spot_img
spot_img
Home Blog Page 29

ហេតុអ្វីមានចំណេះដឹង និងជំនាញបច្ចេកទេសហើយ នៅតែមិនទាន់គ្រប់គ្រាន់?

0
ហេតុអ្វីមានចំណេះដឹង និងជំនាញបច្ចេកទេសហើយ នៅតែមិនទាន់គ្រប់គ្រាន់?

មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិក្នុងការទទួលបាននូវចំណេះដឹង និងមានជំនាញបច្ចេកទេសលើផ្នែកណាមួយទៅតាមចំណង់ចំណូលចិត្ត ទេសកោសល្យ និងក្ដីស្រមៃផ្ទាល់ខ្លួនពីការសិក្សារៀនសូត្រក្នុងសាលារៀន កន្លែងធ្វើការ បរិបទសង្គម និងការសិក្សាស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

ចំណេះដឹង និងជំនាញបច្ចេកទេស គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដើម្បីអាចបំពេញកិច្ចការងារបានយ៉ាងល្អ និងមានដំណើរការរលូន ប៉ុន្តែទោះបីជាយ៉ាងណា ដើម្បីប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកទេសដែលមាននោះបានកាន់តែល្អនៅក្នុងការអនុវត្តន៍ជាក់ស្ដែង គឺទាមទារឱ្យបុគ្គលម្នាក់ៗត្រូវរៀនប្រឡូកនៅក្នុងសង្គមជាក់ស្ដែង និងចេះជំនាញទន់ឱ្យបានច្រើនផងដែរ ដូចជាភាពបត់បែនតាមកាលៈទេសៈ របៀបធ្វើការជាមួយមនុស្សគ្រប់ប្រភេទ​ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ភាពវៃឆ្លាត ផ្នែកអារម្មណ៍ និងជាច្រើនទៀត។

បន្ថែមពីនេះ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវចំណុចមួយចំនួនដែលបញ្ជាក់យ៉ាងច្បាស់ថា ការមានចំណេះដឹង និងជំនាញបច្ចេកទេស វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

1. មនុស្សមានគ្រប់ប្រភេទនៅក្នុងសង្គមជាក់ស្ដែង

មនុស្សគ្រប់គ្នា មិនអាចគេចផុតពីការធ្វើការងារជាមួយនឹងប្រភេទមនុស្សខុសៗគ្នាបានឡើយ មិនថាអ្នកស្ថិតនៅក្នុងឋានៈតួនាទីអ្វីឡើយ សុទ្ធតែត្រូវធ្វើការជាមួយមនុស្សទាំងអស់។ ការធ្វើការជាមួយមនុស្ស មិនត្រឹមតែទាមទារឱ្យអ្នកមានចំណេះដឹង និងជំនាញបច្ចេកទេសមួយច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារឱ្យអ្នកចេះធ្វើការជាមួយពួកគេផងដែរ ដូចជារបៀបទំនាក់ទំនងជាមួយពួកគេ និងរបៀបចុះសម្រុងក្នុងការបំពេញការជាមួយពួកគេជាដើម ដើម្បីបង្កើនផលិតភាពការងារ និងសម្រេចនូវគោលដៅណាមួយរួមគ្នា ឬសម្រេចនូវគោលបំណងជាក់លាក់របស់អ្នក ប្រសិនបើអ្នកជាងអ្នកមានតួនាទីខ្ពស់ ដូចជាម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំ។ល។

2. ការអភិវឌ្ឍន៍ជំនាញឱ្យមានភាពលេចធ្លោជាងគេ

មនុស្សគ្រប់គ្នា អាចមានជំនាញដូចគ្នា ឬខុសគ្នាទៅតាមចំណង់ចំណូលចិត្ត ឧទាហរណ៍ មនុស្ស 2 ឬច្រើននាក់ ចង់ក្លាយជាមេធាវីនាពេលអនាគត ដែលជាគោលបំណងដូចគ្នា ប៉ុន្តែក៏មានមនុស្ស 2 ឬច្រើននាក់ផ្សេងទៀត ចង់ក្លាយជាអ្នកជំនាញផ្នែកសរសេរកូដកម្មវិធី និងជំនាញផ្សេងទៀតខុសៗពីគ្នា។ ទោះបីជាយ៉ាងនេះក្ដី ពួកគេអាចហ្វឹកហាត់លើជំនាញនេះពីអ្នកជំនាញ ឬចេញពីសាលារៀនក្នុងរយៈពេលកំណត់ណាមួយដូចៗគ្នា ប៉ុន្តែនៅពេលអនុវត្តន៍ជាក់ស្ដែង មិនប្រាកដថា ពួកគេជួបស្ថានភាពដូចគ្នា និងមានសមត្ថភាពឆ្លាតវៃលើជំនាញដូចគ្នាទាំងអស់បានឡើយ ជាពិសេសការមានឆន្ទៈ និងការខិតខំព្យាយាមជាដើម ដែលអាចជួយពួកគេឱ្យរីកចម្រើនលើជំនាញដែលពួកគេចង់ក្លាយជានោះ។ ហេតុនេះ ទោះបីជាមានចំណេះដឹង និងមានជំនាញបច្ចេកទេសរួចហើយក៏ដោយ ក៏ត្រូវមានការអនុវត្តឱ្យបានច្រើនដើម្បីមានបទពិសោធន៍ក្នុងការពង្រីកសមត្ថភាព ពង្រីកចំណេះដឹង ពង្រីកសក្ដានុពល និងអភិវឌ្ឍន៍ជំនាញនោះឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៅតាមសម័យកាល ដោយតែងតែមានភាពថ្មី ច្នៃប្រឌិត និងល្អលេចធ្លោរជាងអ្នកដែលមានជំនាញដូចអ្នក។

3. កសាងបណ្ដាញ និងម៉ាកយីហោផ្ទាល់ខ្លួនឱ្យបានល្អ

ការមានចំណេះដឹង និងជំនាញបច្ចេកទេស វាមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការរីកចម្រើននៅក្នុងសង្គមជាក់ស្ដែងបានឡើយ គឺវាទាមទារឱ្យអ្នកចេះកសាងម៉ាកយីហោផ្ទាល់ខ្លួនឱ្យបានល្អលើចំណេះជំនាញដែលអ្នកមាន ដើម្បីធ្វើឱ្យមនុស្សផ្សេងទៀតកាន់តែមានទំនុកចិត្តនិងផ្ដល់គុណតម្លៃដល់អ្នក។ បន្ថែមពីនេះ ការបង្កើតបណ្ដាញទំនាក់ទំនងឱ្យបានច្រើនលើវិស័យដែលអ្នកចង់រីកចម្រើន ពីព្រោះបើអ្នកចង់រីកចម្រើនអ្វីមួយ គឺមិនអាចដើរទៅម្នាក់ឯងបាន ឬគ្រាន់តែមានចំណេះជំនាញតែមួយផ្នែកឡើយ ប៉ុន្តែត្រូវការអ្នកផ្សេងទៀតដើម្បីជួយ ទាំងការសហការរួមគ្នា ការជួយផ្ដល់ជាមតិយោបល់ និងការជួយបង្រៀន ជួយណែនាំបង្ហាញផ្លូវបន្ថែម តាមរយៈការបង្កើតបណ្ដាញទំនាក់ទំនងឱ្យបានច្រើន។ល។ ដូច្នេះការកសាងបណ្ដាញទំនាក់ទំនង និងកសាងម៉ាកយីហោផ្ទាល់ខ្លួន ជារឿងសំខាន់ដែលអ្នកត្រូវតែមានបន្ថែមទៀត ក្រៅពីការមានតែចំណេះដឹង និងជំនាញបច្ចេកទេស។

ពាណិជ្ជកម្ម

ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះ ក៏លោក Colin Huang អាចរក 3 ពាន់លានដុល្លារក្នុងមួយថ្ងៃដែរ! ហេតុអ្វី?

0
លោក Colin Huang អាចរក 3 ពាន់លានដុល្លារក្នុងមួយថ្ងៃ

លោក Colin Huang ស្ថាបនិកក្រុមហ៊ុន Pinduoduo ដែលមានការិយាល័យកណ្ដាលនៅទីក្រុងសៀងហៃនៃប្រទេសចិន។ Pinduoduo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ហើយបានរីកចម្រើនក្លាយជាទីផ្សារអនឡាញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មនៅក្នុងប្រទេសចិន។ បន្ថែមពីនេះ Pinduoduo ក៏ជាក្រុមហ៊ុនបញ្ចុះតម្លៃអនឡាញ ដែលជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ប្រទេសចិនផងដែរ។ ក្រោយពីវេទិការពាណិជ្ជកម្មអាឡិចត្រូនិច Pinduoduo បានប្រកាសរបាយការណ៍ពីប្រាក់ចំណូលលើសពីការរំពឹងទុក ទទឹមនឹងនោះ Colin Huang បានកើនទ្រព្យសម្បត្តិ 3 ពាន់លានដុល្លារក្នុងមួយថ្ងៃ។ លោក Colin Huang ត្រូវបានជនជាតិចិនទទួលស្គាល់ថា គាត់ជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាក្នុងវ័យ 42 ឆ្នាំ។ ចំពោះទ្រព្យសម្បត្តិភាគច្រើនដែលគាត់ទទួលបាន គឺចេញពីភាគហ៊ុនដែលបានចុះបញ្ជី Nasdaq របស់ Pinduoduo និងបានកើនឡើង 14.7% កាលពីថ្ងៃទី29 ខែសីហា ឆ្នាំ2022 នេះ។ បន្ថែមពីនេះ ចំពោះរបាយការណ៍ក្នុងត្រីមាសទីពីររបស់ Pinduoduo មានចំនួន 4.7 ពាន់លានដុល្លារដែលកើនឡើង 36% ធៀបនឹងឆ្នាំ 2021។ ប្រាក់ចំណូលសុទ្ធក្នុងអំឡុងពេលដូចគ្នានេះដែរ ស្ទើរតែបួនដងស្មើនឹង 1.3 ពាន់លានដុល្លារ។ ហើយនេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។

គួរបញ្ជាក់ផងដែរថា Pinduoduo អាចទាក់ទាញអ្នកប្រើប្រាស់ដោយការនាំយកទំនិញប្រចាំថ្ងៃ ដោយមានតម្លៃថោក ដូចជាស៊ុតតម្លៃ 1.7 ដុល្លារក្នុងមួយគីឡូក្រាម និងក្រដាសបង្គន់ដែលមានតម្លៃតិចជាង 1 ដុល្លារ។ លោក Ke Yan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន DZT Research ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏មានប្រសាសន៍ថា “ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះ ក៏វាជារឿងល្អសម្រាប់ Pinduoduo ដែរ” ។ បន្ថែមពីនេះ Pinduoduo ក៏​កំពុង​ស្វែង​រក​ការ​ពង្រីក​ទៅ​ក្រៅ​ប្រទេសផងដែរ បើយោងតាមប្រសាសន៍របស់លោក Chen Lei ដែលបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Pinduoduo បន្ទាប់ពីលោក Colin Huang បានលាឈប់ពីមុខតំណែងមួយនេះ កាលពីខែមីនា ឆ្នាំ2021។

ពាណិជ្ជកម្ម

ហេតុអ្វី Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

0
ហេតុអ្វី Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

Storytelling បើបកក្នុងន័យអាជីវកម្ម គឺជាសារផ្សព្វផ្សាយបែបចិត្តសាស្រ្ត ដើម្បីទាក់ទាញអតិថិជន និងជំរុញឱ្យពួកគេធ្វើសកម្មភាពចង់បានផលិតផលសេវាកម្ម និងហ៊ានចំណាយប្រាក់លើផលិតផលសេវាកម្មរបស់អ្នក។ ហើយជាទូទៅ គេបក Storytelling ជាខ្មែរថា “ការនិទានរឿង” ។

ការធ្វើ Storytelling ភាគច្រើនគឺគេនិយាយបង្ហាញជាវីដេអូ ដើម្បីផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍នៅក្នុងរឿងនិទាននោះ អ្វីដែលអាចជំរុញក្រុមការងារនៅក្នុងអាជីវកម្មនោះ អ្វីដែលម៉ាកយីហោរបស់អ្នកកំពុងស្ថិតនៅ និយាយអំពីអតិថិជនរបស់អ្នក អារម្មណ៍និងការចូលរួម ការចាប់ផ្តើមវិបត្តិនិងដំណោះស្រាយ និងព្យាយាមធ្វើអន្តរកម្មរវាងអតិថិជនជាមួយនឹងម៉ាកយីហោរបស់អ្នក។

Storytelling ពិតជាផ្នែកមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើននៅលើទីផ្សារ។ កត្តានេះហើយ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវសារៈសំខាន់មួយចំនួន ដែលបង្ហាញថា​ Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម ហើយម្ចាស់អាជីវកម្មទាំងអស់គួរគិតពិចារណាលើការប្រើប្រាស់ Storytelling នៅក្នុងអាជីវកម្មរបស់ខ្លួនឯង។

1. Storytelling ផ្តល់នូវគុណសម្បត្តិប្រកួតប្រជែង

គុណសម្បត្តិប្រកួតប្រជែង (Competitive Advantage) សំដៅលើគុណលក្ខណៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់នូវការបង្កើតផលិតផលសេវាកម្មដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ជាងដៃគូប្រកួតប្រជែង ព្រមទាំងជួយធ្វើឱ្យអាជីវកម្មដំណើរការបានយូរអង្វែង ហើយក៏ពិបាកឱ្យដៃគូប្រកួតប្រជែងផ្សេងទៀតចម្លងតាមបានក្នុងរយៈពេលខ្លី។

បន្ថែមពីនេះ ប្រសិនបើក្រុមហ៊ុនមាន Storytelling វាកាន់តែផ្ដល់នូវគុណសម្បត្តិប្រកួតប្រជែង ដោយធ្វើឱ្យផលិតផលសេវាកម្មរបស់អ្នកស្ថិតនៅក្នុងការចងចាំរបស់អតិថិជន អាចយកឈ្នះលើអតិថិជន បង្កើតម៉ាកយីហោដ៏រឹងមាំ និងមានភាពលេចធ្លោរនៅក្នុងទីផ្សារ។ អ្វីដែលកាន់តែសំខាន់ទៀតនោះ Storytelling នឹងជំរុញឱ្យអតិថិជនកាន់តែមើលឃើញច្បាស់ពីគុណតម្លៃ និងភាពពិសេសរបស់ក្រុមហ៊ុនដែលនឹងផ្ដល់ជូនពួកគេ។

ជាឧទាហរណ៍ ក្រុមហ៊ុន​ Apple មានភាពលេចធ្លោរជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់លើផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រកួតប្រជែង ដោយលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple បានឡើងនិទានរឿងពីការចេញលក់ផលិតផល Apple របៀបដែលគាត់បានបង្កើតអត្ថប្រយោជន៍ផលិតផល Apple  និងរបៀបដែលវាជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងទេពកោសល្យនៃការនិទានរឿងរបស់ Jobs ទៀតនោះ វាបានធ្វើឱ្យពិភពលោកបានចាប់អារម្មណ៍ជាខ្លាំងលើផលិតផលរបស់ Apple និងសម្លឹងឃើញនូវចំណុចសំខាន់ដែល Apple ផ្ដល់ជូនពួកគេ។

2. Storytelling បង្កើនប្រសិទ្ធភាព និងការចូលរួមរបស់បុគ្គលិក

ក្រុមហ៊ុនអាចរីកចម្រើន និងជោគជ័យបានឆាប់រហ័ស គឺចាំបាច់ត្រូវមានក្រុមបុគ្គលិកក្នុងការចូលរួម និងបង្កើតផលិតភាពការងារខ្ពស់សម្រាប់ក្រុមហ៊ុន។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់ David MacLeod និង Nita Clarke បានឱ្យដឹងថា ការនិទានរឿងបែបយុទ្ធសាស្រ្ត ជាវិធីមួយដែលល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនង និងជំរុញលើកទឹកចិត្តដល់ក្រុមការងារដើម្បីខិតខំបំពេញកិច្ចការងារចេញពីចិត្ត ពីបេះដូង និងព្យាយាមអស់ពីសមត្ថភាពដែលមាន។ ចំពោះរឿងដែលនិទានសម្រាប់បុគ្គលិក អាចមានដូចជារឿងរបស់ស្ថាបនិកដែលគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនឡើង រឿងដែលជះឥទ្ធិពលដល់អតិថិជន រឿងដែលជះឥទ្ធិពលដល់ក្រុមការងារ និងរឿងដឹកនាំជាក់លាក់ណាមួយជាដើម។

គួរបញ្ជាក់ផងដែរថា ការនិទានរឿងនោះ ត្រូវតែធានាថាវាទាក់ទាញអារម្មណ៍របស់ក្រុមការងារ ហើយវាស្ថិតនៅក្នុងបរិបទជាក់ស្ដែង និងមានគោលបំណងជាក់លាក់។ បន្ទាប់មក អ្នកក៏អាចជំរុញលើកទឹកចិត្តដល់ក្រុមការងារក្នុងការចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនដែលពួកគេជួបផងដែរ ដើម្បីធ្វើវាឱ្យក្លាយជាគំនិតផ្ដួចផ្ដើមសម្រាប់ក្រុមហ៊ុនទាំងមូល។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យបុគ្គលិកទាំងអស់កាន់តែមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន និងមិនងាយផ្លាស់ប្ដូរចិត្តចាកចេញពីក្រុមហ៊ុនរបស់អ្នកឡើង គឺមានតែការព្យាយាម និងចូលរួមសកម្មភាពនានាដើម្បីជួយក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនស្របតាមការរំពឹងទុក។

3. Storytelling ជួយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងបង្កើតភាពស្មោះត្រង់ដល់ម៉ាកយីហោ

នៅក្នុងចំណុចនេះ សំដៅលើការប្រើបច្ចេកទេសនិទានរឿងដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយផលិតផលសេវាកម្មទៅកាន់ក្រុមអតិថិជនគោលដៅ ដើម្បីទាញចំណាប់អារម្មណ៍ឱ្យពួកគេបានស្គាល់ មានទំនុកចិត្ត និងការចូលចិត្តខ្លាំងលើម៉ាកយីហោរបស់អ្នក រហូតអាចបម្លែងអតិថិជនធម្មតាឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ដល់ក្រុមហ៊ុន។ បន្ថែមពីនេះ ការនិទានរឿង ជាអ្វីដែលនឹងជំរុញឱ្យមនុស្សចាប់ផ្ដើមជជែកគ្នាអំពីម៉ាកយីហោរបស់អ្នក ព្រមទាំងជួយណែនាំប្រាប់គ្នាបន្ត និងជួយជំរុញការផ្សព្វផ្សាយលើប្រព័ន្ធសង្គមជំនួសអ្នកផងដែរ។

ពាណិជ្ជកម្ម

យុទ្ធសាស្ត្រទីផ្សារដែលធ្វើឱ្យ Apple មានភាពខុសប្លែកពីគេ!

0
យុទ្ធសាស្ត្រទីផ្សារដែលធ្វើឱ្យ Apple មានភាពខុសប្លែកពីគេ!

យុទ្ធសាស្ត្រទីផ្សារ Apple គឺពឹងផ្អែកលើទស្សនៈរបស់លោក Steve Jobs ដែលជាស្ថាបនិក Apple ផ្ទាល់ ដោយគាត់យល់ថា “អតិថិជនមិនតែងតែដឹងពីអ្វីដែលពួកគេចង់បានឡើយ”។ ហេតុដូច្នេះ ជំនួសឱ្យការវិនិយោគលើការសិក្សាស្រាវជ្រាវដើម្បីឈ្វេងយល់ពីតម្រូវការចង់បានរបស់អតិថិជន Apple បានផ្ដោតលើការបង្កើតនូវលក្ខណៈពិសេស និងសមត្ថភាពច្នៃប្រឌិតលើផលិតផលរបស់ពួកគេ ដើម្បីធ្វើឱ្យអតិថិជនចង់បានផលិតផលរបស់ Apple វិញ។ បន្ថែមពីនេះ Apple     តែងតែប្រើយុទ្ធសាស្ដ្រទីផ្សារដោយបង្ហាញនូវម៉ាកយីហោតិចតួច និងបង្ហាញនូវប្រសិទ្ធភាពខ្ពស់ច្រើនជាង។

Apple ក៏បានកំណត់គោលដៅសម្រាប់អ្នកប្រើប្រាស់លើផលិតផលដែលមានគុណភាពខ្ពស់ (premium products) ព្រមទាំងផ្ដោតលើល្បាយទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Apple Inc. និងមានការយកចិត្តទុកដាក់ខ្ពស់លើការផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកសាងម៉ាកយីហោផ្ទាល់ខ្លួន។

ចំពោះយុទ្ធសាស្ត្រទីផ្សាររបស់ Apple ភាគច្រើនគឺមានការរួមបញ្ចូលនូវចំណុចសំខាន់ចំនួន 4 គឺ

1. ផ្តោតលើសំណើគុណតម្លៃទាក់ទាញ

សំណើគុណតម្លៃរបស់ Apple គឺផ្ដោតលើ “ការរចនាដ៏ស្រស់ស្អាតដែលមានការវេចខ្ចប់តូចជាងមុន”​ ព្រមទាំងអាចបង្កើតប្រាក់ចំណូលដោយគ្មានការប្រកួតប្រជែងខ្លាំងលើតម្លៃផលិតផលជាមួយនឹងដៃគូប្រកួតប្រជែងឡើយ ដោយក្រុមហ៊ុននេះសង្កត់ធ្ងន់លើសំណើរគុណតម្លៃពិសេសដោយបញ្ចូលក្នុងសារទំនាក់ទំនងទីផ្សារជាមួយនឹងអតិថិជន។ គួរបញ្ជាក់ផងដែរថា Apple គឺជាក្រុមហ៊ុនតែមួយគត់ដែលបានប្រើវិធីមួយដែលវាជាក្រុមហ៊ុនរចនា វេទិកាប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផ្សព្វផ្សាយ ក្រុមហ៊ុនបង្កើតថាមពលកម្មវិធី និងក្រុមហ៊ុនផលិតកុំព្យូទ័រ ដោយធ្វើរឿងទាំងអស់នេះក្នុងពេលតែមួយ។ យុទ្ធសាស្រ្តនេះ បានធ្វើឱ្យទំនាក់ទំនងសំណើរគុណតម្លៃមានប្រសិទ្ធភាពខ្ពស់ ដោយធ្វើអតិថិជនមានភាពចំណេញ និងសន្សំសំចៃ។

2. ប្រសិទ្ធភាពប្រើប្រាស់លើការដាក់ផលិតផល

ក្រុមហ៊ុន Apple ភាគច្រើនមិនរកប្រាក់ចំណូលដោយប្រើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត Pay-Per-Click (PPC) នៅលើ Google ឬ Facebook ទេ។ ផ្ទុយទៅវិញ យុទ្ធសាស្ត្រទីផ្សាររបស់ Apple គឺពឹងផ្អែកចម្បងលើសសរស្តម្ភចំនួនពីរ គឺការដាក់ផលិតផលជាមួយតារាល្បី និងនៅក្នុងកម្មវិធីពេញនិយម និងការភ្ញាក់ផ្អើល (Buzz) ដែលបង្កើតឡើងដោយការណែនាំវិជ្ជមាន (positive reviews) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ករណីគួរឱ្យកត់សម្គាល់បំផុតនៃការដាក់ផលិតផលរបស់ Apple រួមមានភាពយន្ត Transformers 4, Birdman, The Verge, Birdman និង Boyhood ក៏ដូចជាកម្មវិធីទូរទស្សន៍ល្បីៗដូចជា Saturday Night Live និង The Daily Show ។

3. ការណែនាំវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ

Apple ទទួលបាននូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ពីការភ្ញាក់ផ្អើល (Buzz)ដែលបង្កើតឡើងដោយការណែនាំវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្វីដែលក្រុមហ៊ុនសម្រេចបាននូវការវាយតម្លៃជាវិជ្ជមាន ដោយសារគុណភាពខ្ពស់ លក្ខណៈពិសេសខ្ពស់ ភាពជាក់លាក់នៃផលិតផល និងសេវាកម្មរបស់ខ្លួន។ បន្ថែមពីនេះ Apple បានធ្វើសកម្មភាពយ៉ាងសកម្មភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឱ្យមានការពិនិត្យ និងវាយតម្លៃ ដែលយើងតែងតែនិយាយ “Review ផលិតផលថ្មីរបស់ Apple” ដើម្បីទទួលបានផលវិជ្ជមាន ដោយជាឧទាហរណ៍ Apple តែងតែផ្ញើ iPhone ថ្មីទៅកាន់បច្ចេកវិទ្យាដែលបានជ្រើសរើស និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដើម្បីអនុញ្ញាតឱ្យពួកគេផ្សព្វផ្សាយពីការវាយតម្លៃមុនពេលទូរស័ព្ទចេញលក់ជាផ្លូវការ។

4. ការនិទានរឿងតាមរយៈវីដេអូ និង viral marketing

ចំណាំ៖ Viral marketing សំដៅលើបច្ចេកទេសលក់ដែលពាក់ព័ន្ធនឹងព័ត៌មាន organic  ឬព័ត៌មាននិយាយពីមាត់មួយទៅមាត់មួយអំពីផលិតផល ឬសេវាកម្ម ដើម្បីផ្សព្វផ្សាយក្នុងអត្រាកើនឡើងឥតឈប់ឈរ។

Apple បានផ្សព្វផ្សាយការនិទានរឿងរបស់ខ្លួនតាមរយៈវីដេអូ និងទីផ្សារមេរោគ (Viral Marketing) ដែលវាជាធាតុសំខាន់នៃយុទ្ធសាស្ត្រទីផ្សារសម្រាប់ Apple។ ការចូលទីផ្សារដំបូង ក៏ដូចជាការបង្កើតចំណូលបានយ៉ាងច្រើន គឺ Apple បានបង្ហាញសារទីផ្សាររបស់ខ្លួនតាមរយៈការនិទានរឿង ដោយវាឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមអតិថិជនគោលដៅ។

របាយការណ៍របស់ក្រុមហ៊ុន Apple Inc បានវិភាគនៃយុទ្ធសាស្ត្រទីផ្សាររបស់ Apple ដោយបង្ហាញពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រវិភាគសំខាន់ៗក្នុងការសិក្សាអាជីវកម្ម ដូចជា​SWOT, PESTEL, Porter’s Five Forces, Value Chain analysis, Ansoff Matrix និង McKinsey 7S Model នៅលើ Apple។ របាយការណ៍នេះក៏មានការវិភាគអំពីភាពជាអ្នកដឹកនាំរបស់ Apple រចនាសម្ព័ន្ធស្ថាប័ន និងវប្បធម៌របស់ក្រុមហ៊ុនផងដែរ ព្រមទាំងក៏មានការពិភាក្សាអំពីយុទ្ធសាស្ត្រអាជីវកម្ម Apple ប្រព័ន្ធអេកូ និងដំណោះស្រាយបញ្ហាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ពាណិជ្ជកម្ម

កត្តាសំខាន់ 2 នឹងធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅអាជីពការងារ!

0
កត្តាសំខាន់ 2 នឹងធ្វើឱ្យអ្នកមិនអាចសម្រេចគោលដៅអាជីពការងារ!

មនុស្សម្នាក់ៗដែលកំពុងព្យាយាមសិក្សារៀនសូត្រតាំងពីថ្នាក់បឋមសិក្សា រហូតសម្រេចចិត្តមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ សុទ្ធតែជាអ្នកដែលចង់ឃើញអនាគតរបស់ខ្លួនឯងមានភាពល្អប្រសើរ និងចង់សម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯង ដោយមានអាជីពការងារច្បាស់លាស់​ និងមានប្រភពចំណូលជាក់លាក់សម្រាប់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្ដី ការសម្រេចនូវក្ដីស្រមៃ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់ឡើយ ដោយមានអ្នកខ្លះក៏ជោគជ័យ ហើយអ្នកខ្លះទៀតក៏មិនជោគជ័យ ដោយសារតែកត្តាផ្សេងៗរបស់បុគ្គលម្នាក់ៗដែលពួកគាត់បានជួបប្រទះ។

career

ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោម នឹងបង្ហាញនូវកត្តាសំខាន់គោលចំនួនពីរ ដែលមនុស្សគ្រប់គ្នាដែលចង់សម្រេចនូវគោលដៅអាជីពការងារក្នុងក្ដីស្រមៃត្រូវតែឈ្វេងយល់បន្ថែម ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។

1. មិនដឹងថាខ្លួនឯងចូលចិត្តអ្វីឱ្យពិតប្រាកដ

នៅពេលដែលអ្នកមិនប្រាកដក្នុងចិត្តថា អ្នកចូលចិត្តលើអ្វីនោះទេ វាជាកត្តាពិបាកបំផុតក្នុងការជ្រើសរើសអាជីពការងារមួយឱ្យបានត្រឹមត្រូវ និងពិបាករៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅអាជីពការងារឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯងនាពេលខាងមុខផងដែរ។ ហេតុនេះ ប្រសិនបើអ្នកចង់សម្រេចនូវគោលដៅអាជីពការងារសម្រាប់ខ្លួនឯង និងអាចធ្វើកិច្ចការងារណាដែលជាទេពកោសល្យផ្ទាល់ខ្លួន ចូរអ្នកត្រូវតែសិក្សាអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ថាតើអ្នកចូលចិត្តធ្វើការងារលើផ្នែកអ្វីជាងគេ? តើប្រភេទការងារបែបណា ដែលធ្វើឱ្យអ្នកកាន់តែធ្វើកាន់តែសប្បាយចិត្ត?

ឧទាហរណ៍ អ្នកចូលចិត្តផ្នែករៀបចំយុទ្ធសាស្រ្តទីផ្សារ ដូច្នេះត្រូវរកប្រភេទការងារណាដែលពាក់ព័ន្ធនឹងយុទ្ធសាស្រ្តទីផ្សារ។ បើអ្នកចូលចិត្តបង្កើតខ្លឹមសារវីដេអូចែករំលែកលើផ្នែកទីផ្សារ ដូច្នេះអ្នកអាច ធ្វើជាអ្នកបង្កើតមាតិកាដោយផ្ដោតលើការធ្វើទីផ្សារ។ល។

ជារួមមក ត្រូវស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ថាភាគច្រើនតើអ្នកចូលចិត្តលើផ្នែកអ្វីជាងគេ និងចូលចិត្តធ្វើអ្វីជាងគេ បន្ទាប់មកនឹកគិតអំពីគោលដៅនៃអាជីពការងារ ដើម្បីបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកអាជីពលើអ្វីដែលអ្នកចូលចិត្តនោះ។ ធ្វើបែបនេះ ទើបឆាប់សម្រេចជោគជ័យលើគោលដៅអាជីពការងាររបស់អ្នក ហើយនឹងជួយឱ្យអ្នកធ្វើនូវអ្វីដែលមិនចេះធុញទ្រាន់ និងពេញចិត្តនឹងធ្វើវា។

2. មិនបានធ្វើការលើគោលដៅអាជីពដែលខ្លួនចង់សម្រេច

នៅក្នុងចំណុចនេះ ចង់សំដៅលើអ្នកដែលបានដឹងយ៉ាងច្បាស់ថា ពួកគេចូលចិត្តលើអ្វី និងមានទេពកោសល្យលើអ្វី ប៉ុន្តែពួកគេមិនបានព្យាយាមធ្វើការណាដែលជួយជំរុញឱ្យពួកគេជោគជ័យលើអាជីពការងារមួយច្បាស់លាស់សម្រាប់ខ្លួនឯងឡើយ ប៉ុន្តែភាគច្រើនពួកគេទុកវាចោលមួយឡែក ហើយគិតផ្ដោតតែការព្យាយាមធ្វើការណាដែលសម្រេចនូវគោលដៅស្របតាមការរំពឹងទុករបស់អ្នកដទៃ។

កត្តានេះហើយ ទាមទារឱ្យអ្នកត្រូវតែចេះរក្សាគោលជំហរបស់ខ្លួនឯង ថាខ្លួនឯងជានរណា និងចង់សម្រេចនូវគោលដៅអាជីពការងារអ្វី បន្ទាប់មកព្យាយាមធ្វើការណាដែលជួយជំរុញនូវភាពរីកចម្រើន និងឆាប់សម្រេចនូវគោលដៅផ្ទាល់ខ្លួន ជាជាងគ្រាន់តែផ្ដោតលើគោលដៅដែលអ្នកដទៃកំពុងចង់សម្រេច។

ពាណិជ្ជកម្ម

រវាងជំនាញ និងបទពិសោធន៍ តើមួយណាសំខាន់ជាង?

0
រវាងជំនាញ និងបទពិសោធន៍ តើមួយណាសំខាន់ជាង?

ជំនាញ និងបទពិសោធន៍ គឺសុទ្ធតែមានសារៈសំខាន់ដូចគ្នាសម្រាប់បុគ្គលម្នាក់ៗដោយមិនអាចខ្វះមួយណាបានឡើយ ពីព្រោះជំនាញ ជួយអ្នកឱ្យមានសមត្ថភាពបំពេញកិច្ចការងារមួយបានយ៉ាងល្អ ហើយបើអ្នកមានបទពិសោធន៍បន្ថែមទៀត នោះការងារនោះកាន់តែមានផលិតភាព។ ហេតុដូចនេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលមានគុណភាព និងទទួលបានឱកាសការងារខ្ពស់ក្នុងទីផ្សារ គឺអ្នកត្រូវតែធ្វើឱ្យខ្លួនឯងមានជំនាញលើផ្នែកណាមួយដែលអ្នកគិតថាខ្លួនឯងស្រលាញ់ និងមានទេពកោសល្យ ព្រមទាំងត្រូវតែស្វែងរកកិច្ចការងារពាក់ព័ន្ធនឹងផ្នែកនោះដើម្បីធ្វើឱ្យបានច្រើន ដើម្បីប្រៀបធៀបគ្នារវាងទ្រឹស្ដីដែលអ្នកបានរៀនសូត្រ និងការអនុវត្តន៍ជាក់ស្ដែងយ៉ាងណាដែរ។ ធ្វើបែបនេះ អ្នកនឹងកានតែមានបទពិសោធន៍ច្រើន និងស្ទាត់ជំនាញបន្ថែម។

គួរបញ្ជាក់ផងដែរថា ជំនាញ ត្រូវតែជាអ្វីដែលអ្នកត្រូវគិតពិចារណាដើម្បីបណ្ដុះបណ្ដាលខ្លួនឯងជាមុន បន្ទាប់មកត្រូវគិតលើការអនុវត្តន៍ ដើម្បីធ្វើឱ្យខ្លួនឯងមានបទពិសោធន៍បន្ថែម ក្នុងការបង្កើនភាពជឿជាក់លើខ្លួនឯង និងបង្កើតទំនុកចិត្តដល់អ្នកផ្សេងទៀត។

បន្ថែមពីនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ជាងនេះ ខ្លឹមសារខាងក្រោមនឹងពន្យល់បង្ហាញទៀតអំពីជំនាញ និងបទពិសោធន៍ ក៏ដូចជាភាពពាក់ព័ន្ធគ្នា។

ឈ្វេងយល់អំពី ជំនាញ

ជំនាញ គឺសំដៅលើទេពកោសល្យ ឬសមត្ថភាពដែលកើតចេញពីការបណ្តុះបណ្តាល ឬការអនុវត្តជាក់ស្ដែងរបស់អ្នក ទាំងនៅកន្លែងធ្វើការ និងសាលារៀន ជាពិសេសកើតចេញពីការបណ្ដុះបណ្ដាលដោយទទួលបានការបញ្ជាក់ច្បាស់លាស់នៅគ្រឹះសា្ថនអប់រំណាមួយទាំងរដ្ឋ និងឯកជន។

ជំនាញ ត្រូវបានកសាងមូលដ្ឋានគ្រឹះដំបូងដោយសិក្សាអំពីលំនាំទ្រឹស្ដី និងការហ្វឹកហាត់ដោយយកចិត្តទុកដាក់ពីសំណាក់គ្រូ ដើម្បីឈានដល់ការអាចអនុវត្តន៍ជាក់ស្ដែងបាន ឬអាចជួយឱ្យអ្នកមានសមត្ថភាពកាន់តែខ្លាំងក្នុងការធ្វើអ្វីមួយកើតឡើង។ ឧទាហរណ៍៖ អ្នកចង់មានជំនាញផ្នែកទីផ្សារឌីជីថល ដូច្នេះអ្នកត្រូវស្វែងរកគ្រូ ឬសាលា ឬជ្រើសរើសវគ្គសិក្សាណាមួយដែលគួរឱ្យទុកចិត្ត ដើម្បីសិក្សារឈ្វេងយល់ស៊ីជម្រៅលើជំនាញនោះក្នុងរយៈពេលកំណត់ណាមួយ។ ក្រោយមកអ្នកបញ្ចប់ការសិក្សាតាមពេលកំណត់ ដោយមានលិខិតបញ្ជាក់ការសិក្សាច្បាស់លាស់ នោះមានន័យថា អ្នកបានកសាងមូលដ្ឋានគ្រឹះ និងបានបម្លែងខ្លួនឱ្យយល់ដឹងលើផ្នែកមួយនោះបានល្អ ហេតុនេះ វាគឺត្រូវបានរាប់បញ្ចូលថាជាជំនាញដែលអ្នកមាន។ បន្ថែមពីនេះ សូម្បីតែទេពកោសល្យដែលមានអ្នកមានតាំងពីកំណើត ហើយវាជាអ្វីដែលអ្នកធ្វើបានល្អបំផុត នោះក៏រាប់ថាជាជំនាញរបស់អ្នកដែរ ដូចជាអ្នកពូកែប្រាស្រ័យទំនាក់ទំនង ការចរចាជាមួយមនុស្ស សិល្បិៈក្នុងការនិយាយជាសាធារណៈ ឬការនិយាយបទបង្ហាញយ៉ាងល្អ និងជាច្រើនផ្សេងទៀត គ្រាន់តែជួនកាលជំនាញទាំងនោះវាក៏ត្រូវការឱ្យអ្នកសិក្សាស្រាវជ្រាវ ឬទទួលការបណ្ដុះបណ្ដាលបន្ថែម ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន និងកាន់តែស្ទាត់ជំនាញ។

អ្វីដែលកាន់តែសំខាន់ទៀតនោះ ជំនាញទាំងអស់ដែលអ្នកមាន ប្រសិនបើអ្នកចង់ធ្វើឱ្យវាកាន់តែល្អ និងបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើផ្នែកណាមួយ វាទាមទារឱ្យអ្នកអនុវត្តន៍ និងប្រឡូកជាមួយវាឱ្យបានកាន់តែច្រើននៅក្នុងទិដ្ឋភាពជាក់ស្ដែង ដោយមិនមែនគ្រាន់តែសិក្សាពីគ្រូ ឬពីសាលា ឬពីវគ្គសិក្សាណាមួយដើម្បីទទួលបានតែលិខិតបញ្ជាក់ការសិក្សាឡើយ។ ហើយចំណុចនេះ សំដៅលើការទាមទារឱ្យអ្នកមានបទពិសោធន៍លើការអនុវត្តន៍ជាក់ស្ដែងលើជំនាញដែលអ្នកមាន។

ចូរចងចាំថា ប្រសិនបើអ្នកមានតែជំនាញខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអ្នកខ្វះបទពិសោធន៍ក្នុងការអនុវត្តវានោះអ្នកដទៃក៏មិនទាន់ហ៊ានទុកចិត្តលើអ្នកទាំងស្រុង និងអ្នកអាចបាត់បង់ឱកាសជាច្រើនផងដែរ ដូចជាមុខតំណែងខ្ពស់ ប្រាក់ខែខ្ពស់ ការកសាងកេរ្តិ៏ឈ្មោះឱ្យបានល្អ និងអាទិភាពដែលគេជ្រើសរើសយកមកធ្វើការងារ ឬសហការជាមួយគេ។

ឈ្វេងយល់អំពី បទពិសោធន៍

បទពិសោធន៍ សំដៅលើទិដ្ឋភាព ឬហេតុការណ៍ដែលកើតឡើងចំពោះបុគ្គលម្នាក់ៗ ឬជាអ្វីដែលមនុស្សធ្លាប់ឆ្លងកាត់កន្លងមកនៅក្នុងជីវិតរបស់ពួកគេ។ ឧទាហរណ៍ បទពិសោធន៍បង្កើតកំហុសការងារលើផ្នែកណាមួយ បទពិសោធន៍ធ្វើការលើផ្នែកណាមួយក្នុងរយៈពេលណាមួយ និងបទពិសោធន៍ជាច្រើនទៀតដែលបុគ្គលម្នាក់ៗបានជួបប្រទះ។

គួរបញ្ជាក់ផងដែរថា បទពិសោធន៍​វាជាផ្នែកមួយដែលជួយជំរុញឱ្យមនុស្សឱ្យកាន់តែមានភាពរីកចម្រើន និងស្ទាត់ជំនាញលើអ្វីមួយដែលពួកគេតែងតែឆ្លងកាត់។ ឧទាហរណ៍ អ្នករៀនផ្នែកសំណង់ស៊ីវិល ដូច្នេះពួកគេមានមូលហេតុគ្រឹះ និងការយល់ដឹងច្រើនលើការសាងសង់ ក៏ប៉ុន្តែក៏ទាមទារឱ្យពួកគេទៅអនុវត្តន៍ជាក់ស្ដែងលើកិច្ចការងារសាងសង់ផងដែរ ដើម្បីទទួលបានបទពិសោធន៍ការងារ និងកាន់តែស្ទាត់ជំនាញលើស្ថានភាពសាងសង់ជាក់ស្ដែង។ បន្ថែមពីនេះ ចំពោះបុគ្គលមួយចំនួន ពួកគាត់មិនបានទទួលការបណ្ដុះបណ្ដាលផ្នែកសំណង់ស៊ីវិលឡើយ ប៉ុន្តែពួកគាត់មានបទពិសោធន៍ធ្វើការផ្នែកសាងសង់ សួរថាវាជារឿងល្អទេ គឺល្អ គ្រាន់តែពួកគាត់អាចត្រឹមតែសាងសង់លើអគារ ឬការសាងសង់ណាដែលមានទំហំធម្មតាប៉ុណ្ណោះ ដោយគ្មាននរណាទុកចិត្តឱ្យពួកគាត់ដឹកនាំលើការសាងសង់ធំៗឡើយ។ល។ ដូច្នេះនៅក្នុងចំណុចនេះ ចង់បញ្ជាក់ថា មានជំនាញ ក៏ត្រូវមានបទពិសោធន៍ ហើយបើមានបទពិសោធន៍ ក៏ត្រូវកសាងចំណេះជំនាញផ្ទាល់ខ្លួនបន្ថែមដែរ ដើម្បីអាចឈានដល់កម្រិតកំពូលមួយ និងទទួលបានឱកាសល្អៗផ្សេងទៀតសម្រាប់ខ្លួនឯង។ ហើយនេះ គ្រាន់តែជាការលើកឧទាហរណ៍មួយផ្នែកប៉ុណ្ណោះដើម្បីឱ្យអ្នកឈ្វេងយល់។

ជារួមមក ជំនាញ និងបទពិសោធន៍ ជាផ្នែកដែលបំពេញឱ្យគ្នា ដោយមិនអាចមានតែជំនាញ ហើយគ្មានបទពិសោធន៍បានឡើយ ហើយបើមានបទពិសោធន៍ ក៏ត្រូវកសាងជំនាញសម្រាប់ខ្លួនឯងដែរ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជំនាញ និងជាទីទុកចិត្តដល់អ្នកផ្សេងក្នុងការសហការធ្វើការជាមួយគ្នា។ល។

ពាណិជ្ជកម្ម

ហេតុអ្វីផ្លែត្រសក់ផ្អែមនៅជប៉ុន អាចលក់បានមួយផ្លៃតម្លៃ  200 ដុល្លារ?

0
ហេតុអ្វីផ្លែត្រសក់ផ្អែមនៅជប៉ុន អាចលក់បានមួយផ្លៃតម្លៃ  200 ដុល្លារ?

ដំណាំផ្លែឈើអ្វីក៏ដោយ ភាគច្រើនមនុស្សតែងតែយល់ថា វាទាមទារការខិតខំថែទាំ និងចំណាយពេលយូរទម្រាំអាចប្រមូលផលបាន ព្រមទាំងអាចលក់បានក្នុងតម្លៃទាបនៅក្នុងទីផ្សារ។ ហើយនេះ ពិតជាការយល់ឃើញដ៏ត្រឹមត្រូវ​ ពីព្រោះវាពិតជាលក់បានតម្លៃទាប ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ប្រទេសជប៉ុនបានបម្លែងនូវភាពច្នៃប្រឌិតថ្មីមួយ ដោយអាចដាំដំណាំផ្លែត្រសក់ផ្អែមក្នុងរូបភាពប្លែក ហើយអាចលក់បានមួយផ្លែក្នុងតម្លៃ 200$ ឬអាចលក់បានលើសហ្នឹង។ ហេតុនេះ វាជាផ្នែកមួយជំរុញឱ្យកសិករផ្សេងទៀតទូទាំងប្រទេសមានសង្ឃឹមក្នុងកែច្នៃពីវិធីដាំដុះ និងបង្កើនយុទ្ធសាស្រ្តទីផ្សារដើម្បីអាចលក់ដំណាំផ្លែឈើផ្ទាល់ខ្លួនដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ។

តើប្រទេសជប៉ុនធ្វើបែបណា ទើបអាចលក់ផ្លែត្រសក់ផ្អែមក្នុងតម្លៃ 200$ ឬតម្លៃលើសហ្នឹងបាន?

Melons in Japan

1. ការបង្ហាញនូវរឿងរ៉ាវដ៏ទាក់ទាញសម្រាប់ដំណើរការដាំដុះ

នៅក្នុងចំណុចនេះ គេបានព្យាយាមធ្វើយ៉ាងណាដើម្បីបង្ហាញទៅកាន់មហាជននៅជប៉ុនឱ្យមានទំនុកចិត្ត និងកាន់តែមានចំណាប់អារម្មណ៍លើដំណាំផ្លែត្រសក់ផ្អែមរបស់ពួកគេ ព្រមទាំងហ៊ានចំណាយលើការទិញផ្លែត្រសក់នេះក្នុងតម្លៃ 200 ដុល្លារ ឬអាចលើសនេះ។

ការបង្ហាញនូវរឿងរ៉ាវនៃការដាំដុះនោះ ពួកគេបានបង្ហាញថា ការដាំដុះផ្លែត្រសក់ផ្អែមនេះ ត្រូវបានជ្រើសរើសយកពូជត្រសក់ដែលល្បី និងមានគុណភាពបំផុតប្រចាំប្រទេសជប៉ុន គឺ Crown melons។ ចំពោះការដាំដុះវិញ កសិករជ្រើសរើសការដាំដុះនៅខេត្ត Shizuoka ព្រមទាំងត្រូវចំណាយពេលមើលថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេល 100ថ្ងៃ។ បន្ថែមពីនេះ ពួកគេព្យាយាមធ្វើយ៉ាងណាឱ្យការដាំដុះផ្លែត្រសក់ផ្អែមនោះមានភាពល្អឥតខ្ចោះ ដើម្បីទទួលបាននូវរសជាតិដ៏ឆ្ងាញ់វិសេសវិសាល និងមានភាពល្អប្រណិតខុសពីការដាំដំណាំធម្មតា។

បន្ថែមពីនេះ ពួកគេអាចដាំផ្លែត្រសក់ប្រភេទនោះបានពេញមួយឆ្នាំ ពីព្រោះពួកគេមានបច្ចេកទេសក្នុងការដាំដុះ និងបច្ចេកទេសថែទាំបានយ៉ាងល្អបំផុត ទាំងបរិមាណទឹកដែលត្រូវស្រោច និងបរិមាណសីតុណ្ហភាពដើម្បីរក្សាវាឱ្យបានថេរពេញមួយឆ្នាំ។

2. កសាងកេរ្តិ៍ឈ្មោះ

ក្រៅពីការបង្ហាញអំពីដំណើរការដាំដុះ ដើម្បីធ្វើឱ្យមហាជនមានចំណាប់អារម្មណ៍ និងទទួលបានភាពប្លែកហើយ ពួកគេក៏ព្យាយាមបង្កើនទំនុកចិត្ត និងធ្វើឱ្យកេរ្តិ៍ឈ្មោះនៃដំណាំផ្លែត្រសក់ផ្អែមនេះកាន់តែមានភាពពេញនិយម និងល្បីល្បាញប្រចាំប្រទេសជប៉ុន តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ និងការដាក់កម្រិតពិន្ទុលើផ្លែនីមួយៗទៅតាមរូបរាង និងកម្រិតនៃរសជាតិ។ ធ្វើបែបនេះ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនមានផ្នត់គំនិតមួយថា វាពិតជាសក្តិសមនឹងតម្លៃខ្ពស់ និងពិតជាធានានូវគុណភាពល្អ។ ហើយវាក៏បានបង្ហាញថា ដំណើរការដាំដុះ និងការវាយតម្លៃលើគុណភាពផ្លែត្រសក់ សុទ្ធតែមានជំនាញច្បាស់លាស់ ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។

ហេតុដូចនេះ បើនិយាយជារួមមក យើងអាចសន្មត់បានថា ពួកគេព្យាយាមបង្ហាញនូវសាច់រឿងដ៏ទាក់ទាញលើដំណើរការដាំដុះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការថែទាំបានល្អបំផុត ព្រមទាំងធានាទាំងរសជាតិ គុណភាព និងមានរូបរាងដ៏ប្រណិត។ អ្វីដែលកាន់តែសំខាន់ទៀតនោះ ពួកគេបានធ្វើឱ្យមនុស្សកាន់តែសម្លឹងឃើញនូវចំណុចខុសប្លែកពីគេនៃដំណាំផ្លែត្រសក់ផ្អែមរបស់ពួកគេផងដែរ។

ពាណិជ្ជកម្ម

តើការស្លៀកពាក់សមរម្យ មានគុណសម្បត្តិអ្វីខ្លះ?

0
តើការស្លៀកពាក់សមរម្យ មានគុណសម្បត្តិអ្វីខ្លះ?

ការស្លៀកពាក់ឱ្យបានសមរម្យ ជាអ្វីដែលមនុស្សមួយចំនួនបានយកចិត្តទុកដាក់ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតដែលមិនបានយកចិត្តទុកដាក់ផងដែរ។ ហេតុនេះ នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញពីគុណសម្បត្តិមួយចំនួននៃការស្លៀកពាក់បែបសមរម្យ ដើម្បីជួយជំរុញឱ្យអ្នកដែលបានយកចិត្តទុកដាក់លើការស្លៀកពាក់បែបសមរម្យស្របតាមកាលៈទេសៈនោះ នៅតែរក្សានៃការយកចិត្តទុកដាក់ ហើយជំរុញដល់អ្នកផ្សេងទៀតដែលមិនបានខ្វល់លើរឿងស្លៀកពាក់បែបសមរម្យ ដោយគិតថាវាធម្មតា និងរក្សាទម្លាប់ស្លៀកពាក់តាមតែចិត្តចង់ ដើម្បីកែប្រែសម្រាប់ខ្លួនឯង។

គុណសម្បត្តិនៃការស្លៀកពាក់បែបសមរម្យ រួមមាន៖
1. បង្កើនទំនុកចិត្តដល់ខ្លួនឯង

នៅពេលអ្នកស្លៀកពាក់បែបសមរម្យ ហើយសមស្របទៅតាមកាលៈទេសៈ នោះវានឹងជួយធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ថាជឿជាក់លើការស្លៀកពាក់ផ្ទាល់ខ្លួន និងអាចបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ព្រមទាំងធ្វើសកម្មភាពផ្សេងៗដោយភាពជឿជាក់ ដោយគ្មានភាពអៀនខ្មាសឡើយ។

2. មនុស្សផ្សេងទៀតនឹងផ្ដល់ការគោរពដល់អ្នក

ការស្លៀកពាក់បែបសមរម្យ ក៏ជាផ្នែកមួយដែលបង្ហាញពីគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក និងជួយលើកកម្ពស់អ្នកផងដែរ។ អ្នកត្រូវដឹងថា ធម្មជាតិរបស់មនុស្សជាទូទៅ តែងតែសម្លឹងមើលរូបភាពដែលពួកគេមើលឃើញពីខាងក្រៅ ហេតុនេះការស្លៀកពាក់ជារឿងសំខាន់។

ការស្លៀកពាក់ វានឹងលើកអំណាចដល់អ្នក ដែលធ្វើឱ្យមនុស្សជុំវិញគោរព និងឱ្យតម្លៃដល់អ្នក ដូច្នេះចូរព្យាយាមបង្កើតទម្លាប់ក្នុងការស្លៀកពាក់ឱ្យបានសមរម្យ សមស្របតាមកាលៈទេសៈ នោះតម្លៃរបស់អ្នកក៏វាពឹងផ្អែកលើការស្លៀកពាក់ផងដែរ។

3. បង្កើនភាពទាក់ទាញ

ប្រសិនបើអ្នកជាបុរស នឹងបង្ហាញពីភាពទាក់ទាញទៅកាន់នារី ហើយប្រសិនបើអ្នកជានារី នឹងបង្ហាញពីភាពទាក់ទាញទៅកាន់បុរស ព្រោះការស្លៀកពាក់នឹងកាន់តែលើកភាពស្រស់ស្អាតដល់អ្នក។ ហេតុនេះ ចូរជ្រើសរើសការស្លៀកពាក់ទៅតាមចំណង់ចំណូលចិត្ត ដោយប្រកាន់ខ្ជាប់នូវភាពសមរម្យ និងការស្លៀកពាក់ដែលអាចសរបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដើម្បីបង្ហាញពីភាពទាក់ទាញទៅកាន់អ្នកជុំវិញ។

បន្ថែមពីនេះ ការស្លៀកពាក់ ក៏បង្កើនភាពទាក់ទាញដើម្បីជំរុញឱ្យអ្នកទទួលបានឱកាសអ្វីមួយផងដែរ ដូចជាឱកាសការងារ ឱកាសមានទំនាក់ទំនងល្អជាមួយបុគ្គលខ្លាំងៗ និងឱកាសស្នេហា។ល។

ពាណិជ្ជកម្ម

រឿង 3 ដែលអ្នកត្រូវដឹង មុននឹងជ្រើសរើសយកគំនិតអាជីវកម្មណាមួយ!

0
រឿង 3 ដែលអ្នកត្រូវដឹង មុននឹងជ្រើសរើសយកគំនិតអាជីវកម្មណាមួយ!

មនុស្សម្នាក់ៗដែលមានក្ដីបំណងចង់ក្លាយជាម្ចាស់អាជីវកម្ម ឬសហគ្រិននាពេលអនាគត ពួកគេតែងតែមានគំនិតអាជីវកម្មជាច្រើនក្នុងការចាប់ផ្ដើម។ ហេតុនេះ អាចធ្វើឱ្យពួកគេសម្រេចចិត្តថា តើគួរសម្រេចចិត្តជ្រើសរើសគំនិតអាជីវកម្មមួយណា? ម្យ៉ាងទៀត ពួកគេបានជ្រើសរើសគំនិតអាជីវកម្មមួយរួចហើយ ដើម្បីចាប់ផ្ដើម ប៉ុន្តែពួកគេមិនដឹងថា គំនិតអាជីវកម្មនោះអាចដំណើរការ ឬមានទីផ្សារដែរទេ?

កត្តានេះហើយ ដើម្បីស្រាយនូវទុក្ខកង្វល់របស់អ្នកក្នុងការជ្រើសរើសគំនិតអាជីវកម្មមួយឱ្យបានល្អ និង មានសង្ឃឹមក្នុងការចាប់ផ្ដើមយ៉ាងរលូនទៅមុខបាន អ្នកត្រូវជ្រើសរើសគំនិតអាជីវកម្មណាមួយ ដោយផ្ដោតលើរឿង 3 ។

1. ក្ដីស្រលាញ់

អ្នកត្រូវដឹងថា គំនិតអាជីវកម្មដែលអ្នកមាននោះ វាកើតចេញពីការណែនាំពីអ្នកដទៃ ឬក៏អ្នកឃើញគេធ្វើអាជីវកម្មផ្នែកនោះរីកចម្រើន បន្ទាប់មកអ្នកក៏ចង់ចាប់ផ្ដើមវាដែរឬទេយ៉ាងណា។ ប៉ុន្តែជាការផ្ដល់យោបល់ ចូរជ្រើសរើសគំនិតអាជីវកម្មណាដែលកើតចេញពីក្ដីស្រលាញ់របស់អ្នក ឧទាហរណ៍អ្នកស្រលាញ់លើការដាំដុះ ដូច្នេះអាចចាប់ផ្ដើមជ្រើសរើសគំនិតអាជីវកម្មណាពាក់ព័ន្ធនឹងការដាំដុះ បើអ្នកស្រលាញ់ការលើការនិយាយជាធារណៈ ដូច្នេះអាចជ្រើសរើសគំនិតអាជីវកម្មណាដែលពាក់ព័ន្ធនឹងការនិយាយជាធារណៈ បើអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកយុទ្ធសាស្រ្តទីផ្សារ ដូច្នេះអ្នកអាចជ្រើសរើសគំនិតអាជីវកម្មណាដែលអាចឱ្យអ្នកចាប់ផ្ដើមលើការបង្កើតសេវាកម្មផ្នែកយុទ្ធសាស្រ្តទីផ្សារ និងជាច្រើនជម្រើសទៀត ដែលអ្នកគិតពិចារណាលើខ្លួនឯង ថាតើអ្វីដែលអ្នកស្រលាញ់ និងតែងតែនឹកគិតស្រមៃចង់ក្លាយជា?

ការចាប់ផ្ដើមអាជីវកម្ម ជាមួយគំនិតអាជីវកម្មដែលជាការស្រលាញ់របស់អ្នក នោះវានឹងជួយឱ្យអ្នកកាន់តែមានកម្លាំងចិត្តក្នុងការចាប់ផ្ដើមវា ព្រមទាំងព្យាយាមជំនះគ្រប់ឧបសគ្គ ដោយមិនថាអ្នកជួបស្ថានភាពបែបណាឡើយ ក៏អ្នកមិនងាយបោះបង់វាចោលដែរ។

2. ចំណេះជំនាញ

អ្នកត្រូវសួរខ្លួនឯងថា តើគំនិតអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ អ្នកមានជំនាញលើវាដែរឬទេ? តើអ្នកមានចំណេះដឹងផ្នែកហ្នឹងកម្រិតណា? តើអ្នកនឹងត្រូវការសមាជិកក្រុមដើម្បីជួយលើជំនាញអ្វីខ្លះ? ​​​

ការចាប់ផ្ដើមអាជីវកម្ម ជាមួយនឹងគំនិតអាជីវកម្មដែលកើតចេញពីក្ដីស្រលាញ់ វាមិនទាន់ពេញលេញនៅឡើយនោះទេ គឺទាមទារឱ្យអ្នកមានចំណេះជំនាញលើវាបន្ថែមទៀត។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកចាប់ផ្ដើមអាជីវកម្ម ដោយគ្មានចំណេះជំនាញលើវានោះទេ អាជីវកម្មដែលអ្នកចាប់ផ្ដើមនោះ វាមិនអាចមានដំណើរការបានយូរអង្វែង ឬទៅមុខបានវែងឆ្ងាយឡើយ។

3. អាចពង្រីកបាន

នៅចំណុចនេះ ចង់ឱ្យអ្នកគិតពិចារណាបន្ថែមទៀត ថាតើគំនិតអាជីវកម្មរបស់អ្នក អាចពង្រីកបានធំនាពេល 5ឆ្នាំខាងមុខដែរឬទេ? ប្រសិនបើគំនិតអាជីវកម្មរបស់អ្នក កើតចេញពីការជ្រើសរើសដោយក្ដីស្រលាញ់ និងការមានចំណេះជំនាញក៏ពិតមែន ក៏ប៉ុន្តែគំនិតអាជីវកម្មរបស់អ្នកមិនអាចពង្រីកទំហំទីផ្សារឱ្យបានធំ ដោយវាអាចស្ថិតនៅទំហំអាជីវកម្មថេរ នោះវាក៏មិនមែនជារឿងល្អដែរ ពីព្រោះអ្នកនឹងឆាប់ធុញទ្រាន់នឹងវា ដោយខិតខំធ្វើជាយូរណាស់មកហើយ ប៉ុន្តែដូចគ្មានឃើញលទ្ធផលរីកចម្រើននៅក្នុងទីផ្សារសោះ។ ហេតុនេះ អ្នកត្រូវប្រាកដថា គំនិតអាជីវកម្មរបស់អ្នក នឹងមានលទ្ធភាពអាចពង្រីកបានធំនាពេលអនាគតនៅក្នុងទីផ្សារ។

ពាណិជ្ជកម្ម

កំហុសដ៏ធំនៃយុទ្ធសាស្រ្តរបស់ Yahoo ដែលអ្នកអាចរៀនសូត្រ!

0
កំហុសដ៏ធំនៃយុទ្ធសាស្រ្តរបស់ Yahoo ដែលអ្នកអាចរៀនសូត្រ!

Yahoo ត្រូវបានបង្កើតឡើងដោយ Jerry Yang និង David Filo នៅខែមករា ឆ្នាំ 1994។ ដំបូងឡើយអ្នកទាំងពីរបានបង្កើតគេហទំព័រមួយដែលមានឈ្មោះថា “Jerry and David’s Guide to the World Wide Web” ដែលវាគ្រាន់តែជាបញ្ជីនៃគេហទំព័រផ្សេងទៀត ដោយត្រូវបានរៀបចំតាមឋានានុក្រមជាសន្ទស្សន៍ទំព័រដែលអាចស្វែងរកបាន។ នៅខែមេសា ឆ្នាំ1994 គេហទំព័រនោះក៏ត្រូវបានប្តូរឈ្មោះទៅជា “Yahoo!” វិញ ដែលពាក្យ “YAHOO” គឺជាពាក្យកាត់សម្រាប់ “Ot Another Hierarchically Oracle Oracle” ។ អំឡុងពេលនោះ Yahoo ទទួលបានការគាំទ្រយ៉ាងខ្លាំង និងរីកចម្រើនយ៉ាងឆាប់រហ័សពេញមួយទសវត្សទី 90។

Yahoo បានចេញជាសាធារណៈនៅខែមេសា ឆ្នាំ1996 និងមានតម្លៃភាគហ៊ុនកើនឡើង 600 ភាគរយក្នុងរយៈពេល 2ឆ្នាំ។ នៅឆ្នាំ 1998 Yahoo គឺជាចំណុចចាប់ផ្តើមដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់គេហទំព័រដែលទទួលបានការមើល 95 លានទំព័រក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមរកប្រាក់ពីផ្ទាំងផ្សាយពាណិជ្ជកម្មដែលជាប្រភេទដំបូងរបស់ខ្លួន ហើយចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ផងដែរថា Yahoo គឺជាកន្លែងផ្តល់សេវាគេហទំព័រ ដោយក្នុងនោះផ្តល់សេវាកម្ម ដូចជាម៉ាស៊ីនស្វែងរកគេហទំព័រ និងសេវាកម្មអ៊ីមែល។

yahoo-search

ទោះបីជាក្រុមហ៊ុន Yahoo កំពុងដំណើរការអាជីវកម្មបានយ៉ាងល្អ និងទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែនៅចុងឆ្នាំ 2000 Yahoo ចាប់ផ្ដើមធ្លាក់ចុះវិញ ដោយសារកត្តាយុទ្ធសាស្រ្តមួយចំនួន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គេហទំព័រ The Strategy Story។

1. ការសម្រេចចិត្តខុស ដោយ Yahoo បានបដិសេធមិនទិញយក Google ក្នុងតម្លៃ 1 លានដុល្លារ

នៅក្នុងឆ្នាំ 1998 លោក Larry Page និង Sergei Brin ស្ថាបនិករបស់ក្រុមហ៊ុន Google បានដាក់ស្នើលក់ Algorithm ដែលខ្លួនទើបតែបង្កើតថ្មីទៅឱ្យ Yahoo ក្នុងតម្លៃ 1 លានដុល្លារ។ Algorithm នេះ គឺវាមានសមត្ថភាពជួយឱ្យម៉ាស៊ីនស្វែងរករបស់ Yahoo ដំណើរការលឿនជាងមុន និងបង្កើនបទពិសោធន៍នៃការស្វែងរកគេហទំព័រនានា ប៉ុន្តែ Yahoo បានបដិសេធមិនទិញយកវាឡើយ។​ Yahoo បានបដិសេធមិនទិញ ដោយលើកយកនូវហេតុផលថា “ចង់ឱ្យអ្នកប្រើប្រាស់របស់ខ្លួនចំណាយពេលវេលាបន្ថែមទៀតនៅលើវេទិកាផ្ទាល់ខ្លួន និងមាតិការបស់ Yahoo ផ្សេងទៀត ដូច្នេះអាចរកប្រាក់បានកាន់តែច្រើនពីផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ”។

នៅ​ក្នុង​ឆ្នាំ 2002 Yahoo ក៏បាន​បដិសេធ​សំណើ​ទិញយក Google ក្នុង​តម្លៃ 5 ពាន់​លាន​ដុល្លារ​ម្ដងទៀត ដោយ Yahoo ចង់ទិញ Google ក្នុង​តម្លៃ 3 ពាន់​លាន​ដុល្លារ ប៉ុន្តែ Google ចង់​បាន 5 ពាន់​លាន​ដុល្លារ។ ដូច្នេះហើយ ទើបកិច្ចព្រមព្រៀងទិញយកនេះមិនបានសម្រេច។

ជាលទ្ធផលក្រុមហ៊ុន Google បានបម្លែងខ្លួនឱ្យក្លាយជាភាពពេញនិយមយ៉ាងខ្លាំងលើការប្រើប្រាស់ម៉ាស៊ីនស្វែងរកទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយមនុស្សគ្រប់គ្នាអាចស្វែងរកអ្វីតាមដែលពួកគេចង់ស្រាវជ្រាវ ហើយមនុស្សចាប់ផ្ដើមឈប់គិតអំពី Yahoo។

2. ភាពបរាជ័យលើការសម្រេចចិត្តទិញ Geocities, Broadcast.com និង Tumblr

ការសម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញយកគេហទំព័រ Geocities និង Broadcast.com បានធ្វើឱ្យ Yahoo ខាតបង់ជាច្រើន ពីព្រោះគេហទំព័រទាំងពីរនេះ មិនបាននាំមកនូវគុណតម្លៃដល់ក្រុមហ៊ុនបានឡើយ។

ចំពោះកិច្ចព្រមព្រៀងទិញ Geocities ក្នុងតម្លៃ $4.58 ពាន់លានដុល្លារ ដែលជាគេហទំព័រដែលអាចឱ្យអ្នកប្រើប្រាស់បង្កើតគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងឆ្នាំ 2009 គេហទំព័រនេះ ក៏ត្រូវបានបិទទៅវិញ ពីព្រោះវាមិនបានផ្ដល់គុណតម្លៃណាមួយដល់ម្ចាស់ភាគហ៊ុនរបស់ Yahoo ឡើយ។

រីឯកិច្ចព្រមព្រៀងទិញយក Broadcast.com ក្នុងតម្លៃ $5.7 ពាន់លានដុល្លារ ដែលវាជាគេហទំព័រទូរទស្សន៍អនឡាញដែលត្រូវបានបង្កើតឡើងដោយ Mark Cuban។ ប៉ុន្តែក៏ត្រូវបរាជ័យ ដោយសារការភ្ជាប់អ៊ីនធឺណិតយឺតពេកក្នុងឆ្នាំ 1999 ដើម្បីដំណើរការមាតិកាវីដេអូប្រភេទនេះចេញពីបណ្តាញ។

បន្ថែមពីនេះ នៅក្នុងឆ្នាំ 2013 ក្រុមហ៊ុន Yahoo ក៏បានសម្រេចចិត្តទិញយក Tumblr ក្នុងតម្លៃ 1.1 ពាន់លានដុល្លារ ប៉ុន្តែក៏បានធ្វើឱ្យអ្នកប្រើប្រាស់ Tumblr ជាច្រើននាក់មានភាពមិនពេញចិត្តលើការទិញយកនេះ ហើយចុងក្រោយ Yahoo ក៏សម្រេចចិត្តលក់វាឱ្យទៅក្រុមហ៊ុន Verizon វិញកាលពីឆ្នាំ 2016។

3. ជ្រើសរើស CEO ខុស

Yahoo តែងតែសម្រេចចិត្តជួល CEO ខុសម្ដងហើយម្ដងទៀត ហេតុនេះហើយ នៅ Yahoo គ្មាន CEO ដើម្បីធ្វើប្រតិបត្តិការនានាឱ្យបានរលូនឡើយ។ បន្ថែមពីនេះ សមាជិកក្នុងក្រុមហ៊ុន ក៏មានអ្នកខ្លះបន្ទោសលើ Marissa Mayer ទាំងស្រុងចំពោះការសម្រេចចិត្តជ្រើសរើស CEO ខុសនេះ។ កត្តានេះហើយ បានធ្វើឱ្យ Yahoo មិនមានភាពរឹងមាំផ្ទៃខាងក្នុងឡើយ។

4. ចក្ខុវិស័យមិនច្បាស់លាស់ និងខ្សោយលើការដឹកនាំ

កំហុសនៃយុទ្ធសាស្ត្ររបស់ Yahoo គឺខ្វះចក្ខុវិស័យច្បាស់លាស់ និងគ្មានគោលបំណងរួមសម្រាប់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Google និង Microsoft មានភាពច្បាស់លាស់អំពីទិសដៅយុទ្ធសាស្ត្ររបស់ពួកគេ។

ពាណិជ្ជកម្ម

របៀបដកខ្លួនចេញពីជីវិតដ៏ធុញទ្រាន់របស់អ្នក

0
របៀបដកខ្លួនចេញពីជីវិតដ៏ធុញទ្រាន់របស់អ្នក

មនុស្សម្នាក់ៗ កើតមកតែងតែនាំនូវសេចក្ដីសុខ និងសេចក្ដីទុក្ខមកជាមួយគ្នា។ អ្នកខ្លះក៏មានជីវិតមួយដែលពោរពេញដោយភាពរីករាយច្រើនជាងភាពទុក្ខសោក ប៉ុន្តែក៏មានអ្នកខ្លះក៏មានជីវិតដែលមានភាពទុក្ខសោកច្រើនជាងភាពរីករាយ ហើយក៏មានអ្នកខ្លះទៀត ភាពរីករាយ និងភាពទុក្ខសោកដើរទទឹមគ្នាក៏មាន។ ចុះប្រសិនបើ អ្នកកំពុងជួបនូវស្ថានភាពមួយដែលធុញទ្រាន់នឹងជីវិតខ្លួនឯង ដោយគ្មានភាពរីកចម្រើនដូចគេ គ្មានភាពរីករាយច្រើនដូចគេ និងខ្វះអ្វីស្ទើរគ្រប់យ៉ាង តើអ្នកនឹងធ្វើបែបណា? តើអ្នកនឹងបញ្ចប់ជីវិតខ្លួនឯងឬ? តើអ្នកនឹងឃុំខ្លួនឯងក្នុងតែបន្ទប់ឬ? តើអ្នកនឹងចំណាយពេលនោះមកលើរឿងឥតប្រយោជន៍ផ្សេងៗឬ?

ហេតុនេះ ខ្លឹមសារខាងក្រោមនឹងជួយបង្ហាញនូវគន្លឹះបីចំណុច ដែលជួយផ្ដល់ជាគំនិតដល់អ្នកសម្រាប់ពិចារណា ដើម្បីដកខ្លួនចេញពីជីវិតមួយដែលអ្នកយល់ថា ពោរពេញដោយភាពធុញទ្រាន់ជាខ្លាំង។

1. កុំចំណាយពេលច្រើនលើរឿងគ្មានប្រយោជន៍

ប្រសិនបើអ្នកយល់ថាជីវិតរបស់អ្នកគ្មានន័យ មានភាពស្មុគស្មាញ ឬកំពុងមានអារម្មណ៍ធុញទ្រាន់នឹងជីវិតផ្ទាល់ខ្លួន ចូរកុំព្យាយាមយកពេលវេលានោះមកចំណាយលើបណ្ដាញសង្គម ការលេងហ្គេម ឬក៏ផឹកស្រា និងសកម្មភាពដែលមិនបានជួយអ្នកឱ្យសោះ ពីព្រោះសកម្មភាពទាំងនេះ មិនត្រឹមតែធ្វើឱ្យអ្នកខាតពេលប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំផ្លាញអ្នកបន្តិចម្ដងៗ ព្រមទាំងជំរុញឱ្យអ្នកកាន់តែមានអារម្មណ៍ស្មុគស្មាញជាមួយជីវិតកាន់តែខ្លាំង និងយល់ថាជីវិតរបស់អ្នកនឹងគ្មានន័យលើសដើម។

ហេតុនេះហើយ ចូរកុំព្យាយាមចំណាយពេលទាំងនោះលើរឿងដែលគ្មានប្រយោជន៍ច្រើនពេក ប៉ុន្តែត្រូវចេះសម្រួលអារម្មណ៍ ការតាំងសមាធិ ការដើរលេងកំសាន្ត ការធ្វើលំហាត់ប្រាណ ការណាត់ជួបមនុស្សដែលអ្នកអាចចែករំលែករឿងក្នុងចិត្ត និងសកម្មភាពទាំងឡាយណាដែលជួយឱ្យកាន់តែធូរស្បើយ ហើយអាចបន្តសកម្មភាពឆ្ពោះទៅមុខបានយ៉ាងរលូន ដោយមិនមែនគេងអោបក្រសោមទុក្ខកង្វល់នោះតែក្នុងបន្ទប់ម្នាក់ឯងឡើយ។

2. ធ្វើខ្លួនឱ្យសកម្មលើរឿងមានប្រយោជន៍

អ្នកត្រូវផ្ដោតលើសកម្មភាពណាដែលជួយធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ បង្កើនចំណេះដឹង សមត្ថភាព និងរវល់ច្រើន។ សកម្មភាពទាំងនោះ រួមមាន៖

  • ការធ្វើខ្លួនឱ្យសកម្មលើការបង្កើនចំណេះដឹង តាមរយៈការអានសៀវភៅ មើលវីដេអូបង្វឹកវគ្គខ្លីៗ និងការសិក្សាស្រាវជ្រាវបន្ថែម។
  • ការធ្វើខ្លួនឱ្យសកម្មលើការពង្រឹងទំនាក់ទំនងជាមួយមនុស្សល្អៗ និងមនុស្សខ្លាំងពូកែនានាឱ្យបានច្រើន។
  • ការធ្វើខ្លួនឱ្យសកម្មលើការសម្រេចគោលដៅផ្ទាល់ខ្លួន និងការថែទាំសុខភាព។
  • និងការធ្វើខ្លួនឱ្យសកម្មលើរឿងទាំងឡាយណាដែលជួយអ្នកឱ្យកាន់តែទទួលបានភាពរីកចម្រើននៅក្នុងជីវិត។

ចូរអ្នកចងចាំថា នៅពេលអ្នករវល់ខ្លាំងលើសកម្មភាពណាដែលជួយឱ្យអ្នករីកចម្រើនឥតឈប់ឈរ ព្រមទាំងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងជីវិត នោះអ្នកនឹងភ្លេចគិតលើការធ្វើសកម្មភាពណាដែលគ្មានប្រយោជន៍ ព្រមទាំងចាប់ផ្ដើមកាន់តែជឿជាក់លើខ្លួនឯង ផ្ដល់តម្លៃលើជីវិតខ្លួនឯង និងស្រលាញ់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួនឯងកាន់តែខ្លាំងជាក់ជាមិនខាន។

3. ត្រូវមានគោលដៅជាក់លាក់សម្រាប់ជីវិត

មនុស្សដែលរស់នៅក្នុងជីវិតដែលមានគោលដៅមិនច្បាស់លាស់ តែងតែមានបញ្ហាស្មុគស្មាញច្រើនជាងអ្នកដែលរស់នៅក្នុងជីវិតមួយដែលមានគោលដៅជាក់លាក់នៅក្នុងជីវិត។ ហេតុអ្វី?​ ពីព្រោះអ្នកដែលមានគោលដៅមិនជាក់លាក់ តែងតែមានស្ថានភាពមិននឹងនរ និងប្រែប្រួលជានិច្ច ដូចជាខ្យល់បកអ៊ីចឹង ប៉ុន្តែមនុស្សដែលមានគោលដៅជីវិតជាក់លាក់ ពួកគេតែងតែមានកម្លាំងចិត្តជានិច្ចក្នុងការធ្វើសកម្មភាពនានាដើម្បីសម្រេចវា និងរស់នៅដោយមានគោលបំណង ព្រមទាំងរស់នៅដោយមានក្ដីសង្ឃឹមជានិច្ចទោះបីជាជួបស្ថានភាពជីវិតបែបណាក៏ដោយ។

ពាណិជ្ជកម្ម

រឿង 4 យ៉ាង ដែលអ្នកមិនគួរមានអារម្មណ៍ខ្មាសគេឡើយ!

0
រឿង 4 យ៉ាង ដែលអ្នកមិនគួរមានអារម្មណ៍ខ្មាសគេឡើយ!

​​​មនុស្សម្នាក់ៗ តែងតែមានក្ដីស្រមៃខ្ពស់ និងចង់មើលឃើញជីវិតផ្ទាល់ខ្លួនជួបតែរឿងល្អៗ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏វាមិនអាចសម្រេចបានទាំងអស់ផងដែរ គឺវាទាមទារឱ្យមនុស្សម្នាក់ៗនោះត្រូវមានការខិតខំប្រឹងប្រែង និងចេះដុះខាតសមត្ថភាពខ្លួនឯង ព្រមទាំងចេះបង្កើត និងចេះចាប់យកឱកាស។ បន្ថែមពីនេះ វាក៏ទាមទារការចូលរួមពីកត្តាផ្សេងៗដែរ ដូចជាកត្តាសេពគប់ កត្តាខ្លួនឯង កត្តាគ្រួសារ និងកត្តាបរិយាកាសរស់នៅប្រចាំថ្ងៃ។

អ្វីដែលកាន់តែសំខាន់នោះ ចូរពេញចិត្តនឹងជីវិតខ្លួនឯង និងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចនូវគោលដៅជីវិតផ្ទាល់ខ្លួន ដោយគ្មានអារម្មណ៍ថាអន់ចិត្ត ឬខ្មាសគេ ដោយសាររឿងបួនយ៉ាងខាងក្រោមឱ្យសោះ។

1. ការមានឪពុកម្ដាយក្រីក្រ

អ្នកត្រូវអរគុណឪពុកម្ដាយរបស់អ្នកវិញ ដែលពួកគាត់មិនបានបោះបង់អ្នកចោល ហើយតែងតែជួយចិញ្ចឹមបីបាច់អ្នករហូតដល់ធំ និងជួយគាំទ្រអ្នកជានិច្ចក្នុងការធ្វើអ្វីមួយនៅក្នុងជីវិត។

2. ការមានសម្លៀកបំពាក់ចាស់ៗ

អ្នកត្រូវគិតឡើងថា មានមនុស្សជាច្រើននាក់ដែលពិបាកជាងអ្នកទៀត ពីព្រោះពួកគេមានសម្លៀកបំពាក់មិនគ្រប់គ្រាន់ ឬគ្មានតែម្ដង។

3. ការមានមិត្តភក្តិជាអ្នកក្រ

អ្នកត្រូវដឹងថា មានមិត្តភក្តិជាអ្នកក្រ មិនមែនអាក្រក់ឡើយ ពីព្រោះពួកគេនឹងរាប់អានអ្នកដោយចេញពីចិត្តស្មោះសរ និងតែងតែជួយអ្នកក្នុងគ្រាមានអាសន្ន។

4. ការរស់នៅក្នុងជីវិតសាមញ្ញ

អ្នកត្រូវដឹងថា បើជីវិតសាមញ្ញរបស់អ្នកធ្វើឱ្យអ្នកគ្មានសម្ពាធផ្លូវចិត្ត អាចធ្វើអ្វីជាខ្លួនឯង និងរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន គឺវាគ្មានអ្វីត្រូវខ្មាសគេឡើយ។

ពាណិជ្ជកម្ម

ជំនាញដ៏សំខាន់ ដែលអ្នករចនាក្រាហ្វិកត្រូវតែមាន!

0
ជំនាញដ៏សំខាន់ ដែលអ្នករចនាក្រាហ្វិកត្រូវតែមាន!

ជំនាញរចនាក្រាហ្វិក គឺជាជំនាញមួយដែលកំពុងមានតម្រូវការទីផ្សារការងារជាខ្លាំងទូទាំងពិភពលោក ពីព្រោះគ្រប់ប្រភេទអាជីវកម្មសុទ្ធតែត្រូវការអ្នករចនាក្រាហ្វិក។ ហេតុនេះ បើនរណាមានជំនាញមួយនេះខ្លាំង នឹងមានឱកាសរកប្រាក់ចំណូលបានច្រើន តាមរយៈការធ្វើការឯករាជ្យ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម និងធ្វើការនៅក្រុមហ៊ុនរដ្ឋ ឬឯកជន ដើម្បីទទួលបានប្រាក់ខែគោលប្រចាំខែ។

ទោះបីជាយ៉ាងនេះក្ដី អ្នករចនាក្រាហ្វិក ក៏ទទួលរងនូវសម្ពាធការងារ និងស្មុគនឹងគំនិតក្នុងការរចនាផងដែរ ដោយសារតែស្ទើគ្រប់ផ្នែកនៅក្នុងអាជីវកម្មតែងតែមករកអ្នករចនាក្រាហ្វិក ដើម្បីរចនាអ្វីមួយស្របតាមតម្រូវការរបស់ពួកគេ។ ហេតុនេះហើយ អ្នករចនាក្រាហ្វិកក៏ត្រូវមានភាពឆ្លាតវៃក្នុងការធ្វើការឱ្យបានល្អ ព្រមទាំងត្រូវមានជំនាញមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យការងាររចនារបស់ខ្លួនកាន់តែមានភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ និងអាចបំពេញចិត្តអតិថិជនស្របតាមតម្រូវការ។ ជំនាញទាំងនោះរួមមាន៖

1. ជំនាញបច្ចេកទេស

អ្នករចនាក្រាហ្វិក ត្រូវតែមានជំនាញបច្ចេកទេសលើការរចនាឱ្យបានខ្លាំង ដូចជា៖

  • យល់ដឹងច្បាស់ពីគោលការណ៍រចនា៖ អ្នករចនាក្រាហ្វិកត្រូវមានការយល់ដឹងពីរបៀបជ្រើសរើសយកបន្ទាត់ ពណ៌ រូបរាង លំហ វាយនភាព(texture) វាយអក្សរ(typography) មាត្រដ្ឋាន ភាពលេចធ្លោ ការសង្កត់ធ្ងន់ និងភាពចុះសម្រុងគ្នា ដើម្បីបង្កើតការរចនាឱ្យមើលឃើញថាទាក់ទាញ និងមានរចនាសម្ព័ន្ធនៃការរចនាបានល្អ។
  • គំនិតនៃការរចនា៖ អ្នករចនាក្រាហ្វិក ត្រូវតែចេះបង្កើតគំនិតក្នុងការចនា តាមរយៈការចេះសិក្សាស្រាវជ្រាវបន្ថែម ការអភិវឌ្ឍ ការវាយតម្លៃ និងការអនុវត្ត ដើម្បីអាចទទួលបានការរចនាមួយដែលមានភាពថ្មី និងច្នៃប្រឌិតខ្ពស់។
  • យល់ដឹងច្បាស់ពីម៉ាកយីហោ៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងអំពីម៉ាកយីហោដែលខ្លួនកំពុងធ្វើការរចនា ដើម្បីធានាថាការរចនាបានជួយលើកកម្ពស់ម៉ាកយីហោនោះឱ្យកាន់តែមានភាពរស់រវើកតាមរយៈឡូហ្គោ ពណ៌ វាយអក្សរ(typography) រូបគំនូរ និងជាច្រើនទៀត។
  • វាយអក្សរ (typography)៖ ផ្នែកនេះ ជាធាតុដ៏សំខាន់មួយនៃការរចនាក្រាហ្វិក ហើយការវាយអក្សរដ៏ត្រឹមត្រូវ គឺការវាយអក្សរដែលអាចបង្កើតអត្ថន័យ និងទាក់ទាញអារម្មណ៍ ប៉ុន្តែបើការវាយអក្សរខុស នោះនឹងអាចធ្វើឱ្យរំខានដល់អតិថិជន ដែលបង្កើតភាពមិនពេញចិត្ត ឬបាត់ទំនុកចិត្តជាដើម។ កត្តានេះហើយ អ្នករចនាក្រាហ្វិចត្រូវមានជំនាញគ្រប់បែបយ៉ាង ចាប់ពីការជ្រើសរើសពុម្ពអក្សរឱ្យបានត្រឹមត្រូវសម្រាប់គម្រោងនីមួយៗ រហូតដល់ការវាយអក្សរ ការគូសវាស ការតាមដាន និងការនាំមុខ។
  • ការរចនាសម្រាប់ការបោះពុម្ព៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងពីលំហូរនៅពេលការរចនានោះត្រូវមានបោះពុម្ព ដើម្បីធានាថារូបភាព ក៏ដូចជាកម្រិតពណ៌ទឹកថ្នាំចេញមកគឺល្អ ហើយទម្រង់ឯកសារក៏ត្រឹមត្រូវ។
  • ការរចនា UX និង UI៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងអំពី UX និង UI ដើម្បីបង្កើតការរចនាឱ្យមានភាពទាក់ទាញភ្នែកអ្នកទស្សនា និងបង្ហាញមុខងារដែលងាយស្រួល ព្រមទាំងអាចធ្វើឱ្យការរចនាកាន់តែមានភាពល្អប្រសើរ។
  • បច្ចេកវិទ្យា៖ អ្នករចនាក្រាហ្វិក ទាមទារឱ្យធ្វើការជាមួយឧបករណ៍ក្នុងការរចនា ដូចជាAdobe Illustrator, Adobe InDesign, Adobe Photoshop, Adobe After Effects និង Sketch។ បន្ថែមពីនេះ ប្រសិនបើជាអ្នករចនាគេហទំព័រវិញ ទាមទារឱ្យមានចំណេះដឹងផ្នែកសរសេរកូដ និងស្គាល់ភាសាកម្មវិធី ដូចជាHTML និង CSS ក៏ដូចជាប្រព័ន្ធគ្រប់គ្រងខ្លឹមសារដូចជា WordPress ផងដែរ។
2. ជំនាញទន់

ក្រៅពីជំនាញបច្ចេកទេសនៃការរចនា អ្នករចនាក្រាហ្វិកក៏ទាមទារឱ្យមានជំនាញទន់ផងដែរ ដើម្បីជួយបង្កើនផលិតភាពការងារផ្ទាល់ខ្លួនឱ្យកាន់តែទទួលបានភាពជោគជ័យ។ ជំនាញទន់ដ៏សំខាន់សម្រាប់អ្នករចនាក្រាហ្វិក រួមមាន៖

  • ការច្នៃប្រឌិត៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការអភិវឌ្ឃគំនិតថ្មីៗ និងប្លែកៗជានិច្ច ដោយមិនអាចធ្វើការរចនាលើអ្វីដដែលៗបានឡើយ ដោយធានាថាការរចនាត្រូវតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស និងធ្វើឱ្យការរចនាប្រកបដោយភាពច្នៃប្រឌិត។
  • ជំនាញទំនាក់ទំនង៖ អ្នករចនាក្រាហ្វិក តែងតែជួបមនុស្សច្រើន ជាពិសេសអ្នកពាក់ព័ន្ធក្នុងក្រុមហ៊ុន និងជាមួយអតិថិជន។ ហេតុនេះ អ្នកររចនា ត្រូវតែមានទំនាក់ទំនងជាមួយពួកគេដើម្បីពន្យល់ពីគំនិតរចនា និងសួរនាំបន្ថែមពីការរចនាឱ្យបានល្អស្របតាមការចង់បានរបស់ពួកគេ។
  • យុទ្ធសាស្រ្ត៖ អ្នករចនាក្រាហ្វិក តែងតែជាអ្នកគិតបែបយុទ្ធសាស្រ្ត ពីព្រោះពួកគេត្រូវគិតពិចារណាលើធាតុផ្សំនៃការរចនាមួយចំនួនឱ្យដំណើរការជាមួយគ្នា និងរបៀបបង្ហាញអត្ថន័យដ៏ល្អ ព្រមទាំងប្រកាន់ខ្ជាប់នូវស្ដង់ដាររចនា។ បន្ថែមពីនេះ ពួកគេក៏ត្រូវធ្វើ​ការ​ស្រាវ​ជ្រាវពី​ទីផ្សារ ការ​បំផុសគំនិត ការ​បង្កើត​រូបភាព​តូចៗ(thumbnailing) ការ​អភិវឌ្ឍគំនិត និង​ការ​វាយ​តម្លៃ​ការ​រចនា។
  • ជំនាញដោះស្រាយបញ្ហា៖ អ្នករចនាក្រាហ្វិក មានតួនាទីរចនាឱ្យបានល្អស្របតាមតម្រូវការអតិថិជន ប៉ុន្តែភាគច្រើនអតិថិជនតែងតែចង់បានការរចនាល្អ តែពួកគេមិនដឹងប្រាប់បែបណា ដោយគ្រាន់តែនិយាយពីគំនិតដែលពួកគេត្រូវការ ហើយឱ្យអ្នកគិតពិចារណាលើគំនិតរចនាដោយខ្លួនឯង។ ដូច្នេះអ្នកត្រូវមានតួនាទីមួយទៀត គឺការដោះស្រាយបញ្ហារបស់អតិថិជន ដោយរចនាអ្វីមួយនោះឱ្យត្រូវនឹងគោលបំណងរបស់ពួកគេ និងការដោះស្រាយបញ្ហារចនា ឬប្រែសម្រួលការរចនាដើម្បីបំពេញចិត្តអតិថិជន។
  • ជំនាញគ្រប់គ្រងពេលវេលា៖ អ្នករចនាក្រាហ្វិក ជាទូទៅធ្វើការរចនាលើគម្រោងជាច្រើនក្នុងពេលតែមួយ ដូច្នេះហើយអ្នករចនាត្រូវតែមានការគ្រប់គ្រងពេលវេលាឱ្យបានល្អ ដើម្បីបញ្ចប់ការងាររចនាជូនអតិថិជនស្របតាមតម្រូវការចង់បានរបស់ពួកគេ តាមរយៈការកំណត់ការងារអាទិភាព។
ពាណិជ្ជកម្ម

ភាពរីកចម្រើន នៃកម្មវិធីសម្អាតផ្ទះ Miso របស់ប្រទេសកូរ៉េ

0
ភាពរីកចម្រើន នៃកម្មវិធីសម្អាតផ្ទះ Miso របស់ប្រទេសកូរ៉េ

Miso គឺជាកម្មវិធីសេវាកម្មឯកទេសសម្អាតផ្ទះលេខ 1 របស់ប្រទេសកូរ៉េ ដែលមានការកក់ច្រើនជាង 5 លាន ហើយមនុស្សអាចធ្វើការកក់សេវាកម្មសម្អាតផ្ទះនេះ ងាយស្រួលដូចការ​ទិញ​ផលិតផល​តាម​អ៊ីនធឺណិត​អ៊ីចឹង។ ម្យ៉ាងវិញទៀត Miso ក៏មានការផ្តល់សេវាកម្មជាង 70 រួមមានសេវាកម្មសម្អាតម៉ាស៊ីនត្រជាក់ សេវាកម្មផ្លាស់ទីសម្រាប់ស្ទូឌីយោ ឬផ្ទះ សេវាកម្មជួសជុល សេវាកម្មថែទាំសត្វចិញ្ចឹម សេវាកម្មបោកគក់ និងសេវាកម្មសម្អាតជាច្រើនទៀត។ ចំពោះចំនួនអតិថិជនដែលត្រឡប់មកប្រើប្រាស់សេវាកម្មសម្អាតរបស់ Miso ម្ដងហើយម្ដងទៀត មានជាង 85%។

ក្រុមហ៊ុន Miso ទទួលបានការវិនិយោគពីអាជីវកម្មកំពូលៗ ដូចជាក្រុមហ៊ុន Silicon Valley incubator Y Combinator និងក្រុមហ៊ុន Strong Ventures ដោយមានចំនួនទឹកប្រាក់ជាង 11 លានដុល្លារ។ បន្ទាប់ពីក្រុមហ៊ុន Miso ចាប់ផ្ដើមមានការគាំទ្រខ្លាំង ក៏ដូចជាកំពុងមានសន្ទុះនៃភាពរីកចម្រើន លោក Victor Ching ប្រធានក្រុមហ៊ុន Miso មានគោលបំណងបង្កើនភាពជោគជ័យនៃកម្មវិធីរបស់គាត់ក្នុងការសម្អាតផ្ទះ ដើម្បីជំរុញកំណើនអាជីវកម្មថ្មីទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយក្នុងឆ្នាំនេះ លោកក៏បានចាប់ផ្ដើមរៀបចំរៃអង្គាសដើមទុនបន្ថែម ចំនួន 30 លានដុល្លារ។

រឿងរ៉ាវសង្ខេប មុននឹងចាប់ផ្ដើម Miso

មុនពេលចាប់ផ្តើមក្រុមហ៊ុន Miso លោកVictor Ching ក៏ធ្លាប់បានបង្កើតកម្មវិធីណាត់ជួបមួយ ដែលមានឈ្មោះថា Chinchin នៅក្នុងឆ្នាំ 2014 ប៉ុន្តែបានបរាជ័យបន្ទាប់ពីបង្កើតបានជិតពីរឆ្នាំ។ លោក Ching ធំធាត់នៅហាវ៉ៃ និងសិក្សាមុខជំនួញនៅសាកលវិទ្យាល័យ Illinois Urbana-Champaign ព្រមទាំងជាប្រធានផ្នែកផលិតផល និងជាបុគ្គលិកនៅកម្មវិធីដឹកជញ្ជូនអាហារ Yogiyo។ លោក Ching ចាប់ផ្ដើមមានគំនិតចង់បង្កើតក្រុមហ៊ុនសម្អាតដែលមានឈ្មោះថា Miso នេះ ដែលជាគម្រោងផែនការទីពីរ បន្ទាប់ពីបង្កើត Chinchin បរាជ័យ ប៉ុន្តែអ្វីជាបញ្ហាចោទរបស់គាត់ គឺខ្វះដើមទុន ដូច្នេះនៅឆ្នាំ 2018 គាត់បានធ្វើការរៃអង្គាសដើមទុនចុងក្រោយ  ទទួលបានប្រាក់ 8 លានដុល្លារពីក្រុមហ៊ុន Strong Ventures និង Y Combinator ក៏ដូចជា AddVenture ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលផ្តោតលើសេវាកម្មតាមផ្ទះ និងអ្នកបណ្តាក់ទុនវិនិយោគ Chamath Palihapitiya’s Social Capital។ ហើយការបើកដំណើរការកម្មវិធីសេវាកម្មសម្អាតរបស់ Wiso ក៏ចាប់ផ្ដើមកើតមានឡើងជាសាធារណៈ ដោយទទួលបានលទ្ធផលជោគជ័យ។ ភាពរីកចម្រើនរបស់ Wiso គឺបានកើតឡើងយ៉ាងឆាប់រហ័ស និងក៏កំពុងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកូរ៉េ។

ពាណិជ្ជកម្ម

មេរៀនអំពីលុយដែលយុវវ័យត្រូវដឹងនិងរៀនសូត្រ!

0
មេរៀនអំពីលុយដែលយុវវ័យត្រូវដឹងនិងរៀនសូត្រ!

លុយ ជាផ្នែកមួយដែលចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ពីព្រោះលុយអាចយកទៅដោះដូរយកអ្វីតាមតែខ្លួនឯងចង់បាន។ បន្ថែមពីនេះ លុយ ក៏ជាផ្នែកមួយដែលធ្វើឱ្យមនុស្សខិតខំធ្វើការ និងប្រកបមុខរបររកស៊ីទៅតាមចំណេះជំនាញរបស់បុគ្គលម្នាក់ៗ ដើម្បីទទួលបានប្រភពចំណូល មិនមែនអង្គុយសុខៗលុយវាធ្លាក់មកពីលើមេឃឡើយ។ ម្យ៉ាងវិញទៀត លុយ ក៏នាំមកផលវិបាកដល់មនុស្សផងដែរ តាមរយៈការដែលធ្វើឱ្យមនុស្សមានចិត្តគំនិតលោភលន់ និងចង់បានលុយច្រើនតាមតែចិត្តចង់បាន ដោយឈប់ខ្វល់អ្វីទាំងអស់ ដោយផ្ដោតតែលើការរកលុយមួយមុខក៏មានដែរ។

ហេតុដូចនេះហើយ ទើបពិភពលោកចាប់ផ្ដើមផ្ដល់សារៈសំខាន់លើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យមនុស្សគ្រប់គ្នាចេះគ្រប់គ្រង និងប្រើប្រាស់លុយឱ្យបានល្អ​ ដោយអាចយកលុយទាំងអស់នោះបង្កើនភាពរុងរឿងសម្រាប់ជីវិតផ្ទាល់ខ្លួន ជាជាងភាពស្មុគស្មាញនៅក្នុងជីវិត។

ហេតុដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីនូវចំណេះដឹងមួយចំនួនអំពីមេរៀនពីលុយ ដើម្បីឱ្យយុវវ័យទាំងអស់បានយល់ដឹង និងរៀនសូត្របន្ថែម។

1. ផ្លាស់ប្ដូរផ្នត់គំនិតលើលុយរបស់អ្នក

មនុស្សភាគច្រើននៅពេលគិតអំពីលុយ ពួកគេគ្រាន់តែគិតឃើញពីតួលេខប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ដោយគិតអំពីលុយឱ្យលើសពីការគ្រាន់តែគិតអំពីតួលេខ។ អ្នកត្រូវដឹងថា ផ្នត់គំនិត អាកប្បកិរិយា និងគំរូនៃការចំណាយរបស់អ្នកជាប្រចាំថ្ងៃនោះ វាសុទ្ធតែប៉ះពាល់ដល់រចនាប័ទ្មក្នុងការគ្រប់គ្រងលុយរបស់អ្នក។

បន្ថែមពីនេះ អ្នកក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតទាំងឡាយណាដែលអវិជ្ជមានចំពោះលុយ ដូចជាអ្នកខ្លាចរអាជាមួយលុយ អ្នកស្អប់លុយ និងផ្សេងៗទៀត ពីព្រោះវានឹងធ្វើឱ្យអ្នកជាមនុស្សមិនត្រូវធាតុជាមួយនឹងលុយ ហើយធ្វើអ្វីក៏មិនដែរមានផលល្អ ឬមានចំណូលបានច្រើនដែរ។ ម្យ៉ាងវិញទៀត បើយោងតាមប្រសាសន៍របស់លោកស្រី  Catherine Alford អ្នកជំនាញផ្នែកហិរញ្ញវត្ថុ គឺគាត់ចង់ឱ្យអ្នកមានផ្នត់គំនិតវិជ្ជមានលើលុយឱ្យបានច្រើន នោះអ្នកនឹងមានកំណើននៃលុយមកកាន់ជីវិតរបស់អ្នក ហើយអ្នកក៏ត្រូវមានការរៀនសូត្រ ក៏ដូចជាយល់ដឹងអំពីលុយឱ្យបានច្រើន។

2. លុយមិនតែងតែមានតម្លៃនោះទេ

តើអ្នកធ្លាប់គិតថា នឹងព្យាយាមរកប្រាក់ចំណូលឱ្យបានច្រើនដែរឬទេ? តើអ្នកគិតថា នៅពេលអ្នកអាចរកប្រាក់ចំណូលបានច្រើនអ្នកនឹងសប្បាយចិត្តដែរឬទេ?

លុយពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះលុយក៏បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានានានៅក្នុងជីវិតរបស់មនុស្សដែរ ប៉ុន្តែវាមិនមែនមានន័យថា លុយ គឺមានតម្លៃគ្រប់ពេលនោះទេ។ អ្វីដែលសំខាន់ជាងលុយទៀតនោះ គឺការទទួលបានសន្តិភាព និងសុភមង្គមនៅក្នុងជីវិត។ ហេតុនេះហើយ ចូរកុំព្យាយាមធ្វើបាបខ្លួនឯងដោយសារចង់បានលុយច្រើន ដោយផ្ដោតតែធ្វើការដើម្បីលុយច្រើននិងព្យាយាមផ្ដោតលើការធ្វើការ 40 ម៉ោងក្នុងមួយសប្ដាហ៍ ឬលើសនេះ ដោយគ្មានពេលវេលាសម្រាកលំហែរកាយសម្រាប់ខ្លួនឯង និងចំណាយពេលវេលាល្អៗជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងមិនបានចំណាយពេលធ្វើអ្វីដែលខ្លួនឯងត្រូវធ្វើសម្រាប់ជីវិត។ល។

3. បង់ប្រាក់លើខ្លួនឯងមុនដំបូងគេ

ការបង់ប្រាក់លើខ្លួនឯងមុនដំបូងគេ (Pay yourself first) សំដៅលើយុទ្ធសាស្រ្តហិរញ្ញវត្ថុផ្ទាល់ខ្លួននៃការសន្សំសំចៃ និងការវិនិយោគដែលកើនឡើង និងធ្វើឱ្យបានជាប់លាប់ ឬអាចនិយាយឱ្យសាមញ្ញថា ការបង់​ប្រាក់​សន្សំ ​និង​បង្កើតគណនី​វិនិយោគ​ផ្ទាល់​ខ្លួន​ជា​មុន​សិន តាមរយៈការបង់ប្រាក់សម្រាប់អនាគតខ្លួនឯងដើម្បីសន្សំសម្រាប់តម្រូវការ និងការចំណាយរយៈពេលវែងរបស់អ្នក។ ឧទាហរណ៍ ការទិញធានារ៉ាប់រង ការបង្កើតមូលនិធិសង្គ្រោះបន្ទាន់ ការសងបំណុល និងបង់ប្រាក់នៅក្នុងគណនីថែទាំសុខភាពជាដើម។

4. ការវិនិយោគលើខ្លួនឯង

ការវិនិយោគលើខ្លួនឯង គឺជារឿងសំខាន់ណាស់ ហើយវាក៏ជាសកម្មភាពមួយធ្វើឱ្យមនុស្សកាន់តែរីកចម្រើនឥតឈប់ឈរ។ ហេតុនេះ ចូរប្រើប្រាស់ពេលវេលា ប្រាក់ដែលអ្នកមាន និងបញ្ចូលនូវការខិតខំប្រឹងប្រែងលើអ្វីមួយដែលអ្នកចង់សម្រេចនោះឱ្យបានច្រើន។ លុយ ក៏ជាផ្នែកមួយសំខាន់ក្នុងការជួយអ្នកឱ្យសម្រេចគោលដៅ និងមានភាពរីកចម្រើននៅក្នុងជីវិតផងដែរ តាមរយៈការប្រើប្រាស់លុយលើការទិញសៀវភៅ ទិញវគ្គសិក្សាខ្លីៗ ការទិញសំបុត្រចូលរួមសិក្ខាសាលា ការចំណាយលុយជួបជុំជាមួយនឹងរៀមម្បង ឬអ្នកមានចំណេះដឹងខ្ពស់ជាងអ្នក និងចំណាយលើអ្វីផ្សេងទៀតដែលជួយអ្នកឱ្យកាន់តែយល់ដឹង និងស្ទាត់ជំនាញលើផ្នែកណាមួយដែលអ្នកចង់រីកចម្រើននោះ។

ពាណិជ្ជកម្ម

ក្រសួង​អប់រំ បានដាក់បញ្ចូលមុខវិជ្ជាផ្នែក​ហិរញ្ញវត្ថុ ចាប់ពី​ថ្នាក់ទី1 ដល់ថ្នាក់ទី12

0
ក្រសួងអប់រំ បានដាក់បញ្ចូលមុខវិជ្ជាផ្នែកហិរញ្ញវត្ថុ ចាប់ពីថ្នាក់ទី1 ដល់ថ្នាក់ទី12

 កាលពីថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សាកល្បង​ដាក់បញ្ចូល​នូវមុខវិជ្ជា​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ក្នុង​កម្មវិធីសិក្សាចាប់ពីកម្រិតថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ សម្រាប់តែសាលាដែលមានក្នុងខេត្តចំនួន 3 ប៉ុណ្ណោះ គឺ​ខេត្តកំពង់​ចាម ខេត្តកំពត និង​ខេត្តសៀមរាប។ ចំពោះការបញ្ចូលនូវការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានេះ ក្រសួងអប់រំ បានសហការជាមួយធនាគារជាតិនៃកម្ពុជា និង​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើក​កម្ពស់​អក្ខរ​កម្ម​ហិរញ្ញវត្ថុ។ ហើយនេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

financial literacy

ចំពោះគោលបំណងនៃការដាក់បញ្ចូលនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ គឺដើម្បី

​​ជួយ​សិស្សានុសិស្សទាំងអស់​ឱ្យមានការអភិវឌ្ឍ​ជាមូលដ្ឋាន​នៃវិជ្ជា​សម្បទា ​បំណិន​សម្បទា និង​ចរិយា​សម្បទា អំពីការ​ខ្ចីប្រាក់ និង​ការ​ផ្តល់​ប្រាក់​កម្ចី ដើម្បី​ផ្លាស់ប្តូរ​អាកប្ប​កិរិយា​របស់​ពួក​គេក្នុង​ការគ្រ​ប់គ្រង​ប្រាក់ផ្ទាល់ខ្លួន។

  ជួយសិស្សានុសិស្សទាំងអស់ឱ្យចេះជ្រើសរើសយកការសម្រេចចិត្តដ៏ត្រឹមត្រូវលើការចាយវាយជាប្រចាំថ្ងៃ ការសន្សំ និងការគ្រប់គ្រងថវិកាផ្ទាល់ខ្លួនបានល្អ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត

គួរបញ្ជាក់ផងដែរថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយការសម្រេចចិត្តនៃការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដោយបង្រៀនសាកល្បងដល់សិស្សានុសិស្សនេះ ពិតជាយុទ្ធសាស្រ្តបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏ល្អ ដើម្បីធ្វើឱ្យពួកគេមានការយល់ដឹងអំពីហិរញ្ញវត្ថុតាំងពីក្មេងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការដាក់សាកល្បងដំបូងអាចមិនរលូនដូចនឹងផែនការគ្រោងទុក ប៉ុន្តែយើងជឿជាក់ថា ក្រសួងអប់រំនឹងមានវិធានការ ដើម្បីធ្វើឱ្យការអនុវត្តន៍នេះកាន់តែល្អប្រសើរនាពេលអនាគត។

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង គុណតម្លៃ និង តម្លៃ

0
ភាពខុសគ្នារវាង គុណតម្លៃ និង តម្លៃ

គុណតម្លៃ និងតម្លៃ ជាផ្នែកមួយដែលម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ឬលក្ខណៈគ្រួសារមិនទាន់មានការយល់ច្បាស់នៅឡើយ ឬក៏មានការបែងចែកមិនដាច់រវាងពាក្យទាំងពីរនេះ ហើយជួនកាលប្រើប្រាស់ខុសក្បួនជាដើម។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថា គុណតម្លៃ និងតម្លៃ ជារឿងដែលអ្នកត្រូវដឹង ដើម្បីអាចស្វែងរកប្រាក់ចំណេញដល់ក្រុមហ៊ុន។

គុណតម្លៃ

“គុណតម្លៃ” នៅក្នុងអាជីវកម្ម សំដៅលើការបង្កើតនូវអ្វីដែលធ្វើឱ្យអតិថិជនទទួលបាននូវភាពពេញចិត្តកាន់តែខ្លាំងដោយសមស្របតាមទស្សនៈនៃការយល់ឃើញរបស់អតិថិជន និងផ្ដល់នូវបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុន។ បន្ថែមពីនេះ គុណតម្លៃ ជាទូទៅគឺជាការពិពណ៌នាថាជាអត្ថប្រយោជន៍អ្វីដែល អតិថិជននឹងទទួលបានពីផលិតផលឬសេវាកម្មនៅក្នុងអាជីវកម្មនីមួយៗ។ បើនិយាយឱ្យសាមញ្ញ គុណតម្លៃ គឺជាអ្វីដែលធ្វើឱ្យអតិថិជនបានយល់ថាផលិតផល ឬសេវាកម្មទាំងនោះមានតម្លៃខ្លាំងសម្រាប់ពួកគេ។

តម្លៃ

“តម្លៃ” នៅក្នុងអាជីវកម្មមានពីរផ្នែក ដែលភាគច្រើនវាក៏បានធ្វើឱ្យម្ចាស់អាជីវកម្មថ្មីថ្មោង ឬបុគ្គលផ្សេងទៀតមានការភ័ន្តច្រលំ គឺ Cost និង Price។ ចំពោះតម្លៃ (Cost) សំដៅលើតម្លៃដែលក្រុមហ៊ុនបានចំណាយលើការបង្កើតផលិតផល ឬសេវាកម្មសម្រាប់ដាក់លក់។ រីឯតម្លៃ (Price) សំដៅលើ ចំនួនទឹកប្រាក់ដែលអតិថិជនត្រូវបង់ប្រាក់ដើម្បីទទួលបានផលិតផល ឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នក។

ពាណិជ្ជកម្ម

ហេតុអ្វីចាំបាច់បង្កើត “គុណតម្លៃ” សម្រាប់អតិថិជន?

0
ហេតុអ្វីចាំបាច់បង្កើត “គុណតម្លៃ” សម្រាប់អតិថិជន?

ការធ្វើអាជីវកម្ម គឺជាទីចាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយជាច្រើននាក់ ជាពិសេសបច្ចុប្បន្ននេះ ក៏កំពុងមានអាជីវកម្មជាច្រើនប្រភេទនៅលើទីផ្សារពិភពលោកផងដែរ។ ហេតុដូចនេះហើយ ទើបមានអាជីវកម្មមួយចំនួនកំពុងទទួលរងការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ប៉ុន្តែក៏មានអាជីវកម្មមួយចំនួនទៀតក៏កំពុងជោគជ័យនៅលើទីផ្សារ ដោយមិនមានគូប្រជែង ឬក៏មានតិចបំផុត។ ម្យ៉ាងវិញទៀត ចំពោះអាជីវកម្មដែលជោគជ័យ ក៏ដូចជាមិនសូវមានគូប្រជែងច្រើន ឬក៏គូប្រជែងមិនអាចយកឈ្នះបាន សុទ្ធតែបានបង្កើតគុណតម្លៃសម្រាប់ផ្ដល់ជូនអតិថិជន។

កត្តាទាំងនេះហើយ ទើបម្ចាស់អាជីវកម្មថ្មីថ្មោង និងម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ត្រូវតែចាំបាច់មានការយល់ដឹង និងបង្កើតគុណតម្លៃសម្រាប់ផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានតម្លៃសម្រាប់អតិថិជន។

គួរបញ្ជាក់ផងដែរថា ការបង្កើតគុណតម្លៃសម្រាប់អតិថិជន សំដៅលើការផ្តល់នូវផលិតផល និងសេវាកម្មដែលមានប្រយោជន៍ខ្លាំងសម្រាប់អតិថិជន ដោយសមស្របជាមួយតម្រូវការទីផ្សារ ពេលវេលា និងចំណូលរបស់អតិថិជន។ និយាយឱ្យសាមញ្ញ គឺជាការផ្ដល់នូវផលិតផលឬសេវាកម្មដែលមានគុណតម្លៃ ដូចជាអាចដោះស្រាយលើភាពចង់បានរបស់អតិថិជន និងមានតម្លៃ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ដែលអតិថិជនមានលទ្ធភាពចំណាយ ហើយក៏សក្តិសមក្នុងការចំណាយបំផុត។

បន្ថែមពីនេះ ចំណុចខាងក្រោម នឹងបង្ហាញពីសារៈសំខាន់មួយចំនួនទៀតនៃការបង្កើតគុណតម្លៃសម្រាប់អតិថិជន។

  • បង្កើនកេរ្តិ៍ឈ្មោះម៉ាកយីហោឱ្យកាន់តែល្អ
  • បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ
  • ធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពខុសប្លែកពីគូប្រកួតប្រជែង
  • ធ្វើឱ្យអាជីវកម្មមានភាពជោគជ័យក្នុងរយៈពេលវែង
  • បង្កើនភាពជឿជាក់ និងទំនុកចិត្តដល់អតិថិជនចំពោះការផ្តល់ជូនរបស់ក្រុមហ៊ុន
  • បង្កើនភាពពេញចិត្ត និងបទពិសោធន៍ល្អៗដល់អតិថិជន
  • បង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់ចំពោះក្រុមហ៊ុន ដែលពួកគេមកទិញម្ដងហើយតែងតែមកទិញម្ដងទៀតដោយមិនងាយផ្លាស់ប្ដូរចិត្តទៅរកផលិតផលឬសេវាកម្មរបស់អាជីវកម្មផ្សេងទៀត។ បន្ថែមពីនេះ ពួកគេនឹងជួយណែនាំបន្តទៅកាន់អ្នកដទៃឱ្យមកប្រើប្រាស់ផលិតផលឬសេវាកម្មក្នុងក្រុមហ៊ុនរបស់អ្នកដែរ។
ពាណិជ្ជកម្ម

ប្រភេទការងារ ដែលបង្កើនភាពច្នៃប្រឌិតដល់អ្នក

0
ប្រភេទការងារ ដែលបង្កើនភាពច្នៃប្រឌិតដល់អ្នក

ប្រភេទការងារ ដែលអាចបង្កើនភាពច្នៃប្រឌិតដល់មនុស្សគ្រប់គ្នា គឺមានច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញប្រភេទការងារមួយចំនួនដែលកំពុងមានភាពពេញនិយមទាំងនៅកម្ពុជា និងទីផ្សារការងារពិភពលោក។ ហើយប្រភេទការងារទាំងនោះ តែងតែទាមទារឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានខ្លាំង និងត្រូវតែមានភាពប្លែក ហើយថ្មីជានិច្ច ដោយមិនអាចធ្វើដដែលៗបានឡើយ។ ការងារទាំងនោះ រួមមាន៖

1. អ្នករចនាក្រាហ្វិក (Graphic designer)

អ្នករចនាក្រាហ្វិក គឺជាអ្នកបង្កើតរូបភាពសម្រាប់គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Instagram, YouTube និងផ្សេងៗទៀត) ការផ្សាយពាណិជ្ជកម្ម ខិត្តប័ណ្ណ ទស្សនាវដ្តី ឡូហ្គោ សៀវភៅ របាយការណ៍ និងជាច្រើនទៀត។

ចំពោះអ្នកធ្វើការផ្នែករចនាក្រាហ្វិក ភាគច្រើនមានតម្រូវការទីផ្សារខ្ពស់ ពីព្រោះមានឧស្សាហកម្មជាច្រើនកំពុងត្រូវការ ដូច្នេះហើយអ្នករចនាក្រាហ្វិក ទាមទារឱ្យមានការសិក្សាជានិច្ចដើម្បីស្វែងរកគំនិតថ្មី និងច្នៃប្រឌិតសម្រាប់ម្ចាស់អាជីវកម្មនានា ក្នុងការផ្សព្វផ្សាយ ក៏ដូចជាលើកកម្ពស់ម៉ាកយីហោរបស់ពួកគេតាមរយៈការរចនាបែបថ្មី និងស្របតាមតម្រូវការ។

2. អ្នកចម្លង (Copywriter)

អ្នកចម្លង គឺជាអ្នកបង្កើតមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ដោយសមស្របជាមួយនឹងអ្វីដែលក្រុមហ៊ុនត្រូវការ ហើយក៏ត្រូវជាមួយនឹងទំនោររបស់មនុស្សដែលជាអតិថិជន និងអាចបញ្ចុះបញ្ចូលអ្នកអានឱ្យធ្វើសកម្មភាពក្នុងការសម្រេចចិត្តទិញ ឬធ្វើតាមអ្វីដែលអ្នកសរសេរចង់បាន។

ចំពោះមុខតំណែងជាអ្នកចម្លងនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើព័ត៌មានលម្អិត យល់ច្បាស់ពីគោលបំណងដែលក្រុមហ៊ុនចង់បាន មានសមត្ថភាពធ្វើឱ្យមានតុល្យភាពនៃគម្រោងជាច្រើនរបស់ក្រុមហ៊ុន និងត្រូវមានការគិតប្រកបដោយភាពច្នៃប្រឌិតជានិច្ច។

3. ស្ថាបត្យករ (Architects)

ស្ថាបត្យករ គឺជាអ្នកធ្វើផែនការ និងរចនាផ្ទះ រោងចក្រ អគារការិយាល័យ និងសំណង់ជាច្រើនទៀត។ ហើយពួកគេភាគច្រើនធ្វើការលើគម្រោងសំណង់សាធារណៈ ឬឯកជន ព្រមទាំងរចនាសម្រាប់ទាំងខាងក្នុង និងខាងក្រៅ។

ចំពោះអ្នកធ្វើការផ្នែកនេះ ពិតជាមានតម្រូវជានិច្ចនៅក្នុងទីផ្សារប្រទេសនីមួយៗ ហើយក៏ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់ផងដែរ ពីព្រោះអតិថិជនតែងតែចង់បានការរចនាមួយដែលល្អស្របតាមតម្រូវការរបស់ពួកគេម្នាក់ៗ។ បន្ថែមពីនេះ ពួកគេតែងតែត្រូវជួបជាមួយអតិថិជនដើម្បីឈ្វេងយល់បន្ថែមពីតម្រូវការអតិថិជនសម្រាប់ការរចនា និងរៀបចំគំរូនៃការរចនានោះ ក៏ដូចជារៀបចំការចំណាយ និងពេលវេលាសាងសង់។

4. អ្នករចនាម៉ូដ (Fashion designers)

អ្នករចនាម៉ូដ គឺជាអ្នកបង្កើតការរចនានូវស្នាដៃដើមរបស់ខ្លួនឯងលើសម្លៀកបំពាក់ថ្មី ស្បែកជើង ការបូប និងគ្រឿងសម្ភារៈជាច្រើនទៀតដែលមានលក្ខណៈទាន់សម័យទៅតាមតម្រូវការរបស់មនុស្ស។

ជាទូទៅ អ្នកធ្វើការផែ្នកនេះ ពួកគេតែងតែគូសវាសនូវគំនិតលើការរចនារបស់ពួកគេ ព្រមទាំងជ្រើសរើសសាច់ក្រណាត់ និងលំនាំដែលប្រើក្នុងការផលិតរបស់របរ ក៏ដូចជាបច្ចេកទេសផលិតកម្មដែលប្រើដើម្បីធ្វើឱ្យការរចនានោះមានភាពរស់រវើក បន្ទាប់មកធ្វើការកែច្នៃទៅជាបណ្តុំដែលនឹងទាក់ទាញអ្នកប្រើប្រាស់ និងអ្នកលក់រាយ។

5. សិល្បករតុបតែងមុខ (Makeup artists)

អ្នកធ្វើការផ្នែកតុបតែងមុខ ភាគច្រើនអនុវត្តន៍លើការតុបតែងមុខដល់អតិថិជនសម្រាប់ព្រឹត្តការណ៍នានា ដូចជាអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងជាច្រើនទៀត។ ចំពោះអ្នកធ្វើការផ្នែកនេះ ទាមទារឱ្យមានសិល្បៈក្នុងការតុបតែងមុខឱ្យបានស្អាតស៊ីនឹងទម្រង់មុខរបស់អតិថិជន និងសមស្របទៅតាមភាពចង់បានរបស់អតិថិជន។

ពាណិជ្ជកម្ម

របៀបដែល Netflix បង្កើត Competitive Advantage បានជោគជ័យ

0
របៀបដែល Netflix បង្កើត Competitive Advantage បានជោគជ័យ

Competitive Advantage (គុណសម្បត្តិប្រកួតប្រជែង) សំដៅលើកត្តា ឬគុណលក្ខណៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់នូវការផលិតសេវាកម្ម ឬផលិតផលដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់ខ្លួន។ ជាពិសេស ជួយធ្វើឱ្យអាជីវកម្មដំណើរការបានយូរអង្វែង ហើយក៏ពិបាកឱ្យដៃគូប្រកួតប្រជែងផ្សេងទៀតចម្លងតាមបានក្នុងរយៈពេលខ្លី។

តើក្រុមហ៊ុន Netflix ធ្វើបែបណា ទើបអាចបង្កើត Competitive Advantage បានជោគជ័យ?

ចំពោះយុទ្ធសាស្រ្តបង្កើត Competitive Advantage សម្រាប់ក្រុមហ៊ុន គឺNetflix ផ្ដោតលើបទពិសោធន៍ប្រើប្រាស់ និងការរៀនសូត្រ ដើម្បីរក្សាសេដ្ឋកិច្ចមាត្រដ្ឋានថាមវន្ត (dynamic scale economy)​។

បន្ថែមពីនេះ នៅក្នុងយុទ្ធសាស្រ្តនោះ ក្រុមហ៊ុន Netflix បានអនុវត្តន៍តាមវិធីដូចខាងក្រោម៖

1. ធ្វើឱ្យអតិថិជនកាន់តែចំណេញ

ចំពោះអតិថិជនដែលបានបង់ប្រាក់ជាមួយនឹង Netflix កាន់តែច្រើន ពួកគេក៏កាន់តែទទួលបានផលចំណេញកាន់តែច្រើនដូចគ្នា។ នៅក្នុងចំណុចនេះ ក្រុមហ៊ុន Netflix បានចំណាយច្រើនលើការបង្កើតមាតិកា ដោយផ្អែកលើតម្លៃថែរ មានន័យថា រាល់ខ្លឹមសារដែលក្រុមហ៊ុន Netflix ទទួលបានអាជ្ញាប័ណ្ណ​ ឬផលិតដោយខ្លួនឯង បានធ្វើឱ្យក្រុមហ៊ុនទទួលរងនូវការខាតបង់ប្រាក់ក្នុងភាពថេរជានិច្ច ដោយមិនគិតពីចំនួនមនុស្សមើលវាឡើយ។

ការធ្វើបែបនេះ Netflix កាន់តែមានកំណើនអតិថិជន ជាហេតុធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលជាច្រើនជារៀងរាល់ឆ្នាំ តាមរយៈការធ្វើឱ្យអតិថិជនម្នាក់ៗទទួលបានមាតិកាថ្មីៗពីក្រុមហ៊ុន ដោយគ្រាន់តែចំណាយបន្ថែមតិចតួចបំផុត។

2. ការពង្រីកវិសាលភាពរបស់ខ្លួន

ក្រុមហ៊ុន Netflix ទម្រាំអាចបង្កើតលំហូរនៃប្រាក់ចំណូលដល់ក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព ព្រមទាំងអាចមានទំហំធំជាងដៃគូប្រកួតប្រជែងជាច្រើនរបស់ខ្លួន គឺ Netflix បានធ្វើវាឡើងអស់រយៈពេល 20 ឆ្នាំមកហើយ ដោយទើបតែជោគជ័យលើការបើកដំណើរការសេវាកម្មរកប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បន្ថែមពីនេះ Netflix​ នៅតែបន្តក្នុងការបង្កើនភាពងាយស្រួលនៃសេវាកម្មរបស់ខ្លួនដោយបង្កើនភាពពេញចិត្ត និងចំណង់ចំណូលចិត្តលើការប្រើប្រាស់របស់អតិថិជនជាមួយ Netflix តាមរយៈការធ្វើឱ្យអតិថិជនកាន់តែមានភាពរីករាយ ងាយស្រួល និងអាចឈានដល់ការបង់ប្រាក់ (subscribers)។

Netflix​ ក៏បានអ៊ិនកូដឡើងវិញ (re-encoded) នូវកាតាឡុករបស់ខ្លួនទាំងមូលឱ្យកាន់តែមានរូបភាពល្អបំផុតដែលអាចធ្វើទៅបានដោយប្រើកម្រិតបញ្ជូនតិចតួចតាមរយៈកម្មវិធីបង្កើនប្រសិទ្ធភាពថាមវន្ត (Dynamic Optimizer) ។ ក្រុមហ៊ុន Netflix ក៏បានបញ្ចេញមុខងារដែលមនុស្សគ្រប់គ្នាអាចទាញយក នៅក្នុងប្រទេសចំនួន 130 សម្រាប់ការប្រើប្រាស់។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Netflix បានធ្វើឱ្យការទស្សនាល្អបំផុតនៅលើទូរទស្សន៍ដែលបានភ្ជាប់ជាមួយ Netflix ប៉ុន្តែបន្ទាប់មកក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ខ្លួន ដូច្នេះហើយក្រុមហ៊ុនក៏ចាប់ផ្ដើមពង្រីកខ្លួនដោយអនុញ្ញាតឱ្យមនុស្សទស្សនាមាតិកានានារបស់ក្រុមហ៊ុន Netflix នៅក្នុងទូរស័ព្ទ។ ហើយតាមរយៈការពង្រីកវិសាលភាពរបស់ខ្លួន និងការធ្វើឱ្យល្អប្រសើរនេះ​ បានធ្វើឱ្យក្រុមហ៊ុន Netflix ទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់ក្នុងទីផ្សារនៅប្រទេសនានា។

3. សមត្ថភាពគ្រប់គ្រងហានិភ័យ និងចេះចាប់យកឱកាស

ក្រុមហ៊ុន Netflix តែងតែមានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យនានា និងចេះទាញយកឱកាសដែលកើតចេញពីភាពចម្រុះនៃបរិយាកាសពិភពលោក។ ជាក់ស្ដែង​នៅពេលដែល Netflix ជ្រៀតចូលទីផ្សារនៅប្រទេសឥណ្ឌាដែលជាប្រទេសសម្បូរការប្រកួតប្រជែងខ្លាំងនោះ Netflix បានរៀបចំយុទ្ធសាស្រ្តដើម្បីបង្ហាញទៅកាន់អតិថិជននៅទីនោះឱ្យមើលឃើញពីតម្លៃដ៏ល្អ​បំផុត ដែលជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ហើយនេះជាភាពឆ្លាតវៃក្នុងការបត់បែនរចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងលក្ខខ័ណ្ឌរបស់ប្រទេសឥណ្ឌា ដែលធ្វើឱ្យក្រុមហ៊ុននេះមានភាពរឹងមាំក្នុងការជ្រៀតចូលទីផ្សារអន្តរជាតិបានយ៉ាងល្អ។

4. វិនិយោគលើការបង្កើតបណ្ដាញខាងក្រៅឱ្យបានច្រើន

ក្រុមហ៊ុន Netflix បានវិនិយោគលើការបង្កើតបណ្ដាញទំនាក់ទំនងខាងក្រៅរបស់ខ្លួននៅទូទាំងទីផ្សារដែលមានសក្ដានុពលខ្ពស់សម្រាប់ការចូលប្រើប្រាស់ Netflix ឬអាចនិយាយបានថា ក្រុមហ៊ុននេះព្យាយាមបង្កើតបណ្ដាញជាមួយនឹងតំបន់ណាដែលសម្បូរអតិថិជនគោលដៅរបស់ខ្លួន។

ក្រុមហ៊ុន Netflix បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្រុមហ៊ុនទូរទស្សន៍បង់ប្រាក់សំខាន់ៗ ដូចជាក្រុមហ៊ុន Sky Italia, Canal +, KKDI នៅក្នុងប្រទេសជប៉ុន និង Izzie នៅម៉ិកស៊ិក កាលពីឆ្នាំ 2019។ ចំពោះការបង្កើតទំនាក់ទំនងនេះ Netflix មានគោលបំណងក្នុងការប្រើប្រាស់ទំនាក់ទំនងទាំងនេះដើម្បីចែកចាយមាតិកាដោយផ្ទាល់ទៅកាន់អ្នកស្រុកនៅតំបន់ទនោះ។ បន្ថែមពីនេះ នៅពេលដែល Vodafone បើកដំណើរការសេវាកម្មទូរទស្សន៍របស់ខ្លួននៅក្នុងប្រទេសអៀរឡង់ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Netflix ក៏បានចំណាយប្រាក់ដើម្បីឱ្យ Vodafone ជំរុញការផ្សព្វផ្សាយនៅលើ Amazon Prime, Now TV និង Apple TV។ គួរបញ្ជាក់ផងដែរថា Vodaphone ដំណើរការនៅក្នុងប្រទេសចំនួន 26 និងមានបណ្តាញដៃគូជាង 50។

5. វិនិយោគខ្លាំងលើបច្ចេកវិទ្យា

ក្រុមហ៊ុន Netflix​ បានវិនិយោគលើបច្ចេកវិទ្យារបស់ខ្លួនរយៈពេលជាងមួយទស្សវត្សរ៍ តាមរយៈការធ្វើឱ្យអតិថិជនកាន់តែងាយស្រួលស្វែងរកមាតិកាណាដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន មានន័យថា ប្រសិនបើអតិថិជនបានបង់ប្រាក់ជាមួយ Netflix ដូច្នេះនៅពេលអតិថិជនចូលចិត្តលើមាតិកាបែបណា នោះ Netflix នឹងមានប្រព័ន្ធណែនាំលើមាតិកាផ្សេងទៀតដែលស្រដៀង ឬជាប្រភេទដែលអតិថិជនចូលចិត្ត។ ហើយនេះ ជាអ្វីដែលធ្វើឱ្យអតិថិជនកាន់តែសប្បាយចិត្តជាមួយនឹង Netflix។

ពាណិជ្ជកម្ម