spot_img
spot_img
Homeធុរកិច្ចសញ្ញាបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន

សញ្ញាបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន

-

សេវាកម្មអតិថិជន ជាផ្នែកមួយដែលចូលរួមចំណែកដ៏សំខាន់ក្នុងការរក្សាអតិថិជនឱ្យនៅដក់ជាប់ជាមួយក្រុមហ៊ុនរបស់អ្នកបានយូរអង្វែង និងបង្កើនអតិថិជនថ្មីៗបានកាន់តែច្រើន តាមរយៈការបំពេញតម្រូវការដល់អតិថិជនបានល្អ បង្កើនភាពពេញចិត្តដល់អតិថិជន អាចពន្យល់ណែនាំពីផលិតផលសេវាកម្មបានច្បាស់ដល់អតិថិជន និងអាចដោះស្រាយរាល់ចម្ងល់ ឬបញ្ហាដល់អតិថិជន។ ជាពិសេសការផ្ដល់ជូននូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុន។

អ្នកអាចឈ្វេងយល់បន្ថែមអំពីសេវាកម្មអតិថិជន ដោយគ្រាន់តែចុចទីនេះ ៖ ការផ្ដល់សេវាកម្មអតិថិជន ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម តើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

ឆ្លងតាមការពន្យល់ណែនាំខាងលើ អ្នកច្បាស់ជាកាន់តែដឹងហើយថា សេវាកម្មអតិថិជនជារឿងសំខាន់ណាស់ ពីព្រោះបើផលិតផលសេវាកម្មរបស់អ្នកល្អ ហើយក្រុមហ៊ុនរបស់អ្នករៀបចំបានយ៉ាងមានផាសុកភាពក៏ដោយ ប៉ុន្តែបើផ្នែកសេវាកម្មអតិថិជនរបស់អ្នកនៅមានកម្រិត ឬខ្សោយ នោះវាជាបញ្ហា។ បន្ថែមពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មមានកិច្ចការជាច្រើនដែលត្រូវទទួលខុសត្រូវ ដូច្នេះច្បាស់ជាមិនអាចពិនិត្យមើលបានគ្រប់ជ្រុងជ្រោយឡើយ ហេតុនេះអ្នកច្បាស់ជាចង់ដឹងកាន់តែច្បាស់ទៀតថា តើមានអ្វីជាសញ្ញាសម្គាល់ដើម្បីឱ្យដឹងថានៅក្នុងក្រុមហ៊ុនរបស់អ្នកនៅខ្សោយផ្នែកសេវាកម្មអតិថិជន ហើយត្រូវការពង្រឹងបន្ថែមឬទេ? ចម្លើយនោះគឺមាន ហើយខ្លឹមសារខាងក្រោមនេះនឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួនដែលម្ចាស់អាជីវកម្មគ្រប់រូបអាចអនុវត្តន៍ដើម្បីពង្រឹងបន្ថែមលើចំណុចខ្សោយផ្នែកសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុន។

សញ្ញាសម្គាល់ដែលបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន រួមមាន៖
1. អតិថិជនបាត់ជាបន្តបន្ទាប់

អតិថិជនចាស់ៗចេះតែបាត់មុខជាបន្តបន្ទាប់ ដោយឈប់ត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកម្ដងទៀត ទោះបីជាក្រុមហ៊ុនរបស់អ្នកសម្បូរអតិថិជនថ្មីៗចូលមកកាន់ក្រុមហ៊ុនក៏ដោយ។ ហេតុអ្វីទើបដឹងថាបាត់អតិថិជន? គឺតាមរយៈការស៊ើបសួរពីក្រុមអ្នកលក់ និងមើលទិដ្ឋន័យនៃការលក់ នោះអ្នកនឹងដឹងថា កម្រិតនៃអតិថិជនដែលធ្លាប់ទិញពីមុនបានត្រឡប់មកទិញម្ដងទៀតឬទេ ឬក៏មានតែអតិថិជនថ្មីៗមកជាបន្តបន្ទាប់ ហើយអតិថិជនដែលមានស្រាប់កន្លងមក ក៏បាត់អស់។ ហើយសញ្ញានេះហើយជារឿងដែលម្ចាស់អាជីវកម្មគួរគិតពិចារណារកដំណោះស្រាយ ដោយអាចស្វែងរកមូលហេតុដែលធ្វើឱ្យអតិថិជនចាស់ៗឈប់ត្រឡប់មកវិញ និងរៀបយុទ្ធនាការថ្មីដើម្បីពង្រឹងក្រុមអ្នកលក់ឱ្យខ្លាំងលើផ្នែកសេវាកម្មអតិថិជន ជាពិសេសកែលម្អលើផ្នែកដែលជាចំណុចខ្វះខាតខ្លាំងបំផុតក្នុងការផ្ដល់សេវាកម្មអតិថិជន។

ដំណោះស្រាយអ្នកអាចចុចទីនេះ៖ តើត្រូវធ្វើដូចម្ដេច ទើបអាចទាញយកអតិថិជនចាស់ៗមកវិញ?

2. ក្រុមបុគ្គលិករបស់អ្នកធ្លាក់ផលិតភាពការងារ

ក្រុមបុគ្គលិកដែលពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន ដូចជាផ្នែកលក់ ផ្នែកសន្តិសុខ និងផ្នែកអនាម័យ មិនមានការបំពេញការងារបានល្អ ព្រមទាំងទទួលបានលទ្ធផលមិនសមប្រកបជាមួយនឹងគោលដៅដែលក្រុមហ៊ុនបានកំណត់ ជាពិសេសបង្ហាញនូវសកម្មភាពដែលគ្មានថាមពលក្នុងការបំពេញការងារ។ល។ តើអ្នកដឹងបានដោយរបៀបណា? គឺតាមរយៈការសង្កេត ពិនិត្យមើល ឬក៏ប្រជុំជាមួយបុគ្គលិកជារៀងរាល់ខែដើម្បីបង្ហាញនូវលទ្ធផលការងារ និងបង្ហាញផលវិបាកដែលបានជួប ហើយអ្នកអាចវិភាគបញ្ហា និងផលិតភាពការងាររបស់ក្រុមការងារដោយផ្ដោតលើការផ្ដល់សេវាកម្មអតិថិជន។ ម្យ៉ាងវិញទៀត ក្រុមបុគ្គលិករបស់អ្នកនៅខ្សោយក្នុងការផ្ដល់សេវាកម្មអតិថិជន ដូចជាមិនចេះរបៀបឆ្លើយតបជាមួយអតិថិជន មិនចេះយល់ពីតម្រូវការរបស់អតិថិជន មិនចេះស្វាគមន៍អតិថិជន មិនចេះដោះស្រាយបញ្ហានានាជាមួយអតិថិជន និងសកម្មភាពគ្រប់យ៉ាងដែលបង្ហាញថាបុគ្គលិកមិនចេះពីរបៀបផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ​ ទាំងក្នុងអនឡាញ និងក្នុងក្រុមហ៊ុនផ្ទាល់។ ដូច្នេះអ្នកត្រូវតែរិះរកវិធីដើម្បីពង្រឹងសមត្ថភាពដល់បុគ្គលិករបស់អ្នកឱ្យកាន់តែខ្លាំងលើផ្នែកសេវាកម្មអតិថិជន ជាពិសេសផ្ដល់នូវកម្លាំងចិត្តបន្ថែមដល់ពួកគេ និងបង្កើតឱ្យមានការបង្វឹកដល់បុគ្គលិក ព្រមទាំងមានការចាត់តាំងនរណាម្នាក់ដែលអាចទុកចិត្តបានក្នុងការជួយតាមដាននៃការវិវឌ្ឍន៍ផលិតភាពការងាររបស់បុគ្គលិកគ្រប់រូបភាពទាំងអស់ពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន។

3. អតិថិជនរិះគន់ច្រើនជាងការលើកសរសើរ

​អ្នកអាចចាត់វិធានការក្នុងការស្ទង់មតិទាំងអនឡាញ​ និងការសួរភ្ញៀវនៅក្នុងហាងផ្ទាល់ ដើម្បីដឹងពីចំណាប់អារម្មណ៍ផ្ទាល់ពីពួកគាត់ ទាំងចំណុចល្អ និងចំណុចដែលធ្វើឱ្យពួកគាត់មិនមានការពេញចិត្តតាមរយៈក្រុមការងារដែលបានផ្ដល់សេវាកម្មអតិថិជនជូនគាត់។ នៅក្នុងចំណុចនេះ អ្នកអាចបង្កើតជាកម្រងសំណួរខ្លីៗស្របតាមគោលបំណងដែលអ្នកចង់ដឹងលើផ្នែកសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុនរបស់អ្នក ដើម្បីធ្វើការស្ទង់មតិអនឡាញ និងឱ្យបុគ្គលិកទាំងអស់ត្រៀមសំណួរដើម្បីឆ្លៀតសួរនាំជាមួយអតិថិជន។ បន្ទាប់មក អាចប្រជុំសរុបរួម ដើម្បីធ្វើឱ្យប្រាកដថា តើមតិយោបល់ភាគច្រើនរបស់អតិថិជន ជារឿងល្អច្រើនជាង ឬមិនល្អច្រើនជាង បន្ទាប់ធ្វើការរៀបយុទ្ធសាស្រ្តដើម្បីកែលម្អចំណុចខ្វះខាត និងពង្រឹងឱ្យកាន់តែខ្លាំងលើចំណុចដែលធ្វើបានល្អស្រាប់ក្នុងការផ្ដល់សេវាកម្មអតិថិជន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ