spot_img
spot_img
Home Blog Page 31

តើកំហុសទីផ្សារបែបណាខ្លះដែលអ្នកគួរតែចៀសវាង?

0

យុទ្ធនាការទីផ្សារដែលខ្លាំងនឹងផ្សារភ្ជាប់អ្នកជាមួយនឹងក្រុមអតិថិជនដែលត្រឹមត្រូវ អាចធ្វើឲ្យពួកគេនិយាយអំពីក្រុមហ៊ុន ឬនិយាយអំពីម៉ាកសញ្ញារបស់អ្នកមិនដាច់ពីមាត់ ក៏ដូចជាជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់បណ្ដាញសង្គម ព្រមទាំងជួយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាងមុនទ្វេដងទៅទៀត។ ប៉ុន្តែប្រសិនបើអ្នកពុំដឹងអំពីទិចនិចក្នុងការធ្វើទីផ្សារទេ នោះអាជីវកម្មរបស់អ្នកប្រាកដជាបាត់បង់នូវប្រាក់ចំណូលច្រើន ហើយចំណាយច្រើនជាមិនខាន។

តើអ្នកកំពុងតែជួបប្រទះជាមួយនឹងកំហុសទីផ្សារទាំង៥ចំណុចខាងក្រោមនេះដែរឬទេ?

ប្រសិនបើពិតមែនអ្នកគប្បីចៀសវាង និងរកវិធីសាស្ត្របែបណាដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញ។

១. សន្និដ្ឋានដោយគ្មានការស្រាវជ្រាវទីផ្សារច្បាស់លាស់

This image has an empty alt attribute; its file name is image-16-1024x683.png

ការស្រាវជ្រាវអំពីស្ថានភាពទីផ្សារ គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនចំពោះអ្នកដែលទើបតែចូលប្រឡូកនៅក្នុងពិភពធុរកិច្ច ពីព្រោះអ្នកមិនអាចចេះតែស្មានៗ សន្និដ្ឋានឲ្យតែហើយៗដោយពឹងផ្អែកតាមផ្នែកតូចមួយដែលអ្នកឃើញនោះទេ។ ជាពិសេសនោះ ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកកាត់បន្ថយទៅលើការចំណាយទាំងមូលនៅក្នុងក្រុមហ៊ុន ដោយអ្នកអាចដឹងថាតើ ក្រុមហ៊ុនគួរតែដាក់លក់ផលិតផលបែបណាទើបមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវធ្វើការផ្សព្វផ្សាយបែបណាដើម្បីអាចឲ្យអតិថិជនគោលដៅបានឃើញ តាមរយៈការវាស់ស្ទង់នូវចំនួនអ្នកប្រើប្រាស់ផ្ទាល់នៅលើទីផ្សារនេះឯង។

ហើយការស្រាវជ្រាវទីផ្សារ អាចជាត្រីវិស័យមួយដែលអាចជួយបង្ហាញអ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរឬពុំគួរចំណាយនៅក្នុងការចាប់ផ្ដើមចេញរកស៊ីដំបូងផងដែរ។

ដូចនេះមុនពេលសន្និដ្ខានអ្វីមួយដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មរបស់អ្នក អ្នកគប្បីសិក្សាឈ្វេងអំពីទីផ្សារឲ្យបានលម្អិតជាមុនសិន ថាតើទីផ្សារបច្ចុប្បន្ននេះគេកំពុងតែត្រូវការអ្វីជាងគេ តាមរយៈការវិភាគទៅលើ SWOT ( ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែង)។

២. មិនខ្វល់ខ្វាយអំពីការត្អូញត្អែររបស់អតិថិជន

ជាមួយនឹងភាពជឿនលឿនរបស់បច្ចេកវិទ្យា ក៏ដូចជាភាពរហ័សនៃការទទួលបាននូវព័ត៌មាននៅលើបណ្ដាញសង្គម ក្រុមហ៊ុនរបស់អ្នកងាយណាស់ នឹងទទួលរងនូវឥទ្ធិពលអវិជ្ជមានណាមួយពីក្រុមអតិថិជន ក្នុងករណីដែលក្រុមហ៊ុនអ្នកធ្វើឲ្យអតិជនមិនពេញចិត្តជាមួយនឹងសេវាកម្ម គុណភាពនៃផលិតផល ឬមិនព្រមចេញមុខដោះស្រាយបញ្ហាជូនអតិថិជនជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់ជាមួយនឹងការត្អូញត្អែររបស់អតិថិជន ឱកាសនៃការរីកចម្រើននៅក្នុងការរកស៊ីរបស់អ្នកនឹងត្រូវអន់ថយជាងដៃគូរប្រកួតប្រជែងជាមិនខាន ក៏ព្រោះក្រុមហ៊ុនរបស់អ្នកពុំមានការធ្វើបច្ចុប្បន្នភាពនៃផលិតផលឬសេវាកម្មឲ្យទាន់ស្ថានភាព និងពុំមានអ្វីដែលថ្មីៗជាងគេនេះឯង។

៣. ខ្វះការផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនសក្ដានុពល

This image has an empty alt attribute; its file name is image-15-1024x621.png

តើអ្នកដឹងអំពីតម្រូវការអតិថិជន ព្រមទាំងបញ្ហាដែលពួកគេចង់ឲ្យអ្នកដោះស្រាយឲ្យ បានដល់កម្រិតណា?

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺ មានអាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះដែលបានចំណាយពេលគិតវិភាគអំពីអ្វីដែលក្រុមអតិថិជនរបស់ពួកគេត្រូវការ និងចង់បានពិតប្រាកដ។

ហើយអាថ៌កំបាំងក្នុងការចៀសវាងនូវបញ្ហាមួយនេះគឺសាមញ្ញៗទេ ប៉ុន្តែវាក៏មិនមែនជារឿងងាយស្រួលខ្លាំងណាស់ដែរ ក្នុងការស្វែងរកអំពីតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន រួចធ្វើឲ្យអាជីវកម្មអ្នកមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែងផ្សេងទៀតដែរ។

ដើម្បីអាចដឹងថាក្រុមអតិថិជនគោលដៅរបស់អ្នកត្រូវការអ្វី ជាដំបូងគឺអ្នកនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនៅលើទីផ្សារ។ ហើយនៅពេលដែលអ្នកដឹងច្បាស់ថាអតិថិជនត្រូវការ និងចង់បានអ្វីហើយ អ្នកក៏មានភាពងាយស្រួលក្នុងការបង្កើនប្រាក់ចំណូល និងអាចធ្វើឲ្យម៉ាកសញ្ញារបស់អ្នកមានប្រជាប្រិយភាពនៅលើទីផ្សារទាំងមូលផងដែរ ព្រមទាំងអាចទាក់ទាញបាននូវអតិថិជនថ្មីៗបន្ថែមទៀតផង។

៤. បង្កើតមាតិកាផ្សព្វផ្សាយដែលផ្ទុយពីអាជីវកម្មរបស់ខ្លួន

ការបង្កើតមាតិកាដែលផ្ទុយពីអាជីវកម្មរបស់ខ្លួននេះ ក៏ជាកំហុសមួយដែលអ្នកគួរតែចៀសវាងដែរ។ អ្នកខ្លះគាត់គិតថា បង្ហោះមាតិកាប្រភេទអ្វីក៏បានដែរ ឲ្យតែ FacebookPage របស់គាត់មានការចូលរួមច្រើន (Engagement) គឺគាត់អាចរកចំណូលបានហើយ។ ប៉ុន្តែភាពពិតជាក់ស្ដែង បើទោះបីជាមាតិកាទាំងនោះទទួលបានការចាប់អារម្មណ៍ ការចូលចិត្ត (Like) ការបញ្ចេញមតិ(Comments) និងការចែករំលែក (Share)ច្រើននៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែសួរថាតើអាជីវកម្មរបស់អ្នកអាចទទួលបានចំណូលពីមាតិកាទាំងអស់ទេ? តើអតិថិជនរបស់អ្នកដឹងថាអ្នកកំពុងតែលក់អ្វីដែរឬទេ?

ជាក់ស្ដែង យើងឃើញមានម្ចាស់អាជីវកម្មមួយចំនួនគាត់តែងតែធ្វើមាតិកា បែបកំប្លែងៗ ជាវីដេអូ Quotes (Life Quotes/ Sucess Quotes) និងមាតិកាផ្សេងៗទៀតដែលវាមិនទាក់ទងគ្នាទាល់តែសោះជាមួយនឹងប្រភេទអាជីវកម្មដែលគាត់កំពុងតែធ្វើ ហើយយូរៗទៅ អ្នកដែលប្រើប្រាស់នៅលើបណ្ដាញសង្គម បានស្គាល់អ្នកត្រឹមតែជាកន្លែងដែលកំសាន្ត ចែករំលែកQuotes និងវីដេអូសប្បាយៗតែប៉ុណ្ណោះ  ប៉ុន្តែគេមិនបានដឹងថាអ្នកលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីនោះទេ។ ត្រង់ចំណុចនេះ ពុំមែនមានន័យថា ឲ្យតែការបង្ហោះQuotes Meme ឬវីដេអូកំប្លែងៗជាមាតិកាមិនល្អនោះទេ ប៉ុន្តែអ្នកគួរប្រើមាតិកាទាំងនោះមកច្នៃបែបណាឲ្យវាស៊ីគ្នាជាមួយនឹងអាជីវកម្ម។ Ex: ប្រសិនបើអ្នកជាហាងលក់សៀវភៅ អ្នកគប្បីបង្ហោះអ្វីដែលអ្នកកំពុងតែលក់ និងប្រើQuote ណាដែលស៊ីគ្នាជាមួយនឹងការអាន។

ដូចនេះអ្នកគប្បីគិតអំពីប្រភេទមាតិកាបែបណាដែលវាទាក់ទងជាមួយនឹងអាជីវកម្មរបស់អ្នក ទើបមនុស្សអាចដឹងថាអ្នកលក់អ្វីបាន។

៥. មិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អ្នកទៅកាន់អតថិជន

តើអ្វីជា USP របស់អ្នក?

This image has an empty alt attribute; its file name is image-12-1024x618.png

USP (Unique selling point) គឺជាលក្ខណៈពិសេសប្លែកពីគេ ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចយកឈ្នះបាន ទាំងគុណភាព ទាំងសេវាកម្ម បូករួមនឹងរបៀបដែលអ្នកអាចដោះស្រាយបញ្ហា ការផ្ដល់នូវទំនិញដែលអតិថិជនត្រូវការ ការផ្ដល់ទំនុកចិត្តក្នុងការប្រើប្រាស់ ឬផ្ដល់ជូននូវតម្លៃពិសេសណាមួយ ទៅកាន់អតិថិជន ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើបានដូចអ្នក។

ហើយប្រសិនបើអ្នកមិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អាជីវកម្មអ្នកទៅកាន់អតិថិជនគោលដៅទេ អត្រានៃភាពរីកលូតលាស់របស់ធុរកិច្ចរបស់អ្នកនឹងធ្លាក់ទាបជាងដៃគូប្រកួតប្រជែងជាមិនខាន។

ដូចនេះ ដើម្បីចៀសវាងពីភាពមិនប្រក្រតីក្នុងការធ្វើទីផ្សារ អ្នកត្រូវបង្កើតនូវចំណុចពិសេសណាមួយដែលអ្នកដទៃគ្មាន និងចាប់ផ្ដើមបង្ហាញអំពី USP របស់អ្នកទៅកាន់អតិថិជនគោលដៅអ្នក។ ដែលនេះវាអាចជួយធ្វើឲ្យអតិថិជនបានយល់កាន់តែច្បាស់ ថាហេតុអ្វីបានជាពួកគេត្រូវការ អាជីវកម្មរបស់អ្នក ។

ជារួម បើទោះបីជាអ្នកបានរៀបចំផែនការទីផ្សារបានល្អយ៉ាងណាក៏ដោយក៏កំហុសនៅតែអាចកើតមានឡើងដែរ។ ហើយប្រសិនបើផែនការទីផ្សាររបស់អ្នកមើលទៅហាក់ដូចជា នៅតែពុំប្រសិទ្ធភាពទេ អ្នកគួរតែចំណាយពេលខ្លះ ពិនិត្យទៅលើអ្វីដែលជាចំណុចខ្វះខាត និងឈ្វេងយល់អំពីតម្រូវការដ៏ពិតប្រាកដរបស់អតិថិជនអ្នក។

This image has an empty alt attribute; its file name is image-13-1024x683.png

 

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

អ្វីដែលអ្នកគួរដឹងមុនបើកអាជីវកម្មហាងកាហ្វេ

0
អ្វីដែលអ្នកគួរដឹងមុនបើកអាជីវកម្មហាងកាហ្វេ

អ្នកដែលចាប់អារម្មណ៍ ក៏ដូចជាអ្នកដែលកំពុងចាប់ផ្ដើមបើកដំណើរការអាជីវកម្មហាងកាហ្វេក៏មានច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មហាងការហ្វេដែរ តើគួរដឹងអ្វីខ្លះ និងត្រូវដំណើរការបែបណា?

ដូច្នេះគន្លឹះខាងក្រោមនេះ នឹងជួយបង្ហាញផ្លូវបន្ថែម៖

1. គំនិតនៃការចាប់ផ្ដើម

មុននឹងចាប់ផ្ដើមអាជីវកម្មហាងកាហ្វេ អ្នកត្រូវតែគិតលម្អិតថា​

  • តើអ្នកចង់រចនាហាងបែបណា? ឈ្មោះអ្វី?
  • អតិថិជនគោលដៅរបស់អ្នកជានរណា?
  • តើអ្វីដែលអ្នកនឹងរំលេចចេញនៅក្នុងអាជីវកម្មរបស់អ្នកឱ្យមានភាពលេចធ្លោ?
  • តើអ្នកនឹងជ្រើសរើសទីតាំងនៅកន្លែងណា?
  • តើអ្នកនឹងទិញ Franchise ពីអ្នកដទៃសិន ដើម្បីបានគំនិតបន្ថែមឬយ៉ាងណា?
  • បើចង់ចាប់ផ្ដើមដោយខ្លួនឯង តើនរណាជាអ្នកផ្គត់ផ្គង់របស់អ្នក? (ត្រង់ចំណុចនេះ អ្នកត្រូវតែជ្រើសរើសអ្នកផ្គត់ផ្គងណាដែលល្អ ដោយអាចទុកចិត្តបាន និងអាចរួមដំណើរឆ្ពោះទៅកាន់ភាពរីកចម្រើនទាំងអស់គ្នា)
  • តើអ្នកនឹងធ្វើទីផ្សារបែបណាមុននឹងបើកហាងលើកដំបូង ដើម្បីទាក់ទាញចិត្តមនុស្សឱ្យស្គាល់?
2. ស្រាវជ្រាវអាជីវកម្មកាហ្វេ

ការ​បើក​ហាង​កាហ្វេ​ត្រូវ​ចំណាយ​ទុន​ច្រើន ​ទាំង​ពេលវេលា​និង​លុយកាក់ ហើយមានដៃគូប្រកួតប្រជែងច្រើនដែរនៅក្នុងទីផ្សារ ដូច្នេះទាមទារឱ្យអ្នកស្រាវជ្រាវអំពីការធ្វើអាជីវកម្មបើកហាងកាហ្វេនេះឱ្យបានច្រើន ទាំងតម្រូវការនៃការចាប់ផ្ដើម ប្រភេទកាហ្វេ របៀបដំណើរការ និងអ្វីដែលមិនអាចដំណើរការបានរលូន ហើយដើមទុនដែលត្រូវនឹងចំណាយ និងដើមទុនដែលនឹងត្រៀមទុកបម្រុងសម្រាប់ខ្លួនឯង។ លើសពីនេះ ត្រូវសិក្សា ក៏ដូចជាពិចារណាពីអ្វីដែលអ្នកនឹងយកបទពិសោធន៍ ឬតិចនិករបស់ហាងកាហ្វេរបស់ដៃគូប្រកួតប្រជែង និងអ្វីដែលអ្នកនឹងបង្ហាញពីភាពលេចធ្លោខុសពីហាងដទៃ។

3. កំណត់ចក្ខុវិស័យរបស់អ្នក

មិនថាជាការបើកអាជីវកម្មបែបហាងកាហ្វេនោះទេ ការបើកអាជីវកម្មប្រភេទផ្សេងទៀតក៏ទាមទារឱ្យអ្នកចេះកំណត់ចក្ខុវិស័យរបស់អ្នកដើម្បីធ្វើអាជីវកម្មឱ្យកាន់តែជោគជ័យ។ កាលណាមានចក្ខុវិស័យ អ្នកនឹងដឹងថា អ្នកបង្កើតអាជីវកម្មនេះ ក្នុងគោលបំណងអ្វី ហើយធ្វើបែបណាទើបអាចសម្រេចគោលបំណងរបស់អ្នកនៅក្នុងអាជីវកម្មនោះ។

4. បង្កើតផែនការអាជីវកម្ម

ដំណើរការនៃការសរសេរផែនការអាជីវកម្មជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីទីផ្សារក្នុងស្រុក និងតម្រូវការដើម្បីអាចដំណើរការអាជីវកម្មឱ្យកាន់តែរីកចម្រើន ហើយអាចជោគជ័យ។ ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មហាងកាហ្វេ អ្នកត្រូវរៀនពីរបៀបសរសេរផែនការអាជីវកម្ម ក៏ដូចជាចាប់ផ្ដើមសរសេរផែនការអាជីវកម្មផ្ទាល់ខ្លួន ពីព្រោះកាលណាមានផែនការ អ្នកនឹងងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំចាត់ចែងអភិវឌ្ឃន៍ ក៏ដូចជាអាចដំណើរការអាជីវកម្មបានរលូនពីមួយដំណាក់កាលទៅមួយដំណាក់កាល។

អ្វីដែលសំខាន់មួយចំនួន ដែលចាំបាច់បញ្ចូលនៅក្នុងផែនការអាជីវកម្ម រួមមា៖

  • សេចក្តីសង្ខេបអំពីអាជីវកម្មរបស់អ្នក
  • ការវិភាគទីផ្សារក្នុងស្រុក ដើម្បីស្គាល់អតិថិជនសក្ដានុពល និងដៃគូប្រកួតប្រជែងជាដើម
  • ផែនការទីផ្សារ
  • តើអ្នកត្រូវការសាច់ប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើម ហើយប្រភពដើមទុនមានមកពីណាខ្លះ?
  • ការព្យាករណ៍ហិរញ្ញវត្ថុ៖ ប្រាក់ចំណេញ ឬប្រាក់ខាតបង់ និងលំហូរសាច់ប្រាក់
  • ទីតាំង ។ល។
ពាណិជ្ជកម្ម

ដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

0
ដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

ការធ្វើទីផ្សារនៅក្នុងអាជីវកម្ម ជារឿងមួយដែលម្ចាស់អាជីកម្មត្រូវគិត និងមិនអាចមើលរំលងបានឡើយ ពីព្រោះការធ្វើទីផ្សារមានសារៈសំខាន់ដូចជា៖

  • ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញចិត្តអតិថិជនសក្ដានុពល
  • ជួយកសាង និងរក្សាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន
  • ជួយបង្កើតទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជនរបស់ខ្លួន
  • ជួយផ្ដល់ជាដំណឹងសំខាន់ៗជូនដល់អតិថិជន
  • ជួយជំរុញការលក់ឱ្យកាន់តែខ្លាំង
  • ជំនួយក្នុងការផ្តល់ការយល់ដឹងអំពីអាជីវកម្មរបស់អ្នក
  • ជួយអាជីវកម្មរបស់អ្នកឱ្យរក្សាភាពពាក់ព័ន្ធសំខាន់ៗ
  • បង្កើតជម្រើសប្រាក់ចំណូលបានកាន់តែច្រើន

ទោះបីជាការធ្វើទីផ្សារមានសារៈសំខាន់ខ្លាំងបែបនេះក៏ដោយ ប៉ុន្តែដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ ម្ចាស់អាជីវកម្មត្រូវដឹងអ្វីខ្លះ? ខាងក្រោមនេះ នឹងបង្ហាញជូនអ្នក៖

1. ការស្រាវជ្រាវទីផ្សារ

ការស្រាវជ្រាវទីផ្សារ គឺជាផ្នែកសំខាន់នៃការធ្វើយុទ្ធសាស្រ្តទីផ្សារក្នុងអាជីវកម្មរបស់អ្នក ពីព្រោះវាជាការប្រមូលព័ត៌មានដែលផ្តល់នូ​វការយល់ដឹងពីអតិថិជនរបស់អ្នកទាំងការគិត ដំណើរការនៃការទិញ និងទីតាំង។ លើសពីនេះ ការស្រាវជ្រាវទីផ្សារ ក៏អាចជួយអ្នកឱ្យធ្វើការព្យាករណ៍ការលក់ដំបូង តាមដាននិន្នាការទីផ្សារ និងតាមដាននូវអ្វីដែលគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើដែរ។

2. ការកំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅ ជាការកំណត់ក្រុមមនុស្សដែលជាអតិថិជនសក្ដានុពលនៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលធ្វើទីផ្សារឱ្យចំគោលដៅដែលចង់បាន ដោយមិនចាំបាច់ត្រូវផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាឡើយ។

ការកំណត់អតិថិជនគោលដៅឱ្យបានត្រឹមត្រូវ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ភូមិសាស្ត្រ៖ សំដៅលើការសិក្សាស្វែងរកទីតាំងរស់នៅ​ និងកន្លែងធ្វើការ ដែលអតិថិជនសក្ដានុពលរបស់អ្នកកំពុងស្ថិតនៅច្រើនជាងគេ។
  • ប្រជាសាស្រ្ត៖ សំដៅលើការកំណត់ភេទស្រី/ប្រុស អាយុ កម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលរបស់អតិថិជនសក្ដានុពលដែលអ្នកចង់បាន។
  • អាកប្បកិរិយា៖ សំដៅលើការឈ្វេងយល់អំពីមូលហេតុចម្បងដែលអតិថិជនរបស់អ្នកប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីអ្វីដែលទាក់ទាញអតិថិជនអំពីម៉ាកយីហោជាក់លាក់របស់អ្នក យល់ពីអ្វីដែលជាអត្រាប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីប្រភពទីកន្លែងដែលភាគច្រើនអតិថិជនរបស់អ្នកប្រើប្រាស់ហើយអាចទទួលបាន ឬមើលឃើញអំពីការផ្សព្វផ្សាយផលិតផលសេវាកម្មរបស់អ្នក។ល។
  • របៀបរស់នៅ និងគុណតម្លៃ៖ សំដៅលើការឈ្វេងយល់អំពីស្ថានភាពរស់នៅ គុណតម្លៃក្នុងជីវិត ចំណង់ចំណូលចិត្ត ការចាប់អារម្មណ៍ និងស្ថានភាពគ្រួសារ (លីវឬមានគ្រួសារ)របស់អតិថិជនសក្ដានុពលរបស់អ្នក។
3. ស្គាល់អាជីវកម្មរបស់ខ្លួនឯងច្បាស់

ដើម្បីអាចធ្វើទីផ្សារឱ្យបានកាន់តែល្អ នៅក្នុងចំណុចនេះអ្នកត្រូវតែស្គាល់ឱ្យបានច្បាស់ថា តើអាជីវកម្មរបស់អ្នកជាប្រភេទអ្វី? ផ្ដោតលក់លើអ្វី? ហើយអ្នកចង់បានអ្វីពីការលក់របស់អ្នក? អតិថិជនជានរណា? ដៃគូប្រកួតប្រជែងមានកន្លែងណាខ្លះ? អ្វីជាផែនការអាជីវកម្មរបស់ក្រុមហ៊ុនរបស់អ្នក? ស្គាល់ពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អាជីវកម្មរបស់ខ្លួនឯង? បន្ថែមពីនេះ ត្រូវដឹងថា អ្វីជាទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនបានច្បាស់?

បន្ទាប់ពីស្គាល់ច្បាស់ពីអាជីវកម្មរបស់ខ្លួនឯង នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារ និងដឹងយ៉ាងច្បាស់អំពីគោលបំណងដែលអ្នកចង់ទទួលបានច្បាស់លាស់ ហើយក៏ងាយស្រួលក្នុងការធ្វើផែនការទីផ្សារឱ្យចំគោលដៅ ព្រមទាំងអាចកំណត់កញ្ចប់ថវិកាបានត្រឹមត្រូវ។

ពាណិជ្ជកម្ម

យុទ្ធសាស្រ្តកំណត់តម្លៃ ដែលម្ចាស់អាជីវកម្មគួរដឹង

0
យុទ្ធសាស្រ្តកំណត់តម្លៃ ដែលម្ចាស់អាជីវកម្មគួរដឹង

ផលវិបាករបស់ម្ចាស់អាជីវកម្ម ជាពិសេសម្ចាស់អាជីវកម្មថ្មីថ្មោង ភាគច្រើនគឺមិនដឹងថា គួរកំណត់តម្លៃទីផ្សារផលិតផលរបស់ខ្លួនបែបណាទើបល្អ និងអាចទាក់ទាញអតិថិជន? ហើយកាន់តែមិនដឹងថា តើគួរកំណត់តម្លៃបែបណាទើបមានភាពត្រឹមត្រូវ?

ហេតុដូចនេះ ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មក្នុងការកំណត់តម្លៃទីផ្សារលើផលិតផលរបស់ខ្លួនឱ្យបានល្អ ម្ចាស់អាជីវកម្មគួរតែដឹង និងឈ្វេងយល់អំពីដំណាក់កាលកំណត់តម្លៃដូចខាងក្រោម៖

1. ធ្វើការស្រាវជ្រាវទីផ្សារ

មធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់តម្លៃ គឺធ្វើការស្រាវជ្រាវទីផ្សារ ដោយយកគំរូទីផ្សារគោលដៅរបស់អ្នក តាមរយៈសង្កេតមើល ថាតើទីផ្សារគោលដៅ ដែលមានអតិថិជនសក្ដានុពលរបស់អ្នកនោះ ភាគច្រើនពួកគេចំណាយលើអ្វីសម្រាប់សេវាកម្ម ឬផលិតផលរបស់អ្នក? ម្យ៉ាងទៀត តើពួកគេចំណាយលើអ្វីចំពោះផលិតផលសេវាកម្មដែលស្រដៀងនឹងអ្នក? បន្ទាប់មក ចាប់ផ្ដើមឈ្វេងយល់ថា តើតម្លៃអ្វីដែលអ្នកកំពុងនាំយកពីអតិថិជនសក្ដានុពលរបស់អ្នក? ហើយត្រូវព្យាយាមឈ្វេងយល់ ដើម្បីស្វែងរកចម្លើយ និងយល់អ្វីដែលមានប្រសិទ្ធភាពបំផុត ដោយមានការសាកល្បងគំនិតដ៏ល្អបំផុតដែលអ្នកមានក្នុងការកំណត់តម្លៃ។

2. សង្កេតមើលដៃគូប្រកួតប្រជែងរបស់អ្នក

ការសង្កេតមើលដៃគូប្រកួតប្រជែងរបស់អ្នក គឺដើម្បីអាចដឹងថា តើពួកគេកំពុងកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់ពួកគេបែបណា? បន្ទាប់មកសង្កេតមើលអំពីប្រាក់ចំណេញផ្ទាល់ខ្លួន ហើយប្រៀបធៀបនឹងតម្លៃដែលដៃគូប្រជែងរបស់អ្នកបានកំណត់។ ធ្វើបែបនេះ ដើម្បីដឹងថា តើគួរកំណត់តម្លៃឱយដូចគូប្រជែងរបស់អ្នក ឬមិនគួរ? ហើយបើកំណត់តម្លៃដូច តើអ្នកទទួលបានផលចំណេញកម្រិតណា? ហើយបើមិនកំណត់ដូច តើអ្នកទទួលបានផលចំណេញកម្រិតណា?

ចូរប្រៀបធៀប ហើយគិតពិចារណាឱ្យបានល្អិតល្អន់ និងត្រូវធ្វើយ៉ាងណាឱ្យការកំណត់តម្លៃរបស់ខ្លួនមានភាពល្អ និងអាចបត់បែនតាមវេលាបាន។

3. នាំមុខជាមួយនឹងគុណតម្លៃផ្អែកលើតម្លៃផលិតផល

ដើម្បីធ្វើឱ្យមានភាពនាំមុខគេចំពោះអាជីវកម្មរបស់អ្នក គឺអ្នកត្រូវតែធ្វើឱ្យមានភាពនាំមុខជាមួយនឹងការកំណត់តម្លៃដែលពោរពេញដោយគុណតម្លៃខ្ពស់ លើសពីគុណប្រយោជន៍ដែលផលិតផលរបស់អ្នកមាន។ ធ្វើបែបនេះ ទើបធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពរីកចម្រើនក្នុងការរយៈពេលវែង។ ឧទាហរណ៍ ផលិតផលរបស់អ្នកមានសារៈប្រយោជន៍ជាច្រើន ប៉ុន្តែអ្នកក៏បានកំណត់តម្លៃមួយដែលធ្វើឱ្យអតិថិជនកាន់តែមានភាពភាពចិត្ត តាមរយៈកំណត់តម្លៃជាមួយនឹងគុណតម្លៃ ដូចជាតម្លៃដែលមានស្ដង់ដារ តម្លៃដែលមានការប្រម៉ូសិនច្បាស់លាស់ តម្លៃដែលធ្វើឱ្យអតិថិជនហ៊ានចំណាយ តម្លៃដែលអតិថិជនគិតថាសមរម្យ តម្លៃដែលសាកសមនឹងគុណភាពផលិតផល និងផ្សេងៗទៀត។

បន្ថែមពីរបៀបកំណត់តម្លៃខាងលើម្ចាស់អាជីវកម្ម ក៏ត្រូវឈ្វេងយល់ពីយុទ្ធសាស្រ្តកំណត់តម្លៃខាងក្រោមផងដែរ រួមមាន៖

1. ការក្លែងបន្លំតម្លៃ (Price skimming)

យុទ្ធសាស្រ្តនេះ គឺពាក់ព័ន្ធនឹងការកំណត់តម្លៃខ្ពស់នៅពេលដែលផលិតផលមួយត្រូវបានផ្សព្វផ្សាយបន្ទាប់មកបន្ទាបតម្លៃបន្តិចម្តងៗនៅពេលដៃគូប្រកួតប្រជែងកាន់តែមានច្រើនចូលក្នុងទីផ្សារ។ ហើយប្រភេទនៃការកំណត់តម្លៃនេះ គឺល្អសម្រាប់អាជីវកម្មដែលកំពុងចូលទៅក្នុងទីផ្សារកំពុងរីកចម្រើន។

2. តម្លៃនៃការជ្រៀតចូលទីផ្សារ

ការកំណត់តម្លៃសម្រាប់ការជ្រៀតចូលទីផ្សារ ជាការដាក់តម្លៃពីទាបទៅខ្ពស់ មានន័យថា កំណត់តម្លៃទាបដើម្បីធ្វើឱ្យមនុស្សបានស្គាល់ និងអាចកាត់បន្ថយគូប្រជែង ព្រមទាំងអាចបង្កើតភាពទុកចិត្តដល់អតិថិជនបានច្រើន បន្ទាប់មកអ្នកអាចដំឡើងតម្លៃ។

3. តម្លៃពិសេស (Premium pricing)

យុទ្ធសាស្ត្រនេះ គឺសម្រាប់អាជីវកម្មដែលបង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងធ្វើទីផ្សារសម្រាប់បុគ្គលដែលមានប្រាក់ចំណូលខ្ពស់ ដោយអាចធ្វើឱ្យអតិថិជនចាត់ទុកថាផលិតផលរបស់អ្នកមានតម្លៃខ្ពស់ ហ៊ានពួកគេហ៊ានចំណាយ ទោះបីជាស្ថិតនៅ។

4. តម្លៃសេដ្ឋកិច្ច

យុទ្ធសាស្ត្រកំណត់តម្លៃសេដ្ឋកិច្ច គឺពាក់ព័ន្ធនឹងការកំណត់គោលដៅអតិថិជនដែលចង់សន្សំប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានលើអ្វីដែលល្អ ឬសេវាកម្មដែលពួកគេកំពុងទិញ។ ឧទាហរណ៍នៃគំរូតម្លៃសេដ្ឋកិច្ច ដូចជា Walmart និង Costco។

5. តម្លៃកញ្ចប់

នៅពេលដែលក្រុមហ៊ុនផ្គូផ្គងផលិតផលជាច្រើនជាមួយគ្នា ហើយលក់វាក្នុងតម្លៃតិចជាងផលិតផលនីមួយៗ វាត្រូវបានគេស្គាល់ថាជាកញ្ចប់តម្លៃ។

6. គុណតម្លៃផ្អែកលើតម្លៃ (Value-based pricing)

យុទ្ធសាស្រ្តនេះ ក្រុមហ៊ុនមួយផ្អែកលើតម្លៃរបស់វាទៅលើចំនួនដែលអតិថិជនជឿថាផលិតផលនោះមានតម្លៃ។ គំរូតម្លៃនេះ គឺល្អបំផុតសម្រាប់ពាណិជ្ជករដែលផ្តល់ជូននូវផលិតផលតែមួយគត់ ជាជាងទំនិញ។

7. តម្លៃថាមវន្ត (Dynamic pricing)

យុទ្ធសាស្រ្តនេះ អនុញ្ញាតឱ្យអ្នកអាចផ្លាស់ប្តូរតម្លៃនៃទំនិញរបស់អ្នកដោយផ្អែកលើតម្រូវការទីផ្សារនៅពេលណាមួយ។ ការកើនឡើងតម្លៃរបស់ Uber គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃការកំណត់តម្លៃថាមវន្ត។

ពាណិជ្ជកម្ម

សំណួរទាំង៤ដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនគោលដៅថ្មី

0
សំណួរដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនថ្មី១

ប្រសិនបើអ្នកមានឱកាសបានជួបជាមួយនឹងម្ចាស់អាជីវកម្ម១០ទៅ់២០នាក់ ហើយសួរពួកគាត់ ទាក់ទងជាមួយនឹងអ្វីដែលគាត់ចង់បានជាងគេដើម្បីឲ្យធុរកិច្ចរបស់ពួកគាត់រីកចម្រើនឡើង នោះពួកគាត់ប្រាកដជានិយាយប្រាប់អ្នកក្នុងចម្លើយប្រហាក់ប្រហែលគ្នាជាមិនខាន ពោលគឺចង់ឲ្យមានអតិថិជនប្រើប្រាស់នូវសេវាកម្មក៏ដូចជាផលិតផលរបស់គាត់ឲ្យបានច្រើនជាងមុន ដែលចំណុចនេះគឺជាគោលដៅចម្បងរបស់អាជីវកម្មមួយៗ។ ប៉ុន្តែមុនពេលដែលអ្នកចង់ស្វែងរកអតិថិជនឲ្យប្រើសប្រាស់នូវផលិតផលរបស់អ្នកបន្ថែមទៀត ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគប្បីសួរខ្លួនសំណួរទាំង៤នេះជាមុនសិន។

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

This image has an empty alt attribute; its file name is image-5-1024x545.png

យុទ្ធសាស្ត្រទីផ្សារដែលសាមញ្ញមួយក្នុងការកំណត់យកនូវអតិថិជនថ្មីៗដែលអ្នកគិតថាពួកគេអាចជាអតិថិជនគោលដៅរបស់អ្នកនោះ គឺហ៊ានចំណាយទៅលើការផ្សព្វផ្សាយក៏ដូចជាលក់បញ្ចុះតម្លៃ ព្រមទាំងមានការទិញមួយថែមមួយជាដើម ដោយធ្វើយ៉ាងណាឲ្យអតិថិជនថ្មីរបស់អ្នកនោះ មានការចាប់អារម្មណ៍ងាកមកទិញនូវផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នក។ យើងឃើញថាបើទោះបីជាយុទ្ធសាស្ត្រទីផ្សារបែបនេះ មានប្រសិទ្ធភាពអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនក៏ពិតមែន ប៉ុន្តែអ្នកក៏ត្រូវតែពិនិត្យមើលទៅលើចំនួនកញ្ចប់ថវិកាដែលអ្នកត្រូវចំណាយយផងដែរ ថាតើអ្នកអាចទ្រាំទ្ររាល់ការចំណាយទៅលើការផ្សព្វផ្សាយនិងការប្រម៉ូសិនជាច្រើនទាំងអស់នោះបានដែរឬអត់ ក្នុងគោលបំណងដើម្បីចៀសវាងពីការក្ស័យធុនរបស់ក្រុមហ៊ុន។

មួយវិញទៀត ប្រសិនបើអ្នកកំពុងតែមានគម្រោងចង់កំណត់នូវអតិថិជនគោលដៅថ្មីបន្ថែមទៀត  ដែលគ្រាន់តែជាអតិថិជន ហ៊ានចំណាយលុយទិញនូវផលិតផលរបស់អ្នកនៅពេលតែមានការប្រម៉ូសិនតែមួយខណៈពេលទេ  តើអ្នកគិតថា អ្នកគួរតែពង្រីកយកអតិថិជនបែបនេះដែរឬទេ? ហើយពួកគេអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើនបានយូរអង្វែងដែរឬទេ?  ទាំងនេះគឺជាសំណួរខ្លះៗដែលអ្នកគប្បីសួរខ្លួនឯង មុន ពេលដែលអ្នកចង់កំណត់អតិថិជនគោលដៅថ្មី។

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

This image has an empty alt attribute; its file name is image-8-1024x532.png

សម្រាប់អតិថិជនឬអ្នកប្រើប្រាស់ផ្ទាល់ បើពេលណាគាត់ទទួលបានបទពិសោធមិនល្អកំឡុងពេលដែលប្រើប្រាស់នូវសេវាកម្ម ឬមួយក៏ផលិតផលរបស់អ្នកហើយ ពួកគេប្រាកដជាមិនត្រឡប់មករកអ្នកវិញនោះទេ ថែមទាំងផ្សព្វផ្សាយនូវព័ត៌មានមិនល្អមួយចំនួនទាក់ទងទៅលើគុណភាពផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកដទៃទៀតផង។ ដូចនេះ ប្រសិនបើអតិថិជនបច្ចុប្បន្នរបស់អ្នក មិនទាន់ពេញចិត្តនូវសេវាកម្ម ឬផលិតផលដែលអ្នកផ្ដល់ឲ្យនៅឡើយទេ អ្នកគួរតែចំណាយពេលទៅលើការគិតយុទ្ធសាស្ត្របែបណាដើម្បីធ្វើឲ្យអតិថិជនចាស់ៗរបស់អ្នកត្រឡប់មកជឿទុកចិត្ត និងប្រែក្លាយទៅជាអតិថិជនស្មោះស្ម័គ្រជាមួយនឹងក្រុមហ៊ុនអ្នកវិញ ជាជាងចាប់ផ្ដើមកំណត់នូវអតិថិជនគោលដៅថ្មី ទាំងដែលក្រុមអតិថិជនគោលដៅចាស់មានភាពមិនពេញចិត្តនិងមានបញ្ហាច្រើនជាមួយនឹងអ្នក។ ដូច្នេះអ្នកត្រូវតែពង្រឹងទៅលើគុណភាពនៃផលិតផល ព្រមទាំងគុណភាពនៃសេវាកម្មអតិថិជនឲ្យបានល្អ។

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

This image has an empty alt attribute; its file name is image-6-1024x583.png

ដើម្បីប្រាកដក្នុងចិត្តថា អតិថិជនរបស់អ្នកនៅតែបន្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកបានរយៈពេលវែង អ្នកគប្បីរៀបចំនូវការគ្រប់គ្រងអាជីវកម្ម ព្រមទាំងការគ្រប់គ្រងអតិថិជនរបស់អ្នកឡើងវិញ ដោយត្រូវចេះទទួលយកមតិណាមួយរបស់អតិថិជនយកទៅអនុវត្តន៍ ដើម្បីធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែរីកដុះដាល និងមានអ្នកគាំទ្រច្រើនជាងមុន។ ដូចនេះប្រសិនបើអ្នកអាចទទួលយកទាំងមតិវិជ្ជមាន និងអវិជ្ជមានពីអតិថិជនបាន និងចេះសម្រាំងយកគំនិតណាដែលអាចជួយឲ្យអាជីវកម្មកាន់តែរីកចម្រើនបានហើយ នោះឱកាសក្នុងការកំណត់នូវអតិថិជនគោលដៅថ្មីសម្រាប់ក្រុមហ៊ុនរបស់អ្នកក៏ល្អដែរ ព្រោះអ្នកចេះបត់បែន និងចេះទាញប្រយោជន៍ពីការបញ្ចេញមតិរបស់អតិថិជន។

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

This image has an empty alt attribute; its file name is image-9-1024x683.png

ប្រសិនបើបច្ចុប្បន្ននេះ អាជីវកម្មរបស់អ្នកនៅមិនទាន់រួចរាល់ទេ ពោលគឺនៅផុតដៃផុតជើងនៅឡើយ ហើយអ្នកចង់កំណត់អតិថិជនគោលដៅថ្មីបន្ថែមទៀតនោះ អ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិច និងគួរតែពិចារណាឡើងវិញថាតើខណៈពេលនេះក្រុមហ៊ុនគួរតែចាប់ផ្ដើមស្វែងរកប្រភេទអតិថិជនថ្មីទៀតឬយ៉ាងណា ដើម្បីចៀសវាធ្វើឲ្យក្រុមហ៊ុនខាតបង់កាន់តែច្រើន។

ជារួមមកប្រសិនបើចម្លើយនៃសំណួរទាំង៤ខាងលើរបស់អ្នក

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

សុទ្ធតែអូខេ គ្មានបញ្ហាទេ នោះជាពេលដែលអ្នកអាចចាប់ផ្ដើមកំណត់យកនូវអតិថិជនគោលដៅថ្មីបានហើយ។

 

 

ពាណិជ្ជកម្ម

របៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

0
របៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

ជំនាញហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងការប្រកបអាជីវកម្ម ដូច្នេះប្រសិនបើអ្នកខ្សោយលើជំនាញនេះជារឿងពិបាក។ មនុស្សមួយចំនួនបាននិយាយថា ពួកគេស្អប់តួលេខ ដូច្នេះធ្វើឱ្យពួកគេមិនចូលចិត្តរៀនលើជំនាញនេះ។

ចំពោះម្ចាស់អាជីវកម្ម ប្រសិនបើពួកគេមិនចេះជំនាញហិរញ្ញវត្ថុ នោះពួកគេនឹងពិបាកយល់អំពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន មិនដឹងពីប្រាក់ចំណេញ ឬខាតបង់ឡើយ។ ដូច្នេះដើម្បីធ្វើជាម្ចាស់អាជីវកម្មក្នុងការដឹកនាំក្រុមហ៊ុនឱ្យដំណើរបានរលូន អ្នកត្រូវតែយល់ដឹង ក៏ដូចជាពង្រឹងលើជំនាញនេះ ទោះបីជាបច្ចុប្បន្នអ្នកមិនចូលចិត្តសិក្សាអ្វីដែលមានតួរលេខ។

តើធ្វើបែបណាដើម្បីពង្រឹងលើជំនាញហិរញ្ញវត្ថុឱ្យកាន់តែល្អ? ខាងក្រោមនេះ ជាចម្លើយ៖

1. យកឈ្នះការភ័យខ្លាចរបស់អ្នក

ឈប់គេចពីការសិក្សាលើជំនាញហិរញ្ញវត្ថុ ដោយមានលេសថា មិនចូលចិត្តរៀនអំពីតួរលេខ ប៉ុន្តែអ្នកត្រូវគិតមកវិញថា “ហិរញ្ញវត្ថុគឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអាជីវកម្មរីកចម្រើនដោយសារមានលំហូរសាច់ប្រាក់ល្អ”។ លើសពីនេះ ក៏មានភាពងាយស្រួលក្នុងការវាស់ស្ទង់ភាពរីកចម្រើនតាមរយៈដំណើរការហិរញ្ញវត្ថុ។ ចូរគិតអំពីហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងភាពងាយស្រួល ដោយកុំព្យាយាមគិតអ្វីដែលមានភាពស្មុគស្មាញខ្លាំងពេក។ បន្ទាប់មក ត្រូវមានការចាប់ផ្ដើមក្នុងការសិក្សាអំពីវា។

2. ចាប់ផ្ដើមស្វះស្វែងរៀន

ប្រសិនបើអ្នកកំពុងធ្វើការ ហើយកន្លែងក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុដល់អ្នក ដូច្នេះអ្នកត្រូវចេះទាញយកប្រយោជន៍ពីវា ប៉ុន្តែបើគ្មានទេអ្នកអាចស្វែងរកវគ្គខ្លីៗនិងស្វែងរកសៀវភៅដែលបង្រៀនអំពីជំនាញនោះ។

ហើយចំពោះម្ចាស់អាជីវកម្ម ក៏ត្រូវចេះស្វែងរកវគ្គសិក្សាដែលបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុ និងស្វែងរកសៀវភៅដែលនិយាយពាក់ព័ន្ធលើជំនាញនេះមកអានឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបណ្ដុះឱ្យខ្លួនឯងមានចំណេះដឹងលើហិរញ្ញវត្ថុ និងអាចមើលយល់ពីរបាយការណ៍សំខាន់ៗរបស់ហិរញ្ញវត្ថុ និងគណនេយ្យ។

3. ដោះស្រាយតារាងតុល្យការ

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែអាចមើលយល់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងផ្ដោតលើតារាងតុល្យការឱ្យបានច្រើន។ ធ្វើបែបនេះ ដើម្បីអាចដឹងថា តើក្រុមហ៊ុនត្រូវចំណាយលើអ្វី? អាចរកប្រាក់ចំណូលបន្ថែមនៅកន្លែងណា? ហើយចំណាយអស់ប៉ុន្មាន? ខ្វះខាតប៉ុន្មាន? បើខ្វះខាតត្រូវរកប្រាក់បំពេញនៅទីណាខ្លះ? ហើយទាំងនេះ នឹងធ្វើឱ្យដំណើរការអាជីវកម្មកាន់តែរីកចម្រើន និងអាចឆាប់សម្រេចគោលដៅបានកាន់តែធំ និងដល់គោលដៅដែលបានកំណត់។

4. ផ្តោតលើរង្វាស់សំខាន់ៗ

ការដែលអាចជំរុញលើជំនាញហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែប្រសើរ ទាមទារឱ្យអ្នកស្វែងរករង្វាស់សំខាន់ៗដើម្បីអាចវាស់វែងពីភាពជោគជ័យក្នុងក្រុមហ៊ុន។ លើសពីនេះ អ្នកត្រូវចងចាំថា គោលដៅរបស់អ្នកក្នុងការរៀនជំនាញនេះ គឺដើម្បីយល់ពីភាពជាប់ទាក់ទងគ្នារវាងប្រាក់ចំណេញ និងការខាតបង់។ នៅក្នុងក្រុមហ៊ុន អ្វីដែលសំខាន់ដែលអ្នកត្រូវដឹង និងតាមដាន គឺចំណូល ចំណាយ ចំណេញឬខាត បំណុល និងទុនរបស់ម្ចាស់។ លើសពីនេះ ត្រូវដឹងអំពីប្រសិទ្ធភាពនៃប្រតិបត្តិការ និងតាមដានអំពីតារាតុល្យការ ហើយអ្វីដែលអាចរកចំណូលបន្ថែមសម្រាប់ក្រុមហ៊ុនរបស់អ្នក។

5. លេងអ្វីដែលពាក់ព័ន្ធនឹងលេខឱ្យបានច្រើន

នៅពេលដែលអ្នកយល់ច្បាស់អំពីតារាងតុល្យការ និងអ្វីដែលជំរុញឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន។ ជំហានបន្ទាប់ អ្នកត្រូវតែសាកល្បង និងលេខជាមួយនឹងលេខឱ្យបានច្រើន ឧទាហរណ៍ ចុះបើតម្លៃទាបជាង ចំណូលខ្ពស់ជាង ហើយបើថ្លៃដើមធ្លាក់ចុះឬឡើង តើត្រូវធ្វើដូចម្ដេច? ធ្វើបែបនេះ ដើម្បីព្យាយាមធ្វើឱ្យខ្លួនឯងកាន់តែមានភាពស្ទាត់ជំនាញ ក៏ដូចជាកាន់តែយល់ច្បាស់នូវអ្វីដែលជាភាពសំខាន់ និងពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុ។

6. ស្វែងរកអ្នកណែនាំផ្នែកហិរញ្ញវត្ថុ

អ្នកអាចចាប់ផ្ដើមស្វែងរករៀមច្បងណាម្នាក់ ឬច្រើននាក់ដែលមានចំណេះដឹង ក៏ដូចជាខ្លាំងលើផ្នែកហិរញ្ញវត្ថុ ដើម្បីទំនាក់ទំនងជាមួយពួកគេក្នុងការសុំជំនួយឱ្យពួកគេជួយណែនាំ និងបង្រៀនដល់អ្នកបន្ថែមទៀត។ ពេលនោះ ពួកគេនឹងជួយពន្យល់អំពីគោលគំនិត និងប្រឹក្សាយោបល់ដល់អ្នកបានល្អក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុណាមួយដែលត្រូវការប្រតិបត្តិការក្នុងអាជីវកម្មរបស់អ្នក ឬលើផ្សេងទៀតទៅតាមតម្រូវការរបស់អ្នកឱ្យមានភាពត្រឹមត្រូវ។

7. គិតអំពីរឿងផ្ទាល់ខ្លួន

ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើបច្ចុប្បន្ននេះអ្នកជាបុគ្កលិកធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយទទួលបានប្រាក់ខែតិច ឬមិនទាន់គ្រប់គ្រាន់សម្រាប់អ្នក។ ដូច្នេះអ្នកត្រូវគិតធ្វើយ៉ាងណាដើម្បីចូលរួមចំណែកក្នុងការជួយជំរុញឱ្យក្រុមហ៊ុនកាន់តែមានប្រាក់ចំណូលច្រើន និងកាត់បន្ថយចំណាយឱ្យនៅមានកម្រិតទាប។ លើសពីនេះ អ្នកក៏ត្រូវតែពង្រឹងអំពីសកម្មភាពធ្វើការប្រចាំថ្ងៃរបស់អ្នក ថាតើទទួលបានផលកម្រិតណា? ហើយបានចូលរួមចំណែកជួយក្នុងតួនាទីជាមួយនឹងអ្នកដទៃឬទេ? បន្ថែមពីនេះ អ្នកក៏ត្រូវចេះផ្ដោតលើបញ្ហាដែលអាចគ្រប់គ្រងបាន ដើម្បីមានផលិតភាពកាន់តែល្អ។

ពាណិជ្ជកម្ម

ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

0
ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

តាមការពិសោធន៍ មនុស្សភាគច្រើនមិនព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេទេ បន្ទាប់ពីពួកគេបានធ្វើការលើសពីប្រាំមួយខែ។ ហេតុអ្វីបានជាដូច្នេះ? មានមូលហេតុទូទៅ ចំនួន 3 យ៉ាង គឺដោយសារ៖

  1. ភាពមិនសមប្រកប៖ បុគ្គលិកដែលមានសមត្ថភាព ជ្រើសរើសក្រុមហ៊ុនខុស ដោយក្រុមហ៊ុននោះ អាចជាមិនសូវចេះវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិក និងមិនចេះបែងចែកតួនាទីឱ្យសមស្របជាមួយនឹងសមត្ថភាពរបស់ពួកគេ ហើយសមជាមួយនឹងអ្វីដែលក្រុមហ៊ុនចង់បាន។
  2. ការមិនចុះសម្រុងគ្នា៖ ជារឿយៗដោយសារតែខ្សោយភាពជាអ្នកដឹកនាំ។
  3. កាលៈទេសៈផ្ទាល់ខ្លួន៖ មិនថាអ្នកណាម្នាក់មានជំនាញ និងមានទេពកោសល្យយ៉ាងណានោះទេ គុណវិបត្តិផ្ទាល់ខ្លួន និងការបរាជ័យជាញឹកញាប់នឹងរំខានដល់ភាពជោគជ័យក្នុងអាជីពរបស់ពួកគេ។

ហើយមូលហេតុទាំង3 នេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកខ្លាំងៗដែលមានទេពកោសល្យ តែងតែមិនអាចឈានដល់សក្ដានុពលរបស់ពួកគេ ដោយមិនបានធ្វើអ្វីដែលអាចសម្រេចបាននូវសមិទ្ធផលធំៗ។ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត អ្នកអាចឈ្វេងយល់អំពីមូលហេតុនីមួយៗដូចខាងក្រោម៖

1. ភាពមិនសមប្រកប

ទេពកោសល្យរបស់មនុស្សម្នាក់ៗ គឺជាបុគ្គលិកលក្ខណៈចម្បងដែលបញ្ជាក់ពីភាពប៉ិនប្រសប់ក្នុងការបំពេញការងារ និងអាចធ្វើការងារបានល្អប្រសើរ ហើយភាគច្រើនក្រុមហ៊ុនធំៗតែងតែចង់បានពួកគេ។ ប៉ុន្តែអ្វីដែលជាបញ្ហាត្រង់ចំណុចនេះ ក្រុមហ៊ុនមួយចំនួនមិនសូវបានយកចិត្តទុកដាក់ក្នុងការវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗទាំងការជ្រើសរើសបុគ្គលិកដំបូង និងវាយតម្លៃលទ្ធផលបុគ្គលិកដែលកំពុងធ្វើការជាមួយ ព្រមទាំងមិនបានវាយតម្លៃឱ្យសមស្របជាមួយនឹងវប្បធម៌ក្រុមហ៊ុនឱ្យបានត្រឹមត្រូវឡើយ។ ជាហេតុធ្វើឱ្យបុគ្គលិកដែលមានទេពកោសល្យខ្លាំង និងបុគ្គលិកផ្សេងទៀតមិនបានមើលឃើញពីតួនាទីផ្ទាល់ខ្លួន និងគោលដៅដែលស្ថាប័នចង់សម្រេចបានច្បាស់ឡើយ។

ជាដំណោះស្រាយ៖

មុននឹងសម្រេចចិត្តចូលធ្វើការនៅក្រុមហ៊ុនណាមួយ អ្នកត្រូវតែធ្វើការពិនិត្យឱ្យបានប្រុងប្រយ័ត្នអំពីក្រុមហ៊ុននោះ ដើម្បីធានាថាអ្នកបានយល់ច្បាស់ពីការងារ ក៏ដូចជាអ្វីដែលក្រុមហ៊ុននោះនឹងផ្ដល់ត្រឡប់មកវិញសម្រាប់អ្នក។ ហើយនៅពេលដែលអ្នកកំពុងបម្រើការនៅទីនោះ អ្នកក៏ត្រូវរៀនសង្កេតអំពីរបៀបនៃការវាយតម្លៃរបស់ក្រុមហ៊ុននោះ ថាតើមានទម្រង់នៃការវាយតម្លៃមានប្រសិទ្ធភាពឬទេ? តើការវាយតម្លៃនោះត្រឹមត្រូវឬទេ? តាមរយៈការវាយតម្លៃនោះ វាជួយដល់អ្នកកម្រិតណា? ធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់អ្នក កាន់តែមានសក្ដានុពល ដើម្បីបញ្ចេញសមត្ថភាពលើតួនាទី និងតំណែងឱ្យសមស្របនឹងអ្វីដែលអ្នកចង់បាន និងឆាប់ទទួលបានភាពរីកចម្រើនលឿន។

2. ការមិនចុះសម្រុងគ្នា

ហេតុផលចម្បងដែលធ្វើឱ្យមនុស្សគ្មានការចុះសម្រុងគ្នាដើម្បីបំពេញការងារ គឺដោយសារពួកគេខ្វះភាពជាអ្នកដឹកនាំ។

ជាទូទៅ នៅពេលចូលធ្វើការលើកដំបូង អាចមិនទាន់មានភាពបញ្ហានេះទេ ប៉ុន្តែធ្វើការយូរៗទៅកាន់តែស្គាល់គ្នាច្រើន បញ្ហាក៏មានច្រើន និងអាចមានទំទាស់ខ្លះៗ ឬដោយសារហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សគ្មានភាពចុះសម្រុងគ្នា មិនថាបុគ្គលនោះមានសមត្ថភាពកម្រិតណានោះទេ ដូច្នេះតើធ្វើបែបណា ដើម្បីដោះស្រាយនូវបញ្ហានេះបាន?

ដំណោះស្រាយ៖
  • ជំហានដំបូង អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីបំផុសគំនិតសម្រាប់អ្នក និងអាចជួយណែនាំដល់អ្នកបន្ថែម ព្រមទាំងជួយកែលម្អអ្នកប្រកបដោយគោលបំណងច្បាស់លាស់ និងស្ថាបនាលើអ្វីដែលអ្នកកំពុងអនុវត្តន៍នោះឱ្យកាន់តែមានភាពប្រសើរឡើង។
  • ចាប់ផ្ដើមបង្កើតឱកាស ក៏ដូចជាស្វែងរកពេលវេលាល្អសម្រាប់ខ្លួនឯង ក្នុងការចង់ចេះចង់ដឹង និងរៀនអ្វីថ្មីៗបន្ថែមទៀតនៅកន្លែងធ្វើការ។
  • រៀនភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារឱ្យបានច្រើន ព្រមទាំងរៀនទទួលស្គាល់ថាមនុស្សមានភាពខុសគ្នា ដូច្នេះរៀនស្ដាប់ និងទទួលយកអ្វីដែលពួកគេមាន ព្រមទាំងបើកចិត្តរៀនសូត្រពីពួកគេ និងសហការ ក៏ដូចជាហ៊ានសុំជំនួយពីមិត្តរួមការងារទាំងអស់។
  • ហ៊ានប្រឹក្សា ក៏ដូចជាហ៊ានប្រាប់ចៅហ្វាយរបស់អ្នក អំពីអ្វីដែលអ្នកអាចជួយ និងចង់ធ្វើកិច្ចការងារណាមួយ ទោះបីជាពេលនោះចៅហ្វាយរបស់អ្នកពុំទាន់មើលឃើញពីទេពកោសល្យរបស់អ្នកក៏ដោយ។

3. កាលៈទេសៈផ្ទាល់ខ្លួន

ទោះបីជាមនុស្សម្នាក់ៗកំពុងមានអាជីពការងារដែលត្រូវធ្វើក៏ដោយ ក៏ពួកគេតែងតែមានជីវិតផ្ទាល់ខ្លួន និងឯកជនភាពដែរ។ ដូច្នេះប្រសិនបើជីវិតផ្ទាល់ខ្លួនរបស់ពួកគេមានបញ្ហា ឬជួបវិបត្តិនានា នោះវាក៏មានឥទ្ធិពលដល់ភាពជោគជ័យក្នុងអាជីពការងារដែរ។

ក្នុងចំណុចនេះ ចង់បង្ហាញថា ទោះបីជាបុគ្គលនោះមានសមត្ថភាពខ្លាំងពូកែ និងមានទេពកោសល្យល្អក្នុងការបំពេញការងារ ក៏ពួកគេក៏អាចមានបញ្ហានៅក្នុងជីវិតផ្ទាល់ខ្លួន ហើយអាចប៉ះពាល់ដល់គុណភាពការងារផ្ទាល់ខ្លួនរបស់ពួកគេដែរ។

ជាដំណោះស្រាយ៖
  • បុគ្គលខ្លួនឯងត្រូវតែចេះបែងចែករវាងជីវិតផ្ទាល់ខ្លួន និងការងារ ដើម្បីអា​ចបន្តដំណើរឆ្ពោះទៅកាន់ភាពជោគជ័យលើអាជីពការងារ
  • ចេះស្វែងរកជំនួយ ដើម្បីជួយដោះស្រាយលើបញ្ហានានា មិនថាជាបញ្ហាជីវិត និងបញ្ហាការងារឱ្យបានទាន់ពេលវេលា
  • សុំការប្រឹក្សាយោបល់ជាមួយនឹងថៅហ្វាយនាយ ដើម្បីឱ្យគាត់ផ្ដល់ជាដំណោះស្រាយ និងជួយអ្នកលើចំណុចណាមួយ ដើម្បីកាត់បន្ថយសម្ពាធ ហើយបន្តបង្កើនផលិតភាពការងារ
  • ថៅហ្វាយនាយ ត្រូវតែចេះឈ្វេងយល់អំពីកាលៈទេសៈរបស់និយោជិត ដើម្បីធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានផលិតភាពការងារ និងអាចដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួន

 

ខ្លឹមសារដកស្រង់ចេញពី HARVARD BUSINESS REVIEW និងបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួន!

ពាណិជ្ជកម្ម

អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

0
អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

ជំនាញស្វ័យសិក្សា សំដៅលើការសិក្សាដោយខ្លួនឯង តាមរយៈការចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវបន្ថែម។ ហើយជំនាញនេះ មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា​ជាពិសេសសិស្សនិស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងផ្សេងៗទៀត។

អត្ថប្រយោជន៍ នៅពេលអ្នកមានជំនាញស្វ័យសិក្សាខ្លាំង

  • ទទួលបានលទ្ធផលការសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់
  • ទទួលបានចំណេះដឹង និងព័ត៌មានបានកាន់តែច្រើន ហើយទូលំទូលាយ ដើម្បីពង្រីកការគិតបានល្អ និងគិតបានលឿនជាងមុន
  • ងាយស្រួលក្នុងការដោះស្រាយបញ្ហានានាបានច្បាស់លាស់ និងត្រឹមត្រូវ
  • សមត្ថភាពកាន់តែរីកចម្រើនខុសពីធម្មតា
  • អភិវឌ្ឍន៍ជំនាញដែលអ្នកស្រលាញ់បានលឿន
  • ផ្ដល់ឱ្យអ្នកនូវសមត្ថភាពក្នុងការរៀនដោយសេរីដោយគ្មានដែនកំណត់
  • ធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង
  • ទទួលបានឱកាសរីកចម្រើនច្រើនជាងមុន
  • ។ល។

របៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

1. កំណត់គោលដៅជាក់លាក់

អ្នកត្រូវដឹងថា តើអ្នកមានគោលដៅអ្វីសម្រាប់ខ្លួនឯង? ឧទាហរណ៍ បើអ្នកជាសិស្សវិទ្យាល័យ អ្វីជាគោលដៅជាក់លាក់សម្រាប់អ្នក? អាចជាការចង់បាននិទ្ទេស A ឬ ប្រសិនបើកំពុងធ្វើការ តើជំនាញអ្វីដែលអ្នកចង់ពង្រឹង ហើយអ្វីជាគោលដៅចម្បងសម្រាប់អ្នកក្នុងអាជីពការងារ? ឬមានគោលដៅផ្សេងៗទៀតតាមបុគ្គលម្នាក់ៗ ដូច្នេះអ្នកត្រូវកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនឯង។

ការកំណត់គោលដៅជាក់លាក់ ជារឿងសំខាន់ ពីព្រោះវាកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីស្វែងរកវិធីសាស្រ្តនានា ដើម្បីចាប់ផ្ដើមកំណត់ផែនការ បន្ទាប់មកស្វ័យសិក្សាឱ្យចំគោលដៅដែលអ្នកចង់បាន។

ស្វ័យសិក្សាដែលមានគុណភាពខ្ពស់ គឺការស្វ័យសិក្សាដោយផ្ដោតលើការចង់សម្រេចលើគោលដៅជាក់លាក់ដែលអ្នកបានកំណត់នោះ។

2. ស្វែងរកអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក

ការស្វ័យសិក្សា មានវិធីសាស្រ្តច្រើនណាស់ ដូច្នេះអ្នកត្រូវតែស្វែងរកវិធីសាស្រ្តណាដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ហើយត្រង់ចំណុចនេះ ទាមទារឱ្យអ្នកមានការសាកល្បងឱ្យបានច្រើន ដើម្បីអាចដឹងថា តើការរៀនដោយខ្លួនឯងតាមវិធីសាស្រ្តដែលអ្នកទទួលបានលទ្ធផលល្អ? ហើយវិធីសាស្រ្តនោះ អាចជួយអ្នកឱ្យឆាប់សម្រេចគោលដៅដែលអ្នកចង់បាន។

3. ស្វែងរកជំនួយបានត្រឹមត្រូវ

ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា តើប្រភពណាខ្លះដែលអាចជួយអ្នកឱ្យកាន់តែប្រសើរ? ឧទាហរណ៍ អ្នកចង់ក្លាយជាធ្វើទីផ្សារម្នាក់ដ៏ពូកែ ដូច្នេះអ្នកត្រូវស្វែងរកប្រភពវេបសាយ ឬវគ្គសិក្សាខ្លីៗៗណាដែលអាចទុកចិត្តបាន និងមានគេទទួលស្គាល់ច្រើន ដើម្បីសិក្សាបន្ថែម។ ម្យ៉ាងទៀត អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីផ្ដល់ជាមតិយោបល់សម្រាប់អ្នកបន្ថែម (ត្រូវចាំថា បុគ្គលនោះ ត្រូវតែជាអ្នកដែលកំពុង ឬប្រឡូកក្នុងវិស័យដែលអ្នកចង់ចេះយូរហើយ)។

4. រៀបចំបរិយាកាសសិក្សារបស់អ្នកឱ្យល្អ

នៅពេលដែលចាប់ផ្ដើមធ្វើស្វ័យសិក្សាលើអ្វីមួយ អ្នកត្រូវតែធ្វើឱ្យប្រាកដថា បរិយាកាសជុំវិញអ្នកមានសភាពល្អ និងអាចធ្វើឱ្យអារម្មណ៍របស់អ្នកមានការផ្ដោតល្អ ហើយទទួលបានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ត្រូវរៀបចំកន្លែងសិក្សារបស់អ្នក ឱ្យមានភាពរៀបរយ ដោយអាចធ្វើឱ្យអ្នកកាន់តែមានភាពស្វាហាប់ និងធ្វើស្វ័យសិក្សាដោយភាពរីករាយបំផុត។

ពាណិជ្ជកម្ម

អនុវត្តន៍ច្បាប់ 80/20 ក្នុងជីវិត និងការងារ ដើម្បីភាពរីកចម្រើន

0
អនុវត្តន៍ច្បាប់ 80-20 ក្នុងជីវិត និងការងារ ដើម្បីភាពរីកចម្រើន

ច្បាប់ 80/20 ត្រូវបានបង្កើតឡើងដោយសេដ្ឋវិទូអ៊ីតាលី លោក Vilfredo Pareto ហើយត្រូវបានគេហៅម្យ៉ាងទៀតថា “គោលការណ៍ Pareto”។ គោលការណ៍នេះ ចង់បង្ហាញថា ធ្វើសកម្មភាព 20% ប៉ុន្តែអាចទទួលបានលទ្ធផល 80%។

តើធ្វើសកម្មភាព20% បែបណា ទើបអាចទទួលបានលទ្ធផល 80%? ហើយគោលការណ៍នេះ អាចអនុវត្តន៍ក្នុងជីវិត និងការងារបានដោយរបៀបណា? ខាងក្រោមនេះ នឹងបង្ហាញជូនអ្នក។

ឈ្វេងយល់អំពីច្បាប់ 80/20

ច្បាប់ 80/20 នេះ អាចយកអនុវត្តន៍បានគ្រប់ស្ថានការណ៍ទាំងអស់ ប្រសិនបើអ្នកចេះពីរបៀបអនុវត្តន៍ ជាពិសេសអនុវត្តន៍នៅក្នុងជីវិតផ្ទាល់ខ្លួន ការងារ អាជីវកម្ម ការសម្រេចគោលដៅជីវិត និងជាច្រើនផ្សេងទៀត។ ហើយការយល់ដឹងអំពីច្បាប់នេះ ជារឿងចាំបាច់ក្នុងការកំណត់អាទិភាពលើគម្រោង កិច្ចការ និងជីវិតរបស់អ្នក តាមរយៈការចេះផ្ដោតលើការងារសំខាន់ៗ និងការងារដែលផ្ដល់ផលចំណេញខ្លាំង 20% ជាជាងផ្ដោតលើការងារមិនសូវសំខាន់ និងមិនសូវមានផលចំណេញរហូតដល់ 80%។

ឧទាហរណ៍៖ អ្នកជាបុគ្គលិកផ្នែកលក់ម្នាក់ ហើយអ្នកមិនបានអនុវត្តន៍តាមច្បាប់ 80/20 នោះទេ ដូច្នេះអ្នកច្បាស់ជាទំនាក់ទំនងទៅកាន់ភ្ញៀវស្ទើគ្រប់គ្នា ដើម្បីបិទការងារ និងចំណាយពេលច្រើនជាមួយភ្ញៀវដែលមិនសូវមានសក្ដានុពលខ្ពស់ ដូច្នេះទោះបីជាអ្នកខិតខំប្រឹងប្រែងទំនាក់ទំនងជាច្រើនក៏ដោយ ក៏លទ្ធផលរបស់អ្នកមិនមានច្រើនដែរ ដូច្នេះការធ្វើសកម្មភាពរបស់អ្នកគឺ 80% ប៉ុន្តែបានផលត្រឹមតែ20%ប៉ុណ្ណឺង។ ប៉ុន្តែប្រសិនបើអ្នកអនុវត្តន៍តាមច្បាប់ 80/20 វិញ អ្នកច្បាស់ជាដឹងថា តើអតិថិជនណាខ្លះដែលមានសក្ដានុពលខ្លាំង? តើអតិថិជនណាខ្លាំងដែលអ្នកត្រូវផ្ដោតជាមួយ? តើអ្វីខ្លះដែលអាចជួយអ្នកឱ្យមានប្រសិទ្ធភាពក្នុងការបិទការលក់លឿនជាប្រចាំ? បន្ទាប់មកអ្នកផ្ដោតលើការងារណាដែលសំខាន់ៗ នោះលទ្ធផលក៏ទទួលបានតាមការរំពឹងទុក។

របៀបអនុវត្តន៍ច្បាប់ 80/20 នៅក្នុងជីវិត និងការងារ

ច្បាប់ 80/20 ជាច្បាប់ចង់ឱ្យអ្នកផ្ដោតលើការងារសំខាន់ៗ ហើយធ្វើសកម្មភាព 20% ដើម្បីមានលទ្ធភាពដើម្បីទទួលបានលទ្ធផល 80%។

  • ចំពោះជីវិត៖ អ្នកត្រូវតែកំណត់គោលដៅសម្រាប់ខ្លួនឯង តាមក្បួន SMART បន្ទាប់មក អ្នកត្រូវដឹងថា តើអ្វីជាសកម្មភាពអាទិភាពសម្រាប់អ្នកជាប្រចាំដែលអ្នកត្រូវតែធ្វើ? តើនរណាអាចជួយអ្នកបាន? តើសកម្មភាពណាដែលអ្នកកាន់តែធ្វើអ្នកកាន់តែរីកចម្រើន? តើសកម្មភាពណាខ្លះ ដែលមានភាពពាក់ព័ន្ធខ្លាំង ដើម្បីជួយអ្នកឱ្យឆាប់សម្រេចគោលដៅបានលឿន? តើសកម្មភាពណាខ្លះ ដែលអ្នកត្រូវបញ្ឈប់ធ្វើសកម្មភាព ដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជាងនេះ?
  • ចំពោះការងារ៖ ត្រូវដឹងថា តើភារកិច្ច តួនាទី និងទំនួលខុសត្រូវរបស់អ្នក គឺជាអ្វី? ហើយអ្វីជាលទ្ធផលដែលប្រធានរបស់អ្នកចង់បាន? តើការងារណាខ្លះដែលមានអាទិភាពសំខាន់ ហើយការងារណាខ្លះនៅបន្ទាប់បន្សំ? បន្ទាប់មក កំណត់សកម្មភាពដើម្បីបំពេញការងារលើការងារណាដែលទទួលបានផលលឿន និងចំគោលដៅ។

ជំហានដើម្បីអនុវត្តន៍ច្បាប់ 80/20

  • កំណត់រាល់កិច្ចការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍របស់អ្នក
  • កំណត់ភារកិច្ចសំខាន់ៗ ឬការងារអាទិភាពជាប្រចាំ
  • តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​ផ្តល់​ផល​តបស្នង​បន្ថែម​ដល់​អ្នក?
  • បំផុសគំនិតពីរបៀបដែលអ្នកអាចកាត់បន្ថយ ឬផ្ទេរភារកិច្ចដែលផ្តល់ឱ្យអ្នកនូវត្រឡប់មកវិញតិច
  • បង្កើតផែនការដើម្បីធ្វើបន្ថែមទៀត ដែលនាំឱ្យអ្នកមានតម្លៃកាន់តែច្រើន
  • ប្រើ 80/20 ដើម្បីផ្តល់អាទិភាពដល់គម្រោងណាមួយដែលអ្នកកំពុងធ្វើការ
  • រៀបចំផែនការផ្តោតលើសកម្មភាពដែលបង្កើតលទ្ធផលច្រើនបំផុត

ជារួមមក អ្នកត្រូវចងចាំថា ច្បាប់ 80/20 គឺចង់ឱ្យអ្នកផ្ដោតលើការងារអាទិភាព ការបំពេញការងារដោយឆ្លាតវៃ ចេះផ្ដោតលើផលិតភាពការងារ ចេះស្វែងរកជំនួយ ចេះវិភាគលទ្ធផលដែលនឹងទទួលបាន និងបំពេញការងារបានលឿនជាងមុន បានផលជាងមុន។

ពាណិជ្ជកម្ម

មុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

0
មុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

យុវជនជាច្រើន កំពុងតែមានចិត្តចង់ចាប់ផ្ដើមអាជីវកម្ម ហើយនេះជារឿងល្អ ពីព្រោះប្រសិនបើចាប់ផ្ដើមជោគជ័យគឺជួយទាំងខ្លួនឯង ជួយអ្នកដទៃតាមរយៈការបង្កើតការងារធ្វើសម្រាប់ពួកគេ និងជួយដល់សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។

ប៉ុន្តែមានកំហុសដ៏ធំមួយចំនួនដែលពួកគេបានប្រព្រឹត្តិនោះគឺ

  • ចាប់ផ្ដើមអាជីវកម្មតាមតែគេណែនាំ ឬធ្វើតាមគេ
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងគ្មានចំណេះដឹងក្នុងការធ្វើអាជីវកម្ម
  • ចាប់ផ្ដើមតែម្នាក់ឯង ដោយមិនបានស្វែងរកជំនួយពីបុគ្គលខ្លាំងៗ
  • ចាប់ផ្ដើមអាជីវកម្ម ដោយគ្មានផែនការអាជីវកម្មច្បាស់លាស់
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់
  • ចាប់ផ្ដើមទាំងដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលខ្លួនឯងមិនបានស្រលាញ់លើមុខជំនួញនោះពិតប្រាកដ
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់
  • ។ល។

ហេតុផលទាំងអស់នេះហើយ ដែលយើងតែងតែសង្កេតឃើញថា អាជីវកម្មមួយចំនួនឆាប់ដួលរលំ និងល្បីសុះសាយតែមួយឆាប់ប៉ុណ្ណោះ។ ដូច្នេះដើម្បីចៀសវាងពីកំហុសទាំងអស់នោះ អ្នកត្រូវតែពង្រឹងនូវចំណុចដែលមានដូចខាងក្រោមជាមុនសិន មុននឹងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។

1. គំនិតរកស៊ីខ្លាំង

នៅពេលចង់ចាប់ផ្ដើមអាជីវកម្ម ច្បាស់ណាស់ថាអ្នកក៏កំពុងមានគំនិតរកស៊ីលើអ្វីមួយដ៏ល្អ ប៉ុន្តែបើគ្រាន់តែមានចិត្តរកស៊ី តែមិនដឹងរកស៊ីអ្វីក៏ពិបាក ដូច្នេះត្រូវធ្វើឱ្យប្រាកដថា អ្នកមានគំនិតរកស៊ីមួយដ៏ល្អ។ ធ្វើបែបណា ទើបមានគំនិតរកស៊ីល្អ? គឺអ្នកអាចឈ្វេងយល់អំពីខ្លួនឯង ថាអ្នកចង់ធ្វើអ្វី? មានក្ដីស្រមៃអ្វី? មានចំណុចខ្លាំងអ្វី? ព្រមទាំងធ្វើការស្រាវជ្រាវអំពីគំនិតរកស៊ីឱ្យបានច្រើន ជាពិសេសអាចបង្កើតទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀតដែលកំពុងរីកចម្រើន ដើម្បីសុំមតិយោបល់ពីពួកគេបន្ថែម។ បន្ទាប់មក អ្នកអាចសង្ខេបដោយខ្លួនឯង ដើម្បីបង្កើតគំនិតរកស៊ីលើផ្នែកមួយដែលល្អ ហើយអ្នកពិតជាចង់បង្កើតវាឱ្យចេញជារូបរាងពិតប្រាកដ។

2. មានបេសកកម្មខ្លាំង

ការដែលមានបេសកកម្មខ្លាំងក្នុងការចាប់ផ្ដើម ធ្វើឱ្យអ្នកមិនឆាប់បោះបង់ និងអាចបន្តដំណើរបានវែងឆ្ងាយ និងឆាប់ទទួលបានលទ្ធផលតាមការរំពឹងទុក។ លើសពីនេះ វាក៏ធ្វើឱ្យអ្នកបានដឹងយ៉ាងច្បាស់អំពី គោលបំណងក្នុងការធ្វើអាជីវកម្មរបស់អ្នក ហើយធ្វើឱ្យអ្នកងាយស្រួលស្វែងរកព័ត៌មានដ៏ត្រឹមត្រូវ ក៏ដូចជារៀបយុទ្ធសាស្រ្តដើម្បីពង្រីកអាជីវកម្ម និងស្គាល់ច្បាស់ពីចំណុចខ្លាំងក្នុងអាជីវកម្ម ហើយអាចសម្រេចចិត្តបានលឿន ច្បាស់លាស់ ត្រឹមត្រូវ ដើម្បីដឹកនាំដំណើរការអាជីវកម្ម។

3. បង្កើតក្រុមខ្លាំង

ការចាប់ផ្ដើមអាជីវកម្ម ប្រសិនបើអ្នកចាប់ផ្ដើមតែម្នាក់ឯងក៏ល្អ ប៉ុន្តែគ្រាន់តែដើរយឺត តែបើបង្កើតក្រុមសហការគ្នាគឺដើរលឿន គ្រាន់តែទាមទារឱ្យអ្នកស្វែងរកសមាជិកក្រុមដែលខ្លាំង ដើម្បីបន្តបេសកកម្មជាមួយគ្នា។ ដូច្នេះអ្នកត្រូវតែចេះស្វែងរកបុគ្គលណាដែលមានសមត្ថភាព និងមានផ្នត់គំនិតរីកចម្រើន ព្រមទាំងមានបេសកកម្មស្រដៀង ឬដូចនឹងអ្នក ដើម្បីចាប់ដៃគ្នាធ្វើអាជីវកម្មរួមគ្នា។

ម្យ៉ាងទៀត អ្នកក៏ត្រូវចេះបង្កើតបណ្ដាញជាមួយនឹងសហគ្រិនខ្លាំងៗឱ្យបានច្រើន ហើយប្រសិនបើអ្នកជ្រើសរើសបុគ្គលិកក៏ត្រូវជ្រើសរើសបុគ្គលដែលខ្លាំងផងដែរ ដោយខ្លាំងទាំងសមត្ថភាព និងខ្លាំងទាំងការអនុវត្តន៍ ហើយជាបុគ្គលដែលបើកចិត្តធ្វើអ្វីថ្មីៗ និងបន្តការអភិវឌ្ឍន៍សមត្ថភាព។

4. ផែនការខ្លាំង

ការបង្កើតអាជីវកម្មមួយ ប្រសិនបើមិនមានផែនការខ្លាំងទេ នោះដំណើរការអាជីវកម្មក៏មិនខ្លាំងដែរ។ ដូច្នេះអ្នកត្រូវតែមានចំណេះដឹងក្នុងការធ្វើផែនការអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលដល់អ្នកក្នុងការដឹកនាំចាត់ចែងគ្រប់គ្រងអាជីវកម្មឱ្យដំណើរការរលូន។

ការដែលមានផែនការអាជីវកម្មខ្លាំង វានឹងជួយឱ្យអ្នក

  • អ្នកគួរចាប់ផ្ដើមពីចំណុចណា
  • ងាយស្រួលសម្រេចចិត្តលើរឿងសំខាន់ៗបានលឿននិងត្រឹមត្រូវ
  • អាចចៀសវាងពីកំហុសធំៗដែលនឹងអាចកើតមានឡើង
  • អាចស្វែងរកដំណោះស្រាយបានទាន់ពេលវេលា
  • ទទួលរងហានិភ័យតិចបំផុតនៅពេលចាប់ផ្ដើម
  • ធ្វើឱ្យអ្នកមានការត្រៀមខ្លួនទុកមុនលើរឿងរ៉ាវផ្សេងៗដែលនឹងអាចកើតមានឡើង
  • មិនងាយដើរខុសពីគោលបំណងអាជីវកម្ម
  • អាចវាយតម្លៃពីសកម្មភាពនានា ដើម្បីកែតម្រូវលើសកម្មភាពណាដែលមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុក
  • ។ល។

5. យល់ពីបរិបទនៃការរកស៊ីខ្លាំង

ការធ្វើអាជីវកម្មមានរឿងរ៉ាវជាច្រើនដែលត្រូវដឹង ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវរៀនប្រឡូកឱ្យបានច្រើន ដើម្បីដឹងពីស្ថានភាពនៃការរកស៊ី តាមរយៈការហាត់ការ ឬធ្វើការនៅក្រុមហ៊ុនដែលទើបចាប់ផ្ដើមដំបូង ហើយសាកល្បងទៅធ្វើការនៅក្រុមហ៊ុនស្ដង់ដារ ឬក្រុមហ៊ុនធំៗ ដើម្បីដឹងពីដំណើរការអាជីវកម្ម។

ម្យ៉ាងទៀត អ្នកត្រូវតែរៀនសិក្សាដោយខ្លួនឯងផ្ទាល់តាមវិធីរបស់អ្នក មិនថាតាមដានសហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ ការចុះទៅសាកសួរផ្ទាល់ពីអ្នករកស៊ីផ្សេងទៀត និងស្រាវជ្រាវតាមអ៊ីនធឺណិតជាដើម ដើម្បីយល់ដឹងកាន់តែច្បាស់ពីបរិបទនៃការរកស៊ី។

បរិបទនៃការរកស៊ីដែលអ្នកត្រូវឈ្វេងយល់៖

  • របៀបដំណើរការអាជីវកម្ម
  • របៀបគ្រប់គ្រងចាត់ចែងអាជីវកម្ម
  • របៀបបង្កើត និងគ្រប់គ្រងក្រុម
  • ប្រព័ន្ធច្បាប់ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្ម
  • និងជាច្រើនទៀត។
ពាណិជ្ជកម្ម

6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក

0
6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អាជីពរបស់អ្នក

ការអភិវឌ្ឍសមត្ថភាព ជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់នៅកន្លែងធ្វើការ អ្នកត្រូវតែចេះគ្រប់គ្រងការអភិវឌ្ឍខ្លួនឯង និងព្យាយាមពង្រឹងសមត្ថភាព ទោះបីជាក្រុមហ៊ុនរបស់អ្នកមិនបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកក៏ដោយ។

តើធ្វើបែបណាទើបអាចគ្រប់គ្រងការអភិវឌ្ឍអាជីពផ្ទាល់ខ្លួនឱ្យកាន់តែរីកចម្រើន? បើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញពី 6 វិធីយ៉ាង ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក ទោះបីជាក្រុមហ៊ុនមិនបានខ្វល់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកក៏ដោយ។

វីធីទី1. យល់ពីអ្វីដែលអ្នកត្រូវបានវាយតម្លៃ

អ្នកត្រូវដឹងថា អ្វីដែលអ្នកនឹងត្រូវវាយតម្លៃសម្រាប់ខ្លួនឯង និងអ្វីដែលថ្នាក់ដឹកនាំ ឬប្រធាននឹងវាយតម្លៃការងាររបស់អ្នក។ ក្នុងចំណុចនេះ អ្នកអាចសួរខ្លួនឯងថា៖

  • តើភាពជោគជ័យមើលទៅដូចអ្វីនៅក្នុងមុខតំណែងរបស់អ្នក?
  • តើអ្វីជាគោលដៅការងារ និងមាត្រដ្ឋានជោគជ័យរបស់អ្នក?

វាជាការល្អបំផុតក្នុងការកំណត់អត្តសញ្ញាណទាំងនេះ ហើយពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នក ប៉ុន្តែប្រសិនបើវាមិនកើតឡើងទេនោះ សូមសរសេរអ្វីដែលអ្នកយល់ពីគោលដៅ និងសូចនាករសំខាន់ៗដែលត្រូវធ្វើ។ បន្ទាប់មក យកវាទៅពិភាក្សាជាមួយនឹងចៅហ្វាយរបស់អ្នកដើម្បីទទួលបានកិច្ចព្រមព្រៀង ឬការអនុម័ត ហើយអាចសុំមតិយោបល់បន្ថែមពីគាត់ ដើម្បីធានាថាអ្នកដើរលើផ្លូវត្រូវ។

វីធីទី2. រកដំណោះស្រាយចំពោះកង្វះខាតផ្ទាល់ខ្លួន

ចូរធ្វើជាបុគ្គលដែលតែងតែបន្តការរៀនសូត្រ និងកែតម្រូវខ្លួនឯងឱ្យមានភាពល្អប្រសើរ ព្រមទាំងត្រូវចេះស្វែងរកមតិកែលម្អពីប្រធាន ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ មិត្តភក្តិ មិត្តរួមការងារ និងអ្នកនៅជុំវិញខ្លួន។ ម្យ៉ាងទៀត អ្នកត្រូវតែរៀនចំណាយពេលសន្ទនាជាមួយខ្លួនឯង ដើម្បីសិក្សាពីចំណុចខ្វះខាត និងអ្វីដែលត្រូវពង្រឹងបន្ថែម។ បន្ទាប់មក អ្នកអាចចាប់ផ្ដើមធ្វើបទបង្ហាញ ឬធ្វើកិច្ចប្រជុំ ដើម្បីបង្ហាញពីអ្វីដែលអ្នកគិតថាដំណើរការល្អ ហើយសុំមតិយោបល់បន្ថែមពីអ្នកចូលរួមដើម្បីកែលម្អ។

ចូរធ្វើជាអ្នកស្ដាប់ អ្នករៀន និងចេះកែលម្អខ្លួនឯង ដោយពុំចាំបាច់ឱ្យអ្នកគ្រប់គ្រង ឬថ្នាក់លើបង្រៀនឡើយ គឺវាចាប់ផ្ដើមពីអ្នកខ្លួនឯងជាដំបូងសិន។

វិធីទី3. រៀនជំនាញថ្មីៗដើម្បីពង្រឹងសមត្ថភាព

ទោះបីជាអ្នកបច្ចុប្បន្ននេះ កំពុងធ្វើការងារក្នុងផ្នែកអ្វីក៏ដោយ ឬក៏ជាអ្នកជំនាញលើផ្នែកណាមួយក្នុងមុខតំណែងរបស់អ្នក ប៉ុន្តែអ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យចេះរៀនសូត្រនូវជំនាញថ្មីៗបន្ថែមទៀត។ ហើយជំនាញនោះ ត្រូវតែជាជំនាញដែលអាចជួយឱ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង និងមានផលិតភាពការងារកាន់តែខ្ពស់។

ឧទាហរណ៍ បច្ចុប្បន្ននេះ អ្នកគឺជាអ្នកលក់ឆ្នើមម្នាក់ ដូច្នេះដើម្បីកាន់តែធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើន និងខ្លាំងបន្តទៀត អ្នកអាចស្វែងរកជំនាញដែលពាក់ព័ន្ធមករៀនបន្ថែម ដូចជាជំនាញចរចា និងជំនាញទីផ្សារជាដើម។

វិធីទី4. បង្កើនភាពមើលឃើញពីសមត្ថភាពរបស់អ្នកជាមួយថ្នាក់ដឹកនាំ

ប្រសិនបើអ្នកជាបុគ្គលដែលមានសមត្ថភាពខ្លាំងពិតប្រាកដ ប៉ុន្តែបើអ្នកមិនចេះពីរបៀបបង្ហាញដល់ថ្នាក់ដឹកនាំបានឃើញពីសមត្ថភាពរបស់អ្នកទេ នោះអ្នកក៏បាត់បង់ឱកាសច្រើនដែរ ដូចជាឱកាសទទួលបានសេចក្ដីទុកចិត្ត ឱកាសឡើងតំណែង ឱកាសធ្វើការងារបានកាន់តែច្រើន និងឱកាសរីកចម្រើនកាន់តែខ្លាំង។

ដូច្នេះចូរអ្នកត្រូវតែចេះពីរបៀបបង្ហាញទៅកាន់ថ្នាក់ដឹកនាំ តាមរយៈការចេះស្ម័គ្រចិត្តសម្រាប់គំនិតផ្ដួចផ្ដើមធ្វើអ្វីមួយ និងបង្ហាញភាពលេចធ្លោររបស់អ្នកឱ្យបានច្រើន។

វិធីទី5. ធ្វើជាអ្នកជំនាញលើផ្នែកដែលសំខាន់ខ្លាំងក្នុងក្រុមហ៊ុន

ទោះបីជាអ្នកកំពុងធ្វើការងារក្នុងមុខតំណែងអ្វីក៏ដោយ ក៏អ្នកត្រូវចេះរៀនសង្កេតមើលពីស្ថានភាពក្រុមហ៊ុនរបស់អ្នក ថាមានចំណុចខ្វះខាតអ្វី ហើយផ្នែកណាដែលសំខាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែខ្វះមនុស្សធ្វើ។ ដូច្នេះនេះជាឱកាសសម្រាប់អ្នក ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច? គឺអ្នកអាចចាប់ផ្ដើមសកម្មភាពចូលរួមជាមួយផ្នែកនោះ ព្យាយាមធ្វើការស្រាវជ្រាវសិក្សាបន្ថែម ហើយស្វែងរកអ្នកជំនាញខាងនោះជួយជ្រោមជ្រែង និងហ៊ានបញ្ចេញសមត្ថភាពបន្តិចម្ដងៗ រហូតធ្វើឱ្យខ្លួនក្លាយជាមនុស្សសំខាន់នៅក្នុងក្រសែភ្នែកថ្នាក់ដឹកនាំ និងអាចក្លាយជាអ្នកជំនាញលើផ្នែកនោះ។

វិធីទី6. ស្វែងរកការប្រឹក្សា និងការណែនាំដ៏ល្អ

ការជ្រើសរើសការប្រឹក្ស និងអ្នកណែនាំដ៏ល្អ ជារឿងសំខាន់ ពីព្រោះពួកគេជួយអ្នកឱ្យកាន់តែរីកចម្រើនបានលឿន ប៉ុន្តែផលវិបាកនោះគឺថា មិនដឹងរកពួកគេនៅទីណា?

ជាដំណោះស្រាយ អ្នកអាចសង្កេតមើលអ្នកជុំវិញ និងមនុស្សដែលអ្នកបានជួប ឬបានស្គាល់ទាំងអស់ បន្ទាប់មកធ្វើការវាយតម្លៃ ដើម្បីឱ្យដឹងថា តើមានបុគ្គលណាខ្លះដែលអ្នកអាចទុកចិត្តបាន និងអាចសុំពួកគេក្នុងការប្រឹក្សា និងណែនាំសម្រាប់អ្នក។

ពាណិជ្ជកម្ម

របៀបចាប់ផ្ដើមអាជីវកម្មអនឡាញដោយខ្លួនឯង

0
របៀបចាប់ផ្ដើមអាជីវកម្មអនឡាញដោយខ្លួនឯង

ការចាប់ផ្ដើមអាជីវកម្មតាមអនឡាញ នរណាក៏អាចចាប់ផ្ដើមបានដែរ ប៉ុន្តែបើចាប់ផ្ដើមឱ្យមានលក្ខណៈស្ដង់ដារដែលមនុស្សគ្រប់គ្នាទុកចិត្ត ហើយអាចធ្វើឱ្យអាជីវកម្មអនឡាញនោះដំណើរការបានរលូន និងជោគជ័យ គឺមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

អាជីវកម្មអនឡាញ ក៏ទាមទារឱ្យអ្នកមានក្បួន និងរបៀបត្រឹមត្រូវដើម្បីធ្វើ ហើយក៏មានអាទិភាពរកប្រាក់ចំណូលបានខ្ពស់ដែរ ព្រមទាំងអាចឈានដល់ការបើកអាជីវកម្មធំដោយមានទីតាំងច្បាស់លាស់ ពីព្រោះនៅក្នុងសម័យនេះ មនុស្សប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើន និងពេញនិយមទិញអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការនៅតាមអនឡាញ ប៉ុន្តែពួកគេជ្រើសរើសតែអាជីវកម្មណាដែលមើលទៅគួរឱ្យទុកចិត្ត និងពេញនិយមប៉ុណ្ណោះ។

ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មអនឡាញដែរ តើត្រូវយល់ដឹងអំពីអ្វីខ្លះ? ហើយចាប់ផ្ដើមដោយរបៀបណា?

អ្វីដែលអ្នកត្រូវដឹង មុនពេលចាប់ផ្ដើម

  1. តើអ្នកចង់លក់អ្វី?
  2. តើចង់បង្កើតម៉ាកខ្លួនឯង ឬទិញស្ដុកពីគេលក់បន្ត?
  3. ឈ្វេងយល់ពីទំហំទីផ្សារ បើធៀបនឹងផលិតផលដែលលក់
  4. តើគុណភាពផលិតផលដែលអ្នកនឹងលក់នោះយ៉ាងមិចដែរ?
  5. តើមនុស្សភាគច្រើនមានតម្រូវការអ្វី?
  6. តើនរណាជាអតិថិជនគោលដៅរបស់អ្នក?
  7. តើនរណានឹងជួយអ្នកក្នុងការចាប់ផ្ដើម?
  8. បង្កើតផែនការអាជីវកម្ម
  9. ផែនការយុទ្ធសាស្រ្តធ្វើទីផ្សារសម្រាប់អាជីវកម្ម

របៀបចាប់ផ្ដើមអាជីវកម្មអនឡាញ

ជំហានទី1. បង្កើតផេកផ្លូវការសម្រាប់ធ្វើអាជីវកម្មរបស់អ្នក៖ ដោយបង្ហាញLogoអាជីវកម្ម ឈ្មោះអាជីវកម្ម បង្ហាញព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងរៀបចំផេកឱ្យបានល្អ ដើម្បីធ្វើឱ្យអតិថិជនទុកចិត្ត និងងាយស្រួលទំនាក់ទំនងបញ្ជាការកម្ម៉ង់។ ហើយចំណុចនេះ ប្រសិនបើអ្នកមិនចេះបង្កើតផេកផ្លូវការដែលមានលក្ខណៈស្ដង់ដារទេ អ្នកអាចជួលអ្នកជំនាញផ្នែកនេះ ដើម្បីឱ្យគេរៀបចំជូនអ្នក។

ជំហានទី2. ជ្រើសរើសផលិតផលត្រូវ៖ ប្រសិនបើអ្នកបង្កើតម៉ាកខ្លួនឯង អ្នកត្រូវតែធ្វើឱ្យផលិតផលរបស់អ្នកស្របច្បាប់ មានគុណភាព និងអាចបំពេញតម្រូវការរបស់មនុស្សបានច្រើន។ ប៉ុន្តែប្រសិនបើអ្នកទិញម៉ាករបស់អ្នកដទៃមកលក់បន្ត នោះអ្នកក៏ត្រូវមើលដែរថា តើផលិតផលនោះស្របច្បាប់ទេ? មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ? គុណភាពល្អទេ? និងស្រាវជ្រាវព័ត៌មានឱ្យបានច្រើនអំពីម៉ាកដែលអ្នកនឹងយកមកលក់បន្ត ដើម្បីអ្នកខ្លួនឯងអាចលក់ដាច់ ងាយធ្វើទីផ្សារ និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ព្រមទាំងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។

ជំហានទី3. បង្កើតឱ្យមានក្រុម៖ ប្រសិនបើអ្នកបើកអាជីវកម្មអនឡាញលក្ខណៈតូចដែរ ដូច្នេះអាចពឹងពាក់ឱ្យបងប្អូនសាច់ញាតិដែលអាចជាទីពឹងក្នុងការជួយបន្ថែម ទាំងការរៀបចំស្ដុក និងជួយមើលការខុសត្រូវផ្សេងៗតាមតម្រូវការរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមធំល្មមដែរ អាចជ្រើសរើសបុគ្គលិកម្នាក់ឬច្រើន តាមភាពជាក់ស្ដែង ក្នុងការជួយរៀបចំ និងជួយអ្នកឆ្លើយតបភ្ញៀវជាដើម។

ជំហានទី4. ពិចារណាក្នុងការសហការជាមួយអ្នកដឹកជញ្ជូន៖ ចំណុចនេះ អ្នកអាចរៀបចំឱ្យមានអ្នកដឹកឥវ៉ាន់សម្រាប់ភ្ញៀវ ដោយប្រសិនបើមានបងប្អូនជាអ្នកដឹក អាចទាក់ទងជាមួយគាត់ និងម្យ៉ាងទៀត អាចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន។

ជំហានទី5. រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយ៖ អ្នកអាចចាប់ផ្ដើមពីការផ្សព្វផ្សាយកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក ដើម្បីឱ្យមនុស្សបានស្គាល់ និងបាន Like & Follow ផេកផ្លូវការរបស់អ្នក។ បន្ទាប់មក រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយមាតិកាឱ្យត្រូវនឹងអតិថិជនគោលដៅ អមជាមួយនឹងអាជីវកម្មរបស់អ្នក។ លើសពីនេះ ក៏ត្រូវចេះពីរបៀប Boost page និងរបៀបផ្សព្វផ្សាយឱ្យបានត្រូវពេលវេលា ហើយមានលក្ខណៈរលូន ដោយគ្មានភាពរញ៉ែរញ៉ៃ។

ពាណិជ្ជកម្ម

ចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ កុំភ្លេចអានសៀវភៅ “វិថីអចលនទ្រព្យ”

0
ចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ កុំភ្លេចអានសៀវភៅ “វិថីអចលនទ្រព្យ”

សៀវភៅ «វិថីអចលនទ្រព្យ» បោះពុម្ពលើកទី 2 ដោយជោគជ័យ ហើយកំពុងមានស្ដុកនៅហាងសៀវភៅអ្នកអាន ដូច្នេះនេះជាឱកាសថ្មីមួយសម្រាប់បងប្អូនដែលពុំទាន់បានជាវសៀវភៅនេះ ឬជាវមិនទាន់កាលពីបោះពុម្ពលើកទី1។

សៀវភៅវិថីអចលនទ្រព្យ

អំពីសៀវភៅ «វិថីអចលនទ្រព្យ»

សៀវភៅនេះ ជាស្នាដៃនិពន្ធរបស់លោក គាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century 21 Dream Property ដែលលោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ ដូច្នេះរាល់ខ្លឹមសារនៅក្នុងសៀវភៅ គឺសុទ្ធតែរំលេចអំពី៖

  • បទពិសោធន៍ និងការអនុវត្តជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យ
  • ជំហានដំបូងនៃការប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយដឹងថា ចាប់ផ្ដើមពីណា? ត្រូវត្រៀមអ្វី? ប្រឈមនឹងបញ្ហាអ្វីខ្លះ? មានសក្ដានុពលអ្វី?
  • របៀបបង្កើតក្រុមហ៊ុនអចលនទ្រព្យ ហើយលើកបង្ហាញពីក្រុមហ៊ុនថ្មីៗដែលកំពុងគ្មានចំណូល ឬរកស៊ីខាត
  • របៀបវិនិយោគលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ
  • ចែករំលែកកំហុសជាច្រើនរបស់លោក គាម សៀកឡុងផ្ទាល់ នៅពេលចាប់ផ្ដើមលើវិស័យអចលនទ្រព្យជាលើកដំបូង ទាំងការខាតអស់លុយ9ម៉ឺននៅក្នុងរយៈពេល1ឆ្នាំ និងជាច្រើនទៀតដែលបង្ហាញនៅក្នុងសៀវភៅ។ ព្រមទាំងបង្ហាញពីរបៀបដែលបានស្ដារនូវកំហុសនោះឡើងវិញ។

ជារួមមក សៀវភៅនេះ គឺសក្តិសមបំផុតសម្រាប់បងប្អូនដែលចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ ដើម្បីដឹងមុន និងត្រៀមខ្លួនឱ្យបានរួចរាល់ ព្រមទាំងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ហើយចំពោះបងប្អូនដែលចង់យល់ដឹងបន្ថែមទៀតលើវិស័យនេះ ក៏កាន់តែសក្តិសម ពីព្រោះសៀវភៅនេះ ប្រៀបដូចជាក្បួនដើម្បីបង្ហាញផ្លូវ និងជួយបងប្អូនបន្ថែមទៀត។

ទំនាក់ទំនងទិញសៀវភៅ តាមរយៈ

☎️ 089 555 993

📌Page Naek Arn-អ្នកអាន 

ពាណិជ្ជកម្ម

តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

0
តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

ការធ្វើទីផ្សារជារឿងមួយដ៏សំខាន់ណាស់នៅក្នុងអាជីវកម្ម មិនថាអាជីវកម្មនោះស្ថិតនៅក្នុងប្រភេទអាជីវកម្មអ្វីនោះទេ។ ហើយប្រសិនបើ ផលិតផលរបស់អ្នកមានគុណភាពល្អ ប៉ុន្តែមិនចេះធ្វើទីផ្សារ ក៏អាជីវកម្មរបស់អ្នកក៏ពិបាកនឹងរីកចម្រើនលឿនដែរ។

នៅក្នុងចំណុចនេះ ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូចបានមើលរំលង ក៏ដូចជាមិនសូវធ្វើទីផ្សារច្រើនសម្រាប់អាជីវកម្មរបស់ខ្លួនឡើយ។ ពេលខ្លះធ្វើទីផ្សារខុស ឬមិនចេះធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួនក៏មានដែរ។ ដូច្នេះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញអ្នក ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច ឱ្យបានឈ្វេងយល់បន្ថែមពីរបៀបធ្វើទីផ្សារនៅក្នុងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែល្អ។

តើអ្វីជាការធ្វើទីផ្សារ?

ការធ្វើទីផ្សារ សំដៅលើសកម្មភាពណាមួយដែលក្រុមហ៊ុនបានធ្វើសកម្មភាព ដើម្បីទាក់ទាញអតិថិជនគោលដៅមកកាន់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនតាមរយៈការផ្ញើសារដែលមានគុណភាពខ្ពស់។ ហើយការធ្វើទីផ្សារ មានគោលបំណងផ្តល់នូវគុណតម្លៃដាច់ដោយឡែកសម្រាប់អនាគត និងអ្នកប្រើប្រាស់តាមរយៈខ្លឹមសារជាមួយនឹងគោលដៅរយៈពេលវែងនៃការបង្ហាញពីគុណតម្លៃផលិតផល និងការពង្រឹងភាពស្មោះត្រង់នៃម៉ាកយីហោ ហើយបន្ទាប់មកធ្វើការបង្កើនការលក់។

ឈ្វេងយល់ពី 4 Ps នៃការធ្វើទីផ្សារ

4 Ps មកពីពាក្យ Product (ផលិតផល), Price (តម្លៃ), Place (ទីតាំង), &Promotion (ការផ្សព្វផ្សាយ)

  • Product (ផលិតផល)៖ តើអ្នកនឹងលក់អ្វី? តើផលិតផលរបស់អ្នកបំពេញតម្រូវការអតិថិជនរបស់អ្នកយ៉ាងដូចម្តេច?
  • Price (តម្លៃ)៖ តើអ្នកនឹងកំណត់តម្លៃបែបណា? តើគុណតម្លៃនៃផលិតផលរបស់អ្នកគឺជាអ្វី?
  • Place (ទីតាំង)៖ តើអ្នកនឹងជ្រើសរើសទីតាំងនៅកន្លែងណា ដែលសម្បូរដោយអតិថិជនគោលដៅរបស់អ្នក? តើអតិថិជនកំពុងស្វែងរកផលិតផលរបស់អ្នកនៅឯណា?
  • Promotion (ការផ្សព្វផ្សាយ)៖ តើអតិថិជនរបស់អ្នកឈ្វេងយល់អំពីអ្នកដោយរបៀបណា? តើអ្នកប្រើយុទ្ធសាស្ត្រអ្វីខ្លះ ហើយមានប្រសិទ្ធភាពដែរឬទេ? តើអ្នកអាចបែងចែកផលិតផលរបស់អ្នកពីដៃគូប្រកួតប្រជែងដោយរបៀបណា?

ប្រភេទនៃការធ្វើទីផ្សារ ដែលអ្នកគួរចាប់ផ្ដើមសាកល្បង

ប្រភេទនៃការធ្វើទីផ្សារមានច្រើនណាស់ ប៉ុន្តែចំពោះអាជីវកម្មខ្នាតតូចគួរតែសាកល្បងនូវប្រភេទនៃការធ្វើទីផ្សារមួយចំនួនដែលមានដូចជា៖

1. កំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅនេះ ជារឿងសំខាន់ណាស់ ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនបានមើលរំលង ហើយតែងតែគិតថា មនុស្សគ្រប់គ្នាសុទ្ធតែជាអតិថិជនគោលដៅរបស់ពួកគេ។

ចូរអ្នកត្រូវចងចាំថា ការដែលអាចកំណត់ទីផ្សារគោលដៅបាន គឺវាជួយអ្នកឱ្យស្គាល់ច្បាស់អំពីទំហំទីផ្សាររបស់អ្នក ហើយដឹងយ៉ាងច្បាស់ទៀតថា តើអតិថិជនគោលដៅរបស់អ្នកជានរណា? ហើយអ្នកកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារឱ្យចំគោលដៅដែលអ្នកចង់បាន។

ជំហានដំបូង អ្នកត្រូវតែកំណត់ប្រភេទអតិថិជនគោលដៅរបស់អ្នក តាមវិធីខាងក្រោម៖

  • អាយុ
  • ភេទ
  • ជនជាតិ
  • កម្រិតនៃការអប់រំ
  • មុខរបរ
  • កម្រិតនៃប្រាក់ចំណូល
  • ស្ថានភាពគ្រួសារ (នៅលីវ ឬមានគ្រួសាររួច)

លើសពីនេះ អ្នកក៏ត្រូវដឹងអំពី៖

  • ចំពោះផលិតផល តើអតិថិជនរបស់អ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វី?
  • តើអតិថិជនរបស់អ្នកភាគច្រើននៅទីណាខ្លះ?
  • តើអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តប្រភេទមាតិកាបែបណា?
  • តើអតិថិជនរបស់អ្នកភាគច្រើនមានតម្រូវការអ្វីខ្លះ? ។ល។
2. Content Marketing (ទីផ្សារមាតិកា)

Content Marketing គឺជាការបង្កើត និងចែកចាយមាតិកា ដែលត្រូវបានរចនាឡើងដើម្បីកម្សាន្ត អប់រំ និងផ្តល់គុណតម្លៃដល់អ្នកប្រើប្រាស់។ ហើយយុទ្ធសាស្រ្តនេះ នឹងជួយបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន និងកសាងទំនុកចិត្តជាមួយពួកគេ។ ជារួមមក យុទ្ធសាស្ត្រនេះជួយឆ្លើយតបនឹងសំណួររបស់អ្នកប្រើប្រាស់ អំពីមូលហេតុដែលពួកគេគួរតែជ្រើសរើសប្រើប្រាស់ផលិតផលនៅក្នុងអាជីវកម្មរបស់អ្នក ជាជាងទៅប្រើប្រាស់របស់ក្រុមហ៊ុនផ្សេង។

របៀបប្រើប្រាស់ការធ្វើទីផ្សារបែប Content Marketing

  • ចាប់ផ្ដើមបង្កើតការសរសេរប្លុក (Blogging)
  • ចាប់ផ្ដើមធ្វើសកម្មភាពឱ្យបានច្រើននៅលើប្រភេទបណ្ដាញសង្គមណាដែលអតិថិជនរបស់អ្នកចូលចិត្តប្រើប្រាស់ ដូចជា Facebook, TikTok និង IG ជាដើម
  • បង្កើតមាតិកាដែលអតិថិជនរបស់អ្នកចង់ឃើញ និងចូលចិត្ត ហើយផ្សារភ្ជាប់ជាមួយនឹងអ្វីដែលអ្នកលក់
  • បង្កើតប្រតិទិនសម្រាប់ផ្សព្វផ្សាយមាតិការបស់អ្នក
  • បង្កើតភាពចម្រុះនៃប្រភេទមាតិកា ដោយបញ្ចូលទាំង Infographic, វីដេអូ និងអត្ថបទជាដើម
  • បង្ហាញពីចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នកក្រោយពីបានប្រើប្រាស់ផលិតផលរបស់អ្នក
3. Social Media Marketing (ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម)

អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតទំនាក់ទំនងឱ្យជិតស្និត ក៏ដូចជាមានភាពរឹងមាំជាមួយនឹងអតិថិជនរបស់អ្នក។

ក្រុមហ៊ុនជោគជ័យ តែងតែមានគោលបំណងបង្កើតសហគមន៍អ្នកគាំទ្រ និងបង្កើនការស្តាប់តាមបណ្ដាញសង្គមដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច ក៏អាចសាកល្បងបាន។ លើសពីនេះ អ្នកក៏អាចសិក្សាបន្ថែមថា អតិថិជនរបស់អ្នកភាគច្រើនចំណាយពេលច្រើននៅលើបណ្ដាញសង្គមមួយណា ដើម្បីងាយស្រួលដល់អ្នកក្នុងការសម្រុកធ្វើសកម្មភាពនៅទីនោះឱ្យបានច្រើន។

4. Facebook Ads (ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក)

Facebook ជាកន្លែងមួយដែលមនុស្សពេញនិយមប្រើប្រាស់ច្រើន ហើយនៅក្នុងនោះក៏សម្បូរអតិថិជនរបស់អ្នកផងដែរ ដូច្នេះវាជាជម្រើសដ៏ល្អក្នុងការធ្វើទីផ្សារ ដោយប្រើវិធីសាស្រ្ត Facebook Ads ពីព្រោះវាអាចឆាប់បានទៅដល់អតិថិជនរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជំហានក្នុងការផ្សាយពាណិជ្ជកម្មដោយប្រើ Facebook Ads៖

  • បង្កើតគណនី Facebook សម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នកដោយប្រើ Business Suite
  • បង្កើតការច្នៃប្រឌិតពាណិជ្ជកម្ម (រូបថត ឬវីដេអូ) ជាមួយនឹងចំណងជើងគួរឱ្យទាក់ទាញ និងរូបភាពដែលគួរឱ្យចាប់អារម្មណ៍
  • ប្រើកម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Facebook ដែលផ្តល់រាល់មុខងារដែលអ្នកត្រូវការ ដើម្បីចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ឧ. ការកំណត់គោលដៅទស្សនិកជន ថវិកា ពេលវេលាដំណើរការ ស្ថិតិពេលវេលា និងជាច្រើនទៀត។
  • វាយតម្លៃពីរបៀបដែលការផ្សាយពាណិជ្ជកម្មរបស់អ្នកកំពុងដំណើរការ

សូមបញ្ជាក់ នៅក្នុងចំណុចនេះ ប្រសិនបើអ្នកមិនសូវមានជំនាញ ឬមិនសូវចេះច្បាស់ អ្នកអាចជ្រើសរើសបុគ្គលិក ឬស្វែងរកជំនួយពីបុគ្គលណាដែលពួកគេមានជំនាញខាង Facebook Ads ដើម្បីធ្វើកិច្ចការនេះសម្រាប់អាជីវកម្មរបស់អ្នក។

5. ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ

ប្រសិនបើអ្នកជាអ្នកជំនាញលើផ្នែកណាមួយ ឬអាចស្វែងរកដៃគូសហការពីបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក ដើម្បីបង្កើតការប្រឹក្សាយោបល់ជាពិសេសឥតគិតថ្លៃដល់អតិថិជន។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យអតិថិជនកាន់តែងាយសម្រេចចិត្តបានលឿន និងល្អ ព្រមទាំងពួកគេកាន់តែបានយល់ច្បាស់អំពីផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នកកាន់តែច្បាស់ជាងមុន។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាមនុស្សត្រូវមានទាំង Hard Skills និង Soft Skills?

0
ហេតុអ្វីបានជាមនុស្សត្រូវមានទាំង Hard Skills និង Soft Skills?

ជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) សុទ្ធតែជាជំនាញដែលមនុស្សត្រូវការទាំងពីរ ដោយមិនអាចខ្វះជំនាញណាមួយបានឡើយ ឬមិនអាចមានតែជំនាញរឹង ហើយគ្មានជំនាញទន់ ឬមានតែជំនាញទន់ តែគ្មានជំនាញរឹងបានឡើយ។ ដូច្នេះសំណួរចោទឡើងថា ហេតុអ្វីមនុស្សត្រូវតែមានជំនាញទាំងពីរនេះ?

ដើម្បីឈ្វេងយល់កាន់តែច្បាស់ថា ជំនាញទាំងពីរនេះមានភាពពាក់ព័ន្ធគ្នាដូចម្ដេច យើងអាចឈ្វេងយល់អំពីជំនាញនីមួយៗជាមុនសិន។

ជំនាញរឹង (Hard Skills)

ជំនាញរឹង ជាចំណេះដឹងបច្ចេកទេស ឬការបណ្តុះបណ្តាលដែលអ្នកបានទទួលតាមរយៈបទពិសោធន៍ជីវិតណាមួយ រួមទាំងក្នុងអាជីព ឬការអប់រំរបស់អ្នកនៅក្នុងសាលា។

ជំនាញរឹង រួមមាន៖

  • ជំនាញភាសាបរទេស
  • សញ្ញាបត្រ ឬវិញ្ញាបនបត្រ
  • ការសរសេរកម្មវិធីកុំព្យូទ័រ
  • ជំនាញ IT
  • គណនេយ្យករ
  • ការគ្រប់គ្រងយុទ្ធនាការទីផ្សារ
  • ការវិភាគហានិភ័យ
  • និងមានជាច្រើនទៀត។

ជំនាញទន់ (Soft Skills)

ជំនាញទន់ ជាទម្លាប់ និងលក្ខណៈផ្ទាល់ខ្លួន ដែលកំណត់ពីរបៀបដែលអ្នកធ្វើការ ដោយខ្លួនឯង និងជាមួយអ្នកដទៃ។

ជំនាញទន់ រួមមាន៖

  • ជំនាញទំនាក់ទំនង
  • ភាពបត់បែន
  • ភាពជាអ្នកដឹកនាំ
  • ការលើកទឹកចិត្ត
  • ការអត់ធ្មត់
  • ការបញ្ចុះបញ្ចូល
  • ការងារជាក្រុម
  • ចេះបើកចិត្ត
  • ភាពច្នៃប្រឌិត
  • ការចេះយល់ចិត្តមនុស្សជុំវិញ
  • សមត្ថភាពដោះស្រាយបញ្ហា
  • ក្រមសីលធម៌ការងារ
  • ការគ្រប់គ្រង​ពេលវេលា
  • និងមានជាច្រើនទៀត។

ប្រសិនបើមនុស្សមានមួយជំនាញ ខ្វះមួយជំនាញ តើមានអ្វីកើតឡើង?

  • ក្នុងករណីថា មនុស្សមានតែជំនាញរឹង តែគ្មានជំនាញទន់ ៖ មនុស្សនោះនឹងមានជំនាញឯកទេសមួយដ៏ខ្លាំងក្លា ប៉ុន្តែខ្វះការធ្វើការជាក្រុម មិនចេះយល់ចិត្តមនុស្សជុំវិញ ហើយពិបាកធ្វើការជាមួយនឹងមិត្តរួមការងារ នោះបុគ្គលនោះគ្មានភាពរីកចម្រើនលឿនឡើយ។
  • ក្នុងករណីថា មនុស្សមានតែជំនាញទន់ តែគ្មានជំនាញរឹង ៖ មនុស្សនោះនឹងមានតែការចេះធ្វើការជាមួយអ្នកជុំវិញ ចេះក្រែងចិត្តនិងយល់ពីសុខទុក្ខអ្នកដទៃ ប៉ុន្តែគ្មានជំនាញគោលមួយច្បាស់លាស់ នោះបុគ្គលនោះ ក៏មានភាពរីកចម្រើនយឺតដែរ។

ហើយនេះ គ្រាន់តែជាការលើកឧទាហរណ៍បង្ហាញមួយផ្នែកតូចនោះទេ ដើម្បីជួយបង្ហាញឱ្យអ្នកបានឈ្វេងយល់ និងដឹងថា ជំនាញទាំងពីរនេះ សុទ្ធតែសំខាន់ ហើយមនុស្សចាំបាច់ត្រូវតែមានទាំងពីរ។

អត្ថប្រយោជន៍ នៅពេលមានជំនាញទាំងពីរនេះ

នៅពេលដែលមនុស្សមានទាំងជំនាញរឹង និងជំនាញទន់ ពួកគេនឹង៖

  • មានសមត្ថភាពកាន់តែរីកចម្រើនបានលឿន
  • មានផលិតភាពការការងារខ្ពស់
  • មានឱកាសនៃការជោគជ័យក្នុងជីវិត និងក្នុងការបំពេញការងារណាមួយបានឆាប់រហ័ស
  • អាចសម្រេចបានកិច្ចការងារសំខាន់ៗបានច្រើន
ពាណិជ្ជកម្ម

យុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

0
យុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

នាពេលបច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើនកំពុងបើកដំណើរការ ដូច្នេះអតិថិជនក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តទិញផលិតផលសេវាកម្មនៅក្នុងអាជីវកម្មណាក៏បាន ដែលពួកគេមានអារម្មណ៍សប្បាយចិត្ត និងមានទំនុកចិត្ត។

ម្យ៉ាងទៀត ទំនោររបស់អតិថិជនភាគច្រើនចូលចិត្តតថ្លៃ ហើយធ្វើការសម្រេចចិត្តយឺតយ៉ាវក្នុងការទិញ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកធ្វើទីផ្សារ និងអ្នកលក់ តើគួរធ្វើបែបណា ដើម្បីបញ្ឈប់ការតថ្លៃរបស់អតិថិជន ហើយជំរុញឱ្យអតិថិជនសម្រេចចិត្តទិញបានលឿន ហើយទិញទាំងភាពសប្បាយរីករាយ?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្តមួយចំនួន ដែលម្ចាស់អារម្មណ៍ អ្នកធ្វើទីផ្សារ និងអ្នកលក់ អាចយកមកអនុវត្តន៍បាន។

1. ពង្រឹងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានភាពរឹងមាំ

ម្ចាស់អាជីវកម្ម និងអ្នកធ្វើទីផ្សារ គួរតែរិះគិតឱ្យបានលំអិតអំពីវិធីសាស្រ្តដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានទីផ្សារទូលំទូលាយ ព្រមទាំងមានភាពពេញនិយមច្រើន។ ជាពិសេស ធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកយីហោមានភាពល្បីល្បាញ គួរជាទីទុកចិត្តសម្រាប់អតិថិជនគ្រប់រូប។

នៅក្នុងចំណុចនេះ ដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះអាជីវកម្មមានភាពរឹងមាំ អ្នកគួរគិតផ្ដោតលើ៖

  • គុណភាពផលិតផល
  • របៀបធ្វើទីផ្សារផ្សព្វផ្សាយ
  • បង្ហាញពីទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ក្រុមហ៊ុន
  • បង្ហាញពីអត្ថប្រយោជន៍ដែលផលិតផលមាននៅក្នុងក្រុមហ៊ុន បានជួយអ្វីដល់សង្គម និងមនុស្សជាតិ
  • កេរ្តិ៍ឈ្មោះម្ចាស់អាជីវកម្មផ្ទាល់
  • ទំនាក់ទំនងជាមួយនឹងអតិថិជន
  • បង្កើតបណ្ដាញដែលពាក់ព័ន្ធ និងបណ្ដាញដែលជួយជ្រោមជ្រែងឱ្យបានច្រើន
  • ការពង្រីកអាជីវកម្ម

ចូរចងចាំថា កេរ្តិ៍ឈ្មោះអាជីវកម្មល្អ អតិថិជនមានការទុកចិត្ត និងមិនសូវតថ្លៃជាមួយនឹងអ្នកឡើយ ព្រមទាំងសម្រេចចិត្តដោយមានភាពរីករាយ ហើយពួកគេក៏មិនស្ដាយនឹងអ្វីដែលពួកគេចំណាយឡើយ។

2. កំណត់តម្លៃស្ដង់ដារ

ត្រង់ចំណុចនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែគិតផ្ដោតថា តើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទអ្នកមានលុយច្រើន អ្នកមានលុយមធ្យម ឬអ្នកមានលុយតិច? តើពួកគេមានការចំណាយបែបណា? បន្ទាប់មក ត្រូវកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក។

ការកំណត់តម្លៃស្ដង់ដារ ជារឿងមួយសំខាន់។ ចូរចងចាំថា ប្រសិនបើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទមនុស្សអ្នកមានលុយច្រើន នោះពួកគេនឹងចំណាយលុយតែលើប្រភេទផលិតផលណាដែលមានគុណភាពល្អ និងមានតម្លៃថ្លៃ ប៉ុន្តែប្រសិនបើផលិតផលរបស់អ្នកមានតម្លៃទាបពេក ក៏ពួកគេមិនចំណាយលើដែរ។ ដូច្នេះអ្នកត្រូវតែសិក្សាអំពីចរិតលក្ខណៈនៃរបៀបចាយលុយរបស់ប្រភេទអតិថិជនរបស់អ្នក បន្ទាប់មកកំណត់តម្លៃស្ដង់ដាររបស់ផលិតផលរបស់អ្នក ដោយភ្ជាប់ជាមួយនឹងសារសំខាន់ដែលរំលេចនៅលើផលិតផលរបស់អ្នក។

ធ្វើបែបនេះ អតិថិជនក៏ពិបាកនឹងតថ្លៃជាមួយនឹងអ្នកដែរ ពីព្រោះអ្នកបានកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក ហើយមនុស្សទូទៅសុទ្ធតែដឹងថា ផលិតផលរបស់អ្នកភាគច្រើនមានតម្លៃប៉ុណ្ណា ហើយប្រសិនបើផលិតផលរបស់អ្នក មានអ្នកផ្សេងយកទៅលក់បន្តនៅក្នុងតម្លៃទាបជាងអ្នក នោះអតិថិជននឹងមានការសង្ស័យ ឬមិនទុកចិត្ត ខ្លាចប៉ះចំផលិតផលក្លែងក្លាយ ហើយមិនហ៊ានទិញនោះទេ ប៉ុន្តែពួកគេនឹងសម្រេចចិត្តទិញផលិតផលរបស់អ្នកក្នុងតម្លៃដែលអ្នកបានកំណត់នៅកន្លែងផ្សេង។

3. លក់គុណតម្លៃ ជាជាងបង្ខំឱ្យអតិថិជនទិញ

ត្រង់ចំណុចនេះ ផ្ដោតលើម្ចាស់អាជីវកម្ម ត្រូវបង្រៀនក្រុមអ្នកលក់ទាំងអស់ ឱ្យយល់ច្បាស់អំពីអ្វីដែលពួកគេកំពុងលក់។ បន្ទាប់មក ត្រូវបណ្ដុះបណ្ដាលក្រុមអ្នកលក់ឱ្យចេះពីរបៀបលក់ និងចេះពីវិធីបង្ហាញគុណប្រយោជន៍ ក៏ដូចជាគុណតម្លៃរបស់ផលិតផលដែលពួកគេកំពុងលក់ទៅកាន់អតិថិជន។ លើសពីនេះ ក្រុមអ្នកលក់ ក៏ត្រូវចេះមានភាពបត់បែនដោយខ្លួនឯង និងចេះណែនាំផលិតផលទៅកាន់អតិថិជន ព្រមទាំងអស់ជួយផ្ដល់តម្រូវការដែលអតិថិជនចង់បាន។

ឧទាហរណ៍ នៅពេលអតិថិជនទិញផលិតផលអ្វីមួយពីក្រុមហ៊ុនរបស់អ្នក ហើយអតិថិជនបាននិយាយថា ហេតុអ្វីផលិតផលនេះថ្លៃម្ល៉េះ? តើអាចចុះតម្លៃបានទេ? ដូច្នេះក្នុងនាមជាអ្នកលក់ អាចនិយាយបង្ហាញថា ហេតុអ្វីផលិតផលនោះថ្លៃ? ដោយនិយាយថា ផលិតផលនេះ នាំចូលមកពីប្រទេសណាមួយ ឬនាំចូលមកពីក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ ហើយវាជាផលិតផលលក់ដាច់ខ្លាំង និងវាជួយ… (បង្ហាញពីសារៈសំខាន់ដែលផលិតផលនោះមាន ដោយនិយាយសង្ខេបៗ ដែលជាចំណុចសំខាន់) ។ និយាយបែបនេះ អតិថិជននឹងមានអារម្មណ៍ ផលិតផលរបស់អ្នកមានគុណភាពល្អ ហើយវាសមនឹងតម្លៃដែលអ្នកកំពុងលក់។

4. បង្កើតជម្រើសដល់អតិថិជន

ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកលក់ ត្រូវតែមានការយល់ដឹងអំពីផលិតផលដែលខ្លួនកំពុងលក់ឱ្យបានច្រើន ព្រមទាំងដឹងថា ស្ដុកឥវ៉ាន់របស់ខ្លួននៅសល់ប៉ុន្មាន។ ធ្វើបែបនេះ ដើម្បីការពារថា នៅពេលផលិតផលមួយដែលអតិថិជនត្រូវការ តែអស់ស្ដុក តើយើងនឹងណែនាំអ្វីទៅកាន់អតិថិជន? ឬប្រសិនបើផលិតផលណាមួយដែលអតិថិជនចង់បាន វាថ្លៃពេក អតិថិជនគ្មានលុយគ្រប់ ឬចង់តថ្លៃ អ្នកអាចបង្ហាញផលិតផងផ្សេងដែលស្រដៀងគ្នា មកបង្ហាញ ដើម្បីធ្វើយ៉ាងឱ្យអតិថិជនកាន់តែមិនអាចប្រកែកមិនទិញមិនបាន ឬមិនគិតយូរឡើយ។

ឧទាហរណ៍ គាត់ចង់ទិញផលិតផលមួយក្នុងក្រុមហ៊ុនរបស់អ្នក ហើយផលិតផលនោះតម្លៃថ្លៃ ហើយគាត់គ្មានលុយគ្រប់ ឬមានចិត្តស្ទាក់ស្ទើរ ដូច្នេះក្នុងនាមជាអ្នកលក់ ត្រូវផ្ដល់ជម្រើសមួយទៀតដែលល្អ ដើម្បីធ្វើឱ្យគាត់កាន់តែមានជម្រើស ហើយសម្រេចចិត្តទិញ តាមរយៈបង្ហាញផលិតផលថ្មីមួយទៀត ដែលមានលក្ខណៈស្រដៀងគ្នានឹងផលិតផលដែលមានតម្លៃថ្លៃនោះ។

ពាណិជ្ជកម្ម

ការកំណត់គោលដៅដ៏ឆ្លាតវៃ និងឆាប់សម្រេចបានលទ្ធផលខ្ពស់

0

ការកំណត់គោលដៅដ៏ឆ្លាតវៃ ដែលមនុស្សគ្រប់គ្នានិយាយថា Setting Smart goals គឺអាចប្រើប្រាស់ក្នុងការកំណត់គោលដៅក្នុងជីវិតផ្ទាល់ខ្លួន កំណត់គោលដៅអាជីវកម្ម និងគោលដៅផ្សេងៗទៀតតាមការកំណត់របស់បុគ្គលម្នាក់ៗ។

ហើយដំណើរការនៃការកំណត់គោលដៅឆ្លាតវៃ ទាមទារឱ្យអ្នកមានភាពប្រាកដនិយមនៅពេលកំណត់គោលដៅ ពីព្រោះការអស់សង្ឃឹម ការបាក់ទឹកចិត្តអាចកើតមានឡើង ប្រសិនបើអ្នកកំណត់គោលដៅដែលពិបាកក្នុងការសម្រេចបាន។

ហេតុដូចនេះ ខ្លឹមសារខាងក្រោម នឹងបង្ហាញអ្នកអំពីរបៀបកំណត់គោលដៅ SMART ឬការកំណត់គោលដៅដ៏ឆ្លាតវៃដែលឆាប់សម្រេចបានលទ្ធផលខ្ពស់។

Smart Goals

របៀបកំណត់គោលដៅ តាមក្បួន SMART

1. S= Specific មានភាពច្បាស់លាស់

អ្នកត្រូវតែកំណត់គោលដៅដែលមានភាពជាក់លាក់ ហើយអ្នកក៏ត្រូវយល់យ៉ាងច្បាស់ថា អ្នកចង់បានអ្វី និងចង់សម្រេចកិច្ចការអ្វី។ ត្រូវចងចាំថា ទោះបីជាគោលដៅរបស់អ្នកជាអ្វីក៏ដោយ ក៏ត្រូវតែធ្វើឱ្យប្រាកដថាគោលដៅរបស់អ្នកគួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ហើយកំណត់នូវអ្វីដែលនឹងត្រូវសម្រេច និងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីសម្រេចគោលដៅ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • ​តើ​ខ្ញុំ​ចង់​សម្រេច​អ្វី?
  • ហេតុអ្វីខ្ញុំចង់សម្រេចគោលដៅនេះ?
  • តើអ្នកណាពាក់ព័ន្ធដើម្បីចូលរួមជួយសម្រេចគោលដៅនោះ?
  • តើគោលដៅនេះត្រូវសម្រេចនៅឯណា?
  • តើត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីសម្រេចបានវា?
  • តើអ្វីនឹងជាឧបសគ្គ និងជាតម្រូវការដែលពាក់ព័ន្ធដើម្បីសម្រេចគោលដៅ?
2. M= Measurable អាចវាស់វែងបាន

អ្នក​ត្រូវ​មាន​គោល​បំណង​ជា​បរិមាណដែលអាចវាស់វែង និង​អាច​តាម​ដាន​អំពីស្ថានភាព និងភាព​រីក​ចម្រើនរបស់អ្នក។ ក្នុងនោះ អ្នកអាចកំណត់ថា តើទិន្នន័យណាដែលត្រូវប្រើដើម្បីវាស់ស្ទង់គោលដៅ?

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើមានគោលដៅចំនួនប៉ុន្មានដែលអ្នកចង់សម្រេច?
  • តើចំណាយពេលប៉ុន្មានទើបអាចសម្រេច?
  • តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំបានទៅដល់គោលដៅរបស់ខ្ញុំ?
  • តើអ្វីជាសូចនាករនៃវឌ្ឍនភាពរបស់ខ្ញុំ?
3. A= Achievable អាចសម្រេចបាន

គោលដៅត្រូវតែមានភាពប្រាកដនិយម ដើម្បីរក្សានូវភាពរីករាយ និងមានឆន្ទៈក្នុងការខិតខំព្យាយាមសម្រេចវា។ ការកំណត់គោលដៅខ្ពស់ គឺជាការល្អ ប៉ុន្តែអ្នកក៏ត្រូវបំបែកគោលដៅធំនោះ ជាផ្នែកតូចៗដើម្បីកាន់តែងាយស្រួលក្នុងការសម្រេច។ ប្រសិនបើគោលដៅមិនអាចសម្រេចបានទេ អ្នកប្រហែលជាត្រូវបង្កើនធនធានជាមុនសិន ដើម្បីផ្តល់ឱ្យខ្លួនឯងនូវភាពជោគជ័យ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើខ្ញុំមានធនធាន និងសមត្ថភាពដើម្បីសម្រេចគោលដៅនោះទេ?
  • របៀបសម្រេចគោលដៅ
  • តើមានជំនាញ ឬមានអ្វីខ្លះ ដែលជាតម្រូវការដើម្បីជួយសម្រេចគោលដៅ?
4. R= Relevant ភាពប្រាកដនិយម

គោលដៅគួរតែត្រូវគ្នានឹងបេសកកម្មរបស់ខ្លួនឯង ហើយបើធ្វើអាជីវកម្ម គួរតែកំណត់គោលដៅឱ្យត្រូវគ្នានឹងទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ដោយកុំកំណត់គោលដៅគ្រាន់តែជាលំហាត់សម្រាប់អ្វីដែលត្រូវធ្វើ។ លើសពីនេះ ដើម្បីកំណត់បានល្អ អ្នកត្រូវតែកំណត់គោលដៅណាដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់អត្ថប្រយោជន៍សំខាន់ៗចំពោះខ្លួនឯង ឬចំពោះក្រុមហ៊ុនជាដើម។​

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្វីជាគោលដៅអាទិភាពសម្រាប់អ្នក?
  • ហេតុអ្វីបានជាខ្ញុំកំណត់គោលដៅនេះ? តើវាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា?
5. T= Time-Bound កំណត់ពេលវេលាជាក់លាក់

គោលដៅគួរតែមានពេលវេលាកំណត់ ពីព្រោះគោលដៅ​ដែល​គ្មាន​កាល​កំណត់ គឺ​មិនសូវបាន​ធ្វើ​បាន​ច្រើន​ទេ។ ដូច្នេះអ្នកត្រូវតែមានការកំណត់ពេលវេលានៃការចាប់ផ្ដើម និងពេលវេលាដែលត្រូវសម្រេចបានឱ្យជាក់លាក់ ដើម្បីអ្នកអាចវាយតម្លៃភាពជោគជ័យនៃការព្យាយាមរបស់អ្នក និងអាចកំណត់គោលដៅថ្មីបន្តទៀត។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្នកចង់សម្រេចគោលដៅរបស់អ្នកនៅពេលណា?
  • តើត្រូវចាប់ផ្ដើមពីពេលណា និងបញ្ចប់ពីពេលណា?
ពាណិជ្ជកម្ម

តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

0
តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិតនិងលក្ខណៈពិសេសរៀងៗខ្លួន ដោយគ្រាន់តែអ្នកខ្លះគាត់មិនដឹងថាខ្លួនឯងមានលក្ខណៈពិសេសក្នុងការគិតបែបច្នៃប្រឌិតនេះ និងមិនដែលយកវាមកអនុវត្តន៍ជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះទើបធ្វើឲ្យគំនិតច្នៃប្រឌិតរបស់គាត់ចេះតែថមថយទៅៗ។ ហើយអាថ៌កំបាំងដែលអាចជួយឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិតនោះគឺ៖

១. លើកទឹកចិត្តឲ្យមានការស្វែងរកនូវអ្វីដែលថ្មីៗ

Gray Magnifying Glass and Eyeglasses on Top of Open Book

នៅពេលដែលអ្នកអនុញ្ញាតិឲ្យក្រុមការងាររបស់អ្នករៀនសាកល្បងធ្វើអ្វីដែលថ្មីៗ ស្រាវជ្រាវ និងអានចំណេះដឹងទូទៅ ក៏ដូចជាចំណេះដឹងពាក់ព័ន្ធជាមួយនឹងជំនាញបានច្រើន ពេលនោះពួកគេនឹងចាប់ផ្ដើមមានេះព័ត៌មានច្រើនផ្ទុកនូវក្នុងខួរក្បាល ដែលបង្កឲ្យមានគំនិតច្នៃប្រឌិតកើតឡើងបានច្រើន ជាពិសេសនោះគឺអាចជួយឲ្យក្រុមការងាររបស់អ្នកមានជំនាញច្បាស់លាស់ទៀតផង ។ ម្យ៉ាងវិញទៀត នៅពេលដែលក្រុមការងាររបស់អ្នកចេះស្វែងរកអ្វីដែលថ្មីដោយខ្លួនឯង ពួកគាត់នឹងរៀនបានច្រើន យល់ដឹងបានច្រើន និងចងចាំនូវចំណុចទាំងនោះបានយូរទៀតផង។ ដូចនេះដើម្បីឲ្យក្រុមការងារអ្នក មានគំនិតច្នៃប្រឌិតច្រើន អ្នកគប្បីលើកទឹកចិត្តពួកគេឲ្យរៀនអ្វីថ្មីៗឲ្យបានច្រើន អានឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ការគិតឲ្យកាន់តែខ្លាំង។

២. គាំទ្រពួកគាត់ និងផ្ដល់ភាពជឿជាក់ដល់ពួកគាត់ ឲ្យគាត់ហ៊ានសាកល្បង

ការផ្ដល់នូវការគាំទ្រ គឺពិតជាកត្តាមួយយ៉ាងសំខាន់ដែលជួយជម្រុញឲ្យបុគ្គលិកឬមួយក៏កូនក្រុមរបស់អ្នកមានកម្លាំងចិត្តក្នុងការបញ្ចេញនូវគំនិតក៏ដូចជាហ៊ានចាប់ផ្ដើមធ្វើនូវ Project ណាមួយដោយខ្លួនឯងឬជាក្រុម។ ពេលខ្លះកូនក្រុមឬបុគ្គលិកក្រោមបង្គាប់របស់អ្នកមានគំនិត ចង់ធ្វើនូវគម្រោងនេះឬគម្រោងនោះរួចហើយ​ ប៉ុន្តែគាត់ពុំបានបង្ហាញឬមួយក៏លើកឡើងនូវគំនិតទាំងអស់នោះទេ ដោយសារតែពួកគេចេះតែខ្លាច ខ្លាចថាពេលដែលពួកគេលើឡើងនូវគំនិតនោះហើយ ពុំមានការគាំទ្រ ឬត្រូវរុញច្រានចោលជាដើម។ ដូចនេះដើម្បីអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកមានគំនិតច្នៃប្រឌិតចំពោះការងារ អ្នកគួរតែផ្ដល់ការគាំទ្រដល់គាត់ និងហ៊ានឲ្យគាត់សាកល្បងនូវអ្វីដែលថ្មីៗដើម្បីស្វែងរកនូវអ្វីដែលជាទេពកោសល្យរបស់ពួកគាត់ពិតប្រាកដិ។

៣. ឲ្យក្រុមការងាររបស់អ្នកធ្វើការងារឲ្យបានច្រើនមុខ

Photo Of People Leaning On Wooden Table

ការងារច្រើនមុខត្រង់ចំណុចនេះ មិនមែនចង់មានន័យថាត្រូវតម្រូវឲ្យកូនក្រុមឬមួយក៏បុគ្គលិករបស់អ្នកស្រវាដៃពីរដៃបីឱបក្រសោបការងារទាំងអស់ដែលមាននោះទេ ប៉ុន្តែគឺយើងចង់សំដៅទៅលើការដែលអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកអាចយល់ដឹងអំពីការងារបានច្រើនចូលប្រឡូកការងារឲ្យបានច្រើន តែមុននឹងអាចឲ្យពួកគេអាចធ្វើការបានច្រើនបែបនេះបាន លុះត្រាតែកូនក្រុមរបស់អ្នកមានការយល់ដឹងច្បាស់ពាក់ព័ន្ធនឹងជំនាញនោះស្រាប់ ទើបអាចបន្តទៅធ្វើការងារថ្មីមួយទៀតបាន។ ដូចនេះបន្ទាប់ពីកូនក្រុមរបស់អ្នកគាត់មានការយល់ដឹងពាក់ព័ន្ធជាមួយនឹងជំនាញណាមួយហើយ អ្នកគួរតែអនុញ្ញាតិឲ្យពួកគាត់ចូលប្រឡូកនិងយល់ដឹងពីការងារផ្សេងៗ ដើម្បីឲ្យពួកគាត់មានសមត្ថភាពខ្លាំងជាងមុន និងពោរពេញទៅដោយគំនិតច្នៃប្រឌិត បើទោះបីជាមិនស្ទាត់ជំនាញក៏ដោយ យ៉ាងហោចណាស់ក៏អ្នកអាចដឹងអំពីការងារទាំងអស់នោះដែរ ជាជាងដឹងតែការងារតែមួយមុខ។

៤. អនុញ្ញាតិឲ្យក្រុមការងារចូលរួមឲ្យច្រើនជាមួយនឹងបច្ចេកវិទ្យា

Group of People Watching on Laptop

បច្ចុប្បន្ននេះ បច្ចេកវិទ្យាគឺពិតជាបានជួយសម្រួលដល់ការរស់នៅរបស់យើងម្នាក់ៗបានច្រើនមែនទែន ហើយវាក៏មិនមែនមានត្រឹមតែអ្វីដែលកំពុងតែប្រើសព្វថ្ងៃនេះតែប៉ុណ្ណឹងនោះទេ គឺវានៅបន្តមានថ្មីៗប្លែកៗជាច្រើនទៀត ដែលតម្រូវឲ្យយើងម្នាក់ៗត្រូវឈ្វេងយល់ពីវាបន្ថែមទៀត។ ក្នុងនោះដែរ ប្រសិនបើអ្នកបានបញ្ជ្រាបនូវចំណេះដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា នោះក្រុមការងាររបស់អ្នកនឹងកាន់តែមានផលិតភាពការងារខ្ពស់ជាងមុន មានភាពសកម្មជាមុន និងធ្វើឲ្យពួកគេចាប់ផ្ដើមគិតចេញនូវអ្វីដែលថ្មីៗច្រើនជាងមុន ជាជាងគិតអ្វីដែលដដែល ធ្វើឲ្យពួកគាត់ក្រិនគំនិត។

៥. ឲ្យពួកគាត់រៀនពីកំហុស

កូនក្រុម ឬបុគ្គលិករបស់អ្នកម្នាក់ៗនឹងមានការគិតបានហ្មត់ចត់ ល្អិតល្អន់ និងគិតប្រកបទៅដោយភាពច្នៃប្រឌិតជាងមុន នៅពេលដែលពួកគាត់បានសិក្សាឈ្វេងយល់អំពីកំហុសឆ្គងដែលគាត់ធ្លាប់បានសាងកន្លងមក រួចយកចំណុចទាំងអស់នោះយកមកបម្លែងទៅជាចំណុចដែលយើងគួរតែចៀសវាងធ្វើនោពេលក្រោយទៀត។ ដូចនេះនៅពេលដែលគាត់បានជួបបញ្ហាប្រហាក់ប្រហែលគ្នា គាត់នឹងអាចដឹងថា តើត្រូវគិតបែបណា ឬត្រូវដោះស្រាយបែបណាជាមួយនឹងបញ្ហាទាំងនោះជាដើម។

 

 

 

 

ពាណិជ្ជកម្ម

របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

0
របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

ការបើកដំណើរការអាជីវកម្មខ្នាតតូច ក៏ទាមទារឱ្យមានការរៀបចំផែនការអាជីវកម្មត្រឹមត្រូវ និងមានក្បួនមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងការដំណើរការអាជីវកម្មខ្នាតស្ដង់ដារដែរ ដើម្បីពង្រីកអាជីវកម្មខ្នាតតូចឱ្យកាន់តែធំ។ លើសពីនេះ ក៏ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានល្អដែរ ប៉ុន្តែសំណួរសួរថា តើត្រូវគ្រប់គ្រងអាជីវកម្មខ្នាតតូចបែបណាទើបអាចដំណើរការល្អ?

Small Business

ខាងក្រោមនេះ នឹងបង្ហាញពីរបៀបនៃការគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ និងអាចពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។

1. ការជ្រើសរើសមនុស្សត្រូវ

ដំណាក់កាលដំបូង ម្ចាស់អាជីវកម្មត្រូវតែចេះជ្រើសរើសមនុស្សឱ្យបានត្រូវ ទាំងដៃគូសហការ និងបុគ្គលិក ដោយត្រូវធានាថាពួកគេជាមនុស្សល្អដែលអាចទុកចិត្តបាន និងមានសមត្ថភាពខ្លាំងពូកែ។

ជ្រើសរើសមនុស្សត្រូវ ជារឿងជោគជ័យមួយដំណាក់កាល ព្រោះពួកគេនឹងជួយជ្រោមជ្រែងក្នុងអាជីវកម្មរបស់អ្នកបានកាន់តែល្អ ហើយឆាប់រីកចម្រើន។

2. បែងចែកតួនាទី ទំនួលខុសត្រូវ

ក្រោយពីឆ្លងកាត់ដំណាក់កាលទី1 ជំហានបន្ទាប់ អ្នកត្រូវតែចេះបែងចែកតួនាទី និងទំនួលខុសត្រូវដល់បុគ្គលិកម្នាក់ៗទៅតាមចំណេះជំនាញ និងសមត្ថភាពរបស់ពួកគេ ហើយសូម្បីតែដៃគូសហការរបស់អ្នកក៏ត្រូវមានការបែងចែកតួនាទី ទំនួលខុសត្រូវ និងការបែងចែកភាគលាភគ្នាឱ្យបានត្រឹមត្រូវ។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យដៃគូសហការរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នក និងធ្វើឱ្យបុគ្គលិកកាន់តែមានផលិតភាពការងារខ្ពស់។ លើសពីនេះ ដំណើរការអាជីវកម្មរបស់អ្នកក៏កាន់តែល្អ ពីព្រោះបុគ្គលម្នាក់ៗសុទ្ធតែមានតួនាទី និងទំនួលខុសត្រូវ ព្រមទាំងមានសមត្ថភាពខ្លាំង។

3. បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតឱ្យមានក្រុមមួយក្នុងការតាមដាន និងស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកចំណុចខ្វះខាតក្នុងអាជីវកម្ម និងខ្វះខាតលើផលិតផលសេវាកម្ម បន្ទាប់មកធ្វើការកែតម្រូវ។ លើសពីនេះ ធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាល ព្រមទាំងធ្វើឱ្យអាជីវកម្មរបស់ខ្លួនតែងតែមានភាពច្នៃប្រឌិត ការបង្កើតថ្មី ហើយមានភាពថ្មីប្លែកជានិច្ច ដោយមិនស្ថិតនៅក្នុងស្ថានភាពដដែលៗ។

ចូរធ្វើឱ្យអាជីវកម្មរបស់អ្នកតែងតែមានភាពផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើន ហើយការផ្លាស់ប្ដូរនោះរួមមានគំនិត ផលិតផល សេវាកម្ម ដំណើរការផ្សេងៗក្នុងអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ របៀបលក់ និងផ្សេងៗទៀតដែលចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការកាន់តែល្អ និងឆាប់រីកចម្រើន។

4. បង្កើតច្បាប់ក្នុងក្រុមហ៊ុន

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតវប្បធម៌ និងច្បាប់ក្នុងក្រុមហ៊ុន ដើម្បីឱ្យបុគ្គលិកគោរពនិងប្រតិបត្តិតាម។ ក្នុងនោះ វប្បធម៌ក្រុមហ៊ុន អ្នកអាចបង្កើតថា បុគ្គលិកទាំងអស់ត្រូវមានភាពស្មោះត្រង់ មានភាពសាមគ្នីគ្នា គ្មានការឈ្លោះប្រកែកគ្នា ជាដើម ដើម្បីបណ្ដុះសា្មរតីឱ្យបុគ្គលិកកាន់តែល្អ និងមានភាពរួបរួមគ្នា។ ចំពោះច្បាប់ក្រុមហ៊ុនវិញ ម្ចាស់អាជីវកម្មអាចចែងចំពោះកំហុសឆ្គងដែលបុគ្គលិកអាចធ្វើខុស ដូចជាបុគ្គលិកមិនយឺត តើត្រូវធ្វើបែបណា? បើបុគ្គលិកលួចទ្រព្យសម្បត្តិក្រុមហ៊ុន តើមានវិធានការអ្វី? ហើយបើបុគ្គលិក មិនអនុវត្តន៍តាមប្រការណាមួយ តើនឹងមានអ្វីកើតឡើង? ។ល។

5. ប្រើឧបករណ៍ជំនួយ

ម្ចាស់អាជីវកម្ម អាចគិតពិចារណាលើឧបករណ៍មួយចំនួន ដើម្បីជួយដល់ដំណើរការអាជីវកម្ម និងការគ្រប់គ្រងបុគ្គលិក។ ឧបករណ៍ទាំងនោះ អាចជាកម្មវិធីគ្រប់គ្រងទិន្នន័យបុគ្គលិក លុយកាក់ ទ្រព្យសម្បត្តិ កម្មវិធីគ្រប់គ្រងដំណើរការផលិតផល កម្មវិធីជំនួយក្នុងការជ្រើសរើសបុគ្គលិក កម្មវិធីប្រជុំបុគ្គលិក កម្មវិធីគ្រប់គ្រងទិន្នន័យអតិថិជន និងអាចជួលអ្នកមានជំនាញមួយចំនួនក្នុងការជួយលើផ្នែកណាមួយ។

ពាណិជ្ជកម្ម

ពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Kon Store

0
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Kon Store

ភ្នំពេញ ២៩ ធ្នូ ២០២១៖ ហាងលក់សម្ភារៈទារក​ ​កុមារដែលប្លែក និងផលិតផលគុណភាពខ្ពស់មានវត្តមានក្នុងទីក្រុងភ្នំពេញហើយ!​​

ហាងKon Store Cambodia គឺជាហាងលក់សម្ភារៈទារក និង​កុមារមានគុណភាពខ្ពស់​លេខមួយ ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារ ដោយទីតាំងហាងស្ថិតនៅជិតរង្វង់មូលទួលគោក ផ្ទះលេខ93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាមួយ​នឹងការតាំងលម្អបែបប្លែកពីហាងដទៃ។ ​ហាង Kon Store បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។

Kon Store

ម្ចាស់ហាង Kon Store Cambodia លោកស្រី លី លីហ្សា និងលោក ហាក់ គីមថុង បានមានប្រសាសន៍ថា ការបើកសម្ពោធ Kon Store Cambodia នាឱកាសនេះ គឺបានសបញ្ជាក់ថា ហាងយើងខ្ញុំបានត្រៀមខ្លួនរួចរាល់ សម្រាប់ផ្តល់សេវាកម្ម និងការលក់ទំនិញទារក​ និងកុមារដែលមានគុណភាពខ្ពស់ ហើយមានស្តង់ដារជាមួយនឹងបែបបទហាងថ្មី និងសកម្មភាព​ប្លែកៗ ដែលមានអត្ថប្រយោជន៍ជាច្រើននៅឆ្នាំ២០២២ខាងមុខនេះសម្រាប់លោកប៉ា អ្នកម៉ាក់ទាំងអស់ ដែលជាអតិថិជនរបស់ Kon Store។

 

Kon StoreKon Store

គាត់បានបញ្ជាក់បន្ថែមទៀតថា “យើងខ្ញុំក៏រឹតតែមានសេចក្តីសោមនស្សយ៉ាងក្រៃលែង នៅក្នុងការអបអរសាទរការបើកសម្ពោធ ដោយហាងមានរៀបចំនូវកម្មវិធីយ៉ាងពិសេស គឺការ​ផ្តល់ជូននូវការចុះតម្លៃពិសេស រហូតដល់៣៥% សម្រាប់អតិថិជនទាំងអស់ ដែលមកទិញពីថ្ងៃនេះ ដល់ថ្ងៃទី៣១ខែ​ធ្នូ។ កាន់តែពិសេសនោះ ​ ហាងយើងខ្ញុំ បានបង្កើតកម្មវិធីដូចជា​ការប្រឡងផាត់ពណ៌សម្រាប់អូនតូចៗពី៣ដល់៦ឆ្នាំ ដើម្បីបង្កើនភាពច្នៃប្រឌិតដល់ក្មេងៗ និងជាចំណែក​ចូលរួមដល់ការរីកលូតលាស់ផ្នែកខួរក្បាល និងផ្នែកសង្គមដល់ពួកគាត់ដោយសហការជាមួយនឹង ផលិតផលToybies ព្រមទាំងកម្មវិធីសិក្ខាសាលាចែករំលែកចំណេះដឹង សហការជាមួយ​នឹង​ ផលិតផលម៉ាក Lamoonbaby ក្រោមប្រធានបទ “ការថែទាំទារកដែលទើបនឹងកើត” ពីលោកស្រីវេជ្ជបណ្ឌិត  កុសល កណិការ ដែលជាអ្នកជំនាញក្នុងការផ្តល់ចំណេះ​ដឹងដល់​អ្នកម៉ាក់ៗ ដែលទើបតែសម្រាល រឺត្រៀមសម្រាល ក្នុងការត្រៀមខ្លួន និងអស់ក្តីបារម្ភពីបញ្ហាសុខភាព រឺការមើលថែផ្សេងៗ។”

Kon Store

ម្ចាស់ហាង Kon Store Cambodia បានគូសបញ្ជាក់ថា ហាងនឹងខិតខំបង្កើតកម្មវិធីល្អៗ បែបនេះ ឱ្យបានច្រើនថែមទៀតសម្រាប់អតិថិជន ដែលតែងតែគាំទ្រ និងទិញទំនិញនៅហាងរបស់ខ្លួន និងដើម្បីជាចំណែកចូលរួមអភិវឌ្ឍន៍សង្គមផងដែរ។ «ថ្វីបើKon Store Cambodia ទើបតែមានវត្តមាននៅក្នុងទីផ្សារក៏ពិតមែន​ តែអតិថិជនជាច្រើនបានស្រឡាញ់ និងពេញចិត្តការទិញទំនិញនៅទីនេះ ដោយសារតែ ហាងយើងខ្ញុំបានផ្តល់នូវភាពងាយស្រួល ជាពិសេសផ្តោតទៅលើការផ្តល់ប្រឹក្សាជូន នៅពេលដែលពួកគាត់ទិញទំនិញម្តងៗដើម្បីឱ្យត្រូវនឹងតម្រូវការ។ ពួកយើងតែងតែចំណាយពេលពិគ្រោះជាមួយគាត់ និងណែនាំ​តែទំនិញក្មេងៗដែលល្អបំផុត។ មានអតិថិជនជាច្រើនបាននិយាយថា មកទិញទីនេះ មានអារម្មណ៍ថាងាយស្រួលទិញ ព្រោះហាងមានជំនាញប្រឹក្សាបានល្អ និងយកចិត្តទុកដាក់អតិថិជន រីឯទំនិញវិញសុទ្ធតែជាទំនិញដែល​មានគុណភាពខ្ពស់ពីប្រទេសថៃ ជប៉ុន កាណាដា អាមេរិក បារាំង កូរ៉េ និងពីសហភាពអឺរ៉ុបជាដើម»។

Kon Store

Kon Store

នៅក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់នៅក្នុងទីផ្សារ Kon Store Cambodia បានតាំងចិត្តយ៉ាងមុះមុត នៅក្នុងការស្វែងរកនូវសម្ភារៈប្រើប្រាស់ដែលមានគុណភាពខ្ពស់ សម្រាប់កូនៗ និងអ្នកម៉ាក់ៗ។ ហើយអ្វីដែលយើងនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតដែរនោះ គឺការដែលធ្វើឱ្យអតិថិជនអញ្ជើញមកទិញសម្ភារៈនៅហាងយើងខ្ញុំហើយ ពួកគាត់នឹងមានអារម្មណ៍ថាប្លែកពីហាងដទៃ ទាំងការរៀបចំ ទាំងការតាំងលម្អ ក៏ដូចជា​ការប្រឹក្សាដល់ម៉ាក់ៗ ដើម្បីអាចជ្រើសរើសផលិតដែលសក្តិសមបំផុតសម្រាប់ពួកគាត់។

ក្នុងចំណោមផលិតផលលក់ដាច់ទាំងអស់ ក្នុងនោះក៏មានផលិតផល BEABA ដែលជាម៉ាកសញ្ញារបស់ប្រទេសបារំាង មានវត្តមានលើទីផ្សារប្រទេសកម្ពុជា តាំងពីចុងឆ្នាំ២០១៩ ដែលអតិថិជនជាឪពុកម្តាយសម័យកាលនេះ ស្គាល់ច្បាស់ពីផលិតផល BEABA នោះគឺម៉ាស៊ីនកិនបបរសម្រាប់ទារក (BEABA Babycook) និង​សម្ភារៈអាហាររបស់ទារក។ នេះបើតាមអ្នកតំណាងក្រុមហ៊ុនចែកចាយផលិតផល​ BEABA អ្នកស្រី កក្កដា បាន​បន្ថែមយ៉ាងដូច្នេះថា​ ​សម្រាប់ផលិតផល BEABA មានអាយុកាលជាង​៣០ឆ្នាំហើយ​ និង​បានកំពុងចែកចាយទៅកាន់ ៧០​ប្រទេសទូទាំងពិភពលោក។​

អ្នកស្រី បន្តទៀតថា៖ «ហើយថ្មីៗ ក្រុមហ៊ុនធំ BEABA ទទួលបាននូវសិទ្ធិលក់ផ្តាច់មុខម៉ាកសញ្ញា Childhome ពី Childcare Company នៃប្រទេស ប៊ែលហ្ស៊ីកដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារកជាង ៥០០មុខ មានអាយុកាលជាង៣៥ឆ្នាំមកហើយ និងកំពុងចែកចាយជាង​៦០ប្រទេសទូទាំងពិភពលោក។ ហើយឥឡូវនេះ Childhome ក៏មានវត្តមានក្នុងប្រទេសកម្ពុជា​ ដែលមានដាក់តាំងបង្ហាញមុនដំបូងគេបង្អស់ នៅក្នុងហាង Kon Store ផ្ទាល់តែម្តង​»។

ផលិតផល BEABA និង​ Childhome ជានិមិត្តសញ្ញានៃគុណភាព ជាផលិតផលសម្រាប់ទារកដែលតែងតែឈរលើគុណតម្លៃទាំង៤នោះ គឺ

  • ផាកសុខភាព (Comfort)
  • ក្តីស្រលាញ់ (Passion)
  • សុវត្ថិភាព (Safety)
  • ភាពច្នៃប្រឌិត(Innovation)។

យើងខ្ញុំសង្ឃឹមថា ផលិតផល ​Childhome នឹងត្រូវចិត្តឪពុកម្តាយ និងមានប្រជាប្រិយភាពលើទីផ្សារដូចផលិតផល BEABA ដោយសារតែ​គុណភាព ប្រណិតភាព និង​ការរចនាលេចធ្លោរបស់ផលិតផលនីមួយៗរបស់​ Childhome ធ្វើឱ្យ Childhome មានឈ្មោះល្បីរួចជាស្រេចហើយ នាបណ្តា​ប្រទេសជឿនលឿនខាងសហព័ន្ធអឺរ៉ុប និងអាស៊ី​​។​​

 

សម្រាប់ព័ត៌មានបន្ថែម និងការកម្ម៉ង់ទិញសម្ភារៈពី Kon Store Cambodia តាមរយៈ

☎️077 26 16 26 / 015 26 16 26

ឬតាមរយៈទំព័រហ្វេសប៊ុក https://web.facebook.com/konstorecambodia​​​​

ពាណិជ្ជកម្ម