វើនោះទាំងដែលអ្នកខ្លួនឯងជាអ្នកធ្វើ ជាអ្នកបង្ក។ម្យ៉ាងវិញទៀតបើទាក់ទងនឹងគោលដៅរបស់អ្នក ឬ ក៏ការងាររបស់អ្នក អ្នកគួរតែរកនរណាម្នាក់ដើម្បីណែនាំផ្លូវដែលអ្នកត្រូវទៅ ដូចជា អ្នកបង្វឹក( coach) និង អ្នកនាំផ្លូវ (Mentor)។ អ្នកទាំងពីរនាក់នេះមិនដូចគ្នាទេ ចំពោះអ្នកនាំផ្លូវ គឺជាមនុស្សម្នាក់ដែលធ្លាប់បានសម្រេចគោលដៅដែលមានដូចអ្នក តែប៉ុណ្ណោះ។​ អ្នកអាចទៅសុំសួរពីយោបល់ឬដំបូន្មានល្អៗពីពួកគេបាន ប៉ុន្តែគេមិនអាចអង្គុយរង់ចាំជួយអ្នកបានគ្រប់ពេលនោះទេ​ព្រោះពួកគេនៅមានគោលដៅច្រើនដែលត្រូចធ្វើសម្រេចគោលដៅបន្តទៀត។ ចំណែកឯ អ្នកបង្វឹក គឺជាមនុស្សម្នាក់ដែលមានជំនាញជាក់លាក់មួយ ហើយជំនាញនោះគឺជាមុខរបររបស់គេនោះឯង។ ឧទាហរណ៍ដូចជា បើសិនជាអ្នកចង់ក្លាយជាអ្នករកស៊ីពូកែម្នាក់ នោះអ្នកត្រូវទៅរកអ្នកបង្វឹកណាដែលមានជំនាញខាងរកស៊ី ឬ បើអ្នកចង់ក្លាយជាអ្នកទីផ្សារម្នាក់ដ៏ជំនាញ អ្នកត្រូវទៅរកមនុស្សណាដែលមានជំនាញនេះ ប៉ុន្តែអ្នកត្រូវតែផ្ដល់ជាថវិកាដើម្បីធ្វើការតបស្នងវិញ។

៦ អបអរសាទរនូវភាពជោគ​​​​​​​​​​​​​​​​​​​​ជ័យរបស់អ្នក

ដើម្បីធ្វើឲ្យគោលដៅអ្នកទទួលបាននូវភាពសមប្រកប គឺពិតជាមានភាពលំបាក ហើយវា​ក៏ជារឿងធម្មតាសម្រាប់មនុស្សទៅហើយ ប៉ុន្តែរាល់ការលំបាកនោះវានឹងនាំឲ្យយើងទទួលបាននូវភាពជោគជ័យផងដែរ។ ក្នុងនោះដែរអ្នកគួរតែចេះអបអរនិងសាទរនូវអ្វីដែលអ្នកបានសម្រេច ដើម្បីធ្វើជារង្វាន់សម្រាប់លើកទឹកចិត្តដល់ខ្លួនឯង។អ្នកអាចផ្ដល់ជាកាដូរៀងរាល់១ខែម្ដង ឬ ២ខែ ដូចជាការទិញនូវសៀវភៅដែលអ្នកទន្ទឹងចង់បាន ឬ ក៏ចំណាយពេលណាមួយដើម្បីសម្រាកលំហែកាយ ឬ ទៅកន្លែងណាដែលធ្វើឲ្យអ្នកមានភាពស្រស់ស្រាយ និងពោពេញទៅដោយភាពរីករាយ  តាមរយៈការសាទរនូវភាពជោគជ័យរបស់អ្នក អ្នកនឹងធ្វើឲ្យខួរក្បាលគិតពីភាពជោគជ័យជាងភាពបរាជ័យ ព្រោះអ្នកតែងតែបង្ហាញនូវសមិទ្ធផលដែលបានសម្រេចជារឿយៗ។ម្យ៉ាងទៀតអ្នកត្រូវទទួលស្គាល់ភាពជោគជ័យតាមរយៈ ខួរក្បាល បេះដូង និង មាត់។ខួរក្បាល តំណាងឲ្យចំណេះដឹងនិងភាពវៃឆ្លាត។បេះដូង តំណាងឲ្យអារម្មណ៍ដែលអ្នកដាក់ទៅលើគោលដៅរបស់អ្នក។ចំណែកឯមាត់វិញ គឺ សំដៅទៅលើការនិយាយចែកចាយនូវសមិទ្ធផលដែលខ្លួនទទួលបានទៅកាន់អ្នកដទៃ។

៧ ការវិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ

បន្ទាប់ពីការអនុវត្តនូវចំនុចទាំង៦ខាងលើហើយ អ្នកត្រូវឆ្លុះបញ្ចាំងនូវសកម្មភាពដែលអ្នកបានធ្វើថាមានចន្លោះខ្វះខាតកន្លែងណាដែលត្រូវកែលម្អឬត្រូវព្យាយាមបន្ថែមទៀតដែលឬក៏អត់។ ដូចនេះអ្នកត្រូវពិនិត្យមើលទៅលើសមត្ថភាពខ្លួនឯង និងអ្វីដែលអ្នកបានសម្រេច ចំពោះគោលដៅដែលអ្នកបានកំណត់ ព្រោះពេលដែលអ្នកពិនិត្យពិច្ច័យ និង វិនិច្ឆ័យទៅលើអ្វីដែលអ្នកបានធ្វើ វានឹងឲ្យអ្នកដឹងពីលទ្ធផលនៃការខិតខំប្រឹងប្រែង ព្រមទាំងភាពអត់ធ្មត់ដែលអ្នកបានចំណាយជាមួយនឹងការសម្រេចគោលដៅរបស់អ្នក។

ជាចុងបញ្ចប់អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់ រួចកំណត់ពីជំហានដែលត្រូវធ្វើ មានការចាត់ចែងពេលវេលាឲ្យច្បាស់លាស់ មានភាពអត់ធ្មត់ចំពោះវា កុំបង្ខំព្រោះអ្នកនឹងត្រូវខាតបង់បើអ្នកមិនអាចបញ្ឈប់នូវភាពតក់ក្រហល់បាន ចុងក្រោយគឺដល់ពេលដែលត្រូវសម្រេចវាដើម្បីក្ដីស្រម៉ៃរបស់អ្នក។

 

 

ពាណិជ្ជកម្ម

ហេតុអ្វី Elon Musk ទិញយក Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារ?

0
ហេតុអ្វី Elon Musk ទិញយក Twitter ក្នុងតម្លៃ 44ពាន់លានដុល្លារ?

កាលពីថ្ងៃច័ន្ទ ទី27 ឆ្នាំ2022នេះ ក្រុមហ៊ុន Twitter បានប្រកាសជាផ្លូវការថា ខ្លួនត្រូវបានចុះកិច្ចព្រមព្រៀងលក់ក្នុងតម្លៃ $44 ពាន់លានដុល្លារទៅឱ្យសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ ហើយនេះ ជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានខិតខំតស៊ូដើម្បីទទួលបានអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណេញជាយូរណាស់មកហើយ។

twitter

សូមបញ្ជាក់ផងដែរថា បណ្តាញសង្គម Twitter មានអ្នកប្រើប្រាស់ ប្រហែល200លាននាក់ជារៀងរាល់ថ្ងៃ ហើយភាគច្រើនជាអ្នកនយោបាយល្បីៗ និងជាអ្នកមហាសេដ្ឋីនៅអ៊ឺរ៉ុបនិងអាមេរិច ដោយពួកគេបានប្រើប្រាស់ Twitter ជាផ្លូវការតែម្តង។

បន្ថែមពីនេះ ក្រោយពី Elon Musk បានចំណាយលុយទិញយក Twitter ដើម្បីមានសិទ្ធិគ្រប់គ្រងពេញលេញ ក៏មានមហាជនជាច្រើនក៏មានចម្ងល់មួយដែរថា ហេតុអ្វីបានជា Elon Musk ហ៊ានចំណាយលុយ ដើម្បីទិញយក Twitter? តើគាត់មានគោលបំណងអ្វី? ដូច្នេះហើយនៅខ្លឹមសារខាងក្រោមនឹងបង្ហាញហេតុផលដែល Elon Musk សម្រេចចិត្តទិញយក Twitter។

Elon Musk បានបង្ហាញថា លោកបានមើលឃើញអំពីអនាគតវែងឆ្ងាយរបស់ Twitter ហើយលោកក៏មានផែនការក្នុងការបម្លែងបណ្ដាញសង្គមនេះ ដូចជា៖

  1. ធ្វើឱ្យបណ្ដាញសង្គម Twitter ក្លាយជាបណ្ដាញសង្គមឌីជីថលដ៏មានសក្ដានុពលមួយដែលអាចធ្វើឱ្យមនុស្សជាតិអាចជជែក ការបញ្ចេញមតិយោបល់ និងពិភាក្សាគ្នាដោយសេរីនាថ្ងៃអនាគត។
  2. ធ្វើឱ្យ Twitter ប្រសើរជាងពេលណាៗទាំងអស់ ដោយបង្កើនផលិតផលជាមួយនឹងមុខងារថ្មីៗ ធ្វើឱ្យមានប្រភពបើកចំហដើម្បីបង្កើនការជឿទុកចិត្ត ដោយកម្ចាត់ Spam Bots និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវថាអ្នកប្រើប្រាស់ Twitter ទាំងអស់ សុទ្ធតែជាមនុស្សពិតប្រាកដ។ ដោយកន្លងមក Spam bots វាមានតួនាទីអាចបង្កើតគណនីក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីផ្ញើសារ ឬអ្នកផ្តល់សេវាបង្ហោះអ៊ីម៉ែលជាដើម។
ពាណិជ្ជកម្ម

ហេតុអ្វីបានជាការរៀបចំផែនការមានសារៈសំខាន់សម្រាប់អ្នក?

0
ហេតុអ្វីបានជាការរៀបចំផែនការមានសារៈសំខាន់
តើអ្នកគិតថាការរៀបចំផែនការមានសារៈសំខាន់សម្រាប់អ្នកដែរឬទេ?

ការរៀបចំផែនការ គឺជាព្យាករណ៍ទុកមុននូវអ្វីដែលអ្នកចង់សម្រេចនាពេលអនាគត ហើយការរៀបចំផែនការនេះទៀតសោត នឹងជួយកំណត់គោលដៅរបស់អ្នកបានជាក់លាក់ ព្រមទាំងអាចបង្ហាញថាអ្វីដែលអ្នកបម្រុងនឹងធ្វើនោះវាអាចទៅរួចដែរឬអត់ជាដើម។ជាធម្មតាមុនពេលដែលអ្នកចង់សម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកចាំបាច់ត្រូវរៀបចំបែបផែន និងសរសេរចូលនូវគោលគំនិតសំខាន់ៗ  ក៏ដូចជាកត់ចូលរាល់ដំណាក់ដែលអ្នកនឹងធ្វើនៅជំហានបន្ទាប់ទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រតិបត្តិការ។ ជាឧទាហរណ៍ឲ្យកាន់តែងាយយល់ ប្រសិនបើអ្នកចង់ទៅដើរលេងនៅកំពតជាមួយនឹងមិត្តភក្តរបស់អ្នកនៅកំឡុងពេលសម្រាកការងារ តើអ្នកគិតថាអ្នកគួរតែធ្វើអ្វីមុនគេ??

ប្រាកដជាត្រូវរៀបចំផែនការឬគិតជាមុនសិនហើយ ថាតើខ្ញុំត្រូវត្រៀមថវិកាចំនួនប៉ុន្មានទើបគ្រាន់ក្នុងការធ្វើដំណើរកំសាន្តនេះ? តើខ្ញុំគួរធ្វើដំណើរដោយមធ្យាបាយអ្វី? តាមរយៈឡានក្រុង? តាមរយៈរទេះភ្លើង ឬ ជួលឡាន ឬធ្វើដំណើរដោយយាន្តជំនិះខ្លួនឯង? រីឯការស្នាក់នៅវិញតើខ្ញុំត្រូវកក់គេថ្ងៃណា ស្នាក់នៅម្ដុំណា និងត្រូចំណាយអស់ប៉ុន្មាន? ហើយនៅពេលទៅដល់ តើខ្ញុំត្រូវទៅកន្លែងណាមុនគេ? បន្ទាប់មកត្រូវបន្តទៅកន្លែងណាផ្សេងដែរឬទេ? និងផែនការផ្សេងៗទៀតដើម្បីអាចទៅដល់កំពតដោយសុខសុវត្ថិភាព។

ហើយនេះក៏មិនខុសគ្នាពីការរៀបចំផែនការអាជីពការងារ ផែនការហិរញ្ញវត្ថុ ឬផែនការអាជីវកម្មដែរ ពោលគឺនៅក្នុងមួយដំណាក់កាលៗ គឺអ្នកគប្បីត្រាយផ្លូវដើរឲ្យបានមុនចៀសវាងមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ ហើយបើទោះបីជាជួបដោយចៃដន្យមែន ក៏អ្នកអាចមានដំណោះស្រាយបានដែរ។

សរុបមក ការរៀបចំផែនការគឺជារឿងមួយដែលសំខាន់ដែលមិនអាចខ្វះបាន មុនពេលអ្នកចង់សម្រេចការងារណាមួយ ពីព្រោះបើអ្នកដើរដោយពុំមានគោលដៅ ដើរដោយមិនបានរៀបចំផែនការ នោះអ្នកប្រាកដជាអាចនឹងប្រឈមនឹងភាពបរាជ័យ ឬអាចមានហានិភ័យកើតឡើងដោយយថាហេតុ។

ហើយចំណុចខាងក្រោមនេះគឹជាសារៈសំខាន់នៃការរៀបចំផែនការ៖
  1. ជួយអ្នកក្នុងការកំណត់គោលដៅជាក់លាក់ និងកំណត់អ្វីដែលជាអាទិភាពពិតប្រាកដ
  2. ដឹងពីទិសដៅដែលត្រូឆ្ពោះទៅ
  3. ជួយបំបែកបញ្ហា ឬគោលដៅឲ្យទៅជាដំណាក់កាលតូចៗ
  4. បង្ហាញពីភាពខ្លាំង និងខ្សោយរបស់អ្នក
  5. បង្កើនទំនុកចិត្ត និងភាពជឿជាក់
  6. កាត់បន្ថយហានិភ័យ
  7. បង្កើនគំនិតច្នៃប្រឌិត
  8. បង្កើនការសម្រេចចិត្តដ៏ត្រឹមត្រូវ

 

 

ពាណិជ្ជកម្ម

វិធីសាស្ត្រទាំង៥ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការ

0
វិធីសាស្ត្រទាំង៥ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការ

តើអ្នកគិតថាមានវិធីសាស្ត្របែបណាខ្លះ អាចជួយឲ្យក្រុមការងាររបស់អ្នកអាចខិតខំប្រឹងប្រែងធ្វើការងារជាងមុនបាន? ខាងក្រោមនេះគឺជាចំណុចទាំង៥ដែលអាចជម្រុញឲ្យពួកគេខិតខំប្រឹងប្រែងជាងមុនបាន៖

១.​ កំណត់គោលដៅជាក់លាក់

ធម្មជាតិរបស់មនុស្សគឺតែងតែចូលចិត្តការប្រកួតប្រជែង ចង់បានកិត្តយស មុខមាត់ ចង់មានកិត្តនាមល្អ ចូលចិត្តបង្ហាញថាខ្លួនឯងមានសមត្ថភាពខ្លាំង ពូកែ និងមានភាពវៃឆ្លាតជាងគេ ព្រមទាំងចង់ធ្វើអ្វីមួយឲ្យចេញជាផ្លែផ្កា និងទទួលបានស្នាដៃមួយដ៏សមប្រកប។ Mission goals target aspirations motivation strategy concept Free Photo

ហើយបុគ្គលិកមានភាពប្រឹងប្រែងបែបនេះបានក៏ដោយសារតែក្រុមហ៊ុនបានកំណត់គោលដៅបានច្បាស់លាស់ មានការលើកទឹកចិត្ត និងដោយសារតែបុគ្គលិកខ្លួនឯងបានសម្លឹងឃើញអត្ថប្រយោជន៍ពីការងារបំពេញការងារទាំងនោះផងដែរ ដូចជា បានឡើងប្រាក់បៀរវត្ស ឡើងមុខតំណែង ទទួលបានប័ណ្ណសរសើរពីការងារ ឬអាចជួយអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនជាដើម។ ប៉ុន្តែប្រសិនបើមួយថ្ងៃៗ ពួកគេនៅអង្គុយធ្វើតែការងារដដែលៗ គ្មានសកម្មភាពអី្វផ្សេង ជាប្រភេទការងារស្រួលៗដោយពុំបានបញ្ចេញគំនិតអ្វីទាល់តែសោះ នោះក្រុមការងាររបស់អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់ សោះកក្រោះ ស្មុគស្មាញ គ្មានផលិតភាពក្នុងការបំពេញការងារ និងមិនដឹងថាត្រូវធ្វើការងារអ្វីបន្តជាដើម (នេះសម្រាប់អ្នកដែលឈ្មុសឈ្មុលចង់ដឹងអ្វីដែលថ្មីៗច្រើន មិនចូលចិត្តនៅតែមួយកន្លែង ធ្វើរឿងដដែលៗ)

២. ស្ដាប់ពីគ្នាទៅវិញទៅមក

ស្ដាប់ត្រង់ចំណុចនេះគឺជាការផ្ដល់អាទិភាព ព្រមទាំងអនុញ្ញតឲ្យបុគ្គលិករបស់អ្នកបានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន អាចធ្វើអ្វីដែលជាគំនិត និងជាស្ទីលរបស់ខ្លួន ពោលគឺពុំមែនចាំស្ដាប់តែការបញ្ជា ធ្វើតាមតែការចាត់ចែងទាំងដែលខុសនោះទេ។

សម្រាប់អ្នកជាចៅហ្វាយផ្ទាល់ “ការស្ដាប់ និងការផ្ដល់ជាមតិត្រឡប់ទៅកាន់កូនក្រុមវិញគឺជារឿងមួយដែលល្អ ព្រោះនេះមិនត្រឹមតែបង្ហាញពីតម្លៃរបស់អ្នកជាចៅហ្វាយនោះទេ ព្រមទាំងអាចជួយឲ្យបុគ្គលិករបស់អ្នកមានភាពក្លាហានក្នុងការលើកយកនូវគំនិតថ្មីៗដើម្បីបង្ហាញអ្នក និងមានភាពស្វាហាប់ បូករួមនឹងភាពច្នៃប្រឌិតបន្ថែមមួយកម្រិតទៀតផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យបុគ្គលិកស្ដាប់អ្នក គោរពអ្នក អ្នកក៏ត្រូវចេះស្ដាប់នូវគំនិតរបស់បុគ្គលិក និងផ្ដល់តម្លៃទៅកាន់ពួកគេផងដែរ។

៣. ផ្ដល់នូវប្រាក់ខែសមរម្យ

ចំណុចសំខាន់នៃការលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យខិតខំធ្វើការជាងមុន គឺការផ្ដល់ប្រាក់បន្ថែមពីលើប្រាក់ខែ។ អ្នកគប្បីពិចារណាទៅលើការតម្លើងប្រាក់ខែ ចំពោះបុគ្កលិកណាដែលខិតខំប្រឹងប្រែងធ្វើការ និងអ្នកដែលបានបង្កើតស្នាដៃបានច្រើនមកកាន់ក្រុមហ៊ុន ដើម្បីឲ្យពួកគេមានកម្លាំងចិត្តបន្តខិតខំប្រឹងប្រែងបំពេញការងារឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ជាងមុនបន្ថែមទៀត។ ហើយនេះក៏ជាគម្រូល្អមួយដែរសម្រាប់បុគ្គលិកដែលទើបតែចូលថ្មី ឬបុគ្គលិកថ្នាក់ក្រោមៗ ព្រមទាំងអ្នកដែលមិនមានកម្លាំងចិត្តក្នុងការបំពេញការងារមួយចំនួនទៀត ឲ្យមានការខិតខំប្រឹងប្រែង ដើម្បីអាចទទួលបានមុខតំណែង ឬប្រាក់ច្រើនៗដូចអ្នកមុនៗដែរ ព្រោះនេះបង្ហាញថា ក្រុមហ៊ុនមិនដែលភ្លេចអ្នកដែលខិតខំព្យាយាមធ្វើការនោះទេ គឺត្រូវតែមានអ្វីជាថ្នូរជូនទៅកាន់ពួកគេវិញ។

៤. បារម្ភពីអនាគតរបស់ក្រុមការងារ

នៅពេលដែលមេក្រុមគាត់បានបង្ហាញពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះអនាគតរបស់បុគ្គលិកម្នាក់ៗនៅក្រោមបង្គាប់ ព្រមទាំងព្យាយាមត្រួសត្រាយផ្លូវ និងជួយលើកស្ទួយបុគ្គលិកឲ្យមានកត្តិនាមល្អ មានសមត្ថភាពខ្លាំង ក៏ដូចជាផ្ដល់នូវតួនាទីជាក់លាក់ណាមួយនៅក្នុងក្រុមហ៊ុន ដោយមិនសម្ងំយកសុខតែឯង ពេលនោះ កូនក្រុមឬបុគ្គលិករបស់អ្នកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន និងដើម្បីអាចទទួលបានការងារឬតួនាទីមួយដែលសាកសមជាមួយនឹងសមត្ថភាពរបស់ពួកគេ។ ហើយកិច្ចខំប្រឹងប្រែងនេះទៀតសោតគឹកើតឡើងមកពីក្ដីបារម្ភពីមនុស្សពីមនុស្សជុំវិញខ្លួននេះឯង។

៥. បង្កើតវប្បធម៌ដ៏ល្អនៅកន្លែងធ្វើការ

Free Woman In Green Top Using Macbook Beside Group Of People Stock Photo ក្រុមការងារខ្ជិលឬឧស្សាហ៍ មានមហិច្ឆតាឬគ្មានមហិច្ឆតា ចេះជួយគ្នាឬចូលចិត្តប្រចាំគ្នា ហើយចេះយោគយល់អធ្យាស្រ័យឬចូលចិត្តមើលបំណាំគ្នា គឺវាអាស្រ័យទៅលើបរិយាកាស បូករួមនឹងវប្បធម៌ដែលតែងតែកើតមាននៅក្នុងក្រុមហ៊ុនឬអង្គភាព ជាពិសេសនោះគឺអាស្រ័យទៅលើអ្នកដឹកនាំក្រុមនេះតែម្ដង។​

ម្យ៉ាងវិញទៀត ប្រសិនបើចង់ឲ្យបុគ្គលិកមានគំនិតច្នៃប្រឌិត មានភាពបត់បែន មានអាកប្បកិរិយាស្ទុះស្ទា និងមានកម្លាំងចិត្តក្នុងការបំពេញការងារឲ្យបានកាន់តែល្អជាងមុន អ្នកគប្បីបង្កើតវប្បធម៌ល្អមួយនៅកន្លែងធ្វើការ រួមមានវប្បធម៌ក្នុងការចែករំលែកចំណេះដឹង  ការចេះជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់តួនាទី មានសាមគ្គីភាពល្អ ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក បង្កើតឲ្យមានភាពស្មោះត្រង់ និងបង្កើនទំនុកចិត្តព្រមទាំង ភាពជឿជាក់ទៅឲ្យគ្នាទៅវិញទៅមក។

ពាណិជ្ជកម្ម

តើម្ចាស់អាជីវកម្ម គួរតែគិតនិងរៀបចំធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យអាជីវកម្មមានភាពខ្លាំងផ្នែកទីផ្សារបែបឌីជីថល?

0
តើម្ចាស់អាជីវកម្ម គួរតែគិតនិងរៀបចំធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យអាជីវកម្មមានភាពខ្លាំងផ្នែកទីផ្សារបែបឌីជីថល?

សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលជាបដិវត្តន៍ ផ្ដោតសំខាន់លើការទំនាក់ទំនងបែបបច្ចេកវិទ្យា និងបម្លែងពីការធ្វើទីផ្សារបែបប្រពៃណីទៅជាការធ្វើទីផ្សារបែបទីផ្សារឌីជីថល ដែលមនុស្សគ្រប់គ្នាតែងតែនិយាយថា “សម័យឌីជីថល”។ ឌីជីថលនេះ វាអនុញ្ញាតឱ្យយើងអាចធ្វើទីផ្សារ និងជ្រើសរើសមធ្យោបាយទំនាក់ទំនងដ៏សម្បូរបែបជាមួយនឹងអ្នកប្រើប្រាស់ និងអតិថិជនបានយ៉ាងមានប្រសិទ្ធភាពជាងមុន ដោយយើងអាចកំណត់គោលដៅទៅតាមតម្រូវការបានយ៉ាងល្អ ប៉ុន្តែទាមទារឱ្យយើងសិក្សាឱ្យបានច្បាស់ពីរបៀបនៃការធ្វើទីផ្សារបែបឌីជីថល។

បន្ថែមពីនេះ ការធ្វើទីផ្សារបែបឌីជីថល ក៏អាចជំរុញការលក់ និងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពលេចធ្លោនៅក្នុងទីផ្សារ ព្រមទាំងឆាប់រីកចម្រើន ប៉ុន្តែទាមទារឱ្យអ្នកយល់ច្បាស់ និងចេះរៀបចំផែនការឱ្យបានត្រឹមត្រូវក្នុងការអនុវត្តន៍។

ហេតុនេះ ក្នុងនាមជាអ្នកគ្រប់គ្រង និងជាម្ចាស់អាជីវកម្ម តើត្រូវគិតគូរ និងត្រូវរៀបចំធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោ ឬមានភាពខ្លាំងផ្នែកទីផ្សារបែបឌីជីថល?

1. គិតគូរ និងរៀបចំធ្វើផែនការអាជីវកម្ម

ចំពោះអ្នកដែលទើបតែត្រៀមចាប់ផ្ដើមអាជីវកម្ម ត្រង់ចំណុចនេះ ពិតជាសំខាន់ខ្លាំងណាស់។ ផែនការអាជីវកម្ម នឹងជួយអ្នកឱ្យស្គាល់ពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក។ ម្យ៉ាងទៀត វានឹងនាំអ្នកឱ្យដឹងថា៖

  • អាជីវកម្មរបស់អ្នកផ្ដោតលើផលិតផលសេវាកម្មអ្វី
  • អ្វីជាគុណតម្លៃដែលអ្នកនឹងផ្ដល់ជូនអតិថិជនរបស់អ្នក
  • អ្វីជាចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែងក្នុងអាជីវកម្មរបស់អ្នក
  • ស្គាល់ពីទំហំទីផ្សារ អតិថិជនគោលដៅ និងដៃគូប្រកួតប្រជែងបានច្បាស់
  • មានការរៀបចំផែនការហិរញ្ញវត្ថុ យុទ្ធសាស្រ្តទីផ្សារ និងភាពពាក់ព័ន្ធជាច្រើនទៀតដែលជាផ្នែកសំខាន់នៅក្នុងការសរសេរផែនការអាជីវកម្មរបស់អ្នក។

ត្រូវចងចាំថា ការរៀបចំផែនការអាជីវកម្មបានល្អ ប្រៀបដូចជាអ្នកកំពុងមានក្បួនដើម្បីនាំអ្នកឱ្យដឹងថាអ្នកកំពុងឆ្ពោះទៅណា នឹងជួបរឿងរ៉ាវអ្វីខ្លះ ដោះស្រាយបែបណា និងចង់បានអ្វីពិតប្រាកដ។ លើសពីនេះ នៅពេលអ្នកមានផែនការអាជីវកម្ម អ្នកនឹងដឹងយ៉ាងច្បាស់អំពីអាជីវកម្មរបស់អ្នក និងងាយស្រួលក្នុងការរៀបយុទ្ធសាស្រ្តទីផ្សារឱ្យបានត្រឹមត្រូវ។

រីឯអ្នកដែលកំពុងដំណើរការអាជីវកម្មស្រាប់ហើយ អ្នកអាចត្រួតពិនិត្យមើលផែនការអាជីវកម្មរបស់អ្នកឡើងវិញ ដើម្បីកែតម្រូវម្ដងទៀតឱ្យសមស្របជាមួយនឹងសម័យកាលឌីជីថលនេះ  (រក្សាទស្សនវិស័យ បេសកកម្មនៅដដែល គ្រាន់តែផ្លាស់ប្ដូរយុទ្ធសាស្រ្តដើម្បីអនុវត្តន៍)។

2. គិតគូរលើម៉ាកយីហោរបស់អ្នក

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវគិតផ្ដោតឱ្យខ្លាំងលើការកំណត់អត្តសញ្ញាណក្រុមហ៊ុនឱ្យមានភាពជាក់លាក់ និងបង្កើតភាពលេចធ្លោចេញពីម៉ាកយីហោរបស់អ្នក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ធ្វើឱ្យអតិថិជនចងចាំ និងអាចទាក់ទាញខ្លាំងពីក្រុមអតិថិជនរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវរៀបចំសរសេរបង្ហាញដើម្បីផ្សព្វផ្សាយឱ្យបានទៅដល់ក្រុមអតិថិជនរបស់អ្នកអំពីគុណតម្លៃសំខាន់ដែលបង្ហាញពីម៉ាកយីហោរបស់អ្នក ព្រមទាំងបង្ហាញថាអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហារបស់ពួកគេ និងផ្ដល់ជូននូវអ្វីដែលពួកគេត្រូវការជាចាំបាច់។ បន្ថែមពីនេះ ត្រូវតែធ្វើឱ្យម៉ាកយីហោរបស់អ្នកអាចភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអតិថិជនរបស់អ្នកតាមរយៈបណ្ដាញសង្គម។

នៅក្នុងចំណុចនេះ អ្នកត្រូវតែមានការយល់ដឹងឱ្យបានច្បាស់អំពីរបៀបដែលម៉ាកយីហោរបស់អ្នកគួរតែឆ្ពោះទៅមុខជាមួយនឹងអន្តរកម្មតាមអ៊ីនធឺណិត ព្រមទាំងសិក្សាបន្ថែមពីរបៀបដែលគូប្រជែងរបស់អ្នកកំពុងប្រើយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនតាមបណ្ដាញសង្គម។

បន្ទាប់មក អ្នកត្រូវតែកំណត់នូវរបៀបដែលអ្នកនឹងសរសេរ ក៏ដូចជារូបភាពដែលអ្នកនឹងធ្វើការផ្សព្វផ្សាតបង្ហាញឱ្យអតិថិជនរបស់អ្នកកាន់តែស្គាល់ច្បាស់អំពីអាជីវកម្មរបស់អ្នក។ លើសពីនេះ អ្នកក៏ត្រូវរៀបចំក្រុមការងារពាក់ព័ន្ធក្នុងការធ្វើរឿងនេះដែរ ដូចជាអ្នកសរសេរខ្លឹមសារផ្សព្វផ្សាយ អ្នកទីផ្សារឌីជីថល និងអ្នករចនានៃរាល់ផ្ទាំងផ្សព្វផ្សាយទាំងអស់ឱ្យស៊ីចង្វាក់គ្នាជាមួយនឹងអ្វីដែលអ្នកចង់បង្ហាញឱ្យមនុស្សដឹងថានេះសុទ្ធតែជាគុណតម្លៃដោយបង្ហាញឱ្យមនុស្សស្គាល់ និងចងចាំពីម៉ាកយីហោរបស់អ្នក។

3. កំណត់ KPIs របស់អ្នក

អ្នកត្រូវតែយល់ និងដឹងពីរបៀបដែលអ្នកមានផែនការក្នុងការបញ្ជូនសារឌីជីថលដែលបង្ហាញពីម៉ាកយីហោរបស់អ្នកទៅកាន់អតិថិជន។ ហើយដើម្បីកាន់តែច្បាស់ថាផែនការរបស់អ្នកទទួលបានប្រសិទ្ធភាពកម្រិតណា អ្នកអាចកំណត់ KPI ក្នុងការវាស់វែង និងតាមដានលទ្ធផល។

ចំណាំ៖ KPI មកពីពាក្យ Key Performance Indicator សំដៅលើ គុណតម្លៃដែលអាចវាស់វែងបាន ដែលបង្ហាញពីប្រសិទ្ធភាពនៃក្រុមហ៊ុនកំពុងសម្រេចបាននូវគោលដៅអាជីវកម្មសំខាន់ៗ។

ហើយ KPI ដែលអ្នកត្រូវតាមដាននោះ ដូចជាការធ្វើអន្តរកម្មរវាងអតិថិជនជាមួយម៉ាកយីហោរបស់អ្នកនៅលើបណ្ដាញសង្គមក្រោយពីអ្នកបានផ្សព្វផ្សាយ អត្រាបំប្លែងអតិថិជនថ្មីៗ ការចំណាយលើការទិញរបស់អតិថិជន ការយល់ដឹងអំពីម៉ាកយីហោរបស់អ្នក កំណើននៃការលក់ និងផ្សេងៗទៀតទៅតាមការកំណត់គោលដៅដែលអ្នកចង់សម្រេចបាន។

4. ផែនការផ្សព្វផ្សាយមាតិកា

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវគិតគូ និងរៀបចំឱ្យមានអ្នកទីផ្សារមាតិកា អ្នកសរសេរមាតិកា អ្នកផ្សព្វផ្សព្វមាតិកា និងអ្នកវិភាគអំពីលទ្ធផលនៃការផ្សព្វផ្សាយមាតិកា ដើម្បីធានាថារាល់ការផ្សព្វផ្សាយទាំងអស់ទទួលបានប្រសិទ្ធភាពដោយមានការចូលរួមពីអតិថិជនបានច្រើន ព្រមទាំងវាមានភាពជាប់ពាក់ព័ន្ធខ្លាំងជាមួយម៉ាកយីហោរបស់អ្នក។

មាតិកា ពិតជាសំខាន់ណាស់នៅក្នុងសម័យឌីជីថលនេះ ដូច្នេះម្ចាស់អាជីវកម្មមិនគួរមើលរំលងវាបានឡើយ ត្រូវតែមានអ្នករៀបចំផែនការផ្សព្វផ្សារមាតិកាឱ្យបានច្បាស់លាស់ដែលវាមានពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នក។

ត្រូវចងចាំថា៖ ប្រសិនបើការផ្សព្វផ្សាយមាតិការរបស់អ្នកមានភាពល្អ នោះមនុស្សនឹងចាប់ផ្ដើមស្គាល់ម៉ាកយីហោរបស់អ្នក ហើយថ្ងៃអនាគតពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយនឹងអ្នក។

5. សហការជាមួយអ្នកជំនាញ

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែចេះជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពល្អខាងផ្នែកទីផ្សារឌីជីថល អ្នករចនាហ្រ្វិច អ្នកកាត់ត និងអ្នកសរសេរមាតិកា ដើម្បីរួមគ្នាធ្វើយុទ្ធសាស្រ្តនិងអនុវត្តន៍នៃការធ្វើទីផ្សារនៅលើអនឡាញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកចង់ឱ្យការធ្វើទីផ្សាររបស់អ្នកនៅលើអនឡាញកាន់តែខ្លាំង និងបានត្រឹមត្រូវ អ្នកក៏អាចជ្រើសរើសការសហការជាមួយអ្នកជំនាញដែលពួកគាត់ធ្វើជាអ្នកធ្វើការឯករាជ្យក្នុងការជួយបន្ថែមទៀត។

ជារួមមក នៅក្នុងសម័យនេះ ជាសម័យឌីជីថល ដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យអាជីវកម្មរបស់អ្នកខ្លាំង និងមានភាពលេចធ្លោនៅលើផ្នែកទីផ្សារឌីជីថល គឺអ្នកត្រូវតែគិតផ្ដោតលើការធ្វើទីផ្សារឌីជីថលឱ្យបានខ្លាំងដោយពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នក និងត្រូវបម្លែងអាជីវកម្មរបស់អ្នកពីអាជីវកម្មបែបប្រពៃណីឱ្យក្លាយជាអាជីវកម្មដែលមានភាពសម្បូរបែប ទាន់សម័យ ព្រមទាំងត្រូវសហការជាមួយអ្នកជំនាញផ្នែកទីផ្សារឌីជីថលឱ្យបានច្រើន។

ពាណិជ្ជកម្ម

របាយការណ៍ឌីជីថលឆ្នាំ 2022 របស់ប្រទេសកម្ពុជា

0
របាយការណ៍ឌីជីថលឆ្នាំ 2022 របស់ប្រទេសកម្ពុជា

បើយោងតាមគេហេទំព័រ datareportal.comបានធ្វើបច្ចុប្បន្នភាពនៃរបាយការណ៍ឌីជីថលឆ្នាំ 2022 នៅប្រទេសកម្ពុជា ដែលម្ចាស់អាជីវកម្ម និងអ្នកទីផ្សារឌីជីថល អាចសិក្សាឈ្វេងយល់បន្ថែម ដើម្បីយល់ឱ្យកាន់តែច្បាស់ពីរបៀបដែលមនុស្សនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់ឧបករណ៍ និងសេវាកម្មដែលបានភ្ជាប់នៅឆ្នាំ 2022។ បន្ថែមពីនេះ វាក៏ជួយឱ្យអ្នកអាចជ្រើសរើសមធ្យោបាយក្នុងការផ្សព្វផ្សាយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន។

1. ចំនួនប្រជាជនកម្ពុជាក្នុងឆ្នាំ 2022

បើគិតចាប់ពីខែមករា ឆ្នាំ2022 ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន 17,06លាននាក់ ដែលបញ្ជាក់ថា ប្រជាជនកម្ពុជាបានកើនឡើងចំនួន 225 ពាន់នាក់ (+1.3 ភាគរយ) ចន្លោះឆ្នាំ 2021 និងឆ្នាំ 2022 ដោយក្នុងនោះមានចំនួន 51,2 ភាគរយនៃប្រជាជនកម្ពុជាជាស្រ្តី និង48,8 ភាគរយជាបុរស។ ហើយនៅដើមឆ្នាំ 2022 ប្រជាជនកម្ពុជា 25.1 ភាគរយគឺបានរស់នៅក្នុងទីក្រុង ហើយ 74.9 ភាគរយរស់នៅក្នុងតំបន់ជនបទ។

2. ចំនួនប្រជាជនកម្ពុជាដែលបែងចែកតាមអាយុ
  • 3 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 0 ទៅ 4 ឆ្នាំ
  • 16,3 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 5 ទៅ 12 ឆ្នាំ
  • 9,3 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 13 ទៅ 17 ឆ្នាំ
  • 11,9 ភាគរយ​នៃ​ប្រជាជន​កម្ពុជា​មាន​អាយុ​ចន្លោះ​ពី 18 ទៅ 24 ឆ្នាំ
  • 16,9 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 25 ទៅ 34 ឆ្នាំ
  • 0 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 35 ទៅ 44 ឆ្នាំ
  • 8,4 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 45 ទៅ 54 ឆ្នាំ
  • 9 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចន្លោះពី 55 ទៅ 64 ឆ្នាំ
  • 1 ភាគរយនៃប្រជាជនកម្ពុជាមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ
3. ការប្រើប្រាស់អ៊ីនធឺណេត នៅកម្ពុជាក្នុងឆ្នាំ 2022

បើគិតចាប់ពីខែមករា ឆ្នាំ2022 អ្នកប្រើប្រាស់អ៊ីនធឺណែតមានចំនួន 13.44 លាននាក់នៅក្នុងប្រទេសកម្ពុជា។ ចំពោះអត្រានៃការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ប្រទេសកម្ពុជាមានចំនួន 78.8 ភាគរយនៃចំនួនប្រជាជនសរុបនៅដើមឆ្នាំ 2022។

ម្យ៉ាងទៀត ការវិភាគរបស់ Kepios បង្ហាញថា អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសកម្ពុជាបានកើនឡើងចំនួន 177 ពាន់នាក់ (+1.3 ភាគរយ) ចន្លោះឆ្នាំ 2021 និង 2022។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹង COVID-19 នៅតែបន្តជះឥទ្ធិពលដល់ការស្រាវជ្រាវទៅលើការអនុម័តនៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដូច្នេះតួលេខអ្នកប្រើប្រាស់អ៊ីនធឺណិតពិតប្រាកដអាចខ្ពស់ជាងលេខដែលបានចេញផ្សាយទាំងនេះ។ ហើយដើម្បីកាន់តែប្រាកដក្នុងការដឹងទិន្នន័យច្បាស់លាស់ អ្នកអាចព្យាយាមតាមដាននៃការធ្វើបច្ចុប្បន្នភាពថ្មីៗជាបន្តនៅក្នុងគេហេទំព័រ datareportal.com។

4. ស្ថិតិប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ 2022

បើចាប់ពីខែមករា ឆ្នាំ2022 អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាមានចំនួន 12.60 លាននាក់ ស្មើនឹង 73.9 ភាគរយនៃចំនួនប្រជាជនសរុប។

  • អ្នកប្រើប្រាស់ Facebook នៅកម្ពុជា៖ នៅដើមឆ្នាំ 2022 ក្រុមហ៊ុន Meta បង្ហាញថា Facebook មានអ្នកប្រើប្រាស់ 11.60 លាននាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានចំនួន 4 ភាគរយនៃអ្នកទស្សនាការផ្សាយពាណិជ្ជកម្មរបស់ Facebook នៅកម្ពុជាដែលជាស្ត្រី ខណៈពេលចំនួនបុរសមានរហូតដល់ 55.6 ភាគរយ។
  • អ្នកប្រើប្រាស់ Instagram នៅកម្ពុជា៖ នៅដើមឆ្នាំ 2022 ក្រុមហ៊ុន Meta បង្ហាញថា Instagram មានអ្នកប្រើប្រាស់ចំនួន 2.05 លាននាក់នៅក្នុងប្រទេសកម្ពុជា ដែលមានន័យថា ការ​ផ្សព្វផ្សាយ​របស់ Instagram នៅ​កម្ពុជា​ គឺ​ស្មើ​នឹង 12.0 ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ដើម​ឆ្នាំនេះ។ ក្នុងនោះមានចំនួន 54.6 ភាគរយនៃអ្នកចូលមើលការផ្សាយពាណិជ្ជកម្មរបស់ Instagram នៅក្នុងប្រទេសកម្ពុជាគឺជាស្ត្រី ខណៈដែល 45.4 ភាគរយជាបុរស។
  • អ្នកប្រើប្រាស់ TikTok នៅកម្ពុជា៖ នៅដើមឆ្នាំ 2022 ByteDance បង្ហាញថា TikTok មានអ្នកប្រើប្រាស់ 6.68 លាននាក់ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅក្នុងប្រទេសកម្ពុជា មានន័យថា ការផ្សាយពាណិជ្ជកម្ម TikTok ឈានដល់ 61.0 ភាគរយនៃមនុស្សពេញវ័យទាំងអស់ ហើយស្មើនឹង 49.7 ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងស្រុកសរុបនៅដើមឆ្នាំនេះ ដោយមិនគិតពីអាយុ។ ក្នុងនោះមានចំនួន 1 ភាគរយនៃអ្នកទស្សនាការផ្សាយពាណិជ្ជកម្មរបស់ TikTok នៅក្នុងប្រទេសកម្ពុជាគឺជាស្ត្រី ខណៈ 45.9 ភាគរយជាបុរស។
  • អ្នកប្រើប្រាស់ Facebook Messenger នៅកម្ពុជា៖ នៅដើមឆ្នាំ 2022 ក្រុមហ៊ុន Meta បង្ហាញថាការផ្សាយពាណិជ្ជកម្មនៅលើ Facebook Messenger បានឈានដល់អ្នកប្រើប្រាស់ចំនួន 7.85 លាននាក់នៅក្នុងប្រទេសកម្ពុជា ហើយស្មើនឹង 46.0 ភាគរយនៃចំនួនប្រជាជនសរុបនៅដើមឆ្នាំនេះ។ ក្នុងនោះមានចំនួន 9 ភាគរយនៃអ្នកទស្សនាការផ្សាយពាណិជ្ជកម្មរបស់ Facebook Messenger នៅកម្ពុជាគឺជាស្ត្រី ខណៈ 56.1 ភាគរយជាបុរស។
5. ការភ្ជាប់នៃទូរស័ព្ទចល័តនៅកម្ពុជា

នៅខែមករា ឆ្នាំ 2022 ទិន្នន័យពី GSMA Intelligence បង្ហាញថា មានការតភ្ជាប់ទូរស័ព្ទចល័តចំនួន 22.06 លាននៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹង 129.3 ភាគរយនៃចំនួនប្រជាជនសរុបនៅឆ្នាំនេះ។ ហើយចំនួន​នៃ​ការ​តភ្ជាប់​ទូរស័ព្ទ​នៅ​កម្ពុជា​បាន​កើន​ឡើង​ចំនួន 473 ពាន់ (+2.2 ភាគរយ) ចន្លោះ​ឆ្នាំ 2021 និង 2022។

សរុបមក ចាប់ពីខែមករា ឆ្នាំ2022 ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រើប្រាស់អ៊ីនធឺណែត គឺមានចំនួនកើនឡើងជាខ្លាំងនៅប្រទេសកម្ពុជា ដែលជាឱកាសមួយសម្រាប់គ្រប់អាជីវកម្មទាំងអស់ក្នុងការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយ និងសម្រុកធ្វើទីផ្សារលើបណ្ដាញសង្គមឱ្យបានច្រើន។

ពាណិជ្ជកម្ម

ភាពជោគជ័យរបស់ក្រុមហ៊ុន លី ហួរ គ្រុប 

0
ភាពជោគជ័យរបស់ក្រុមហ៊ុន លី ហួរ គ្រុប 

ក្រុមហ៊ុន លី ហួរ គ្រុប មានបេសកកម្ម ផ្តល់សេវាកម្មនិងផលិតផលល្អប្រសើរច្រើនប្រភេទដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់អតិថិជន និងភាគីពាក់ព័ន្ធ ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុន លី ហួរ គ្រុប មានបុត្រសម្ព័ន្ធ ដូចជា៖

  1. ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក (LY HOUR EXCHANGE CO.,LTD.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1986 ព្រមទាំងរីកចម្រើ​​នរហូតមកទល់សព្វថ្ងៃនេះដោយផ្អែកលើភាពស្មោះត្រង់ តម្លាភាព និងការគោរពឱ្យតម្លៃដល់អតិថិជន។
  2. លី ហួរ ផនសប ខូអិលធីឌី (LY HOUR PAWNSHOP CO.,LTD.) ជាក្រុមហ៊ុនផ្ដល់នូវអត្រាការប្រាក់ទាប និតិវិធីងាយស្រួល សេវាកម្មរហ័ស និងជឿទុកចិត្ត ដោយរក្សាការសម្ងាត់ជូនអតិថិជន ព្រមទាំងមានជម្រើសក្នុងការសងប្រាក់ដើម និងរក្សាថែទាំបានយ៉ាងល្អលើទ្រព្យសម្បត្តិដែលអតិថិជនបានបញ្ចាំ។
  3. បុរី វិមានភ្នំពេញ (BOREY VIMEAN PHNOM PENH) ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់លីហួរគ្រុប ដែលបង្កើតឡើងក្នុងឆ្នាំ 2011។
  4. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (LY HOUR MICROFINANCE INSTITUTION PLC.) ផ្ដល់ជូននូវសេវាកម្មឆាប់រហ័ស ផ្ដល់ជូនតាមតម្រូវការ មានរយៈពេលវែង ងាយស្រួលសម្រាប់អាជីវកម្ម ទុនបង្វិល និងឥណទានកសិកម្មតាមរដូវកាល។
  5. Tepi Agro Investment Co.,Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម។
  6. លី ហួរ លីស៊ីង ភីអិលស៊ី (LY HOUR LEASING PLC) ផ្ដល់សេវាកម្មបង់រំលស់រថយន្តថ្មី ម៉ូតូថ្មី និងមួយទឹកគ្រប់ប្រភេទ ព្រមទាំងមានសេវាកម្មថែទាំរថយន្តប្រចាំខែ។
  7. លី ហួរ ផេប្រូ ភីអិលស៊ី (LY HOUR PAY PRO PLC) ផ្ដល់សេវាកម្មចម្បង រួមមានវេលុយ ទូទាត់វិក័យប័ត្រ បើកប្រាក់បៀវត្សន៍ និងសេវាកម្មចំណាយផ្សេងៗយ៉ាងងាយស្រួល ហើយសុវត្ថិភាព។
  8. លី ហួរ អ៊ិនសួរេន ម.ក (LY HOUR INSURANCE PLC) ផ្ដល់នូវធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងវិស្វកម្ម ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត និងធានារ៉ាប់រងផ្សេងៗទៀតទៅតាមតម្រូវការ។

កត្តាដែលធ្វើឱ្យក្រុមហ៊ុន លី ហួរ គ្រុប មានភាពរីកចម្រើនជាបន្តបន្ទាប់បែបនេះ ដោយសារក្រុមហ៊ុនលី ហួរ​ គ្រុប មានគោលការណ៍គ្រឹះច្បាស់លាស់ ដោយរក្សាយ៉ាងណាឱ្យមានតម្លាភាព អនុវត្តន៍ឱ្យមានគោលការណ៍ត្រឹមត្រូវ ស្មើភាពគ្នារវាងប្រជាជននិងអតិថិជនជាដៃគូរបស់ក្រុមហ៊ុនលីហួរគ្រុបរយៈពេលវែង ហើយនេះជាការផ្ដល់នូវភាពរីកចម្រើនទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម ដែលក្រុមហ៊ុននេះផ្ដល់ជូន។ ហើយនេះ បើយោងតាមប្រសាសន៍ផ្ទាល់របស់លោកឧកញ៉ាលី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី ហួរ គ្រុប។

ពាណិជ្ជកម្ម

ហេតុអ្វីក្រុមហ៊ុនហនុមានទើបតែចូលទីផ្សារសោះ តែមានការគាំទ្រខ្លាំង?

0
ហេតុអ្វីក្រុមហ៊ុនហនុមានទើបតែចូលទីផ្សារសោះ តែមានការគាំទ្រខ្លាំង?

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ 160 លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ 30លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង 1600កន្លែង។ ចំពោះកន្លែងផលិតស្រាបៀរដែលមានផលប៉ះពាល់តិចតួចបំផុតលើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មូលដ្ឋាន។ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រួមមានការបញ្ឈប់ទាំងស្រុងនូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្ម និងប្រតិបត្តិការផលិតយ៉ាងស្ងប់ស្ងាត់ពុំមានសំឡេងរំខានដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ជិតខាង។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស មានឫសគល់ប្រពៃណីខ្មែរយ៉ាងជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះចីរភាពគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហនុមាន បាន​រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ​ដៃគូ អាជីវកម្ម​របស់​ខ្លួន​ជា​លើក​ដំបូងក្នុងថ្ងៃទី 28 ខែតុលា ឆ្នាំ​2021 នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ហនុមាន ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវជាតិ​លេខ4 ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ដូច្នេះក្រុមហ៊ុននេះ ទើបតែចូលទីផ្សាររយៈពេលជិត 1ឆ្នាំ បើគិតពីថ្ងៃ 21 ខែមេសា ឆ្នាំ2022។ ប៉ុន្តែទោះជាយ៉ាងនេះ ក្រុមហ៊ុននេះ គឺមានការគាំទ្រខ្លាំងណាស់ពីសំណាក់ប្រជាជនខ្មែរ។ ហើយនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញពីរបៀបដែលក្រុមហ៊ុនមួយនេះ អាចទាញចំណាប់អារម្មណ៍ជនជាតិខ្មែរបានលឿន និងចូលទីផ្សារបានជោគជ័យ។

1. សារគុណតម្លៃនៃមោទនភាពជាតិខ្មែរ

ក្រុមហ៊ុនហនុមាន ព្យាយាមផ្សព្វផ្សាយបង្ហាញដោយផ្ដោតលើវប្បធម៌ បរិស្ថាន និងប្រពៃណីជាតិខ្មែរ ដើម្បីរំលឹកដល់បងប្អូនប្រជាជនខ្មែរឱ្យបានចងចាំឡើងវិញនូវអ្វីដែលជារបស់ខ្មែរ និងអ្វីដែលក្រុមហ៊ុនហនុមានព្យាយាមចូលរួមចំណែកផងដែរ។

សារទាំងនោះ រួមមាន៖

  • ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សានូវបរិស្ថានទាំងមូល ចាប់តាំងពីប្រតិបត្តិការរបស់យើងពីដើមរហូតដល់ចប់។ ពួកយើងលើកកម្ពស់នូវលទ្ធកម្មលើ សម្ភារៈ និងឧបករណ៍ ដែលមានផលប៉ះពាល់ទៅដល់បរិស្ថានទាបបំផុត ដើម្បីលើកកម្ពស់និរន្តរភាពក្នុងសហគមន៍យើង។
  • រំលឹកបង្ហាញពី ខួប 28 ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។
  • មេរៀនជីវិតដែលមនុស្សអាចរៀនពីតួអង្គហនុមាន
  • សូម្បីតែ Logo និងឈ្មោះក្រុមហ៊ុន ក៏ដាក់រូប និងឈ្មោះហនុមាន ហើយបានសរសេរបង្ហាញថា ហនុមានជាមេទ័ពដ៏ខ្លាំងពូកែ តែងជួយព្រះរាមគ្រប់ពេលវេលាក្នុងការស្វែងរកនាងសីតា និងធ្វើសង្គ្រាមជាមួយពួកយក្ស។ ក្នុងសាសនា “ហនុមាន” ជាអាទិទេពនៃប្រាជ្ញា កម្លាំង ភាពក្លាហាន ភក្ដីភាព និងក្តីមេត្តា។
  • និងជាច្រើនទៀតដែលបង្ហាញឱ្យបងប្អូនជនជាតិខ្មែរនូវចំណេះដែលមោទនភាពជាតិខ្មែរ ព្រមទាំងការចូលរួមចំណែកបន្ថែមពីក្រុមហ៊ុនហនុមាន។

កត្តានេះហើយ ដែលជាផ្នែកមួយដែលប្រជាជនខ្មែរចាប់ផ្ដើមស្គាល់អំពីក្រុមហ៊ុនមួយនេះ និងចាប់ផ្ដើមនឹកគិតម្ដងទៀតអំពីអ្វីដែលជាមោទនភាពជាតិខ្មែរ និងរឿងរ៉ាវជាច្រើនជំនាន់របស់ខ្មែរ។

2. គុណភាពស្រាបៀរ

ការផលិតស្រាបៀរហនុមាន មានការពិនិត្យយ៉ាងល្អនៅរោងចក្រផ្ទាល់លើខ្សែសង្វាក់ផលិតកម្មស្រាបៀរ និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

លើសពីនេះ ក្រុមហ៊ុនហនុមាននឹងផ្ដល់នូវរសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត ដែលជាលទ្ធផលនៃការស្រាវជ្រាវជាច្រើនឆ្នាំរបស់អ្នកជំនាញផលិតស្រាបៀរល្អបំផុតក្នុងពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ធានានូវគុណភាព និងរសជាតិល្អវិសេសវិសាល ជាមួយវត្ថុធាតុដើមល្អៗពីប្រទេសអឺរ៉ុបដែលបានសម្រិតសម្រាំងយ៉ាងពិសេស ជាមួយបច្ចេកវិទ្យាផលិតទំនើបចុងក្រោយស្របទៅតាមស្ដង់ដារអន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់។

3. វិនិយោគខ្លាំងលើការធ្វើទីផ្សារ

ក្រុមហ៊ុនហនុមាន ព្យាយាមស្វែងរកអ្នកជំនាញផ្នែកទីផ្សារ និងហ៊ានចំណាយទុនជាច្រើនលើការធ្វើទីផ្សារ ហើយការចំណាយនេះ គឺពិតជាបានផលពិតមែន ដោយទើបតែចូលទីផ្សារ ក៏ចាប់ផ្ដើមទាញចំណាប់អារម្មណ៍មនុស្សដែលចូលចិត្តស្រាបៀរ បានស្គាល់  បានដឹង និងចង់សាកល្បងជាច្រើន។

ការចំណាយលើការធ្វើទីផ្សារនេះ គឺក្រុមហ៊ុននេះ បានចំណាយលើការធ្វើទីផ្សារតាមរយៈការលេងហ្គេមទទួលបានស្រាបៀរហនុមាន ការចែកចាយនៅតាមតំបន់ផ្សេងៗ និងការសម្រុកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដូចជាកម្មវិធីធំៗរបស់ខ្មែរដែលមនុស្សមើលច្រើន ការប្រគុំតន្រ្តីដែលមានតារាចម្រៀងល្បីៗ ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយលោក វណ្ណដា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយកញ្ញាទេព បូព្រឹក្ស ជាដើម។

សូមបញ្ជាក់ផងដែរថា ការចំណាយដ៏ច្រើននៃការធ្វើទីផ្សារនេះ ក្រុមហ៊ុនហនុមានបានកំណត់យ៉ាងច្បាស់ក្នុងការជ្រើសរើសមធ្យោបាយក្នុងការផ្សព្វផ្សារឱ្យបានត្រូវជាមួយនឹងអតិថិជនគោលដៅ ព្រមទាំងមានអ្នកជំនាញក្នុងការជួយផងដែរ។ ហើយការធ្វើទីផ្សារទាំងនេះ បានធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមនិយាយបន្តគ្នា និងចង់សាកនូវរសជាតិ។

ពាណិជ្ជកម្ម

កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

0
កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

ក្នុងនាមជាអ្នកលក់ ច្បាស់ណាស់អាចនឹងជួបជាមួយអតិថិជនល្អ ឬពេលខ្លះមិនល្អ ប៉ុន្តែទោះបីជាយ៉ាងណាប្រសិនបើអ្នកជាអ្នកលក់ដ៏ល្អ អ្នកនឹងមានដំណោះស្រាយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនព្យាយាមធ្វើជាអ្នកលក់ដ៏ល្អនោះទេ អ្នកនឹងធ្វើឱ្យហាងដែលអ្នកកំពុងធ្វើការនោះនឹងបាត់បង់អតិថិជន ព្រមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះហាងផងដែរ។ ហេតុអ្វី? គឺតាមរយៈកំហុសរបស់អ្នកលក់ចំនួន 3 ដែលអាចធ្វើឱ្យអតិថិជនស្អប់ និងពួកគេឈប់មកម្ដងទៀត។

1. គ្មានការស្វាគមន៍ជាអតិថិជន

នៅពេលអតិថិជនចូលមកកាន់ហាង ឬក្រុមហ៊ុនរបស់ខ្លួន បែរជាគ្មាននរណាមករួសរាយរាក់ទាក់ ឬមកសួរនាំអ្វីសោះឡើយ ដែលជាកត្តាធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អតាំងពីដំបូង។ លើសពីនេះ អ្នកលក់ទាំងអស់ បែរជាមិនរុះរាន់ក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជនឡើយ ដោយពេលខ្លះអតិថិជនចូលមកកាន់តែជាង 15នាទីហើយ ប៉ុន្តែមិនទាន់មកសួរអំពីតម្រូវការដែលអតិថិជនចង់បានសោះ សួរថា ប្រសិនបើអតិថិជននោះ គឺជាអ្នកវិញ តើអ្នកនឹងបន្តចង់ទិញ ឬក៏ដើរចេញ?

កត្តានេះហើយ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែរៀបចំប្រព័ន្ធធ្វើការរបស់បុគ្គលិក ដើម្បីធានាថា គ្រប់ងអតិថិជនរបស់អ្នកដែលបានដើរចូលមកកាន់ហាងរបស់អ្នក គ្រប់បុគ្គលិកត្រូវតែមានការស្វាគមន៍ និងធ្វើឱ្យអតិថិជនទាំងអស់មានអារម្មណ៍ស្រស់ស្រាយតាំងពីដើរចូលហាងរបស់អ្នកដំបូង។

2. បង្ហាញពីអាកប្បកិរិយាមិនល្អរបស់ខ្លួន

តើអ្នកធ្លាប់ទេ នៅពេលអ្នកស្នើសុំអ្វីមួយពីអ្នកលក់ ប៉ុន្តែត្រូវអ្នកលក់ទាំងនោះបង្ហាញពីការមិនឱ្យតម្លៃ ឬមិនអើពើនឹងអ្នក? តើអ្នកនឹងមានអារម្មណ៍បែបណា?

ម្យ៉ាងទៀត អាចអ្នកលក់មួយចំនួនបង្ហាញពីការមិនសូវខ្វល់ខ្វាយ និយាយមិនពិរោះជាមួយនឹងអតិថិជន​ និយាយដើមអតិថិជននៅនឹងមុខអតិថិជន ឬស្ដីឱ្យអតិថិជនវិញជាដើម។ ដូច្នេះសំណួរសួរថា បើទង្វើរទាំងឡាយណាដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ខឹង ឬមិនស្រណុកនៅក្នុងចិត្ត តើពួកគាត់នឹងសប្បាយរីករាយនឹងមកម្ដងទៀតដែរឬទេ? ហើយពួកគេអាចរិះគន់ហាងរបស់អ្នកតាមរយៈប្រព័ន្ធសង្គមឬទេ? ច្បាស់ណាស់ គឺអាច។

ហេតុដូចនេះ ក្នុងនាមជាអ្នកដឹកនាំ​ ក៏ត្រូវពិចារណាឱ្យបានច្បាស់មុននឹងជ្រើសរើសបុគ្គលិកផ្នែកលក់មកធ្វើការ ព្រមទាំងត្រូវបណ្ដុះបណ្ដាលពួកគេអំពីការផ្ដល់សេវាកម្មល្អដល់អតិថិជន និងការចៀសវាងនូវអាកប្បកិរិយាផ្សេងៗ។

3. បង្ហាញពីការមិនយល់ចិត្តដល់អតិថិជន

អតិថិជនគ្រប់រូបតែងតែចង់ទទួលបានការយល់ចិត្តពីអ្នកលក់ ព្រមទាំងចង់ឱ្យអ្នកលក់អាចផ្ដល់នូវអ្វីដែលពួកគេចង់បាន ដូច្នេះការយល់ចិត្តអតិថិជនជារឿងសំខាន់ណាស់។ ប្រសិនបើអ្នកជាអ្នកលក់ ប៉ុន្តែអ្នកមិនចេះបង្ហាញពីការយល់ចិត្តដល់អតិថិជន មិនចេះសួរនាំអំពីតម្រូវការរបស់អតិថិជន និងមិនព្យាយាមផ្ដល់ដំណោះស្រាយដ៏ល្អជូនអតិថិជនទេ នោះវាពិតជាកំហុសធ្ងន់របស់អ្នក។

ដូច្នេះប្រសិនបើអ្នកចង់ខ្លាំងលើផ្នែកនេះ អ្នកក៏ត្រូវព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាអ្នកលក់ពូកែ និងមានសមត្ថភាពខ្លាំងក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន។ នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដោយត្រូវមានការហ្វឹកហាត់បុគ្គលិកឱ្យចេះវិធីយល់ចិត្តអតិថិជន។

ពាណិជ្ជកម្ម

រឿង 7 ដែលអ្នកត្រូវតែបង្រៀនបុគ្គលិករបស់អ្នក បើអ្នកចង់ឱ្យពួកគេមានផលិតភាពការងារ និងរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន

0
មេរៀនសំខាន់ចំនួន 7 ដែលអ្នកត្រូវតែបង្រៀនបុគ្គលិករបស់អ្នក

មេរៀនជាច្រើនដែលថ្នាក់ដឹកនាំត្រូវបង្រៀនដល់បុគ្គលិក ព្រោះបុគ្គលិកជាធនធានដ៏សំខាន់ក្នុងការជំរុញឱ្យស្ថាប័នទាំងមូលទទួលបានភាពជោគជ័យ។ ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទមួយនឹងបង្ហាញពីមេរៀនចំនួន 7 ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់អាចធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ ឬចាត់វិធានការដើម្បីជួលអ្នកជំនាញ ឬឱ្យប្រធានផ្នែកទាំងអស់បង្រៀនដល់បុគ្គលិកផ្សេងៗទៀតឱ្យយល់ដឹង ដើម្បីធ្វើឱ្យពួកគេបង្កើនផលិតភាពការងារ និងអាចរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន។

1. ការចេះរស់នៅជាមួយគោលដៅជីវិតផ្ទាល់ខ្លួន

បុគ្គលដែលខិតខំធ្វើការដោយគ្មានភាពនឿយហត់ តែងតែធ្វើការដោយមានគោលបំណងជាក់លាក់ និងរស់នៅជាមួយក្ដីស្រមៃផ្ទាល់ខ្លួន។ រីឯបុគ្គលដែលធ្វើការដើម្បីតែបានប្រាក់ខែចិញ្ចឹមជីវិត និងគ្មានគោលដៅជាក់លាក់នៅក្នុងជីវិត តែងតែឆាប់នឿយហត់ ឆាប់បោះបង់ និងឆាប់ធុញទ្រាន់នឹងជីវិតខ្លួនឯងម្ដងម្កាល។ ហេតុដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យបុគ្គលិករបស់អ្នកខិតខំធ្វើការដោយមានផលិតភាពការងារល្អ ព្រមទាំងរីកចម្រើននៅក្នុងជីវិតរបស់ពួកគេម្នាក់ៗ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែចាត់វិធានការដើម្បីបណ្ដុះបណ្ដាលបុគ្គលិកទាំងអស់ឱ្យមានគោលដៅជីវិត ហើយរស់ជាមួយនឹងគោលដៅជីវិតខ្លួនឯង។

ត្រូវចងចាំថា៖ មនុស្សដែលរស់នៅជាមួយនឹងគោលដៅ តែងតែជាមនុស្សរីកចម្រើន ហើយខិតខំធ្វើអ្វីគ្រប់យ៉ាងដោយអស់ពីសមត្ថភាពដោយមិនចាំបាច់មាននរណាមកដាស់តឿនរហូតឡើយ។ ម្យ៉ាងទៀត ប្រសិនបើស្ថាប័នរបស់អ្នកពោរពេញដោយបុគ្គលបែបនេះ នោះស្ថាប័នរបស់អ្នកក៏កាន់តែរឹងមាំ និងរីកចម្រើនផងដែរ។

2. ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

ប្រសិនបើបុគ្គលិករបស់អ្នក សុទ្ធតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងមិនសូវចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អនោះទេ ច្បាស់ណាស់វានឹងប៉ះពាល់ដល់ផលិតភាពការងាររបស់ពួកគេ។ នៅពេលផលិតភាពការងាររបស់ពួកគេធ្លាក់ចុះ នោះគោលដៅដែលក្រុមហ៊ុនចង់សម្រេចបាន ក៏ត្រូវពន្យាពេលដែរ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែមានការបណ្ដុះបណ្ដាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់គ្រប់បុគ្គលិកទាំងអស់ឱ្យបានយល់ដឹង។

ត្រូវចងចាំថា៖ បើបុគ្គលិករបស់អ្នក មានបញ្ហាហិរញ្ញវត្ថុ នោះផលិតភាពការងារ និងភាពរីកចម្រើនរបស់ពួកគេនឹងធ្លាក់ចុះ ហើយប្រសិនបើអ្នកអាចជួយឱ្យបុគ្គលិករបស់អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងរឹងមាំផ្នែកហិរញ្ញវត្ថុ ពួកគេនឹងរីកចម្រើនតាមរយៈការបង្កើនផលិតភាពការងារ ហើយស្ថាប័នរបស់អ្នកក៏រីកចម្រើនតាមនោះដែរ។

3. ការចេះប្រើប្រាស់ពេលវេលាបានល្អ

​ពាក្យចាស់លោកពោលថា “ពេលវេលាគឺជាមាសប្រាក់” ដូច្នេះពេលវេលាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ហេតុនេះប្រសិនបើអ្នកមិនចេះប្រើប្រាស់ពេលវេលាឱ្យបានល្អទេ នោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយ ពីព្រោះយើងមិនអាចបង្វែរពេលវេលាឱ្យដើរថយក្រោយបានឡើយ។

បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកឱ្យយល់ច្បាស់ពីសារៈសំខាន់នៃការចេះប្រើប្រាស់ពេលវេលាឱ្យបានល្អ និងចេះប្រើប្រាស់ពេលវេលាក្នុងការធ្វើអ្វីមួយដែលអភិវឌ្ឍន៍សមត្ថភាព និងអាចបង្កើនផលិតភាពការងារផ្ទាល់ខ្លួន។ ម្យ៉ាងទៀត អ្នកក៏ត្រូវបង្ហាញពីគុណវិបត្តិនៅពេលដែលបុគ្គលិកខ្ជះខ្ជាយពេលវេលា ព្រមទាំងយកពេលវេលាមួយចំនួនទៅធ្វើអ្វីមួយដែលគ្មានបានផលប្រយោជន៍ត្រឡប់មកវិញសម្រាប់ខ្លួនឯង។

ត្រូវចងចាំថា៖ ប្រសិនបើបុគ្គលិករបស់អ្នកចេះប្រើប្រាស់ពេលវេលាបានល្អ នោះពួកគេនឹងបំពេញការងារសំខាន់ៗក៏បានល្អ ព្រមទាំងចេះបែងចែកយ៉ាងល្អរវាងការធ្វើការងារនៅស្ថាប័ន និងការងារផ្ទាល់ខ្លួន។ ធ្វើបែបនេះ បុគ្គលិករបស់អ្នកក៏កាន់តែរីកចម្រើន ហើយស្ថាប័នរបស់អ្នកក៏ជោគជ័យតាមនោះដែរ។

4. ការចេះរបៀបធ្វើការតាមច្បាប់ 80/20

ច្បាប់ 80/20 មានន័យថា ការខិតខំធ្វើការតែ 20% ប៉ុន្តែទទួលបានលទ្ធផលរហូតដល់ទៅ 80% ហើយបើនិយាយឱ្យសាមញ្ញមានន័យថា ខំធ្វើការតែបន្ថិច ប៉ុន្តែទទួលបានលទ្ធផលច្រើន។

នៅក្នុងចំណុចនេះ ចង់បង្ហាញឱ្យអ្នកដឹងថា បុគ្គលិកមួយចំនួនពេលខ្លះរវល់នឹងធ្វើការយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្តែទទួលបានលទ្ធផលតែបន្តិចរហូតធ្វើឱ្យពួកគេគ្មានកម្លាំងចិត្តធ្វើការបន្តទៀត។ ហេតុអ្វី? ដោយសារតែពួកគេមិនបានធ្វើការតាមច្បាប់ 80/20។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែបណ្ដុះបណ្ដាលឱ្យបុគ្គលិកចេះធ្វើការតាមច្បាប់ 80/20 ដោយព្យាយាមធ្វើការណាដែលសំខាន់ និងបន្ទាន់មុន ឬព្យាយាមធ្វើការណាដែលមានគុណប្រយោជន៍ច្រើនមុននឹងធ្វើការងារណាមិនចាំបាច់ឬអាចឱ្យអ្នកផ្សេងធ្វើជំនួសបាន ព្រមទាំងធ្វើការងារណាដែលត្រូវនឹងគោលដៅដែលស្ថាប័នចង់បានឱ្យបានច្រើន។

5. ការចេះសេពគប់មនុស្ស

បុគ្គលិកមួយចំនួននៅក្នុងស្ថាប័នរបស់អ្នក ពេលខ្លះពួកគេមិនយល់ពីរបៀបសេពគប់មនុស្សឱ្យបានត្រឹមត្រូវឡើយ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ និងយោងតាមបទពិសោធន៍របស់អ្នក គឺអ្នកត្រូវតែបង្ហាត់បង្ហាញអំពីការសេពគប់មនុស្សដែលធ្វើឱ្យពួកគេមានសេចក្ដីសុខ មានភាពរីកចម្រើន និងអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន។ បន្ថែមពីនេះ ត្រូវធ្វើយ៉ាងណាឱ្យពួកគេបានយល់ច្បាស់ថា ការសេពគប់មនុស្សដ៏ល្អ មិនមែនទៅសេពគប់ជាមួយនឹងមនុស្សគ្រប់គ្នាឡើយ ប៉ុន្តែអាចនិយាយរួសរាយ និងអាចយកអាសារជាមួយមនុស្សគ្រប់គ្នាបាន។ ដោយឡែកការសេពគប់អ្នកត្រូវឱ្យបុគ្គលិកអ្នកដឹងថា តើមនុស្សបែបណាគួរនៅក្បែរឱ្យបានច្រើន ឬគួរចៀសវាង? តើមនុស្សបែបណាដែលអ្នកគួររាប់អាន ឬមិនគួររាប់អាន? ។ល។

ត្រូវចងចាំថា៖ ការសេពគប់ ជាកាតាលិករដ៏សំខាន់ក្នុងការជំរុញឱ្យអ្នករីកចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ដូច្នេះបើអ្នកអាចធ្វើឱ្យបុគ្គលិករបស់អ្នកចេះសេពគប់ជាមួយមនុស្សបានល្អ នោះពួកគេនឹងរីកចម្រើន ហើយស្ថាប័នរបស់អ្នកនឹងពោរពេញទៅដោយមនុស្សពូកែៗ។

6. ការចេះរៀនសូត្រនូវចំណេះជំនាញបានត្រឹមត្រូវ

នៅលើលោកនេះ មានចំណេះដឹង និងមេរៀនជាច្រើនរាប់មិនអស់ឡើយ ដូច្នេះប្រសិនបើយើងចេះតែរៀនៗដោយគ្មានគោលដៅជាក់លាក់ នោះយើងបានតែចំណេះដឹង ប៉ុន្តែមិនអាចយកទៅប្រើការក្នុងការបង្កើតជាប្រយោជន៍បានឡើយ ហើយនេះជាទង្វើដែលខាតពេលបំផុត។ ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបង្ហាញដល់បុគ្គលិកគ្រប់គ្នាថា តើចំណេះជំនាញអ្វីដែលពួកគេម្នាក់ៗ ត្រូវព្យាយាមផ្ដោតរៀនឱ្យខ្លាំង ដោយផ្សាភ្ជាប់ទៅនឹងគោលដៅជីវិតដែលពួកគេចង់បាន? តើចំណេះដឹងណាខ្លះដែលគួរតែរៀនដើម្បីឱ្យដឹង និងយល់ ក៏គ្រប់គ្រាន់ មិនចាំបាច់ផ្ដោតខ្លាំងពេក?

7. ការចេះរស់នៅក្នុងសង្គមជាក់ស្ដែង

សង្គមតែងតែមានការផ្លាស់ប្ដូរ ហើយសង្គមជាក់ស្ដែង មិនដូចនឹងការរៀននៅក្នុងការសាលា ឬគ្រាន់តែលឺគេនិយាយបន្តគ្នា។ បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញទឹកចិត្តឱ្យបុគ្គលិករបស់អ្នកឱ្យស្គាល់ពីសង្គមជាក់ស្ដែង ព្រមទាំងចេះរៀនបទបែនតាមបរិបទសង្គម និងចេះរស់នៅជាមួយនឹងសង្គមជាក់ស្ដែងដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើនទាំងជីវិតផ្ទាល់ខ្លួន និងជីវិតការងារ។

ពាណិជ្ជកម្ម

តើយើងគួរធ្វើតាមយុទ្ធសាស្រ្តទីផ្សាររបស់គូប្រជែងដែរឬទេ?

0
តើយើងគួរធ្វើតាមយុទ្ធសាស្រ្តទីផ្សាររបស់គូប្រជែងដែរឬទេ?

ការធ្វើទីផ្សារមានច្រើនណាស់ ដើម្បីឱ្យអ្នកជ្រើសរើសក្នុងការយកមកអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នកទៅតាមគោលដៅដែលអ្នកចង់សម្រេចបាន។ ម្យ៉ាងវិញទៀត មុននឹងអ្នកអាចធ្វើទីផ្សារឱ្យបានល្អ អ្នកត្រូវតែរៀបចំយុទ្ធសាស្រ្តទីផ្សារឱ្យស្របជាមួយនឹងគោលដៅដែលអ្នកចង់បាន។ លើសពីនេះ អ្នកក៏ត្រូវចងចាំដែរថា ចូរកុំព្យាយាមមើលពីរបៀបដៃគូប្រកួតប្រជែងធ្វើយុទ្ធសាស្រ្តទីផ្សារនៅក្នុងអាជីវកម្មរបស់គេ មកអនុវត្តន៍តាមឱ្យសោះ ពីព្រោះអ្នកមិនដឹងទេថា យុទ្ធសាស្រ្តដែលពួកគេអនុវត្តន៍នោះធ្វើក្នុងគោលបំណងអ្វីជាក់លាក់ឡើយ ដូចជាមិនដឹងជំរុញការលក់ ឬជំរុញឱ្យមនុស្សកាន់តែស្គាល់អំពីម៉ាកយីហោរបស់ពួកគេ។ បន្ថែមពីនេះ អ្នកក៏មិនដឹងថា ពួកគេរៀបចំក្រុមប្រតិបត្តិការយុទ្ធសាស្រ្តរបស់ពួកគេបែបណា មានផែនការបែបណា និងត្រៀមថវិកាដើម្បីចំណាយកម្រិតណាឡើយ។

ហេតុដូចនេះ ចូរកុំឃើញដៃគូប្រកួតប្រជែងរបស់អ្នកធ្វើយុទ្ធសាស្រ្តទីផ្សារទទួលបានលទ្ធផលល្អ ហើយអ្នកព្យាយាមយកមកអនុវត្តន៍តាមឱ្យសោះ ប៉ុន្តែអ្នកអាចសិក្សារៀនសូត្រពីការធ្វើទីផ្សាររបស់ពួកគេ។ បន្ទាប់មក អ្នកអាចច្នៃបន្ថែម និងប្រជុំក្រុមអ្នកទីផ្សារ ដើម្បីរៀបចំយុទ្ធសាស្រ្ត រៀបចំផែនការ ហើយត្រៀមក្រុម និងថវិកា ដើម្បីចាប់ផ្ដើមអនុវត្តន៍យុទ្ធសាស្រ្តនោះ។ ត្រង់ចំណុចនេះ អ្នកក៏ត្រូវដឹងដែរថា តើអ្វីជាគោលបំណងដែលអ្នកចង់ធ្វើយុទ្ធសាស្រ្តនោះ? ហើយដើម្បីអាចរៀបចំយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  1. កំណត់គោលដៅអាជីវកម្មរបស់អ្នក ដើម្បីធ្វើឱ្យអ្នកងាយស្រួលក្នុងការកំណត់គោលដៅធ្វើទីផ្សារ។ ហើយចំពោះគោលដៅអាជីវកម្ម អ្នកអាចបញ្ចូលនូវចំណុច 3 គឺ៖
  • បង្កើនការយល់ដឹងអំពីផលិតផល និងសេវាកម្មរបស់អ្នក
  • ជំរុញការលក់ផលិតផលបន្ថែមពីអ្នកផ្គត់ផ្គង់ជាក់លាក់
  • អាចឈានដល់ការទាញយកអតិថិជនថ្មីៗបន្ថែមទៀត
  1. កំណត់គោលដៅទីផ្សារឱ្យស្របជាមួយនឹងគោលដៅអាជីវកម្មរបស់អ្នក ដើម្បីរៀបចំយុទ្ធសាស្រ្តទីផ្សារក្នុងការអនុវត្តន៍ ហើយអ្នកក៏ត្រូវដឹងដែរថាបើរៀងរាល់ឆ្នាំអ្នកតែងតែផ្លាស់យុទ្ធសាស្រ្តទីផ្សារ មានន័យថា វាមិនមែនជាយុទ្ធសាស្រ្តដ៏ល្អឡើយ។
  2. សិក្សាស្រាវជ្រាវអំពីទីផ្សារ ដោយអ្នកត្រូវដឹងពីទំហំទីផ្សារ ទីផ្សារដែលអាជីវកម្មរបស់អ្នកអាចរីកលូតលាស់បាន ភាពពេញនិយមនៅក្នុងសង្គមជាក់ស្ដែង និងប្រជាសាស្រ្ត (អាយុ ភេទ ប្រាក់ចំណូល និងជីវភាព) ។
  3. កំណត់ប្រវត្តិអតិថិជនសក្ដានុពល ដូចជារបៀបដែលពួកគេសម្រេចចិត្តទិញ ទីកន្លែងណាដែលពួកគេពេញនិយមទៅទិញ និងអ្វីដែលពួកគេទិញ និងកំណត់ភាពតម្រូវការរបស់ពួកគេ បន្ទាប់មកព្យាយាមស្វែងរកអតិថិជនថ្មីៗ។
  4. សិក្សាអំពីដៃគូប្រកួតប្រជែង ដោយដឹងអំពីផលិតផលសេវាកម្ម អ្នកផ្គត់ផ្គង់ តម្លៃផលិតផលសេវាកម្ម និងយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ បន្ទាប់មកអ្នកអាចទាញយកប្រយោជន៍ដែលអ្នកនឹងអាចបង្កើតអ្វីថ្មីដែលល្អជាដៃគូប្រកួតប្រជែង និងកំណត់ភាពខ្លាំង ភាពខ្សោយនៅផ្ទៃក្នុងនៃការដឹកនាំគ្រប់គ្រងចាត់ចែងក្នុងអាជីវកម្មរបស់អ្នក។ ធ្វើបែបនេះ ក្នុងគោលបំណងជួយកែលម្អដំណើរការរបស់អ្នកឱ្យបានល្អជាងមុន បើប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងរបស់អ្នក។
  5. ពង្រឹងយុទ្ធសាស្រ្តដើម្បីគាំទ្រដល់គោលដៅទីផ្សារ ដោយធ្វើជាបញ្ជីនៃគោលដៅទីផ្សាររបស់អ្នក និងកំណត់យុទ្ធសាស្រ្តដែលទាក់ទាញ ហើយពាក់ព័ន្ធគោលដៅទីផ្សារ។
  6. អ្នកអាចតេស្តសាកល្បងនូវយុទ្ធសាស្រ្តដែលអ្នកបានកំណត់ ដើម្បីមើលលទ្ធផល ហើយបើល្អ ត្រូវពង្រឹងឬសម្រុកឱ្យខ្លាំង ប៉ុន្តែបើគ្មានលទ្ធផល ត្រូវកែលម្អឡើងវិញ។
ពាណិជ្ជកម្ម

បើរង់ចាំរៀបការសិន​ សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ?

0
បើរង់ចាំរៀបការសិន​ សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ?

ការចាប់ផ្ដើមរកស៊ី គឺអ្នកអាចសម្រេចចិត្តចាប់ផ្ដើមនៅពេលណាក៏បានដែរ ប៉ុន្តែឱ្យតែការចាប់ផ្ដើមនោះអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើម ព្រមទាំងមានផែនការ និងគោលបំណងច្បាស់លាស់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកនៅតែមានចម្ងល់នៅក្នុងចិត្តថា បើនៅរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ? អ្នកអាចគិតពិចារណានៅគោលគំនិតដូចខាងក្រោម បន្ទាប់មកអ្នកអាចចាប់ផ្ដើមសម្រេចចិត្តម្ដងទៀត តើគួរនៅរង់ចាំរៀបការសិន ឬក៏យ៉ាងណាដែរ ដើម្បីចាប់ផ្ដើមអាជីវកម្ម?

មិនរង់ចាំរៀបការ ហើយចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន

មិនថាអ្នកជាមនុស្សស្រី ឬជាមនុស្សប្រុសទេ ប្រសិនបើអ្នកបានពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំង ព្រមទាំងមានសមត្ថភាពក្នុងការប្រមូលធនធានក្នុងការចាប់ផ្ដើមរកស៊ីលើវិស័យណាមួយហើយ អ្នកអាចចាប់ផ្ដើមបាន។ ប៉ុន្តែប្រសិនបើមិនទាន់ត្រៀមខ្លួនរួចរាល់ និងខ្វះធនធានក្នុងការចាប់ផ្ដើម អ្នកអាចចាប់ផ្ដើមរៀបចំផែនការអាជីវកម្មផ្ទាល់ខ្លួនមួយឱ្យបានច្បាស់លាស់ ក្នុងករណីថាអ្នកពិតជាស្រលាញ់និងចង់ចាប់ផ្ដើមរកស៊ី។ បន្ទាប់ពីរៀបចំផែនការអាជីវកម្មរួចហើយ អ្នកអាចស្វែងរកជំនួយក្នុងការជួយ និងរកក្រុមសហការ ហើយពង្រឹងក្រុម និងគោលបំណងខ្លួនឯងឱ្យខ្លាំង បន្ទាប់មកប្រមូលដើមទុនឱ្យបានគ្រប់គ្រាន់ នោះអ្នកអាចចាប់ផ្ដើមបាន។

បន្ថែមពីនេះ អ្នកត្រូវដឹងថា នៅពេលអ្នកមិនទាន់រៀបការ អ្នកអាចចាប់ផ្ដើមនូវអ្វីដែលជាក្ដីស្រលាញ់ផ្ទាល់ខ្លួន និងមានពេលវេលាច្រើនក្នុងការផ្ដោតធ្វើវាឱ្យបានសម្រេច គ្រាន់តែវាទាមទារឱ្យអ្នកយល់ពីអ្វីដែលខ្លួនឯងចង់ធ្វើពិតប្រាកដ និងយល់ពីបរិបទនៃការធ្វើអាជីវកម្ម ហើយអាចដំណើរការបាន។

ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកពិតជាមានគោលបំណងចង់បើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន អ្នកអាចចាប់ផ្ដើមពីឥលូវបាន ដោយមិនចាំបាច់រង់ចាំរៀបការសិនឡើយ។ ប៉ុន្តែទាមទារឱ្យអ្នកត្រៀមខ្លួនឱ្យបានរួចរាល់ទាំងមានផែនការអាជីវកម្មច្បាស់លាស់ មានដើមទុនគ្រប់គ្រាន់ មានក្រុមសហការដ៏រឹងមាំ និងអ្នកខ្លួនឯងយល់ច្បាស់ពីការធ្វើអាជីវកម្មលើវិស័យដែលអ្នកជ្រើសរើស។

រង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន

ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មក្រោយពេលអ្នករៀបការហើយ ក៏មិនមែនជារឿងអាក្រក់ដែរ ព្រោះវាជាជម្រើសរបស់អ្នកផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកត្រូវចងចាំថា ប្រសិនបើដៃគូរបស់អ្នកមិនមានគោលបំណងក្នុងការចាប់ផ្ដើមរកស៊ីដូចអ្នក នោះវាអាចបង្កឱ្យមានការខ្វែងគំនិតគ្នា។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមានគោលបំណងដូចអ្នក ឬគាំទ្រឱ្យអ្នកចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នក នោះវាជារឿងដ៏ល្អ។

ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកសម្រេចចិត្តរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន អ្នកក៏ត្រូវធ្វើឱ្យប្រាកដថា តើអាជីវកម្មនោះអ្នកចាប់ផ្ដើមរួមគ្នាជាមួយដៃគូរបស់អ្នកឬយ៉ាងណា? ឬក៏អ្នកគ្រាន់តែចង់ទទួលបានការគាំទ្រជាការលើកទឹកចិត្ត និងដើមទុន ដើម្បីចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នកឬយ៉ាងណា?

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Business Plan VS Business Model

0
ភាពខុសគ្នារវាង Business Plan VS Business Model

ប្រសិនបើអ្នកមានបំណងចង់ក្លាយជាសហគ្រិន អ្នកប្រាកដជាមានគំនិតមួយចំនួនដើម្បីចាប់ផ្ដើមអាជីវកម្មសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ដើម្បីជួយអ្នកបន្ថែមនោះគឺការយល់ច្បាស់អំពីភាពខុសគ្នារវាង Business Plan និង Business Model។

Business Plan (ផែនការអាជីវកម្ម)

ផែនការអាជីវកម្ម គឺជាឯកសារដែលសរសេររៀបរាប់លម្អិតអំពីគោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនោះ។ ហើយវា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “ប្លង់មេ​នៃ​អាជីវកម្ម” ពីព្រោះ​វា​សង្ខេប​ទិដ្ឋភាព​សំខាន់ៗ​ទាំងអស់​របស់​ក្រុមហ៊ុន ​ដូចជា​ហិរញ្ញវត្ថុ ទីផ្សារ និង​ប្រតិបត្តិការ។

ផែនការអាជីវកម្មនឹងជួយបង្ហាញផ្លូវដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងវិនិយោគិន បានមើលឃើញពីដំណើរការចាប់តាំងពីចាប់ផ្ដើមអាជីវកម្មដំបូង រហូតអាចមានឱកាសរីកចម្រើនក្នុងរយៈពេលវែង ជារួមអាចមើលដឹងពីដំណាក់កាលនៃភាពជោគជ័យរបស់អាជីវកម្ម។

បន្ថែមពីនេះផែនការអាជីវកម្មប្រែប្រួលទៅតាមឧស្សាហកម្ម ប៉ុន្តែមានទម្រង់ទូទៅសម្រាប់ការសរសេរផែនការអាជីវកម្មដូចគ្នា ហើយអ្នកអាចពង្រីក ឬបង្រួមគំរូនេះដោយផ្អែកលើគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនរបស់អ្នកបាន។

  • សង្ខេបប្រតិបត្តិ
  • ការពិពណ៌នាអាជីវកម្ម
  • ការវិភាគទីផ្សារ
  • ពណ៌នាពីផលិតផល និងសេវាកម្ម
  • យុទ្ធសាស្ត្រទីផ្សារ
  • ផែនការទីផ្សារ
  • ប្រតិបត្តិការ និងការគ្រប់គ្រង
  • ផែនការហិរញ្ញវត្ថុ

ប្រភេទនៃការធ្វើផែនការអាជីវកម្ម រួមមាន៖

  • ផែនការចាប់ផ្តើមអាជីវកម្ម (Start-Up Business Plans)
  • ផែនការអាជីវកម្មផ្ទៃក្នុង (Internal Business Plans)
  • ផែនការអាជីវកម្មជាយុទ្ធសាស្ត្រ (Strategic Business Plans)
  • ផែនការអាជីវកម្មលទ្ធភាពដែលអាចទទួលបានការបណ្ដាក់ទុន (Feasibility Business Plans)
  • ផែនការអាជីវកម្មប្រតិបត្តិការ (Operations Business Plans)
  • ផែនការអាជីវកម្មដើម្បីរីកចម្រើន (Growth Business Plans)

Business Model (គំរូអាជីវកម្ម)

គំរូអាជីវកម្ម សំដៅលើហេតុផលរបស់ក្រុមហ៊ុន និងផែនការក្នុងការរកប្រាក់ចំណេញ ដោយវាពន្យល់ពីរបៀបដែលក្រុមហ៊ុនផ្តល់គុណតម្លៃជាក់លាក់មួយដល់អតិថិជនរបស់ខ្លួន។ គំរូអាជីវកម្មនឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទីផ្សារគោលដៅរបស់ខ្លួន និងការចំណាយទាំងអស់ទាក់ទងនឹងប្រតិបត្តិការ និងផលិតកម្ម។

គំរូអាជីវកម្មមានសារៈសំខាន់សម្រាប់អាជីវកម្មថ្មី និងអាជីវកម្មដែលបង្កើតឡើង ដោយវាជួយក្រុមហ៊ុនថ្មីដែលកំពុងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគ ការជ្រើសរើសបុគ្គលិកចូលថ្មី និងលើកទឹកចិត្តអ្នកគ្រប់គ្រង និងបុគ្គលិកឱ្យខិតខំបន្តទៀត។

ចំពោះប្រភេទនៃ Business Model មានច្រើន ប៉ុន្តែភាគច្រើនគេពេញនិយមប្រើប្រាស់ប្រភេទដូចជា​៖

  • គំរូផ្សាយពាណិជ្ជកម្ម (Advertising model)
  • គំរូនៃការជាវ (Subscription model)
  • ផលិតផលទៅជាគំរូសេវាកម្ម (Product to service model)
  • ម៉ូដែល Franchise (Franchise model)
  • គំរូចែកចាយ (Distribution model)
  • ម៉ូដែលក្រុមហ៊ុនផលិត (Manufacturer model)
  • ម៉ូដែលលក់រាយ (Retailer model)
  • ម៉ូដែលសម្ព័ន្ធ (Affiliate model)
  • គំរូចំណូលដែលបានលាក់ (Hidden revenue model)
  • គំរូលក់ផ្ទាល់ (Direct sales model)
  • គំរូប្រឹក្សាយោបល់ (Consulting model)
  • គំរូតាមភ្នាក់ងារ (Agency-based model)
  • គំរូអប់រំតាមអ៊ីនធឺណិត (Online educational model)
  • ។ល។

សមាសធាតុសំខាន់ៗដែលអ្នកត្រូវតែបញ្ចូលនៅក្នុងការធ្វើគំរូអាជីវកម្មរបស់អ្នក៖

  • ចក្ខុវិស័យ
  • គោលបំណងសំខាន់
  • ទីផ្សារ​គោលដៅ
  • បញ្ហា
  • ដំណោះស្រាយ
  • គុណតម្លៃផលិតផលឬសេវាកម្ម
  • តម្លៃផលិតផលឬសេវាកម្ម
  • ការធ្វើទីផ្សារ
  • ថវិកាដែលត្រូវការស្នើសុំពីវិនិយោគិន
  • ឱកាសរីកចម្រើន
ពាណិជ្ជកម្ម

ប្រវត្តិសំខាន់ៗនៃការបង្កើតឱ្យមាន “ផែនការអាជីវកម្ម”

0
ប្រវត្តិសំខាន់ៗនៃការបង្កើតឱ្យមាន “ផែនការអាជីវកម្ម”

វិធីដ៏ល្អបំផុតមួយដើម្បីជោគជ័យក្នុងជីវិត គឺការរៀនពីភាពជោគជ័យ និងកំហុសរបស់អ្នកដទៃដែលបានធ្វើ។ ហើយនេះក៏ជាការពិតនៅពេលនិយាយអំពីការបង្កើតផែនការអាជីវកម្មផងដែរ។ កន្លងមក របៀបដែលមនុស្សធ្វើបទបង្ហាញអំពីផែនការអាជីវកម្ម គឺប្រើប្រាស់ក្រដាស Parchment បន្ទាប់មកបទបង្ហាញ ជា PowerPoint ហើយជាលទ្ធផលចុងក្រោយគឺធ្វើផែនការជាលាយលក្ខណ៍អក្សរដែលបង្ហាញដល់ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគដែលអាចធ្វើទៅបានពីរបៀបរកប្រាក់ចំណេញ។

ដើម្បីឈ្វេងយល់បន្ថែមអំពីប្រវត្តិនៃការបង្កើតផែនការអាជីវកម្ម ខាងក្រោមនេះជាដំណើរការសង្ខេប។

សតវត្សទី 18

ផែនការអាជីវកម្មដំបូង ត្រូវបានសរសេរកាលពីរាប់ពាន់ឆ្នាំមុន នៅពេលសកម្មភាពពាណិជ្ជកម្មបានមកដល់ជាលើកដំបូង។ នៅពេលនោះជនជាតិ Sumerians បុរាណ ពួកគេបានសរសេរសរសេរអំពីការជួញដូរ និងការចិញ្ចឹមសត្វនៅលើបន្ទះដីឥដ្ឋ។ ប៉ុន្តែ​ឥណទាន​សម្រាប់​ផែនការ​អាជីវកម្ម​សម័យ​ទំនើប​នេះ ជារឿយៗ​ត្រូវ​បាន​ផ្តល់​ឱ្យ​លោក Pierre Samuel, Sieur du Pont de Nemours។

សតវត្សទី 19

នៅទសវត្សរ៍ឆ្នាំ 1800 សមាគមន៍បានចាប់ផ្តើមរៀបចំការប្រកួតប្រជែងផែនការអាជីវកម្ម ដោយអ្នកដឹកនាំឧស្សាហកម្មនឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដើម្បីលើកទឹកចិត្តដល់អ្នកដែលធ្វើបានល្អ និងភាពប៉ិនប្រសប់បំផុតក្នុងការដាក់ស្នើគំនិតរបស់ពួកគេសម្រាប់ការកែលម្អផលិតកម្ម ឬដោះស្រាយបញ្ហាដែលស្មុគស្មាញ។

ការប្រកួតប្រជែងផែនការអាជីវកម្មដ៏ល្បីល្បាញបំផុត គឺនៅសតវត្សទី 20 ដែលជារង្វាន់ Orteig  ដោយមានចំនួនទឹកប្រាក់ 25,000 ដុល្លារត្រូវបានផ្តល់ជូននៅក្នុងខែឧសភាឆ្នាំ 1919 ដោយម្ចាស់សណ្ឋាគារញូវយ៉កទៅកាន់អាកាសយានិកដំបូងគេ គឺលោក Charles Lindbergh ដែលជាអ្នកឈ្នះរង្វាន់នោះ។

​​​​​សតវត្សទី 20

នៅទសវត្សរ៍ឆ្នាំ 1900 ផែនការអាជីវកម្មចាប់ផ្ដើមមានសារៈសំខាន់ចំពោះភាពជោគជ័យនៃអាជីវកម្ម។នៅឆ្នាំ 1921 ទស្សនាវដ្តី The Journal of the Engineers Club of Philadelphia បានចង្អុលបង្ហាញពីសារៈសំខាន់នៃផែនការអាជីវកម្ម ជាពិសេសប្រសិនបើអ្នកចង់ឱ្យអាជីវកម្មទទួលបានជោគជ័យ វាជារឿងចាំបាច់ណាស់អ្នកត្រូវតែមានផែនការអាជីវកម្មល្អ។

នៅឆ្នាំ 1976 ទស្សនាវដ្តី Changing បានផ្តល់ដំបូន្មានដល់សហគ្រិនដែលមានបំណងចង់ធ្វើផែនការអាជីវកម្មផ្ទាល់ខ្លួន “មុននឹងចាប់ផ្តើមអាជីវកម្ម អ្នកត្រូវព្រាងប្លង់មេដែលបង្ហាញពីរបៀបដែលអាជីវកម្មរបស់អ្នកនឹងត្រូវបានរៀបចំ កន្លែងដែលត្រូវដឹកនាំ និងអ្វីដែលអ្នកនឹងត្រូវទៅដល់ទីនោះ។ លើសពីនេះ ទាមទារឱ្យអ្នកបញ្ចូលព័ត៌មានដែលបង្ហាញថាអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើបានច្បាស់លាស់។ ត្រង់ចងចាំថា ធនាគារ អ្នកផ្គត់ផ្គង់ និងវិនិយោគិនជាច្រើនទៀត ពួកគេចង់ឃើញពីផែនការរបស់អ្នក មុននឹងពួកគេសម្រេចចិត្តផ្ដល់ជំនួយឬវិនិយោគមកកាន់អាជីវកម្មរបស់អ្នក” ។

​​​​​សតវត្សទី 21

ផែនការអាជីវកម្មនៅតែមានសារៈសំខាន់ខ្លាំងរហូតមកទល់សព្វថ្ងៃ គ្រាន់តែបច្ចុប្បន្ននេះមានភាពងាយស្រួលជាងមុនក្នុងការបង្កើតផែនការអាជីវកម្ម ដោយមានគំរូ និងកម្មវិធីជាច្រើនដែលរចនាឡើងដើម្បីជួយមនុស្សបង្កើតផែនការអាជីវកម្មរបស់ពួកគេ។ លើសពីនេះ ផែនការអាជីវកម្ម កាន់តែមានភាពទូលំទូលាយជាងមុន ដោយសិក្ខាសាលា និងថ្នាក់វិទ្យាល័យមួយចំនួនក៏បញ្ចូលវគ្គបណ្ដុះបណ្ដាលលើការបង្កើតផែនការអាជីវកម្មដែរ ព្រមទាំងក៏មានសៀវភៅបោះពុម្ពលក់ជាច្រើផងដែរ។

ពាណិជ្ជកម្ម

បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

0
បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

នៅពេលមានលុយតិច​ ប៉ុន្តែចង់ធ្វើកិច្ចការងារជាច្រើនទៀតដើម្បីធ្វើឱ្យជីវភាពផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាកិច្ចការងារទាំងនោះវាទាមទារឱ្យមានលុយច្រើន ដូចជាចង់បើកអាជីវកម្មផ្ទាល់ខ្លួន និងមានគម្រោងធំៗផ្សេងទៀត។ ម្យ៉ាងទៀត អាចជាសិស្សនិស្សិត និងអ្នកកំពុងបម្រើការងារឱ្យគេ ដោយបច្ចុប្បន្នមានលុយតិច ប៉ុន្តែចង់ប្រើលុយទាំងនោះដើម្បីជួយខ្លួនឯងក្នុងការបង្កើតលុយបន្ថែម ឬមានគម្រោងវិនិយោគលើអ្វីមួយ ប៉ុន្តែមិនដឹងវិនិយោគលើអ្វីទើបល្អ។

នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងជួយបង្ហាញផ្លូវក្នុងការសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ ទោះបីជាអ្នកមានលុយតិចក៏ដោយ។

1. វិនិយោគលើការពង្រឹងសមត្ថភាព

នៅពេលដែលអ្នកមានលុយតិច ដោយមិនអាចធ្វើអ្វីបានច្រើន ឬមិនអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន អ្នកមិនត្រូវតូចចិត្តនឹងខ្លួនឯងហើយមិនព្រមធ្វើអ្វីនោះឡើយ។ ការដែលមានលុយតិច អ្នកក៏អាចមានឱកាសវិនិយោគលើការពង្រឹងសមត្ថភាពរបស់អ្នកឱ្យខ្លាំងបានដែរ ដើម្បីប្រើការជាប្រយោជន៍នាពេលអនាគត ដោយអ្នកអាចយកសមត្ថភាពនោះមកបង្កើតលុយបាន។

ការវិនិយោគលើការពង្រឹងសមត្ថភាពនេះ អ្នកអាចយកលុយដែលអ្នកមានមកបែងចែកដើម្បីទិញវគ្គសិក្សាខ្លីៗមកសិក្សា ឬទិញសៀវភៅណាដែលជាចំណង់ចំណូលចិត្ត ជាសៀវភៅដែលអ្នកចង់ចេះចង់ដឹង និងចង់អភិវឌ្ឍន៍ខ្លួន បន្ទាប់មកសិក្សាឈ្វេងយល់ដើម្បីបង្កើនចំណេះដឹងឱ្យខ្លាំង។ ម្យ៉ាងទៀត អ្នកក៏អាចចំណាយលុយទិញសំបុត្រចូលរួមសិក្ខាសាលាដែលពាក់ព័ន្ធនឹងការចង់ពង្រឹងសមត្ថភាពរបស់អ្នក ដើម្បីពង្រីកការយល់ដឹងរបស់អ្នកបន្ថែម។

បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា ដើម្បីធ្វើឱ្យការវិនិយោគរបស់អ្នកទទួលបានជោគជ័យ អ្នកត្រូវហ៊ានចំណាយ និងត្រូវតែវិនិយោគឱ្យបានត្រឹមត្រូវ។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងផ្នែកធ្វើទីផ្សារ អ្នកក៏ត្រូវជ្រើសរើសវគ្គសិក្សាដែលមានភាពពាក់ព័ន្ធនឹងផ្នែកទីផ្សារ ត្រូវជ្រើសរើសគ្រូបង្វឹកឬអ្នកបង្ហាត់បង្ហាញដែលមានជំនាញផ្នែកនោះ និងត្រូវហ៊ានចំណាយលើអ្វីផ្សេងទៀតដែលអាចជួយជំរុញអ្នកឱ្យរីកចម្រើនផ្នែកធ្វើទីផ្សារនោះបាន។ មិនមែនមានបំណងចង់ក្លាយជាអ្នកខ្លាំងផ្នែកទីផ្សារ​ ហើយវិនិយោគលើអ្វីផ្សេងទៀតតាមមិត្តភក្តិ ឬមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀត ចង់រីកចម្រើនដែរ ប៉ុន្តែមិនហ៊ានចំណាយលើការវិនិយោគលើអ្វីដែលអាជួយខ្លួនឯងឱ្យរីកចម្រើន បែរជាចំណាយលើសម្ភារៈមិនចាំបាច់ទៅវិញ។

បន្ថែមពីនេះ អ្នកខ្លួនឯងក៏ត្រូវមានការតាំងចិត្ត និងតស៊ូព្យាយាមផងដែរ ទើបការវិនិយោគរបស់អ្នក ទទួលបានលទ្ធផលទៅតាមអ្វីដែលអ្នកគិតស្រមៃនោះ។

ប្រសិនបើអ្នកអាចវិនិយោគលើចំណេះដឹង និងសមត្ថភាពដើម្បីធ្វើឱ្យអ្នករីកចម្រើន វាជាការគិតយ៉ាងត្រឹមត្រូវ ពីព្រោះទាំងពីរនេះជាឫសគល់ដ៏រឹងមាំសម្រាប់ភាពជោគជ័យ និងជាម៉ាស៊ីនផលិតលុយក្នុងរយៈពេលវែងនាពេលអនាគត។

2. វិនិយោគលើការសេពគប់ត្រូវ

នៅក្នុងចំណុចនេះ មានន័យថា ប្រសិនបើអ្នកមានគោលបំណងចង់រីកចម្រើន និងចង់ពង្រឹងសមត្ថភាពខ្លួនលើផ្នែកណាមួយហើយ អ្នកអាចស្វែងរកបុគ្គលណាដែលមានចំណេះផ្នែកនោះដើម្បីសេពគប់រៀនសូត្រជាមួយពួកគាត់បន្ថែម។ ហើយដើម្បីអាចសេពគប់បាន អ្នកអាចឧស្សាហ៍ណាត់ជួបពួកគេ ហើយអាចចំណាយលុយរបស់អ្នកដើម្បីប៉ាវពួកគាត់ញុំាអ្វីមួយតាមលទ្ធភាពដែលអ្នកមាន និងជាអ្វីដែលបុគ្គលនោះចូលចិត្ត។

សូមបញ្ជាក់ផងដែរ កុំធ្វើបែបនេះញឹកពេក ប៉ុន្តែត្រូវជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវមានការរៀបចំទុកជាមុនក្នុងការណាត់ជួបពួកគេ ការពារកុំឱ្យបានតែណាត់ជួប ប៉ុន្តែមិនទទួលបានអ្វីសោះ។

ពាណិជ្ជកម្ម

TADA បានបង្កើតកង់បីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា

0
TADA បានបង្កើតកង់បីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា

រោងចក្រតម្លើងកង់បីអគ្គិសនីអនៀន ធីវ័ន និងស្ថានីយអនៀន ម៉ូប៊ីលីធី បានបើកសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី 17 មីនា 2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់អ្នកបើកបរកង់បី TADA ឱ្យបានល្អប្រសើរតាមរយៈការកាត់បន្ថយចំណាយលើថ្លៃជួសជុល និងការប្តូរប្រេងម៉ាស៊ីនជាប្រចាំខែ ដោយអាចប្តូរអាគុយបានដែលវាជាការចំណេញជាងការប្រើហ្គាស ​ឬសាំង​ក្នុងមួយខែបានរហូតដល់20%ទៅ40%ឯណោះ។ លើសពីនេះ ក៏ជួយចូលរួមជួយដល់បរិស្ថានដោយកាត់​បន្ថយ​ការបំពុលឧស្ម័ន​មិនល្អពីយានជំនិះទៅកាន់ស្រទាប់ផែនដី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដូច្នេះរាល់អតិថិជនដែលប្រើប្រាស់កង់បីអគ្គិសនី អនៀនធីវ័នទាំងអស់នឹងមានសិទ្ធិក្លាយជាអ្នកបើកបរអតិថិភាពលំដាប់ខ្ពស់របស់កម្មវិធី TADA។

TADA TADA

នាពេលថ្មីៗនេះ (7 មេសា 2022) ក្រុមហ៊ុន TADA ក៏ចាប់ផ្ដើមបើកឱ្យអ្នកដំណើរទាំងអស់អាចធ្វើការកក់ជិះកង់បីអគ្គីសនីដំបូងគេបង្អស់នៅកម្ពុជាបានហើយ។ បន្ថែមពីនេះ ដើម្បីអាចធ្វើការកក់ជិះបាន អ្នកអាចចូលទៅកាន់ TADA អ៊ែប

លើសពីនេះ អ្វីដែលអ្នកគួរដឹងបន្ថែមនោះ គឺថាTADA បានធ្វើបច្ចុប្បន្នភាពថ្មីដោយអាចឱ្យអ្នកដំណើរឬអ្នកប្រើប្រាស់កម្មវិធី TADA ទាំងអស់អាចដាក់ទីតាំងពីរក្នុងពេលតែមួយ ដែលវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការកក់ជិះកង់បីដោយអាចដាក់ទីតាំងបានពីរ ក្នុងករណីថាអ្នកចង់ឱ្យកក់បី TADA ទៅយកអ្នកម្ដងហើយ បន្ទាប់មកអាចទៅយកមិត្តភក្តិរបស់អ្នកបានម្នាក់ទៀតដែលនៅទីតាំងផ្សេងគ្នា ដោយមិនចាំបាច់និយាយប្រាប់អ្នកដឹកម្ដងទៀត។

មួយវិញទៀត ប្រសិនបើអ្នកបានភ្លេចអីវ៉ាន់អ្វីមួយក្រោយពីជិះ TADA រួច អ្នកកុំមានការបារម្ភអ្វី ពីព្រោះក្រុមហ៊ុន TADA មានគោលការណ៍មួយ គឺជួយរក្សានិងផ្ដល់ជូននូវរាល់អីវ៉ាន់ដែលភ្ញៀវភ្លេចនៅលើកង់បី TADA។

ពាណិជ្ជកម្ម