spot_img
spot_img
Home Blog Page 22

គុណសម្បត្តិ និងគុណវិបត្តិនៃផែនការអាជីវកម្ម

0
គុណសម្បត្តិ និងគុណវិបត្តិនៃផែនការអាជីវកម្ម

ផែនការអាជីវកម្ម គឺជាឯកសារដែលសរសេររៀបរាប់លម្អិតអំពីរបៀបចាប់ផ្ដើមអាជីវកម្ម គោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនោះ។ ហើយវា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “ប្លង់មេ​នៃ​អាជីវកម្ម” ពីព្រោះ​វា​សង្ខេប​ទិដ្ឋភាព​សំខាន់ៗ​ទាំងអស់​របស់​ក្រុមហ៊ុន ​ដូចជា​ហិរញ្ញវត្ថុ ទីផ្សារ និង​ប្រតិបត្តិការទាំងមូលនៅក្នុងក្រុមហ៊ុន។

ផ្នែកសំខាន់ៗនៅក្នុងផែនការអាជីវកម្ម រួមមានសង្ខេបប្រតិបត្តិ ការពិពណ៌នាអាជីវកម្ម ការវិភាគទីផ្សារ ពណ៌នាពីផលិតផល និងសេវាកម្ម យុទ្ធសាស្ត្រទីផ្សារ ផែនការទីផ្សារ ប្រតិបត្តិការ និងការគ្រប់គ្រង ផែនការហិរញ្ញវត្ថុ។

បន្ថែមពីនេះ ម្ចាស់អាជីវកម្មដែលត្រៀមនឹងចាប់ផ្ដើមអាជីវកម្ម ភាគច្រើនច្បាស់ជាមានចម្ងល់ច្រើនថាតើហេតុអ្វីចាំបាច់ត្រូវមានផែនការអាជីវកម្ម? ចុះបើមិនមានផែនការអាជីវកម្មវិញ តើនឹងមានគុណវិបត្តិអ្វី? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនឹងបង្ហាញអំពីគុណសម្បត្តិសំខាន់ៗនៃការមានផែនការអាជីវកម្ម និងគុណវិបត្តិមួយចំនួនប្រសិនបើអ្នកមិនមានផែនការអាជីវកម្មវិញ។

គុណសម្បត្តិនៃការមានផែនការអាជីវកម្ម
  • ប្រៀបដូចជាមានផែនការទីបង្ហាញផ្លូវពីមួយជំហានទៅមួយជំហានយ៉ាងជាក់លាក់ ដើម្បីដំណើរការអាជីវកម្មឱ្យទទួលបានភាពជោគជ័យស្របតាមគោលដៅដែលបានកំណត់។
  • បង្កើនភាពច្បាស់លាស់លើដំណើរការធ្វើការសម្រេចចិត្តទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃអាជីវកម្មដូចជាការវិនិយោគដើមទុន ការកំណត់ហិរញ្ញវត្ថុដែលត្រូវការចាំបាច់ ការជួល ការពង្រីក និងផ្សេងៗទៀត។
  • បង្កើតឱ្យមានផែនទីបង្ហាញផ្លូវច្បាស់លើផ្នែកទីផ្សារ ដោយជួយកំណត់ទីផ្សារគោលដៅ អតិថិជនគោលដៅ និងរបៀបដែលអ្នកនឹងផ្សព្វផ្សាយឱ្យកាន់តែត្រឹមត្រូវលើផលិតផលឬសេវាកម្មរបស់អ្នក។
  • បង្កើតឱ្យមានភាពងាយស្រួលក្នុងការស្វែងរកដើមទុន មិនថាស្វែងរកនៅធនាគារ ឬពីវិនិយោគិនណានោះឡើយ។
  • ជំរុញឱ្យមានការបង្កើតប្រាក់ចំណូល និងប្រាក់ចំណេញដល់ក្រុមហ៊ុនបានញឹកញាប់ ជាពិសេសធ្វើឱ្យការគ្រប់គ្រងចរន្តសាច់ប្រាក់ក្នុងដំណើរការអាជីវកម្មបានល្អ។
  • ជួយឱ្យស្គាល់ពីអាជីវកម្មខ្លួនឯងច្បាស់ ទាំងគោលដៅអាជីវកម្ម អតិថិជនគោលដៅ ទីផ្សារគោលដៅ ដៃគូប្រកួតប្រជែង និងជាច្រើនទៀត ដើម្បីងាយស្រួលវាយលុកក្នុងទីផ្សារ។
គុណវិបត្តិនៃការមិនមានផែនការអាជីវកម្ម
  • ពិបាកពង្រីកអាជីវកម្មឱ្យកាន់តែធំនាពេលអនាគត ជាពិសេសពិបាកស្វែងរកដើមទុនពីវិនិយោគិននានាទាំងក្នុងស្រុក និងក្រៅស្រុក។
  • ពិបាកបត់បែន ព្រមទាំងងាយទទួលរងនូវហានិភ័យខ្ពស់ ដូចជាជាប់គាំងសាច់ប្រាក់ភ្លាមៗ​ ពិបាកវាយលុកក្នុងទីផ្សារឱ្យចំគោលដៅ និងពិបាកដោះស្រាយបញ្ហានានាដែលកើតឡើងដោយគ្មានការគ្រោងទុកមុន។
  • ត្រូវចំណាយរយៈពេលវែងដើម្បីអាចសម្រេចនូវគោលដៅដែលក្រុមហ៊ុនចង់បាន ជាពិសេសអ្នកត្រូវមានភាពស្រេ្តសច្រើន។
ពាណិជ្ជកម្ម

តើកត្តាអ្វីខ្លះ ធ្វើឱ្យក្រុមការងារបែកបាក់សាមគ្នីគ្នា?

0
តើកត្តាអ្វីខ្លះ ធ្វើឱ្យក្រុមការងារបែកបាក់សាមគ្នីគ្នា?

ក្រុមការងារជាផ្នែកសំខាន់នៅក្នុងក្រុមហ៊ុន ពីព្រោះបើគ្មានក្រុមការងារ នោះក្រុមហ៊ុនក៏មិនអាចដំណើរការឆ្ពោះទៅរកការសម្រេចគោលដៅក្រុមហ៊ុនបានលឿននោះដែរ ដូចពាក្យមួយឃ្លាគេបាននិយាយថា ក្រុមហ៊ុនគ្រាន់តែជាឈ្មោះ ប៉ុន្តែក្រុមហ៊ុនអាចទទួលបានជោគជ័យបានកម្រិតណា គឺវាអាស្រ័យលើសមត្ថភាព និងការរួបរួមគ្នារបស់ក្រុមការងារ។ ទោះបីជាយ៉ាងណា ការធ្វើការងារជាមួយគ្នា តែងតែមានជម្លោះ ឬមានបញ្ហាផ្ទៃក្នុងនានា ប៉ុន្តែវាក៏មានដំណោះស្រាយផងដែរ ដោយអាស្រ័យលើការគ្រប់គ្រងចាត់ចែងរបស់ម្ចាស់អាជីវកម្ម ឬថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុននោះ។ លើសពីនេះ អ្នកក៏ត្រូវដឹងដែរថា ជម្លោះផ្ទៃក្នុងរបស់ក្រុមការងារ ឬការដែលធ្វើឱ្យក្រុមការងារបែកបាក់សាមគ្នីគ្នា វាជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមហ៊ុន ដូចជាបុគ្គលិកម្នាក់ៗគ្មានផលិតភាពការងារ បុគ្គលិកនឹងគ្មានភាពរីកចម្រើន អាត្រានៃអ្នកឈប់លាឈប់ក៏ច្រើន និងមិនងាយឆាប់សម្រេចនូវគោលដៅក្រុមហ៊ុនឡើយ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន ឬនៅក្នុងផ្នែកណាមួយរបស់ក្រុមហ៊ុន អ្នកច្បាស់ជាមានទំនួលខុសត្រូវដ៏ធំមួយក្នុងការដឹកនាំក្រុមការងារដើម្បីឆ្ពោះទៅរកការសម្រេចនូវគោលដៅរបស់ក្រុមហ៊ុន ព្រមទាំងជួយពួកគេឱ្យរីកចម្រើនទាំងអាជីពការងារ និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុដូចនេះហើយ ខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញនូវការយល់ដឹងមួយចំនួនដើម្បីឱ្យអ្នកត្រៀមដំណោះស្រាយ ក៏ដូចជាឈ្វេងយល់បន្ថែមលើកត្តាសំខាន់មួយចំនួនដែលអាចធ្វើឱ្យក្រុមការងាររបស់អ្នកមានការបែកបាក់សាមគ្នីគ្នាក្នុងការបំពេញការងារឱ្យបានល្អ។

កត្តាសំខាន់ដែលធ្វើឱ្យក្រុមការងារភាគច្រើននឹងត្រូវបែកបាក់សាមគ្នីគ្នាក្នុងការបំពេញការងារឱ្យបានល្អសម្រាប់ក្រុមហ៊ុននោះរួមមាន៖

1. ថ្នាក់ដឹកនាំអសមត្ថភាព

ថ្នាក់ដឹកនាំ គឺជាផ្នែកមួយសំខាន់ណាស់សម្រាប់ការដឹកនាំក្រុមការងារឱ្យសហការគ្នាក្នុងការបំពេញការងារ និងអាចធ្វើឱ្យបុគ្គលិកម្នាក់ៗរីកចម្រើនលើវិស័យអាជីពការងាររបស់ពួកគេ។ ប៉ុន្តែប្រសិនបើថ្នាក់ដឹកនាំអសមត្ថភាព ដោយមិនដែលចេះជំរុញលើកទឹកចិត្តក្រុមការងារ ខ្វះភាពជាអ្នកដឹកនាំ គ្មានជំនាញច្បាស់លាស់មួយ និងមិនចេះវាស់វែងលើសមត្ថភាពបុគ្គលិក ឬអាចនិយាយបានថា មិនចេះមើលពីសមត្ថភាពបុគ្គលិក ដោយមិនដឹងថាបុគ្គលិកណាមានទេពកោសល្យល្អ ហើយបុគ្គលិកណាគួរពង្រឹងសមត្ថភាពបន្ថែម និងបុគ្គលិកណាដែលចេះតែនិយាយយកមុខមាត់ប៉ុន្តែមិនដែលចេះធ្វើអ្វីឱ្យចេញជាលទ្ធផលការងារពិតប្រាកដ។ល។ ហេតុដូចនេះហើយ ការដឹកនាំបែបនេះ នឹងធ្វើឱ្យក្រុមការងារមានភាពច្រណែនគ្នា បុគ្គលិកមានការធុញទ្រាន់ជាមួយនឹងការងារ បុគ្គលិកគ្មានការរីកចម្រើន ហើយបុគ្គលិកដែលមានសមត្ថភាព ក៏ដូចជាខិតខំប្រឹងប្រែងខ្លាំងក៏បាក់ទឹកចិត្ត ព្រមទាំងទទួលបានភាពអយុត្តិធម៌នៅកន្លែងការងារជាដើម។ អ្នកត្រូវដឹងថា ការដឹកនាំរបស់ថ្នាក់ដឹកនាំ ក៏ជះឥទ្ធិពលលើការសហការគ្នាធ្វើការងារជាក្រុមដែរ ដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ត្រូវពិនិត្យឡើងវិញលើសមត្ថភាពដឹកនាំផ្ទាល់ខ្លួន និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំផ្សេងៗទៀតឱ្យបានល្អ។

2. គោលដៅក្រុមហ៊ុនគ្មានភាពជាក់លាក់

គោលដៅ គឺជារឿងសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ដោយជាក់ស្ដែងដូចយើងបានដឹងស្រាប់ហើយថា គ្រប់ក្រុមហ៊ុនធំៗទូទាំងពិភពលោកសុទ្ធតែមានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ ដែលជាគោលដៅក្រុមហ៊ុនមួយយ៉ាងជាក់លាក់។ ហេតុនេះ ប្រសិនបើក្រុមហ៊ុនគ្មានការចែងគោលដៅឱ្យបានជាក់លាក់នោះទេ ក្រុមការងារក៏មានភាពវង្វេងគោលដៅដែរ ដោយមិនដឹងថាត្រូវធ្វើអ្វីឱ្យពិតប្រាកដដើម្បីសម្រេចជូនដល់ក្រុមហ៊ុន ព្រមទាំងនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ចង់លាឈប់ពីការងារ ដើម្បីស្វែងរកក្រុមហ៊ុនណាដែលនាំពួកគេឱ្យរីកចម្រើនក្នុងភាពច្បាស់លាស់ណាមួយដែលពួកគេចង់បានយ៉ាងពិតប្រាកដ។

ម្យ៉ាងវិញទៀត ការដែលគ្មានគោលដៅជាក់លាក់នៅក្នុងក្រុមហ៊ុន ក្រុមការងារនឹងមានការប្រចាំគ្នា ដោយសារតែគ្មានការបែងចែកគ្នាដើម្បីសម្រេចឱ្យបានជាក់លាក់ ហើយពួកគេក៏គ្មានការសហការគ្នាក្នុងការជួយជ្រោមជ្រែងគ្នាឱ្យសម្រេចនូវការងារណាមួយបានជាក់លាក់ដូចគ្នា ដោយពួកគេគិតតែធ្វើការងារណាដែលពួកគេកំពុងធ្វើរាល់ថ្ងៃ ដោយមិនសូវខ្វល់ខ្វាយពីភារកិច្ចការងាររបស់បុគ្គលិកផ្សេងទៀតឡើយ សំខាន់ឱ្យតែការងាររបស់ពួកគេបានសម្រេចបានផែនការ។ កត្តានេះ ក៏ជាផ្នែកធ្វើឱ្យបុគ្គលិកឃ្លាតឆ្ងាយគ្នានូវទំនាក់ទំនងធ្វើការរួមគ្នាឱ្យបានល្អ ដើម្បីសម្រេចនូវគោលដៅរួមរបស់ក្រុមហ៊ុនផងដែរ។

3. ការមានភាពទទួលខុសត្រូវលើតែកិច្ចការងារផ្ទាល់ខ្លួនពេក

ភាពទទួលខុសត្រូវលើការងារផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុន វាជារឿងដ៏ល្អហើយសម្រាប់ក្រុមបុគ្គលិកម្នាក់ៗ ប៉ុន្តែវាក៏មានភាពមិនល្អដែរ ប្រសិនបើបុគ្គលិកម្នាក់ៗគិតផ្ដោតលើតែការសម្រេចគោលដៅផ្ទាល់ខ្លួន ឬទទួលខុសត្រូវតែការងារផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការងារអ្នកផ្សេងឡើយ ដែលជាហេតុធ្វើឱ្យក្រុមការងារគ្មានការចេះជួយជ្រោមជ្រែងគ្នាក្នុងការសម្រេចកិច្ចការងារ និងមិនអាចឆាប់សម្រេចនូវគោលដៅរួមរបស់ក្រុមហ៊ុន។

 

ពាណិជ្ជកម្ម

គន្លឹះដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត

0
គន្លឹះដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត

មនុស្សគ្រប់គ្នា តែងតែមានក្ដីប្រាថ្នារៀងៗខ្លួននៅក្នុងជីវិត ដូច្នេះសំណួរសួរថា តើត្រូវធ្វើបែបណាដើម្បីសម្រេចបាននូវក្ដីប្រាថ្នាដែលចង់បាននោះឱ្យជោគជ័យនៅក្នុងជីវិត? ហេតុអ្វីសួរបែបនេះ? ព្រោះមនុស្សមានក្ដីប្រាថ្នានៅក្នុងជីវិតដូចគ្នា ប៉ុន្តែអ្នកខ្លះក៏អាចសម្រេចបាន ហើយអ្នកខ្លះទៀតក៏មិនអាចសម្រេចបាន។ ហេតុនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីជួយអ្នកបន្ថែមទៀត ប្រសិនបើអ្នកកំពុងមានក្ដីប្រាថ្នាអ្វីមួយដែលចង់សម្រេចឱ្យបានប៉ុន្តែមិនដឹងធ្វើបែបណា ឬកំពុងតែជួបបញ្ហាស្ទើតែធ្វើឱ្យអ្នកចង់បោះបង់ជាដើម។

1. ផ្តោតលើការតាំងចិត្ត មិនមែនការលើកទឹកចិត្តទេ

មនុស្សមួយចំនួននៅពេលមានគោលដៅដែលចង់សម្រេចនៅក្នុងជីវិតផ្ទាល់ខ្លួន ភាគច្រើនចូលចិត្តតែផ្ដោតលើការលើកទឹកចិត្ត ដោយមិនបានធ្វើយ៉ាងណាឱ្យខ្លួនឯងមានការតាំងចិត្តខ្ពស់ និងមានឆន្ទៈដើម្បីសម្រេចឡើយ។ ការផ្ដោតលើការលើកទឹកចិត្ត វាមិនសូវទទួលបានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏មិនមែនមានន័យថា យើងមិនត្រូវការការលើកទឹកចិត្តនោះដែរ គ្រាន់តែចង់ឱ្យអ្នកផ្ដោតខ្លាំងលើការតាំងចិត្តរបស់អ្នកដើម្បីសម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត។ ការតាំងចិត្ត ឬអាចនិយាយបានថាការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការធ្វើអ្វីមួយដែលអ្នកចង់បាន អាចធ្វើឱ្យអ្នកមិនងាយឆាប់បោះបង់ អាចជំនះគ្រប់បញ្ហាទាំងអស់ ហ៊ានលះបង់គ្រប់យ៉ាង និងមានកម្លាំងចិត្តក្នុងការរិះរកវិធីថ្មីៗដើម្បីសម្រេច ប៉ុន្តែបើផ្ដោតលើការលើកទឹកចិត្ត នោះនៅពេលដែលគ្មានការលើកទឹកចិត្តជាប្រចាំពីបុគ្គលផ្សេងៗ នោះអ្នកនឹងឆាប់អស់កម្លាំងចិត្តក្នុងការធ្វើសកម្មភាពបន្តមិនខាន។ ហេតុដូចនេះ ប្រសិនបើអ្នកចង់សម្រេចអ្វីក៏ដោយដែលអ្នកចង់បាននៅក្នុងជីវិត អ្នកត្រូវតែមានការប្ដេជ្ញាចិត្តក្នុងការសម្រេចវា ហើយរកឱ្យឃើញថា តើអ្នកហ៊ានលះបង់អ្វីខ្លះដើម្បីសម្រេចវានោះ? ហើយហ៊ានលះបង់កម្រិតណា? នោះអ្នកនឹងដឹងថា អ្វីដែលអ្នកចង់បាននោះ វាពិតជាមានគុណតម្លៃ និងមានសារៈសំខាន់ខ្លាំងសម្រាប់អ្នក ដូច្នេះនៅពេលអ្នកមានការប្ដេជ្ញាចិត្តពេញលេញហើយ នោះការលើកទឹកចិត្តនឹងដើរមកតាមក្រោយ។

2. ស្វែងរកចំណេះដឹង មិនមែនលទ្ធផល

បើអ្នកចង់សម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត ចូរកុំព្យាយាមកំណត់គោលដៅដោយផ្ដោតលើលទ្ធផលពេក ពីព្រោះកម្លាំងចិត្តរបស់អ្នកនឹងថយចុះ ប្រសិនបើអ្នកមិនបានសម្រេចដូចលទ្ធផលដែលបានគ្រោងទុកនោះ។ ហេតុដូចនេះ បើចង់បានអ្វីមួយនៅក្នុងជីវិត ត្រូវតែចុះសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរៀនសូត្រអំពីដំណាក់កាលរបស់វា ចេះកែលម្អ និងពិសោធន៍ឱ្យបានច្រើន។ ធ្វើបែបនេះ អ្នកនឹងមានចំណេះដឹងច្រើនដើម្បីអាចសម្រេចនូវអ្វីដែលអ្នកចង់បាននោះ ដោយអ្នកនឹងដឹងពីវិធី និងដំណើរការដើម្បីសម្រេចវាបានយ៉ាងល្អ។

3. ឈប់រស់នៅក្នុងតំបន់សុខស្រួលរបស់អ្នក

តំបន់សុខស្រួល (Comfort Zone) សំដៅលើការព្យាយាមធ្វើឱ្យជីវិតខ្លួនឯងរស់នៅបែបស្រួលៗ។ ហេតុដូចនេះ ប្រសិនបើអ្នកចង់សម្រេចអ្វីមួយដែលអ្នកចង់បាននៅក្នុងជីវិត អ្នកត្រូវតែចាកចេញពីតំបន់សុខស្រួលរបស់អ្នក ដោយហ៊ានប្រឈបមុខនឹងបញ្ហា  ហ៊ានជួបស្ថានភាពលំបាកៗ មិនរងចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីធ្វើអ្វីមួយឡើយ ប៉ុន្តែត្រូវហ៊ានចាប់ផ្ដើមឥលូវ។ ចូរចងចាំថា បើអ្នកចង់បានអ្វីមួយនោះក្នុងជីវិត អ្នកនឹងទទួលបានប្រសិនបើអ្នកហ៊ានធ្វើសកម្មភាពគ្រប់បែបណាដើម្បីសម្រេចវា មិនមែនគ្រាន់តែនឹកគិតស្រមៃ និងចូលចិត្តធ្វើអ្វីបែបស្រួល ហើយទទួលបានដែរ គឺវាមិនអាចទៅរួចនោះឡើយ ដូចពាក្យមួយឃ្លាគេបាននិយាយថា “នៅលើលោកនេះ គ្មានអ្វីទទួលបានដោយស្រួលៗឡើយ”។

4. កុំពឹងផ្អែកលើអ្នកដទៃ

ជីវិតរបស់អ្នក គឺជារបស់អ្នក ហើយអ្វីដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នក គឺមានតែអ្នកប៉ុណ្ណោះជាអ្នកសម្រេចវា ដោយមិនមែនអង្គុយរំពឹងថាអ្នកដទៃមកធ្វើជំនួសអ្នក ឬផ្ដល់អ្នកឱ្យទទួលបានអ្វីដែលចង់បាននៅក្នុងជីវិតនោះទេ។ ហេតុនេះ អ្នកត្រូវចងចាំថា គ្មាននរណាម្នាក់សូម្បីតែសមាជិកគ្រួសារ មិត្តភត្តិ ដៃគូជីវិត ឬចៅហ្វាយរបស់អ្នក គឺពួកគេមិនអាចសម្រេចគោលដៅដែលអ្នកចង់បាននៅក្នុងជីវិតបានឡើយ គឺមានតែអ្នកប៉ុណ្ណោះដែលអាចសម្រេចបាន។ ម្យ៉ាងវិញទៀត អ្នកចូរកុំយល់ច្រលំថា កុំពឹងផ្អែកលើអ្នកដទៃដើម្បីសម្រេចគោលដៅ ដោយមិនមែនមានន័យថាឱ្យអ្នកសម្រេចតែម្នាក់ឯងនោះទេ ប៉ុន្តែអាចស្វែងរកជំនួយពីអ្នកជុំវិញដើម្បីជួយបាន គ្រាន់តែថាអ្នកគឺជាមនុស្សតែម្នាក់ដែលត្រូវរក្សាគោលជំហផ្ទាល់ខ្លួនដើម្បីសម្រេចគោលដៅនោះ មិនមែនរងចាំតែអ្នកដទៃមកដាស់តឿន ឬធ្វើគ្រប់យ៉ាងដើម្បីឱ្យអ្នកសម្រេចនូវគោលដៅដែលអ្នកចង់បាននោះទេ។

5. ធ្វើផែនការ

ការដែលមានផែនការ ប្រៀបដូចជាមានផែនទីបង្ហាញផ្លូវជាជំហានៗដ៏ជាក់លាក់ដល់អ្នក ដើម្បីឱ្យអ្នកដឹងថាអ្នកត្រូវធ្វើបែបណា និងត្រៀមលក្ខណៈបែបណាដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បាននោះ។ បន្ថែមពីនេះ ផែនការ នឹងធ្វើឱ្យអ្នកកាន់តែដឹងថា រឿងណាខ្លះត្រូវធ្វើ និងមិនត្រូវធ្វើ ហើយអ្នកនឹងកាន់តែដឹងថាកិច្ចការណាជាអាទិភាពដែលត្រូវបំពេញជាប្រចាំថ្ងៃ។ ធ្វើបែបនេះ ទើបអ្នកអាចឆាប់សម្រេចនូវគោលដៅដែលអ្នកចង់បាននោះលឿន និងមិនងាយធ្វើឱ្យអ្នកវង្វេងគោលដៅ ហើយពិបាកផ្ដោតលើអ្វីមួយនោះទេ។ លើសពីនេះ ជីវិតប្រចាំថ្ងៃរបស់អ្នកក៏ពោរពេញដោយភាពរីករាយ ពីព្រោះអ្នករស់នៅជាមួយជីវិតដែលមានការចង់បានពិតប្រាកដក្នុងជីវិត ហើយក៏កំពុងធ្វើសកម្មភាពឆ្ពោះទៅកាន់ក្ដីស្រមៃនោះ។

6. ចេះការពារខ្លួនឯងពីការអស់កម្លាំងចិត្ត

ជាធម្មតាទេ មនុស្សម្នាក់ៗតែងតែអាចមានពេលវេលាមួយបាក់ទឹកចិត្ត អស់សង្ឃឹម នឿយហត់ មានភាពស្រ្តេស ស្មុគស្មាញ និងអស់កម្លាំងចិត្តនៅក្នុងជីវិតទៅតាមស្ថានភាពជាក់ស្ដែង។ ម្យ៉ាងវិញទៀត ការប៉ងប្រាថ្នាចង់សម្រេចអ្វីមួយនៅក្នុងជីវិត មិនមែនសុទ្ធតែជាការងាយស្រួលទទួលបាននោះទេ ជាពិសេសក៏មិនប្រាកដថាជោគជ័យដែរ ពីព្រោះវាត្រូវឆ្លងកាត់ដំណាក់កាលច្រើន ដោយក្នុងនោះក៏មានភាពស្រួល និងភាពលំបាក ព្រមទាំងអាចទទួលរងផលប៉ះពាល់ពីពាក្យសម្ដីខាងក្រៅជាដើម ហេតុនេះអ្នកច្បាស់ជាអាចមានពេលវេលាណាមួយដែលអស់កម្លាំងចិត្ត និងអស់សង្ឃឹមជាដើម។ ហេតុផលនេះ ហើយអ្នកត្រូវត្រៀម និងដឹងថា បើស្ថានភាពនោះកើតឡើងចំពោះអ្នក តើអ្នកនឹងត្រូវធ្វើបែបណាដើម្បីការពារ ក៏ដូចជាធ្វើឱ្យអ្នកចាកចេញពីភាពអស់សង្ឃឹមនោះបាន? ធ្វើបែបនេះ ទើបអ្នកអាចរក្សាកម្លាំងចិត្តបន្តដើម្បីធ្វើដំណើរទៅមុខ

ពាណិជ្ជកម្ម

សញ្ញាបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន

0
សញ្ញាបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន

សេវាកម្មអតិថិជន ជាផ្នែកមួយដែលចូលរួមចំណែកដ៏សំខាន់ក្នុងការរក្សាអតិថិជនឱ្យនៅដក់ជាប់ជាមួយក្រុមហ៊ុនរបស់អ្នកបានយូរអង្វែង និងបង្កើនអតិថិជនថ្មីៗបានកាន់តែច្រើន តាមរយៈការបំពេញតម្រូវការដល់អតិថិជនបានល្អ បង្កើនភាពពេញចិត្តដល់អតិថិជន អាចពន្យល់ណែនាំពីផលិតផលសេវាកម្មបានច្បាស់ដល់អតិថិជន និងអាចដោះស្រាយរាល់ចម្ងល់ ឬបញ្ហាដល់អតិថិជន។ ជាពិសេសការផ្ដល់ជូននូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុន។

អ្នកអាចឈ្វេងយល់បន្ថែមអំពីសេវាកម្មអតិថិជន ដោយគ្រាន់តែចុចទីនេះ ៖ ការផ្ដល់សេវាកម្មអតិថិជន ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម តើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

ឆ្លងតាមការពន្យល់ណែនាំខាងលើ អ្នកច្បាស់ជាកាន់តែដឹងហើយថា សេវាកម្មអតិថិជនជារឿងសំខាន់ណាស់ ពីព្រោះបើផលិតផលសេវាកម្មរបស់អ្នកល្អ ហើយក្រុមហ៊ុនរបស់អ្នករៀបចំបានយ៉ាងមានផាសុកភាពក៏ដោយ ប៉ុន្តែបើផ្នែកសេវាកម្មអតិថិជនរបស់អ្នកនៅមានកម្រិត ឬខ្សោយ នោះវាជាបញ្ហា។ បន្ថែមពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មមានកិច្ចការជាច្រើនដែលត្រូវទទួលខុសត្រូវ ដូច្នេះច្បាស់ជាមិនអាចពិនិត្យមើលបានគ្រប់ជ្រុងជ្រោយឡើយ ហេតុនេះអ្នកច្បាស់ជាចង់ដឹងកាន់តែច្បាស់ទៀតថា តើមានអ្វីជាសញ្ញាសម្គាល់ដើម្បីឱ្យដឹងថានៅក្នុងក្រុមហ៊ុនរបស់អ្នកនៅខ្សោយផ្នែកសេវាកម្មអតិថិជន ហើយត្រូវការពង្រឹងបន្ថែមឬទេ? ចម្លើយនោះគឺមាន ហើយខ្លឹមសារខាងក្រោមនេះនឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួនដែលម្ចាស់អាជីវកម្មគ្រប់រូបអាចអនុវត្តន៍ដើម្បីពង្រឹងបន្ថែមលើចំណុចខ្សោយផ្នែកសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុន។

សញ្ញាសម្គាល់ដែលបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកត្រូវតែពង្រឹងផ្នែកសេវាកម្មអតិថិជន រួមមាន៖
1. អតិថិជនបាត់ជាបន្តបន្ទាប់

អតិថិជនចាស់ៗចេះតែបាត់មុខជាបន្តបន្ទាប់ ដោយឈប់ត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកម្ដងទៀត ទោះបីជាក្រុមហ៊ុនរបស់អ្នកសម្បូរអតិថិជនថ្មីៗចូលមកកាន់ក្រុមហ៊ុនក៏ដោយ។ ហេតុអ្វីទើបដឹងថាបាត់អតិថិជន? គឺតាមរយៈការស៊ើបសួរពីក្រុមអ្នកលក់ និងមើលទិដ្ឋន័យនៃការលក់ នោះអ្នកនឹងដឹងថា កម្រិតនៃអតិថិជនដែលធ្លាប់ទិញពីមុនបានត្រឡប់មកទិញម្ដងទៀតឬទេ ឬក៏មានតែអតិថិជនថ្មីៗមកជាបន្តបន្ទាប់ ហើយអតិថិជនដែលមានស្រាប់កន្លងមក ក៏បាត់អស់។ ហើយសញ្ញានេះហើយជារឿងដែលម្ចាស់អាជីវកម្មគួរគិតពិចារណារកដំណោះស្រាយ ដោយអាចស្វែងរកមូលហេតុដែលធ្វើឱ្យអតិថិជនចាស់ៗឈប់ត្រឡប់មកវិញ និងរៀបយុទ្ធនាការថ្មីដើម្បីពង្រឹងក្រុមអ្នកលក់ឱ្យខ្លាំងលើផ្នែកសេវាកម្មអតិថិជន ជាពិសេសកែលម្អលើផ្នែកដែលជាចំណុចខ្វះខាតខ្លាំងបំផុតក្នុងការផ្ដល់សេវាកម្មអតិថិជន។

ដំណោះស្រាយអ្នកអាចចុចទីនេះ៖ តើត្រូវធ្វើដូចម្ដេច ទើបអាចទាញយកអតិថិជនចាស់ៗមកវិញ?

2. ក្រុមបុគ្គលិករបស់អ្នកធ្លាក់ផលិតភាពការងារ

ក្រុមបុគ្គលិកដែលពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន ដូចជាផ្នែកលក់ ផ្នែកសន្តិសុខ និងផ្នែកអនាម័យ មិនមានការបំពេញការងារបានល្អ ព្រមទាំងទទួលបានលទ្ធផលមិនសមប្រកបជាមួយនឹងគោលដៅដែលក្រុមហ៊ុនបានកំណត់ ជាពិសេសបង្ហាញនូវសកម្មភាពដែលគ្មានថាមពលក្នុងការបំពេញការងារ។ល។ តើអ្នកដឹងបានដោយរបៀបណា? គឺតាមរយៈការសង្កេត ពិនិត្យមើល ឬក៏ប្រជុំជាមួយបុគ្គលិកជារៀងរាល់ខែដើម្បីបង្ហាញនូវលទ្ធផលការងារ និងបង្ហាញផលវិបាកដែលបានជួប ហើយអ្នកអាចវិភាគបញ្ហា និងផលិតភាពការងាររបស់ក្រុមការងារដោយផ្ដោតលើការផ្ដល់សេវាកម្មអតិថិជន។ ម្យ៉ាងវិញទៀត ក្រុមបុគ្គលិករបស់អ្នកនៅខ្សោយក្នុងការផ្ដល់សេវាកម្មអតិថិជន ដូចជាមិនចេះរបៀបឆ្លើយតបជាមួយអតិថិជន មិនចេះយល់ពីតម្រូវការរបស់អតិថិជន មិនចេះស្វាគមន៍អតិថិជន មិនចេះដោះស្រាយបញ្ហានានាជាមួយអតិថិជន និងសកម្មភាពគ្រប់យ៉ាងដែលបង្ហាញថាបុគ្គលិកមិនចេះពីរបៀបផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ​ ទាំងក្នុងអនឡាញ និងក្នុងក្រុមហ៊ុនផ្ទាល់។ ដូច្នេះអ្នកត្រូវតែរិះរកវិធីដើម្បីពង្រឹងសមត្ថភាពដល់បុគ្គលិករបស់អ្នកឱ្យកាន់តែខ្លាំងលើផ្នែកសេវាកម្មអតិថិជន ជាពិសេសផ្ដល់នូវកម្លាំងចិត្តបន្ថែមដល់ពួកគេ និងបង្កើតឱ្យមានការបង្វឹកដល់បុគ្គលិក ព្រមទាំងមានការចាត់តាំងនរណាម្នាក់ដែលអាចទុកចិត្តបានក្នុងការជួយតាមដាននៃការវិវឌ្ឍន៍ផលិតភាពការងាររបស់បុគ្គលិកគ្រប់រូបភាពទាំងអស់ពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន។

3. អតិថិជនរិះគន់ច្រើនជាងការលើកសរសើរ

​អ្នកអាចចាត់វិធានការក្នុងការស្ទង់មតិទាំងអនឡាញ​ និងការសួរភ្ញៀវនៅក្នុងហាងផ្ទាល់ ដើម្បីដឹងពីចំណាប់អារម្មណ៍ផ្ទាល់ពីពួកគាត់ ទាំងចំណុចល្អ និងចំណុចដែលធ្វើឱ្យពួកគាត់មិនមានការពេញចិត្តតាមរយៈក្រុមការងារដែលបានផ្ដល់សេវាកម្មអតិថិជនជូនគាត់។ នៅក្នុងចំណុចនេះ អ្នកអាចបង្កើតជាកម្រងសំណួរខ្លីៗស្របតាមគោលបំណងដែលអ្នកចង់ដឹងលើផ្នែកសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុនរបស់អ្នក ដើម្បីធ្វើការស្ទង់មតិអនឡាញ និងឱ្យបុគ្គលិកទាំងអស់ត្រៀមសំណួរដើម្បីឆ្លៀតសួរនាំជាមួយអតិថិជន។ បន្ទាប់មក អាចប្រជុំសរុបរួម ដើម្បីធ្វើឱ្យប្រាកដថា តើមតិយោបល់ភាគច្រើនរបស់អតិថិជន ជារឿងល្អច្រើនជាង ឬមិនល្អច្រើនជាង បន្ទាប់ធ្វើការរៀបយុទ្ធសាស្រ្តដើម្បីកែលម្អចំណុចខ្វះខាត និងពង្រឹងឱ្យកាន់តែខ្លាំងលើចំណុចដែលធ្វើបានល្អស្រាប់ក្នុងការផ្ដល់សេវាកម្មអតិថិជន។

ពាណិជ្ជកម្ម

បាត់មុខជិត 2 ឆ្នាំ ត្រឡប់មកវិញ លោក JacK Ma ងាកមកចាប់អារម្មណ៍ចង់ធ្វើកសិកម្មឱ្យទំនើបជាងមុន!

0
បាត់មុខជិត 2 ឆ្នាំ ត្រឡប់មកវិញ លោក JacK Ma ងាកមកចាប់អារម្មណ៍ចង់ធ្វើកសិកម្មឱ្យទំនើបជាងមុន!

កាលពីឆ្នាំ 2020 មក ចាប់តាំងពីលោក Jack Ma បាននិយាយធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរដ្ឋាភិបាលនៅក្នុងឱកាសពិធីប្រកាសនាំក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ឡើង​ IPO យើងសង្កេតឃើញថាលោក Ma មិនដែលបង្ហាញមុខនិយាយចែករំលែកចំណេះដឹងតាមទីសាធារណៈដូចមុនៗទៀតឡើយ។ ប៉ុន្តែកាលពីថ្ងៃទី 2 ខែកក្កដា ឆ្នាំ2022 ថ្មីៗនេះ លោក Ma បានបង្ហាញមុខម្ដងទៀត ដោយស្លៀកសម្លៀកបំពាក់បែបសាមញ្ញបំផុតនៅសាកលវិទ្យាល័យមួយនៅកណ្ដាលប្រទេសហូឡង់។

គួរបញ្ជាក់បន្ថែមផងដែរថា លោក Jack Ma មានអាយុ 57ឆ្នាំ ហើយបច្ចុប្បន្ននេះក៏ជាស្ថាបនិកនៃក្រុមហ៊ុន Alibaba Group Holding។ ម្យ៉ាងវិញទៀត ចំពោះការដែលលោកបង្ហាញមុខម្ដងទៀត គឺលោកចង់ឈ្វេងយល់បន្ថែមពីរបៀបកែលម្អផលិតកម្មផ្នែកម្ហូបអាហារប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Wageningen & Research (WUR) ដែលជាសាកលវិទ្យាល័យសាធារណៈនៅប្រទេសហូឡង់ដ៏ល្បីល្បាញលើការសិក្សាផ្នែកកសិកម្ម។ បន្ថែមពីនេះ លោក Ma ក៏បានទៅទស្សនាផ្ទះកញ្ចក់បច្ចេកវិទ្យាលំដាប់ខ្ពស់នៅក្នុងបរិវេណសាលាក៏ដូចជាប្រទេសហូឡង់ Plant Eco -phenotyping Centre ផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់សាកលវិទ្យាល័យនោះផ្ទាល់។

លើសពីនេះ លោក Ma ក៏បានបង្កើតមូលនិធិក្រោមឈ្មោះរបស់គាត់ដើម្បីបន្តសកម្មភាពមនុស្សធម៌ ចង់ទទួលបានការយល់ដឹងអំពីការចិញ្ចឹមសត្វ និងនេសាទប្រកបដោយនិរន្តរភាព ដើម្បីលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់គាត់ទាំងស្រុងចំពោះវិស័យកសិកម្ម និងនិរន្តរភាពអាហារ រួមទាំងនៅវាលខ្សាច់ Gobi ហើយនេះបើយោងតាមការចុះផ្សាយរបស់ WUR

លោក Jack Ma ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែមានភាពទាក់ទាញ និងទំនើបជាងមុនសម្រាប់យុវជន យុវនារីទាំងអស់។ ហើយលោកក៏មានបំណងចង់ធ្វើទស្សនកិច្ចមួយផ្សេងទៀតនៅពេលអនាគត ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហការលើចំណាប់អារម្មណ៍ខាងលើ។

ចំពោះចំណាប់អារម្មណ៍ចង់ធ្វើឱ្យវិស័យកសិកម្មកាន់តែទំនើបនេះ គឺជាការបំផុសគំនិតមួយដែលគាត់បានរកឃើញនៅក្នុងទ្វីប ហើយគាត់ក៏ជឿជាក់ថា ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាជាមួយនឹង cloud computing របស់ក្រុមហ៊ុន Alibaba ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងអាចបង្កើតសក្តានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន។ បន្ថែមពីនេះ លោក Ma ក៏ធ្លាប់បានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់គាត់ក្នុងរយៈពេលជាងមួយឆ្នាំបើរាប់ចាប់ពីខែតុលា ឆ្នាំ2021 ដោយលោក Ma បានទៅទស្សនាស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសហូឡង់ និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្តាលលើជំនាញក្នុងវិស័យកសិកម្មនេះ។

ពាណិជ្ជកម្ម

តើត្រូវធ្វើដូចម្ដេច ទើបអាចទាញយកអតិថិជនចាស់ៗមកវិញ?

0
តើត្រូវធ្វើដូចម្ដេច ទើបអាចទាញយកអតិថិជនចាស់ៗមកវិញ?

អតិថិជន គឺជាប្រភពនៃការផ្ដល់ប្រាក់ចំណូលដល់ក្រុមហ៊ុនទាំងអស់ ប្រសិនបើគ្មានអតិថិជន នោះក្រុមហ៊ុនក៏មិនអាចមានប្រាក់ចំណូលដើម្បីបន្តឈានទៅមុខបានដោយជោគជ័យផងដែរ។ ហេតុនេះ ទើបគ្រប់អាជីវកម្មទាំងអស់ព្យាយាមធ្វើទីផ្សារ និងវិធីផ្សេងៗដើម្បីទាញយកអតិថិជនឱ្យបានច្រើនចូលមកកាន់ក្រុមហ៊ុនរបស់ពួកគេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនៅក្នុងចំណុចនេះ អាជីវកម្មមួយចំនួនគិតផ្ដោតតែលើយុទ្ធសាស្រ្តដើម្បីទាញយកអតិថិជនថ្មីៗឱ្យបានច្រើន ដោយភ្លេចគិតផ្ដោតលើការរក្សាអតិថិជនដែលមានស្រាប់ ដោយជាកត្តាធ្វើឱ្យពួកគេអាចឈប់មកទិញវិញ ដែលយើងអាចនិយាយបានថា ព្យាយាមរកអតិថិជនថ្មី ភ្លេចរក្សាអតិថិជនចាស់ រហូតអាជីវកម្មបាត់អតិថិជនជាបន្តបន្ទាប់ ដោយគ្មានភាពរីកចម្រើនលឿនទៅមុខសោះ។ ហេតុនេះ តើត្រូវធ្វើបែបណា ទើបអាចទាញយកអតិថិជនចាស់ៗត្រឡប់មកវិញបាន?

មុននឹងអ្នកចាប់ផ្ដើមយុទ្ធនាការដើម្បីទាញយកអតិថិជនចាស់ៗឱ្យត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នកវិញបាន ជំហានដំបូងអ្នកត្រូវតែស្វែងរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យអតិថិជនរបស់អ្នកភាគច្រើនសម្រេចចិត្តឈប់ទិញ ឬឈប់ត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកឡើងវិញ។ នៅត្រង់ចំណុចនេះ អ្នកអាចគិតលើរឿងពីរ ដើម្បីពិចារណា រួមមាន៖

1. បទពិសោធន៍អតិថិជន៖ អ្នកត្រូវសិក្សា ឬធ្វើការស្ទង់មតិពីអតិថិជនចាស់ៗ ដើម្បីអាចឱ្យដឹងថា តើកន្លងមកបទពិសោធន៍នៃការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកយ៉ាងណាដែរ? តើអ្វីជាភាពពេញចិត្ត និងចង់សំណូមពរដើម្បីឱ្យខាងក្រុមហ៊ុនមានការពង្រឹងបន្ថែម? ហើយនៅក្នុងចំណុចនេះ អ្នកត្រូវគិតពិចារណាលើយុទ្ធសាស្រ្តនានាដើម្បីព្យាយាមឈ្វេងយល់ពីអតិថិជនចាស់ៗដែលពួកគេធ្លាប់មានបទពិសោធន៍នានាជាមួយក្រុមហ៊ុនរបស់អ្នកទាំងរឿងល្អ និងភាពមិនពេញចិត្តរបស់អតិថិជន។ បទពិសោធន៍អតិថិជន អាចធ្វើឱ្យអតិថិជនសម្រេចចិត្តមកម្ដងទៀត និងឈប់ត្រឡប់មកវិញជារៀងរហូត ពីព្រោះវាជាផ្នែកមួយដែលអាចធ្វើឱ្យអតិថិជនពេញចិត្ត ឬមិនពេញចិត្តជាមួយក្រុមហ៊ុនរបស់អ្នក ដូច្នេះចូរព្យាយាមធ្វើយ៉ាងឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុនរបស់អ្នក មិនថាជាបទពិសោធន៍នៃការវេចខ្ចប់ បទពិសោធន៍ប្រើប្រាស់ផលិតផលឬសេវាកម្ម បទពិសោធន៍នៃការផ្ដល់ជូនពីក្រុមហ៊ុន និងបទពិសោធន៍ចាប់ពីដំណើរការកម្ម៉ង់អីវ៉ាន់ជាដើម។

2. សេវាកម្មអតិថិជន៖ អ្នកត្រូវតែធ្វើការសិក្សា និងសង្កេតមើលក្នុងរយៈពេលជាក់លាក់ណាមួយតាមការកំណត់របស់អ្នក ដើម្បីឱ្យដឹងថាតើរបៀបនៃការផ្ដល់សេវាកម្មរបស់ក្រុមបុគ្គលិករបស់អ្នក ភាគច្រើនពួកគេធ្វើបែបណា? តើត្រូវមានចំណុចកែប្រែអ្វីខ្លះ? បន្ថែមពីនេះ អ្នកក៏ត្រូវសាកសួរពីអតិថិជនចាស់ៗអំពីភាពពេញចិត្ត និងភាពមិនពេញចិត្តនូវអ្វីដែលខាងក្រុមហ៊ុនធ្លាប់ផ្ដល់សេវាកម្មជូន។ ធ្វើបែបនេះ ដើម្បីកាន់តែដឹងច្បាស់ថា ក្រុមហ៊ុនរបស់អ្នកត្រូវកែប្រែ និងពង្រឹងឱ្យខ្លាំងលើផ្នែកផ្ដល់សេវាកម្មអតិថិជន ព្រមទាំងចៀសវាងរាល់កំហុសឆ្គងដែលធ្លាប់មានពីមុនៗមក។ សេវាកម្មអតិថិជន មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាអាចទាញឱ្យអតិថិជនកាន់តែពេញចិត្ត និងក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយក្រុមហ៊ុនរបស់អ្នក ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែរៀបចំផែនការបែបណាដើម្បីធ្វើឱ្យបុគ្គលិកទាំងអស់មានជំនាញសេវាកម្មអតិថិជនឱ្យបានខ្លាំង។

ក្រៅពីការស្វែងរក និងឈ្វេងយល់ពីមូលហេតុដែលធ្វើឱ្យអតិថិជនឈប់ត្រឡប់មកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកហើយ ជំហានបន្ទាប់អ្នកអាចចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តដើម្បីធ្វើប្រតិបត្តិការក្នុងការទាញយកអតិថិជនចាស់ៗរបស់អ្នកត្រឡប់មកវិញ។

1. ពិចារណាលើយុទ្ធនាការទីផ្សារថ្មី

នៅក្នុងចំណុចនេះ អ្នកអាចគិតពិចារណាលើយុទ្ធនាការទីផ្សារថ្មីដើម្បីអនុវត្តន៍ក្នុងការទាញយកអតិថិជនចាស់ៗឱ្យត្រឡប់មកប្រើប្រាស់លើផលិតផល ឬសេវាកម្មរបស់អ្នកបន្តទៀត តាមក្បួនមួយចំនួន៖

  • អ្នកត្រូវតែគិតផ្ដោតលើការសា្តរនូវរាល់កំហុសឆ្គងដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ដោយអ្នកអាចធ្វើការស្ទង់មតិជាមួយអតិថិជនទាំងតាមអនឡាញ ឬតាមខល ដើម្បីធ្វើបញ្ជីនៃអ្វីដែលអតិថិជនមិនពេញចិត្តនោះក្នុងការឈ្វេងយល់ឱ្យបានកាន់តែច្បាស់។ បន្ទាប់មកគិតផ្ដោតលើដំណោះស្រាយដើម្បីពង្រឹងឱ្យមានភាពល្អប្រសើរជាងមុន។
  • អ្នកត្រូវតែគិតផ្ដោតលើការផ្តល់ជាការលើកទឹកចិត្តដល់អតិថិជនចាស់ៗ ប៉ុន្តែក៏ត្រូវប្រាកដថាការផ្សព្វផ្សាយមានគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក។ អ្នកអាចផ្ញើសារទៅអតិថិជនផ្ទាល់ និងធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមអំពីការបញ្ចុះតម្លៃក្នុងកម្រិតណាមួយ ចំពោះអតិថិជនចាស់ដែលធ្លាប់ចំណាយជាមួយអតិថិជនអស់កម្រិតប៉ុន្មានជាដើម។ ឧទាហរណ៍ ក្រុមហ៊ុនរបស់អ្នកមានការបញ្ចុះតម្លៃពិសេសចំនួន30% ចំពោះតែអតិថិជនដែលធ្លាប់ចំណាយថវិកាលើផលិតផលឬសេវាកម្មរបស់អ្នកអស់ចាប់ពី 50% -100$។ ធ្វើបែបនេះ អតិថិជនចាស់ៗ អាចត្រឡប់មកវិញមួយចំនួន ដើម្បីទទួលបានការបញ្ចុះតម្លៃ។ ​ម្យ៉ាងវិញទៀត អ្នកអាចប្រើវិធីផ្សេងទៀតដើម្បីលួងលោម និងលើកទឹកចិត្តដល់អតិថិជនចាស់ៗឱ្យពួកគេសប្បាយចិត្ត និងត្រឡប់មកវិញ។
2. កសាងទំនុកចិត្តពីអតិថិជនឡើងវិញ

ជាធម្មតាទេ បើអតិថិជនមិនត្រឡប់មកទិញនៅក្រុមហ៊ុនអ្នកវិញច្បាស់ណាស់ពួកគេឈប់មានទំនុកចិត្ត ឬមិនពេញចិត្តខ្លាំងលើផ្នែកណាមួយដែលក្រុមហ៊ុនរបស់អ្នកផ្ដល់ជូន។ ហេតុនេះ វិធីដ៏ល្អ អ្នកត្រូវតែប្រើយុទ្ធសាស្រ្តដើម្បីកសាងទំនុកចិត្តដល់អតិថិជនចាស់ៗឡើងវិញ តាមរយៈវិធីខាងក្រោម៖

  • បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនឡើងវិញ ដោយអ្នកអាចធ្វើបញ្ជីគ្រប់គ្រងទិន្នន័យអតិថិជនចាស់ៗទាំងអស់ដើម្បីចាប់ផ្ដើមបង្កើតទំនាក់ទំនង ការឈ្វេងយល់បន្ថែមពីអតិថិជន និងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាពួកគេទទួលបានការយកចិត្តទុកដាក់ខ្លាំងលើសពីការព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យទិញផលិតផលឬសេវាកម្ម។
  • ក្រុមបុគ្គលិកផ្នែកលក់មានការត្រៀមខ្លួនរួចរាល់ក្នុងត្រៀមដោះស្រាយរាល់បញ្ហានានាដែលកើតឡើងភ្លាមៗជាមួយអតិថិជន។ ធ្វើបែបនេះ ដើម្បីធានាថាទោះបីជាមានបញ្ហាបច្ចេកទេស បញ្ហាអចេតនា និងកំហុសឆ្គងដែលអតិថិជនធ្លាប់មានបទពិសោធន៍ជាមួយក្រុមហ៊ុន គឺក្រុមបុគ្គលិកទាំងអស់មានការចេះពីរបៀបឆ្លើយតបយ៉ាងល្អដែលធ្វើឱ្យអតិថិជនត្រជាក់ចិត្ត និងសប្បាយចិត្តហើយក៏នឹងត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកឡើងវិញ។
  • អ្នកត្រូវតែផ្តោតលើគុណភាពទាំងផលិតផល និងភាពពេញចិត្តរបស់អតិថិជន តាមរយៈការតាមដានជាមួយអតិថិជនទាំងអស់ដើម្បីធានាការពេញចិត្ត និងដោះស្រាយរាល់កង្វល់ដែលអាចកើតមានចំពោះអតិថិជន។ ចូរបង្ហាញនូវការយកចិត្តទុកដាក់ និងការដោះស្រាយបញ្ហាទាំងអស់តាមរបៀបដែលមានគុណតម្លៃបំផុតសម្រាប់អតិថិជន។
  • អ្នកត្រូវតែធានាថាក្រុមបុគ្គលិករបស់អ្នកទាំងអស់ អាចបំពេញរាល់តម្រូវការអតិថិជនបានពេញលេញ ព្រមទាំងអាចផ្ដល់ជូននូវបទពិសោធន៍ល្អៗដល់អតិថិជនជាមួយនឹងក្រុមហ៊ុន។
ពាណិជ្ជកម្ម

តើជ្រើសរើសទីតាំងបែបណា ទើបត្រឹមត្រូវសម្រាប់អាជីវកម្ម?

0
តើជ្រើសរើសទីតាំងបែបណា ទើបត្រឹមត្រូវសម្រាប់អាជីវកម្ម?

ការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវជារឿងសំខាន់ណាស់សម្រាប់អាជីវកម្ម ពីព្រោះទីតាំងត្រូវអាចនាំឱ្យអ្នកអាចបង្កើតប្រាក់ចំណូលបានច្រើន ព្រមទាំងបង្កើនចំនួនអតិថិជនមកកាន់ក្រុមហ៊ុនរបស់អ្នកកាន់តែច្រើនផងដែរ។ តើទីតាំងត្រឹមត្រូវជាទីតាំងបែបណា?

ទីតាំងត្រឹមត្រូវជាទីតាំងដែលអំណោយផលខ្លាំងក្នុងការលក់ផលិតផលឬសេវាកម្មរបស់អ្នក ព្រមទាំងជាទីតាំងដែលមានសក្ដានុពលខ្ពស់ សម្បូរអតិថិជនគោលដៅស្ថិតនៅ និងជាទីតាំងអាចបង្កើតឱកាសរីកចម្រើនបន្តបន្ទាប់ទៀត។ តើធ្វើបែបណា​ទើបជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវសម្រាប់ចាប់ផ្ដើមអាជីវកម្ម? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវដំបូន្មានសំខាន់ៗក្នុងការពិចារណាក្នុងការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ។

1. ពិចារណាលើប្រជាសាស្ត្រ

សំដៅលើការសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីអតិថិជនគោលដៅ និងទីកន្លែងដែលពួកគេស្ថិតនៅ។ នៅក្នុងចំណុចនេះ អ្នកអាចស្រាវជ្រាវពីទិដ្ឋភាពប្រជាសាស្ត្រផ្សេងៗគ្នាទាំងនៅក្នុងតំបន់របស់អ្នក និងនៅជុំវិញកន្លែងដែលអ្នកចង់បានក្នុងការដំណើរការអាជីវកម្មរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវគិតវិភាគមើលថា៖

  • តើទីតាំងនោះមានអំណោយផលល្អសម្រាប់អាជីវកម្មរបស់អ្នកឬទេ?
  • តើទីនោះសម្បូរដោយអតិថិជនគោលដៅរបស់អ្នកស្ថិតនៅឬទេ?
  • តើ​ចំនួន​ប្រជាជន​មាន​ទំហំ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​អ្នក​ឬទេ?
  • តើទីនោះមានសេដ្ឋកិច្ចល្អឬទេ?
  • តើអ្នកអាចងាយស្រួលស្វែងរកបុគ្គលិកនៅទីនោះបានល្អឬទេ?
  • តើទីកន្លែងនោះមានផាសុកភាពល្អ ងាយស្រួលរក និងងាយស្រួលចុះចតឬទេ?
  • តើកម្រិតនៃតម្រូវការលើផលិតផលឬសេវាកម្មរបស់អ្នកសម្រាប់តំបន់នោះបែបណា?
  • តើទីតាំងនោះអាចមានឱកាសអ្វីខ្លះបន្ថែមទៀតសម្រាប់អាជីវកម្មរបស់អ្នក?

2. សិក្សាពីទីតាំងរបស់ដៃគូប្រកួតប្រជែង

អ្នកត្រូវសិក្សាឱ្យបានច្បាស់ថា តើដៃគូប្រកួតប្រជែងរបស់អ្នកមានទីតាំងនៅទីណាខ្លះ? បន្ទាប់មក អ្នកត្រូវតែសិក្សាបន្ថែមទៀតថា តើទីតាំងល្អៗណាខ្លះដែលអាចជាឱកាសសម្រាប់អាជីវកម្មរបស់អ្នក ដោយគ្មានដៃគូប្រកួតប្រជែងស្ថិតនៅ ឬមិនអាចប្រជែងជាមួយអ្នកបាន? ឧទាហរណ៍ជាក់ស្ដែង ហាងកាហ្វេ Brown បានជ្រើសរើសទីតាំងនៅមាត់ឆ្នេរនៃក្រុងព្រះសីហនុ អមជាមួយនឹងគំនិតនៃការរចនាហាងដ៏ល្អបែបផាសុកភាពល្អ ហើយនៅទីនោះមានតែហាង Brown មួយគត់ដែលធ្វើបែបនេះ ជាហេតុធ្វើឱ្យមនុស្សកាន់តែចាប់អារម្មណ៍ខ្លាំង។ ហើយនេះ ជាការសិក្សា ក៏ដូចជាការចាប់យកឱកាសរបស់ហាងកាហ្វេ Brown ដែលបានជ្រើសរើសទីតាំងដ៏ល្អ ដោយគ្មានគូប្រកួតប្រជែងតាំងនៅ ព្រមទាំងចាប់យកឱកាសនោះបានមុនគេ និងធ្វើឱ្យមានភាពប្លែកខុសពីហាងកាហ្វេនានា។

ត្រង់ចំណុចនេះ ចំពោះអ្នកក៏ដូចគ្នា មិនថាអ្នកប្រកបអាជីវកម្មអ្វីនោះទេ អ្នកត្រូវសិក្សាទីតាំងដែលគូប្រជែងរបស់អ្នកតាំងនៅ ហើយអាចស្វែងរកឱកាសថ្មីនៅកន្លែងផ្សេងដោយគ្មានគូប្រជែងរបស់អ្នក ព្រមទាំងធ្វើឱ្យទីតាំងនោះក្លាយជាតំបន់នៃការចងចាំតែមួយគត់របស់អតិថិជនមកលើអាជីវកម្មរបស់អ្នក។ ចូរចងចាំថា កុំព្យាយាមស្វែងរកទីតាំងណាដែលសម្បូរគូប្រជែងច្រើនពេក ពីព្រោះបើអ្នកនៅតូច ឬខ្សោយនៅឡើយ នោះអ្នកនឹងឆាប់ដួលរលំមិនខាន ដូច្នេះត្រូវចេះវិភាគអំពីលទ្ធភាពផ្ទាល់ខ្លួន និងស្វែងរកឱកាសថ្មីៗសម្រាប់អ្នក។

3. ពិចារណាលើអាជីវកម្មជិតៗផ្សេងទៀត

នៅក្នុងចំណុចនេះ សំដៅលើការសិក្សាឈ្វេងបន្ថែមលើអាជីវកម្មផ្សេងទៀតដែលខុសពីអ្នក ប៉ុន្តែអាជីវកម្មទាំងនោះស្ថិតនៅជិតៗកន្លែងដែលអ្នកគ្រោងនឹងដំណើរការអាជីវកម្មរបស់អ្នក។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យអ្នកកាន់តែច្បាស់ថា ប្រសិនបើអ្នកចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នកពិតមែន តើអាជីវកម្មផ្សេងៗដែលនៅជិតនោះ វាអាចធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសក្ដានុពលឬទេ? តើវាជាផ្នែកនៃការទាក់ទាញអតិថិជនគោលដៅរបស់អ្នកឱ្យមកច្រើនកម្រិតណា? ចុះប្រសិនបើអ្នកសហការជាមួយអាជីវកម្មផ្សេងទៀត តើសេដ្ឋកិច្ចនៅទីនោះល្អឬទេ? ឧទាហរណ៍ជាក់ស្ដែង កាហ្វេលើភ្នំនៅខេត្តកែប ជាកន្លែងតូចល្មម ប៉ុន្តែមានមនុស្សទៅទីនោះច្រើន ដោយសារនៅទីនោះមានអាជីវកម្មផ្សេងៗ និងកន្លែងលេងក៏ច្រើន ដូច្នេះមនុស្សឱ្យតែទៅកែប ក៏ឆ្លៀតចូលការហ្វេលើភ្នំនោះមួយម៉ោង ឬពីរម៉ោង ឬក៏ទៅឱ្យបានស្គាល់មួយភ្លែតដែរ ហើយនេះជាឱកាសរបស់កាហ្វេភ្នំនៅកែប តាមរយៈអាជីវកម្មផ្សេងៗទៀតនៅជិតៗនោះ។

ពាណិជ្ជកម្ម

ហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

0
ហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

ការចាប់ផ្ដើមអាជីវកម្មអ្វីក៏ដោយ ប្រសិនបើអាជីវកម្មនោះវាទាមទារឱ្យមានទីតាំង នោះអ្វីដែលអ្នកត្រូវគិតដល់មុនគេ គឺការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវដែលមានអំណោយផលល្អ ដើម្បីអាចដំណើរការអាជីវកម្មរបស់អ្នក។ ដូច្នេះយើងអាចនិយាយបានថា ទីតាំង សំដៅលើទីកន្លែងមួយដែលអ្នកអាចផ្ដល់នូវផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់ក្រុមអតិថិជនគោលដៅរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថា ទីតាំងមានពីរដែលអ្នកត្រូវគិតពិចារណា គឺទីតាំងគ្មានអំណោយផល និងទីតាំងមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នក។ ទោះបីជាយ៉ាងណា ក៏មានអាជីវកម្មមួយចំនួនក៏អាចដំណើរការដោយគ្មានទីតាំងក៏បានដែរ ដូចជាអាជីវកម្មលក់ផលិតផលឬសេវាកម្មតាមអនឡាញជាដើម ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងពង្រីកបានធំ លុះត្រាតែបំប្លែងអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយដ៏ត្រឹមត្រូវ។

ហេតុដូចនេះ ទីតាំងមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញបន្ថែមទៀតអំពីសារៈសំខាន់មួយចំនួនដល់អ្នក។

1. បង្កើនភាពងាយស្រួលដល់អតិថិជន

បច្ចុប្បន្ននេះ ប្រសិនបើអ្នកមានទីតាំងផ្ទាល់ខ្លួនក៏ជារឿងល្អផងដែរ ដើម្បីងាយស្រួលដល់អតិថិជនមកកាន់ក្រុមហ៊ុនរបស់អ្នកផ្ទាល់ក្នុងការស្វែងរកផលិតផលដែលពួកគេត្រូវការបានច្រើន និងទុកចិត្តលើផលិតផលរបស់អ្នក ដោយសារពួកគេបានឃើញផ្ទាល់។ បន្ថែមពីនេះ ពួកគេក៏កាន់តែងាយស្រួលមកកាន់ក្រុមហ៊ុនរបស់អ្នកញឹកញាប់ផងដែរ ប្រសិនបើទីតាំងអ្នកបានជ្រើសរើសបានត្រឹមត្រូវដោយមិនឆ្ងាយពីអតិថិជនខ្លាំងពេក ងាយស្រួលរក មានផាសុកភាព និងងាយស្រួលចតជាដើម។ កត្តានេះហើយ អ្នកនឹងកាន់តែមានអតិថិជនកើនឡើងមិនខាន។

2. បង្កើនការលក់បានច្រើន

ទីតាំងក៏ជាផ្នែកមួយដ៏សំខាន់ ពីព្រោះវាមានឥទ្ធិពលក្នុងការផ្ដល់សេវាកម្ម ក៏ដូចជាការលក់ខ្លាំងផងដែរ ដូចជាទីតាំងល្អ អតិថិជនចូលមកច្រើន ប៉ុន្តែបើទីតាំងមិនល្អ ដោយពិបាករក ជាពិសេសឆ្ងាយពេក  ឬគ្មានអំណោយផល នោះក៏អតិថិជនមិនឧស្សាហ៍ចូលមកញឹកញាប់ផងដែរ។ ហេតុដូចនេះហើយ ប្រសិនបើជ្រើសរើសទីតាំងក៏ត្រូវជ្រើសរើសទីតាំងដែលមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នកផងដែរ ចៀសវាងជ្រើសរើសទីតាំងតាមតែនឹកឃើញ គ្មានការសិក្សាឈ្វេងយល់ ដោយគ្មានអតិថិជនគោលដៅស្ថិតនៅទីនោះច្រើនជាដើម។ បន្ថែមពីនេះ វាក៏ជាផ្នែកដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តលើអាជីវកម្មរបស់អ្នកផងដែរ តាមរយៈការមានទីតាំងត្រឹមត្រូវ ដោយអតិថិជនអាចបញ្ជាទិញតាមអនឡាញដោយមានទំនុកចិត្តផងដែរ។

3. ឱកាសពង្រីកអាជីវកម្ម

នៅពេលអាជីវកម្មរបស់អ្នកមានទីតាំងត្រឹមត្រូវ ព្រមទាំងអាចដំណើរអាជីវកម្មនៅទីនោះទទួលបានលទ្ធផលល្អហើយ នោះអ្នកក៏អាចពង្រីកអាជីវកម្មរបស់អ្នកកាន់តែធំផងដែរ។ ការចាប់ផ្ដើមអាជីវកម្ម គឺផ្ដើមពីការមានទីតាំងតូច ហើយបន្ទាប់មកពង្រីកអាជីវកម្មឱ្យមានទីតាំងធំ តាមរយៈបទពិសោធន៍នៃការជ្រើសរើសទីតាំងដំបូង និងការដំណើរការអាជីវកម្ម ដូចជាការរៀបចំក្រុមហ៊ុន គ្រប់គ្រងបុគ្គលិក គ្រប់គ្រងចង្វាក់នៃការផ្គត់ផ្គង់ និងប្រតិបត្តិការនានានៅក្នុងអាជីវកម្ម។

4. ជះឥទ្ធិពលលើការកំណត់តម្លៃ

ទីតាំង អាចធ្វើឱ្យតម្លៃផលិតផលសេវាកម្មរបស់អ្នកខុសប្លែក និងមានគុណតម្លៃជាងអាជីវកម្មដែលគ្មានទីតាំងត្រឹមត្រូវ។ ឧទាហរណ៍ អ្នកលក់សម្លៀកបំពាក់នៅក្នុងផ្សារធម្មតា រវាងអ្នកលក់សម្លៀកបំពាក់ដូចគ្នាប៉ុន្តែមានហាងផ្ទាល់ខ្លួនត្រឹមត្រូវ ដូច្នេះអ្នកលក់នៅក្នុងផ្សារ អតិថិជនអាចតថ្លៃបានច្រើន ព្រមទាំងលក់ក្នុងតម្លៃបានទាបជាងអ្នកក្នុងហាង ដោយអាវក្នុងផ្សារដាក់លក់ 7$ អតិថិជនអាចសុំបញ្ចុះតម្លៃសល់ត្រឹម5$ ប៉ុន្តែបើដាក់លក់ក្នុងហាងវិញ ហើយដាក់តម្លៃ 7$ ដូចគ្នា ដោយអតិថិជនចូលទិញដោយគ្មានការតថ្លៃឡើយ ដោយម្ចាស់ហាងជាអ្នកកំណត់តម្លៃដោយខ្លួនឯង។ ដូច្នេះទីតាំងពិតជាសំខាន់ណាស់ ដែលម្ចាស់អាជីវកម្មគួរគិតពិចារណាក្នុងការជ្រើសរើស និងរៀបចំអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយច្បាស់លាស់ និងត្រឹមត្រូវ។

ពាណិជ្ជកម្ម

ហេតុអ្វីមានផលិតផលល្អលេខ1ហើយ ប៉ុន្តែនៅតែលក់មិនដាច់?

0
ហេតុអ្វីមានផលិតផលល្អលេខ1ហើយ ប៉ុន្តែនៅតែលក់មិនដាច់?

អតិថិជន តែងតែត្រូវការផលិតផលល្អលេខមួយក្នុងការប្រើប្រាស់ ប៉ុន្តែពេលខ្លះពួកគេមិនដឹងថាស្វែងរកនៅទីណាឡើយ ព្រមទាំងពេលខ្លះពួកគេក៏មិនអាចដឹងដែរថា នៅទីណាដែលគួរឱ្យជឿទុកចិត្តបានថាទីនោះពិតជាមានផលិតផលល្អពិតប្រាកដ មិនមែនគ្រាន់តែនិយាយសរសើរអំពីផលិតផលរបស់ខ្លួនឯង ពីព្រោះអតិថិជនបានដឹងហើយថា គ្មានអ្នកលក់ឯណានិយាយរិះគន់ផលិតផលរបស់ខ្លួនឯងឡើយ។

ហេតុដូចនេះ ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានផលិតផលល្អលេខមួយហើយ ប៉ុន្តែលក់មិនដាច់សោះ តើអ្នកត្រូវណែនាំប្រាប់ទៅកាន់អតិថិជនបែបណា? តើត្រូវធ្វើអ្វីខ្លះទើបល្អ? តើមានកត្តាអ្វីខ្លះដែលនាំឱ្យអ្នកលក់មិនដាច់? ដូច្នេះនៅខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលចំនួន 4 ដែលធ្វើឱ្យអ្នកលក់មិនដាច់ ទោះបីជាអ្នកមានផលិតផលល្អលេខមួយក្នុងការលក់ក៏ដោយ។ បន្ថែមពីនេះ អ្នកអាចសិក្សាឈ្វេងយល់ដោយខ្លួនឯងបន្ថែម ក៏ដូចជាចៀសវាងកុំឱ្យមានកំហុសឆ្គងខាងក្រោមកើតឡើងឱ្យសោះ។

1. ខ្សោយក្នុងការលក់

ការលក់ គឺជាផ្នែកមួយដ៏សំខាន់នៅគ្រប់អាជីវកម្មទាំងអស់ ពីព្រោះផ្នែកនេះជាប្រភពនៃការស្វែងរកប្រាក់ចំណូល រួមបញ្ចូលនូវប្រាក់ចំណេញដល់ក្រុមហ៊ុនច្រើនជាងគេ។ ហេតុនេះប្រសិនបើក្រុមហ៊ុនណាមួយដំណើរការអាជីវកម្មដោយមានការលក់មិនល្អ ឬលក់មិនដាច់ អាជីវកម្មនោះច្បាស់ជាគ្មានប្រាក់ចំណូល ហើយក៏ឆាប់ដួលរលំដោយសារជាប់គាំងសាច់ប្រាក់មិនខាន។

ម្យ៉ាងវិញទៀត ចុះប្រសិនបើមានផលិតផលល្អលេខ1 នៅក្នុងក្រុមហ៊ុនហើយ ហេតុអ្វីក្រុមហ៊ុននោះលក់មិនដាច់ទៀត? នៅក្នុងចំណុចនេះ មានអាជីវកម្មជាច្រើនគិតថា អតិថិជនចង់បាននូវផលិតផលល្អលេខមួយដើម្បីប្រើប្រាស់ ហើយវាពិតជាត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថាក្នុងនាមជាអ្នកលក់ តើនិយាយបែបណាទើបធ្វើឱ្យអតិថិជនគាត់ជឿជាក់ និងសម្រេចចិត្តទិញបាន? អ្នកត្រូវដឹងថា គ្មានអ្នកលក់ណាក៏ដោយមិនដែរនិយាយថាផលិតផលរបស់ខ្លួនអន់ ឬគ្មានគុណភាពនោះទេ ដោយអ្នកលក់ខ្លះមានផលិតផលលក់មិនសូវល្អទេ ប៉ុន្តែលក់ដាច់ខ្លាំងជាងអ្នកដែលមានផលិតផលល្អលក់ទៀត ហេតុអ្វី? នេះគឺជាតិចនិកក្នុងការលក់។

ដូច្នេះប្រសិនបើអាជីវកម្មរបស់អ្នកកំពុងមានផលិតផលល្អលេខមួយហើយ អ្វីដែលត្រូវការបន្ទាប់នោះគឺអ្នកដែលជាម្ចាស់អាជីវកម្មត្រូវតែជាមនុស្សមានជំនាញផ្នែកលក់ ឬអាចនិយាយថា ជាមនុស្សពូកែលក់។ បន្ថែមពីនេះ ក៏ត្រូវតែជ្រើសរើសបុគ្គលិកដែលមានជំនាញលក់ល្អ និងមានការបណ្ដុះបណ្ដាលបន្ថែមទៀតលើការលក់ ដើម្បីធានាថាក្រុមលក់ក្នុងក្រុមហ៊ុនរបស់អ្នកសុទ្ធតែជាមនុស្សពូកែក្នុងការលក់។

2. ជ្រើសរើសទីតាំងមិនអំណោយផល

ទីតាំងជាផ្នែកមួយក៏សំខាន់ដែរ បើជ្រើសរើសទីតាំងបានត្រឹមត្រូវនោះអាជីវកម្មនឹងរីកចម្រើន ប៉ុន្តែបើជ្រើសរើសខុសវិញ ច្បាស់ណាស់អាជីវកម្មរបស់អ្នកនឹងមិនអាចរីកចម្រើន ឬអាចដួលរលំផងដែរ។ ហេតុអ្វីទីតាំងសំខាន់? ពីព្រោះទីតាំងអាចផ្ដល់ឱ្យអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងចំណោមអតិថិជនគោលដៅ ព្រមទាំងអាចបង្កើនការលក់នៅទីនោះបានយ៉ាងល្អ។ ឧទាហរណ៍ បើអាជីវកម្មរបស់អ្នកកំពុងផ្ដល់ការផ្គត់ផ្គង់លើការលក់ស្លាបព្រា ប៉ុន្តែអ្នកជ្រើសរើសទីតាំងលក់នៅប្រទេសឥណ្ឌាដែលជាប្រទេសមិនសូវមានតម្រូវការស្លាបព្រាផង ច្បាស់ណាស់អាជីវកម្មរបស់អ្នកនឹងលក់មិនដាច់ឡើយ។ មួយវិញទៀត ប្រសិនបើអ្នកបើកដំណើរអាជីវកម្មបែបទំនើប និងទាន់សម័យ ព្រមទាំងតម្លៃក៏រៀងថ្លៃ ហើយអ្នកជ្រើសទីតាំងដែលសម្បូរដោយប្រជាជនខ្វះខាត និងជាកន្លែងជនបទ នោះអាជីវកម្មរបស់អ្នកក៏លក់មិនដាច់ដែរ។ ហេតុនេះអ្នកត្រូវដឹងថា ទោះបីជាអាជីវកម្មរបស់អ្នកល្អកម្រិតណាក៏ដោយ បើអ្នកជ្រើសរើសទីតាំងដែលមិនសម្បូរដោយអតិថិជនគោលដៅរបស់អ្នកទេ នោះអាជីវកម្មរបស់អ្នកគ្មានចំណូលឡើយ ពីព្រោះលក់មិនដាច់ ដោយមនុស្សក្នុងតំបន់ដែលអ្នកជ្រើសរើសនោះសុទ្ធតែគ្មានតម្រូវការ ឬគ្មានលទ្ធភាពក្នុងការចំណាយលុយលើអ្វីដែលអាជីវកម្មរបស់អ្នកកំពុងលក់ឡើយ។

3. ខ្សោយក្នុងការធ្វើទីផ្សារ

ការធ្វើទីផ្សារក៏កាន់តែជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់អ្នកទៅដល់ក្រុមអតិថិជនគោលដៅ តាមរយៈការផ្សព្វផ្សាយដើម្បីធ្វើឱ្យក្រុមអតិថិជនរបស់អ្នកបានឃើញ និងស្វែងយល់បន្ថែមទៀតពីអាជីវកម្មរបស់អ្នក ព្រមទាំងសម្រេចចិត្តទិញ។  បន្ថែមពីនេះ វាក៏ជាផ្នែកក្នុងការបង្កើនការលក់ ការទំនាក់ទំនងជាមួយអតិថិជន និងការផ្ដល់ទំនុកចិត្តឱ្យអតិថិជន ព្រមទាំងជំរុញឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ប្រសិនបើអ្នកមានផលិតផលល្អកម្រិតណាក៏ដោយ បើអ្នកមើលរំលងក្នុងការធ្វើទីផ្សារ នោះអាជីវកម្មរបស់អ្នកនឹងមិនអាចដើរទៅមុខបានលឿនឡើយ។ អ្នកត្រូវដឹងថា បច្ចុប្បន្ននេះមនុស្សចំណាយពេលវេលាច្រើននៅលើបណ្ដាញសង្គម ដូច្នេះប្រសិនបើអ្នកគ្រាន់តែដំណើរអាជីវកម្ម ដោយគ្រាន់តែនិយាយប្រាប់អ្នកនៅជិតៗគ្នាអំពីអាជីវកម្មរបស់អ្នក គឺវាមិនសូវបានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកត្រូវធ្វើទីផ្សារលើបណ្ដាញសង្គមឱ្យបានច្រើន និងអាចមានការបង្កើតព្រឹត្តិការណ៍នានា ដើម្បីធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់ ចាប់អារម្មណ៍ច្រើន និងសាកល្បងប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ បន្ថែមពីនេះ ដើម្បីអាចធ្វើទីផ្សារបានល្អ អ្នកអាចស្វែងរកបុគ្គលិក ឬជួលអ្នកជំនាញពីខាងក្រៅដើម្បីជួយប្រឹក្សា និងជួយបន្ថែមលើការធ្វើទីផ្សារដល់អាជីវកម្មរបស់អ្នកឱ្យទទួលបានលទ្ធផលល្អ។

អ្នកត្រូវចងចាំថា បើអ្នកមានផលិតផលល្អស្រាប់ហើយ ចូរកុំខ្លាចក្នុងការវិនិយោគលើការធ្វើទីផ្សារ ពីព្រោះការធ្វើទីផ្សារ វាជួយដល់អាជីវកម្មរបស់អ្នកបានច្រើនណាស់ ដោយពេលខ្លះអ្នកអាចសម្រុកធ្វើទីផ្សារតែដំបូងនោះទេ បន្ទាប់មកបើអ្នកមានអតិថិជនស្មោះត្រង់ជាមួយអាជីវកម្មរបស់អ្នកច្រើន នោះពួកគេនឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែល្បី និងនាំអ្នកថ្មីៗមកកាន់តែច្រើនសម្រាប់អាជីវកម្មរបស់អ្នកមិនខាន។

4. ខ្សោយផ្នែកសេវាកម្មអតិថិជន

ផ្នែកសេវាកម្មអតិថិជន ជាផ្នែកដែលអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ជាពិសេសអាជីវកម្មទើបតែចាប់ផ្ដើមដំបូងៗបានមើលរំលង​ ព្រមទាំងមិនបានផ្ដល់សារៈសំខាន់លើផ្នែកនេះ ដែលជាហេតុធ្វើឱ្យអតិថិជនមិនពេញចិត្ត និងមិនចង់ចូលម្ដងទៀត ឬមិនចង់ណែនាំទៅកាន់អ្នកដែលពួកគេស្គាល់ចូលមកកាន់ក្រុមហ៊ុនរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត បើសេវាកម្មអតិថិជននៅខ្សោយ នោះក៏ជាកត្តាធ្វើឱ្យអតិថិជនគ្រាន់តែចាប់អារម្មណ៍ និងមិនហ៊ានចំណាយលុយច្រើនមកកាន់ផលិតផលរបស់អ្នកឡើយ។ ឧទាហរណ៍ អ្នកលក់សម្ភារៈក្មេងៗដែលមានគុណភាពល្អ ប៉ុន្តែនៅពេលអតិថិជនមកកាន់ហាងរបស់អ្នក បែរជាក្រុមបុគ្គលិកមិនបានយកចិត្តទុកដាក់ជាមួយ និងមិនបានផ្ដល់នូវការណែនាំល្អដល់អតិថិជនលើប្រភេទផលិតផលនានាឡើយ ដូច្នេះគាត់អាចគ្រាន់តែចូលមើលមួយភ្លែត ហើយក៏ដើរចេញមិនខាន ពីព្រោះពួកគេអាចមានអារម្មណ៍មិនល្អ និងអាចខឹងជាដើម។

ហេតុដូចនេះហើយ ក្នុងនាមជាម្ចាស់អាជីវកម្មគួរតែរៀបចំប្រព័ន្ធនៃការបង្វឹកដល់បុគ្គលិកទាំងអស់ ដូចជាបុគ្គលិកផ្នែកលក់ បុគ្គលិកផ្នែកសន្តិសុខ និងបុគ្គលិកជាប់ពាក់ព័ន្ធផ្សេងៗ ឱ្យមានជំនាញក្នុងការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។ អ្នកត្រូវដឹងថា សេវាកម្មអតិថិជនល្អ នឹងជួយអ្នកឱ្យបង្កើនអតិថិជនបានច្រើន ប៉ុន្តែបើមិនល្អវិញ ទោះបីជាផលិតផលរបស់អ្នកល្អយ៉ាងណា ក៏ពួកគេមិនចង់បានដែរ ដោយសុខចិត្តទៅស្វែងរកនៅកន្លែងផ្សេងជាដើម។

ពាណិជ្ជកម្ម

ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

0
ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលគាំទ្រដោយក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett ព្រមទាំងមានទីតាំងជាគោលនៅទីក្រុង Shenzhen បានវ៉ាដាច់លើក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក តាមរយៈចំនួននៃការលក់រថយន្តថាមពលថ្មីអស់ប្រហែល 641,000 គ្រឿង (NEVs) រួមទាំងរថយន្តអគ្គិសនី និងរថយន្តកូនកាត់ហាយប៊្រីដ​ (hybrids) ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ កើនឡើងជាង 300 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមឯកសារនៃការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ2022 នេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន BYD ក៏កំពុងមានទីផ្សារនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ បើធ្វើការប្រៀបធៀបរវាងការលក់ជាមួយក្រុមហ៊ុន Tesla គឺក្រុមហ៊ុន BYD មានប្រៀបជាង ដោយក្រុមហ៊ុន Tesla បានលក់រថយន្តអស់ចំនួនតែ 564,000 គ្រឿងក្នុងឆមាសទី 1 ដែលជាចំនួនកើនឡើងត្រឹមតែ 46 ភាគរយបើធៀបជាមួយនឹងការលក់កាលពីឆ្នាំមុន ដោយលក់អស់ 386,200 គ្រឿងក្នុងរយៈពេលដូចគ្នា។ លើសពីនេះ Tesla បានលក់រថយន្ត និង SUVs ចំនួន 254,695 គ្រឿង ចាប់ពីខែមេសារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ2022 នេះ មានការធ្លាក់ចុះ 18 ភាគរយ ដោយសារការផលិត និងការលក់របស់ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅរដ្ឋតិចសាស់ទទួលរងនូវការវាយប្រហារដោយការបិទទីក្រុងសៀងហៃ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ Covid-19 ។

បើយោងតាមរបាយការណ៍ថ្មីៗនេះពី Associated Press លោក Dan Ives អ្នកវិភាគ Wedbush បានប៉ាន់ប្រមាណថា ជាង 40 ភាគរយនៃការលក់របស់ក្រុមហ៊ុន Tesla មកពីប្រទេសចិន ហើយរោងចក្រនៅសៀងហៃផលិតរថយន្តប្រហែល 70,000 គ្រឿង ដែលជាចំនួនតិចជាងរាល់ដង ដោយសារការបិទទីក្រុងអំឡុងពេលដោះស្រាយរឿងវិបត្តិនៃជំងឺកូវីដ-19។ ទទឹមនឹងនេះ ក្រុមហ៊ុន BYD បានបង្កើតនូវម៉ូឌែលរថយន្តជាច្រើន ដូចជារថយន្ត plug-in hybrid ដែលប្រើថ្មធំ បន្ថែមពីលើម៉ាស៊ីនបែបប្រពៃណីសម្រាប់ការធ្វើដំណើរបានរយៈពេលយូរបំផុត ព្រមទាំងក៏ត្រូវបានគេចាត់ទុកថាជាយានជំនិះ “គ្មានការបំភាយ” ក្រោមច្បាប់លក់របស់ប្រទេសចិនទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន BYD បានជ្រើសរើសទីតាំងដ៏ល្អមួយសម្រាប់បង្កើតជារោងចក្រផលិតយានយន្តចំនួនធំៗជាច្រើនទាំងក្នុងតំបន់ និងក្នុងទីក្រុង ដែលសុទ្ធតែជាកន្លែងមិនងាយរងនូវផលប៉ះពាល់ពីជំងឺកូវីដ-19 នៅប្រទេសចិន អំឡុងពេលក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេផ្សេងទៀតរបស់ចិនដូចជា Li Auto, Nio និង Xpeng Motors កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការបិទ Covid-19។

ពាណិជ្ជកម្ម

ហេតុអ្វី Branding មានសារៈសំខាន់សម្រាប់អាជីវកម្ម?

0
ហេតុអ្វី Branding មានសារៈសំខាន់សម្រាប់អាជីវកម្ម?

នៅក្នុងការធ្វើអាជីវកម្មទាំងអស់ Branding ពិតជាមានសារៈសំខាន់លើសពីការគិតរបស់យើងទៀត។ ជាក់ស្ដែងអ្នកអាចសង្កេតមើលបានថា ចំពោះអាជីវកម្មដែលគ្មានការធ្វើ Branding និងអាជីវកម្មដែលបានធ្វើ Branding ល្អ នោះគឺវាសនារបស់អាជីវកម្មទាំងពីរនេះផ្សេងគ្នា ដោយអាជីវកម្មដែលគ្មានការធ្វើ Branding នឹងមិនសូវសម្បូរអតិថិជនទុកចិត្ត មិនសូវមានទីផ្សារ និងពិបាកកំណត់តម្លៃស្ដង់ដារជាដើម ប៉ុន្តែចំពោះអាជីវកម្មដែលមានការ Branding ល្អ អាជីវកម្មនោះនឹងមានមនុស្សទុកចិត្តច្រើន ទោះតម្លៃផលិតផលឬសេវាកម្មនៅទីនោះប៉ុណ្ណាក៏ហ៊ានចំណាយ និងធ្វើឱ្យអតិថិជនជួយផ្សព្វផ្សាយដោយឥតគិតថ្លៃឱ្យថែមទៀត។ល។ ហើយទាំងនេះ គ្រាន់តែការបង្ហាញនូវសារៈសំខាន់មួយផ្នែកតូចប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារខាងក្រោមនឹងបង្ហាញអ្នកឱ្យយល់បន្ថែមអំពី Branding និងសារៈសំខាន់របស់វានៅក្នុងអាជីវកម្ម។

តើអ្វីជា Branding?

Branding (ម៉ាកយីហោ) គឺជាដំណើរការបង្កើតនូវការយល់ឃើញដ៏រឹងមាំ និងបង្កើតភាពវិជ្ជមានរបស់ក្រុមហ៊ុន ផលិតផល ឬសេវាកម្មរបស់ខ្លួននៅក្នុងគំនិតរបស់អតិថិជន ដោយបង្ហាញនូវឡូហ្គោ គុណតម្លៃ បេសកកម្ម ភាពខុសប្លែកគ្នាពីដៃគូប្រកួតប្រជែង និងអ្វីជាច្រើនទៀតដែលព្យាយាមយ៉ាងណាធ្វើឱ្យអតិថិជនចងចាំ នឹកឃើញមុនគេ ហើយមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក។ បើនិយាយឱ្យសាមញ្ញ Branding ជាការរួមបញ្ចូលគ្នានៃយុទ្ធសាស្រ្តទីផ្សារ និងអាជីវកម្ម ដើម្បីជំរុញឱ្យមនុស្សគិតអំពីក្រុមហ៊ុន ផលិតផល ឬសេវាកម្មតាមរបៀបជាក់លាក់ណាមួយ។

សារៈសំខាន់នៃ Branding នៅក្នុងអាជីវកម្ម
1. មនុស្សកាន់តែច្រើននឹងទទួលស្គាល់អាជីវកម្មរបស់អ្នក

ការចាប់ផ្ដើមអាជីវកម្មដំបូងៗ ច្បាស់ណាស់នឹងមានមនុស្សតិចបំផុតដែលស្គាល់ និងទុកចិត្តលើអាជីវកម្មរបស់អ្នក ដូច្នេះវាត្រូវ Branding ដើម្បីជួយអាជីវកម្មឱ្យមានមនុស្សទទួលស្គាល់បានកាន់តែច្រើន ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំទៀត មនុស្សកាន់តែស្គាល់អំពីអ្នកកាន់តែច្រើន តាមរយៈឡូហ្គោ ព័ណ៌ដ៏ទាក់ទាញ ពុម្ពអក្សរ រូបភាព និងធាតុដែលមើលឃើញផ្សេងទៀតនឹងអាចជាការចងចាំរបស់អតិថិជន។

2. ខុសប្លែកពីដៃគូប្រកួតប្រជែង

នៅក្នុងទីផ្សារតែងតែមានអាជីវកម្មដែលដូចគ្នា ឬស្រដៀងគ្នាជាច្រើនកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអាជីវកម្មរបស់អ្នកកសាងម៉ាកយីហោបានល្អ នោះអ្នកនឹងអាចធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពដាច់ដោយឡែកពីដៃគូប្រកួតប្រជែង និងស្ថិតនៅក្នុងការចងចាំរបស់អតិថិជនបានច្រើន។ ឧទាហរណ៍៖ នៅកម្ពុជាបច្ចុប្បន្នសម្បូរដោយម្ចាស់អាជីវកម្មបើកហាងកាហ្វេ ប៉ុន្តែហេតុអ្វីមនុស្សចងចាំ និងពេញនិយមតែហាងកាហ្វេមួយចំនួន ដូចជា KOI, Brown  និងម៉ាកល្បីក្នុងស្រុកផ្សេងទៀត នេះដោយសារតែហាងកាហ្វេទាំងនេះចេះ Branding ហាងរបស់គេឱ្យមានភាពដាច់ដោយឡែក និងប្លែកខុសពីហាងកាហ្វេផ្សេងៗទៀត តាមរយៈគំនិតនៃការរចនាហាង រសជាតិ ការផ្ដល់សេវាកម្មអតិថិជនល្អ ជ្រើសរើសបុគ្គលិកស្អាតៗ ការផ្សព្វផ្សាយមានការទូលំទូលាយ ការជ្រើសព័ណ៌ និងភាពលេចធ្លោដើម្បីបង្កើនការងាយស្រួលចងចាំដល់អតិថិជនជាច្រើនទៀត។

3. កសាងទំនុកចិត្តដល់អតិថិជន

Branding ជាផ្នែកដ៏សំខាន់មួយក្នុងការជួយកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែច្រើន និងអាចជំរុញឱ្យមានអតិថិជនស្មោះត្រង់ចំពោះអាជីវកម្មក៏បានច្រើនផងដែរ។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា ការដែលអាចយកទំនុកចិត្តអតិថិជនបាន វាជារឿងដ៏ជោគជ័យមួយរបស់អាជីវកម្ម ពីព្រោះអតិថិជនជាអ្នកផ្ដល់ប្រភពនៃចំណូលនៅក្នុងអាជីវកម្ម។ ​

4. ពង្រឹងការផ្សាយពាណិជ្ជកម្មរបស់អ្នក

អាជីវកម្មដែលអាចទទួលបានភាពរីកចម្រើនជាលំដាប់ ក៏មិនអាចខ្វះការចូលរួមពីការផ្សាយពាណិជ្ជកម្មផងដែរ ដោយBranding វាក៏ដើរទទឹមនឹងការផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងនេះក្ដី មុននឹងអាចធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកកាន់តែទទួលបានប្រសិទ្ធភាព លុះត្រាតែអ្នកកសាងម៉ាកយីហោជាមុនសិនដែរ ដូច្នេះ Branding ពិតជាសំខាន់ណាស់។

5. បង្កើតអតិថិជនដ៏ស្មោះត្រង់បានច្រើន

អតិថិជនស្មោះត្រង់ អាជីវកម្មណាក៏ចង់បានច្រើននោះដែរ​ ព្រោះអតិថិជនស្មោះត្រង់ជាប្រភេទអតិថិជនដែលមិនងាយដកចិត្តពីការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក ដោយតែងតែត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មនៅអាជីវកម្មរបស់អ្នកម្ដងហើយម្ដងទៀត ព្រមទាំងជួយផ្សព្វផ្សាយបន្តបានយ៉ាងទូលំទូលាយទៅកាន់មនុស្សដែលពួកគេបានស្គាល់។ ហេតុនេះហើយ មានតែម៉ាកយីហោអាជីវកម្មរបស់អ្នកល្អនោះទេ ទើបមានអតិថិជនស្មោះត្រង់ច្រើន ពីព្រោះពួកគេចងចាំ និងទុកចិត្តលើអ្នក។

6. ងាយស្រួលណែនាំនូវផលិតផលឬសេវាកម្មថ្មី

នៅពេលដែលអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំ និងផ្ដល់ទំនុកចិត្តខ្លាំងដល់អតិថិជន នោះនៅពេលអ្នកចង់បង្កើតឬណែនាំនូវផលិតផលសេវាកម្មថ្មី មនុស្សនឹងចាប់ផ្ដើមធ្វើការកក់ ឬកម្ម៉ង់ និងរីករាយជាមួយនឹងផលិតផលសេវាកម្មថ្មីរបស់អ្នក វាប្រៀបដូចជាក្រុមហ៊ុន Apple ជាក្រុមហ៊ុនយក្សដែលមានម៉ាកយីហោដ៏ល្អលំដាប់ពិភពលោក ដោយមនុស្សជាច្រើនមានការទុកចិត្ត និងសម្បូរដោយអតិថិជនស្មោះត្រង់ដ៏ច្រើន ដូច្នេះនៅពេលក្រុមហ៊ុនមួយនេះចាប់ផ្ដើមបង្កើតនិងណែនាំនូវផលិតផលថ្មីរបស់ខ្លួន ក៏មានអតិថិជនកំពុងមានការតម្រងជួរគ្នាចង់បាន និងមានការគាំទ្រខ្លាំង។

7. បង្កើនផលិតភាពការងារ និងមោទនភាពដល់បុគ្គលិក

ជាធម្មតាទេប្រសិនបើអាជីវកម្មរបស់អ្នកមានកេរ្តិ៍ឈ្មោះល្អ និងមានភាពល្បីល្បាញខ្លាំង ដោយសារតែមានម៉ាកយីហោរឹងមាំ នោះបុគ្គលិកកាន់តែមានមោទកភាពចំពោះខ្លួនឯងដែលបានធ្វើការជាមួយអ្នក និងពួកគេនឹងពេញចិត្តជាមួយការងាររបស់ពួកគេកាន់តែខ្លាំង។ ទាំងនេះហើយ ដែលនឹងធ្វើឱ្យអាជីពការងាររបស់បុគ្គលិកទាំងអស់កាន់តែរីកចម្រើន ហើយការងារនៅក្នុងក្រុមហ៊ុនកាន់តែលឿន និងមានលទ្ធផលល្អស្របតាមការរំពឹងទុក នោះអាជីវកម្មរបស់អ្នកក៏កាន់តែជោគជ័យជាលំដាប់។

 

ពាណិជ្ជកម្ម

តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

0
តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

ការធ្វើអាជីវកម្ម មិនថាជាអាជីវកម្មខ្នាតតូច មធ្យម និងស្ដង់ដារនោះទេ តែងតែមានបញ្ហាលើការគ្រប់គ្រង គ្រាន់តែវាមានកម្រិតនៃបញ្ហាខុសៗគ្នា។ ជាក់ស្ដែងតាមការសិក្សាស្រាវជ្រាវលើការដំណើរការអាជីវកម្ម ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម តែងតែមានបញ្ហាលើការគ្រប់គ្រងច្រើនជាងអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ ហើយវាក៏ជាផ្នែកដែលធ្វើឱ្យអាជីវកម្មពួកគេប្រឈមនឹងការបរាជ័យជាដើម។

បញ្ហានៃការគ្រប់គ្រងនៅក្នុងអាជីវកម្ម វាតែងតែមានច្រើននៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម ប៉ុន្តែវាក៏មានដំណោះស្រាយរបស់វាផងដែរ។ ជាពិសេសវាក៏ជាដំណាក់កាលមួយដើម្បីអាចធ្វើឱ្យអាជីវកម្មនោះឆ្ពោះទៅរកអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ។ នៅក្នុងចំណុចនេះ អ្នកច្បាស់ជាចង់ដឹងបន្ថែមទៀតថា តើបញ្ហាគ្រប់គ្រងអ្វីខ្លះ ដែលអាជីវកម្មខ្នាតតូច និងមធ្យមតែងតែជួបប្រទះ? ហើយត្រូវដោះស្រាយបែបណា? ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញអ្នកលើបញ្ហាគ្រប់គ្រងដែលប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម តែងតែប្រឈមមុខ និងបង្ហាញនូវដំណោះស្រាយមួយចំនួនដើម្បីជាគំនិតបន្ថែមក្នុងការចៀសវាង និងត្រៀមដំណោះស្រាយការពារទុកជាមុនសម្រាប់អាជីវកម្មរបស់អ្នក។

1. ការគ្រប់គ្រងបុគ្គលិក

បុគ្គលិក គឺជាផ្នែកសំខាន់មួយដែលជួយធ្វើឱ្យអាជីវកម្មរបស់អ្នកឈានដល់ការសម្រេចនូវគោលដៅ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដោយមិនចេះគ្រប់គ្រងបុគ្គលិកវិញ វាក៏អាចជាផ្នែកមួយដែលធ្វើឱ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ ឬដំណើរការមិនល្អផងដែរ។ ជាក់ស្ដែង ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន បានមើលរំលងលើការគ្រប់គ្រងបុគ្គលិកឱ្យបានល្អ ដោយរាប់ចាប់តាំងពីការជ្រើសរើសបុគ្គលិក រហូតដល់ពួកគេក្លាយជាបុគ្គលិកពេញសិទ្ធិ ដោយគ្មានការណែនាំ ឬការបណ្ដុះបណ្ដាលក្រុមបុគ្គលិកទាំងនោះឱ្យធ្វើនូវអ្វីដែលស្របជាមួយនឹងទេពកោលស្យរបស់ពួកគេ និងស្របតាមគោលដៅដែលក្រុមហ៊ុនចង់បានឱ្យល្អឡើយ។

poor employee management

កំហុសរបស់ម្ចាស់អាជីវកម្ម

  • មិនបានធ្វើជាអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមបុគ្គលិកទាំងអស់គ្នា ដោយថ្នាក់ដឹកនាំខ្វះនូវភាពជាអ្នកដឹកនាំ
  • គ្រាន់តែជ្រើសរើសបុគ្គលិកមកបម្រើការងារដែលក្រុមហ៊ុនត្រូវការ ដោយមិនបានជួយណែនាំ និងបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយពួកគេឱ្យរីកចម្រើនលើអាជីពការងារផ្ទាល់ខ្លួន និងអាចបំពេញការងារបានល្អស្របតាមគោលដៅក្រុមហ៊ុន
  • អនុវត្តន៍គោលការណ៍ការងារតាមតែចិត្តខ្លួនឯង ដោយគ្មានការស្ដាប់ និងជួយជំរុញបន្ថែមឱ្យក្រុមការងារធ្វើអ្វីដោយចិត្តស្រលាញ់អស់ពីចិត្តឡើយ

ដំណោះស្រាយ

  • ជ្រើសរើសផ្នែកធនធានមនុស្ស ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងបុគ្គលិកឱ្យបានល្អ
  • ពង្រឹងសមត្ថភាពខ្លួនឯងក្នុងនាមជាម្ចាស់អាជីវកម្ម លើភាពជាអ្នកដឹកនាំ និងធ្វើជាអ្នកដឹកនាំដ៏ល្អជាមួយនឹងក្រុមការងារ ជាជាងតាំងខ្លួនជាអ្នកគ្រប់គ្រង ឬជាចៅហ្វាយ
  • បង្កើតគោលការណ៍ ឬវប្បធម៌រីកចម្រើននៅក្នុងក្រុមហ៊ុន
  • ត្រូវធានាថា បុគ្គលិកដែលបានជ្រើសរើសមកទាំងអស់ សុទ្ធតែបុគ្គលដែលមានឆន្ទៈ មានសមត្ថភាពល្អ មានការចង់ចេះចង់ដឹង ឬអាចនិយាយថាជាមនុស្សចង់រីកចម្រើន ព្រមទាំងបើកឱកាសឱ្យពួកគេធ្វើផ្នែកដែលជាទេពកោសល្យ និងបញ្ចេញនូវគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីរីកចម្រើនទាំងអស់គ្នា ទាំងក្រុមបុគ្គលិកក៏រីកចម្រើន និងក្រុមហ៊ុនក៏រីកចម្រើន។

2. គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ

ការធ្វើអាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន តែងតែជួបប្រទះនូវបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងញឹកញាប់​ដោយពេលខ្លះជាប់គាំងរឿងលំហូរសាច់ប្រាក់ ដែលឈានដល់ការបិទក្រុមហ៊ុនជាដើម។ ជួនកាលម្ចាស់អាជីវកម្ម តែងតែគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង ឬឱ្យភរិយាជួយគ្រប់គ្រងជាដើម ដែលភាគច្រើនការគ្រប់គ្រងនោះមិនបានល្អ ដោយហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនមានការច្របូកច្របល់គ្នា។ ជួនកាលជួលបុគ្គលិកឱ្យគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ទាំងដែលខ្លួនឯងគ្មានចំណេះដឹងផ្នែកនេះ ដែលជាហេតុធ្វើឱ្យបុគ្គលិកអាចកេងចំណេញបាន ឬពេលខ្លះបុគ្គលិកធ្វើខុសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏មិនបានដឹង។ បន្ថែមពីនេះ ការមិនចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ វាក៏ជាផ្នែកដែលធ្វើឱ្យម្ចាស់អាជីវកម្មមិនអាចបង្វិលរាល់បំណុល និងស្វែងរកដើមទុនបន្ថែមបានទាន់ពេលវេលាឡើយ។ល។ សំណួរសួរថា តើត្រូវដោះស្រាយបែបណា?

poor financial management

ដំណោះស្រាយ គឺម្ចាស់អាជីវកម្មត្រូវតែ៖

  • បែងចែកឱ្យដាច់ស្រេចរវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុក្រុមហ៊ុន
  • រៀបចំផែនការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឱ្យបានល្អ (អាចរៀបដោយខ្លួនឯង និងរកជំនួយអ្នកដែលមានជំនាញផ្នែកនេះដើម្បីជួយ)
  • ពង្រឹងសមត្ថភាពលើចំណេះគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យឱ្យបានល្អបំផុតក្នុងនាមជាម្ចាស់អាជីវកម្ម
ពាណិជ្ជកម្ម

តើអ្វីជា Trademark?

0
តើអ្វីជា Trademark?

Trademark គឺជាសញ្ញាដែលយើងអាចមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវានៃសហគ្រាសនីមួយៗ ព្រមទាំងអាចប្រើប្រាស់សម្រាប់ទំនិញ ហៅថាពាណិជ្ជសញ្ញា និងប្រើប្រាស់សម្រាប់សេវាហៅថា សេវាសញ្ញា។ នេះបើយោងតាមការពន្យល់របស់គេហទំព័រផ្លូវការរបស់ “នាយកដ្ឋានកម្មសិទ្ធិបញ្ញា” ។

បន្ថែមពីនេះ Trademark ក៏មានច្រើនប្រភេទផងដែរ រួមមានម៉ាកជាពាក្យ ម៉ាកជាអក្សរ ម៉ាកជាលេខ ម៉ាកជារូបសញ្ញា ម៉ាកជានិមិត្តសញ្ញា ម៉ាកជាស្លាកសញ្ញា ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា ម៉ាកជាព័ណ៌ ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញាដែលមើលឆ្លុះបីជ្រុង និងម៉ាកជាហត្ថលេខា។

Trademark

បើយោងតាមមាត្រា4នៃច្បាប់នៅកម្ពុជាស្តីអំពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោម៖
  • ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវារបស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។
  • ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
  • ម៉ាកដែលនាំឱ្យសាធារណជនឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ព័ន្ធ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
  • ម៉ាកដែលដូចគ្នាឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬ ពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឱ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។
  • ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ។
សិទ្ធដែលអាជីវកម្មទទួលបានក្រោយពីចុះ Trademark នៅកម្ពុជា រួមមាន៖
  • ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវាដែលបានចុះបញ្ជីរួចហើយ ហើយចំពោះការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
  • ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទងទៅនឹងទំនិញនិងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
  • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។
ពាណិជ្ជកម្ម

ភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

0
ភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

នៅក្នុងចំណែកនៃភាពជោគជ័យរបស់អាជីវកម្ម តែងតែមានផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារដើម្បីចូលរួមជួយជ្រោមជ្រែងជានិច្ច ដោយគ្មានអាជីវកម្មណាមួយទទួលបានលទ្ធផលល្អប្រសើរស្របតាមការចង់បាន ដោយគ្មានផ្នែកពីរនេះបាននោះទេ។ ទោះបីជាយ៉ាងនេះក្ដី​ ចំពោះអ្នកទើបតែចាប់ផ្ដើមលើផ្នែកទីផ្សារ និងម្ចាស់អាជីវកម្មថ្មីថ្មោង ភាគច្រើននៅតែបែងចែកនៃផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារមិនដាច់ដោយឡែកពីគ្នាសោះ។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីលក្ខណៈខុសគ្នាមួយចំនួនដើម្បីជួយធ្វើឱ្យអ្នកដែលពុំទាន់ច្បាស់ក្នុងការងាយស្រួលបែងចែក និងយល់ដឹងពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អប្រសើរជាងមុន។

ផែនការទីផ្សារ

ផែនការទីផ្សារ (Marketing Plan) សំដៅលើឯកសារប្រតិបត្តិការទាំងឡាយណាដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនត្រៀមនឹងអនុវត្តន៍ដើម្បីបង្កើតការនាំមុខ និងឈានដល់ទីផ្សារគោលដៅរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជាផ្នែកនៃការបង្ហាញនូវយុទ្ធសាស្រ្តទីផ្សារជាក់លាក់របស់អាជីវកម្ម និងរួមបញ្ចូលសកម្មភាពជាក់ស្ដែងនានាដែលត្រូវធ្វើ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលក្រុមហ៊ុនរំពឹងទុក។ លើសពីនេះ វាក៏ជាផែនទីមួយដែលជួយបង្ហាញផ្លូវឱ្យក្រុមហ៊ុនអាចអនុវត្តន៍ និងអាចវាស់វែងនូវលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើទីផ្សារក្នុងរយៈពេលជាក់លាក់ណាមួយផងដែរ។

ផ្នែកសំខាន់ៗនៃផែនការទីផ្សារ រួមមាន៖

  • ការស្រាវជ្រាវ​ទីផ្សារ និងការវិភាគ
  • ការកំណត់តម្លៃ ទីតាំង និងម៉ាកយីហោ
  • ការវិភាគប្រកួតប្រជែង
  • យុទ្ធសាស្ត្រទីផ្សារ
  • រៀបកញ្ចប់ថវិកា
  • ការជ្រើសរើសវេទិកាសម្រាប់ការផ្សព្វផ្សាយផលិតផល និងសេវាកម្ម
  • រង្វាស់ដែលវាស់វែងលទ្ធផលនៃការធ្វើទីផ្សារ និងធ្វើរបាយការណ៍
យុទ្ធសាស្រ្តទីផ្សារ

យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) សំដៅលើផែនការសកម្មភាពរបស់អាជីវកម្ម ដើម្បីឈានទៅដល់អតិថិជនគោលដៅ ហើយបំប្លែងពួកគេឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់នៃផលិតផល ឬសេវាកម្មនៅក្នុងអាជីវកម្មនោះ។ បន្ថែមពីនេះ វាតែងតែដំណើរការជុំវិញនៃសំណើរគុណតម្លៃរបស់ក្រុមហ៊ុន (company’s value proposition) ដែលទាក់ទងនឹងអ្នកប្រើប្រាស់ (Consumers) នូវអ្វីដែលក្រុមហ៊ុនកំពុងតំណាងឱ្យ (company stands for) របៀបដែលវាដំណើរការ និងហេតុផលដែលវាសក្តិសមនឹងអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារត្រូវបានគូសបញ្ជាក់នៅក្នុងផែនការទីផ្សារ ដែលជាឯកសារ រៀបរាប់លម្អិតអំពីប្រភេទជាក់លាក់នៃសកម្មភាពទីផ្សារដែលក្រុមហ៊ុនត្រូវធ្វើ និងមានតារាងកំណត់ពេលវេលាជាក់លាក់សម្រាប់ចាប់ផ្ដើមយុទ្ធនាការនូវគំនិតផ្តួចផ្តើមធ្វើទីផ្សារផ្សេងៗ។

ប្រភេទសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តទីផ្សារ រួមមាន៖

  • យុទ្ធសាស្រ្តកំណត់ទីតាំងម៉ាកយីហោ
  • យុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ
  • យុទ្ធសាស្រ្តទីផ្សារផលិតផល
  • យុទ្ធសាស្ត្រទីផ្សារឌីជីថល
  • យុទ្ធសាស្ត្រមាតិកា SEO
  • យុទ្ធសាស្ត្រទីផ្សារមាតិកា
  • យុទ្ធសាស្ត្រទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • យុទ្ធសាស្ត្រទីផ្សារវីដេអូ
ផែនការទីផ្សារ Vs យុទ្ធសាស្រ្តទីផ្សារ

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញចំណុចសំខាន់ៗមួយចំនួនក្រៅពីនិយមន័យដែលបានបង្ហាញខាងលើ ដើម្បីឱ្យអ្នកកាន់តែយល់ច្បាស់អំពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ។

  • យុទ្ធសាស្រ្តទីផ្សារ គឺតម្រឹមគោលដៅយុទ្ធនាការទីផ្សារជាមួយនឹងគោលដៅអាជីវកម្មទាំងមូល រីឯ ផែនការទីផ្សារ ជួយបង្ហាញផ្លូវជាក់លាក់ដល់អ្នកឱ្យកាន់តែដឹងពីគោលដៅទីផ្សាររបស់អ្នក។
  • យុទ្ធសាស្រ្តទីផ្សារ តែងតែប្រកាន់ភ្ជាប់នូវពាក្យ “ហេតុអ្វី” ពីក្រោយខ្នងនៃការខិតខំធ្វើទីផ្សារ រីឯផែនការទីផ្សារ សំដៅលើផែនទីបង្ហាញផ្លូវក្នុងការអនុវត្តផែនការដែលបានគ្រោងទុក។
  • យុទ្ធសាស្រ្តទីផ្សារ មានគោលបំណងពិពណ៌នាអំពីរបៀបដែលគោលដៅទីផ្សារនឹងជួយអ្នកឱ្យសម្រេចនូវគោលដៅអាជីវកម្ម រីឯផែនការទីផ្សារ មានគោលបំណងដាក់ចេញនូវការខិតខំប្រឹងប្រែងលើយុទ្ធនាការទីផ្សារនៅលើកម្រិតយុទ្ធសាស្ត្រមួយ។
ពាណិជ្ជកម្ម

តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ?

0
តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ

ការជាប់គាំងគំនិតក្នុងការព្យាយាមធ្វើអ្វីមួយឱ្យបានល្អ ច្បាស់ជានឹងអាចកើតមានចំពោះមនុស្សគ្រប់គ្នា ក៏ប៉ុន្តែវាក៏មានដំណោះស្រាយផងដែរ ហើយដំណោះស្រាយនោះ ក៏វាអាស្រ័យលើបុគ្គលម្នាក់ៗផងដែរ ពីព្រោះអាចចំណង់ចំណូលចិត្ត និងការស្ដារការគិតឱ្យល្អឡើងវិញ គឺមានរបៀបខុសគ្នា ដោយមិនអាចដូចគ្នាទាំងស្រុងបានឡើង។ ទោះបីជាយ៉ាងនេះក្ដី ខាងក្រោមនេះ យើងនឹងបង្ហាញនូវកត្តាមួយចំនួនដែលតែងតែធ្វើឱ្យអ្នកនឹងជាប់គាំងគំនិត ឬអាចនិយាយបានថា គិតមិនចេញ ក្នុងការធ្វើអ្វីមួយឱ្យបានល្អតាមការគ្រោងទុក ព្រមទាំងនឹងបង្ហាញនូវដំណោះស្រាយខ្លីៗដើម្បីផ្ដល់ជាគំនិតសម្រាប់អ្នកផងដែរ។

1. អ្នកគ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកកំពុងធ្វើនោះ

ប្រសិនបើអ្នកគ្មានចំណេះដឹងទូលំទូលាយលើផ្នែកណាមួយដែលអ្នកចង់ធ្វើឱ្យវាទទួលបាននូវលទ្ធផលល្អនោះទេ ច្បាស់ណាស់អ្នកនឹងឧស្សាហ៍ជាប់គាំងគំនិត ឬគិតអ្វីមិនចេញសោះឡើយ ថាអ្នកនឹងត្រូវធ្វើបែបណាបន្តទៀតដើម្បីធ្វើសកម្មភាពក្នុងការសម្រេចនូវគោលបំណងនោះ។ ឧទាហរណ៍ អ្នកចង់ធ្វើឱ្យផ្នែកផ្ដល់សេវាកម្មអតិថិជនមានភាពល្អជាងមុន ប៉ុន្តែជាក់ស្ដែងអ្នកគ្មានចំណេះដឹងផ្នែកសេវាកម្មអតិថិជន ឬមានការយល់ដឹងតែបន្តិចបន្តួច សំណួរសួរថា តើអ្នកអាចចាប់ផ្ដើមពីចំណុចណាទើបល្អ? ម្យ៉ាងវិញទៀត អ្នកជាអ្នកសរសេរមាតិកាផ្នែកលក់ ប៉ុន្តែចៅហ្វាយរបស់អ្នកឱ្យអ្នកសរសេរមាតិកាផ្ដោតលើបច្ចេកវិទ្យា សំណួរសួរថា តើអ្នកនឹងសរសេរមាតិកាឱ្យបានល្អដោយរបៀបណា បើអ្នកគ្មានចំណេះដឹងផ្នែកបច្ចេកវិទ្យាផង? ដូច្នេះសរុបជារួមមក ប្រសិនបើអ្នកមិនសូវ ឬក៏គ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកចង់ធ្វើឱ្យល្អប្រសើរនោះទេ ច្បាស់ណាស់អ្នកនឹងស្រ្តេសពេញមួយថ្ងៃ ដោយសារតែជាប់គាំងគំនិត ឬគិតមិនចេញថា អ្នកនឹងត្រូវធ្វើបែបណាទើបល្អ។

ដំណោះស្រាយ

  • បន្តការសិក្សាជានិច្ច៖ តាមរយៈការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ការអានសៀវភៅ ឬការរៀនសូត្រពីបុគ្គលមានជំនាញលើអ្វីដែលអ្នកកំពុងចង់ដឹង ចង់ចេះបន្ថែមទៀតឱ្យបានច្រើន រហូតអ្នកជឿជាក់ថាខ្លួនឯងមានចំណេះដឹងច្រើនលើផ្នែកដែលអ្នកកំពុងចង់ធ្វើឱ្យល្អប្រសើរនោះ។
  • ស្វែងរកអ្នកជួយណែនាំផ្លូវម្នាក់ ឬច្រើននាក់៖ ធ្វើបែបនេះ ដើម្បីបង្ហាញផ្លូវដល់អ្នកថា តើអ្នកគួរធ្វើបែបណាទើបល្អ? ហើយចាប់ផ្ដើមបែបណា? ។ល។
  • ស្វែងរកជំនួយ៖ ប្រសិនបើកិច្ចការងារនោះសំខាន់ ហើយបន្ទាន់ ដោយត្រូវការរយៈពេលខ្លីដើម្បីបញ្ចប់ ដូច្នេះជម្រើសចុងក្រោយអ្នកត្រូវតែស្វែងរកអ្នកជួយ ដើម្បីដឹកនាំអ្នកឱ្យបញ្ចប់ការងារនោះឱ្យបានល្អ។ ជំនួយនេះ អ្នកអាចស្វែងរកអ្នកជុំវិញខ្លួន មិត្តរួមការងារ និងមនុស្សដែលអ្នកស្គាល់ពួកគេថា ពួកគេពិតជាអាចជួយអ្នកក្នុងការបញ្ចប់ការងារនោះបានយ៉ាងល្អ។
2. ការងារច្រើនក្នុងពេលតែមួយ

ទោះបីជានៅកន្លែងការងារ ជីវិតផ្ទាល់ខ្លួន និងនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នកទេ ប្រសិនបើអ្នកមានការងារដែលត្រូវបំពេញឱ្យរួចរាល់ច្រើនក្នុងពេលតែមួយ ច្បាស់ណាស់អ្នកនឹងមានអារម្មណ៍ថាស្រ្តេស នឿយហត់ និងស្មុគស្មាញច្រើនមិនខាន។ ការដែលមានការងារច្រើនក្នុងពេលតែមួយ នឹងបណ្ដាលឱ្យអ្នកមិនអាចបញ្ចប់ការងារណាមួយឱ្យបានល្អឡើយ ព្រមទាំងនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគិតអ្វីមិនចេញ និងគ្មានគំនិតបែបច្នៃប្រឌិតឡើយ​​ ពីព្រោះអ្នកនឹងព្យាយាមបង្ខំខ្លួនឯងឱ្យបញ្ចប់ការងារទាំងអស់ឱ្យបានរួចរាល់នៅក្នុងថ្ងៃនេះតែម្ដង។

ដំណោះស្រាយ

  • រៀបចំការងារអាទិភាព ដើម្បីបញ្ចប់ការងារនោះតាមលំដាប់នៃភាពសំខាន់ និងទាន់ពេលវេលា។ ធ្វើបែបនេះ ទើបអ្នកមិនប្រញាប់ ឬសម្រុកធ្វើការងារច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យផលិតភាពការងារមិនល្អ ឬអាចធ្វើឱ្យអារម្មណ៍អ្នកមិនល្អ ដែលជាហេតុធ្វើឱ្យអ្នកជាប់គាំងការគិត។
  • ស្វែងរកជំនួយ ដោយអ្នកអាចឱ្យក្រុមការងារណាដែលអាចធ្វើការងារណាមួយ ឬច្រើនជំនួសអ្នកបាន ដើម្បីឱ្យពួកគេជួយបំពេញ។
3. គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ និងអាចបន្តធ្វើសកម្មភាពនានាបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វិញ អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីឡើយ ព្រមទាំងវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការគិតផងដែរ ដូចជាធ្វើឱ្យការគិតរបស់អ្នកមានភាពស្ពឹកស្រពោន និងគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ។

ដំណោះស្រាយ

  • រៀបចំផែនការគេងសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យធានាថា អ្នកគេងបានគ្រប់គ្រាន់ និងគេងបានទៀងទាត់ពេលវេលា ដោយមិនឧស្សាហ៍នៅយប់ជ្រៅជារៀងរាល់ថ្ងៃពេកជាដើម។
4. ស្ថិតនៅក្នុងបរិយាកាសអាប់អួរពេក

អ្នកត្រូវដឹងថា កន្លែងណាដែលនឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងកន្លែងណាដែលអ្នកមានអារម្មណ៍មិនល្អ ពីព្រោះបរិយាកាសក៏ជាផ្នែកមួយដែលអាចធ្វើឱ្យអ្នកធ្វើការងារបានល្អ និងមិនបានល្អដូចគ្នា ដូច្នេះអ្នកក៏ត្រូវជ្រើសរើសទីតាំង និងរៀបចំកន្លែងដែលអ្នកនឹងត្រូវបញ្ចប់ការងារនៅទីនោះឱ្យបានល្អ ដើម្បីធានាថាការគិតរបស់អ្នកនឹងមិនជាប់គាំងឡើយ។ ឧទាហរណ៍ ការងាររបស់អ្នកត្រូវការផ្ដោតអារម្មណ៍ឱ្យខ្លាំង ទើបអាចធ្វើបានល្អ ដូចជាការងារសរសរកូដ ការគិតផែនការ គិតយុទ្ធសាស្រ្ត គិតពីការរចនា។ល។ ដូច្នេះប្រសិនបើកន្លែងនោះរញ៉េរញ៉ៃ កន្លែងអាប់អួរគ្មានពន្លឺចេញចូល ជាដើម នោះច្បាស់ណាស់អ្នកនឹងកាន់តែមានអារម្មណ៍ស្រ្តេស និងអារម្មណ៍មិនល្អមិនខាន ដែលជាហេតុធ្វើឱ្យអ្នកនឹងគិតមិនចេញថាអ្នកនឹងត្រូវធ្វើបែបណាឡើយ ហើយការងារនោះចេញលទ្ធផលមកក៏មិនសូវល្អផងដែរ។

ដំណោះស្រាយ

  • រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ និងមានផាសុកភាព
  • សូមការអនុញ្ញាតដល់ក្រុមការងារ និងអ្នកជុំវិញខ្លួន ដើម្បីរក្សាភាពស្ងប់ស្ងាត់អំឡុងពេលណាមួយ ដើម្បីអ្នកមានអារម្មណ៍ល្អក្នុងការផ្ដោតជាដើម
  • អ្នកត្រូវជ្រើសរើសទីតាំងល្អសម្រាប់ខ្លួនឯង ដើម្បីធានាថាអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអាចបញ្ចប់ការងារនោះដោយជោគជ័យ
ពាណិជ្ជកម្ម

ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេប្រចាំឆ្នាំ 2022

0
ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេប្រចាំឆ្នាំ 2022

ការសិក្សាស្រាវជ្រាវនៃការស្វែងរកចំនួនមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធសរុបច្រើនជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ2022 នេះ លើប្រទេសចំនួន75 ឬដែនដីទ្វីបចំនួន 6 របស់ទស្សនាវដ្ដី Forbes។ ហើយនៅក្នុងនេះ Forbes ក៏បានរកឃើញចំនួនមហាសេដ្ឋីលំដាប់ពិភពលោកចំនួន 2,668 នាក់ ដោយមានចំនួនធ្លាក់ចុះ 2,755នាក់ បើធៀបនឹងឆ្នាំ 2021។

ចំពោះមូលហេតុដែលធ្វើឱ្យចំនួនមហាសេដ្ឋីមានចំនួនធ្លាក់ចុះយ៉ាងច្រើនបែបនេះ ដោយសារហេតុផលមួយចំនួន ដូចជា៖

  • ប្រទេសចិនមានការផ្ទុះខ្លាំងនៃជំងឺរាតត្បាត Covid-19 ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិត ខណៈពេលដែលចិនក៏កំពុងមានការព្រួយបារម្ភអំពីបទប្បញ្ញត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយប្រទេសរុស្ស៊ី។ កត្តានេះហើយ ដែលធ្វើឱ្យប្រទេសចិនមានការធ្លាក់ចុះនូវចំនួនមហាសេដ្ឋីចំនួន 87នាក់ ដោយគិតចាប់ពីឆ្នាំ 2021 មក។
  • ប្រទេសរស្ស៊ី ក៏មានចំនួនមហាសេដ្ឋីធ្លាក់ចុះចំនួន 34នាក់ ដោយសារតែប្រធានាធិប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងប្រតិកម្មតបភ្លាមៗរបស់សហគមន៍អន្តរជាតិ ដែលបានធ្វើឱ្យទីផ្សាររុស្ស៊ីធ្លាក់ចូលទៅក្នុងការដួលរលំដោយសេរី ព្រមទាំងតម្លៃភាគហ៊ុនធ្លាក់ចុះ ប្រាក់រូប្លែបានធ្លាក់ចុះ និងមានទណ្ឌកម្មដែលបានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ oligarchs រុស្ស៊ី។ បន្ថែមពីនេះ ក៏ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មហាសេដ្ឋីប្រេងធំបំផុតនៃប្រទេសរស្ស៊ី គឺVagit Alekperov និង Alexey Mordashov។

ទោះបីជាប្រទេសចំនួនពីរមានការធ្លាក់ចុះនូវចំនួនមហាសេដ្ឋីក៏ដោយ ក៏នៅតែមានប្រទេសផ្សេងទៀតមានកំណើនមហាសេដ្ឋីដែរ។ ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវប្រទេសចំនួន 20 ដែលជាប់ឈ្មោះជាប្រទេសមានចំនួនមហាសេដ្ឋីច្រើនជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ 2022 នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី5 ខែមេសា ឆ្នាំ2022។ គួរបញ្ជាក់ផងដែរថាតួលេខនៃចំនួនមហាសេដ្ឋីតាមប្រទេសនីមួយៗ ក៏បង្ហាញភ្ជាប់នឹងចំនួនធៀបនឹងឆ្នាំ 2021 មួយផងដែរ។

  1. សហរដ្ឋអាមេរិក បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 735នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 724នាក់
  2. ប្រទេសចិន បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 539នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 626នាក់
  3. ប្រទេសឥណ្ឌា បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 166នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 140នាក់
  4. ប្រទេសអាលឺម៉ង់ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 134នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 136នាក់
  5. ប្រទេសរុស្ស៊ី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 83នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 117នាក់
  6. ហុងកុង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 67នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 71នាក់
  7. ប្រទេសកាណាដា បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 64នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 64នាក់
  8. ប្រទេសប្រេស៊ីល បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 62នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 65នាក់
  9. ប្រទេសអ៊ីតាលី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 52នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 51នាក់
  10. តៃវ៉ាន់ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 51នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 47នាក់
  11. ចក្រភពអង់គ្លេស បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 49នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 56នាក់
  12. អូស្រា្តលី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 46នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 44នាក់
  13. ប្រទេសស៊ុយអែត បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 45នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 41នាក់
  14. ប្រទេសបារាំង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 43នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 42នាក់
  15. ប្រទេស​ស្វីស បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 41នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 40នាក់
  16. កូរ៉េខាងត្បូង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 41នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 43នាក់
  17. ប្រទេសជប៉ុន បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 40នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 49នាក់
  18. ប្រទេសឥណ្ឌូនេស៊ី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 30នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 21នាក់
  19. ប្រទេសអ៊ីស្រាអែល បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 30នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 25នាក់
  20. ប្រទេសថៃ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 28នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 31នាក់
ពាណិជ្ជកម្ម

ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

0
ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

Social Media បើយើងនិយាយជាភាសាខ្មែរ គឺ “ប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយវាសំដៅលើគេហទំព័រ ឬជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចបង្កើត និងចែករំលែកមាតិការបស់ពួកគេបានយ៉ាងឆាប់រហ័សជាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស្ថិតនៅក្នុងពេលវេលាជាក់ស្តែងនៃតំបន់រស់នៅរបស់ពួកគេ។ បន្ថែមពីនេះ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរពិចារណាក្នុងការប្រើប្រាស់ រួមមានFacebook, Instagram, YouTube, TikTok និង Twitter។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានទម្រង់នៃសកម្មភាពជាច្រើនដែលប្រើបច្ចេកវិទ្យាផងដែរ ដោយសកម្មភាពទាំងនេះរួមមានការចែករំលែកជារូបថត ការសរសេរប្លុក ហ្គេមអនឡាញ បណ្តាញសង្គម ការចែករំលែកវីដេអូ បណ្តាញអាជីវកម្ម ពិភពនិម្មិត ការពិនិត្យឡើងវិញ និងជាច្រើនទៀត។

ម្យ៉ាងវិញទៀត បើអ្នកជាម្ចាស់អាជីវកម្មទើបតែចាប់ផ្ដើមអាជីវកម្ម ហើយជាលក្ខណៈអាជីវកម្មខ្នាតតូចទៀតនោះ ដូច្នេះការជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជួយក្នុងអាជីវកម្ម គឺវាពិតជារឿងល្អខ្លាំងណាស់។ នៅត្រង់ចំណុចនេះ អ្នកប្រហែលជាមានចម្ងល់ហើយថា ហេតុអ្វីបានជាជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាជារឿងល្អសម្រាប់អាជីវកម្មខ្នាតតូចដែរ? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលមួយចំនួន ដែលបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច។

សារៈសំខាន់នៃ Social Media សម្រាប់អាជីវកម្មខ្នាតតូច
1. បណ្ដុំអតិថិជនគោលដៅរបស់អ្នក

បើយោងតាមគេហទំព័រ SlideShare បានឱ្យដឹងថា ប្រជាជនសរុបនៅកម្ពុជាមានចំនួន 17.06 លាននាក់ ហើយក្នុងនោះអ្នកប្រើប្រាស់សកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានចំនួន 12.60 លាននាក់ ស្មើនឹង 73.9 ភាគរយនៃប្រជាជនកម្ពុជាសរុប ព្រមទាំងអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួន 13.44 លាននាក់ ស្មើនឹង 78.8 ភាគរយនៃប្រជាជនសរុប។ ដូច្នេះបើយោងតាមទិន្នន័យនេះ បានបញ្ជាក់ឱ្យដឹងថាចំនួនប្រជាជនកម្ពុជាមានចំនួនច្រើនដែលកំពុងប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហេតុដូចនេះ នៅក្នុងចំណោមមនុស្សទាំងនោះ ច្បាស់ណាស់ក៏សម្បូរទៅដោយអតិថិជនគោលដៅរបស់អ្នកផងដែរ ដូច្នេះវាជាការងាយស្រួលក្នុងការចាប់យកឱកាសនេះដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីម៉ាកយីហោ និងផលិតផលសេវាកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

2. បង្កើនការយល់ដឹងអំពីម៉ាកយីហោ

នៅក្នុងចំណុចនេះទីមួយក៏បានបង្ហាញឱ្យយើងបានដឹងហើយថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងមានចំនួនដ៏ច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះវាជាឱកាសខ្លាំងបំផុតសម្រាប់អាជីវកម្មទើបតែបង្កើត ជាពិសេសអាជីវកម្មខ្នាតតូច។ ជាធម្មតាទេ អាជីវកម្មដែលពុំទាន់ធំ តែងតែពុំទាន់មានមនុស្សស្គាល់ និងជឿជាក់ឡើយ ដែលជាហេតុទាមទារឱ្យម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ឬច្រើន ដូចជាFacebook, Instagram, TikTok និងជាច្រើនទៀត ដើម្បីជំរុញការផ្សព្វផ្សាយអំពីផលិតផលសេវាកម្ម និងអំពីអាជីវកម្ម ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អំពីម៉ាកយីហោរបស់អ្នក រហូតឈានដល់ការក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អាជីវកម្មរបស់អ្នក។

3. ជំរុញការលក់

អ្នកអាចចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តទីផ្សារនៅលើបណ្ដាញសង្គមដែលអ្នកបានជ្រើសរើសនោះ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកឱ្យបានច្រើន ក្នុងគោលបំណងជំរុញការលក់។

អ្នកត្រូវដឹងថា មនុស្សសម័យឌីជីថល កំពុងមានការពេញនិយមជាខ្លាំងក្នុងការកម្ម៉ង់អីវ៉ាន់នៅតាមអនឡាញជាមួយម៉ាកយីហោណាដែលពួកគេជឿជាក់ និងមើលឃើញថាម៉ាកយីហោនោះក៏កំពុងមានអ្នកគាំទ្រច្រើនដែរនៅលើអនឡាញ។ ហេតុដូច្នេះហើយ ការដែលរៀបចំយុទ្ធនាការណ៍ជំរុញការលក់តាមអនឡាញនៅលើបណ្ដាញសង្គមនានា វាជារឿងសំខាន់ណាស់សម្រាប់អាជីវកម្មខ្នាតតូច ដើម្បីឈានដល់កម្រិតនៃភាពរីកចម្រើនអាជីវកម្មជាបន្តបន្ទាប់ទៀត។

4. ងាយស្រួលទំនាក់ទំនងជាមួយអតិថិជន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាទីកន្លែងមួយដែលម្ចាស់អាជីវកម្មទាំងអស់អាចបង្កើតសហគមន៍ជាមួយអតិថិជន ជាពិសេសការឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនបានយ៉ាងរហ័សបំផុត ដែលជាហេតុធ្វើឱ្យទំនាក់ទំនងរវាងអតិថិជន ជាមួយអាជីវកម្មកាន់តែមានភាពជិតស្និតគ្នា។

គួរបញ្ជាក់ផងដែរថា ប្រសិនបើយើងគ្មានការប្រើប្រាស់ទំនងទំនងជាមួយអតិថិជនតាមរយៈបណ្ដាញសង្គមណាមួយនោះទេ នោះអាជីវកម្មរបស់យើងនឹងដើរថយក្រោយ និងមិនងាយឆាប់រីកចម្រើនទៅមុខឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើពឹងអាស្រ័យលើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈផ្ញើសារ ឬអ៊ីម៊ែល ឬក៏ខលជាមួយអតិថិជន ក៏វាស្ថិតនៅកម្រិតបន្ទាប់បន្សំប៉ុណ្ណោះ។

5. ទទួលបានការ Feedback ពីអតិថិជនដោយស្មោះត្រង់

ជាទំនោរចិត្តរបស់អតិថិជន ប្រសិនបើយើងផ្ញើសារសួរ ឬក៏ខលសួរអំពីការ Feedback ច្បាស់ណាស់ យើងនឹងទទួលបាននូវកម្រិតនៃប្រសិទ្ធភាពដែលអតិថិជន Feedback ដោយចេញពីចិត្ត ដូច្នេះហើយមានតែនៅតាមបណ្ដាញសង្គមទេ ដែលមានកម្រិតនៃការ Feedback ពីអតិថិជនមានប្រសិទ្ធភាពច្រើនជាង តាមរយៈការបង្កើតសមាគមន៍អតិថិជនរបស់អ្នក ដើម្បីឱ្យពួកគាត់មានការជជែកគ្នាអំពីម៉ាកយ៉ហោរបស់យើង និងធ្វើការបញ្ចេញមតិយោបល់ដោយចេញពីចិត្តទាំងយោបល់ល្អ ឬមិនល្អ។

អ្នកគួរចងចាំថា ការបញ្ចេញយោបល់នៅលើបណ្ដាញសង្គម ភាគច្រើនពួកគេនិយាយនូវអ្វីដែលពួកគេជួបប្រទះជាក់ស្ដែង ពេលខ្លះអាចឃើញអ្នកផ្សេងបញ្ចេញយោបល់ច្រើន ក៏ចង់បញ្ចេញយោបល់ដែរ ឬក៏អតិថិជនខ្លះក៏អាចឆាតមកប្រាប់ផ្ទាល់ខ្លួនមានដែរ។ បន្ថែមពីនេះ ក្រោយពីអតិថិជន​ធ្វើការ Feedback មកកាន់ក្រុមហ៊ុននូវរាល់បទពិសោធន៍របស់ពួកគេ នោះវាជាផ្នែកមួយដែលយើងអាចសិក្សាដើម្បីកែតម្រូវ ឬពង្រឹងបន្ថែមលើចំណុចខ្វះខាត និងកាន់តែធ្វើឱ្យល្អជាងមុនៗជាដើម។

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Customer Experience និង Customer Service

0
ភាពខុសគ្នារវាង Customer Experience និង Customer Service

Customer Experience បើនិយាយជាភាសាខ្មែរ គឺ “បទពិសោធន៍អតិថិជន” រីឯ Customer Service គឺ “សេវាកម្មអតិថិជន” ហើយផ្នែកទាំងពីរនេះ ពិតជាមានសារៈសំខាន់នៅក្នុងអាជីវកម្មណាស់ក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ដោយម្ចាស់អាជីវកម្មទាំងអស់គួរតែមានការយល់ដឹង ដើម្បីបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានចំណេះដឹងផ្នែកនេះដែរ។ គួរបញ្ជាក់ផងដែរថា Customer Service ជាផ្នែកមួយនៃ Customer Experience ប៉ុណ្ណោះ។ ហើយដើម្បីឈ្វេងយល់បន្ថែមទៀតអំពីភាពខុសគ្នារវាង Customer Experience និង Customer Service ដូច្នេះខ្លឹមសារខាងក្រោមនេះនឹងបង្ហាញជូនអ្នក។

Customer Experience “បទពិសោធន៍អតិថិជន

បទពិសោធន៍អតិថិជន សំដៅលើបទពិសោធន៍ដែលអតិថិជនមានជាមួយអាជីវកម្មរបស់អ្នក និងរបៀបដែលអាជីវកម្មរបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជន តាមរយៈការធ្វើដំណើរទិញរបស់ពួកគេ (buying journey)។

ផ្នែកបទពិសោធន៍អតិថិជន ជាទូទៅផ្ដោតលើ៖

  • ការពិចារណាលើអ្វីៗគ្រប់យ៉ាងដែលអតិថិជននឹងឆ្លងកាត់ ដូចជាអ្វីដែលអតិថិជនអាចប៉ះបាន រសជាតិ ក្លិន ការលឺសម្លេង ការវេចខ្ចប់ ដំណើរការនៃការទិញ និងបទពិសោធន៍ទាំងមូលជាមួយម៉ាកយីហោរបស់អ្នក។
  • ការពិចារណាលើផលិតផលឬសេវាកម្ម ដែលអាចផ្ដល់នូវដំណោះស្រាយបញ្ហាដល់អតិថិជនគោលដៅរបស់ពួកគេបានយ៉ាងល្អ។
  • ការយល់ពីអ្វីដែលអតិថិជនត្រូវការ និងចង់បានបំផុត ដើម្បីធ្វើយ៉ាងណាផ្ដល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជន។
Customer Service “សេវាកម្មអតិថិជន

សេវាកម្មអតិថិជន សំដៅលើការជួយដោះស្រាយបញ្ហារបស់អតិថិជន ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលឬសេវាកម្ម និងអាចបំពេញតម្រូវការអតិថិជន។

ផ្នែកសេវាកម្មអតិថិជន ជាទូទៅផ្ដោតលើ៖

  • ​ការធ្វើជាជំនួយ និងផ្ដល់ដំបូន្មានដល់អតិថិជនលើផលិតផលឬសេវាកម្មឱ្យស្របតាមតម្រូវការរបស់អតិថិជនចង់បានពិតប្រាកដ។
  • ការផ្តល់នូវការឆ្លើយតបឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ដើម្បីដោះស្រាយរាល់ចម្ងល់ និងរាល់បញ្ហារបស់អតិថិជន។
  • ការរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអតិថិជនទាំងអស់ (អតិថិជនថ្មី និងអតិថិជនចាស់)។
  • ការមានចំណេះដឹងឱ្យបានច្បាស់អំពីផលិតផល ឬសេវាកម្មនៅក្នុងក្រុមហ៊ុន
ពាណិជ្ជកម្ម

តើ Social Media Marketing គឺជាអ្វី?

0
តើ Social Media Marketing គឺជាអ្វី?

ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media marketing) សំដៅលើ ដំណើរការនៃការបង្កើតមាតិកាសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដើម្បីផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម បង្កើតសហគមន៍ជាមួយអតិថិជនគោលដៅ ជំរុញការចូលរួមរវាងអតិថិជនគោលដៅជាមួយអាជីវកម្មរបស់អ្នក និងជំរុញចរាចរទៅកាន់អាជីវកម្មរបស់អ្នក ជាពិសេសលើកកម្ពស់អាជីវកម្មរបស់អ្នកឱ្យមនុស្សកាន់តែចាប់អារម្មណ៍។ បន្ថែមពីនេះ វាក៏ជាទម្រង់នៃការធ្វើទីផ្សារតាមអ៊ីនធឺណិតដែលប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើជាឧបករណ៍ទីផ្សារ។

Social Media Marketing

អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្មរបស់អ្នក
  • បង្កើតការនាំមុខគេ ជំរុញការបំប្លែងពីអតិថិជនធម្មតាឱ្យជាអតិថិជនសក្ដានុពល និងជំរុញការលក់
  • ពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
  • អាចរៀនសូត្របន្ថែមពីដៃគូប្រកួតប្រជែងរបស់អ្នក
ផ្នែកសំខាន់ចំនួន 5 នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

ទី1. យុទ្ធសាស្ត្របណ្ដាញសង្គម (Social Strategy)៖ សំដៅលើការកំណត់ពីរបៀបដែលក្រុមហ៊ុនរបស់អ្នកនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដើម្បីសម្រេចបាននូវគោលបំណងដែលក្រុមហ៊ុនចង់បានក្នុងការធ្វើទីផ្សារនៅលើបណ្ដាញសង្គមទាំងនោះ។ ឧទាហរណ៍ ការកំណត់គោលដៅនៃការធ្វើទីផ្សារនៅលើប្រព័ន្ធអនឡាញ ជ្រើសរើសវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការប្រើប្រាស់ និងចាប់ផ្ដើមបង្កើតមាតិកានានា។

ទី2. រៀបផែនការ និងផ្សព្វផ្សាយ (Planning and Publishing)៖ បន្ទាប់ពីរៀបចំយុទ្ធសាស្រ្តរួចរាល់ វានឹងឈានដល់ការរៀបចំការក្នុងការអនុវត្ត និងការផ្សព្វផ្សាយនូវអ្វីដែលបានគ្រោងទុកទៅតាមផែនការដែលបានកំណត់នោះ។

ទី3. ការស្ដាប់ និងការចូលរួម (Listening &Engagement)៖ នៅពេលអាជីវកម្មចាប់ផ្ដើមធ្វើសកម្មភាពនៅលើវេទិកានានាដែលបានជ្រើសរើសនោះ ច្បាស់ណាស់នឹងមានមនុស្សជាច្រើននឹងចាប់ផ្ដើមចូលរួមក្នុងការជជែកគ្នាអំពីម៉ាកយីហោ ផលិតផលសេវាកម្មរបស់អ្នកមិនខាន តាមរយៈការ Share ចែករំលែកគ្នា និង Comment ជាដើម។ ដូច្នេះអ្នកអាចប្រើប្រាស់កម្មវិធីនានា ដើម្បីស្ដាប់ ឬដកស្រង់នូវការជជែកគ្នាអំពីម៉ាកយីហោរបស់អ្នក ដើម្បីកែតម្រូវលើអ្វីដែលជាចំណុចខ្វះខាត​ ឬពង្រឹងនូវអ្វីដែលល្អស្រាប់ឱ្យកាន់តែល្អជាដើម។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់ Google Alerts ដើម្បីធ្វើជាជំនួយ។

ទី4. ការវិភាគ និងធ្វើរបាយការណ៍ (Analytics and Reporting)៖ ជាធម្មតានៅពេលដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមធ្វើការផ្សព្វផ្សាយច្រើន ច្បាស់ណាស់នឹងអាចមានមាតិកាខ្លះមានការចូលរួមតិច និងមាតិកាខ្លះក៏មានការចូលរួមល្អ ប៉ុន្តែតើត្រូវធ្វើដូចម្ដេចទើបដឹងថា ការផ្សព្វផ្សាយមួយណាដែលមានការចូលរួមច្រើនជាងគេ? ហើយ Follower ទាំងអស់ភាគច្រើនមកពីប្រភពណាខ្លះ? ត្រង់ចំណុចនេះ ជាទូទៅនៅក្នុងបណ្ដាញសង្គមនីមួយៗតែងតែមានការវិភាគ និងព័ត៌មានឱ្យអ្នក ប៉ុន្តែវាក៏មានកម្មវិធីផ្សេងទៀតដែលយើងអាចវិភាគ និងប្រមូលព័ត៌មានបានទាំងអស់ពីបណ្ដាញសង្គមនីមួយដោយដាក់បញ្ចូលគ្នាតែក្នុងកម្មវិធីតែមួយបាន។

ទី5. ការផ្សាយពាណិជ្ជកម្ម (Advertising)៖ សំដៅលើការរៀបចំកញ្ចប់ថវិកាដើម្បីចំណាយលើការជំរុញការផ្សព្វផ្សាយឱ្យកាន់តែល្អលើសពីការផ្សព្វផ្សាយដោយឥតគិតថ្លៃនៅលើបណ្ដាញសង្គម តាមរយៈការ Boost Page ជាដើម។

វេទិកាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន
  • Facebook
  • TikTok
  • Instagram
  • Twitter
  • LinkedIn
  • YouTube
  • Snapchat
  • Pinterest
  • Clubhouse
  • និងជាច្រើនទៀត។
ពាណិជ្ជកម្ម

រវាង Personal Branding និង Business Branding តើគួរចាប់ផ្ដើមមួយណាមុនទើបល្អ?

0
Personal Branding vs Business Branding

ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងៗ តែងតែពុំទាន់មានមនុស្សស្គាល់ច្រើន និងមិនទាន់មានទំនុកចិត្តពេញលេញលើអាជីវកម្មទាំងនោះនៅឡើយនោះទេ ដូច្នេះវាទាមទារឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀត។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាអ្នកចាប់ផ្ដើមអាជីវកម្មដំបូងៗ ភាគច្រើនឆ្គល់ថា តើគួរតែចាប់ផ្ដើមកសាងកេរ្តី៍ឈ្មោះផ្ទាល់ខ្លួន (Personal Branding) មុន ឬក៏ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម (Business Branding) មុន? តើផ្នែកពីរនេះ ខុសគ្នាយ៉ាងដូចម្ដេច?

ហេតុដូចនេះ ដើម្បីឆ្លើយតបជាមួយនឹងចម្ងល់របស់អ្នកខាងលើ ជាដំបូងយើងនឹងនាំអ្នកមកឈ្វេងយល់ពីអត្ថន័យនៃពាក្យ Branding, Personal Branding និងBusiness Branding។

Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោ” ហើយវាសំដៅលើសំដៅលើគំនិតអាជីវកម្ម និងទីផ្សារ ដែលជួយមនុស្សកំណត់អត្តសញ្ញាណក្រុមហ៊ុន ផលិតផល ឬបុគ្គលជាក់លាក់ណាមួយ។

Personal Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោផ្ទាល់ខ្លួន” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ហើយវាសំដៅលើដំណើរការនៃការបង្កើតអត្តសញ្ញាណសម្រាប់ខ្លួនឯងជាលក្ខណៈបុគ្គល ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីខ្លួនឯងដោយពឹងផ្អែកលើចំណេះជំនាញ​ បទពិសោធន៍ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលអ្នកចង់បង្ហាញទាំងនៅក្នុងប្រព័ន្ធអនឡាញ និងក្រៅអនឡាញ ដើម្បីឱ្យមនុស្សផ្សេងទៀតចងចាំអំពីអ្នកនូវអ្វីដែលអ្នកចង់ឱ្យពួកគេមើលឃើញអ្នកថា អ្នកជានរណា។ ឧ. អ្នកគឺមានជំនាញផ្នែកទីផ្សារយ៉ាងស្ទាត់ជំនាញ ដូច្នេះអ្នកចង់ធ្វើ Personal Branding តាមរយៈការផ្សព្វផ្សាយអំពីខ្លួនឯងទាំងនៅអនឡាញ និងក្រៅអនឡាញ នូវអ្វីក៏ដោយពាក់ព័ន្ធនឹងផ្នែកទីផ្សារ ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អ្នកថាជានរណា និងជឿទុកចិត្តលើអ្នក។

Business Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោអាជីវកម្ម” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម ហើយវាសំដៅលើការបង្កើតសារដ៏ទូលំទូលាយមួយសម្រាប់ក្រុមហ៊ុន និងផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើឈ្មោះ ឡូហ្គោ ពាក្យស្លោក ច្បាប់ចម្លង និងជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ទាំងអស់មានការចងចាំអំពីអត្តសញ្ញាណរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ វាក៏អាចបែងចែកផលិតផល និងសេវាកម្មរបស់អ្នកឱ្យមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែង ព្រមទាំងធ្វើឱ្យអតិថិជនមើលដឹងថា វាគឺជាអត្តសញ្ញារបស់ក្រុមហ៊ុនរបស់អ្នក។

តើគួរចាប់ផ្ដើមមួយណាមុន?

បើយោងតាមទស្សនាវដ្តី Forbes បានបញ្ជាក់ឱ្យបានដឹងថា អ្នកគួរតែចាប់ផ្ដើម Personal Branding មុនដំបូងគេ បន្ទាប់មកទើបចាប់ផ្ដើម Business Branding។ នៅក្នុងចំណុចនេះ ប្រហែលជាអ្នកមានចម្ងល់បន្ថែមទៀតហើយ ហេតុអ្វីត្រូវចាប់ផ្ដើមពី Personal Branding មុន? ចម្លើយនោះគឺ៖

  • បើអ្នកអាចធ្វើឱ្យមនុស្សជឿជាក់លើអ្នកតាមរយៈកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចមានឥទ្ធិពលល្អដល់មនុស្សជាច្រើន នោះអាជីវកម្មរបស់អ្នកក៏នឹងរីកចម្រើនជាជំហានបន្ទាប់ ពីព្រោះមនុស្សនឹងដើរតាមអ្នក និងគាំទ្រអ្នក។
  • បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ និងរឹងមាំ នោះនៅពេលអ្នកត្រូវការដើមទុនចាប់ផ្ដើមធ្វើអាជីវកម្ម ក៏មានអ្នកវិនិយោគជាច្រើននឹងហ៊ានផ្ដល់ដើមទុនជូនអ្នក និងសហការជាមួយផងដែរ។

បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចបង្ហាញទៅកាន់មនុស្សផ្សេងទៀតមកជឿជាក់លើអ្នក និងស្គាល់ថាអ្នកជានរណាបានច្បាស់ នោះនៅពេលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម នឹងមានអ្នកជួយគាំទ្រច្រើន និងទុកចិត្តលើអ្វីដែលអ្នកកំពុងធ្វើជាក់ជាមិនខាន។

ម្យ៉ាងវិញទៀត បើយោងតាមឆានែលផ្លូវការរបស់ Business Plan Kh ក៏បានបញ្ជាក់បន្ថែមពីការគិតតាមពេលវេលា ដែលអាជីវកម្មរបស់អ្នកមានអាយុ ដោយអ្នកអាចកំណត់ឱ្យបានដឹងថា៖

ទី1. បើអាជីវកម្មរបស់អ្នកមានអាយុពី 0-10ឆ្នាំ គឺផ្តោតលើ Personal branding

ទី2. បើអាជីវកម្មរបស់អ្នកមានអាយុពី 10-20ឆ្នាំ គឺផ្តោតទាំង Personal Branding និង Company Branding

ទី3. បើអាជីវកម្មរបស់អ្នកមានអាយុពី 20 ឆ្នាំឡើងទៅ គឺផ្តោតលើ Company Branding

ពាណិជ្ជកម្ម