spot_img
spot_img
Home Blog Page 28

របៀបដែល H&M ទទួលបានជោគជ័យនៅលើទីផ្សារពិភពលោក

0
របៀបដែល H&M ទទួលបានជោគជ័យនៅលើទីផ្សារពិភពលោក

H&M គឺជាក្រុមហ៊ុនឈានមុខគេក្នុងផ្នែកម៉ូដទាន់សម័យលឿនបំផុត (Fast Fashion) ដោយអាចផលិតសម្លៀកបំពាក់ទាន់សម័យបានយ៉ាងឆាប់រហ័ស មានគុណភាព និងមានតម្លៃថោកសមរម្យ ព្រមទាំងជាដៃគូរប្រកួតប្រជែងជាមួយ Zara និង Forever 21។

H&M ត្រូវបានបង្កើតឡើងលើកដំបូងក្នុងឆ្នាំ 1947 ដោយលោក Erling Persson នៅ Västerås នៃប្រទេសស៊ុយអែត ដោយផ្ដោតខ្លាំងលើសម្លៀកបំពាក់សម្រាប់ស្ដ្រីទាំងស្រុង ព្រមទាំងមានឈ្មោះដើមថា “Hennes”។ នាពេលបច្ចុប្បន្ននេះ H&M ទទួលបានភាពជោគជ័យខ្លាំងនៅលើទីផ្សារពិភពលោក។ តើអ្វីដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានភាពជោគជ័យ? ខ្លឹមសារខាងក្រោមនេះនឹងបង្ហាញនូវកត្តាមួយចំនួនដែលធ្វើឱ្យ H&M ទទួលបានភាពជោគជ័យនៅលើទីផ្សារពិភពលោក។

1. កន្លែងដែលមានតម្លៃថោកសមរម្យបំផុត

គំនិតអាជីវកម្មរបស់ H&M គឺច្បាស់លាស់ សាមញ្ញ និងភាពមិនគួរឱ្យជឿ ដោយជាកន្លែងមួយដែលមានម៉ូដទាន់សម័យ និងគុណភាពក្នុងតម្លៃល្អបំផុត។ H&M ផលិតសម្លៀកបំពាក់សម្រាប់បុរស ស្រី្ត និងកុមារ ដែលត្រូវបានបង្កើតឡើងចុងក្រោយនៃម៉ូដទាន់សម័យក្នុងទីផ្សារ និងមានស្ទាយស្អាតៗ។

គួរបញ្ជាក់ផងដែរថា H&M មានលក់គ្រប់ម៉ូដដែលជាតម្រូវការក្នុងទីផ្សារ ដូចជាសម្លៀកបំពាក់បុរាណ ខោអាវហែលទឹក សម្លៀកបំពាក់កីឡា សម្លៀកបំពាក់ឆើតឆាយសម្រាប់រាត្រីពិធីជប់លៀង រួមជាមួយនឹងម៉ូដដែលត្រូវគ្នា ឬជាឈុតរបស់វាផងដែរ ដូចជាស្បែកជើង និងជាច្រើនទៀតដោយមានតម្លៃសមរម្យទាំងអស់។

បន្ថែមពីនេះ H&M តែងតែប្រកាន់ភ្ជាប់នូវភាពជាប់លាប់ និងរក្សាអ្វីដែលក្រុមហ៊ុនផ្ដល់ជូន ដូចជាម៉ូដទាន់សម័យ និងគុណភាពក្នុងតម្លៃល្អដល់អតិថិជន។ កត្តាទាំងនេះហើយ ដែលអតិថិជនមិនដែលខកបំណងជាមួយ H&M និងនៅតែបន្តគាំទ្រ រហូតជ្រៀតចូលជុំវិញទីផ្សារពិភពលោក។

2. យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មរឹងមាំ

យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ H&M គឺការផ្សព្វផ្សាយពោរពេញដោយការយល់ដឹង និងចំគោលដៅ ដោយ H&M បានវាយលុកធ្វើទីផ្សារនៅទីស្នាក់ការកណ្ដាលនៃរដ្ឋធានី Stockholm ដែលជាទីក្រុងធំបំផុតរបស់ប្រទេសស៊ុយអែត។

H&M តែងតែបង្ហាញនូវម៉ូដែលម៉ូដនានា ដោយមានស្ទាយផ្សេងៗគ្នា ប្រកាន់នូវវប្បធម៌នៃតំបន់នោះ និងតែងតែផ្សព្វផ្សាយយ៉ាងទៀងទាត់។ លើសពីនេះ ក៏មានការធ្វើវីដេអូបង្ហាញគំរូនៃការស្លៀកពាក់ទៅតាមម៉ូដ ដែលជាហេតុធ្វើឱ្យមានការចូលចិត្តខ្លាំងពីសំណាក់អតិថិជន ដោយពួកគេចាប់ផ្ដើមយកគំរូរតាមការបង្ហាញលើការស្លៀកពាក់តាមស្ទាយនានារបស់ H&M។

3. ផ្ដោតលើការធ្វើឱ្យ H&M មានឥទ្ធិពលខ្លាំងលើទីផ្សារ

H&M បានផ្ដោតខ្លាំងលើការផ្សព្វផ្សាយពាក់ព័ន្ធនឹងសកម្មភាពប្រចាំថ្ងៃរបស់អតិថិជន ដោយចូលរួមជាមួយនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយធំៗ ដើម្បីសរសេរអំពីការប្រមូលផ្ដុំ Conscious នៅលើប្លុកម៉ូដ និងរបៀបរស់នៅ។ ហើយនេះ ក៏ជាយុទ្ធសាស្រ្តនិយាយពីមាត់មួយទៅមាត់មួយរបស់ H&M។

ពាណិជ្ជកម្ម

តើការបង្កើតមាតិកា នឹងមានអនាគតបែបណានាពេលខាងមុខ?

0
តើការបង្កើតមាតិកា នឹងមានអនាគតបែបណានាពេលខាងមុខ?

នៅក្នុងយុគសម័យនេះ នៅទូទាំងពិភពលោកកំពុងមានមនុស្សចាប់អារម្មណ៍ខ្លាំងលើការបង្កើតមាតិកា ហើយក៏មានមនុស្សជាច្រើនកំពុងធ្វើវា ព្រមទាំងទទួលបានចំណូល និងជោគជ័យច្រើននាក់ផងដែរ។ បន្ថែមពីនេះ បើយោងតាមពាក្យសម្ដីរបស់លោក Nuseir Yassin ដែលជាអគ្គនាយកនៃក្រុមហ៊ុន Nas Daily ហើយគាត់ត្រូវបានគេស្គាល់ជាលើកដំបូងសម្រាប់ការបង្ហោះវីដេអូរយៈពេលមួយនាទីជារៀងរាល់ថ្ងៃរយៈពេល 1,000 ថ្ងៃ ដោយគាត់បាននិយាយថាអ្នកបង្កើតមាតិកា នឹងក្លាយជាសហគ្រិន និងជាគ្រូបង្វឹកដ៏ល្អនៅលើបណ្ដាញសង្គមនាពេលអនាគត។

តើអ្នកដឹងទេថា ការបង្កើតមាតិកា នឹងបន្តមានទីផ្សារការងារខ្ពស់នាពេលអនាគត? ហើយវាក៏នឹងក្លាយជាឱកាសល្អក្នុងការបង្កើតចំណូលខ្ពស់សម្រាប់អ្នកដែលជាអ្នកបង្កើតមាតិកា។ ហេតុអ្វី?

content creator

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផល និងបង្ហាញនូវអនាគតមួយចំនួននៃការបង្កើតមាតិកានៅលើទីផ្សារពិភពលោក។

1. ការកើនឡើងនូវតម្រូវការខ្ពស់

នាពេលថ្មីៗនេះ និងនាពេលអនាគត ចំនួនអ្នកបង្កើតមាតិកានៅក្នុងទីផ្សារមិនថានៅកម្ពុជា និងទូទាំងពិភពលោកនោះទេ នឹងកំពុងមានកំណើនច្រើនលើសលប់ដែលមិនធ្លាប់មានពីមុនមក ហើយវានឹងបង្ករឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ ដោយសារតែមានមាតិកាកាន់តែច្រើនត្រូវបានផលិតជារៀងរាល់ថ្ងៃនៅលើប្រព័ន្ធអនឡាញ ដូច្នេះអ្នកប្រើប្រាស់នឹងក្លាយជាអ្នកជ្រើសរើស ហើយគ្រាន់តែចង់បានព័ត៌មានដែលមានគុណភាពខ្ពស់ដើម្បីមើល ស្តាប់ ឬអាន។

កត្តានេះហើយ បើអ្នកជាអ្នកបង្កើតមាតិកា ហើយអ្នកចង់ឈរនៅលើទីផ្សារឱ្យបានយូរអង្វែង និងអាចចាប់ឱកាសបង្កើតប្រាក់ចំណូលខ្ពស់ អ្នកត្រូវតែបង្កើតមាតិកាដែលមានភាពលេចធ្លោខុសពីការបង្កើតមាតិកាផ្សេងៗ តាមរយៈការបង្កើតខ្លឹមសារដែលជំរុញគុណតម្លៃប្រកបដោយភាពច្នៃប្រឌិតលើអ្វីមួយ ដើម្បីធ្វើឱ្យវាមានភាពទាក់ទាញដល់អ្នកប្រើប្រាស់ និងជំរុញការលក់លើផលិតផលឬសេវាកម្មនោះ។

2. អាជីវកម្មត្រូវការមាតិកាសម្រាប់ការរីកចម្រើន

អ្នកធ្វើអាជីវកម្មភាគច្រើនតែងតែនិយាយថា អតិថិជនគឺជាស្ដេច ហើយការធ្វើទីផ្សារលើប្រព័ន្ធអ៊ីនធឺណិត គឺមាតិកា គឺជាស្ដេច ដូច្នេះមាតិកាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញអាជីវកម្មលើគ្រប់វិស័យឱ្យមានភាពរីកចម្រើន។

ហេតុអ្វីមាតិកាសំខាន់ក្នុងការជួយអាជីវកម្មឱ្យរីកចម្រើន? ដោយសារនាពេលបច្ចុប្បន្នមនុស្សចាប់ផ្ដើមពេញនិយមក្នុងការសិក្សាស្រាវជ្រាវតាមអ៊ីនអឺណិត មុនពេលពួកគេសម្រេចចិត្តទិញ ឬធ្វើអ្វីមួយ ដោយពួកគេពឹងផ្អែកខ្លាំងលើព័ត៌មានដែលពួកគេទទួលបានពីអ៊ីនធឺណិត។ ហេតុដូចនេះ ទើបអាជីវកម្មភាគច្រើនត្រូវការការបង្កើតមាតិកា ដើម្បីជួយអាជីវកម្មរបស់ពួកគេឱ្យទទួលបានអតិថិជនកាន់តែច្រើន និងជំរុញឱ្យមានប្រាក់ចំណេញខ្ពស់ដល់ក្រុមហ៊ុន។

ទម្រង់មាតិកាដែលអាជីវកម្មភាគច្រើនត្រូវការ រួមមានការផលិតវីដេអូ ការសរសេរសារចិត្តសាស្រ្តខ្លីៗ និងការបង្កើតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។

3. ការបង្កើតមាតិកាទាមទារឱ្យមនុស្សជាអ្នកធ្វើ

ហេតុនេះ ចំពោះអ្នកដែលកំពុងប្រឡូកលើការបង្កើតមាតិកា ចូរកុំបារម្ភថាអនាគតគ្មានទីផ្សារការងារ គឺក្រុមហ៊ុននានាមិនថាខ្នាតធំ តូច និងមធ្យមនោះទេ សុទ្ធតែត្រូវការអ្នកបង្កើតមាតិកាសម្រាប់ក្រុមហ៊ុនរបស់ពួកគេ ហើយការបង្កើតមាតិកានេះ មានតែមនុស្សប៉ុណ្ណោះដែលអាចធ្វើវាបាន មិនមែនអាចឱ្យមនុស្សយន្តមកធ្វើជំនួសបានឡើយ ពីព្រោះការបង្កើតមាតិកាត្រូវតែបត់បែន និងច្នៃប្រឌិតជានិច្ច។

ពាណិជ្ជកម្ម

មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

0
មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

ប្រទេសមួយរីកចម្រើនឆាប់រហ័ស លុះត្រាតែប្រទេសនោះសម្បូរដោយធនធានមនុស្សខ្លាំង និងសហគ្រិនពូកែៗច្រើន។ ធនធានមនុស្សខ្លាំង និងសហគ្រិនពូកែ ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែរីកចម្រើន និងមានការវិវត្តន៍ខ្លាំង ជាពិសេសសហគ្រិនដែលពួកគេនឹងជួយផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក និងផ្ដល់ប្រាក់ចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធជាដើម។

នៅកម្ពុជាក៏សម្បូរដោយសហគ្រិនពូកែច្រើនដែរ ដោយជួយធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដំណើរការបានកាន់តែល្អ។ បន្ថែមពីនេះ អ្វីដែលគួរឱ្យរំភើបទៀតនោះ ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដែលបង្កើតឡើងដោយកូនខ្មែរ គឺលោកឧកញ៉ាសួរ វីរៈ ក៏បានពង្រីកទីផ្សារចូលមកកាន់ទឹកដីប្រទេសថៃ ដោយមានទីតាំងនៅចំកណ្ដាលទីក្រុងបាងកក។ នេះបើយោងតាមការប្រកាសផ្សព្វផ្សាយចេញពីទំព័រផ្លូវការរបស់លោកឧកញ៉ាសួរ វីរៈ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 ។

នៅក្នុងការផ្សព្វផ្សាយនោះ លោកឧកញ៉ា សួរ វីរៈ ក៏បានសរសេរសារបង្ហោះមួយចំនួនដែរថា “មោទនភាពជាតិខ្មែរ ហើយយើងនៅតែបន្តលើកទង់ជាតិ និងភាសាខ្មែរលើទឹកដីបរទេស ដោយយើងសង្កេតឃើញថា គ្រប់មុខជំនួញតែងតែចង់បានចំណូលសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនវីរ:ប៊ុនថាំមិនត្រឹមតែរកចំណូលដល់ក្រុមហ៊ុននោះទេ តែក៏បាននាំមកនូវមុខមាត់ជូនដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទៀតផង ដោយកន្លែងមកយើងទទួលការមើលងាយពីបរទេស និងប្រទេសជិតខាងយូរណាស់មកហើយ តែខ្ញុំនៅតែជឿជាក់ថា ប្រជាជនកម្ពុជាពិតជាមានចំណេះដឹង និងភាពវៃឆ្លាតមិនចាញ់បរទេសនោះឡើយ ទោះបីជាប្រទេសបានឆ្លងកាត់សង្គ្រាមដ៏ជូរចត់យ៉ាងណាក៏ដោយ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ដែលកំពុងមានការនិយមខ្លាំងនៅប្រទេសកម្ពុជា។ នៅឆ្នាំ2022 នេះ ក្រុមហ៊ុនវីរៈប៊ុនថាំបានពង្រីកសាខាទូទាំងប្រទេសបានច្រើនជាង 700 សាខាក្នុងប្រទេសកម្ពុជា និងរួមមានសាខានៅប្រទេសថៃ វៀតណាមផងដែរ។

ពាណិជ្ជកម្ម

តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

0
តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

ការដែលអាចចាប់ផ្ដើមអាជីវកម្មឱ្យដំណើរការបាន ទាមទារឱ្យមានផ្នែកជាច្រើនចូលរួមជួយជ្រោមជ្រែង ដូចជាធនធានមនុស្ស ដើមទុនជាសាច់ប្រាក់ របៀបដឹកនាំគ្រប់គ្រងចាត់ចែង និងជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់មុនគេក្នុងការចាប់ផ្ដើមអាជីវកម្ម គឺត្រូវមានគំនិតអាជីវកម្មជាមុនសិន។ ការមានគំនិតអាជីវកម្ម ទើបមានការចាប់ផ្ដើមធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវទីផ្សាគោលដៅ។

បន្ទាប់ពីមានគំនិតអាជីវកម្មហើយ គឺឈានដល់ការយកគំនិតអាជីវកម្មនោះប្រឡូកចូលក្នុងទីផ្សារ។ តើត្រូវប្រឡូកចូលក្នុងទីផ្សារបែបណា?

ឆ្លងតាមការធ្វើបទសម្ភាសន៍ជាមួយលោក ពេជ្រ វិសាល សហស្ថាបនិកនៃក្រុមហ៊ុន The Boxes គឺលោកបានឆ្លើយតបមកកាន់ក្រុមការងាររបស់គេហទំព័រគំនិតថា “ការមានគំនិតអាជីវកម្ម គឺនរណាៗក៏អាចមានដែរ ប៉ុន្តែមិនប្រាកដថាអ្នកមានគំនិតអាជីវកម្មនោះ អាចយកគំនិតអាជីវកម្មដែលខ្លួនមានមកប្រឡូកចូលក្នុងទីផ្សារជាក់ស្ដែងបានជោគជ័យឡើយ ហេតុនេះហើយបើតាមបទពិសោធន៍របស់ខ្ញុំ គឺយើងត្រូវតែមានអ្នកជួយបង្ហាញផ្លូវ(Mentor) និងត្រូវសិក្សាពីតម្រូវការទីផ្សារលើវិស័យដែលយើងកំពុងចង់ចាប់ផ្ដើមនោះឱ្យបានច្បាស់”។

គួរបញ្ជាក់ផងដែរ មុននឹងលោក ពេជ្រ វិសាល ចាប់ផ្ដើមបង្កើត The Boxes ដែលជាគេហទំព័រផ្ដល់សេវាកម្មរចនាប្រអប់វេទខ្ចប់បែបបរិស្ថាននេះឡើង គឺដំបូងឡើយលោកជានិស្សិតដែលទើបបញ្ចប់ការសិក្សារជំនាញកសិកម្មពីប្រទេសវៀតណា​ម ព្រមទាំងបានសម្លឹងឃើញឱកាសលើវិស័យ ecommerce ដែលអាចឱ្យមនុស្សធ្វើការបញ្ជាអីវ៉ាន់តាមវេបសាយចូលមកកាន់ប្រទេសកម្ពុជា។ បន្ទាប់លោកក៏ចាប់ផ្ដើមសិក្សាបន្ថែមពីតម្រូវការទីផ្សារលើការរចនាប្រអប់ និងស្វែងរកអ្នកជួយបង្ហាញផ្លូវ (Mentor) ក្នុងការចាប់ផ្ដើមអាជីវកម្មនេះ។ លោកវិសាល ក៏បានបង្ហើបដែរថា នៅឆ្នាំក្រោយ The Boxes នឹងពង្រីកខ្លួនចូលទីផ្សារនៅប្រទេសវៀតណាម។

ពាណិជ្ជកម្ម

តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

0
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម?

នៅពេលគិតអំពីការចាប់ផ្ដើមអាជីវកម្ម មនុស្សជាច្រើនច្បាស់ណាស់ ពួកគេនឹងគិតថា ការដែលអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺត្រូវការលុយរាប់សែនដុល្លារ។ ជាក់ស្ដែងបើយោងតាមសៀវភៅ The $100 Startup របស់លោក Chris Guillebeau បានសរសេរបង្ហាញថា ការចាប់ផ្ដើមអាជីវកម្ម គឺវាត្រូវការលុយត្រឹមតែ 100$ ប៉ុណ្ណោះ។ បន្ថែមពីនេះ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររបស់ “គំនិត” គឺបានឱ្យដឹងថា ការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន គឺអាចចាប់ផ្ដើមដោយគ្មានលុយក៏បាន គ្រាន់តែទាមទារដើមទុនជាចំណេះដឹងក្នុងការវិនិយោគលើអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ ហើយក៏អាចចាប់ផ្ដើមអាជីវកម្មក្នុងទំហំសាច់ប្រាក់ណាមួយឱ្យសមស្របតាមប្រភេទអាជីវកម្ម និងទំហំអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។

ហេតុដូច្នេះ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្ម ហើយមិនដឹងថាត្រូវការលុយប៉ុន្មានក្នុងការចាប់ផ្ដើមបាន គឺជំហានដំបូងអ្នកត្រូវដឹងថា អ្នកចង់ចាប់ផ្ដើមអាជីវកម្មអ្វី? ទំហំអាជីវកម្មកម្រិតណា? ហើយត្រូវការអ្វីខ្លះដើម្បីអាចចាប់ផ្ដើមបាន? ជាពិសេសការសរសេរផែនការអាជីវកម្ម ដើម្បីដឹងឱ្យបានច្បាស់ថា អ្នកនឹងធ្វើអ្វី និងត្រូវការចំណាយលើអ្វីខ្លះ? បន្ទាប់មកអ្នកនឹងដឹងយ៉ាងច្បាស់ថា អ្នកត្រូវការដើមទុនអ្វីខ្លះ ឬលុយប៉ុន្មានក្នុងការចាប់ផ្ដើម មិនមែនចាំមានលុយរាប់សែនដុល្លារឬលើសនេះ ទើបអាចចាប់ផ្ដើមអាជីវកម្មមួយបានទេ គឺអាចចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបាន ចាប់ពីការគ្មានលុយក៏បាន សំខាន់គឺលើអ្នក ថាតើអ្នកជឿជាក់ក្នុងការធ្វើអាជីវកម្មនោះកម្រិតណា? ហើយចាប់ផ្ដើមវាដោយរបៀបណា? តើនរណានឹងជួយអ្នក?។ល។

ការចាប់ផ្ដើមអាជីវកម្មដ៏ល្អដំបូងគេ ចូរកុំទាន់ផ្ដោតគិតថា តើត្រូវមានលុយប៉ុន្មានដើម្បីចាប់ផ្ដើមអាជីវកម្ម? ប៉ុន្តែត្រូវផ្ដោតគិតដំបូងគេ លើចំណុចដូចខាងក្រោម៖

  1. តើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើផលិតផលឬសេវាកម្មអ្វី?
  2. ហេតុអ្វីអ្នកចង់ចាប់ផ្ដើមគំនិតអាជីវកម្មនោះ?
  3. ចាប់ផ្ដើមសិក្សាទីផ្សារ និងសរសេរផែនការអាជីវកម្មឱ្យបានជាក់លាក់
  4. វិនិយោគលើការកសាងម៉ាកយីហោផ្ទាល់ខ្លួន
  5. ពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការធ្វើអាជីវកម្មនោះ
  6. ចាប់ផ្ដើមពីអ្វីដែលអ្នកមាន និងអ្វីដែលអ្នកអាចធ្វើទៅបានសិន
  7. គិតផ្ដោតលើគោលដៅរយៈពេលវែង ដើម្បីព្យាយាមពីចំណុចសូន្យ ហើយត្រៀមទុនក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំស្របតាមទំហំដែលអ្នកចង់បាន។​
ពាណិជ្ជកម្ម

វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

0
វិធីបង្កើនការលក់ តាមរយៈការប្រើយុទ្ធសាស្រ្ត Upsell & Cross-Sell

Upsell &Cross-Sell ជាយុទ្ធសាស្រ្តលក់មួយដែលងាយស្រួលក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងក្រុមហ៊ុន ពីព្រោះអតិថិជនដែលមានស្រាប់ ភាគច្រើនពួកគេរំពឹងចង់ទិញនូវផលិតផលថ្មី។ ហេតុដូចនេះ ប្រសិនបើចង់បង្កើនចំណូលលុះត្រាតែបង្កើនការលក់ ហើយដើម្បីអាចបង្កើនការលក់បានច្រើន ត្រូវប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell។

តើអ្វីជា Upsell &Cross-Sell?

Upsell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលមានតម្លៃថ្លៃជាង និងគុណភាពខ្ពស់ជាងលើ​ផលិតផលដែលអតិថិជនកំពុងទិញ ឬអតិថិជនមានស្រាប់។

Cross-Sell គឺជាយុទ្ធសាស្រ្តមួយដើម្បីលក់ផលិតផលដែលជាប់ទាក់ទងនឹងផលិតផលដែលអតិថិជនកំពុងតែទិញ ឬអតិថិជនមានស្រាប់។

Upsell & Cross-Sell

របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ដើម្បីបង្កើនការលក់

Upsell &Cross-Sell គឺជាផ្នែកមួយដ៏សំខាន់ដែលវាចូលរួមចំណែកក្នុងការបង្កើនគុណតម្លៃនៃការលក់របស់អ្នក ហើយវាក៏ជាយុទ្ធសាស្រ្តមួយដ៏ល្អដែលជួយបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន តាមរយៈការប្រើវាឱ្យមានប្រសិទ្ធិភាព។ ដូច្នេះខាងក្រោមនេះ នឹងផ្ដល់របៀបប្រើយុទ្ធសាស្រ្ត Upsell &Cross-Sell ឱ្យមានប្រសិទ្ធិភាពដើម្បីបង្កើនការលក់ឱ្យបានច្រើន។

1. យុទ្ធសាស្ត្រលើការផ្ញើសារ

នៅចំណុចនេះ ទាមទារឱ្យអ្នកសិក្សាឈ្វេងយល់បន្ថែមពីអតិថិជនដែលមានស្រាប់ជាលក្ខណៈបុគ្គល (អតិថិជនដែលបានប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នករួចហើយ) ដោយអ្នកត្រូវសិក្សាថា ហេតុអ្វីអតិថិជនមកទិញពីក្រុមហ៊ុនរបស់អ្នកតាំងពីលើកដំបូង? តើពួកគេបានទិញផលិតផលអ្វី? តើពួកគេនិយាយអ្វីពីផលិតផលដែលពួកគេបានទិញ? តើភាគច្រើនពួកគេនៅទីណា? ។ល។

ធ្វើបែបនេះ ដើម្បីកាន់តែស្គាល់ និងយល់ពីអតិថិជនរបស់អ្នកកាន់តែច្បាស់ ព្រមទាំងងាយស្រួលក្នុងការប្រើយុទ្ធសាស្រ្តផ្ញើសារទៅកាន់អតិថិជន ដើម្បីបង្កើនភាពទាក់ទាញអារម្មណ៍អតិថិជនដោយសមស្របនឹងអ្វីដែលអតិថិជនត្រូវការ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តផ្ញើសារនេះ អ្នកត្រូវតែនិយាយអំពីការចង់បាន តម្រូវការ និងបំណងប្រាថ្នាជាក់ស្ដែងរបស់អតិថិជន។

2. បង្កើតបញ្ជីនៃអ្នកទិញពីមុន

ការចំណាយពេលក្នុងការប្រមូលទិន្នន័យ (ព័ត៌មានទំនាក់ទំនងអតិថិជនចាស់ៗ) និងឈ្វេងយល់ពីអតិថិជនជាលក្ខណៈបុគ្គល វាជាចំណុចមួយដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលធ្វើបញ្ជីបែងចែក ដើម្បីកំណត់គោលដៅនៃបញ្ជីនីមួយៗក្នុងការផ្ដល់ជូនដល់អតិថិជនបានត្រឹមត្រូវ។ ​

ធ្វើបែបនេះ អ្នកនឹងអាចបង្កើតគោលដៅខ្ពស់នៃអ្នកទិញពីមុន ដើម្បីទំនាក់ទំនងផ្ដល់ជូនអ្វីដែលអតិថិជនត្រូវការ ហើយវាក៏ជាការបន្ថែមគុណតម្លៃដល់អតិថិជន ព្រមទាំងចំណេញពេលវេលាក្នុងការទំនាក់ទំនងជាមួយអតិថិជនបានចំគោលដៅ និងអាចផ្ដល់ព័ត៌មានដែលពាក់ព័ន្ធបំផុតលើតម្រូវការរបស់អតិថិជន។

3. ផ្តល់ជូនជាកញ្ចប់

អ្នកត្រូវរៀបចំផ្ដល់ជាកញ្ចប់នៃផលិតផលឬសេវាកម្មរបស់អ្នក ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការសម្រេចចិត្តរបស់អតិថិជន។ ហេតុដូចនេះ អ្នកត្រូវរៀបចំផលិតផលឬសេវាកម្មរបស់អ្នកធ្វើជាកញ្ចប់ដែលអតិថិជននឹងទទួលបាន ហើយវាស្ថិតនៅក្នុងជម្រើសមួយដ៏ល្អ ជាជាងការទិញផលិតផលឬសេវាកម្មតែមួយ ឬរាយៗ។

4. ណែនាំបន្ថែមក្រោយពីអតិថិជនសម្រេចចិត្តទិញអ្វីមួយ

អ្នកលក់ត្រូវតែស្គាល់ពីផលិតផលឱ្យបានច្រើន និងច្បាស់ ដើម្បីងាយស្រួលណែនាំ និងផ្ដល់ព័ត៌មានដល់អតិថិជន ដូចជានៅពេលអតិថិជនសម្រេចចិត្តទិញផលិតផលមួយ អ្នកលក់ត្រូវអាចណែនាំ និងបង្ហាញនូវផលិតផលផ្សេងៗដែលជាប់ពាក់ព័ន្ធផលិតផលដែលអតិថិជនកំពុងសម្រេចចិត្តទិញ។ ធ្វើបែបនេះ អតិថិជនចាប់ផ្ដើមមានអារម្មណ៍ថាទទួលបានជម្រើសដ៏ល្អ និងទទួលបាននូវអ្វីដែលលើសពីការរំពឹងទុក។

ពាណិជ្ជកម្ម

ហេតុអ្វីសេវាកម្មអតិថិជនមានសារៈសំខាន់ក្នុងអាជីវកម្ម?

0
ហេតុអ្វីសេវាកម្មអតិថិជនមានសារៈសំខាន់ក្នុងអាជីវកម្ម?

សេវាកម្មអតិថិជន ជាចំណុចសំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងអាជីវកម្មរបស់អ្នក ហើយវាក៏ជាផ្នែកដែលម្ចាស់អាជីវកម្មមួយចំនួនបានមើលរំលង។ តើសេវាកម្មអតិថិជនមានសារៈសំខាន់អ្វីខ្លះនៅក្នុងអាជីវកម្ម?

សារៈសំខាន់នៃសេវាកម្មអតិថិជន មានច្រើន ប៉ុន្តែខាងក្រោមនេះ នឹងបង្ហាញសារៈសំខាន់គោលចំនួន 3 រួមមាន៖

1. បង្កើនអតិថិជនស្មោះត្រង់កាន់តែច្រើន

ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ វាជាការបង្កើតនូវបទពិសោធន៍វិជ្ជមានដល់អតិថិជន ដែលនាំឱ្យអតិថិជនមានការពេញចិត្ត និងចូលចិត្តលើម៉ាកយីហោរបស់អ្នកកាន់តែខ្លាំង ព្រមទាំងជឿជាក់ និងទុកចិត្តផងដែរ។ បន្ថែមពីនេះ ពួកគេនឹងមិនងាយប្ដូរចិត្តចាកចេញពីការប្រើប្រាស់ផលិតផលឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នកឡើយ ដោយពួកគេនឹងតែងតែមកម្ដងហើយមកម្ដងទៀត ព្រមទាំងអាចផ្ដល់ជាមតិកែលម្អយ៉ាងស្មោះត្រង់លើចំណុចដែលកែតម្រូវ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅពេលអតិថិជនមានការពេញចិត្តលើម៉ាកយីហោរបស់អ្នកតាមរយៈការផ្ដល់សេវាកម្មអតិថិជនល្អ ពួកគេនឹងជួយផ្សព្វផ្សាយបន្តទៅកាន់មនុស្សផ្សេងទៀតដែលពួកគេបានស្គាល់ តាមរយៈការនិយាយណែនាំបន្តពីមាត់មួយទៅមាត់មួយ។

2. បង្កើនប្រាក់ចំណូល

ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ វាក៏ពាក់ព័ន្ធជាមួយនឹងការបង្កើនប្រាក់ចំណូលសម្រាប់អាជីវកម្មមួយ ដែរ ព្រោះអាជីវកម្មមួយអាចដំណើរការបានយូរអង្វែង វាត្រូវការប្រាក់ចំណេញ ហើយប្រាក់ចំណេញកើតចេញពីការមានអតិថិជនច្រើន ហើយដើម្បីមានអតិថិជនច្រើន លុះត្រាតែធ្វើឱ្យអតិថិជនមានការពេញចិត្ត និងមានបទពិសោធន៍ល្អៗជាមួយនឹងការផ្ដល់ជូនពីក្រុមហ៊ុន ហើយនេះវាទាមទារឱ្យក្រុមហ៊ុនមានការផ្ដោតលើការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។

3. ធ្វើឱ្យខុសប្លែកពីដៃគូប្រកួតប្រជែង

ការផ្ដល់សេវាកម្មអតិថិជនល្អ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាអតិថិជនដែលមានស្រាប់ ព្រមទាំងបង្កើនអតិថិជនថ្មីៗជាបន្តទៀត តាមរយៈអតិថិជនចាស់ ជួយផ្សព្វផ្សាយជំនួស។ ហើយការផ្ដល់សេវាកម្មអតិថិជនល្អ ក៏ធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីគូប្រកួតប្រជែងផងដែរ ករណីថាគូប្រជែងរបស់អ្នកមិនបានផ្ដោតលើការផ្ដល់សេវាកម្មអតិថិជនល្អ។

ពាណិជ្ជកម្ម

មានដឹងអត់ ការធ្វើទីផ្សារតាមរយៈមាតិកាមានអ្វីខ្លះ?

0
ធ្លាប់ឮគេនិយាយ មិនស្មើរនឹងយល់ពីអត្ថន័យនៃការបង្កើតមាតិកា (Content Marketing) ឡើយ…

គោលបំណងចម្បងក្នុងការធ្វើទីផ្សាតាមរយៈមាតិកា​
គឺជម្រុញដល់ការលក់ និងការបង្កើនកេរ្តិ៍ឈ្មោះអាជីវកម្មឲ្យសមស្របតាមសម័យកាល។

ការធ្វើទីផ្សារតាមរយៈមាតិកា​ (Content Marketing) ជាការផ្តល់ព័ត៌មាន (ដែលប្រើពាក្យពេជ្របង្កប់អត្ថន័យ ខ្លីៗ ងាយយល់) ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកអាន។ តាមរយៈមាតិកា​ អាចចេញរូបរាងជា
– Poster
– GIF
– Animation
– Video
– Podcasts
– Live​ … ដែលត្រូវបានចែកចាយលើបណ្តាញសង្គម (Facebook, Instagram, Tik-Tok,..) ជាដើម។

សម្រាប់ការយល់ឃើញរបស់អ្នកអាន អាចចែករំលែកតាមរយៈ Comment ខាងក្រោមនេះបានណា…

ពាណិជ្ជកម្ម

គុណវិបត្តិនៃការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក!

0
គុណវិបត្តិនៃការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក!

ការបញ្ចុះតម្លៃ ជាអ្វីដែលគ្រប់អតិថិជនចង់ទទួលបាន ប៉ុន្តែប្រសិនបើផលិតផលនោះមានការបញ្ចុះតម្លៃញឹកញាប់ពេក វាក៏មិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុនផងដែរ។ ហេតុអ្វី?

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគុណវិបត្តិសំខាន់ចំនួនពីរ ដែលបណ្ដាលមកពីការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក។

1. ការយល់ឃើញលើគុណភាពផលិតផល

នៅពេលដែលផលិតផលរបស់អ្នកមានការបញ្ចុះតម្លៃញឹកញាប់ពេក នោះអតិថិជននឹងចាប់ផ្ដើមយល់ឃើញថា គុណភាពផលិតផលរបស់អ្នកប្រហែលជាមិនល្អហើយ ឬក៏ប្រហែលជាជិតផុតថ្ងៃកំណត់ផលិតទេដឹង ទើបបានជាមានការបញ្ចុះតម្លៃឥតឈប់ឈរបែបនេះ។

ហេតុដូចនេះ ការបញ្ចុះតម្លៃញឹកញាប់ នឹងធ្វើឱ្យអតិថិជនចាប់ផ្ដើមពិចារណាលើគុណភាពផលិតផល និងចាប់ផ្ដើមគ្មានទំនុកចិត្តលើផលិតផលរបស់អ្នក។

ចូរកុំធ្វើការបញ្ចុះតម្លៃញឹកញាប់ពេក ប៉ុន្តែត្រូវមានការបញ្ចុះតម្លៃទៅតាមរដូវបុណ្យទាន និងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសអ្វីមួយ ដោយធ្វើយ៉ាងណាឱ្យការបញ្ចុះតម្លៃនោះមានភាពពិសេសខ្លាំងសម្រាប់អតិថិជន។

2. ខាតបង់ប្រាក់ចំណេញ

ការបញ្ចុះតម្លៃញឹកញាប់ពេក អាចនឹងធ្វើឱ្យក្រុមហ៊ុនរបស់អ្នកខាតបង់ប្រាក់ចំណេញ ដូច្នេះមុននឹងធ្វើការបញ្ចុះតម្លៃ ចូរកុំបញ្ចុះតម្លៃតាមការនឹកឃើញ តាមអារម្មណ៍ ឬដើម្បីតែប្រកួតប្រជែងគ្នាឱ្យសោះ ប៉ុន្តែត្រូវបញ្ចុះតម្លៃដោយមានកាលកំណត់ជាក់លាក់ និងមានការគណនាបានរួចរាល់។ ធ្វើបែបនេះ ដើម្បីការពារគុណតម្លៃក្រុមហ៊ុន និងចៀសវាងការខាតបង់ប្រាក់ចំណេញក្រុមហ៊ុន។

ពាណិជ្ជកម្ម

គំនិតធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម

0
គំនិតធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម

ការធ្វើទីផ្សារ មានច្រើនវិធីណាស់ ដូច្នេះក៏អាចមានគំនិតច្រើនដូចក្នុងការធ្វើដើម្បីជួយផលិតផលឬក្រុមហ៊ុនឱ្យឆាប់សម្រេចនូវគោលដៅដែលម្ចាស់ក្រុមហ៊ុនចង់ទទួលបាន។ ទោះបីជាយ៉ាងនេះក៏ដោយ ខ្លឹមសារខាងក្រោមនឹងផ្ដល់ជាគំនិតមួយចំនួនក្នុងការធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម ដែលអ្នកទីផ្សារ និងម្ចាស់អាជីវកម្មអាចអនុវត្តន៍បាន។

1. បង្កើតកម្មវិធីណែនាំ (Referral Program)

កម្មវិធីណែនាំ (Referral Program) គឺជាយុទ្ធសាស្ត្រទីផ្សារដែលឱ្យអតិថិជនដែលមានស្រាប់ណែនាំបន្តទៅកាន់អតិថិជនថ្មីៗផ្សេងទៀត ដូចជាណែនាំទៅកាន់មិត្តភក្តិ មិត្តរួមការងារ សមាជិកគ្រួសារ និងមនុស្សជុំវិញដែលបានស្គាល់ស្របតាមលក្ខណៈដែលក្រុមហ៊ុនបានកំណត់។

ចំពោះការដែលអាចនាំអតិថិជនថ្មីបានសម្រេច នឹងទទួលបានរង្វាន់ពិសេស ដូចជាការបញ្ចុះតម្លៃ ផ្ដល់ផលិតផលឬសេវាកម្មដោយឥតគិតថ្លៃ និងផ្សេងៗទៀត។

2. ទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពល (Influencers)

ការទំនាក់ទំនងជាមួយបុគ្គលមានឥទ្ធិពល ដើម្បីជួយផ្សព្វផ្សាយអំពីផលិតផលឬក្រុមហ៊ុនរបស់អ្នក ក្នុងគោលបំណងទាក់ទាញចំណាប់អតិថិជន និងបម្លែងពួកគេឱ្យក្លាយជាអតិថិជនដែលបានប្រើប្រាស់លើផលិតផលសេវាកម្មរបស់អ្នក ឬក៏ធ្វើអ្វីមួយស្របតាមការចង់បានរបស់អ្នក។ បន្ថែមពីនេះ ការធ្វើទីផ្សារដោយទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលនេះ អ្នកត្រូវតែជ្រើសរើសបុគ្គលណាដែលសក្តិសមនឹងម៉ាកយីហោរបស់អ្នក និងជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើក្រុមអតិថិជនគោលដៅដែលអ្នកចង់បាន។

3. រៀបចំការប្រកួត និងផ្ដល់ជារង្វាន់

អ្នកអាចរៀបចំការប្រកួតគ្នាលើការឆ្លើយសំណួរ ឬអ្វីផ្សេងទៀតនៅលើបណ្ដាញសង្គម ដើម្បីធ្វើឱ្យអតិថិជនចាប់ផ្ដើមមានសកម្មភាពចូលរួមជាមួយនឹងអ្នក ដោយក្នុងនោះអ្នកអាចដាក់លក្ខខ័ណ្ឌ ដូចជាចុច Like ផេក ចុច Share បន្ត និង Tag មិត្តភក្តិជាដើម ហើយអ្នកឈ្នះនឹងទទួលបានរង្វាន់។

4. ចែករំលែកនូវមាតិកាអប់រំ

ការបង្កើតមាតិកា ត្រូវតែសមស្របនឹងម៉ាកយីហោអាជីវកម្មរបស់អ្នក និងមានប្រយោជន៍សម្រាប់អតិថិជន ដូចជាចែករំលែកគន្លឹះខ្លីៗ វីដេអូចែករំលែកខ្លីៗ និងធ្វើវីដេអូ infographic ជាដើម ដើម្បីរក្សានូវអតិថិជន ក៏ដូចជាជួយអតិថិជនមានភាពរីករាយ ទទួលបានចំណេះដឹងថ្មី និងបង្កើនសកម្មភាពយ៉ាងសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

5. ផ្សព្វផ្សាយវីដេអូបទពិសោធន៍របស់អតិថិជន (Customer Testimonials)

នៅពេលអតិថិជនបានប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នករួចហើយ អ្នកអាចសុំការអនុញ្ញាតធ្វើវីដេអូចំណាប់អារម្មណ៍លើបទពិសោធន៍ដែលពួកគេមានចំពោះផលិតផលសេវាកម្មរបស់ក្រុមហ៊ុនរបស់អ្នក ដើម្បីបង្ហាញទៅកាន់អតិថិជនផ្សេងទៀត ក្នុងគោលបំណងទាញអតិថិជនថ្មីៗ និងបង្កើនទំនុកចិត្តដល់អតិថិជនផ្សេងទៀត។

ពាណិជ្ជកម្ម

ឈ្វេងយល់អំពី ក្រមសីលធម៌​អាជីវកម្ម

0
ឈ្វេងយល់អំពី ក្រមសីលធម៌​អាជីវកម្ម

ក្រមសីលធម៌អាជីវកម្ម សំដៅលើការសិក្សាអំពីគោលនយោបាយ និងការអនុវត្តអាជីវកម្មដែលទាក់ទងនឹងមុខវិជ្ជា ដូចជាអភិបាលកិច្ចសាជីវកម្ម ការជួញដូរខាងក្នុង ការស៊ីសំណូក ការរើសអើង ទំនួលខុសត្រូវសង្គមសាជីវកម្ម និងជាច្រើនទៀត។ ច្បាប់នេះច្រើនតែណែនាំអំពីក្រមសីលធម៌អាជីវកម្ម ប៉ុន្តែពេលខ្លះ ក្រមសីលធម៌អាជីវកម្ម ក៏ផ្តល់គោលការណ៍ណែនាំជាមូលដ្ឋានដែលអាជីវកម្មអាចអនុវត្តតាម ដើម្បីទទួលបានការយល់ព្រមជាសាធារណៈ និងមិនខុសច្បាប់។

ក្រមសីលធម៌អាជីវកម្ម ក៏ធានាបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងទម្រង់ផ្សេងៗដែលអាជីវកម្មចូលមកទីផ្សារនៅតំបន់ណាមួយ។ បន្ថែមពីនេះ វាក៏ជួយផ្សះផ្សានូវអ្វីដែលក្រុមហ៊ុនត្រូវធ្វើដោយស្របច្បាប់ធៀបនឹងការរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែងជាងអាជីវកម្មផ្សេងទៀត។

គោលការណ៍នៃក្រមសីលធម៌អាជីវកម្ម

គោលការណ៍នៃក្រមសីលធម៌អាជីវកម្មមានចំនួន 12

1. ភាពជាអ្នកដឹកនាំ

ការបង្ហាញនូវការខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងការប្តេជ្ញាចិត្តចំពោះឧត្តមភាព តាមរយៈការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ ព្រមទាំងរក្សាការនាំមុខនៃអាជីវកម្ម ដោយធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវប្រសិទ្ធភាពប្រតិបត្តិការ ការពេញចិត្តរបស់បុគ្គលិក និងការយល់ស្របពីអតិថិជនគោលដៅ។

2. គណនេយ្យភាព

ការបង្ហាញនូវទំនួលខុសត្រូវខ្ពស់រាល់ការសម្រេចចិត្ត ធ្វើសកម្មភាព និងទំនាក់ទំនងទាំងអស់ ព្រមទាំង មានការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមក្រមសីលធម៌។

3. សុចរិតភាព

ការបង្ហាញនូវភាពស្មោះត្រង់ និងភាពជឿជាក់ ព្រមទាំងរក្សាការសន្យា គោរពលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងបដិសេធមិនចូលរួមរាល់សកម្មភាពណាដែលមិនសមហេតុផលដែលប៉ះពាល់ដល់ភាពមិនស្មោះត្រង់របស់អាជីវកម្ម។ល។

4. ការ​គោរព​អ្នក​ដទៃ

ការបង្ហាញនូវការប្តេជ្ញាចិត្តពេញលេញចំពោះសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ ឱកាស ក្តីមេត្តា ការយល់ចិត្ត និងឯកជនភាពរបស់បុគ្គលិកទាំងអស់។

5. ភាពស្មោះត្រង់

ការជំរុញឱ្យបរិយាកាសក្រុមហ៊ុនមានភាពសីលធម៌ និងលុបបំបាត់ចោលព័ត៌មានមិនពិតទាំងឡាយដែលមិនជួយឱ្យអាជីវកម្មមានការប្រសើរឡើង។ បន្ថែមពីនេះ ជំរុញឱ្យបុគ្គលិកទាំងអស់មានការតាំងចិត្តក្នុងការនិយាយការពិតក្នុងគ្រប់ទម្រង់នៃការទំនាក់ទំនង និងគ្រប់សកម្មភាពទាំងអស់នៅក្នុងក្រុមហ៊ុន ដោយមានតែមានភាពស្មោះត្រង់ តាមរយៈការនិយាយចែករំលែកតែព័ត៌មានល្អៗ និងព័ត៌មានដែលជាការពិត។

6. ការគោរពច្បាប់

ក្រុមហ៊ុនត្រូវតែគោរពឱ្យបានពេញលេញនូវច្បាប់ដែលពាក់ព័ន្ធទាំងអស់ ដោយចៀសវាងការប្រព្រឹត្តិទាំងឡាយណាដែលនាំឱ្យអាជីវកម្មរបស់អ្នកប្រព្រឹត្តិខុសផ្នែកច្បាប់។

7. ទំនួលខុសត្រូវ

ការជំរុញឱ្យបុគ្គលិកទាំងអស់មានភាពម្ចាស់ការនៅក្នុងក្រុមហ៊ុន និងអនុញ្ញាតឱ្យបុគ្គលិកមានទំនួលខុសត្រូវលើការងាររបស់ពួកគេ ព្រមទាំងមានសមត្ថភាពធ្វើការងារដោយមិនចាំបាច់មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់បន្ថែម។

8. តម្លាភាព

ក្រុមហ៊ុនត្រូវតែរក្សាអាថ៌កំបាំងពាណិជ្ជកម្ម ការធានានូវព័ត៌មានហិរញ្ញវត្ថុ ការផ្លាស់ប្តូរតម្លៃ ការអនុវត្តការជួល ការបណ្តេញបុគ្គលិកចេញ ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍បុគ្គលិក។ល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនត្រូវតែមានការបេ្តជ្ញាចិត្តចំពោះតម្លាភាពដោយបង្កើតនូវព័ត៌មានអាជីវកម្ម និងគោលនយោបាយសម្រាប់ក្រុមអ្នកពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលអ្នកពាក់ព័ន្ធនោះ រួមមានអ្នកវិនិយោគ បុគ្គលិក និងអតិថិជនជាដើម។

9. ការខ្វល់ខ្វាយចំពោះទុក្ខលំបាករបស់អ្នកដទៃ

នៅចំណុចនេះ ក្រុមហ៊ុនត្រូវតែបង្ហាញការខ្វល់ខ្វាយនិងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់។ ហេតុដូច្នេះ អាជីវកម្មត្រូវតែមានភាពសប្បុរស ដោយធានាលើការចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពរសើបរបស់អ្នកដទៃឱ្យបានជាក់លាក់។

10. ភាពយុត្តិធម៌

ការទំនាក់ទំនង និងរាល់ការអនុវត្តអ្វីទាំងអស់ជាមួយអ្នកដទៃ សូមធានានូវភាពយុត្តិធម៌ ដោយគ្មានភាពមិនស្មើគ្នា ការមិនគួរសម ការមិនប្រើអំណាចតាមតែអំពើចិត្ត ការមិនកេងចំណេញលើភាពទន់ខ្សោយ និងការមិនបង្កើតកំហុសនានាលើផលប្រយោជន៍ផ្ទាល់ខ្លួន ឬរបស់ក្រុមហ៊ុនឡើយ។

11. ភក្ដីភាព

ការបង្ហាញនូវភាពស្មោះត្រង់ ដោយអាចរក្សានូវការសម្ងាត់របស់បុគ្គលិក និងក្រុមហ៊ុន  ព្រមទាំងមានការបំផុសនូវភាពស្មោះត្រង់ដល់បុគ្គលិក ដោយជៀសវាងជម្លោះផលប្រយោជន៍ ជួយកសាង និងការពារកេរ្តិ៍ឈ្មោះល្អដល់ក្រុមហ៊ុន និងជួយលើកកំពស់សីលធម៌របស់មិត្តរួមការងារ។

12. ការព្រួយបារម្ភអំពីបរិស្ថាន

ការយល់ដឹង និងការព្រួយអំពីផលប៉ះពាល់បរិស្ថានដែលអាជីវកម្មមាន ដោយជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពិភពលោក។ បន្ថែមពីនេះ និយោជិតទាំងអស់គួរតែត្រូវបានលើកទឹកចិត្តឱ្យស្វែងរក និងរាយការណ៍អំពីដំណោះស្រាយសម្រាប់ការអនុវត្ត ដែលអាចបន្ថែមលើការខូចខាតដែលបានធ្វើរួចហើយ។

ពាណិជ្ជកម្ម

កាន់តែទំនើប ទូរស័ព្ទ iPhone 14 គ្មានរន្ធដាក់ស៊ីមទេ ប៉ុន្តែប្រើស៊ីមឌីជីថលវិញ!

0
កាន់តែទំនើប ទូរស័ព្ទ iPhone 14 គ្មានរន្ធដាក់ស៊ីមទេ ប៉ុន្តែប្រើស៊ីមឌីជីថលវិញ!

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវស៊េរីទូរស័ព្ទថ្មី គឺ iPhone 14 ដែលមានមុខងារថ្មី និងមានលក្ខណៈពិសេសដែលនាំឱ្យអតិថិជនទទួលបាននូវបទពិសោធន៍កាន់តែល្អជាងមុន ដោយក្នុងនោះអ្វីដែលអស្ចារ្យជាងគេ គឺ iPhone 14 គ្មានរន្ធដាក់ស៊ីមឡើយ ដោយប្រើ eSIM មកជំនួសវិញ ប៉ុន្តែ Apple ដាក់ឱ្យប្រើសាកល្បងសម្រាប់តែសហរដ្ឋអាមេរិកសិនប៉ុណ្ណោះ ចំពោះបណ្ដាប្រទេសផ្សេងៗ គឺ iPhone 14 នៅតែផ្ដល់ឱ្យមានរន្ធដាក់ស៊ីមធម្មតា។

eSIM

ការដាក់ឱ្យប្រើប្រាស់សាកល្បង eSIM នៅក្នុងទូរស័ព្ទ iPhone 14 នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Apple គ្រាន់តែចង់ដឹងពីដំណើរការរបស់វា ថាតើអាចត្រូវមានការកែលម្អអ្វីបន្ថែមទៀតដែរឬទេ? បន្ថែមពីនេះ Apple មានគោលបំណង ដើម្បីធ្វើឱ្យអតិថិជនមានបទពិសោធន៍ងាយស្រួលជាងមុនជាមួយសម័យឌីជីថល។ បន្ទាប់ពីដាក់ប្រើសាកល្បងនៅអាមេរិកជោគជ័យ Apple នឹងអាចចាប់ផ្ដើមប្រកាសលក់ជាផ្លូវការទូទាំងពិភពលោកនាពេលខាងមុខមិនខាន លើស៊េរីទូរស័ព្ទដែលមានម៉ូដេលថ្មី ដោយគ្មានរន្ធដាក់ស៊ីម។

eSIM គឺជាស៊ីមឌីជីថលដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំណើរការគម្រោងនិទ្នន័យចល័តរបស់ខ្លួនដោយមិនចាំបាច់ប្រើប្រាស់ស៊ីមពិត។ ក្នុងនោះអ្នកប្រើប្រាស់អាចដំឡើង eSIM បានប្រាំបី ឬច្រើនជាងនេះនៅលើ iPhone 14 ដោយអាចប្រើលេខទូរស័ព្ទពីរក្នុងពេលតែមួយ ដោយមិនចាំបាច់ដាក់ស៊ីមពិត។

បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏បានលើកឡើងថា eSIM មានសុវត្ថិភាពជាងការប្រើស៊ីមពិត ពីព្រោះវាមិនអាចដកចេញពី iPhone ដែលបាត់ ឬអាចត្រូវបានគេលួចបានឡើយ។ ហើយនេះ ជាបទពិសោធន៍ថ្មី ដែលក្រុមហ៊ុន Apple បានផ្ដល់ជូនអតិថិជន។

ពាណិជ្ជកម្ម

ហេតុអ្វី Apple មិនធ្វើការសិក្សាស្រាវជ្រាវទីផ្សារ?

0
ហេតុអ្វី Apple មិនធ្វើការសិក្សាស្រាវជ្រាវទីផ្សារ?

លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple បានបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះការសិក្សាស្រាវជ្រាវទីផ្សារនៅក្នុង​បទ​សម្ភាស​ន៍​ជាមួយ​ Fortune ដោយបាននិយាយថា “យើង​មិន​ធ្វើ​ការ​ស្រាវជ្រាវ​ទីផ្សារ​ និងជួលអ្នកប្រឹក្សាទេ ប៉ុន្តែយើងគ្រាន់តែចង់បង្កើតផលិតផលដ៏អស្ចារ្យ”។ បន្ថែមពីនេះ Jobs ក៏បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Businessweek កាលពីឆ្នាំ 1998 ដោយគាត់បាននិយាយថា “អតិថិជនមិនតែងតែដឹងថាពួកគេត្រូវការអ្វីឡើយ ទាល់តែអ្នកបង្ហាញវាដល់ពួកគេ”។ បែបនេះហើយ ទើប Jobs មិនបានផ្ដោតសំខាន់ក្នុងការធ្វើការស្រាវជ្រាវទីផ្សារឡើយ ព្រមទាំងគិតថាវាមិនចាំបាច់។

កត្តានេះ អ្នកច្បាស់ជាមានចម្ងល់ថា បើ Apple មិនបានស្រាវជ្រាវពីទីផ្សារ តើ Apple ស្រាវជ្រាវលើអ្វី ទើបអាចធ្វើឱ្យ Apple ទទួលបានភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន?

ក្រុមហ៊ុន Apple បានធ្វើការសិក្សាស្រាវជ្រាវទីផ្សារ ដោយផ្ដោតលើការយល់ដឹងពីតម្រូវការរបស់អ្នកប្រើប្រាស់របស់ពួកគេ។​ ក្រុមហ៊ុន Apple បានស្ទង់មតិអតិថិជនរបស់ខ្លួន ដើម្បីបំពេញបន្ថែមទិន្នន័យផ្ទៃក្នុង និងការគិតរបស់ពួកគេ។ បន្ថែមពីនេះ ការស្ទង់មតិរបស់អតិថិជនលើ iPhone ក៏ត្រូវបានរក្សាទុកជាសម្ងាត់ផងដែរ។

ចំណាំ៖ ទោះបីជាលោក Steve Jobs មានភាពប៉ិនប្រសប់ខ្លាំងក្នុងការបង្កើតនូវផលិតផលថ្មីនៅក្នុងទីផ្សារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន Apple នៅតែត្រូវការស្រាវជ្រាវទីផ្សារបន្ថែម ដើម្បីឈ្វេងយល់ពីអ្វីដែលអាចជំរុញការលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែមានសន្ទុះ និងផលិតផលរបស់គូប្រកួតប្រជែង។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Apple តែងតែស្រាវជ្រាវដោយព្យាយាមបន្ទាបខ្លួនបំផុត ដើម្បីឈ្វេងយល់កាន់តែច្បាស់ពីអ្វីដែលអាចដាក់រួមបញ្ចូលនៃមតិកែលម្អគុណភាព និងបរិមាណពីអ្នកប្រើប្រាស់។

ពាណិជ្ជកម្ម

ហាងកាហ្វេដែលបង្កើតមុនគេបង្អស់នៅលើពិភពលោក

0
ហាងកាហ្វេដែលបង្កើតមុនគេបង្អស់នៅលើពិភពលោក

នាពេលបច្ចុប្បន្ននេះ ហាងកាហ្វេជាច្រើនកំពុងកកើតមានឥតឈប់ឈរនៅលើទីផ្សារពិភពលោក ដោយមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទាំងរសជាតិ និងគំនិតនៃការរចនាហាង ដើម្បីកសាងម៉ាកយីហោឱ្យមានភាពរឹងមាំក្នុងការទាក់ទាញ ក៏ដូចជារក្សាអតិថិជនឱ្យបានច្រើន។ ទោះបីជាយ៉ាងនេះក្ដី តើអ្នកមានដឹងទេថា ហាងកាហ្វេមួយណាដែលបានបង្កើតឡើងមុនគេបង្អស់? ច្បាស់ណាស់ មានមនុស្សយ៉ាងតិចដែលបានដឹង ដូច្នេះខ្លឹមសារខាងក្រោមនឹងបង្ហាញអំពីហាងកាហ្វេមួយនោះ ព្រមទាំងបង្ហាញពីដំណើរការវិវត្តន៍របស់ហាង។

រឿងរ៉ាវសង្ខេប

ហាងកាហ្វេដំបូងបានកើតឡើងនៅទីក្រុងខនស្ទែនទីណូបែល (Constantinople) នៃប្រទេសទួរគី តាំងពីឆ្នាំ 1475 មកម្ល៉េះ ហើយហាងកាហ្វេនោះមានឈ្មោះថា Kiva Han ដោយផ្ដោតលើកាហ្វេខ្មៅ រសជាតិដើម។

នៅឆ្នាំ 1529 ជនជាតិអឺរ៉ុបក៏បានកែច្នៃកាហ្វេដោយប្រើក្រែម និងមានរសជាតិផ្អែម ដែលជារសជាតិថ្មីមួយ ហើយក៏ជាការបង្កើតហាងកាហ្វេដំបូងនៅប្រទេសអឺរ៉ុប។

នៅឆ្នាំ 1652 ហាងកាហ្វេចាប់ផ្ដើមរីកដុះដាលដល់ប្រទេសអង់គ្លេស ដែលមានឈ្មោះថា ​The Turk’s Head។ ចំពោះការចាប់ផ្ដើមបើកហាងកាហ្វេនៅអង់គ្លេស ដោយសារឈ្មួញជនជាតិអង់គ្លេសម្នាក់បានធ្វើជំនួញជាមួយនឹងប្រទេសទួរគី ដោយក្នុងនោះក៏មានកាហ្វេផងដែរ។ ហាងកាហ្វេ ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អសម្រាប់សមាគមន៍អាជីវកម្មនៅអង់គ្លេស។

នៅឆ្នាំ 1792 ហាងកាហ្វេឈ្មោះ Tontine បានបង្កើតឡើងនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដែលវាក៏ជាកន្លែងមួយសម្រាប់សមាគមន៍អាជីវកម្មដូចនៅអង់គ្លេសដែរ។

នៅឆ្នាំ 1946 ក៏ចាប់ផ្ដើមមានម៉ាស៊ីនឆុងកាហ្វេ គឺ Espresso Piston នៅប្រទេសអ៊ីតាលី។ ម៉ាស៊ីននោះ វាកាន់តែធ្វើឱ្យមានភាពងាយស្រួលប្រើ សុវត្ថិភាព និងទាន់សម័យជាងមុន។

បន្ទាប់ពីនោះ ហាងកាហ្វេក៏ចាប់ផ្ដើមមានការវិត្តន៍ទៅមុខដោយមានភាពទាន់សម័យច្រើន ដូចជារបៀបនៃការឆុងកាហ្វេកាន់តែល្អជាងមុនជាមួយម៉ាស៊ីនឆុងទំនើប ព្រមទាំងការបន្ថែមនូវមុខម្ហូបជាច្រើនទាំងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ បន្ថែមពីនេះ ហាងកាហ្វេក៏ចាប់ផ្ដើមមានភាពរីកចម្រើនលើគំនិតរចនាហាងឱ្យកាន់តែល្អជាងមុន ដើម្បីបង្កើតបរិយាកាសដ៏អស្ចារ្យសម្រាប់អតិថិជន។

គួរបញ្ជាក់ផងដែរថា ហាងកាហ្វេដ៏ពេញនិយមដែលមានបន្ថែមនូវអាហារពេលល្ងាច គឺត្រូវបានបង្កើតឡើងដំបូងនៅប្រទេសកាណាដា ហើយហាងកាហ្វេមានឈ្មោះថា Tim Hortons។ ហើយក៏មានហាងកាហ្វេល្បីៗកើតមានបន្តបន្ទាប់ទៀត ដូចជាហាងកាហ្វេ Starbucks ជាដើម កាលពីឆ្នាំ 1971 នៅទីក្រុងស៊ីថល (Seattle) ។

ពាណិជ្ជកម្ម

របៀបសរសេរឆ្លើយតបបង្ហាញការយល់ចិត្តទៅកាន់អតិថិជន

0
របៀបសរសេរឆ្លើយតបបង្ហាញការយល់ចិត្តទៅកាន់អតិថិជន

ការសរសេរឆ្លើយតបទៅកាន់អតិថិជននៅលើបណ្ដាញសង្គមប្រកបដោយការយល់ចិត្ត និងមានវិជ្ជាជីវៈជារឿងដ៏សំខាន់ដែលក្រុមអ្នកឆ្លើយតបជាមួយអតិថិជនគួរតែគិតពិចារណា។ បន្ថែមពីនេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបជាមួយអតិថិជនពោរពេញដោយការយល់ចិត្ត អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោម៖

1. ចាត់ទុកអតិថិជនជាមនុស្សសំខាន់

ជាធម្មជាតិរបស់មនុស្សនៅពេលដែលចាត់ទុកនរណាម្នាក់ ឬច្រើននាក់ជាមនុស្សសំខាន់ ពួកគេតែងតែបង្ហាញនូវការយកចិត្តទុកដាក់ និងឆ្លើយតបបែបយល់ចិត្តដោយស្វ័យប្រវត្តិ។ ហេតុដូចនេះ ចំពោះអតិថិជនក៏ដូចគ្នា អ្នកត្រូវតែចាត់ទុកពួកគេជាមនុស្សសំខាន់ ហើយបង្ហាញនូវការយកចិត្តទុកដាក់ និងការយល់ចិត្ត តាមរយៈការផ្ដល់នូវសេវាកម្មអតិថិជនដ៏ល្អ។

បន្ថែមពីនេះ ការបង្ហាញការយល់ចិត្តដល់អតិថិជន អ្នកត្រូវតែដាក់ខ្លួនឯងចូលនៅក្នុងស្ថានភាពរបស់អតិថិជន និងបង្ហាញពីការឆ្លើយតបដែលយល់ពីស្ថានភាពនោះ ព្រមទាំងផ្ដល់ជាដំណោះស្រាយដ៏ល្អសម្រាប់ពួកគេ ជាជាងគ្រាន់តែនិយាយពាក្យសុំទោស ហើយក៏បញ្ចប់ស​ន្ទនា។ អ្នកត្រូវដឹងថា អតិថិជនចង់បានការយល់ចិត្តច្រើនជាងការនិយាយសុំទោសពួកគេ។

2. ប្រើប្រាស់ភាសាធម្មជាតិនៃការយល់ចិត្តផ្ទាល់ខ្លួន

កុំព្យាយាមនិយាយបែបផ្លូវការខ្លាំងពេករហូតធ្វើឱ្យអតិថិជនមានអារម្មណ៍ថាអ្នកព្យាយាមសម្ដែងពីការយល់ចិត្ត ប៉ុន្តែអ្នកត្រូវព្យាយាមសរសេរអ្វីដែលជាភាសាធម្មជាតិរបស់អ្នកដើម្បីបង្ហាញពីការយល់អំពីស្ថានភាពរបស់អតិថិជន និងការនិយាយបែបធម្មជាតិ មិនមែនជាការសម្ដែង ហើយមានវិជ្ជាជីវៈ។

បន្ថែមពីនេះ ក៏អ្នកអាចហ្វឹកហាត់លើការប្រើប្រាស់ការសរសេរ ក៏ដូចជាការនិយាយបែបយល់ចិត្តឱ្យបានច្រើន ព្រមទាំងរក្សានូវម៉ាកយីហោក្រុមហ៊ុនកាន់តែមានគុណតម្លៃល្អ។

3. ការសួរសំណួរបញ្ជាក់

នៅពេលអតិថិជនសាកសួរ ឬក៏ពួកគេត្រូវការជំនួយពីអ្នកលើអ្វីមួយ អ្នកត្រូវតែធ្វើជាអ្នកស្ដាប់ដ៏ល្អ ដើម្បីដឹងថាពួកគេត្រូវការអ្វី ឬមានបញ្ហាអ្វី បន្ទាប់មកអ្នកត្រូវតែលើកជាសំណួរសួរបញ្ជាក់ មុននឹងអ្នកផ្ដល់ជាដំណោះស្រាយជូនពួកគេ។ ធ្វើបែបនេះ អតិថិជនកាន់តែមានអារម្មណ៍ថាមានអ្នកយកចិត្តទុកដាក់ ហើយព្យាយាមយល់អំពីពួកគេ និងមានអារម្មណ៍ថាពួកគេនឹងទទួលបានដំណោះស្រាយដ៏ល្អ។ល។

ពាណិជ្ជកម្ម

មុនសរសេរផែនការអាជីវកម្ម ក៏ត្រូវសិក្សាពី Porter’s 5 Forces ដែរ!

0
មុនសរសេរផែនការអាជីវកម្ម ក៏ត្រូវសិក្សាពី Porter's 5 Forces ដែរ!

ការសរសេរផែនការអាជីវកម្មឱ្យបានល្អ និងមានភាពច្បាស់លាស់ ទាមទារឱ្យមានការសិក្សាលើផ្នែកជាច្រើនទាំងសិក្សាពីទីផ្សារគោលដៅ ទំហំទីផ្សារ យុទ្ធសាស្រ្តទីផ្សារ ផែនការហិរញ្ញវត្ថុ និងជាច្រើនទៀត។ ទោះបីជាយ៉ាងនេះក្ដី មុននឹងសរសេរផែនការអាជីវកម្ម អ្នកក៏ត្រូវសិក្សាពី Porter’s 5 Forces ផងដែរ។

តើអ្វីជា Porter’s 5 Forces?

Porter’s Five Forces គឺជាគំរូដែលកំណត់ និងវិភាគនូវកម្លាំងប្រកួតប្រជែងចំនួនប្រាំ ដើម្បីជួយម្ចាស់អាជីវកម្មឱ្យស្គាល់ពីចំណុចខ្សោយ និងភាពខ្លាំងរបស់អាជីវកម្មរបស់ខ្លួនបានយ៉ាងជាក់លាក់។ បន្ថែមពីនេះ វាក៏ជួយម្ចាស់អាជីវកម្មអាចយកអនុវត្តន៍លើផ្នែកណាមួយនៃសេដ្ឋកិច្ច ដើម្បីយល់ដឹងពីកម្រិតនៃការប្រកួតប្រជែងលើឧស្សាកម្មដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅក្នុងទីផ្សារជាក់ស្ដែង និងអាចបង្កើតប្រាក់ចំណេញរយៈពេលវែងសម្រាប់ក្រុមហ៊ុន។ ជាញឹកញាប់ Porter’s Five Forces ត្រូវបានគេវិភាគ ដើម្បីកំណត់រចនាសម្ព័ន្ធអាជីវកម្មក្នុងការកំណត់យុទ្ធសាស្រ្តអាជីវកម្ម។ ហើយយុទ្ធសាស្រ្តអាជីវកម្មនេះ ពិតជាសំខាន់ដើម្បីបញ្ចូលនៅក្នុងផែនការអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា Porter’s Five Forces ត្រូវបានដាក់ឈ្មោះដោយសាស្រ្តាចារ្យនៃសាលា Harvard Business School គឺលោក Michael E. Porter។

porter's 5 forces

Porter’s Five Forces រួមមាន៖

  1. ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្ម (Competition in the industry)៖ ការវិភាគលើកម្រិតនៃការប្រកួតប្រជែងលើឧស្សាហកម្មដែលអ្នកគ្រោងនឹងចាប់ផ្ដើមនោះ ដើម្បីដឹងថា តើអាជីវកម្មរបស់អ្នកទទួលរងឥទ្ធិពលកម្រិតទាបឬខ្ពស់ ជាមួយនឹងការប្រកួតប្រជែងនៅក្នុងទីផ្សារជាក់ស្ដែង? ចំពោះការប្រកួតប្រជែងនេះ សំដៅលើ តើចំនួនគូប្រកួតប្រជែងរបស់អ្នកមានកម្រិតណា? តើពួកគេអាចមានឥទ្ធិពលលើអាជីវកម្មរបស់អ្នកកម្រិតណា? ហេតុអ្វីពួកគេមានឥទ្ធិពលកម្រិតទាប ឬកម្រិតខ្ពស់សម្រាប់អាជីវកម្មរបស់អ្នក?។ល។
  2. សក្ដានុពលនៃអ្នកចូលថ្មីក្នុងឧស្សាហកម្មនេះ (Potential of new entrants into the industry)៖ សំដៅលើការវិភាគលើអាជីវកម្មគូប្រកួតប្រជែងដែលអាចជ្រៀតចូលទីផ្សារថ្មី តើពួកគេមានឥទ្ធិពលកម្រិតណាសម្រាប់អ្នក? តើពួកគេអាចចំណាយពេលវេលា និងថវិកាតិចជាងអ្នកក្នុងការចូលទីផ្សារដែរទេ? ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវសិក្សាឱ្យបានច្រើន ថាតើអាជីវកម្មគូប្រកួតប្រជែងអាចចូលថ្មីក្នុងទីផ្សារ អាចនឹងមានឥទ្ធិពលខ្លាំង ឬក៏តិចសម្រាប់អាជីវកម្មរបស់អ្នក?
  3. អំណាចនៃអ្នកផ្គត់ផ្គង់ (Power of suppliers)៖ ការវិភាគលើកម្រិតដែលអាជីវកម្មរបស់អ្នកទទួលរងឥទ្ធិពលពីអ្នកផ្គត់ផ្គង់ ថាតើវាស្ថិតនៅកម្រិតទាប ឬកម្រិតខ្ពស់? ហេតុអ្វី?
  4. អំណាចរបស់អតិថិជន (Power of customers)៖ ការវិភាគលើឥទ្ធិពលដែលអតិថិជននឹងមានសម្រាប់អាជីវកម្មរបស់អ្នក ថាតើអ្វីដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នកបាត់បង់អតិថិជន? តើអតិថិជនមានឥទ្ធិពលទាមទារបញ្ចុះតម្លៃ​ ឬសំណើរផ្សេងៗដែលពួកគេយល់ថាល្អពីក្រុមហ៊ុនរបស់អ្នកកម្រិតណា? តើអ្នកនឹងធ្វើអ្វីដើម្បីកុំឱ្យអតិថិជនមានឥទ្ធិពលខ្លាំងលើអាជីវកម្មរបស់អ្នក?
  5. ការគំរាមកំហែងនៃផលិតផលជំនួស (Threat of substitute products)៖ ការវិភាគលើផលិតផល សេវាកម្មដែលអាចជំនួសលើផលិតផលសេវាកម្មរបស់អ្នក តើមានកម្រិតណានៅក្នុងទីផ្សារ? តើអាជីវកម្មរបស់អ្នកនឹងទទួលរងឥទ្ធិពលបែបណាខ្លះ? តើអ្នកនឹងត្រូវដោះស្រាយបែបណា?
ហេតុអ្វីត្រូវសិក្សា Porter’s 5 Forces មុនពេលសរសេរផែនការអាជីវកម្ម?

ការសិក្សា Porter’s 5 Forces មុនពេលសរសេរផែនការអាជីវកម្ម វានឹងជួយ៖

  1. អ្នកឱ្យស្គាល់យ៉ាងច្បាស់ពីបរិយាកាសប្រកួតប្រជែងនៅក្នុងទីផ្សារ
  2. អ្នកក្នុងការរៀបចំយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីយកឈ្នះនៅក្នុងទីផ្សារ
  3. អ្នកឱ្យកាន់តែមានភាពជឿជាក់លើអាជីវកម្មរបស់ខ្លួនដើម្បីដំណើរការចូលក្នុងទីផ្សារ
ពាណិជ្ជកម្ម

តើត្រូវយល់ដឹងលើផ្នែកសំខាន់ៗនៃយុទ្ធសាស្រ្តអាជីវកម្មអ្វីខ្លះ?

0
តើត្រូវយល់ដឹងលើផ្នែកសំខាន់ៗនៃយុទ្ធសាស្រ្តអាជីវកម្មអ្វីខ្លះ?

យុទ្ធសាស្ត្រអាជីវកម្ម សំដៅលើគ្រោងនៃសកម្មភាព ក៏ដូចជាការសម្រេចចិត្តដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជួយត្រួសត្រាយផ្លូវក្នុងការសម្រេចចិត្តលើការជួលបុគ្គលិក​ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពលើការបែងចែកធនធាន។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារ វាមិនអាចមានភាពស្ថិតស្ថេររហូតបានឡើយ ដោយថ្ងៃនេះអាចធ្វើបានលទ្ធផលល្អ ប៉ុន្តែថ្ងៃបន្ទាប់អាចទទួលបានលទ្ធផលមិនល្អ ដូច្នេះវាទាមទារឱ្យមានការបត់បែន ការអាចសម្របតាមទីផ្សារបច្ចុប្បន្ន និងបន្តសិក្សាស្រាវជ្រាវជានិច្ចទៅតាមសម័យកាល។

ទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារខាងក្រោមនឹងបង្ហាញបន្ថែមពីផ្នែកសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តអាជីវកម្ម ដែលអ្នកគួរឈ្វេងយល់ ដោយដកស្រង់ខ្លឹមសារគោលពីគេហទំព័រ Indeed។

1. ចក្ខុវិស័យ និងគោលបំណងអាជីវកម្ម

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម គឺមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្មទាំងអស់អាចសម្រេចនូវចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់ពួកគេ តាមរយៈការបង្កើតនូវផែនការណែនាំបង្ហាញផ្លូវក្នុងការធ្វើសកម្មភាពបានច្បាស់លាស់លើអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវទទួលខុសត្រូវលើជំហាននីមួយៗ។

2. គុណតម្លៃ​ស្នូល

ការធ្វើយុទ្ធសាស្ត្រអាជីវកម្ម នឹងជួយណែនាំដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ទាំងអស់ ក៏ដូចជានាយកដ្ឋាននានាអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដោយយោងទៅតាមគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ វា​ក៏ជួយ​ឱ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនដើរលើផ្លូវ​តែ​មួយ និង​មាន​គោលដៅ​ដូច​គ្នាដើម្បីសម្រេច។

3. ការវិភាគ SWOT

SWOT តំណាងឱ្យពាក្យ Strengths (ចំណុចខ្លាំង) Weaknesses (ចំណុចខ្សោយ) Opportunities (ឱកាស) និងThreats (ការគំរាមកំហែង)។ ចំពោះការវិភាគ SWOT នេះនឹងត្រូវបានរួមបញ្ចូលនៅក្នុងគ្រប់យុទ្ធសាស្រ្តអាជីវកម្មទាំងអស់ ពីព្រោះវាផ្ដល់ឱ្យក្រុមហ៊ុនពឹងផ្អែកលើភាពខ្លាំងរបស់ខ្លួន និងអាចប្រើប្រាស់វាជាប្រប្រយោជន៍សម្រាប់ក្រុមហ៊ុនទាំងមូល។ បន្ថែមពីនេះ វាក៏ជួយឱ្យម្ចាស់អាជីវកម្មបានដឹងយ៉ាងច្បាស់ពីចំណុចខ្សោយ ក៏ដូចជាការគំរាមកំហែងនានា ដើម្បីត្រៀមដំណោះស្រាយក្នុងការការពារកុំឱ្យក្រុមហ៊ុនទទួលរងនូវហានិភ័យខ្ពស់នៅពេលដំណើរការអាជីវកម្មជាក់ស្ដែង។

4. តិចនិកប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព (Tactics)

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម ភាគច្រើនបង្ហាញនូវព័ត៌មានលម្អិតអំពីរបៀបប្រតិបត្តិការ និងរបៀបដែលការងារគួរតែត្រូវបានធ្វើដើម្បីបង្កើនប្រសិទ្ធភាព។ បន្ថែមពីនេះ អ្នកដឹកនាំនឹងត្រូវចេះបែងចែកទំនួលខុសត្រូវដល់បុគ្គលិកផ្សេងៗលើការអនុវត្តន៍តាមផ្នែកនីមួយៗ ដោយធ្វើយ៉ាងណាឱ្យការអនុវត្តនោះមានប្រសិទ្ធភាពខ្ពស់ ដោយសន្សំទាំងពេលវេលា និងធ្វើឱ្យការខិតខំប្រឹងប្រែងនោះមានប្រយោជន៍។

5. ផែនការបែងចែកធនធាន

ការធ្វើយុទ្ធសាស្ត្រអាជីវកម្ម ទាមទារឱ្យម្ចាស់អាជីវកម្មត្រូវស្វែងរកធនធានដែលត្រូវការចាំបាច់ដើម្បីធ្វើសកម្មភាពបំពេញកិច្ចការតាមផែនការដែលបានគ្រោងទុក ចេះពីរបៀបបែងចែកធនធាន និងអ្នកដែលនឹងទទួលខុសត្រូវលើការធ្វើសកម្មភាពនោះ។ ធ្វើបែបនេះ ទើបម្ចាស់អាជីវកម្មអាចមើលឃើញកន្លែងដែលត្រូវបន្ថែមធនធាន ដើម្បីបញ្ចប់គម្រោងផែនការ។

6. ការវាស់វែង

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម ក៏ទាមទារឱ្យមានការតាមដានលទ្ធផលរបស់ក្រុមហ៊ុនផងដែរ ដោយវាយតម្លៃលើរបៀបដែលកំពុងដំណើរការជាមួយនឹងគោលដៅដែលបានកំណត់មុនពេលចាប់ផ្ដើមយុទ្ធសាស្រ្ត។ ធ្វើបែបនេះ នឹងជួយម្ចាស់អាជីវកម្មឱ្យបន្តដំណើរទៅមុខជាមួយនឹងពេលវេលាកំណត់ជាក់លាក់ និងគោលដៅ ក៏ដូចជាគិតគូរយ៉ាងច្បាស់អំពីកញ្ចប់ថវិកា។

ពាណិជ្ជកម្ម

បើគ្មានលុយចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

0
បើគ្មានលុយចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

នៅពេលគិតចង់ចាប់ផ្ដើមអាជីវកម្មមួយ ជាទូទៅមនុស្សយល់ឃើញថា ទាល់តែមានលុយគ្រប់គ្រាន់ធ្វើជាដើមទុនទើបអាចចាប់ផ្ដើមបាន ដូច្នេះបើគ្មានលុយគ្រប់គ្រាន់ ច្បាស់ជាមិនអាចចាប់ផ្ដើមអាជីវកម្មបានដែរហើយ? តើពិតទេ?

ចម្លើយ៖​ មិនពិតនោះទេ ពីព្រោះបើអ្នកគ្មានលុយក្នុងការចាប់ផ្ដើមអាជីវកម្ម ក៏វាមានវិធីក្នុងការអាចចាប់ផ្ដើមអាជីវកម្មបានដែរ គ្រាន់តែអាជីវកម្មនោះស្ថិតនៅកម្រិតតូច។ អ្នកត្រូវដឹងថា លុយ គឺជាប្រភពដើមទុនដ៏សំខាន់ក្នុងការចាប់ផ្ដើម ក៏ដូចជាការពង្រីកអាជីវកម្មឱ្យកាន់តែធំ។ ប៉ុន្តែលុយ ក៏មិនមែនជាឧបសគ្គដ៏ធំក្នុងការរារាំងអ្នកមិនឱ្យចាប់ផ្ដើមបានដែរ។

តើត្រូវធ្វើដូចម្ដេចទើបចាប់ផ្ដើមអាជីវកម្មបាន បើឥលូវនេះគ្មានលុយ?

1. លក់សេវាកម្មលើចំណេះជំនាញដែលអ្នកមាន

នៅក្នុងចំណុចនេះ អ្នកត្រូវដឹងថា តើអ្វីជាចំណេះជំនាញដែលអ្នកកំពុងមាន? ហើយចំណេះជំនាញនោះអ្នកមានទេពកោសល្យខ្លាំង ព្រមទាំងកំពុងចង់រីកចម្រើនខ្លាំងលើផ្នែកនោះ? បន្ទាប់មកសរសេរដាក់ក្នុងកូនសៀវភៅមួយ ហើយអ្នកត្រូវគិតថា តើអ្នកនឹងទាញប្រយោជន៍បានអ្វីខ្លះពីចំណេះជំនាញដែលអ្នកមាននោះ?

ចំពោះការទាញយកប្រយោជន៍ពីចំណេះជំនាញដែលអ្នកមាននោះ គឺអ្នកអាចចាប់ផ្ដើមលក់សេវាកម្ម តាមរយៈការធ្វើការឱ្យក្រុមហ៊ុនណាមួយ ឬធ្វើការបែបឯករាជ្យឱ្យក្រុមហ៊ុនច្រើនកន្លែងលើផ្នែកដែលអ្នកមាន។ ឧទាហរណ៍ អ្នកមានចំណេះជំនាញផ្នែកទីផ្សារឌីជីថល ដូច្នេះអ្នកអាចជ្រើសរើសក្រុមហ៊ុនដែលអ្នកអាចលក់សេវាកម្មរបស់អ្នក ដោយធ្វើការលើផ្នែកនោះឱ្យបានល្អបំផុតដើម្បីទទួលបានប្រាក់កម្រៃ ព្រមទាំងអាចធ្វើជាអ្នកធ្វើការឯករាជ្យលើផ្នែកនោះផងដែរ។

សកម្មភាពនេះ ជាការចាប់ផ្ដើមបង្កើតដើមទុនដំបូង ដោយអ្នកទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ការងារជាក់ស្ដែង ព្រមទាំងធ្វើឱ្យចំណេះជំនាញរបស់អ្នកកាន់តែខ្លាំង ដែលអាចបង្ហាញជាបទពិសោធន៍ឱ្យក្រុមអតិថិជនគោលដៅរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នក នៅពេលអ្នកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

អ្នកត្រូវចងចាំថា ការលក់សេវាកម្មលើចំណេះជំនាញដែលអ្នកមាន ជាការចាប់ផ្ដើមដ៏ល្អបំផុត។

2. សរសេរគំរូអាជីវកម្មមួយដ៏រឹងមាំសម្រាប់ខ្លួនឯង

គំរូអាជីវកម្ម (Business Model) គឺជាអ្វីដែលអ្នកត្រូវធ្វើមុននឹងសរសេរផែនការអាជីវកម្មឱ្យមានភាពលម្អិតបាន ដោយសារតែគំរូអាជីវកម្ម វានឹងបង្ហាញថាអាជីវកម្មរបស់អ្នកអាចដំណើរការទៅមុខ និងអាចបង្កើតប្រាក់ចំណេញបានឬអត់។ អ្នកអាចឈ្វេងយល់បន្ថែមអំពីរបៀបសរសេរគំរូអាជីវកម្មរបស់ Canvas តាមរយៈតំណរភ្ជាប់នេះ https://kumnit.com/អាចទាញយក-និងមើលការពន្យល/ ។

ហេតុអ្វីត្រូវសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯងជាមុនសិន? ដោយសារតែ មុននឹងអាចចាប់ផ្ដើមអាជីវកម្មមួយបានល្អ មិនមែនចេះតែនឹកឃើញចាប់ផ្ដើមឡើយ គឺទាមទារឱ្យមានគំរូមួយក្នុងការអនុវត្តន៍ ដើម្បីវិភាគឱ្យឃើញថា អាជីវកម្មរបស់អ្នកអាចមានអនាគតវែងឆ្ងាយឬទេ ហើយមានប្រាក់ចំណេញឬអត់។​ បន្ទាប់មកទើបចាប់ផ្ដើមសរសេរផែនការអាជីវកម្មលម្អិតក្នុងការចាប់ផ្ដើម។ ធ្វើបែបនេះ មុនពេលចាប់ផ្ដើមជារឿងដ៏ល្អបំផុត ទោះបីជាអ្នកមិនទាន់មានលុយក្នុងការចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែគំរូអាជីវកម្មដ៏ល្អរបស់អ្នក នឹងជួយបង្ហាញផ្លូវអ្នកក្នុងការទទួលបានដើមទុនក្នុងការចាប់ផ្ដើមមិនខាន។

3. ប្រឡូកឱ្យបានច្រើនលើគំនិតអាជីវកម្មរបស់អ្នក

នៅពេលដែលអ្នកចេះលក់សេវាកម្មលើចំណេះជំនាញរបស់អ្នក និងរៀបចំការសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯង វាជាចំណុចចាប់ផ្ដើមដ៏ល្អ។ ជំហានបន្ទាប់ អ្នកត្រូវយកចំណេះជំនាញ ក៏ដូចជាគំនិតអាជីវកម្មរបស់អ្នកដែលអ្នកបានសរសេរចេញជាគំរូអាជីវកម្មនោះ យកមកប្រឡូកឱ្យបានច្រើននៅក្នុងទីផ្សារជាក់ស្ដែង ដើម្បីតេស្តមើលថាតើវាត្រូវមានចំណុចកែតម្រូវអ្វីទៀតទេ? ហើយត្រូវការអ្វីបន្ថែម?

ធ្វើបែបនេះ នឹងធ្វើឱ្យអ្នកកាន់តែជឿជាក់លើខ្លួនឯង ដើម្បីចាប់ផ្ដើមលើគំនិតអាជីវកម្មរបស់អ្នក ដោយអ្នកមានទាំងចំណេះជំនាញច្បាស់លាស់ និងមានបទពិសោធន៍ក្នុងការប្រឡូកច្រើនទៀត។ ទាំងនេះ សុទ្ធតែជាដើមទុន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយអ្នកមិនមែនចាប់ផ្ដើមអាជីវកម្មតាមគេតាមឯង និងចាប់ផ្ដើមតាមតែការនឹកឃើញឡើយ ប៉ុន្តែចាប់ផ្ដើមដោយមានក្បួនត្រឹមត្រូវ និងមានគំរូអាជីវកម្មជាក់លាក់ ដូច្នេះនៅពេលចាប់ផ្ដើមជាផ្លូវការ ច្បាស់ណាស់មិនខ្វះទេ អ្នកចាំវិនិយោគជាមួយ និងហានិភ័យទាបបំផុតក្នុងការរកស៊ីខាត ដោយសារអ្នកមានភាពជឿជាក់ និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំរួចជាច្រើនក្នុងការចាប់ផ្ដើម ដោយអមជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់។

4. កសាងម៉ាកយីផ្ទាល់ខ្លួនលើបណ្ដាញសង្គម

ការកសាងម៉ាកយីហោផ្ទាល់ខ្លួន គឺជារឿងសំខាន់ណាស់មុននឹងអ្នកចាប់ផ្ដើមអាជីវកម្ម ហើយអំឡុងពេលអ្នកគ្មានលុយក្នុងការចាប់ផ្ដើមទៀត ពីព្រោះវានឹងជួយអ្នកបង្កើតដៃគូសហការ និងមានអតិថិជនគាំទ្រជាច្រើននៅពេលអ្នកចាប់ផ្ដើមដំណើរការអាជីវកម្មជាផ្លូវការ។

ហេតុដូចនេះ អ្នកត្រូវតែបង្កើតមាតិកា និងបង្ហាញខ្លួននៅលើបណ្ដាញសង្គមឱ្យបានញឹកញាប់ ដោយផ្ដោតលើចំណេះជំនាញ ឬលើវិស័យណាមួយជាក់លាក់ដែលអ្នកមានគម្រោងចាប់ផ្ដើមរកស៊ីនោះ។​ធ្វើបែបនេះ មនុស្សជាច្រើនចាប់ផ្ដើមចាត់ទុកអ្នកជាអ្នកជំនាញលើវិស័យនោះ ព្រមទាំងមានទំនុកចិត្តលើអ្នកកាន់តែខ្លាំង។ ម៉ាកយីហោផ្ទាល់ខ្លួនល្អ វានឹងនាំអ្នកឆ្ពោះទៅកាន់ភាពរីកចម្រើនកាន់តែខ្លាំង។

ពាណិជ្ជកម្ម

តើការឆ្លើយតបរហ័សនៅលើបណ្ដាញសង្គម មានសារៈសំខាន់អ្វី?

0
តើការឆ្លើយតបរហ័សនៅលើបណ្ដាញសង្គម មានសារៈសំខាន់អ្វី?

នៅលើបណ្ដាញសង្គមបច្ចុប្បន្ននេះ មានមនុស្សជាច្រើនកំពុងប្រើប្រាស់វា ហើយពួកគេសុទ្ធសឹងជាអតិថិជនគោលដៅសម្រាប់អ្នក ដែលនេះជាឱកាសក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។ អាជីវកម្មមួយរីកចម្រើនបាន លុះត្រាតែអាជីវកម្មនោះអាចបង្កើតប្រាក់ចំណូល និងមានប្រាក់ចំណេញច្រើន ហើយដើម្បីធ្វើរឿងនេះបាន គឺទាមទារឱ្យមានអតិថិជនគាំទ្រច្រើនដូចគ្នា។ បន្ថែមពីនេះ ដើម្បីធ្វើឱ្យអតិថិជនគាំទ្រច្រើន ទាល់តែអ្នកមានអ្វីពិសេសសម្រាប់ផ្ដល់ជូនអតិថិជន និងធ្វើសកម្មភាពណាមួយដើម្បីបំពេញចិត្តរបស់ពួកគេផងដែរ ដូចពាក្យមួយគេតែងតែនិយាយថា “អតិថិជន គឺជាស្ដេច”។

លើសពីនេះ ម្ចាស់អាជីវកម្ម ក៏ត្រូវដឹងដែរថា នៅក្នុងសម័យនេះមនុស្សជួបជជែកគ្នា ឬសួរព័ត៌មានគ្នាតែនៅលើបណ្ដាញសង្គមភាគច្រើន ដូច្នេះអតិថិជនរបស់អ្នកក៏ភាគច្រើននឹងសួរនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកនៅលើបណ្ដាញសង្គមដូចគ្នា។ ហេតុនេះ អ្នកត្រូវតែគិតគូរលើរបៀបឆ្លើយតបជាមួយអតិថិជន និងធ្វើឱ្យការឆ្លើយតបនោះមានភាពរហ័សទាន់ចិត្ត ដោយយឺតបំផុតត្រឹម 15 នាទី ឬតិចជាងនេះ កាន់តែល្អ។

ហេតុអ្វីការឆ្លើយតបជាមួយអតិថិជននៅលើបណ្ដាញសង្គមបានរហ័សមានសារៈសំខាន់?

1. អាចរក្សាការប្ដូរចិត្តអតិថិជន ពីព្រោះអតិថិជនមានជម្រើសច្រើន

នាពេលបច្ចុប្បន្ននេះមានអាជីវកម្មជាច្រើននៅលើទីផ្សារ ដោយអាជីវកម្មខ្លះមានផលិតផលសេវាកម្មស្រដៀងគ្នាឬដូចគ្នា ដើម្បីប្រកួតប្រជែងគ្នាដណ្ដើមទីផ្សារ។ ហេតុនេះ អតិថិជនក៏មានជម្រើសច្រើនដើម្បីសម្រេចចិត្តជ្រើសរើសផលិតផលឬសេវាកម្មពីក្រុមហ៊ុនណាមួយដែលពួកគេទុកចិត្ត មានការផ្ដល់សេវាកម្មអតិថិជនល្អ និងឆ្លើយតបរហ័សជាមួយពួកគេ។

កត្តានេះហើយ ទើបទាមទារឱ្យអ្នកត្រូវមានការឆ្លើយតបរហ័សនៅពេលអតិថិជនបានផ្ញើសារសួរអ្នកនៅលើបណ្ដាញសង្គម ដើម្បីចៀសវាងធ្វើឱ្យពួកគេប្ដូរចិត្តផ្ញើសារទៅសួររកកន្លែងផ្សេង និងសម្រេចចិត្តទិញផលិតផលសេវាកម្មនៅកន្លែងណាដែលឆ្លើយតបលឿនជាងអ្នក។

អ្នកត្រូវចងចាំថា ទោះបីជាក្រុមហ៊ុនរបស់អ្នកមានផលិតផលឬសេវាកម្មល្អប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែបើអ្នកមានការឆ្លើយតបយឺតយ៉ាវពេក នោះក៏ធ្វើឱ្យអតិថិជនមានការប្ដូរចិត្តដោយលែងត្រូវការ ឬក៏ទៅរកកន្លែងផ្សេងដែរ។ ហេតុនេះ ការឆ្លើយតបរហ័ស វានឹងជួយអ្នកដើម្បីរក្សាអតិថិជន និងបិទការលក់ជាមួយនឹងពួកគេក៏បានរហ័សផងដែរ។

2. ធ្វើឱ្យអតិថិជនកាន់តែសប្បាយចិត្ត

ការឆ្លើយតបរហ័ស នឹងធ្វើឱ្យអតិថិជនកាន់តែសប្បាយចិត្ត ពីព្រោះអតិថិជនចូលចិត្តបែបលឿនៗ ដោយមិនចូលចិត្តការរងចាំយូរ និងឆ្លើយតបនូវអ្វីស្របតាមការចង់ដឹង និងដោះស្រាយរាល់ចម្ងល់របស់ពួកគេ។ បន្ថែមពីនេះ វាក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក តាមរយៈការធ្វើឱ្យអតិថិជនចាប់ផ្ដើមសប្បាយចិត្តជាមួយនឹងក្រុមហ៊ុនរបស់អ្នក ហើយពួកគេអាចនឹងជួយណែនាំបន្ដទៅកាន់អ្នកផ្សេងទៀតអំពីចំណុចល្អរបស់ក្រុមហ៊ុនរបស់អ្នក។ល។

3. ឱកាសបិទការលក់បានច្រើន

ជាធម្មតាទេ ប្រសិនបើអតិថិជនចាប់អារម្មណ៍អ្វីមួយ ច្បាស់ណាស់ពួកគេនឹងផ្ញើសារដើម្បីសួរព័ត៌មានបន្ថែមអំពីផលិតផលឬសេវាកម្មរបស់អ្នកមិនខាន។ ហេតុដូចនេះ បើអតិថិជនមានការចាប់អារម្មណ៍ហើយ បើអ្នកឆ្លើយតបយឺតយ៉ាវពេកជាមួយអតិថិជន នោះអតិថិជននឹងឈប់ចាប់អារម្មណ៍ ឬប្ដូរចិត្តជាដើម ហេតុនេះវាក៏ជាកត្តាធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការឈានដល់បិទការលក់ជាមួយអតិថិជនដែរ។ ហេតុដូច្នេះ អ្នកត្រូវព្យាយាមធ្វើយ៉ាងណា ឆ្លើយតបឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ទោះបីជាអតិថិជនទិញឬមិនទិញក៏ដោយ ប៉ុន្តែអ្នកត្រូវចងចាំថា អតិថិជនកំពុងចាប់អារម្មណ៍ជាមួយនឹងផលិតផលសេវាកម្មរបស់អ្នក ដូច្នេះអ្នកត្រូវតែព្យាយាមផ្ដល់ព័ត៌មានឱ្យបានច្រើនលើអ្វីដែលអតិថិជនរបស់អ្នកចង់ដឹងបន្ថែម និងបង្ហាញថាអ្នកយកចិត្តទុកដាក់ជាមួយនឹងពួកគេ។​ ធ្វើបែបនេះ អតិថិជននឹងចាប់ផ្ដើមគិតពិចារណាក្នុងការទិញ មិនថាទិញឥលូវ ឬក៏ថ្ងៃបន្ទាប់នោះទេ។

ពាណិជ្ជកម្ម

តើត្រូវធ្វើបែបណា ទើបទទួលបានគំនិតថ្មីៗជានិច្ច?

0
តើត្រូវធ្វើបែបណា ទើបទទួលបានគំនិតថ្មីៗជានិច្ច?

គំនិតថ្មីៗ ហើយមានភាពច្នៃប្រឌិត គឺជាផ្នែកមួយដែលមនុស្សយន្តមិនអាចមកជំនួសបានឡើយ មានតែមនុស្សប៉ុណ្ណោះទើបអាចមាន​ ព្រមទាំងអាចបង្កើតនូវអ្វីដែលអស្ចារ្យ និងអាចដោះស្រាយអ្វីមួយបានតាមរយៈការមានគំនិតថ្មីទាំងនោះ។ បន្ថែមពីនេះ គំនិតថ្មីក៏អាចជួយបុគ្គលម្នាក់ៗឱ្យរីកចម្រើននៅក្នុងអាជីព ផ្ទាល់ខ្លួន និងអាចជួយក្រុមហ៊ុន ឬអ្នកជុំវិញឱ្យរីកចម្រើនផងដែរ។ ទោះបីជាយ៉ាងនេះក្ដី មនុស្សក៏ចេះស្រេ្តស ស្មុគស្មាញ និងគាំងគំនិតដោយគិតអ្វីមិនចេញផងដែរ ដូច្នេះតើមានវិធីសាស្រ្ត ឬត្រូវធ្វើបែបណាទើបអាចមានគំនិតថ្មីៗជានិច្ច?

នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីអនុវត្តន៍ក្នុងការទទួលបាននូវគំនិតថ្មីៗជានិច្ចសម្រាប់បំពេញកិច្ចការងារណាមួយឱ្យសម្រេចស្របតាមការរំពឹងទុក។

1. ការសម្រាក

អ្នកអាចអង្គុយ ឬក៏គេង ហើយបន្ធូរអារម្មណ៍ ដោយកុំធ្វើអ្វីទាំងអស់ក្រៅពីសម្រាក និងការស្ដាប់ភ្លេងកម្រអារម្មណ៍ ឬធ្វើសកម្មភាពណាមួយដែលវាបានជួយអ្នកឱ្យទទួលបាននូវអារម្មណ៍សម្រាក។ ធ្វើបែបនេះ វានឹងជួយអ្នកកាត់បន្ថយភាពតានតឹង ស្រ្ដេស ភាពនឿយហត់ និងការគិតស្មុគស្មាញនានា បន្ទាប់មកអ្នកនឹងកាន់តែមានអារម្មណ៍ស្រស់ស្រាយ និងល្អ ដើម្បីនឹកគិតនូវអ្វីដែលថ្មីមិនខាន។

2. ជជែកជាមួយបុគ្គលផ្សេងៗ

អ្នកអាចស្វែងរកបុគ្គលណាម្នាក់ ឬច្រើននាក់ ដែលអាចផ្ដល់ជាគំនិតថ្មីៗសម្រាប់អ្នកក្នុងការធ្វើអ្វីមួយ មិនថាការជជែកដោយផ្ទាល់ ឬការសន្ទនាតាមអនឡាញឡើយ អ្នកអាចទៅទំនាក់ទំនងជាមួយពួកគេដើម្បីសុំជាគំនិត ឬមតិយោបល់ ដើម្បីអ្នកអាចមានគំនិតថ្មីក្នុងការធ្វើរឿងដែលអ្នកចង់បាន។ អ្នកត្រូវដឹងថា ការជជែកជាមួយនឹងបុគ្គលដែលមានចំណេះដឹងច្រើនលើផ្នែកដែលអ្នកចង់ដឹង ពួកគេនឹងអាចមានគំនិតច្រើន ដែលជាចំណុចដែលជួយអ្នកឱ្យនឹកគិតឃើញនូវអ្វីដែលថ្មីជានិច្ច។ ឧទាហរណ៍ ប្រសិនបើអ្នកគាំងគំនិតក្នុងការបង្កើតមាតិកាថ្មីៗដើម្បីទាក់ទាញចិត្តអតិថិជន ដូច្នេះអ្នកអាចសុំការណាត់ជួបជជែកគ្នាអំពីការបង្កើតមាតិកាពីអ្នកដែលកំពុងប្រឡូកក្នុងវិស័យនោះដែរ ដើម្បីដោះដូរគំនិតគ្នា បម្លែងជាគំនិតថ្មីសម្រាប់អនុវត្តន៍។ល។

3. ធ្វើលំហាត់ប្រាណ

អ្នកអាចធ្វើលំហាត់ប្រាណ ដូចជាការជិះកង់ ការដើរ និងធ្វើសកម្មភាពនានា ដើម្បីជួយធ្វើឱ្យអ្នកកាន់តែស្រស់ស្រាយ ដោយមិននៅស្មុគនឹងគំនិតនៅកន្លែងងងឹត ឬក្នុងបន្ទប់។ នៅពេលអ្នកធ្វើសកម្មភាពកាន់តែច្រើន អ្នកនឹងទទួលបានអារម្មណ៍ថាអ្នករហ័សរហួនជាងមុន ស្រស់ស្រាយជាងមុន និងអាចមានគំនិតជាបន្តបន្ទាប់ដែលអ្នកនឹងគិតស្រមៃឃើញជាក់ជាមិនខាន។

4. ធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើតគំនិតឱ្យបានច្រើន

អ្នកអាចចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ឬអានសៀវភៅដែលទាក់ទងផ្នែកណាដែលអ្នកចង់ដឹងឱ្យបានច្រើន ដើម្បីមានចំណេះដឹងទូលំទូលាយ។ បន្ទាប់មកបង្កើតជាគំនិតឱ្យបានច្រើនតាមដែលអាចធ្វើបានឱ្យស្របតាមគោលដៅដែលអ្នកចង់បាន នោះអ្នកនឹងមានគំនិតថានឹងត្រូវធ្វើអ្វីបន្តទៀត និងអាចបង្រួមគំនិតទាំងនោះជាគំនិតថ្មីមួយ ឬនឹកឃើញគំនិតថ្មីៗជាបន្តបន្ទាប់។

5. កុំខ្លាចនឹងការសាកល្បង ឬការមានកំហុស

ប្រសិនបើអ្នកមានគំនិតក្នុងការធ្វើអ្វីមួយហើយ ចូរសាកល្បងធ្វើវា ដោយកុំគិតថាខ្លាចមានកំហុស ឬខ្លាចនេះ ខ្លាចនោះជាដើមឱ្យសោះ។ ចូរចងចាំថា ការសាកល្បង នឹងជួយអ្នកឱ្យមើលឃើញនូវចំណុចខ្វះខាត និងចំណុចដែលអ្នកត្រូវកែតម្រូវដើម្បីធ្វើវាឱ្យបានល្អប្រសើរជាងមុន។ បន្ថែមពីនេះ ការសាកល្បង ក៏ជាផ្នែកមួយដ៏សំខាន់ដែលជួយជំរុញអ្នកឱ្យមានគំនិតថ្មីៗជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពាណិជ្ជកម្ម